ចូរ​មក​តាម​ខ្ញុំ ឆ្នាំ ២០២៤
ថ្ងៃទី ២៦ ខែ កុម្ភៈ–ថ្ងៃទី ៣ ខែ មីនា ៖ « គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា … ម្ចាស់​នៃ​មេត្រីភាព » ។ នីហ្វៃ​ទី​២ ១១–១៩


« ថ្ងៃទី ២៦ ខែ កុម្ភៈ–ថ្ងៃទី ៣ ខែ មីនា ៖ ‹ គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា … ម្ចាស់​នៃ​មេត្រីភាព › ។ នីហ្វៃទី​២ ១១–១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ២៦ ខែ កុម្ភៈ–ថ្ងៃទី ៣ ខែ មីនា ។ នីហ្វៃ​ទី​២ ១១–១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
អេសាយ​កំពុង​សរសេរ​នៅលើ​ផ្ទាំង​រមូរ

ថ្ងៃទី ២៦ ខែ កុម្ភៈ–ថ្ងៃទី ៣ ខែ មីនា ៖ « គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា … ម្ចាស់​នៃ​មេត្រីភាព »

នីហ្វៃ​ទី​២ ១១–១៩

ការឆ្លាក់​នៅលើ​ផ្ទាំង​ដែក​មិន​ស្រួល​នោះ​ទេ ហើយ​ទំហំ​នៅ​លើ​ផ្ទាំង​តូចៗ​របស់​នីហ្វៃ​មាន​កំណត់ ។ ដូច្នេះ ហេតុអ្វី​បាន​ជា​នីហ្វៃ​ខំ​ប្រឹងប្រែង​ចម្លង​សំណេរ​ជាច្រើន​របស់​ព្យាការី​អេសាយ​ទៅក្នុង​កំណត់ត្រា​របស់​លោក ? លោក​បាន​ធ្វើ​វា ដោយសារ​តែ​លោក​ចង់​ឲ្យ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​សរសេរ​ថា « ព្រលឹង​ខ្ញុំ​ត្រេកអរ​ក្នុង​ការបញ្ជាក់​ដល់​ប្រជាជន​ខ្ញុំ​នូវ​ការពិត​អំពី​ការយាងមក​នៃ​ព្រះគ្រីស្ទ » ( នីហ្វៃ​ទី​២ ១១:៤ ) ។ នីហ្វៃ​បាន​មើល​ឃើញ​អ្វី​ដែល​អាច​នឹង​កើតឡើង​ចំពោះ​ប្រជាជន​រប​ស់​លោក​នៅ​ជំនាន់​ខាង​មុខ ។ លោក​បាន​មើល​ឃើញថា ទោះជា​មាន​ពរជ័យ​ដ៏​មហិមា​ក្តី ក៏​ពួកគេ​មាន​ភាពឆ្មើងឆ្មៃ ឈ្លោះ​ប្រកែកគ្នា និង​គិតតែ​រឿង​ខាង​លោកិយ​ដែរ ( សូមមើល នីហ្វៃ​ទី​១ ១២; ១៥:៤–៦ ) ។ លោក​ក៏​បាន​មើល​ឃើញ​នូវ​បញ្ហា​ស្រដៀង​គ្នា​នៅ​សម័យ​របស់​យើង​ផងដែរ ( សូមមើល នីហ្វៃ​ទី​១ ១៤ ) ។ សំណេរ​របស់​អេសាយ​បាន​ព្រមាន​ប្រឆាំង​ទៅនឹង​អំពើ​អាក្រក់​បែបនេះ ។ ប៉ុន្តែ​វា​ក៏បាន​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​អនាគត​ដ៏​រុងរឿង​មួយ​ផងដែរ—ជា​ទីបញ្ចប់​នៃ​អំពើ​ទុច្ចរិត ការប្រមូល​ផ្ដុំ​នៃ​អ្នកស្មោះត្រង់ និង « ពន្លឺ​យ៉ាង​ធំ » ចំពោះ​អស់​អ្នក​ដែល « ដើរ​ក្នុង​សេចក្តី​ងងឹត » ( នីហ្វៃ​ទី​២ ១៩:២ ) ។ អ្វីៗ​ទាំងអស់​នេះ​អាច​កើតឡើង​បាន ដោយសារ « បុត្រា​មួយ [ បាន ] កើត » និង​ជា​អង្គ​ដែល​បញ្ឈប់​រាល់​ជម្លោះ​ទាំងអស់—ជា « ម្ចាស់​នៃ​មេត្រីភាព » ( នីហ្វៃ​ទី​២ ១៩:៦ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

តើ​ខ្ញុំ​អាច​យល់​កាន់​តែ​ច្បាស់​អំពី​ការបង្រៀន​របស់​អេសាយ​តាម​របៀប​ណា ?

នីហ្វៃ​ទទួល​ស្គាល់​ថា « ពាក្យ​ពេចន៍​មួយ​ចំនួន​របស់​លោក​អេសាយ​មិន​ច្បាស់ » ( នីហ្វៃ​ទី​២ ២៥:៤ ) ។ ប៉ុន្តែ​លោក​ក៏​បាន​ផ្ដល់​គំនិត​ដើម្បី​ជួយ​យើង​ឲ្យ​រកឃើញ​អត្ថន័យ​នៅក្នុង​សំណេរ​របស់​អេសាយ​ផងដែរ ៖

  • « ប្រៀប​ពាក្យ​ទាំងឡាយ​របស់​លោក » ទៅ​នឹង​ខ្លួន​របស់​បងប្អូននីហ្វៃ​ទី​២ ១១:២ ) ។ ការបង្រៀន​របស់​អេសាយ​ជាច្រើន​អាច​មាន​អត្ថន័យ និង​ការអនុវត្ត​ជាច្រើន ។ ឧទាហរណ៍ នៅពេល​បងប្អូន​អាន​អំពី​ទីលំនៅ​នៅក្នុង នីហ្វៃទី​២ ១៤:៥–៦ សូម​ពិចារណា​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​អនុវត្ត​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​ខ្ញុំ​រៀន​ពី​អ្វី ? »

  • រកមើល​ទីសម្គាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល នីហ្វៃទី​២ ១១:៤ ) ។ ការបង្រៀន​ជាច្រើន​របស់​អេសាយ​អំពី​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​បង្ហាញ​តាមរយៈ​និមិត្តរូប ។ ឧទាហរណ៍ តើ​ព្រះអង្គ​សង្រ្គោះ​ត្រូវបាន​តំណាង​ឲ្យ​តាម​របៀប​ណា​នៅក្នុង នីហ្វៃទី​២ ១៩:២ ? តើ​ទីសម្គាល់​នេះ​បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​ទ្រង់ ?

  • ខិតខំ​ដើម្បី​បាន « ពោរពេញ​ទៅ​ដោយ​វិញ្ញាណ​នៃ​ការព្យាករ » ( នីហ្វៃ​ទី​២ ២៥:៤ ) ។ នៅពេល​បងប្អូន​សិក្សា សូម​អធិស្ឋាន​ទូល​សូម​ការណែនាំ​ខាង​វិញ្ញាណ ។ បងប្អូន​អាច​ពុំ​យល់​រឿង​គ្រប់​យ៉ាង​ក្នុង​ពេល​តែម្ដង​នោះទេ ប៉ុន្តែ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​រៀន​អំពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ដឹង ។

បងប្អូន​អាច​រកឃើញ​ថា វា​មាន​ប្រយោជន៍​ដើម្បី​យោង​ទៅ ជំនួយ​ការសិក្សា នៅក្នុង​ព្រះគម្ពីរ​ទាំងឡាយ ដោយ​បូករួម​ទាំង​លេខ​យោង ចំណងជើង​ជំពូក និង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ សៀវភៅ​សិក្សា​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​សញ្ញា​ចាស់​នៃ​ថ្នាក់​វិទ្យាស្ថាន​មាន​ព័ត៌មាន​បន្ថែម ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រៀន​អំពី​បរិបទ​ប្រវត្តិសាស្រ្ត​នៃ​ការបង្រៀន​របស់​អេសាយ ។

នីហ្វៃ​ទី​២ ១១–១៩

អេសាយ​បាន​ថ្លែងបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ដោយសារ​អេសាយ​បានប្រើ​ភាសា​និមិត្តរូប វា​អាច​ងាយ​មើល​រំលង​សាក្សី​ដ៏​មាន​អានុភាព​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​រកមើល​ព្រះអង្គ​សង្រ្គោះ​នៅក្នុង នីហ្វៃទី​២ ១៣:១៣; ១៤:៤–៦; ១៥:១–៧; ១៦:១–៧; ១៧:១៤; ១៨:១៤–១៥; ២២:២ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ទ្រង់ ?

ការព្យាករ​នៅក្នុង នីហ្វៃទី​២ ១៩:៦ មាន​សរសេរ​ព្រះបរមងារ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជាច្រើន ។ តើ​ទ្រង់​បាន​បំពេញ​តួនាទី​ទាំងនេះ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផងដែរ អូលីសេស សូរ៉េស « ព្រះ​យេស៊ូវ​គ្រីស្ទ ៖ អង្គ​មើល​ថែ​នៃ​ព្រលឹង​របស់​យើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨២–៨៤ ។

នីហ្វៃ​ទី​២ ១២–១៣; ១៥

ពួក​ឆ្មើងឆ្មៃ និង​ពួក​លោកិយ​នឹង​ត្រូវ​បន្ទាប​ចុះ ។

នីហ្វៃ​បាន​មើល​ឃើញ​ជា​មុន​ថា ភាព​ឆ្មើងឆ្មៃ​នឹង​បណ្ដាល​ឲ្យ​ប្រជាជន​របស់​លោក​ធ្លាក់ចុះ ( សូមមើល នីហ្វៃ​ទី​១ ១២:១៩ ) ។ ដូច្នេះ វា​ពុំ​គួរឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​នីហ្វៃ​នឹង​ចែកចាយ​ជាមួយ​នឹង​ប្រជាជន​របស់​លោក​នូវ​ការព្រមាន​ដដែលៗ​របស់​អេសាយ​ទាស់​នឹង​ភាពឆ្មើងឆ្មៃ​នោះ ។ នៅក្នុង ជំពូក​ទី ១២ និង ១៣ សូម​ស្វែងរក​ពាក្យ​ដែល​អេសាយ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ភាព​ឆ្មើងឆ្មៃ ដូចជា តណ្ហា និង ឫក​ខ្ពស់ ។ នៅក្នុង នីហ្វៃទី​២ ១៥:១–២៤ សូម​រកមើល​ភាសា​និមិត្តរូប​ដែល​ពិពណ៌នា​អំពី​លទ្ធផល​នៃ​ភាពឆ្មើងឆ្មៃ ។ បន្ទាប់មក បងប្អូន​អាច​ព្យាយាម​សង្ខេប​អ្វី​ដែល​បងប្អូន​បាន​អាន​ជា​ពាក្យសម្តី​របស់​បងប្អូន​ផ្ទាល់ ។ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​នឹង​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន ។

សូមមើល​ផងដែរ « Chapter 18: Beware of Pride » Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២២៩–៤០ ។

នីហ្វៃ​ទី​២ ១២:២–៣

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

អេសាយ​បាន​ហៅ​ព្រះវិហារ​បរិសុទ្ធ​ថា « ភ្នំ​ជា​ទីសាង​ព្រះវិហារ​នៃ​ព្រះអម្ចាស់ » ( នីហ្វៃទី​២ ១២:២ ) ។ ហេតុអ្វី​ភ្នំ​គឺជា​ទីសម្គាល់​ដ៏​ល្អ​មួយ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ?

តើ​បងប្អូន​នឹង​ពន្យល់​នរណា​ម្នាក់​ថា ហេតុអ្វី​បាន​ជា​យើង​ត្រូវ​ការ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ? បងប្អូន​អាច​ស្វែងរក​ចម្លើយ​ដែល​អាច​មាន​នៅក្នុង នីហ្វៃទី​២ ១២:២–៣ និង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ៩៣–៩៦ ) ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​រៀន និង​មាន​បទពិសោធន៍​អ្វីខ្លះ​នៅក្នុង​ដំណាក់​ដ៏បរិសុទ្ធ​របស់​ទ្រង់ ? តើ​បងប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ​នៅ​ទីនោះ ?

បងប្អូន​អាច​ស្វែងរក​សំណួរ​សម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​នៅលើ ទំព័រ ៣៦–៣៧ នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ។ សូម​ពិចារណា​អាន​សំណួរ​នីមួយៗ ហើយ​សួរ​ខ្លួនឯង​ថា តើ​សំណួរ​នេះ​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ ? តើ​វា​ជួយ​ខ្ញុំ « តាម​ផ្លូវ​ទ្រង់ » ដោយ​របៀប​ណា ?

សូម​មើល​ផងដែរ Gospel Topics « Temples » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « នៅលើ​កំពូល​ភ្នំខ្ពស់ » ទំនុក​តម្កើង ល.រ. ៥ ។

នីហ្វៃ​ទី​២ ១២–១៩

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ប្រោសលោះ​រាស្រ្ត​របស់​ទ្រង់ ។

ទោះ​ជា​លោក​បាន​សង្កេតឃើញ​អំពើ​ទុច្ចរិត​យ៉ាង​ណា​ក៏​ដោយ ក៏​អេសាយ​បាន​ឃើញ​សេចក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត​ដែរ ។ សូម​ពិចារណា​សិក្សា​វគ្គបទគម្ពីរ​នីមួយៗ​ខាងក្រោម ។ សូម​សរសេរ​សេចក្តីពិត​មួយ ឬ​ច្រើន​ដែល​វគ្គបទគម្ពីរ​នីមួយៗ​បង្រៀន​អំពី​សម័យ​របស់​យើង ៖ នីហ្វៃទី​២ ១២:១–៥; ១៤:២–៦; ១៥:២០–២៦; ១៩:២–៨ ។ ហេតុអ្វី​បានជា​បងប្អូន​មាន​អារម្មណ៍​ថា វា​សំខាន់​ដែល​យើង​ត្រូវ​យល់ពី​វគ្គបទគម្ពីរ​ទាំងនេះ ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រក​មើល​លំនាំ​នានា ។ នៅក្នុង​ព្រះគម្ពីរ យើង​អាច​ស្វែងរក​លំនាំ​នានា​ដែល​បង្ហាញ​យើង​អំពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ទាំងឡាយ ។ នៅក្នុង នីហ្វៃទី​២ ១១–១៩ បងប្អូន​អាច​នឹង​ស្វែងរក​គំរូ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ព្រមាន​ពី​អំពើបាប និង​អភ័យទោស​ដល់​មនុស្ស​ដែល​ប្រែចិត្ត ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​២ ១២:២–៣

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

  • អេសាយ​បាន​ពិពណ៌នា​ពី​ព្រះវិហារ​បរិសុទ្ធ​ថា​ជា « ភ្នំ​ជា​ទី​សាង​ព្រះវិហារ​នៃ​ព្រះ​អម្ចាស់ » ។ កូនៗ​របស់​បងប្អូន​ប្រហែលជា​រីករាយ​ក្នុងការ​សម្តែង​ជា​ឡើង​ភ្នំ នៅពេល​បងប្អូន​អាន នីហ្វៃទី​២ ១២:២–៣ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ឃ្លា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ពិពណ៌នា​អំពី​មូលហេតុ​ដែល​យើង​មាន​ព្រះវិហារ​បរិសុទ្ធ ។

  • ដើម្បី​បង្ហាញ​ពី​ឃ្លា « យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ » មកពី នីហ្វៃទី​២ ១២:៣ បងប្អូន​អាច​ធ្វើ​ផ្លូវ​នៅលើ​ឥដ្ឋ ដែល​នាំ​ទៅ​កាន់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ។ នៅ​ពេល​កូនៗ​របស់​បងប្អូន​ដើរ​លើ​ផ្លូវ នោះ​ពួកគេ​អាច​រាប់​ឈ្មោះ​កិច្ចការ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ដើរ​នៅលើ​ផ្លូវ​របស់​ព្រះអម្ចាស់ ។

  • ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​គូរ​រូប​របស់​ពួកគេ​កំពុង​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ក៏​អាច​ច្រៀង ឬ​ស្ដាប់​បទចម្រៀង​អំពី​ព្រះវិហារ​បរិសុទ្ធ ដូចជា​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) បាន​ផងដែរ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ឃ្លា​នៅ​ក្នុង​បទចម្រៀង​នេះ ដែល​បង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ និង​អ្វី​ដែល​យើង​ធ្វើ​នៅ​ទីនោះ ។

នីហ្វៃទី​២ ១១:៤–៧; ១៧:១៤; ១៩:៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

  • មាន​ព្រះនាម​ជាច្រើន​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃទី​២ ១១:៤–៧; ១៧:១៤; ១៩:៦ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ស្វែងរក​វា ហើយ​និយាយ​អំពី​អត្ថន័យ​របស់​វា ។ ឧទាហរណ៍ « ព្រះគ្រីស្ទ » មានន័យ​ថា « ចាក់​ប្រេងតាំង » និង « អេម៉ាញូអែល » មានន័យ​ថា « ព្រះ​អង្គ​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ខ្ញុំ » ។ តើ​ព្រះនាម​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • សូម​បង្ហាញ​ផ្នែកខ្លះៗ​នៃ​វីដេអូ « The Christ Child » ( បណ្ណាល័យ​ដំណឹងល្អ ) ដែល​បង្ហាញ​ពី​មនុស្ស​ខុសៗ​គ្នា ដែល​បាន​ឃើញ​ព្រះយេស៊ូវ​ជា​លើក​ដំបូង ។ សូម​ផ្អាក​វីដេអូ​នៅក្នុង​ទិដ្ឋភាព​ទាំងនេះ ហើយ​សួរ​កូនៗ​របស់​បងប្អូន​ថា តើ​មនុស្ស​ទាំងនេះ​អាច​មាន​អារម្មណ៍​យ៉ាងណា ។ តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិនបើ​យើង​នៅ​ទីនោះ ? តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​ឃើញ​ទ្រង់​ម្តងទៀត ?

នីហ្វៃ​ទី​២ ១៥:២០

សាតាំង​ព្យាយាម​បំភាន់​ខ្ញុំ​អំពី​អំពើ​ល្អ និង​អំពើ​អាក្រក់ ។

  • សូម​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​អ្វី​ដែល​ចត់ ឬ​ជូរៗ ដូចជា​ចំណិត​ក្រូច​ឆ្មា នៅ​ខាង​ក្នុង​កញ្ចប់​ស្ករគ្រាប់ ។ សូម​អាន​ជាមួយ​គ្នា​ក្នុង នីហ្វៃ​ទី​២ ១៥:២០ ។ តើ​សាតាំង​ព្យាយាម​ធ្វើ​ឲ្យ​អ្វី​ដែល​អាក្រក់​មើល​ទៅ​ថា​ល្អ​ដោយ​របៀប​ណា ? បងប្អូន​ក៏​អាច​បង្ហាញ ៩០ វិនាទី​ដំបូង​នៃ​វីដេអូ « You Will Be Freed » ( បណ្ណាល័យ​ដំណឹងល្អ ) ផងដែរ ។ ហេតុអ្វី​អ្នក​នេសាទ​ត្រី​ក្លែងបន្លំ​ផ្លែ​សន្ទូច​របស់​គាត់ ? ហេតុអ្វី​សាតាំង​ក្លែងបន្លំ​អំពើ​បាប ? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការបោក​បញ្ឆោត​របស់​សាតាំង​ដោយ​របៀប​ណា ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា ។ « ព្រះវិហារ​នៃ​ព្រះអម្ចាស់​នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំធំៗ … ហើយ​អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅក្នុង​ទីនោះ » ( នីហ្វៃ​ទី​២ ១២:២ ) ។