ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ១ ១០ ; ១១:១–៦ ៖ « នោះ​ខ្ញុំ​អាច​ឃើញ និង​ឮ និង​ដឹង »


« នីហ្វៃទី ១ ១០ ; ១១:១–៦ ៖ ‹ នោះ​ខ្ញុំ​អាច​ឃើញ និង​ឮ និង​ដឹង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ១ ១០ ; ១១:១–៦ ៖ ‹ នោះ​ខ្ញុំ​អាច​ឃើញ និង​ឮ និង​ដឹង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ១ ១០; ១១:១–៦

« នោះ​ខ្ញុំ​អាច​ឃើញ និង​ឮ និង​ដឹង »

រូបភាព
នីហ្វៃ​កំពុង​អធិស្ឋាន

តើ​ពេល​ណា​ដែល​អ្នក​ត្រូវ​បាន​ជំរុញ​ចិត្ត​ដើម្បី​រក​មើល​ថា តើ​អ្វី​ដែល​អ្នក​បាន​ឮ​នោះ​ជា​ការពិត ? តើ​អ្នក​បាន​ប្រឹងប្រែង​ធ្វើ​អ្វី​ខ្លះ ហើយ​អ្នក​ពឹង​លើ​នរណា​សម្រាប់​ជំនួយ ? បន្ទាប់ពី​បាន​ស្តាប់​ឮ​ឪពុក​លោក​គឺ​លីហៃ បង្រៀន​អំពី​ដើម​ជីវិត និង​ការព្យាករណ៍​នៃ​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​នីហ្វៃ​មាន​បំណង​ចង់​រៀន​ពី​សេចក្ដីពិត​នៃ​ពាក្យ​របស់​ឪពុក​លោក​សម្រាប់​ខ្លួន​លោក​ផ្ទាល់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ស្វែងរក​ចំណេះ​ដឹង​ពី​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ។

ការសួរ​សំណួរ​ដែល​នាំ​ឲ្យ​មាន​ការស្វែងយល់ ។ការសួរ​សំណួរ​ដែល​ទាក់ទង និង​បើក​ចំហ បន្ទាប់​មក​អនុញ្ញាត​ឲ្យ​សិស្ស​ស្រាវជ្រាវ​បទគម្ពីរ​រក​ចម្លើយ អាច​ផ្តល់​ឱកាស​ដ៏​​មាន​អត្ថន័យ និង​អានុភាព​សម្រាប់​សិស្ស ដើម្បី​ស្វែងរក​គោលលទ្ធិ និង​គោលការណ៍​សម្រាប់​ខ្លួន​ពួកគេ ។ ប្រភេទ​នៃ​សំណួរ​ទាំង​នេះ​បង្ហាញ​សិស្ស​ថា ចម្លើយ​អាច​រកបាន​នៅក្នុង​ព្រះគម្ពីរ ហើយ​ថា​ពួកគេ​មាន​សមត្ថភាព​ស្វែងរក​ចម្លើយ​ទាំង​នោះ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​ឪពុក​ម្ដាយ ឬ​អ្នក​ដឹក​នាំ​យុវវ័យ​ពី​អ្វី​ដែល​ពួកគេ​ធ្វើ ដើម្បី​ស្វែងរក​សេចក្ដីពិត​ពី​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម ឬ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បើក​សម្ដែង​សេចក្ដីពិត​ដល់​ពួកគេ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មក​ដោយ​រៀបចំ​ដើម្បី​ចែកចាយ​គំនិត​មួយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

នៅពេល​ព្យាការី​និយាយ

រូបភាព
ការសម្ពោធ BYU Pathway Worldwide

ជំនួស​ឲ្យ​ការប្រើ​ស្ថានភាព​ខាង​ក្រោម អ្នក​អាច​ចាប់ផ្តើម​មេរៀន​ដោយ​ការចែកចាយ​សេចក្តីថ្លែងការណ៍​មួយ​ចំនួន​ដែល​ថ្លែង​ឡើង​ដោយ​ព្យាការី និង​ពួកសាវក​បច្ចុប្បន្ន ដែល​ប្រកាស​ពី​គោលលទ្ធិ ឬ​អញ្ជើញ​បុគ្គល​ម្នាក់ៗ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ។ សូម​បង្ហាញ ឬ​អាន​សេចក្តីថ្លែង​ការណ៍​នោះ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កំណត់​រៀងៗ​ខ្លួន​ថា តើ​សេចក្តីថ្លែងការណ៍​ណា​មួយ​ក្នុង​ចំណោម​សេចក្តីថ្លែងការណ៍​ទាំង​បី​ដែល​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​របស់​ពួកគេ ៖ (១) ខ្ញុំ​ជឿ​វា ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​សកម្មភាព​លើ​វា (២) ខ្ញុំ​ជឿ​វា ប៉ុន្តែ​គ្មាន​បំណង​ធ្វើ​សកម្មភាព​លើ​វា​ទេ និង (៣) ខ្ញុំ​មិន​ប្រាកដ​ថា​ខ្ញុំ​ជឿ​លើ​វា​នោះ​ទេ ។ សូម​ប្រាកដ​ថា​សិស្ស​យល់​ថា គ្មាន​ចម្លើយ​ត្រូវ ឬ​ខុស​នោះ​ទេ ហើយ​ពួកគេ​មិន​ចាំបាច់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​វាយតម្លៃ​ខ្លួន​ឯង​ឡើយ ។

សូម​ស្រមៃ​គិត​ថា ក្នុង​អំឡុង​ពេល​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ព្យាការី​បាន​ផ្តល់​ការអញ្ជើញ​មួយ​ចំនួន​ដល់​យុវវ័យ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  • តើ​មាន​ប្រតិកម្ម​ផ្សេងៗ​អ្វី​ខ្លះ​ដែល​យុវវ័យ​អាច​មាន ?

  • ហេតុអ្វី​អ្នក​គិត​ថា ការឆ្លើយ​តប​ផ្សេងៗ​ទាំង​នេះ​នឹង​កើត​ឡើង ?

  • តើ​ប្រតិកម្ម​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​ក្នុង​ពេល​នេះ ឬ​នៅពេល​អនាគត​យ៉ាង​ដូចម្តេច ?

សូម​គិត​អំពី​របៀប​ដែល​អ្នក​មាន​ប្រតិកម្ម​ចំពោះ​ការបង្រៀន​របស់​ព្យាការី និង​មូលហេតុ​នៃ​ប្រតិកម្ម​នោះ ។ តើ​ប្រតិកម្ម​របស់​អ្នក​ជះ​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អ្នក ? នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ព្យាយាម​រៀន​ពី​ប្រតិកម្ម​ផ្សេងៗ​ចំពោះ​ការបង្រៀន​របស់​ព្យាការី​នៅក្នុង​ព្រះគម្ពីរ ហើយ​សញ្ជឹង​គិត​ពី​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​អ្នក ។

បំណង​ប្រាថ្នា​ចង់​ដឹង

បន្ទាប់​ពី​ព្យាការី​លីហៃ​បាន​រៀបរាប់​អំពី​ការនិមិត្ត​របស់​លោក​អំពី​ដើម​ជីវិត​ដល់​គ្រួសារ​របស់​លោក ( សូមមើល នីហ្វៃទី ១ ៨ ) លោក​បាន​ថ្លែងទី​បន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​សម្រេច​បាន​ដង្វាយធួន​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ១ ១០:១–១៦ ) ។ កូនប្រុស​របស់​លីហៃ​មាន​ប្រតិកម្ម​ខុសៗ​គ្នា​ចំពោះ​ការបង្រៀន​ដ៏​បំផុស​គំនិត​របស់​លោក ។

ដើម្បី​ជួយ​សម្រួល​ដល់​ការបង្កើន​ការចូលរួម និង​ការពិភាក្សា​របស់​សិស្ស សូម​ពិចារណា​ចែក​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​សិក្សា​ខគម្ពីរ​ទាំង​នេះ​ជាមួយ​គ្នា ។ ជាមួយ​សិស្ស​ជាក្រុមៗ សូម​ដឹង​ពី​របៀប​ដែល​ពួកគេ​កំពុង​ធ្វើការ​ជាមួយ​គ្នា ហើយ​ប្រើ​ឥទ្ធិពល​របស់​អ្នក​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។

សូម​អាន នីហ្វៃទី ១ ១០:១៧–១៩ និង ១៥:១–៣, ៨–៩ ដោយ​ប្រៀបធៀប​ពី​របៀប​ដែល​នីហ្វៃ លេមិន និង​លេមយួល បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​សម្តី​របស់​ឪពុក​ពួកលោក ។ អ្នក​ប្រហែល​ជា​ចង់​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​អ្នក​ចាប់​អារម្មណ៍ ។

សូម​ពិចារណា​បង្ហាញ​សំណួរ​ខាង​ក្រោម​ដល់​សមាជិក​ក្នុង​ថ្នាក់​ដើម្បី​ពិភាក្សា​គ្នា ។ អ្នក​ប្រហែល​ជា​ចង់​ឆ្លាស់​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ទៀត ហើយ​ស្តាប់​ពី​របៀប​ដែល​សិស្ស​ឆ្លើយ​តប ។

  • តើ​អ្នក​បាន​ឃើញ​ភាព​ខុស​គ្នា​អ្វី​ខ្លះ​អំពី​របៀប​ដែល​នីហ្វៃ និង​បងប្អូន​របស់​លោក​បាន​ឆ្លើយ​តប​នឹង​សារ​ដដែល​នោះ ?

  • តើ​នីហ្វៃ​បាន​ជឿ​អ្វី​ខ្លះ​អំពី​ព្រះ ? តើ​លេមិន និង លេមយួល​បាន​ជឿ​អ្វី​ខ្លះ ? ( សូម​មើល នីហ្វៃទី ១ ១០:១៧–១៨; ១៥:៩ ) ។

  • តើ​អ្នក​គិត​ថា​ជំនឿ និង​ប្រតិកម្ម​ខុសៗ​គ្នា​របស់​ពួកគេ​នឹង​ជះ​ឥទ្ធិពល​លើ​ពួកគេ​ដូចម្តេច​ខ្លះ ?

សេចក្តីពិត​មួយ​ដែល​នីហ្វៃ​បាន​យល់​គឺ​ថា ព្រះ​បើក​សម្ដែង​សេចក្ដីពិត​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​យើង​ស្វែងរក​ទ្រង់​ដោយ​ឧស្សាហ៍ ។

សូម​ពិចារណា​សរសេរ​សេចក្តី​ថ្លែង​ការណ៍​ដែល​ដិត​នៅ​លើ​ក្ដារខៀន ។

  • តើ​នីហ្វៃបានដក​ពិសោធ​រឿង​អ្វី​ខ្លះ​ហើយ ដែល​បាន​ជួយ​លោក​ឲ្យ​មាន​ចំណេះ​ដឹង​អំពី​ព្រះ ?

ប្រសិនបើ​សិស្ស​ពិបាក​ឆ្លើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក នីហ្វៃទី ១ ២:១៦ និង នីហ្វៃទី ១ ៤:៦–១៣ ឬ​សង្ខេប​ព្រឹត្តិការណ៍​ទាំង​នេះ ។

ការគិត​អំពី​បទពិសោធន៍​របស់​នីហ្វៃ អាច​នឹង​ធ្វើ​ឲ្យ​នឹក​ឃើញ​ពី​បទពិសោធន៍​អតីតកាល​ដែល​អ្នក​មាន នៅពេល​ព្រះវរបិតាសួគ៌​បាន​បើក​សម្ដែង​សេចក្ដីពិត​ដល់​អ្នក ។ អ្នក​អាច​ចង់​កត់ចំណាំ​ពី​របៀប​ដែល​ទ្រង់​បាន​ប្រទានពរ​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

ការណ៍​នេះ​អាច​ជា​ឱកាស​មួយ​ក្នុង​ចំណោម​ឱកាស​ជាច្រើន​ក្នុង​អំឡុង​ពេលរៀន ដែល​សិស្ស​អាច​ចង់​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន ។

ការស្វែងរក​សេចក្តីពិត​ពី​ព្រះ

នីហ្វៃ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​ប្រទាន​ពរ​យើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ស្វែងរក​សេចក្តីពិត​ពី​ទ្រង់ ។ ដើម្បី​មើល​ឲ្យ​កាន់តែ​ច្បាស់​អំពី​សេចក្តីពិត​នេះ សូម​គូស​ជួរ​ឈរ​ពីរ​នៅលើ​ក្រដាស​មួយ​ទំព័រ​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។ ដាក់​ស្លាក​ឈ្មោះ​លើ​ជួរ​ឈរ​មួយ​ថា « វិធី​ស្វែងរក​សេចក្ដីពិត​ពី​ព្រះ​ដោយ​ឧស្សាហ៍ » និង​មួយ​ទៀត​ថា « វិធី​ដែល​ព្រះ​បើក​សម្ដែង​សេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ សូម​បន្ថែម​គំនិត​មួយ​ចំនួន​ដែល​អ្នក​អាច​គិត​ឃើញ នៅក្នុង​ជួរ​ឈរ​នីមួយៗ ។ អ្នក​ប្រហែល​ជា​ចង់​បញ្ចូល​ការយល់​ដឹង​ដែល​អ្នក​បាន​រៀន​ពី នីហ្វៃទី ១ ១០:១៧–១៩ ។

ជម្រើស​ផ្សេង​មួយ​ទៀត​អាច​ជា​ក្រុម​តូចៗ​ប្រើ​ក្រដាស​មួយ​សន្លឹក ដោយ​ហុច​ក្រដាស​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ជា​ច្រើន​ដង ។ សិស្ស​ម្នាក់ៗ​នឹង​បន្ថែម​គំនិត​មួយ​នៅក្នុង​ជួរ​ឈរ​ណា​មួយ​ក៏​បាន​នៅពេល​ពួកគេ​ទទួល​បាន​ក្រដាស​នោះ ។ សកម្មភាព​នេះ​ក៏​អាច​ធ្វើ​ឡើង​ដោយ​ថ្នាក់​ទាំង​មូល​នៅលើ​ក្តារ​ខៀន​ផងដែរ ។ ប្រសិនបើ​មាន​ពេល សូម​ពិចារណា​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បញ្ចូល​សេចក្ដីយោង​បទគម្ពីរ​ដែល​គាំ​ទ្រ​ដល់​យោបល់​របស់​ពួកគេ ។

សូម​អាន នីហ្វៃទី ១ ១១:១–៦ ដោយ​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ​ដើម្បី​ស្វែងរក​សេចក្តី​ពិត និង​របៀប​ដែល​ព្រះវិញ្ញាណ​បាន​ជួយ​លោក ។ សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ជាក់លាក់​ដែល​អ្នក​ចាប់​អារម្មណ៍ ។ អ្នក​ប្រហែល​ជា​ចង់​បន្ថែម​លើ​ជួរ​ឈរ​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​យល់​ឃើញ​ថា​មាន​អត្ថន័យ ។ បន្ទាប់ពី​សិស្ស​ចែកចាយ​ហើយ អ្នក​អាច​សួរ​សំណួរ​តាមដាន​ដូចជា « ហេតុអ្វី​អ្នក​គិត​ថា​ព្រះវិញ្ញាណ​សប្បាយ​ព្រះ​ទ័យ ? » ( សូមមើល ខទី ៦ ) ឬ « តើ​អ្នក​គិត​ថា​ការសញ្ជឹង​គិត​អាច​នាំ​ទៅ​រក​វិវរណៈ​ដោយ​របៀប​ណា ? »

ដើម្បី​មើល​ពី​របៀប​ដែល​សាវក​សម័យ​ទំនើប​បាន​ស្វែងរក​ចម្លើយ​ពី​ព្រះអម្ចាស់​កាល​នៅ​ក្មេង សូមមើល​វីដេអូ « How I #Hear Him: Elder Ronald A. Rasband » ( ២:៥៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ សូម​គិត​អំពី​របៀប​ដែល អែលឌើរ រ៉ាសបាន បាន​ធ្វើ​តាម​គំរូ​ស្រដៀង​គ្នា​នៃ​ការស្វែងរក​សេចក្ដីពិត ហើយ​ត្រូវ​បាន​ព្រះអម្ចាស់​ប្រទាន​ពរ ។ សូម​បន្ថែម​គំនិត​ថ្មី​ណា​មួយ​ទៅ​ក្នុង​ជួរ​ឈរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​រកមើល​អ្វី​ដែល​អ្នក​បាន​កត់ត្រា​អំពី​របៀប​ដែល​ព្រះ​បើក​សម្តែង​សេចក្តីពិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ស្វែងរក​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បាន​ឃើញ​ចំណុច​មួយ​ចំនួន​ទាំង​នេះ​ពិត​នៅក្នុង​ជីវិត​ផ្ទាល់​របស់​អ្នក ។ តើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ត្រូវ​បាន​ពង្រឹង​តាម​របៀប​ណា​ខ្លះ នៅពេល​អ្នក​បាន​ស្វែងរក​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត ?

ប្រសិនបើ​បទពិសោធន៍​ទាំង​នេះ​មិនមែន​ជា​រឿង​ផ្ទាល់​ខ្លួន​ពេក សូម​អញ្ជើញ​សិស្ស​មួយ​ចំនួយ​ឲ្យ​ចែកចាយ ។ សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ផងដែរ ។ សូម​ព្យាយាម​គូស​បញ្ជាក់​អំពី​របៀប​ដែល​គោលការណ៍​នៃ​មេរៀន​នេះ​ពិត និង​ទាក់ទង​នៅក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​នេះ ។

វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​សំខាន់

ដោយសារ​នីហ្វៃ​មាន​បំណង​ចង់​រៀន​ដោយ​ខ្លួន​លោក ហើយ​ងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួលបានចម្លើយ នោះ​លោក​បាន​ឃើញ​អ្វី​ដែល​​លីហៃ​ជាឪពុកលោកបាន​ឃើញ ហើយ​ត្រូវបាន​បង្ហាញ​នូវ​ព្រឹត្តិការណ៍​ជា​ច្រើន​នា​ពេល​អនាគត​ដែល​នឹង​កើត​ឡើង​នៅលើ​ផែនដី ។ ( ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការនិមិត្ត​របស់​នីហ្វៃ សូមមើល នីហ្វៃទី ១ ១១–១៤ ) ។ ការនិមិត្ត​របស់​នីហ្វៃ​អំពី​ផ្លូវ​តូច ហើយ​ចង្អៀត គឺ​ជា​ការផ្លាស់ប្តូរ​ជីវិត​សម្រាប់​លោក ។ ក្រោយ​មក លោក​បាន​កត់ត្រា​ការលើក​ទឹក​ចិត្ត​របស់​លោក​សម្រាប់​មនុស្ស​ទាំងអស់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​ដូច​គ្នា​នោះ ( សូម​មើល នីហ្វៃទី ២ ៣១:១៨–២១ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ៖

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​ការឆ្លើយ​តប​របស់​អ្នក​ចំពោះ​ការបង្រៀន​ដ៏​បំផុស​គំនិត មាន​សារៈ​សំខាន់ ?

  • តើ​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការស្វែងរក​សេចក្តីពិត​ដោយ​ឧស្សាហ៍​ព្យាយាម​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​បំផុស​គំនិត​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់​ទាំង​ទ្វេ ?