ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣ ៖ ស្វែងរក​ការយល់​ដឹង​បន្ថែម​ទៀត​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព


« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣ ៖ ស្វែងរក​ការយល់​ដឹង​បន្ថែម​ទៀត​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣ ៖ ស្វែងរក​ការយល់​ដឹង​បន្ថែម​ទៀត​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣

ការស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

រូបភាព
ហ្វីជី ៖ ការសិក្សា​បទ​គម្ពីរ

គោលបំណង​មួយ​របស់​ចំណេះចំណាន​ខាង​គោលលទ្ធិ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការស្វែងរក​សេចក្តីពិត​ពី​ប្រភព​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​មក​ដោយ​សេចក្តី​ស្រឡាញ់ ។

ការប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។សូម​បង្រៀន​សិស្ស​ឲ្យ​ងាក​ទៅរក​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព នៅពេល​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ ។ របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​គឺ​ត្រូវ​ធ្វើ​ជា​គំរូ​អំពី​ដំណើរការ​នេះ​សម្រាប់​សិស្ស ។ សូម​ជួយ​សិស្ស​ឲ្យ​រៀន​ញែក​សេចក្តីពិត និង​កំហុសឆ្គង​ឲ្យ​ដាច់ពីគ្នា ហើយ​ត្រូវ​ដឹង​ថា ប្រភព​ព័ត៌មាន​មួយ​ចំនួន​ពុំ​អាច​ទុក​ចិត្ត​បាន​ទេ ឬ​វា​ព្យាយាម​បំផ្លាញ​សេចក្ដីជំនឿ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សំណួរ ឬ​កង្វល់​សំខាន់ៗ​ដែល​ពួកគេ​មាន និង​ប្រភព​ផ្សេងៗ​ដែល​ពួកគេ​អាច​ងាកទៅ​រក​ចម្លើយ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ឧទាហរណ៍​មួយ​ពី​ប្រភព​ទាំង​នេះ ឬ​ក៏​នាំ​យក​ឧទាហរណ៍​មួយ​មក​ថ្នាក់​រៀន ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ប្រភព​សំខាន់

រូបភាព
គម្រោង​ទឹក​ស្អាត

សូម​ពិចារណា​ប្រើប្រាស់​ទឹក​ជាកម្ម​វត្ថុ​នៃ​មេរៀន ។ ជម្រើស​មួយ​គឺ​ត្រូវ​ចាក់​ទឹក​មួយ​កែវ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ផឹក​វា​នៅ​មុខ​ក្តារ​ខៀន ។ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​លាង​ដៃ​ក្នុង​ឡាបូ ។

សូម​ពិចារណា​មួយ​សន្ទុះ​អំពី​សារៈសំខាន់​របស់​ទឹក​នៅក្នុង​ជីវិត​របស់​អ្នក ។

  • តើ​ទឹក​សំខាន់​បំផុត​សម្រាប់​អ្នក​នៅពេល​ណា ?

  • ហេតុអ្វី​ប្រភព​ទឹក​ដែល​អ្នក​ផឹក​មាន​សារៈសំខាន់ ?

ការស្វែងរក​សេចក្តីពិត​អាច​ប្រៀប​ដូច​ជា​ទឹក​ផឹក​អ៊ីចឹង​ដែរ ៖ ប្រភព​សំខាន់ ។ សូម​គិត​ពី​ប្រភព​ដែល​អ្នក​ងាក​ទៅ​រក នៅពេល​អ្នក​មាន​សំណួរ ឬ​កង្វល់ ។ តើ​អ្នក​មាន​ទំនុកចិត្ត​កម្រិត​ណា​ដែល​ប្រភព​ទាំង​នេះ​ផ្តល់​ចម្លើយ​ពិត ?

សូម​ពិចារណា​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​គិត​សម្រាប់​ការរៀបចំ​សិស្សនេះ ។

ការស្វែងរក​ចម្លើយ​ពី​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​រវាង​ការដឹង​ពី​សេចក្តីពិត និង​ការត្រូវបាន​បោក​បញ្ឆោត​ដោយ​គំនិត​មិន​ពិត ។ យើង​មិន​អាច​មើល​ដឹង​ជានិច្ច​នោះ​ទេថា ពេល​ណា​ប្រភព​ទាំង​នោះ​មាន​ព័ត៌មាន​ខុស ។ ប្រភព​មួយ​ចំនួន​អាច​ត្រូវបាន​គេ​វាយតម្លៃ​ថា បណ្តាល​ឲ្យ​មាន​ការមិន​ទុក​ចិត្ត ការភ័យ​ខ្លាច និង​ការសង្ស័យ ។ ព្រះវរបិតា​សួគ៌​មាន​ព្រះទ័យ​ឆ្លើយ​សំណួរ​ដ៏​ស្មោះ​របស់​អ្នក ហើយ​បាន​ផ្តល់​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​ណែនាំ​អ្នក ។ គោលបំណង​នៃ​មេរៀននេះ​គឺ​ជួយ​អ្នក​ឲ្យ​រៀន និង​ស្វែងរក​ចម្លើយ​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

ការស្វែងរក​សេចក្តីពិត

នៅក្នុង​ព្រះគម្ពីរ​មរមន បុរស​ម្នាក់​ឈ្មោះ សេរេម បាន​ប្រឈម​មុខ​នឹង​យ៉ាកុប ជា​ប្អូនប្រុស​របស់​នីហ្វៃ ក្នុង​ការប៉ុនប៉ង « ធ្វើ​ឲ្យ [ យ៉ាកុប ] បាត់បង់​សេចក្ដីជំនឿ » ( យ៉ាកុប ៧:៥ ) ។ សេរេម​បាន​អះអាង​ថា យ៉ាកុប កំពុង​បង្រៀន​គោលលទ្ធិ​មិន​ពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ៖ « គ្មាន​អ្នក​ណា​អាច​ដឹង​ការណ៍​បែប​នេះ​បាន​ទេ ដ្បិត​មនុស្ស​មិន​អាច​ព្យាករ​អំពី​រឿង​ដែល​នឹង​កើត​ឡើង​បាន​ឡើយ » ( យ៉ាកុប ៧:៧ ) ។ យ៉ាកុប​បាន​ឆ្លើយ​តប​ដោយ​ការប្រកាស​ពី​របៀប​ដែល​លោក​បាន​ដឹង​សេចក្តីពិត​អំពី​ព្រះអង្គសង្គ្រោះ​នា​ពេល​អនាគត ។

សូម​អាន យ៉ាកុប ៧:៨–១២ ដោយ​រកមើល​ប្រភព​នានា​ដែល​បាន​ជួយ​យ៉ាកុប រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​អ្នក​គិត​ថា យ៉ាកុប​បាន​ទុក​ចិត្ត​លើ​ប្រភព​ទាំង​នេះ​ដើម្បី​ផ្តល់​សេចក្តីពិត ?

សូម​ពិចារណា​ចាប់ផ្តើម​ធ្វើ​បញ្ជី​មួយ​នៃ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​នៅលើ​ក្តារខៀន ។ ក្រោយ​ពី​ប្រភព​នេះត្រូវ​បាន​រក​ឃើញ​ក្នុង យ៉ាកុប ៧:៨–១២ អ្នក​អាច​ស្នើសុំ​ឲ្យ​សិស្ស​ធ្វើ​បញ្ជី​អំពី​ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ផ្សេង​ទៀត​ដែល​ពួកគេ​បាន​ដឹង ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​បន្ថែម​ទៅ​ក្នុង​បញ្ជី​នោះ បន្ទាប់​ពី​បញ្ចប់​សកម្មភាព​ខាង​ក្រោម ។

សូម​អាន កថាខណ្ឌ ១, ១១–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ដោយ​ស្វែងរក​ព័ត៌មាន​អំពី​ប្រភព​នៃ​ចំណេះ​ដឹង ។ សូម​ពិចារណា​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​មាន​ន័យ​សម្រាប់​អ្នក ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​ក្នុង​កថាខណ្ឌ​ទាំង​នេះ ?

  • តើ​ប្រភព​ដែល​អ្នក​ប្រើ​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នៅក្នុង​ព័ត៌មាន​ដែល​អ្នក​រក​ឃើញ​ដោយ​របៀប​ណា ?

  • តើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ខាង​ក្រោម​ដែល​បន្ត​ស្ថានភាព​របស់​អេដ្រាយ​ពី « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ២ » នឹង​ជួយ​សិស្ស​អនុវត្ត​ដោយ​ប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ ប្រសិនបើ​សិស្ស​មាន​ទំនុក​ចិត្ត​ក្នុង​ការប្រើប្រាស់​ប្រភព​ទាំង​នេះ​រួច​ហើយ សូម​ពិចារណា​បន្ត​ទៅ​សកម្មភាព​សិក្សា​នីមួយៗ ។

សិស្ស​អាច​ធ្វើ​ការរៀងៗ​ខ្លួន ជា​គូៗ ឬ​ជា​ក្រុម​តូចៗ ។ សូម​ពិចារណា​សរសេរ​សំណួរនេះ​នៅលើ​ក្ដារ​ខៀន ហើយ​បង្ហាញ​ប្រភព​ដែល​បាន​ស្នើ​ឡើង ឬ​ផ្តល់​ឲ្យ​ពួកគេ​នៅ​លើ​សំណៅ​ចែក​មួយច្បាប់ ។ សូម​ជួយ​សិស្ស​ឲ្យ​ប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ពួកគេ​នឹង​មាន​ពេលវេលា​សម្រាប់​ធ្វើ​សកម្មភា​សិក្សា​នីមួយៗ ។

ការប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន(2024)—“ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៣”

មេរៀន​ពី​មុន​បាន​ណែនាំ អេដ្រាយ ដែល​បាន​សួរ​សំណួរ​ថា « ប្រសិនបើ​ពិត​ជា​មាន​ព្រះ​ដ៏​ពេញ​ដោយ​សេចក្ដីស្រឡាញ់ ហេតុអ្វី​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​រងទុក្ខ ? » ដើម្បី​អនុវត្ត​ការស្វែងរក​សេចក្តីពិត​ពី​ប្រភព​ដែល​បាន​ចាត់តាំង​ដ៏​ទេវភាព សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​បំពេញ​សកម្មភាព​ខាង​ក្រោមនេះយ៉ាងហោច​ណាស់​ឲ្យ​បាន​ពីរ ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  1. ឪពុក​ម្តាយ និង​អ្នក​ដឹកនាំ​សាសនាចក្រ ៖ ផ្ញើ​សារ​ជា​អក្សរ​នូវ​សំណួរ​របស់ អេដ្រាយ ទៅ​កាន់​ឪពុកម្តាយ ឬ​អ្នក​ដឹកនាំ​សាសនាចក្រ ហើយ​ពន្យល់​ថា អ្នក​កំពុង​ពិភាក្សា​សំណួរ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ហើយ​ចង់​ដឹង​ថា​ពួកគាត់​គិត​យ៉ាង​ណា​អំពី​សំណួរ​នេះ ។

  2. ការអធិស្ឋាន ៖ នៅ​ក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​ដោយ​ស្ងៀមស្ងាត់ សូម​ទូល​សូម​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការណែនាំ និង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​សំណួរ​នេះ ។ សូម​កត់ត្រា​គំនិត និង​អារម្មណ៍​ដែល​អ្នក​ទទួល​បាន ។

  3. បទ​គម្ពីរ ៖ សូម​ស្វែងរក​បទគម្ពីរ​ដែល​អាច​ជួយ អេដ្រាយ ។ ឧទាហរណ៍ អ្នក​អាច​អាន​អំពី​ប្រជាជន​របស់​អាលម៉ា នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ឆ្លងកាត់​ការរងទុក្ខ​នៃ​ការជាប់​ឃុំឃាំង​ខាង​រូបកាយ ( សូមមើល ម៉ូសាយ ២៣:២១–២៣; ២៤:៨–១៥ ) ។

  4. ព្យាការី​របស់​ព្រះអម្ចាស់ ៖ សូម​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ប្រកប​ដោយ​ការព្យាករណ៍​ដែល​អាច​ជួយ អេដ្រាយ ។ ឧទាហរណ៍ សូម​អាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​ដោយ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

    ការរៀន​ស៊ូ​ទ្រាំ​នឹង​ពេ​​លវេលា​នៃ​ការខកចិត្ត ការរង​ទុក្ខ និង​ទុក្ខ​សោក គឺ​ជា​ផ្នែក​មួយ​នៃ​ការបណ្តុះ​បណ្តាល​នៅ​ក្នុង​ជីវិត​របស់​យើង ។ បទពិសោធន៍​ទាំង​នេះ ដែល​ជារឿយៗ​ពិបាក​ទ្រាំ​នៅពេល​នោះ គឺ​ជា​បទពិសោធន៍​យ៉ាង​ជាក់លាក់​ដែល​ពង្រីក​ការយល់​ដឹង​របស់​យើង ស្ថាបនា​ចរិត​លក្ខណៈ​របស់​យើង និង​បង្កើន​ការអាណិត​អាសូរ​របស់​យើង​ចំពោះ​អ្នក​ដទៃ ។

    ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​យ៉ាង​ខ្លាំង​ក្លា នោះ​ទ្រង់​យល់​ពី​ការរងទុក្ខ​របស់​យើង ។ ទ្រង់​យល់​ពី​ទុក្ខ​ព្រួយ​របស់​យើង ។ យើង​ជួប​រឿង​លំបាកៗ ដូច្នេះ​ហើយ​យើង​ក៏​អាច​មាន​សេចក្ដី​មេត្តា​ករុណា និង​ការយល់​ចិត្ត​កាន់តែ​ច្រើន​ចំពោះ​មនុស្ស​ផ្សេង​ទៀត ។ ( យ៉ូសែប ប៊ី វ៉ឺតលីន « Come What May, and Love It » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ )

សូម​ប្រើ​សំណួរ​ខាង​ក្រោម ឬ​សំណួរ​ផ្សេង​ទៀត​ដែល​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​របៀប​ដែល​ប្រភព​ដែល​ត្រូវ​បាន​តែងតាំង​ដ៏​ទេវភាព​អាច​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ពិបាកៗ ។

  • តើ​ប្រភព​ទាំង​នេះ​បង្រៀន​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​អេដ្រាយ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​របៀប​ដែល​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ពិបាកៗ ?

សំណួរ​នៃ​ព្រលឹង

ក្នុង​អំឡុង​ពេល​ធ្វើសកម្មភាព​ខាង​ក្រោម សូម​ដឹង​អំពី​សិស្ស​ដែល​អាច​ត្រូវការ​ជំនួយ​ផ្ទាល់​ខ្លួន ។ សូម​ពិចារណា​ណែនាំ​ពួកគេ​ទៅ​រក​ធនធាន​ដែលមាន​ប្រយោជន៍ ឬ​សួរ​សំណួរ​តាមដាន ដើម្បី​ជួយ​ពួកគេ​ផ្តោត​លើ​ការខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ។

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចាត់​ទុក​សំណួរ និង​កង្វល់​ដ៏​លំបាក​នៃ​ជីវិត​ថា​ជា « សំណួរ​នៃ​ព្រលឹង » ( សូមមើល « If Ye Had Known Me » EnsignLiahona ខែ វិច្ឆិកា ២០១៦ ទំព័រ ១០៣ ) ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក សូម​ធ្វើ​បញ្ជី​មួយ​ចំនួន​អំពី « សំណួរ​នៃ​ព្រលឹង » ។ ទាំង​នេះ​អាច​ជា​សំណួរ​ដែល​អ្នក​មាន ឬ​សំណួរ​ដែល​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​របស់​អ្នក​អាច​មាន ។

សូម​ជ្រើសរើស​សំណួរ​ដែល​អ្នក​ត្រូវការ​ជំនួយ​ពី​ព្រះវរបិតា​សួគ៌​ដើម្បី​យល់ ។ សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្វែងរក​ការយល់​ដឹង​បន្ថែម​ពី​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ សូម​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹក​នាំ​អ្នក ហើយ​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក​អំពី​ការយល់​ដឹង​ដែល​អ្នក​ទទួល​បាន ។

ដើម្បី​ចាប់ផ្តើម អ្នក​អាច​ស្រាវជ្រាវ ChurchofJesusChrist.org កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​ច្បាប់​ចេញ​ផ្សាយ​អំពី​សន្និសីទ​នៃ​ទស្សនាវដ្តី​សាសនាចក្រ ដើម្បី​ស្វែងរក​សេចក្តី​ថ្លែងការណ៍​ពី​អ្នក​ដឹក​នាំ​សាសនាចក្រ​ដែល​ឆ្លើយ​សំណួរ​របស់​អ្នក ។ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ Topical Guide និង​លិបិក្រម​នៃ​បណ្តុំ​ព្រះគម្ពីរ​ទាំង​បី ក៏​អាច​ស្វែងយល់​ពី​បទគម្ពីរ​ដែល​មាន​ប្រយោជន៍​ផងដែរ ។

រូបភាព
ក្មេង​ប្រុស​ម្នាក់​អង្គុយ​លើ​ឥដ្ឋ​ជាមួយ​កុំ​ព្យូទ័រ​យួរ​ដៃ សៀវភៅ​ផ្សេងៗ សៀវភៅ​កត់ត្រា សៀវភៅ​កំណត់​ហេតុ និង​ទស្សនាវដ្ដី​ជុំ​វិញ​ខ្លួន​គាត់ ។

សូម​ចាំ​ថា ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​ត្រូវការ​ពេលវេលា ។ នៅពេល​អ្នក​ធ្វើ​តាម​គំរូ​របស់​ព្រះអម្ចាស់​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​អ្នក « មួយ​បន្ទាត់​ម្តងៗ… ឯ​​ណេះ​បន្តិច ឯ​ណោះ​បន្តិច » ( នីហ្វៃទី ២ ២៨:៣០ ) ។ សូម​រកមើល​ឱកាស​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​កំពុង​រៀន​ជាមួយ​សមាជិក​គ្រួសារ ឬ​អ្នក​ដឹក​នាំ​សាសនាចក្រ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ដែល​មាន​ឆន្ទៈ​ក្នុង​ការចែកចាយ​ពី​របៀប​ដែល​ការស្វែងរក​ចម្លើយ​ពី​ប្រភព​ដែល​បាន​ចាត់តាំង​ដ៏​ទេវភាព គឺ​ជួយ​ពួកគេ​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​ថ្លែង​ទី​បន្ទាល់​អំពី​សេចក្ដីពិត​នេះ ។