ថ្នាក់​សិក្ខាសាលា
កូរិនថូស ទី១ ៦


កូរិនថូស ទី១ ៦

« រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ »

រូបភាព
ប៉ារ៉ាហ្គាយ ។ យុវនារី និង​យុវជន​នៅ​ទីធ្លា​នៃ​ព្រះវិហារ​បរិសុទ្ធ​អាស៊ិនស្យុង ប៉ារ៉ាហ្គាយ

ជួនកាល​អាច​មាន​អារម្មណ៍ថា អំពើ​អសីលធម៌ និង​អំពើបាប​ផ្លូវភេទ​ដែល​រីករាលដាល​គឺជា​បញ្ហា​តែ​មួយ​នៅ​សម័យ​របស់យើង ។ ទោះយ៉ាង​ណា​ក៏ដោយ នៅក្នុង​សំបុត្រ​របស់​លោក​ដែល​បាន​សរសេរ​ជិត ២០០០ ឆ្នាំមុន ប៉ុល​បានបង្រៀន និង​ព្រមាន​ពី​អំពើបាប​ដូចគ្នា​ទាំង​នេះ ។ ការបង្រៀន​ដ៏​មាន​អានុភាព​របស់​ប៉ុលបាន​ពង្រឹង និង​កែ​តម្រូវ​ពួកបរិសុទ្ធ​នៅ​ក្រុងកូរិនថូស ដោយ​ដឹកនាំ​ពួកគេ​ឲ្យ​ត្រឡប់​មករកផ្លូវនៃ​សេចក្ដីសញ្ញា​វិញ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​រូបកាយខាងសាច់​ឈាម​របស់​អ្នក និង​សារៈសំខាន់​នៃ​ការរក្សា​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។

ភាពបរិសុទ្ធ​ខាងផ្លូវភេទ

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​អំពី​ភាពបរិសុទ្ធ​ខាងផ្លូវភេទ ។ សូម​វាយ​តម្លៃ​សេចក្តី​ថ្លែងការណ៍​នីមួយៗ​តាម​រង្វាស់​ពី ១ ដល់ ៥ ( ១ = មិន​យល់​ស្របខ្លាំង, ២ = មិន​យល់​ស្រប, ៣ = អព្យាក្រឹត្យ , ៤ = យល់​ស្រប​, ៥ = យល់​ស្រប​ខ្លាំង ) ។

  • យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មនុស្ស​មាន​គំនិត​ផ្សេងៗពី​គ្នាទៅ​​លើ​អាកប្បកិរិយា និង​សកម្មភាព​ផ្លូវភេទ​ថា​ជា​រឿង​ដែលអាច​ទទួល​យក​បាន ។

  • ខ្ញុំ​យល់​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់អំពី​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ( ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ច្បាប់​ព្រហ្មចារីភាព ) ។

  • ខ្ញុំ​មាន​បំណង​ចង់​រស់នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់អំពី​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។

  • ខ្ញុំ​ស្គាល់​ពី​របៀប​ដែល​បទដ្ឋាន​របស់​ព្រះអម្ចាស់ចំពោះ​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ​ប្រទានពរ​ដល់​ជីវិត​របស់​ខ្ញុំ ។

  • ខ្ញុំ​មាន​សំណួរ​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ពី​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។

សូម​ពិចារណា​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​ដឹង និង​ជឿ​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​អំពី​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ព្រមទាំង​សំណួរ​ទាំងឡាយ​ដែល​អ្នក​មាន​អំពី​វា ។ នៅពេល​អ្នកសិក្សា​មេរៀន​នេះ សូមស្វែង​រក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​ដើម្បី​ដឹកនាំ​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ខិតខំ​ដើម្បី​ស្គាល់ និង​រៀន​ពី​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែច្បាស់ និង​ប្រាថ្នា​ចង់​រស់​នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ហើយ​វា​នឹង​ជួយ​ឆ្លើយ​សំណួរ និង​កង្វល់​របស់​អ្នក ។

ប៉ុល​បង្រៀន​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់

ក្រុង​កូរិនថូស​ជា​ក្រុង​ដ៏​ធំ មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ជាទីក្រុង​ចម្រុះ ដែល​អំពើ​បាប​ខាង​ផ្លូវ​ភេទ​គឺជា​រឿង​ធម្មតា ។ ប៉ុល​បាន​សរសេរ​អំពើ​ការ​កំផិត ( ទំនាក់ទំនង​ផ្លូវ​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ) អំពើ​សហាយ​ស្មន់ និង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​អំពើ​បាប​មួយ​ចំនួន ​ដែល​កើត​មាន​ក្នុងចំណោម​ពួក​កូរិនថូស ( សូម​មើល កូរិនថូស ទី១ ៦:៩–១០ ) ។

សូម​អាន​ការបង្រៀន​របស់​ប៉ុល​នៅក្នុង កូរិនថូស ទី១ ៦:១៨–២០ ហើយ​ពិចារណា​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​មាន​ការបង្រៀន​របស់​ព្រះ​អំពី​ភាពបរិសុទ្ធ​ខាងផ្លូវ​ភេទ និង​លក្ខណៈ​ដ៏ពិសិដ្ឋ​នៃ​រូបកាយ​មនុស្ស ។

កូរិនថូស ទី១ ៦:១៩–២០ គឺ​ជាវគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ​ស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​យល់​ពី​ខគម្ពីរ​ទាំងនេះ ? ​ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​អ្នក​យល់​ពី​សេចក្ដីពិត​ទាំងនោះ ?

  • តើ​សេចក្ដីពិត​ទាំង​នេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​អ្នក​យល់ឃើញ​ពី​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់យ៉ាង​ដូចម្ដេច​ដែរ ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា រូបកាយ​របស់​យើង​គឺជា​វិហារ​នៃ​ព្រះ ដែល​ព្រះវិញ្ញាណ​អាច​សណ្ឋិត​នៅ​បាន ។

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

នៅ​កណ្តាល​ទំព័រ​ក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក សូម​គូរ​គំនូរ​សាមញ្ញ​មួយ​ដែល​មាន​បុគ្គល​ម្នាក់​ឈរ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។ ជុំវិញ​គំនូរ​របស់អ្នក សូម​សរសេរ​ភាពស្រដៀងគ្នា​រវាងរូបរាង​កាយ និង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ស្វែងរក​មូលហេតុ​ដែល​ការប្រៀបធៀប​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពីច្បាប់​ព្រហ្មចារីភាព​បាន ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នកឲ្យ​ធ្វើ​ការប្រៀបធៀប​នេះ​បាន ៖

  • តើ​ការ​គិត​អំពី​រូបកាយ​របស់​យើងថា​ជា​ព្រះវិហារ​បរិសុទ្ធ​អាច​មាន​ឥទ្ធិពល​ដល់​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​រូបកាយ​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ភាពស្រដៀងគ្នា​នៃ​រូបកាយ​របស់យើង​ថាជា​ព្រះវិហារ​បរិសុទ្ធ​អាច​មាន​ឥទ្ធិពល​លើ​គំនិត និង​សកម្មភាព​របស់​យើង​ទាក់ទង​នឹង​ភាពបរិសុទ្ធ​ខាងផ្លូវភេទ​យ៉ាងដូចម្តេច ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​សំខាន់​ដើម្បី​យល់​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ? ហេតុអ្វី ?

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​អ្នក​គិត​ថា​វា​ស័ក្តិសម​ក្នុង​ការខិតខំ​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​អ្នក ?

ចុះ​បើ​នរណា​ម្នាក់​មិន​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​វិញ ? ពេល​កំពុង​បង្រៀន​ពួក​កូរិនថូស ប៉ុល​បាន​កត់សម្គាល់​ឃើញ​ថា សមាជិក​កូរិនថូស មួយ​ចំនួន​បាន​ប្រព្រឹត្ត​អំពើ​បាប​ខាង​ផ្លូវ​ភេទ​កាល​ពី​អតីតកាល ( សូម​មើល កូរិនថូស ទី១ ៦:៩–១១ ) ។ ប៉ុន្តែ​នៅពេល​ពួកគេ​បាន​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ពួកគេ​បាន​ជ្រះស្អាត​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូមអាន កូរិនថូស ទី១ ៦:១១ ហើយ​ពិចារណា​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​ប៉ុល​បាន​ប្រើ​ដើម្បី​ជួយ​ពួក​កូរិនថូស​ឲ្យ​យល់​ពី​អំណាច​នៃ​ការ​លាងសម្អាត​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​សម្រាប់​មនុស្ស​គ្រប់​រូប ។

  • ហេតុអ្វី​បាន​ជា​វា​ចាំបាច់​ដើម្បី​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​លាង​សម្អាត​យើង​ពី​អំពើ​បាប​ខាង​ផ្លូវភេទ ?

សូម​ចងចាំ​ថា « ជន​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ខាង​ផ្លូវភេទ ពុំ​មែន​ជា​អំពើបាប​ទេ ហើយ​ពុំ​ត្រូវការ​ការ​ប្រែចិត្ត​ឡើយ ។ ប្រសិនបើ​អ្នក​ជា​ជន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន សូម​អ្នក​ដឹង​ថា អ្នក​មិន​មាន​កំហុស​ទេ ហើយ​ថាព្រះ​ស្រឡាញ់​អ្នក ។ ចូរ​ពិភាក្សា​ជាមួយ​នឹង​ឪពុក​ម្តាយ​របស់​អ្នក ឬ​មនុស្ស​ពេញវ័យ​ផ្សេង​ទៀត​ដែល​អ្នក​ទុក​ចិត្ត ហើយ​ស្វែងរក​ការប្រឹក្សា​ពី​ប៊ីស្សព​របស់​អ្នក​ភ្លាម ។ ពួកគាត់​អាច​គាំទ្រ​អ្នក​ខាង​វិញ្ញាណ និង​ជួយ​អ្នកឲ្យ​ទទួលបាន​ការការពារ និង​ជំនួយ​ដែល​អ្នក​ត្រូវការ » ( ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ » ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣៦–៣៧ ) ។

សូមអាន កូរិនថូស ទី១ ៦:១៩–២០ ម្ដងទៀត ដោយ​រកមើល​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និងដង្វាយធួន​របស់ទ្រង់ ។

  • តើ​អ្នក​គិត​ថា ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​និយាយ​ថា « អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​ខ្លួន​ទេ » ហើយ​ថា « ដ្បិត​ព្រះ​ទ្រង់​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ » ?

  • តើ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​គិត និង​ប្រព្រឹត្ត​ចំពោះ​រូបកាយ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​រវាង​ព្រហ្មចារីភាព និង​ពលិកម្ម​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

រូបភាព
រូបថត​​ផ្លូវការ​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ​មករា ឆ្នាំ ២០១៨ ។

រូបរាង​កាយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដួង​ព្រលឹង ។ គោលលទ្ធិ​ដែលខុសពីគេ និង​ដ៏​សំខាន់​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺសង្កត់ធ្ងន់​ទៅលើ​មូលហេតុ ដែល​អំពើបាប​ខាង​ផ្លូវភេទ​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ … ការកេងប្រវ័ញ្ចលើ​រាងកាយ​របស់​អ្នកផ្សេង—ដែល​មានន័យ​ថា​ការកេង​ប្រវ័ញ្ចលើ​ព្រលឹង​របស់​គេ—អ្នក​នោះ​ប្រមាទ​លើ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ដែល​បាន​សង្គ្រោះ​ព្រលឹង និង​ដែល​ធ្វើ​ឲ្យ​អំណោយ​នៃ​ជីវិត​ដ៏នៅ​អស់កល្បជា​និច្ច​អាច​កើតមាន ។ …

សូម​កុំ​និយាយ​ថា ៖ « តើ​វា​ធ្វើ​ឲ្យ​អ្នកណា​ឈឺចាប់ដែរ​ឬ​ទេ ? ហេតុអ្វី​មាន​សេរីភាព​បន្តិច​ក៏​មិន​បាន ? ខ្ញុំ​អាច​ធ្វើ​អំពើ​រំលង​នៅ​ពេល​នេះ ហើយ​ចាំ​ប្រែ​ចិត្ត​នៅ​ពេល​ក្រោយ » ។ សូម​កុំ​ល្ងង់ និង​ឃោរឃៅ​ពេក។ បងប្អូន​មិន​អាច​គ្មាន​ទោសដោយ « ឆ្កាង​ព្រះគ្រីស្ទ » បាន​ទេ [ សូមមើល ហេព្រើរ ៦:៦ ] ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា បាន​បន្ថែម​ថា « ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ » [ កូរិនថូស ទី១ ៦:១៨ ] ប៉ុល​បាន​យំ ហើយ​រត់គេច​ដោយ​មិន « ប្រព្រឹត្ត​អំពើ​អ្វី​ដូច​នោះ​ឲ្យ​សោះ » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦ បាន​បន្ថែម​ការគូស​បញ្ជាក់ ] បន្ថែម​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។ ហេតុអ្វី ? ពិតណាស់ ដោយសារ​ហេតុផល​មួយ គឺ​ដោយ​សារ​ការ​រងទុក្ខ​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ដ៏​មិន​អាច​គណនា​បាន​ដែល​ព្រះអង្គ​សង្គ្រោះ​នៃ​លោកិយ​បាន​ស៊ូទ្រាំ ដើម្បី​ឲ្យ​យើង អាច រួច​ខ្លួន​បាន [ សូមមើល​ជា​ពិសេសក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ] ។ យើង​ជំពាក់​គុណ​ទ្រង់​ចំពោះ​រឿង​នោះ ។ តាមពិត​ទៅ យើង​ជំពាក់​ទ្រង់​ចំពោះ​អ្វីៗ​ទាំងអស់​នោះ » ។

( ជែហ្វ្រី អ័រ ហូឡិន « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ )

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​រង​ទុក្ខ​ជំនួស​អ្នក​តាម​រយៈ​ការ​បង្ហូរ​ព្រះលោហិត​របស់​ទ្រង់​ជួយ​អ្នក​ឲ្យ​យល់​អំពី​ទ្រង់​យ៉ាង​ណា​ខ្លះ ? តើ​ការដឹង​ពី​ការណ៍នេះ​អាច​បង្កើន​បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ស្តាប់​បង្គាប់​ទ្រង់​យ៉ាង​ដូចម្ដេច ?

ដូច​ប៉ុល​បាន​ថ្លែង​ទៅកាន់​ពួកបរិសុទ្ធ​កូរិនថូស​ដែរ ​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​នៅ​សម័យ​របស់​យើង​ក៏បាន​ផ្តល់​ការប្រឹក្សា​ដែល​ពាក់ព័ន្ធ​អំពី​បទដ្ឋាន​នៃ​ភាពបរិសុទ្ធ​ខាងផ្លូវភេទ​របស់​ព្រះអម្ចាស់ និង​អំណាច​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ដើម្បី​អត់ទោស និង​លាង​សម្អាត​យើង​ផងដែរ ។ សូមអាន « ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ » ដើម្បី​កម្លាំង​នៃ​យុវជន ( កូនសៀវភៅ ឆ្នាំ ២០១១ ) ទំព័រ ៣៥–៣៧ ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ដោយ​ស្វែងរក​សេចក្ដីពិត​នានា​ដែល​អាចពង្រឹង​អ្នក និង​ឆ្លើយ​សំណួរ​របស់អ្នក ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពីច្បាប់​ព្រហ្មចារីភាព និង​សម្រាប់​ឧទាហរណ៍​សម័យ​ទំនើប​នៃ​យុវវ័យ​ដែល​កំពុង​ប្រកាន់​ខ្ជាប់​តាម​ច្បាប់​ព្រហ្មចារីភាព សូម​ពិចារណា​មើល​វីដេអូ « I Choose to Be Pure » ( ៤:១៩ ) ឬ « Chastity: What Are the Limits » ( ៣:៥៩ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

៣. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​គោលការណ៍​អ្វីខ្លះ​ដែល​អ្នក​បាន​រៀន​ពី កូរិនថូស ទី១ ៦ និង​ពាក្យ​សម្ដី​របស់​ព្យាការី​សម័យ​ទំនើប ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បទដ្ឋាន​នៃ​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ​របស់​ព្រះអម្ចាស់ ?

  • ប្រសិនបើ​អ្នក​មាន​ចម្ងល់ ឬ​កង្វល់​អំពី​ភាពបរិសុទ្ធ​ខាងផ្លូវភេទ​ដែល​មិន​បានឆ្លើយ​នៅក្នុង​មេរៀន​នេះ តើ​អ្នក​អាច​ស្វែងរក​ចម្លើយ​នៅ​ឯណា​បាន ?

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​សញ្ជឹងគិត​អំពី​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​សកម្មភាព​អ្វី​ដែល​ព្រះអម្ចាស់​អាច​ឲ្យ​អ្នកធ្វើ ដោយសារ​បទពិសោធន៍​របស់​អ្នក​នៅថ្ងៃនេះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

កូរិនថូស ទី១ ៦:១៩ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ថា​តើ​ខ្ញុំ​មើលឃើញ​រូបកាយ​ខ្ញុំ​ជា « វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ឬ​អត់​នោះ ?

ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ពី​របៀប​ដែល​ការមើលឃើញ​រូបកាយ​របស់​យើង​ជាព្រះវិហារ​នៃព្រះ អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់យើង ។

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ដោយ​រូបកាយ​អ្នក​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​ដ៏អស់កល្ប​របស់​ព្រះ វា​អស្ចារ្យ​ដែល​សាវក​ប៉ុល​បាន​ពិពណ៌នា​ថា​ជា « ព្រះវិហារ​នៃ​ព្រះ » [ កូរិនថូស ទី១ ៣:១៦ សូម​មើល​ផងដែរ ៦:១៩ ] ។ រាល់​ពេល​អ្នក​មើល​ក្នុង​កញ្ចក់ អ្នក​ឃើញ​រូបកាយ​អ្នក​ជា​ព្រះវិហារ​របស់​អ្នក ។ សេចក្ដី​ពិត​នោះ—រំឭក​ដោយ​ការដឹងគុណ​រាល់​ថ្ងៃ—អាច​ជា​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​សម្រេច​ចិត្ត​អ្នក អំពី​របៀប​ដែល​អ្នក​នឹង​មើល​ថែ​ដល់​រូបកាយ និង​របៀប​ដែល​អ្នក​ប្រើប្រាស់​វា ។

( រ័សុល អិម ណិលសុន « Decisions for Eternity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១០៧ )

តើ​សាតាំង​ល្បួង​យើង​ឲ្យ​ប្រើ​រូបកាយ​យើង​ខុស​យ៉ាង​ដូចម្ដេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន អំពី​ការ​បង្ខូច​របស់​សាតាំង និង​សារៈសំខាន់​នៃ​រូបកាយ ។

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។

ដោយសារ​រូបកាយសាច់​ឈាម​សំខាន់បំផុតនៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា និង​ការ​អភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​យើង នោះលូស៊ីហ្វើរ ខិតខំ​រារាំង​ការ​រីកចម្រើន​របស់​យើង​ដោយ​ល្បួង​យើងឲ្យ​ប្រើ​រូបកាយ​របស់​យើង​ខុស ។ …

ការបំពាន​ច្បាប់​ព្រហ្មចារីភាព​គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ និង​ជា​ការប្រើខុស​លើ​រូបរាងកាយ​របស់​យើង ។ ចំពោះ​អស់​អ្នក​ដែល​ដឹង និង​យល់​ពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ការ​បង្អាប់​រូបកាយ​គឺជា​ទង្វើ​នៃ​ការបះបោរ ( សូមមើល ម៉ូសាយ ២:៣៦–៣៧; [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ] ៦៤:៣៤–៣៥ ) និងការ​បដិសេធ​នូវ​អត្តសញ្ញាណ​ពិត​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​នៃ​ព្រះ ។ នៅពេល​យើងមើល​ទៅ​ឲ្យ​ហួស​ពី​ជីវិត​រមែងស្លាប់ និង​ទៅ​កាន់​ភាពដ៏​នៅ​អស់កល្បជានិច្ច វាងាយ​ស្រួល​ក្នុង​ការយល់ឃើញ​ថា ដៃគូ​ក្លែងក្លាយ​ដែល​បានតស៊ូមតិ​ដោយ​មារសត្រូវ គឺជា​ការណ៍​បណ្តោះអាសន្ន និងគ្មាន​តម្លៃ​ប៉ុណ្ណោះ ។

( ដេវីឌ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៣ )

ស៊ូសាន ដុបលយូ ថែនណឺ អតីត​ប្រធាន​យុវនារី​ទូទៅ​បានថ្លែង​អំពី​វិធី​មួយចំនួន​ដែល​មារសត្រូវ​ល្បួង​យើង​ឲ្យ​ប្រើ​រូបកាយ​របស់យើង​ខុស ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ពីមុន​របស់​ស៊ូសាន ដុបលយូ ថែនណឺ ប្រធាន​យុវនារី​ទូទៅ ឆ្នាំ ២០០៣ ។ បាន​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ខែ មេសា ឆ្នាំ ២០០៨ ។

[ សាតាំង ] ល្បួង​មនុស្ស​ជា​ច្រើន​មិនឲ្យ​គោរព​អំណោយ​ដ៏​អស្ចារ្យ​នៃ​រូបកាយ​នេះ តាមរយៈ​ភាព​មិន​បរិសុទ្ធ ភាព​មិន​រាបសា ភាព​បណ្តែតបណ្តោយ និង​ការញៀន ។ វា​បានល្បួង​អ្នក​ខ្លះ​ឲ្យ​មើលងាយ​រូបកាយ​របស់​ខ្លួន អ្នក​ផ្សេង​ទៀត​ដែល​វា​ល្បួង​ឲ្យ​ថ្វាយបង្គំ​រូប​កាយ​របស់​ពួក​គេ ។ ក្នុង​ករណី​ណា​មួយ វា​ល្យួង​ពិភពលោក​ឲ្យ​ចាត់ទុក​រូបកាយ​គ្រាន់តែជា​វត្ថុ​មួយ​ប៉ុណ្ណោះ ។ នៅ​ចំពោះមុខ​ការមិនពិត​របស់​សាតាំង​ជាច្រើន​អំពី​រូបកាយ ខ្ញុំ​ចង់​បញ្ចេញ​មតិ​របស់ខ្ញុំ​នៅថ្ងៃ​នេះ​ដើម្បី​គាំទ្រ​ដល់​ភាពបរិសុទ្ធ​នៃរូបកាយ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា រូបកាយ​គឺជា​អំណោយ​មួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ការដឹងគុណ និង​ការគោរព ។

( ស៊ូសាន ដុបលយូ ថែនណឺ « The Sanctity of the Body » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១៣ )