« ថ្ងៃទី ២៥–៣១ ខែ មីនា ៖ ‹ ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញដោយ … ប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ › ។ បុណ្យអ៊ីស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ២៥–៣១ ខែ មីនា ។ បុណ្យអ៊ីស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ២៥–៣១ ខែ មីនា ៖ « ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញដោយ … ប្រោសឲ្យជានៅក្នុងចំអេងស្លាបទ្រង់ »
បុណ្យអ៊ីស្ទើរ
ពួកសាវកពីបុរាណមានភាពមុតមាំនៅក្នុងការថ្លែងទីបន្ទាល់របស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ និងការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល កិច្ចការ ៤:៣៣ ) ។ មនុស្សរាប់លាននាក់ជឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយព្យាយាមដើម្បីធ្វើតាមទ្រង់ តាមរយៈពាក្យសម្ដីរបស់ពួកលោកដែលបានកត់ត្រានៅក្នុងព្រះគម្ពីរប៊ីប ។ ប៉ុន្តែនៅមានមនុស្សមួយចំនួនអាចនឹងងឿងឆ្ងល់ថា បើព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោកទាំងមូលពិតមែន ហេតុអ្វីសាក្សីរបស់ទ្រង់មានកំណត់ឲ្យមានមនុស្សតែមួយចំនួនតូចនៅក្នុងតំបន់តូចមួយដូច្នេះ ?
ព្រះគម្ពីរមរមនគឺជាសាក្សីបន្ថែមមួយទៀត ដែលកំពុងផ្លាស់ប្តូរមនុស្សឲ្យជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក « ដែលបានសម្ដែងរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ » ( ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ) ហើយទ្រង់ប្រទានសេចក្ដីសង្គ្រោះទៅដល់មនុស្សទាំងអស់ដែលមករកទ្រង់ ។ បន្ថែមពីលើនោះ សាក្សីទីពីរនេះក៏បញ្ជាក់អំពីអត្ថន័យនៃសេចក្ដីសង្គ្រោះផងដែរ ។ នេះគឺជាមូលហេតុដែល នីហ្វៃ យ៉ាកុប មរមន និងពួកព្យាការីទាំងអស់ធ្វើការយ៉ាងខ្នះខ្នែង « ខំព្យាយាមដើម្បីឆ្លាក់ពាក្យទាំងនេះនៅលើផ្ទាំង »— ដើម្បីប្រកាសដល់ជំនាន់ទាំងឡាយនាពេលអនាគតថា ពួកលោកក៏បាន « ដឹងអំពីព្រះគ្រីស្ទ ហើយ… បានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ » ដែរ ( យ៉ាកុប ៤:៣–៤ ) ។ នៅរដូវបុណ្យអ៊ីស្ទើរនេះ សូមសញ្ជឹងគិតអំពីទីបន្ទាល់ទាំងឡាយនៅក្នុងព្រះគម្ពីរមរមនដែលថា ព្រះចេស្ដារបស់ព្រះអង្គសង្រ្គោះគឺមានទាំងជាសាកល និងជាបុគ្គល—ដែលប្រោសលោះពិភពលោកទាំងមូល ព្រមទាំងប្រោសលោះដល់បងប្អូនផងដែរ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
រូបភាពរូបតំណាងថ្នាក់សិក្ខាសាលា ដោយសារតែព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងរស់ឡើងវិញម្តងទៀត ។
វាគឺជាទំនៀមទម្លាប់នៅបុណ្យអ៊ីស្ទើរដើម្បីពិចារណាអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែតើការរស់ឡើងវិញមានន័យយ៉ាងណាឲ្យប្រាកដទៅ ? តើព្រះគម្ពីរមរមនផ្ដល់គំនិតអ្វីខ្លះអំពីការរស់ឡើងវិញ ? ប្រហែលនៅរដូវបុណ្យអ៊ីស្ទើរនេះ បងប្អូនអាចធ្វើបញ្ជីសេចក្តីពិតអំពីការរស់ឡើងវិញដែលបងប្អូនឃើញមាននៅក្នុង នីហ្វៃទី ២ ៩:៦–១៥, ២២; អាលម៉ា ១១:៤២–៤៥; ៤០:២១–២៥ និង នីហ្វៃទី ៣ ២៦:៤–៥ ។
បងប្អូនក៏អាចកត់ត្រាអំពីរបៀបដែលសេចក្តីពិតទាំងនេះអំពីការមានព្រះជន្មរស់ឡើងវិញ មានឥទ្ធិពលលើទង្វើរបស់បងប្អូន និងរបៀបរស់នៅរបស់បងប្អូនផងដែរ ។ ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលបងប្អូននឹងបំពេញប្រយោគទាំងនេះ ៖ ប្រសិនបើខ្ញុំមិនដឹងរឿងទាំងនេះទេ … និង ដោយសារខ្ញុំដឹងរឿងទាំងនេះ ។ …
ទំនុកតម្កើងដូចជាបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) អាចជួយបងប្អូនឲ្យគិតអំពីមូលហេតុដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានសារៈសំខាន់ចំពោះបងប្អូន ។ នៅពេលបងប្អូនច្រៀង ស្តាប់ ឬអានទំនុកតម្កើង បងប្អូនអាចសួរខ្លួនឯងថា « តើជីវិតរបស់ខ្ញុំខុសគ្នាដោយរបៀបណាដោយសារតែព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ? »
នៅក្នុងបណ្ណាល័យដំណឹងល្អមានវីដេអូអំពីបុណ្យអ៊ីស្ទើរ ដែលអាចជាផ្នែកមួយដ៏មានអត្ថន័យសម្រាប់ការសិក្សារបស់បងប្អូន ។ ប្រហែលជាបងប្អូនអាចមើលវីដេអូទាំងនេះមួយ ឬច្រើន ហើយពិចារណាអំពីអ្វីដែលវាបន្ថែមដល់ការយល់ដឹង ឬការដឹងគុណរបស់បងប្អូនចំពោះការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។
សូមមើលផងដែរ លូកា ២៤:៣៦–៤៣; កិច្ចការ ២៤:១៥; កូរិនថូសទី១ ១៥:១២–២៣ រ៉េណា អ៊ី អាប៊ើតូ « ផ្នូរគ្មានជ័យជម្នះលើឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨៥–៨៦; Gospel Topics « Resurrection » នៅលើបណ្ណាល័យដំណឹងល្អ; « Death, Grieving, and Loss » នៅក្នុងកម្រង « ជួយដល់ជីវិត » នៅក្នុងបណ្ណាល័យដំណឹងល្អ ។
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាប ការឈឺចាប់ និងជំងឺរបស់ខ្ញុំ ។
ព្រះគម្ពីរប៊ីបបង្រៀនយ៉ាងច្បាស់ថា ព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង ។ ព្រះគម្ពីរមរមនបានពង្រីកការយល់ដឹងរបស់យើងអំពីដង្វាយធួន និងការរងទុក្ខរបស់ព្រះគ្រីស្ទតាមរបៀបដ៏សំខាន់ជាច្រើន ។ បងប្អូនអាចស្វែងរកការបង្រៀនទាំងនេះនៅក្នុង ម៉ូសាយ ៣:៧; ១៥:៥–៩; អាលម៉ា ៧:១១–១៣ ។ បន្ទាប់ពីបងប្អូនអានវគ្គបទគម្ពីរទាំងនេះហើយ សូមពិចារណាធ្វើការកត់ត្រានូវអ្វីដែលបងប្អូនបានរកឃើញទៅក្នុងតារាងមួយដូចជាតារាងមួយនេះ ៖
តើព្រះអង្គសង្គ្រោះបានរងទុក្ខអ្វីខ្លះ ? |
តើហេតុអ្វីបានជាទ្រង់រងទុក្ខ ? |
តើការណ៍នេះមានន័យយ៉ាងដូចម្តេចចំពោះខ្ញុំ ? |
---|---|---|
នេះគឺជារបៀបមួយទៀតដើម្បីសិក្សាវគ្គបទគម្ពីរទាំងនេះ ៖ សូមរកមើលទំនុកតម្កើងដែលបងប្អូនមានអារម្មណ៍ថា ត្រូវគ្នានឹងសារលិខិតដែលពួកលោកបង្រៀន ។ លិបិក្រម « ព្រះគម្ពីរ » នៅពីក្រោយសៀវភៅទំនុកតម្កើងអាចជួយបាន ។ តើឃ្លាអ្វីខ្លះមកពីទំនុកតម្កើងទាំងនេះ និងព្រះគម្ពីរដែលជួយបងប្អូនឲ្យដឹងគុណចំពោះពលិកម្មរបស់ព្រះអង្គសង្គ្រោះកាន់តែជ្រាលជ្រៅ ?
សូមមើលផងដែរ អេសាយ ៥៣; ហេព្រើរ ៤:១៤–១៦; ហ្គែរ៉ល កូសសេ « A Living Witness of the Living Christ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៨–៤០ ។
ព្រះយេស៊ូវគ្រីស្ទអាចសម្អាតខ្ញុំ ហើយជួយខ្ញុំឲ្យបានល្អឥតខ្ចោះ ។
វាអាចនិយាយបានថា ព្រះគម្ពីរមរមនគឺជាដំណើររឿងរបស់មនុស្សដែលបានផ្លាស់ប្ដូរដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនអាចអានបទពិសោធន៍ទាំងនេះនៅក្នុង ម៉ូសាយ ៥:១–២; ២៧:៨–២៨; អាលម៉ា ១៥:៣–១២; ២៤:៧–១៩ ។ បងប្អូនប្រហែលជាគិតអំពីឧទាហរណ៍ផ្សេងទៀតដើម្បីសិក្សាផងដែរ ។ តើបងប្អូនសម្គាល់ឃើញថា បទពិសោធន៍ទាំងនេះមានភាពស្រដៀងគ្នាអ្វីខ្លះ ? តើបងប្អូនសម្គាល់ឃើញមានភាពខុសគ្នាអ្វីខ្លះ ? តើបទពិសោធន៍ទាំងនេះបង្រៀនបងប្អូនអ្វីខ្លះ អំពីរបៀបដែលព្រះអង្គសង្គ្រោះអាចផ្លាស់ប្តូរបងប្អូនបាន ?
សូមមើលផងដែរ អាលម៉ា ៥:៦–១៤; ១៣:១១–១២; ១៩:១–១៦; ២២:១–២៦; ៣៦:១៦–២១; អេធើរ ១២:២៧; មរ៉ូណៃ ១០:៣២–៣៣ ។
សម្រាប់គំនិតបន្ថែម សូមមើលទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
ពីព្រោះថ្ងៃអាទិត្យនេះ ជាថ្ងៃអាទិត្យទី៥ នៃខែនេះ គ្រូបង្រៀនអង្គការបឋមសិក្សាត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់សកម្មភាពរៀននៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការរៀបចំកុមារឲ្យនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ព្រះពេញមួយជីវិត » ។
ដោយសារតែព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ នោះខ្ញុំក៏នឹងរស់ឡើងវិញផងដែរ ។
-
បងប្អូនអាចប្រើ « ជំពូកទី ៥៣ ៖ ព្រះយេស៊ូវត្រូវគេឆ្កាង » និង « ជំពូកទី ៥៤ ៖ ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣៦–៣៨, ១៣៩–៤៤ ) ដើម្បីប្រាប់កូនៗរបស់បងប្អូនអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ឬអនុញ្ញាតឲ្យកូនៗរបស់បងប្អូនប្រាប់បងប្អូនអំពីដំណើររឿងនោះ ដោយប្រើរូបភាពនៅក្នុងជំពូកទាំងនោះ ។
-
ការយាងទៅទ្វីបអាមេរិករបស់ព្រះអង្គសង្រ្គោះដែលមានព្រះជន្មរស់ឡើងវិញ គឺជាសាក្សីដ៏មានអានុភាពអំពីការមានព្រះជន្មឡើងវិញរបស់ទ្រង់ ។ សូមពិចារណាប្រាប់កូនៗរបស់បងប្អូនអំពីដំណើររឿងនេះ ដោយប្រើ នីហ្វៃទី ៣ ១១; ១៧; បទចម្រៀង « Easter Hosanna » ឬឃ្លាចុងក្រោយនៃបទ « រឿងនិទានក្នុងគម្ពីរមរមន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨–៦៩, ៦២ ) ។ សូមលើកទឹកចិត្តកូនៗរបស់បងប្អូនឲ្យនឹកស្រមៃថា តើវានឹងមានអារម្មណ៍យ៉ាងណាដើម្បីបានពាល់ស្នាមរបួសរបស់ទ្រង់ ( សូមមើល នីហ្វៃទី ៣ ១១:១៤–១៥ ) ឬធ្វើជាកុមារម្នាក់ដែលទ្រង់បានប្រទានពរឲ្យ ( សូមមើល នីហ្វៃទី ៣ ១៧:២១ ) ។ សូមចែកចាយអារម្មណ៍របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ជាមួយគ្នាទៅវិញទៅមក ។
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យរកឃើញនូវអ្វីដែលព្រះគម្ពីរមរមនបង្រៀនអំពីការរស់ឡើងវិញ នោះបងប្អូនអាចអញ្ជើញពួកគេឲ្យសម្តែងថា បងប្អូនមិនដឹងអ្វីទាំងអស់អំពីការរស់ឡើងវិញទេ ហើយសុំឲ្យពួកគេពន្យល់វាដល់បងប្អូន ។ សូមជួយពួកគេឲ្យរកមើលនៅក្នុង នីហ្វៃទី២ ៩:១០–១៥; អាលម៉ា ១១:៤១–៤៥ និង អាលម៉ា ៤០:២១–២៣ សម្រាប់ចម្លើយចំពោះសំណួរដូចនេះ ៖ តើការរស់ឡើងវិញមានអត្ថន័យយ៉ាងណា ? តើនរណាខ្លះដែលនឹងត្រូវបានរស់ឡើងវិញ ? សូមអញ្ជើញពួកគេឲ្យថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ជាផ្នែកមួយនៃចម្លើយរបស់ពួកគេផងដែរ ។
ព្រះយេស៊ូវគ្រីស្ទញាណដឹងអំពីរបៀបលួងលោមចិត្តខ្ញុំ ។
-
ម៉ូសាយ ៣:៧ និង អាលម៉ា ៧:១១ ពិពណ៌នាអំពីអ្វីដែលព្រះអង្គសង្គ្រោះបានឆ្លងកាត់ជាផ្នែកនៃដង្វាយធួនរបស់ទ្រង់ ។ បងប្អូនអាចអានខគម្ពីរមួយទាំងនេះដល់កូនៗរបស់បងប្អូន ហើយសុំឲ្យពួកគេស្តាប់ពាក្យដែលប្រាប់ពួកគេអំពីអ្វីដែលព្រះយេស៊ូវបានរងទុក្ខសម្រាប់យើង ។ បន្ទាប់មក បងប្អូនអាចអាន អាលម៉ា ៧:១២ ដើម្បីស្វែងយល់អំពីមូលហេតុដែលទ្រង់បានរងទុក្ខ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានទទួលអារម្មណ៍នៃការឈឺចាប់ និងជំងឺរបស់យើង ដើម្បីទ្រង់អាចសម្រាលទុក្ខយើងបាន ។
-
តើកូនៗរបស់បងប្អូនមានទំនុកតម្កើង ឬចម្រៀងដែលចូលចិត្តអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ដែរឬទេ ? បងប្អូនអាចច្រៀងវាជាមួយគ្នាបាន—ឬរៀនបទថ្មីមួយ ។ សូមនិយាយអំពីពាក្យ ឬឃ្លានៅក្នុងទំនុកបទនោះ ដែលបង្រៀនបងប្អូនអំពីការលួងលោម និងសេចក្តីសុខសាន្តដែលព្រះអង្គសង្គ្រោះប្រទានដល់យើង ។
Gethsemane [ សួនច្បារគែតសេម៉ានី ] ដោយ ម៉ៃឃើល ធី ម៉ម
ព្រះយេស៊ូវគ្រីស្ទអាចលាងសម្អាតខ្ញុំ ហើយជួយខ្ញុំឲ្យផ្លាស់ប្តូរបាន ។
-
ព្រះគម្ពីរមរមនផ្តល់គំរូជាច្រើនអំពីមនុស្សដែលត្រូវបានផ្លាស់ប្តូរ ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ប្រហែលជាកូនៗរបស់បងប្អូនអាចជ្រើសរើសបុគ្គលមួយរូបដើម្បីរៀនអំពី ដូចជា អេណុស ( សូមមើល អេណុស ១:២–៨ ) អាលម៉ាជាកូន ( សូមមើល ម៉ូសាយ ២៧:៨–២៤ ) ឬ អាន់តៃ–នីហ្វៃ–លីហៃ ( សូមមើល អាលម៉ា ២៤:៧–១៩ ) ។ តើមនុស្ស ឬក្រុមនេះបានផ្លាស់ប្តូរដោយរបៀបណា ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ? តើយើងអាចធ្វើតាមគំរូរបស់ពួកគេដោយរបៀបណា ?
-
បងប្អូន និងកូនៗរបស់បងប្អូនក៏អាចប្រៀបធៀបអ្វីដែលស្អាត និងអ្វីដែលកខ្វក់ ហើយនិយាយអំពីរបៀបដែលរបស់កខ្វក់ត្រូវបានលាងសម្អាតផងដែរ ។ សូមអានជាមួយគ្នានូវ អាលម៉ា ១៣:១១–១៣ ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចត្រូវបានលាងសម្អាតពីអំពើបាបរបស់យើង ? តើការណ៍នេះធ្វើឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះអំពើបាប ? តើវាធ្វើឲ្យយើងមានអារម្មណ៍យ៉ាងណាចំពោះព្រះអង្គសង្គ្រោះ ?
ដើម្បីទទួលបានគំនិតបន្ថែម សូមមើលទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែនេះ ។
រស់នៅឲ្យស័ក្ដិសមដើម្បីទទួលការដឹកនាំពីព្រះវិញ្ញាណ ។ ព្រះវិញ្ញាណគឺជាគ្រូបង្រៀនដ៏ពិត ។ នៅពេលបងប្អូនស្វែងរកការណែនាំរបស់ទ្រង់ ហើយរស់នៅដោយភាពស័ក្តិសម នោះព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានគំនិត និងចំណាប់អារម្មណ៍ដល់បងប្អូនឲ្យដឹងអំពីរបៀបដែលត្រូវបំពេញតាមតម្រូវការរបស់មនុស្ស ដែលបងប្អូនបង្រៀននោះ ។
រូបភាពរបស់ព្រះគ្រីស្ទជាមួយនឹងពួកសាសន៍នីហ្វៃ ដោយ បែន សូវើតស៍