ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤ ខែ មីនា ៖ « នេះ​គឺជា​ផ្លូវ » ។ នីហ្វៃ​ទី​២ ៣១–៣៣


« ថ្ងៃទី ១៨–២៤ ខែ មីនា ៖ ‹ នេះ​គឺជា​ផ្លូវ › ។ នីហ្វៃទី​២ ៣១–៣៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១៨–២៤ ខែ មីនា ។ នីហ្វៃ​ទី​២ ៣១–៣៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួកសិស្ស​របស់​ទ្រង់

Christ Teaching His Disciples [ ព្រះគ្រីស្ទ​កំពុង​បង្រៀន​ពួកសិស្ស​របស់​ទ្រង់ ] ដោយ ចាស្ទីន ខាន់ស៍

ថ្ងៃទី ១៨–២៤ ខែ មីនា ៖ « នេះ​គឺជា​ផ្លូវ »

នីហ្វៃ​ទី​២ ៣១–៣៣

នៅក្នុង​ចំណោម​ពាក្យ​ដែល​បាន​កត់ត្រា​ចុង​ក្រោយ​របស់​នីហ្វៃ ពួក​យើង​រកឃើញ​ការ​ប្រកាស​នេះ ៖ « ទ្រង់​បាន​បញ្ជា​ខ្ញុំ​ថា​ដូច្នេះ ហើយ​ខ្ញុំ​ត្រូវតែ​គោរព​ធ្វើតាម » ( នីហ្វៃ​ទី​២ ៣៣:១៥ ) ។ នេះ​គឺជា​សេចក្តី​សង្ខេប​ដ៏​ល្អ​អំពី​ជីវិត​របស់​នីហ្វៃ ។ លោក​ព្យាយាម​យល់​ព្រះទ័យ​របស់​ព្រះអម្ចាស់ ហើយ​បាន​ព្យាយាម​គោរព​តាម​យ៉ាង​អង់អាច—មិនថា​លោក​ត្រូវ​ប្រថុយ​ជីវិត​ដើម្បី​ទៅយក​ផ្ទាំង​លង្ហិន​មកពី​ឡាបាន់ សង់​សំពៅ និង​ធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ ឬ​ត្រូវ​បង្រៀន​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដោយ​ភាពច្បាស់លាស់ និង​អានុភាព​យ៉ាង​ស្មោះត្រង់​នោះ​ទេ ។ នីហ្វៃ​អាច​និយាយ​បញ្ចុះបញ្ចូល​អំពី​តម្រូវការ​ដើម្បី « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ក្នុង​ការដើរ​តាម « ផ្លូវ​តូច ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃ​ទី​២ ៣១:២០, ១៨ ) ដោយសារ​នោះ​គឺជា​ផ្លូវ​តែមួយ​គត់​ដែល​លោក​ត្រូវ​ដើរ​តាម ។ លោក​ដឹង​តាម​បទពិសោធន៍​ថា ផ្លូវនេះ ទោះ​ជា​ទាមទារ​ពេលវេលា​ក្ដី ក៏​វា​ប្រកប​ដោយ​អំណរ​ដែរ ហើយ​ថា « គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅក្នុង​នគរ​នៃ​ព្រះ​ឡើយ » ( នីហ្វៃ​ទី​២ ៣១:២១ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​២ ៣១

ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់​គឺ​ជា​មាគ៌ា​តែ​មួយ​គត់​ទៅ​កាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។

បើ​សិនជា​បងប្អូន​ត្រូវ​សង្ខេប​អំពី​មាគ៌ា​ទៅកាន់​ជីវិត​អស់កល្ប​ជានិច្ច​ត្រឹមតែ​ជា​ពាក្យ​ពីរបី​ម៉ាត់ តើ​បងប្អូន​នឹង​និយាយ​អ្វីខ្លះ ? សូម​កត់សម្គាល់​ពី​របៀប​ដែល​នីហ្វៃ​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី​២ ៣១ ។ សូម​ពិចារណា​គូរ​រូប​ផ្លូវ​មួយ ហើយ​សរសេរ​គោលការណ៍ ឬ​ជំហាន​មួយ​ចំនួន​នៅលើ​ផ្លូវ​នោះ ដែល​បងប្អូន​រកឃើញ​ក្នុង​ជំពូក​ទាំងនេះ ។ បងប្អូន​អាច​បន្ថែម​សេចក្ដីសង្ខេប​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​អំពី​គោលការណ៍​នីមួយៗ​ទៅក្នុង​រូប​គំនូរ​របស់​បងប្អូន​បាន ។

កាល​បងប្អូន​អាន នីហ្វៃ​ទី​២ ៣១:១៨–២០ សូម​វាយ​តម្លៃ​ការខិតខំ​ផ្ទាល់ខ្លួន​របស់​បងប្អូន​ដើម្បី « ឈាន​ទៅ​មុខ » នៅលើ​ផ្លូវ​នៃ​ដំណឹងល្អ​នេះ ។

សូមមើល​ផងដែរ « ពួក​បរិសុទ្ធ​ឆ្ពោះ​ទៅ​មុខ » ទំនុក​តម្កើង ល.រ. ៣៣ ។

រូបភាព
គ្រួសារ​កំពុង​អធិស្ឋាន​ជាមួយគ្នា

ការធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដឹកនាំ​ជីវិត​យើង​ទៅកាន់​ជីវិត​អស់កល្ប​ជានិច្ច ។

នីហ្វៃ​ទី​២ ៣១:៤–១៣

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការគោរព​ប្រតិបត្តិ នៅពេល​ទ្រង់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ។

មិន​ថា​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន​បាន​ធ្វើឡើង​កាល​ពី​ម្សិលមិញ ឬ​កាល​ពី ៨០ ឆ្នាំ​មុន​នោះ​ទេ វា​គឺ​ជា​ពេលវេលា​ដ៏​សំខាន់​មួយ ។ បងប្អូន​បាន​ចុះ​សេចក្ដីសញ្ញា​ដ៏​អស់កល្ប​ជានិច្ច​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​គិត​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន នៅពេល​បងប្អូន​អាន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃ​ទី​២ ៣១:៤–១៣ ។ ការឆ្លើយ​សំណួរ​បែប​នេះ​អាច​ជួយ​បាន ៖

  • ហេតុអ្វី​បានជា​ព្រះគ្រីស្ទ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ? ហេតុអ្វី​ខ្ញុំ​បាន​ជ្រើសរើស​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ?

  • តើ​ខ្ញុំ​បាន​សន្យា​អ្វី​ខ្លះ ពេល​ខ្ញុំ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ? តើ​ព្រះអម្ចាស់​សន្យា​អ្វី​ត្រឡប់​មកវិញ ? ( សូមមើល ខទី ១២–១៣; សូមមើល​ផងដែរ ម៉ូសាយ ១៨:១០, ១៣ ) ។

  • តើ​ខ្ញុំ​អាច​បង្ហាញ​ថា ខ្ញុំ​នៅតែ​ប្តេជ្ញាចិត្ត​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

នីហ្វៃ​ទី​២ ៣១:១៥–២០

« អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​នឹង​ត្រូវ​បាន​សង្គ្រោះ » ។

កាល​បងប្អូន​អាន នីហ្វៃទី​២ ៣១:១៥–២០ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ស៊ូទ្រាំ​រហូត​ដល់​ទីបញ្ចប់​ដោយ​របៀប​ណា ? » តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​នីហ្វៃ ដែល​ជួយ​បងប្អូន​ឲ្យ​ឆ្លើយ​សំណួរ​ទាំងនេះ ?

អែលឌើរ ឌែល ជី រិនឡាន់ បាន​បង្រៀន​ថា « ការស៊ូទ្រាំ​ដល់​ចុង​បំផុត​មិនមែន​ជា​ជំហាន​ដាច់​ដោយ​ឡែក​មួយ​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នោះទេ មិនមែន​ថា​យើង​បញ្ចប់​ជំហាន​ទាំង​បួន​ដំបូង​ហើយ បន្ទាប់​មក​ចំកោង​ខ្លួន​ចុះ សង្កៀត​ធ្មេញ ហើយ​ដេក​ចាំ​ថ្ងៃ​ស្លាប់​នោះទេ ។ មិនមែន​ទេ ការស៊ូទ្រាំ​ដល់​ចុង​បំផុត​គឺជា​ការដើរ​តាម​ជំហាន​ក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដដែលៗ​ឡើងវិញ​យ៉ាង​សកម្ម និង​ដោយ​មាន​ចេតនា » ( « Lifelong Conversion » [ Brigham Young University devotional ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២១ ] ទំព័រ ២ នៅលើ​គេហទំព័រ speeches.byu.edu ) ។ តើ​បងប្អូន​អាច​ធ្វើ​តាម​ជំហាន​ទាំងនេះ​ឡើងវិញ​នៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ( សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ) ដោយ​របៀប​ណា ?

នីហ្វៃទី​២ ៣២; ៣៣:២

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះ​នឹង​បង្ហាញ​ខ្ញុំ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​មិន​ច្បាស់លាស់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ប្រជាជន​នីហ្វៃ​មាន​កង្វល់​ស្រដៀង​គ្នា​នេះ​ដែរ ( សូមមើល នីហ្វៃទី​២ ៣២:១ ) ។ សូម​រកមើល​ចម្លើយ​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី​២ ៣២:២–៩ ។ តើ​បងប្អូន​នឹង​ថ្លែង​ជា​ពាក្យពេចន៍​របស់​បងប្អូន​ផ្ទាល់​អំពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​ដោយ​របៀប​ណា ? តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​បងប្អូន​ថា ពាក្យ​សម្តី​របស់​នីហ្វៃ​គឺ​ពិត ?

សូម​ពិចារណា​ធ្វើ​បញ្ជី​មួយ​ពី​ការសម្រេច​ចិត្ត ឬ​ស្ថានភាព ( ឥឡូវ​នេះ និង​ពេល​អនាគត ) ដែល​បងប្អូន​ត្រូវការ​ការណែនាំ​ពី​ព្រះ ។ តើ​បងប្អូន​អាច​រៀន​អ្វី​មកពី នីហ្វៃទី​២ ៣២ ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​ជោគជ័យ​ក្នុងការ​ទទួល​បាន​ការបំផុស​គំនិត​ពី​ទ្រង់ ? តើ​អ្វី​ដែល​អាច​ដឹកនាំ​មនុស្ស​ឲ្យ​មាន « ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ? ( នីហ្វៃ​ទី​២ ៣៣:២ ) ។

នៅពេល​បងប្អូន​សញ្ជឹងគិត​ពី​ដំបូន្មាន​របស់​នីហ្វៃ សូម​គិត​អំពី​របៀប​ដែល​បងប្អូន​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​បងប្អូន​នឹង​ពិពណ៌នា​បទពិសោធន៍​នេះ​ថា​ជា​ការទទួលទាន​អាហារ​សម្រន់ ការទទួល​ទាន​អាហារ ឬ​ការទទួលទាន​នៅ​ពិធី​ជប់លៀង​ធំៗ ? តើ​ក្នុង​ទស្សនៈ​របស់​បងប្អូន​វា​ខុសគ្នា​អ្វីខ្លះ ? សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ធ្វើ​ឲ្យ​បទពិសោធន៍​របស់​បងប្អូន​ជាមួយ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ដូចជា​ពិធី​ជប់លៀង​ធំៗ ។ ប្រហែលជា​បងប្អូន​អាច​ទទួល​បាន​គំនិត​ពី​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ ។

ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ។ មាន​វិធី​ជា​ច្រើន​ដើម្បី​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ រួមទាំង​ការអធិស្ឋាន​ទូល​សូម​ការបំផុស​គំនិត ការសួរ​សំណួរ​ពីមុន និង​អំឡុងពេល​សិក្សា ការស្វែងយល់​អត្ថន័យ​នៃ​ពាក្យ ការសញ្ជឹងគិត ការធ្វើ​សេចក្ដី​យោង​ឆ្លង​បទគម្ពីរ ការកត់​ចំណាំ ការស្វែងរក​សេចក្តី​ពិត​នៃ​ដំណឹងល្អ និង​ការអនុវត្ត​តាម​បទគម្ពីរ​ក្នុង​ជីវិត​របស់​បងប្អូន ( សូមមើល នីហ្វៃទី​១ ១៩:២៣ ) ។

តើ​បងប្អូន​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​ជីវិត​របស់​បងប្អូន ជាជាង​ជា​ភ្ញៀវ​ដែល​យាង​អញ្ជើញ​មក​ម្តងម្កាល​ដោយ​របៀប​ណា ? សូម​អាន​ការណែនាំ​បី​យ៉ាង​របស់ ដេវីឌ អេ បែដណា ដើម្បី​ធ្វើ​ឲ្យ​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា « ការពិត​ដែល​បន្ត​ទៅ​មុខ » នៅក្នុង « Receive the Holy Ghost » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៤–៩៧ ) ។ តើ​បងប្អូន​នឹង​អនុវត្ត​តាម​ដំបូន្មាន​របស់​លោក​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ Gospel Topics « Revelation » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « Daily Bread: Pattern » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

នីហ្វៃ​ទី​២ ៣៣

ព្រះគម្ពីរ​មរមន​បញ្ចុះបញ្ចូល​យើង​ទាំងអស់​គ្នា​ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ។

នៅក្នុង នីហ្វៃ​ទី​២ ៣៣ នៅពេល​នីហ្វៃ​បញ្ចប់​សំណេរ​របស់​លោក នោះ​លោក​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​លោក​សរសេរ​ដូច្នេះ​តាំងពី​ដំបូង​មក ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បងប្អូន​រក​ឃើញ​នៅក្នុង​ជំពូក​នេះ ? សូម​សញ្ជឹងគិត​ពី​ដំណើររឿង និង​ការបង្រៀន​ទាំងឡាយ​ដែល​បងប្អូន​បាន​អាន​កន្លង​មក​នៅក្នុង នីហ្វៃទី ១ និង នីហ្វៃទី ២ ។ តើ​មួយ​ណា​ដែល​មាន​ឥទ្ធិពល​លើ​បងប្អូន និង​សេចក្ដី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះគ្រីស្ទ​ច្រើន​ជាង​គេ ?

សូមមើល​ផងដែរ « Nephi Records His Final Testimony » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​២ ៣១:៤–១៣

នៅពេល​ខ្ញុំ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ខ្ញុំ​កំពុង​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • មាន​រូប​របស់​ព្រះយេស៊ូវ​កំពុង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ចុង​បញ្ចប់​នៃ​មេររៀន​នេះ ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​ប្រើ​វា​ដើម្បី​ប្រាប់​បងប្អូន​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​នេះ ( សូមមើល​ផងដែរ ម៉ាថាយ ៣:១៣–១៧ ) ។ ហេតុអ្វី​បាន​ជា​ព្រះ​យេស៊ូវ​ចង់​ឲ្យ​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដូច​ទ្រង់ ? កូនៗ​របស់​បងប្អូន​អាច​ស្តាប់​រក​មូលហេតុ នៅពេល​បងប្អូន​អាន​ផ្នែក​ខ្លះ​នៃ នីហ្វៃទី​២ ៣១:៤–១៣ ។ វា​អាច​មាន​ប្រយោជន៍ បើ​នរណា​ម្នាក់​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​នា​ពេល​ថ្មីៗ​នេះ អាច​ចែកចាយ​បទពិសោធន៍​របស់​គាត់ ឬ​នាង​បាន ។

នីហ្វៃទី​២ ៣១

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ខ្ញុំ​អំពី​របៀប​ត្រឡប់​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌​វិញ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​ពី​ការបង្រៀន​នេះ​នៅក្នុង នីហ្វៃទី​២ ៣១ ពួកគេ​អាច​គូររូប​ផ្លូវ​មួយ​ដែល​មាន​រូប​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ឯ​ចុង​ផ្លូវ ។ បងប្អូន​អាច​ជួយ​ពួកគេ​រក ឬ​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​ជំហាន​ទាំងឡាយ​នៅលើ​ផ្លូវ​នោះ ដូចជា​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ ពួកគេ​អាច​ចង្អុល​ទៅ​រូបភាព​នៅពេល​បងប្អូន​អាន នីហ្វៃទី​២ ៣១:១៧–២០ ជាមួយ​គ្នា ។

នីហ្វៃ​ទី​២ ៣២:៣–៥

ខ្ញុំ​អាច​ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ។

  • ដើម្បី​បង្រៀន​អំពី « ការទទួល​ទាន » ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ បងប្អូន​អាច​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ធ្វើ​ពី​របៀប​ដែល​ពួកគេ​នឹង​ទទួលទាន​អាហារ​ដែល​ពួកគេ​ចូលចិត្ត ។ នៅក្នុង នីហ្វៃទី​២ ៣២:៣ តើ​នីហ្វៃ​និយាយ​ថា​យើង​គួរ​ទទួលទាន​អ្វី ? តើ​ការ​ទទួលទាន​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ខុសពី​ការគ្រាន់តែ អាន ព្រះបន្ទូល​ដោយ​របៀប​ណា ? ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​អនុវត្ត​តាម​ភាព​ខុសគ្នា​ទាំងនេះ​បាន ។ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ពរជ័យ​ដែល​បងប្អូន​បាន​ទទួល នៅពេល​បងប្អូន​បាន​ទទួល​ទាន​បទគម្ពីរ ។

នីហ្វៃ​ទី​២ ៣២:៨–៩

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជា​និច្ច ។

  • បន្ទាប់ពី​អំណាន នីហ្វៃទី​២ ៣២:៨–៩ សូម​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​មូលហេតុ​ដែល​សាតាំង​មិន​ចង់​ឲ្យ​យើង​អធិស្ឋាន ។ ហេតុអ្វី​បាន​ជា​ព្រះ​ចង់​ឲ្យ​យើង « អធិស្ឋាន​ជានិច្ច » ? កូនៗ​របស់​បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ ឬ​គូរ​រូប​ពី​ស្ថានភាព​ដែល​ពួកគេ​អាច​អធិស្ឋាន ។ បន្ទាប់មក បងប្អូន​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​បង្រៀន​អំពី​ការអធិស្ឋាន ដូចជា​បទ « តើ​បាន​អធិស្ឋាន​ទេ ? » ( ទំនុកតម្កើង ល.រ. ៧៩ ) ។ បងប្អូន​អាច​ជំនួស​ពាក្យពេចន៍​មួយ​ចំនួន​នៅក្នុង​បទចម្រៀង​នោះ​ជាមួយ​ពាក្យពេចន៍​មកពី​បញ្ជី​របស់​ពួកគេ ។ តើ​ព្រះ​ប្រទានពរ​ដល់​យើង នៅពេល​យើង​អធិស្ឋាន​ជានិច្ច​ដោយ​របៀប​ណា ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
យ៉ូហាន‑បាទីស្ទ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះយេស៊ូវ

To Fulfill All Righteousness [ ដើម្បី​បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង ] ដោយ លីស្ស លីម៉ូន ស្វីនឌល