ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១–១៧ ខែ មីនា ៖ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ។ នីហ្វៃ​ទី​២ ២៦–៣០


« ថ្ងៃទី ១១–១៧ ខែ មីនា ៖ ‹ ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក › ។ នីហ្វៃទី​២ ២៦–៣០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១១–១៧ ខែ មីនា ។ នីហ្វៃ​ទី​២ ២៦–៣០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
ព្រះយេស៊ូវ​ឈោង​ទៅ​ជួយ​ស្ត្រី​ម្នាក់

He Will Lead Thee by the Hand [ ទ្រង់​នឹង​ដឹក​ដៃ​អ្នក ] ដោយ សាន់ដ្រា រ៉ាស្ត

ថ្ងៃទី ១១–១៧ ខែ មីនា ៖ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក »

នីហ្វៃ​ទី​២ ២៦–៣០

នីហ្វៃ​បាន​សរសេរ​ថា « ខ្ញុំ​ព្យាករ​ប្រាប់​អ្នករាល់គ្នា​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ » ( នីហ្វៃ​ទី​២ ២៦:១៤ ) ។ ក្នុង​ន័យ​ម្យ៉ាង​ទៀត​គឺ​ថា លោក​កំពុង​សរសេរ​អំពី​ជំនាន់​របស់​យើង ។ ហើយ​មាន​មូលហេតុ​ដែល​ត្រូវ​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​លោក​បាន​មើល​ឃើញ ៖ មនុស្ស​កំពុង​បដិសេធ​អំណាច និង​អព្ភូតហេតុ​របស់​ព្រះ ភាពច្រណែន និងជម្លោះ​រីករាលដាល​ឡើង ។ ប៉ុន្តែ​បន្ថែម​ពី​លើ « កិច្ចការ​នៃ​សេចក្ដី​ខ្មៅ​ងងឹត » នៅ​ថ្ងៃ​ចុង​ក្រោយ ( នីហ្វៃ​ទី​២ ២៦:១០, ២២ ) ដែល​បាន​ដឹកនាំ​ដោយ​មារសត្រូវ​នេះ នីហ្វៃ​ក៏​បាន​និយាយ​ផងដែរ​អំពី « ការណ៍​មួយ​ដ៏​អស្ចារ្យ ហើយ​ចម្លែក » ដែល​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ( នីហ្វៃ​ទី​២ ២៧:២៦ ) ។ ចំណុច​សំខាន់​នៃ​កិច្ចការ​នោះ​គឺ​ជា​គម្ពីរ—ជា​គម្ពីរ​ដែល​បង្ហាញ​ពី​ការកុហក​របស់​សាតាំង ហើយ​ប្រមូល​មនុស្ស​សុចរិត ។ គម្ពីរ​នោះ​គឺ​ព្រះគម្ពីរ​មរមន កិច្ចការ​ដ៏​អស្ចារ្យ​គឺ​ជា​កិច្ចការ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​កិច្ចការ​ដ៏​ចម្លែក គឺ—យ៉ាងហោច​ណាស់​នៅ​ផ្នែក​ខ្លះ—ថា​ព្រះ​អញ្ជើញ​ពួក​យើង​ទាំងអស់​គ្នា​ឲ្យ​មក​ចូលរួម​មិន​ថា​យើង​មាន​ភាពទន់ខ្សោយ​យ៉ាងណា​ទេ ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​២ ២៦–២៧; ២៩–៣០

ព្រះ​បាន​រៀបចំ​ព្រះគម្ពីរ​មរមន​សម្រាប់​ជំនាន់​របស់​យើង ។

នៅក្នុង នីហ្វៃ​ទី​២ ២៦–២៧ នីហ្វៃ​បាន​ដកស្រង់​មកពី​ការព្យាករ​ពីដើម​របស់​អេសាយ ( សូមមើល អេសាយ ២៩ ) ហើយ​បាន​អនុវត្ត​ការព្យាករ​នោះ​ទៅនឹង​ប្រជាជន​របស់​លោក និង​បញ្ជី​របស់​ពួកលោក—ដែល​ជា​ព្រះគម្ពីរ​មរមន ។ លោក​បាន​ដឹង​តាមរយៈ​វិវរណៈ សូម្បី​ពីមុន​ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ចប់​សព្វ​គ្រប់​ទៅ​ទៀត ថា​នៅ​ថ្ងៃ​ណាមួយ វា « នឹងមាន​ប្រយោជន៍​យ៉ាង​ធំ​ចំពោះ​កូនចៅ​មនុស្ស » ( នីហ្វៃ​ទី​២ ២៨:២ ) ។ ហេតុអ្វី​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​បងប្អូន ? សូម​គិត​អំពី​សំណួរ​នេះ នៅពេល​បងប្អូន​អាន នីហ្វៃ​ទី​២ ២៩–៣០ ។ តើ « ការណ៍​មួយ​យ៉ាង​អស្ចារ្យ » ( នីហ្វៃ​ទី​២ ២៧:២៦ ) ដែល​ព្រះ​កំពុង​សម្រេច​នៅ​ក្នុង​ពិភពលោក​នេះ និង​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​តាមរយៈ​ព្រះគម្ពី​រមរមន​មាន​អ្វីខ្លះ ?

សូមមើល​ផងដែរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦២–៦៥ ។

នីហ្វៃ​ទី​២ ២៦:២៣–៣៣

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​យេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ។

មាន​សេចក្តីពិត​ដ៏​ស្រស់ស្អាត​ជាច្រើន​ដែល​ត្រូវ​ពិចារណា​នៅក្នុង នីហ្វៃទី​២ ២៦:២៣–២៤ ។ ឧទាហរណ៍ បងប្អូន​អាច​គិត​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ជា « ប្រយោជន៍​ដល់​មនុស្ស​លោក »—និង​ដល់​បង្អូន ។ តើ​ទ្រង់ « ទាញ​មនុស្ស​ទាំង​អស់ »—និង​បងប្អូន—« មក​រក​ទ្រង់ » ដោយ​របៀប​ណា ? តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ?

សូម​បន្ត​អាន ហើយ​ស្វែងរក​សេចក្តីពិត​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ២៥–៣៣ ។ សូម​កត់សម្គាល់​ជា​ពិសេស​ពី​ការអញ្ជើញ​របស់​ទ្រង់ ។ តើ​បងប្អូន​នឹង​សង្ខេប​សារលិខិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​បងប្អូន​ដោយ​របៀបណា ? ទំនុក​តម្កើង​មួយ​ដូចជា​បទ « មក​ឯ​ព្រះយេស៊ូវ » ( ទំនុក​តម្កើង ល.រ. ៦៤ ) អាច​បើក​គំនិត​របស់​បងប្អូន​ឲ្យ​ទទួល​ចំណាប់​អារម្មណ៍​បន្ថែមទៀត​បាន ។

សូម​ពិចារណា​ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ បងប្អូន​អាច​ស្វែងរក​គំនិត​មួយ​ចំនួន​នៅក្នុង​សារលិខិត​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Belonging » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥៣–៥៦ ) ។

សូមមើល​ផងដែរ នីហ្វៃទី​៣ ១៨:៣០–៣២; ដាល្លិន អេក អូក « What Has Our Savior Done for Us? » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧; Gospel Topics « Belonging in the Church of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សូម​កុំខ្លាច​ភាពស្ងៀមស្ងាត់ ។ សំណួរ​ល្អ​ត្រូវការ​ពេលវេលា​ដើម្បី​ឆ្លើយ ។ វា​តម្រូវ​ឲ្យ​មានការ​ស្រាវជ្រាវ ការគិត និង​ការបំផុស​គំនិត ។ ពេលវេលា​ដែល​បងប្អូន​ចំណាយ​ពេល​រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​មួយ អាច​ជា​ពេល​ដ៏ពិសិដ្ឋ​មួយ​ដើម្បី​ធ្វើការ​ពិចារណា ។ សូម​ចៀសវាង​ពី​ការល្បួង​ឲ្យ​បញ្ចប់​ពេលវេលា​នេះ​ឆាប់ពេក តាមរយៈ​ការឆ្លើយ​នឹង​សំណួរ​នោះ​ដោយ​ខ្លួនឯង ឬ​បន្ដ​ទៅ​ធ្វើ​អ្វី​ផ្សេងទៀត ។

នីហ្វៃ​ទី​២ ២៨

សាតាំង​ព្យាយាម​ដើម្បី​បោក​បញ្ឆោត ។

ការកុហក និង​កលល្បិច​ជាច្រើន​របស់​សាតាំង​ត្រូវ​បាន​លាតត្រដាង​នៅក្នុង នីហ្វៃទី​២ ២៨ ។ សូម​រកមើល​វា​ទាំងនោះនៅក្នុង ខទី ៦, ៨, ២១–២៣, ២៩ ។ ហេតុអ្វី​បាន​ជា​បងប្អូន​ចាំបាច់​ត្រូវ​ដឹង​អំពី​ការ​កុហក​របស់​សាតាំង ? តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ នៅពេល​មារសត្រូវ​ព្យាយាម​បោកបញ្ឆោត​បងប្អូន ?

ខាងក្រោម​នេះ​គឺជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បដិសេធ​ការកុហក​របស់​សាតាំង ។ សូម​រកមើល​ថា​តើ​បងប្អូន​អាច​ផ្គូផ្គង​គោលលទ្ធិ​ពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ជាមួយនឹង​គោលលទ្ធិ​ខុសឆ្គង​ដែល​នីហ្វៃ​ព្រមាន​យើង​នៅក្នុង នីហ្វៃទី​២ ២៨ ដែរ​ឬ​ទេ ៖

សូមមើល​ផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៣–៩៦ ។

នីហ្វៃ​ទី​២ ២៨:២៧–៣១២៩

ព្រះ​បន្ដ​ផ្ដល់​វិវរណៈ​ដើម្បី​ដឹកនាំ​បុត្រាបុត្រី​របស់​ទ្រង់ ។

ក្នុងនាមជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​ព្រះបន្ទូល​របស់​ព្រះ​ដ៏​បរិបូរណ៍ ។ ហើយ​ដូចជា​នីហ្វៃ​បាន​ព្រមាន​មក​អ៊ីចឹង​ដែរ យើង​មិនត្រូវ​មាន​អារម្មណ៍​ថា « យើង​មាន​ល្មម​គ្រប់គ្រាន់​ហើយ ! » ទេ ។ នៅពេល​បងប្អូន​អាន​ការ​ព្រមាន​នៅ​ក្នុង នីហ្វៃទី​២ ២៨:២៧–៣១ និង នីហ្វៃទី​២ ២៩ សូម​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ព្រះ​ចង់​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ និង​ឆ្លើយតប​ទៅនឹង​ព្រះ​បន្ទូល​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • ហេតុអ្វី​ពេលខ្លះ​មនុស្ស « ខឹង » ពេល​ទទួល​សេចក្ដីពិត​បន្ថែម​ទៀត​មកពី​ព្រះ ? ( នីហ្វៃ​ទី​២ ២៨:២៨ ) ។ តើ​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​បែបនេះ​ដែរ​ឬទេ ? បើ​ធ្លាប់​មាន តើ​ខ្ញុំ​អាច​ផ្លាស់ប្តូរ​ដោយ​របៀបណា ?

  • តើ​ការ​ទទួល​យក​ព្រះបន្ទូល​របស់​ព្រះ​មាន​ន័យ​យ៉ាងណា ? តើ​ខ្ញុំ​អាច​បង្ហាញ​ទ្រង់​ថា ខ្ញុំ​ចង់​ទទួល​ព្រះបន្ទូល​ទ្រង់​កាន់​តែ​ច្រើន​ទៀត​ដោយ​របៀបណា ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃទី​២ ២៦:២៣–២៨, ៣៣

ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មក​រក​ទ្រង់ ។

  • ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​និយាយ​ជាមួយ​ពួកគេ​អំពី​ពេល​ដែល​ពួកគេ​បាន​អញ្ជើញ​មនុស្ស​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិសេស ដូចជា​ពិធី​ខួបកំណើត​ជាដើម ។ បន្ទាប់មក បងប្អូន​អាច​អាន នីហ្វៃទី​២ ២៦:២៣–២៨ រួមគ្នា ហើយ​ស្វែងរក​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​អញ្ជើញ​យើង​ឲ្យ​ធ្វើ ។ កូនៗ​របស់​បងប្អូន​ប្រហែលជា​ចង់​បង្កើត​ប័ណ្ណ​អញ្ជើញ​ដល់​នរណា​ម្នាក់​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើ​ឃ្លា​មួយ​មកពី​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ការអញ្ជើញ​របស់​ពួកគេ ។

  • រូប​គំនូរ​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ​បង្ហាញ​ពី​មនុស្ស​មក​ពី​មជ្ឈដ្ឋាន​ជាច្រើន ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​មើល​រូបភាព​នេះ​បាន នៅពេល​បងប្អូន​អាន នីហ្វៃទី​២ ២៦:៣៣ ។ បងប្អូន​អាច​អាន​ឃ្លា « ព្រះយេស៊ូវ​អញ្ជើញ​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ » ឡើងវិញ នៅពេល​កូនៗ​របស់​បងប្អូន​ចង្អុល​ទៅ​មនុស្ស​ម្នាក់ៗ​នៅក្នុង​រូបភាព ហើយ​បន្ទាប់មក​ចង្អុល​ខ្លួនគេ ។ តើ​យើង​មករក​ព្រះយេស៊ូវ​ដោយ​របៀបណា ?

  • បទចម្រៀង​អំពី​ការស្រឡាញ់​មនុស្ស​ទាំងអស់ ដូចជា​បទ « ខ្ញុំ​នឹង​ដើរ​ជា​មួយ​អ្នក » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៧៨ ) អាច​ជួយ​បងប្អូន​បង្រៀន​សារលិខិត​ពី នីហ្វៃទី​២ ២៦:៣៣ បាន ។

នីហ្វៃទី​២ ២៨:២; ២៩:៧–១១; ៣០:៣–៦

ព្រះគម្ពីរ​មរមន​គឺជា​ពរជ័យ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ថា ព្រះគម្ពីរ​មរមន​គឺមាន « ប្រយោជន៍​យ៉ាង​ធំ » ( នីហ្វៃទី​២ ២៨:២ ) បងប្អូន​រុំ​គម្ពីរ​នេះ​ជា​អំណោយ ហើយ​ឲ្យ​ពួកគេ​ទស្សន៍ទាយ​ពី​អ្វី​ដែល​នៅ​ក្នុង​នោះ ។ ពួកគេ​អាច​ស្វែងរក​តម្រុយ​នៅក្នុង នីហ្វៃទី​២ ៣០:៣–៦ ។ សូម​ប្រាប់​កូនៗ​របស់​បងប្អូន​ថា ហេតុអ្វី​បាន​ជា​ព្រះគម្ពីរ​មរមន​មាន​ប្រយោជន៍​យ៉ាង​ធំ​សម្រាប់​បងប្អូន ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ផងដែរ ។

  • សូម​ពិចារណា​សួរ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្រមៃ​ថា មាន​មិត្តភក្តិ​ម្នាក់​និយាយ « ខ្ញុំ​មិន​ចាំបាច់​អាន​ព្រះគម្ពីរ​មរមន​ទេ ។ ខ្ញុំ​មាន​ព្រះគម្ពីរ​ប៊ីប​រួច​ទៅ​ហើយ » ។ តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​មិត្ត​របស់​យើង ? សូម​អាន​ជាមួយ​គ្នា​នៅក្នុង នីហ្វៃទី​២ ២៩:៧–១១ ដើម្បី​រៀន​ពី​មូលហេតុ​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​ព្រះគម្ពីរ​ទាំងពីរ ។

នីហ្វៃ​ទី​២ ២៨:៣០–៣១

ព្រះវរបិតាសួគ៌​បង្រៀន​ខ្ញុំ​បន្តិច​ម្តងៗ ។

  • ប្រហែលជា​បងប្អូន​អាច​គិត​ពី​មេរៀន​ដែល​ប្រើ​វត្ថុ ដែល​នឹង​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការរៀន « មួយ​សិក្ខាបទ​ម្ដងៗ » ។ ឧទាហរណ៍ ពួកគេ​អាច​ផ្គុំ​រូបផ្គុំ ឬ​បង្កើត​អ្វីមួយ​ដោយ​ប្រើ​ដុំ​ឈើ​ម្តង​មួយ​ដុំៗ ។ ឬ​បងប្អូន​អាច​បង្រៀន​ពួកគេ​ពី​ជំនាញ​មួយ មួយ​ជំហាន​ម្តងៗ ដូចជា​ការ​ចង​ធ្នូ ឬ​គូររូបភាព​ជា​ដើម ។ បន្ទាប់មក​បងប្អូន​អាច​អាន នីហ្វៃទី​២ ២៨:៣០ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បង្រៀន​យើង​នូវ​សេចក្តីពិត​ម្តង​មួយៗ ។

  • គំនិត​ផ្សេងទៀត​អាច​ជា​ការជ្រើសរើស​ឃ្លា​ចេញពី នីហ្វៃទី​២ ២៨:៣០ ហើយ​ប្តូរ​វេន​គ្នា​សរសេរ​វា​ម្តង​មួយ​ពាក្យៗ ។ តើ​វា​ដូចជា​របៀប​ដែល​ព្រះ​ប្រទាន​សេចក្ដី​ពិត​ដល់​យើង​ដោយ​របៀប​ណា ? ហេតុអ្វី​ព្រះ​បើក​បង្ហាញ​សេចក្ដីពិត​មក​កាន់​យើង « មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ជំនួស​ឲ្យ​ទាំងអស់​ក្នុង​ពេល​តែ​មួយ​យ៉ាង​ដូច្នេះ ? តើ​យើង​អាច​បង្ហាញ​ព្រះ​ថា យើង​ចង់​ទទួល​សេចក្ដីពិត​ពី​ទ្រង់​បន្ថែមទៀត​ដោយ​របៀប​ណា ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ព្រះយស៊ូវ​គ្រីស្ទ​នៅ​កណ្តាល​ហ្វូង​មនុស្ស

Christ in the Midst [ ព្រះគ្រីស្ទ​នៅ​កណ្តាល​គេ ] ដោយ យូឌីត អេ មែរ