ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ៤–១០ ខែ មីនា ៖ « យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ » ។ នីហ្វៃ​ទី​២ ២០–២៥


« ថ្ងៃទី ៤–១០ ខែ មីនា ៖ ‹ យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ › ។ នីហ្វៃទី​២ ២០–២៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន​ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ៤–១០ ខែ មីនា ។ នីហ្វៃ​ទី​២ ២០–២៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
ការសិក្សា​ជា​គ្រួសារ

ថ្ងៃទី ៤–១០ ខែ មីនា ៖ « យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ »

នីហ្វៃ​ទី​២ ២០–២៥

សំណេរ​របស់​អេសាយ​រួម​បញ្ចូល​ទាំង​ការព្រមាន​ខ្លាំងៗ ប៉ុន្តែ​វា​ក៏​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម និង​អំណរ​ផងដែរ ។ ការណ៍នេះ​គឺជា​មូលហេតុ​មួយ​ដែល​នីហ្វៃ​បាន​បញ្ចូល​វា​នៅក្នុង​បញ្ជី​របស់​លោក ៖ លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​សរសេរ​ពាក្យ​របស់​លោក​អេសាយ​ខ្លះ​ថា បើសិនជា​ប្រជាជន … ណាម្នាក់​បាន​ឃើញ​ពាក្យ​ទាំងនេះ​ហើយ នោះ​គេ​អាច​លើក​ចិត្ត​គេ​ឡើង ហើយ​អរ​សប្បាយ » ( នីហ្វៃ​ទី​២ ១១:៨ ) ។ ក្នុងន័យ​នោះ ការអញ្ជើញ​ឲ្យ​អាន​ការសរសេរ​របស់​លោក​អេសាយ គឺជា​ការអញ្ជើញ​ឲ្យ​អរសប្បាយ ។ បងប្អូន​អាច​រីករាយ​ដូចជា​នីហ្វៃ​ដែរ នៅក្នុង​ការព្យាករ​របស់​លោក​អេសាយ​អំពី​ការប្រមូលផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល ការយាងមក​របស់​ព្រះមេស៊ី និង​ភាពសុខសាន្ដ​ដែល​បាន​សន្យា​ដល់​ពួក​សុចរិត ។ បងប្អូន​អាច​រីករាយ​ក្នុង​ការរស់នៅ​ក្នុង​ថ្ងៃ​ដែល​បាន​ព្យាករ នៅពេល​ព្រះអម្ចាស់​បាន « លើក​ទង់​មួយ​ឡើង​សម្រាប់​សាសន៍​ទាំងឡាយ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់ប្រាស​នៃ​សាសន៍​អ៊ីស្រាអែល » ( នីហ្វៃ​ទី​២ ២១:១២ ) ។​ នៅពេល​បងប្អូន​ស្រេកឃ្លាន​រក​សេចក្តី​សុចរិត នោះ​បងប្អូន​អាច « ដង​ទឹក​ពី​អណ្ដូង​នៃ​សេចក្ដី​សង្គ្រោះ​… ដោយ​អំណរ » ( នីហ្វៃ​ទី​២ ២២:៣ ) ។ ក្នុង​ន័យ​ម៉្យាង​ទៀត​ថា បងប្អូន​អាច « អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ » បាន ( នីហ្វៃ​ទី​២ ២៥:២៦ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​២ ២១–២២

ខ្ញុំ​អាច​រកឃើញ​សេចក្តីសុខសាន្ត​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។

កូនៗ​របស់​លីហៃ​មាន​បញ្ហា​ជាមួយនឹង​ការឈ្លោះ​ប្រកែកគ្នា ។ បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅ​ជំនាន់​ក្រោយៗ ដែល​នាំ​ឲ្យ​មាន​ការបែកបាក់ ការជាប់ឃុំឃាំង ភាពសោកសៅ និង​វិនាសកម្ម ។ ហើយ​ការឈ្លោះ​ប្រកែកគ្នា​នៅ​តែ​ជា​បញ្ហា​មួយ​មកដល់​សព្វ​ថ្ងៃ​នេះ ។

ដោយ​នឹកចាំ​ដល់​រឿង​ទាំងនោះ​ក្នុង​ចិត្ត សូម​គិត​ពី​ការព្យាករ​នៅក្នុង នីហ្វៃ​ទី​២ ២១–២២ ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​កំពុង​បំពេញ​តាម​ការព្យាករ​ទាំង​នេះ ។ តើ​ការព្យាករ​ដែលថា ឆ្កែ​ព្រៃ​នឹង « នៅ​ជាមួយ​នឹង​កូនចៀម » មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​បងប្អូន ? ( នីហ្វៃ​ទី​២ ២១:៦ ) ។ សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ជា​អ្នកផ្សះផ្សា​គេ ។

សូមមើល ឌែល ជី រិនឡាន់ « The Peace of Christ Abolishes Enmity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៨៣–៨៥ ។

នីហ្វៃ​ទី​២ ២១:៩–១២

ព្រះអម្ចាស់​កំពុង​ប្រមូលផ្ដុំ​រាស្រ្ត​របស់​ទ្រង់ ។

នីហ្វៃ និង​គ្រួសារ​របស់​លោក​បាន​ធ្វើ​ជា​សាក្សី​ចំពោះ​ការខ្ចាត់ខ្ចាយ​របស់​សាសន៍​អ៊ីស្រាអែល​នេះ ( សូមមើល នីហ្វៃទី​២ ២៥:១០ ) ។ ឥឡូវនេះ បងប្អូន​អាច​ចូលរួម​នៅក្នុង​ការប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល​បាន ( សូមមើល នីហ្វៃទី​២ ២១:១២ ) ។ នៅពេល​បងប្អូន​អាន នីហ្វៃទី​២ ២១:៩–១២ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​បំពេញ​ការព្យាករ​ដែល​ខគម្ពីរ​ទាំងនេះ​បាន​ពិពណ៌នា ។

ឧទាហរណ៍ កាល​បងប្អូន​អាន​អំពី « ទង់ » ( ទង់ជាតិ ឬ​បដា ) ដែល​នឹង​ត្រូវ​លើកឡើង​ដើម្បី​ប្រមូលផ្តុំ​រាស្រ្ត​របស់​ព្រះ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​បាន​ឃើញ​ព្រះ​ប្រមូលផ្តុំ​ប្រជារាស្រ្ត​របស់​ទ្រង់ ទាំង​ខាងរូបកាយ និង​ខាង​វិញ្ញាណ ។ តើ​អ្វី​ដែល​ទាក់ទាញ​មនុស្ស​ឲ្យ​មករក​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ?

តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ប្រមូលផ្តុំ​រាស្ត្រ​របស់​ព្រះ ?

នីហ្វៃ​ទី​២ ២៣–២៤

ភាពខាង​លោកិយ​នៃ​បាប៊ីឡូន​នឹង​ធ្លាក់​ចុះ ។

អាណាចក្រ​បាប៊ីឡូន​គឺជា​ការគំរាម​កំហែង​យ៉ាង​ខ្លាំងក្លា​ខាង​នយោបាយ និង​កងទ័ព​ដល់​អ៊ីស្រាអែល​ពី​បុរាណ ។ ប៉ុន្តែ​ចំពោះ​ប្រជាជន​របស់​នីហ្វៃ—និង​ចំពោះ​យើង​សព្វថ្ងៃ​នេះ—ការគំរាម​កំហែង​ធំ​ជាង​នេះ​គឺ​ជា​អ្វី​ដែល​បាប៊ីឡូន​តំណាង​ឲ្យ ៖ ភាព​ខាង​លោកិយ និង​អំពើ​បាប ។ សូម​ពិចារណា​ពី​របៀប​ដែល​ការព្រមាន​នៅក្នុង នីហ្វៃទី​២ ២៣–២៤ អាច​ប៉ះពាល់​ដល់​ប្រជាជន​ដែល​ខ្លាច ឬ​កោតសរសើរ ឬ​ទុកចិត្ត​លើ​ទ្រព្យសម្បត្តិ និង​អំណាច​របស់​បាប៊ីឡូន ( ឧទាហរណ៍​សូមមើល ២៣:៦–៩, ១១, ១៩–២២; ២៤:១០–១៩ ) ។ តើ​មាន​អ្វីខ្លះ​នៅ​សព្វថ្ងៃ​នេះ​ដែល​ស្រដៀង​គ្នា​ដែល​យើង​អាច​នឹង​ខ្លាច ឬ​លើក​តម្កើង ឬ​ទុកចិត្ត​លើនោះ ? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ទៅកាន់​បងប្អូន​នៅក្នុង​ជំពូក​ទាំងនេះ ? សូម​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​បង្ហាញ​ថា បងប្អូន « មាន​សេចក្ដី​អំណរ​អរ​ចំពោះ​សេចក្ដី​ខ្ពង់​ខ្ពស់ [ របស់​ព្រះអម្ចាស់ ] » ( នីហ្វៃ​ទី​២ ២៣:៣ ) ។

នីហ្វៃ​ទី​២ ២៥:១៩–២៩

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
« យើង​និយាយ​អំពី​ព្រះគ្រីស្ទ … យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ » ។

នីហ្វៃ​បើកចំហ​អំពី​ការចែកចាយ​ជំនឿ​របស់​លោក—ជា​ពិសេស​ទីបន្ទាល់​របស់​លោក​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ការសិក្សា​របស់​បងប្អូន​ពី នីហ្វៃ​ទី​២ ២៥ សូម​គិត​អំពី​បំណង​ប្រាថ្នា​របស់​នីហ្វៃ​ដើម្បី « បញ្ចុះ​បញ្ចូល​កូន​ចៅ [ របស់ទ្រង់ ] …​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ » ( ខទី ២៣ ) ។ តើ​នីហ្វៃ​ចង់​ឲ្យ​ប្រជាជន​ដឹង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ ? ( សូមមើល ខទី ១២–១៣, ១៦ ) ។ តើ​យើង​អាច​មាន​ចិត្ដ​ជឿលើ​ព្រះ​ដោយ​របៀប​ណា ? ( សូមមើល ខទី ១៩–២៩ ) ។ សូម​កត់​ចំណាំ​សារលិខិត​នៅក្នុង​ជំពូក​នេះ​ដែល​បញ្ចុះ​បញ្ចូល​បងប្អូន​ឲ្យ​ជឿ និង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួកយើង​មួយ​ចំនួន​ប្រហែលជា​មិន​ក្លាហាន​ដូចជា​នីហ្វៃ​ក្នុង​ការនិយាយ​អំពី​ព្រះ​គ្រីស្ទ​ឡើយ ។ ប៉ុន្តែ​ប្រហែល​ជា​បងប្អូន​អាច​រកឃើញ​អ្វីមួយ​នៅក្នុង​ការបង្រៀន​របស់​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី​២ ២៥:២៣–២៦ ដែល​បំផុសគំនិត​បងប្អូន​ឲ្យ​និយាយ​អំពី​ទ្រង់​ជាមួយ​អ្នក​ដទៃ​កាន់តែ​បើកចំហ​ឡើង ។ ឧទាហរណ៍ ការប្រកាស​របស់​នីហ្វៃ​ថា « យើង​អរ​រីករាយ​ក្នុង​ព្រះ​គ្រីស្ទ » អាច​បំផុស​បងប្អូន​ឲ្យ​គិត​អំពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​នាំមក​ឲ្យ​បងប្អូន​នូវ​អំណរ—និង​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​អំណរ​នោះ​ជាមួយ​អ្នក​ដទៃ​បាន ។

នៅក្នុង​សារលិខិត​របស់​លោក « We Talk of Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨៨–៩១ ) អែលឌើរ នែល អិល អាន់ឌើរសិន ផ្តល់​យោបល់​ពី​របៀប​ដែល​យើង​អាច​និយាយ​កាន់តែ​បើកចំហ​អំពី​ព្រះគ្រីស្ទ​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងៗ ។ តើ​មតិយោបល់​ណាមួយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍ ? តើ​ឱកាស​អ្វី​ដែល​បងប្អូន​មាន​ដើម្បី​និយាយ​អំពី​ព្រះគ្រីស្ទ​ជាមួយ​អ្នក​ដទៃ ?

តើ​បងប្អូន​មាន​អារម្មណ៍​បំផុសគំនិត​អ្វីខ្លះ​ដើម្បី​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​គ្រីស្ទ ? ប្រសិនបើ​បងប្អូន​ចង់បាន​គំនិត​មួយ​ចំនួន បងប្អូន​អាច​ស្វែងរក​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » បាន ( បណ្ណាល័យ​ដំណឹង​ល្អ ) ។ ទំនុក​តម្កើង​ដូចជា​បទ « ខ្ញុំ​ជឿលើ​ព្រះគ្រីស្ទ » ( ទំនុក​តម្កើង ល.រ. ៧៥ ) អាច​ផ្តល់​គំនិត​ឲ្យ​បងប្អូន​បន្ថែមទៀត​បាន ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​២ ២១:១–៥

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជំនុំ​ជម្រះ​ដោយ​សុចរិត ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្រមៃ​ពី​ខគម្ពីរ​ទាំងនេះ សូមមើល​ថា​តើ​បងប្អូន​អាច​រក​ដើមឈើ​មួយដើម​ដែល​ត្រូវបាន​គេ​កាប់ចោល ឬ​មែកឈើ​ដែល​ដុះចេញ​ពី​ដើម​ឈើ​មួយ​បាន​ឬ​អត់ ( ឬ​រក​រូបភាព​មក​បង្ហាញ​ក៏​បាន ) ។ ប្រសិនបើ « មែក » នៅក្នុង នីហ្វៃទី​២ ២១:១ តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ តើ ខទី ២–៥ បង្រៀន​យើង​អ្វីខ្លះ​អំពី​ទ្រង់ ?

រូបភាព
រុក្ខជាតិ​តូច​ដុះ​ចេញពី​ដើមឈើ

នីហ្វៃ​ទី​២ ២១:៦–៩

ព្រះយេស៊ូវ​គ្រីស្ទ​នាំមក​នូវ​សេចក្ដី​សុខសាន្ដ និង​អំណរ ។

  • តើ នីហ្វៃទី​២ ២១:៦–៩ បង្រៀន​អ្វីខ្លះ អំពី​អ្វី​ដែល​អាច​កើត​ឡើង នៅពេល​បងប្អូន​រាល់​គ្នា​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ? ( សូមមើល​ផងដែរ នីហ្វៃ​ទី​៤ ១:១៥–១៨ ) ។ តើ​យើង​អាច​ធ្វើឲ្យ​ផ្ទះ​របស់​យើង​កាន់តែ​មាន​លក្ខណៈ​បែប​នេះ​ដោយ​របៀប​ណា ? កូនៗ​របស់​បងប្អូន​ប្រហែលជា​ចូលចិត្ត​មើល​រូបភាព​សត្វ​ដែល​បាន​រៀបរាប់​នៅក្នុង ខទី ៦–៧—ជាធម្មតា សត្វ​គឺជា​សត្រូវនឹង​គ្នា ប៉ុន្តែ​​នៅពេល​ព្រះយេស៊ូវ​យាងមក​ម្ដងទៀត វា​នឹង​មិន​ធ្វើបាប​គ្នា​ទៅវិញ​ទៅមក​ឡើយ ( សូមមើល​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ កូនៗ​របស់​បងប្អូន​ក៏​អាច​គូរ​រូប​ខ្លួនឯង និង​សត្វ​ពាហៈហនៈ​ទាំងនេះ​ដែល​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​ព្រះ​យេស៊ូវ​ផងដែរ ។

នីហ្វៃទី​២ ២១:១១—១២២២

ព្រះអម្ចាស់​កំពុង​ប្រមូលផ្ដុំ​រាស្រ្ត​របស់​ទ្រង់ ។

  • អេសាយ​បាន​និយាយ​ថា ព្រះអម្ចាស់​នឹង​លើក « ទង់​មួយ​ឡើង​សម្រាប់​សាសន៍​ទាំង​ឡាយ » ដើម្បី​ប្រមូលផ្ដុំ​មនុស្ស​ឲ្យ​មករក​ទ្រង់ ( សូមមើល នីហ្វៃទី​២ ២១:១១–១២ ) ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ថា ទ្រង់​គឺ​ប្រៀប​ដូចជា​ទង់ជាតិ​មួយ​ដែរ ។ ប្រហែល​ជា​ពួកគេ​អាច​រីករាយ​នឹង​ការគូររូប​ទង់ជាតិ​របស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​អាច​បន្ថែម​រូបភាព ឬ​ពាក្យ​សម្តី​នានា​បាន ដែល​តំណាង​ឲ្យ​មូលហេតុ​ដែល​ពួកគេ​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​ទង់ជាតិ​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​គិត​ពី​របៀប​ដែល​ពួកគេ​អាច​ជួយ « ប្រមូលផ្តុំ » អ្នកដទៃ​ឲ្យ​មក​កាន់​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន ។

  • បន្ទាប់ពី​អាន នីហ្វៃ​២ ២២:៤–៥ ជាមួយ​គ្នា​ហើយ នោះ​បងប្អូន​អាច​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី « ការណ៍​ដ៏​ប្រសើរ » មួយចំនួន​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ។ តើ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ « ក្នុង​ចំណោម [ យើង ] » ដែល​យើង​អាច​រៀបរាប់​បាន ? ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​សំណួរ​នេះ បងប្អូន​អាច​ច្រៀង​ជាមួយ​គ្នា​អំពី​ព្រះអង្គ​សង្រ្គោះ ដូចជា​បទ « ខ្ញុំ​ជឿ​លើ​ព្រះ​គ្រីស្ទ » ( ទំនុកតម្កើង ល.រ. ៧៥ ) ។ បងប្អូន​អាច​ប្តូរ​វេន​គ្នា​បំពេញ​ប្រយោគ​មួយ​ដូចជា « ខ្ញុំ​ជឿ​លើ​ព្រះគ្រីស្ទ ទ្រង់  » ។ តើ​យើង​អាច​ជួយ​​មនុស្ស​ដទៃ​ឲ្យ​ដឹង​អំពី​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​តាម​របៀប​ណា ?

នីហ្វៃ​ទី​២ ២៥:២៦

« យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ » ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ « អររីករាយ​ក្នុង​ព្រះគ្រីស្ទ » បាន​យ៉ាង​ដូចម្ដេច ? ប្រហែលជា​បងប្អូន​អាច​ប្រាប់​ដំណើររឿង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​នាំមក​នូវ​អំណរ​ដល់​អ្នកដទៃ ឬ​បងប្អូន​អាច​បង្ហាញ​វីដេអូ​ដូចជា « Jesus Heals a Man Born Blind » ឬ « Suffer the Little Children to Come unto Me » ( បណ្ណាល័យ​ដំណឹង​ល្អ ) ។ កូនៗ​របស់​បងប្អូន​អាច​ចង្អុលបង្ហាញ​ពី​គ្រា​ដ៏​រីករាយ​នៅក្នុង​ដំណើររឿង ឬ​វីដេអូ​នេះ​បាន ។ បន្ទាប់មក នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា​ក្នុង នីហ្វៃទី​២ ២៥:២៦ នោះ​ពួកគេ​អាច​និយាយ​អំពី​មូលហេតុ​ដែល ពួកគេ « អររីករាយ​ក្នុង​ព្រះគ្រីស្ទ » បាន ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ សូម​កុំ​គិតស្មាន​ថា គ្រួសារ​របស់​បងប្អូន​ដឹង​ពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ សូម​ប្រាប់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ពួកគេ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ

I’ll Go Where You Want Me to Go [ ខ្ញុំ​នឹង​ទៅ​កន្លែង​ណា​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ទៅ ] ដោយ រ៉ូមេន អ៊ីលី ហ្គាសៀ រីវ៉ាស