2025
សេចក្តីជំនឿ ៖ ចំណង​នៃ​សេចក្តី​ទុកចិត្ត និង​ភាពស្មោះត្រង់
ខែឧសភា ឆ្នាំ២០២៥


11:17

សេចក្តីជំនឿ ៖ ចំណង​នៃ​សេចក្តី​ទុកចិត្ត និង​ភាពស្មោះត្រង់

សេចក្តី​ជំនឿ​ដុះ​ពន្លក​ឡើង​នៅពេល​យើង​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រីក​ដុះដាល​ឡើង​នៅពេល​យើង​មាន​ភាពស្មោះត្រង់ និង​ភក្តីភាព​ចំពោះ​ទ្រង់ ។

កាល​ខ្ញុំ​មាន​អាយុ​១៧​ឆ្នាំ ខ្ញុំ​បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​មិត្ត​របស់ខ្ញុំ​ឈ្មោះ ហូសេ លូអ៊ីស ដើម្បី​បង្រៀន​គាត់​ហែលទឹក ។ ដូចនេះ​នៅ​ព្រឹកមួយ យើង​បាន​កំណត់​ពេល​ដើម្បី​ហាត់រៀន ។ នៅពេល​មេរៀន​របស់យើង​បាន​បញ្ចប់ ហើយ​ខ្ញុំ​បាន​ងើបចេញ​ពី​អាង​ហែលទឹក នោះ​ខ្ញុំ​បានឮ​មិត្ត​របស់ខ្ញុំ​ស្រែកសុំ​ជំនួយ ។ គាត់​កំពុង​លង់ទឹក​នៅ​ចុងម្ខាង​នៃ​អាងហែលទឹក​ដែល​មាន​ជម្រៅ​ជ្រៅ ។

ខ្ញុំ​បាន​លោតចូល​ទៅក្នុង​ទឹក ហើយ​ហែល​ឆ្ពោះ​ទៅរក​គាត់​ខណៈពេល​អធិស្ឋាន​ទូលសូម​ជំនួយ ។ ពេល​ខ្ញុំ​ចាប់ដៃ​គាត់​ដើម្បី​ទាញ​គាត់​ទៅលើ​ផ្ទៃទឹក មិត្ត​របស់ខ្ញុំ​ដែល​កំពុង​ភ័យស្លន់ស្លោ​បាន​តោង​ឡើងលើ​ខ្នង​ខ្ញុំ ឱប​ក​ខ្ញុំ​ជាប់ ហើយ​ធ្វើឲ្យ​ខ្ញុំ​ស្ទះខ្យល់ ។ ឥឡូវនេះ យើង​ទាំងពីរ​នាក់​បាន​លង់ទឹក ។ ដោយ​ព្យាយាម​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ងើប​ឲ្យ​ដល់​លើ​ផ្ទៃទឹក ខ្ញុំ​បាន​អធិស្ឋាន​ដោយ​អស់ពីចិត្ត​របស់ខ្ញុំ​សម្រាប់​អព្ភូតហេតុ​មួយ​មកពីព្រះ ។ បន្ទាប់មក​ដោយ​សន្សឹមៗ​ប៉ុន្តែ​ខ្ជាប់ខ្ជួន នោះ​ព្រះចេស្តា​របស់​ព្រះ​បាន​បង្ហាញ​នៅពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍ថា មាន​ដៃមួយ​អូសទាញ​ខ្ញុំ​ឆ្ពោះទៅ​ខាង​ទឹករាក់ ដែល​នាំ​ពួកយើង​ទៅរក​ទីមាន​សុវត្ថិភាព ។

បទពិសោធន៍​នេះ​បញ្ជាក់ពី​មេរៀន​ដ៏ជ្រាលជ្រៅ​មួយ​ដែល​ប្រធាន រ័សុល អិម ណិលសុន ធ្លាប់បាន​បង្រៀន « នៅពេល​បងប្អូន​ឈោង​ទៅ​ដើម្បី​មាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​កម្លាំង​ដូចគ្នានឹង​កម្លាំង​របស់​មនុស្ស​លង់​ទឹក​ម្នាក់​ខំ​តោង​ចាប់ ហើយ​ដង្ហក់​រក​ខ្យល់ នោះ​ព្រះចេស្ដា​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជា​របស់​បងប្អូន » ។

ជូន​ចំពោះ​កុមារ និង​យុវវ័យ​ជាទីស្រឡាញ់ ថ្ងៃនេះ​ខ្ញុំ​ចង់​និយាយ​ជាមួយ​ក្មួយៗ​អំពី​គោលការណ៍​ដ៏សំខាន់​នៃ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​មាន​ន័យថា ការទុកចិត្ត​លើ​ទ្រង់

តើ​ការមាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​យ៉ាង​ណា ? តើ​វា​មាន​ន័យ​ថា​យើង ជឿ​លើ​ទ្រង់ ឬ​មាន​ទីបន្ទាល់​ថា​ទ្រង់​គឺ​ពិត​ឬ ? នោះ​អាច​ជា​ការចាប់ផ្តើម ប៉ុន្តែ​វា​មាន​ច្រើនទៀត ។ តើ​ក្មួយ​ធ្លាប់គិត​អំពី​សេចក្តី​ជំនឿ​ថាជា ការទុកចិត្ត ដែរ​ឬ​ទេ ? សូម​គិតពី​មនុស្ស​ម្នាក់​ដែល​ក្មួយ​ទុកចិត្ត​បំផុត—អាចជា​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ ។ តើ​ហេតុអ្វី​បានជា​ក្មួយ​ទុកចិត្ត​ពួកគេ ? វា​ប្រហែលជា​មកពី​ក្មួយ​បាន​ឃើញ សេចក្តីស្រឡាញ់ និង ជំនួយ ឥត​ឈប់ឈរ​របស់​ពួកគេ ។

នៅពេល​យើង​មាន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ នោះ​យើង​ស្គាល់​ពរជ័យ​របស់​ទ្រង់ ហើយ​បង្កើត​ទំនាក់ទំនង​នៃ​សេចក្ដី​ទុកចិត្ត​ជាមួយ​នឹង​ទ្រង់ ។

តើ​ក្មួយ​អាច​បង្កើន​ការទុកចិត្ដ​របស់ក្មួយ​លើ​ព្រះគ្រីស្ទ​ដោយ​របៀបណា ?

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ថ្មីៗនេះ ក្មួយៗ​ត្រូវបាន​អញ្ជើញឲ្យ​ជញ្ជឹងគិត​ពី​ពេល​មួយ​ក្នុង​ជីវិត​របស់ក្មួយ​ពេល​ដែល​ក្មួយ​បាន​ទទួល​ពន្លឺ​មកពី​ស្ថានសួគ៌ ។ សូម​សាកល្បង​ធ្វើតាម​ការអញ្ជើញ​ឲ្យ​ជញ្ជឹងគិត​នេះ !

ចាប់ផ្តើម​ដោយ​ការជញ្ជឹងគិត​អំពី​ព្រះគ្រីស្ទ និង​សុភមង្គល​ដែល​ដង្វាយធួន និង​ដំណឹងល្អ​របស់​ទ្រង់​បាន​នាំយក​មកក្នុង​ជីវិត​របស់​ក្មួយ ។ ហើយ​សូម​ធ្វើ​កំណត់ត្រា​អំពី « ការចងចាំ​ខាង​វិញ្ញាណ​ដ៏​មាន​អត្ថន័យ » ដែល​ព្រះ​បាន​គង់នៅ​ជាមួយនឹង​ក្មួយ អ្នក​ជាទី​ស្រឡាញ់​របស់​ក្មួយ និង​មនុស្ស​ដែល​នៅក្នុង​បទគម្ពីរ ។ ឥឡូវ​នេះ ទីបន្ទាល់​ទាំងនេះ​នឹង​មិន​នាំ​មក​នូវ​អំណាច​ដល់​ជីវិត​របស់​ក្មួយ​ឡើយ រហូត​ទាល់​តែ​ព្រះវិញ្ញាណ​ឆ្លាក់​ទីបន្ទាល់​ទាំងនេះ​នៅក្នុង​ចិត្ត « ខាង​សាច់​ឈាម » របស់​ក្មួយ​សិន ។ ដូច្នេះ​សូម​ជញ្ជឹងគិត និង​កត់ត្រា​រាល់​ផែនការ​និង​សកម្មភាព​ដែល​ព្រះ​បាន​រៀបចំឡើង ដើម្បី​ឲ្យ​អព្ភូតហេតុ​ទាំងនេះ​កើតឡើង​នៅពេល​វេលា​ដ៏​ត្រឹមត្រូវ ។

បន្ទាប់មក ប្រើ​ការអញ្ជើញ​នេះជា​ឱកាស​ដើម្បី​ខិត​កាន់តែ​ជិត​ព្រះ ។ សូម​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ប្រៀប​ដូចជា​វា​ជា​លើកដំបូង​របស់ក្មួយ ។ សូម​សម្តែង​នូវ​សេចក្តី​ស្រឡាញ់ និង​ការដឹងគុណ​របស់ក្មួយ​ចំពោះ​ពរជ័យ​របស់ទ្រង់ ។ ក៏​សូម​ទូល​សួរ​ដល់​ទ្រង់​ថា តើ​ទ្រង់​មាន​ព្រះទ័យ​បែបណា​ចំពោះ​ក្មួយ និង​អំពី​ទិសដៅ​ដែល​ជីវិត​របស់ក្មួយ​កំពុង​ឆ្ពោះទៅ ។

ប្រសិនបើ​ក្មួយ​ស្មោះត្រង់ និង​បន្ទាបខ្លួន នោះ​ក្មួយ​នឹង​ស្តាប់​ឮចម្លើយ​របស់ទ្រង់ ហើយ​ចាប់ផ្តើម​ទំនាក់ទំនង​ផ្ទាល់ខ្លួន និង​យូរអង្វែង​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទម្លាប់​ខាងសាសនា​របស់ក្មួយ​ក៏​នឹង​កាន់តែ​មាន​អត្ថន័យ​ដែរ ! ឧទាហរណ៍ ក្មួយ​នឹង​ទន្ទឹង​ចាំ​ពេល​អធិស្ឋាន ការសិក្សា​ផ្ទាល់ខ្លួន និង​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ក្មួយ ថា​ជា​ឱកាស​ដើម្បី​ស្គាល់​ទ្រង់ទាំងទ្វេ ហើយ​នឹង​ដើម្បី​នៅ​ជាមួយ​ទ្រង់​ទាំងទ្វេ ។

សេចក្តី​ជំនឿ​ចម្រើន​ឡើង​ដោយ​ភាពស្មោះត្រង់

សូម​កត់សម្គាល់​ថា សេចក្តី​ជំនឿ​ដុះ​ពន្លក​ឡើង​នៅពេល​យើង​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រីក​ដុះដាល​ឡើង​នៅពេល​យើង​មាន​ភាពស្មោះត្រង់ និង​ភក្តីភាព​ចំពោះ​ទ្រង់ ។ ប្រសិនបើ​ក្មួយៗ​ចង់​បាន​ទំនាក់ទំនង​ពិត​ជាមួយនឹង​ព្រះគ្រីស្ទ សូម​បង្ហាញ​ទ្រង់​តាមរយៈ​ការចុះ និង​គោរព​តាម​សេចក្តីសញ្ញា​ទាំងនោះ​ដោយ​ស្មោះត្រង់ និង​ភក្តីភាព ។ ការចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះយេស៊ូវ​គ្រីស្ទ​ស្ថាបនា​សេចក្តី​សង្ឃឹម ។ ការគោរព​តាម​សេចក្តីសញ្ញា​ទាំងនោះ​ស្ថាបនា​សេចក្តី​ជំនឿ ។

ខ្ញុំ​សូម​ប្រើ​ឧទាហរណ៍​ផ្ទាល់ខ្លួន​មួយ ៖ កាល​ខ្ញុំ​នៅ​ក្មេង នៅ​ថ្ងៃមួយ ខ្ញុំ​បាន​ឃើញ​ម្តាយ​របស់ខ្ញុំ​កំពុង​យំ​តែម្នាក់ឯង ។ នៅពេល​ខ្ញុំ​សួរ​គាត់​ថា​ហេតុអ្វី​គាត់​យំ គាត់​បាន​និយាយ​យ៉ាង​ទន់ភ្លន់​ថា « ម៉ាក់​ចង់​ឲ្យ​កូន​ធ្វើជា​ក្មេងល្អ » ។ ទោះបីជា​ខ្ញុំ​ដឹងថា ខ្ញុំ​មិនមែន​ជា​មូលហេតុ​នៃ​ទុក្ខកង្វល់​របស់​គាត់​ក្ដី ខ្ញុំ​ស្រឡាញ់ និង​ជឿជាក់​លើ​ម្តាយ​របស់ខ្ញុំ​លើស​នរណាៗ​ទាំងអស់ ហើយ​ចង់​ធ្វើឲ្យ​ជីវិត​របស់​គាត់​បាន​ប្រសើរឡើង ។ ដូច្នេះ ខ្ញុំ​បាន​សន្យា​នឹង​គាត់​នៅថ្ងៃនោះ​ដោយ​មាន​ទឹកភ្នែក​រលីងរលោង និង​ដោយ​ភាព​ឱឡារិក​ដែល​ក្មេង​អាយុ​ប្រាំបួន​ឆ្នាំ​អាច​មាន​ថា ខ្ញុំ​នឹង​ខិតខំ​ជានិច្ច​ដើម្បី​ធ្វើជា​កូនប្រុស​ដ៏​ល្អ​បំផុត និង​ធ្វើឲ្យ​គាត់​មាន​មោទនភាព ។

តើ​ក្មួយ​អាច​ស្រមៃ​ឃើញ​ពី​អំណាច​ដែល​ការសន្យា​នោះ​បាន​មាន—ហើយ​នៅតែ​មាន—មកលើ​ខ្ញុំ​ឬ​ទេ ?

ការសន្យា​ជាមួយ​គាត់​នោះ​នឹង​ដឹកនាំ​ជីវិត​របស់ខ្ញុំ ។ មុនពេល​ធ្វើការ​សម្រេចចិត្ត ខ្ញុំ​នឹង​ពិចារណា​ថា តើ​ទង្វើ​របស់ខ្ញុំ​នឹង​ផ្គាប់ចិត្ត​គាត់​ដែរ​ឬ​ទេ ។ ចំណង​នៃ​ការសន្យា​នេះ និង​ទំនាក់ទំនង​ជាមួយ​ម្តាយ​របស់ខ្ញុំ គឺជា​យុថ្កា​សម្រាប់​ការប្រព្រឹត្ត​របស់ខ្ញុំ​ពេញមួយ​ជីវិត​របស់ខ្ញុំ ។

ប៉ុន្មាន​ឆ្នាំក្រោយ​មក ពេល​ខ្ញុំ​បាន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់ ខ្ញុំ​បាន​ដឹង​រួចជាស្រច​ពីរបៀប​ដើម្បី​ដាក់​សេចក្តី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ទ្រង់ ។ ខ្ញុំ​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះអម្ចាស់ ហើយ​កាល​ដែល​ខ្ញុំ​បាន​ព្យាយាម​គោរព​តាម​សេចក្តីសញ្ញា​ទាំងនោះ ទ្រង់​បាន​អភ័យទោស​ដល់​អំពើបាប​របស់​ខ្ញុំ ដឹកនាំ​ជីវិត​របស់​ខ្ញុំ ហើយ​« បាន​បំពេញ​ចិត្ត​ខ្ញុំ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ »​យ៉ាង​ពេញលេញ ។ ព្រះគ្រីស្ទ​បាន​បណ្តុះ​នៅក្នុង​ខ្ញុំ​នូវ​សេចក្តី​ស្រឡាញ់ ការគោរព និង​ភក្តីភាព​ដ៏ជ្រាលជ្រៅ​ចំពោះ​ទ្រង់ ។

តើ​ក្មួយ​យល់ទេ​ថា ហេតុអ្វី « បានជា​សេចក្តី​ជំនឿ​គឺជា​គោលការណ៍​នៃ​សកម្មភាព » ហើយថា « តែ​បើ​ឥត​មាន​សេចក្តី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះហឫទ័យ​[ ព្រះ ]​បាន​ឡើយ » ?

ពេល​ក្មួយៗ​ព្យាយាម​ធ្វើ​អ្វី​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់  ក្មួយ​នឹង​និយាយ​ដូច​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ​ពេល​ដែល​លោក​ត្រូវ​បាន​ល្បួង​ដោយ​ភរិយា​របស់​ប៉ូទីផារ « តើ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ការ ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង ? » ហើយ​នៅពេល​ប្រឈមមុខ​នឹង​ការប្រឆាំង នោះ​ក្មួយ​នឹង​និយាយ​ដូច​ព្យាការី​យ៉ូសែប កាល​នៅវ័យ​ក្មេង « ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ … ខ្ញុំ​បាន​ដឹង​ថា បើ​ខ្ញុំ​ធ្វើ​ដូច្នោះ នោះ​ខ្ញុំ​នឹង​ជំទាស់​ព្រះ » ។

ដូច្នេះ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ចំណង​នៃ​សេចក្ដីទុកចិត្ត​ដែលបាន​បង្កើត​ឡើង​ដោយ​ភក្តីភាព និង​សេចក្តី​ស្រឡាញ់ ។ ឬ​និយាយ​ម៉្យាងទៀត​ថា នៅក្នុង​ការដឹងគុណ​ចំពោះ​សេចក្តី​ស្រឡាញ់​មេត្តាករុណា​របស់​ព្រះ ( hesed ហេសិដ ) យើង​បង្ហាញ​នូវ​ភក្តីភាព​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង ( emunah អេម៉ូណា ) តាមរយៈ​ការគោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ព្រះគ្រីស្ទ​សន្យា​ថា « អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម … នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ។ ប្រសិនបើ​ក្មួយ​ប្តេជ្ញាចិត្ត​ក្នុង​ការស្មោះត្រង់​ចំពោះ​ទ្រង់ នោះ​ទ្រង់​នឹង​បើក​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដល់​ក្មួយ​ផងដែរ ។

សេចក្តី​ជំនឿ​ក្នុង​ការប្រឈមមុខ​នឹង​ទុក្ខលំបាក

ប៉ុន្តែ​តើ​ក្មួយៗ​គួរ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​លំបាក​ដែល​ទាមទារ​ឲ្យមាន​អព្ភូតហេតុ​របស់​ទ្រង់​ដោយ​របៀបណា​ទៅ ? ខណៈពេល​ដែល​បញ្ហា​ប្រឈម​គឺ​មិន​អាច​ចៀសវាង​បាន ហើយ​ពេលខ្លះ​គួរឲ្យ​ភ័យខ្លាច ចូរ​គ្រាន់តែ​ដើរ​ដោយ​មិន​ភ័យខ្លាច ឆ្ពោះ​ទៅរក​ទ្រង់ ដូច​ការអញ្ជើញ​ក្នុង​បាវចនា​នៃ​សន្និសីទ ដ.ក.យ. ឆ្នាំ២០២៥ ៖ « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។

តើ​ក្មួយ​អាច​ដើរ​ដោយ​មិន​ភ័យខ្លាច​ឆ្ពោះ​ទៅរក​ទ្រង់​ដោយ​របៀបណា ?

សូម​ស្រមៃថា ក្មួយ​ជា​អ្នករុករក​ម្នាក់​នៅក្នុង​ដែនដី​ដែល​មិន​ស្គាល់​មួយ ។ ដើម្បី​យកឈ្នះ​ឧបសគ្គ​ខាងមុខ នោះ​ក្មួយ​ត្រូវការ​ប្រភព​នៃ​ពន្លឺ​មួយ ។ ភាពស្មោះត្រង់​របស់​ក្មួយ​ចំពោះ​ព្រះ និង​ការប្រាស្រ័យ​ទាក់ទង​ដ៏​ខ្ជាប់ខ្ជួន​ជាមួយ​ទ្រង់ គឺជា​ប្រេង​សម្រាប់​ចង្កៀង​របស់ក្មួយ ។ ដូច្នេះ​នៅពេល​ក្មួយៗ​ជួប​ប្រទះ​ស្ថានភាព​ងងឹត និង​គ្រោះថ្នាក់ ជំនួសឲ្យ​ការដើរ​ឆ្ពោះ​ទៅរក​ទ្រង់​ទាំងទ្វេ​ដោយ​ងងឹតងងល់ ក្មួយៗ​នឹង​អុច​ចង្កៀង​របស់​ក្មួយ​ដែល​ពោរពេញ​ដោយ​ប្រេង​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ដើម្បី​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​នៅលើ​ផ្លូវ​ដែល​មិន​ប្រាកដប្រជា​នោះ ។ បទពិសោធន៍​ពី​អតីតកាល​របស់​ក្មួយ​នឹង​បង្កើន​សេចក្តី​សង្ឃឹម​របស់​ក្មួយ ថា​ព្រះអម្ចាស់​នឹង​ទ្រទ្រង់​ក្មួយ​នៅក្នុង​ដំណើរ​របស់​ក្មួយ ។

អ្នក​ឡើង​ភ្នំ​កាន់​ចង្កៀង<nb/>។

តើ​ក្មួយៗ​នឹង​រីកចម្រើន​ប៉ុនណា​ជាមួយនឹង​សេចក្តី​សង្ឃឹម និង​សេចក្តី​ជំនឿ​របស់ក្មួយ​លើ​ព្រះគ្រីស្ទ ?

តើ​នៅចាំ​រឿង​របស់ខ្ញុំ​នៅឯ​អាងហែលទឹក​ដែរ​ឬ​ទេ ? ក្នុងគ្រា​នៃ​ភាព​អស់សង្ឃឹម​នោះ អព្ភូតហេតុ​បាន​កើតឡើង​នៅក្នុង​របៀប​មួយ​ដែល​ខ្ញុំ​បាន​រំពឹងទុក ប៉ុន្តែ​ព្រះ​មិន​ធានាថា វា​នឹង​កើតឡើង​តាម​ឆន្ទៈ​របស់យើង​ជានិច្ច​នោះទេ ។ សេចក្តី​ជំនឿ​របស់យើង​ត្រូវតែ​ផ្តោតលើ​ព្រះគ្រីស្ទ និង​សេចក្តី​សង្ឃឹម​របស់យើង​នៅក្នុង​ពរជ័យ​របស់ទ្រង់ ដូច​ដែល​ទ្រង់​ជ្រើសរើស​ដើម្បី​បញ្ជូន​ពរជ័យ​ទាំងនោះមក ។ « រំពឹងថា​មាន​អព្ភូតហេតុ » ប៉ុន្តែ « សូម​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​យើង » ។

ការសន្យា​របស់​ព្រះ​ទៅកាន់​រាស្ត្រ​ដ៍ស្មោះត្រង់​របស់​ទ្រង់

មិត្ត​វ័យក្មេង​របស់ខ្ញុំ​អើយ យើង​ស្រឡាញ់ និង​ទុកចិត្ត​លើ​ក្មួយៗ​ខ្លាំងណាស់ ! ក្មួយៗ មាន​ចំណែក ក្នុង​គ្រួសារ​នៃ​ព្រះ និង​ជា​បុត្រាបុត្រី​ក្នុង​សេចក្តីសញ្ញា ។ សូម​ជឿ និង​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​នឹង​ធ្វើឲ្យ​ក្មួយ ក្លាយជា សិស្ស​របស់​ទ្រង់​ពិត ។

ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ចាប់ផ្តើម​ពីថ្ងៃនេះ ដើម្បី​ចិញ្ចឹមបីបាច់​ទំនាក់ទំនង​របស់ក្មួយ​ជាមួយនឹង​ព្រះយេស៊ូវគ្រីស្ទ ។ ចូរ​តាំងចិត្ត​ថា នឹង​មិន​បោះបង់​ទ្រង់​ចោល​ឡើយ ។

ភាពស្មោះត្រង់ សេចក្តី​ស្រឡាញ់ និង​ការទុកចិត្ត​របស់​ក្មួយ​លើ​ព្រះគ្រីស្ទ​នឹង​កំណត់​បុគ្គលិកលក្ខណៈ និង​អត្តសញ្ញាណ​របស់ក្មួយ ទៅតាម​បុគ្គលិកលក្ខណៈ និង​អត្តសញ្ញាណ​របស់​ទ្រង់ ។ ក្មួយ​នឹង​ទទួល​បាន​ទំនុកចិត្ត និង​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​ការវាយប្រហារ​របស់​សាតាំង ។ ហើយ​នៅពេល​ក្មួយ​មាន​កំហុស នោះ​ក្មួយៗ​នឹង​ប្រាថ្នាចង់​បាន​ការអភ័យទោស​របស់ទ្រង់ ។ នៅ​ទីបំផុត សេចក្តី​សង្ឃឹម​របស់ក្មួយ​សម្រាប់​អនាគត​នឹង​ភ្លឺ​ត្រចះត្រចង់ ។ ទ្រង់​នឹង​ទុកចិត្ត​លើក្មួយៗ​ជាមួយនឹង​អំណាច​របស់ទ្រង់ ដើម្បី​សម្រេច​នូវ​អ្វីៗ​ដែល​ទ្រង់​រំពឹងទុក​ពីក្មួយ រួមទាំង​អំណាច​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់ទ្រង់​វិញ​ដែរ ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ទៅដល់​ក្មួយៗ​អំពី​សេចក្តីអំណរ​ដែល​បាន​មកពី​ការច្រៀង « ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ » និង ការ​« ត្រូវ​បាន​ឱប​ក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែឧសភា ឆ្នាំ២០១៧ ទំព័រ ៤២ ។

  2. ពាក្យ faith មកពី​ពាក្យ​ជា​ភាសា​ឡាទីន fides ដែល​មាន​ន័យ​ថា « ទុកចិត្ដ » ( សូមមើល មីហ្គៀល ឌើ វ៉ាន Etymological Dictionary of Latin and the Other Italic Languages [ ឆ្នាំ២០០៨ ] « fido » ) ។ ពាក្យ​ជា​ភាសា​ក្រិក πίστις ដែល​បកប្រែ​ថា « ការទុកចិត្ដ » ( សូមមើល រ៉ូប៊ើត ប៊ីកស៍ Etymological Dictionary of Greek [ ២០១០ ] ១:១១៦១–១១៦២ ) ។

  3. « សេចក្តីជំនឿ​គឺ​ជា​សេចក្ដី​ទុកចិត្ដ និង​ទីទុកចិត្ដ​ដល់​ព្រះ​យេស៊ូវគ្រីស្ទ » (សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​ជំនឿ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

  4. សូមមើល « Look unto Christ » ( ការពិភាក្សា​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៥ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ; សូម​មើល​ផងដែរ អាឡិចសាន់ឌើរ ដាស់គុ « បង្គោល និង​កាំរស្មី » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១៤–១៦ ។

  5. សូមមើល នែល អិល អាន់ឌើរសិន « Spiritually Defining Memories » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ១៨–២២ ។

  6. សូមមើល កូរិនថូស ទី​២ ៣:២–៣; សូមមើល​ផងដែរ មរ៉ូណៃ ១០:៣; រ័សុល អិម ណិលសុន « Hear Him » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៨–៩២ ។

  7. សូមមើល រ៉ូណល អេ រ៉ាសបាន « By Divine Design » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៥៥–៥៧ ។

  8. សូមមើល ម៉ូសាយ ២:២០–២១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៩:២១ ។

  9. សូមមើល « Appendix 1: Sixth Theological Lecture on Faith, circa January–May 1835, as Published in Latter Day Saints’ Messenger and Advocate » ទំព័រ ១២៤–១២៥ នៅលើ​គេហទំព័រ josephsmithpapers.org ។

  10. សូមមើល មរ៉ូណៃ ៧:៤១; សូមមើល​ផងដែរ Stephen M.R. Covey and Rebecca R. Merrill, The Speed of Trust: The One Thing that Changes Everything ( ឆ្នាំ២០០៦ ), ទំព័រ ២១៥ ។

  11. នីហ្វៃទី​២ ៤:២១ ។

  12. « ព្រះ​គឺជា​មិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​រកឃើញ​ការលួងលោម​នៅក្នុង​ទ្រង់ ។ … ខ្ញុំ​ប្រាថ្នា​ចង់​នៅ​ជាមួយនឹង​ព្រះគ្រីស្ទ ។ ខ្ញុំ​មិន​គិតពី​តម្លៃ​ជីវិតរបស់​ខ្ញុំ​ឡើយ [ លើកលែងតែ ] ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ២៤៣–២៤៤ ) ។

  13. Bible Dictionary « Faith » ។

  14. ហេព្រើរ ១១:៦ ។

  15. សូមមើល យ៉ូហាន ៨:២៩ ។

  16. លោកុប្បត្តិ ៣៩:៩ ។

  17. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ ។

  18. ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន « សូម​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ដោយ​នៅក្នុង​ព្រះនាម​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នៅគ្រប់​កាលៈទេសៈ ដោយ​ជា​និស្ស័យ​របស់​បងប្អូន សូម​បង្ហាញ​នូវ​ភក្ដីភាព និង​សេចក្ដី​ស្រឡាញ​របស់​បងប្អូន​ជានិច្ច » ( « Loyalty » Liahona ខែឧសភា ឆ្នាំ២០០៣ ទំព័រ ៦០; សូម មើល ផងដែរ ប៊្រេន ចេ ស្មីត, Relational Faith: The Transformation and Restoration of Pistis as Knowledge, Trust, Confidence, and Covenantal Faithfulness [ ឆ្នាំ​២០២២ ] ទំព័រ ៩ ; ធើរីសា ម័រហ្គែន, Roman Faith and Christian Faith: Pistis and Fides in the Early Roman Empire and Early Churches [ ឆ្នំា២០១៥ ], ទំព័រ ១២៧–១២៨ ) ។

  19. សូមមើល រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៤–១១ ។

  20. « ក្នុង​ភាសា​ហេព្រើរ​ពាក្យ​សម្រាប់​សេចក្តី​ជំនឿ​គឺ אמונה ( emunah អេម៉ូណា ) និង​ជាពាក្យ​ផ្តោត​លើ​សកម្មភាព​ដែល​មាន​ន័យថា ‹ គាំទ្រ › ។… [ វា ] ផ្តោត​សកម្មភាព​ទៅលើ​អ្នក​ដែល​‹ គាំទ្រ​ព្រះ› ។ វា​មិនមែន​ជា​ការដឹង​ថា​ព្រះ​នឹង​ធ្វើ​នោះទេ ប៉ុន្តែ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​ព្រះ ។ គំនិត​នៃ​ការគាំទ្រ​នេះ​សម្រាប់​ពាក្យ emunah អេម៉ូណា អាច​មាន​នៅក្នុង​នៅក្នុង និក្ខមនំ ១៧:១២ ។ … វា​គឺជា​ការគាំទ្រ/emunah អេម៉ូណា របស់​អើរ៉ុន និង​ហ៊ើរ ដែល​បាន​ឈរ​[ ទ្រ ]​ដៃ​របស់​ម៉ូសេ ។ មិនមែន​ការគាំទ្រ/emunah អេម៉ូណា ដោយ​ម៉ូសេ​ផ្ទាល់​នោះទេ ។ នៅពេល​ដែល​យើង​និយាយថា ‹ ខ្ញុំ​មាន​ជំនឿ​លើ​ព្រះ › យើង​គួរតែ​គិតថា ‹ ខ្ញុំ​នឹង​ធ្វើអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​គាំទ្រ​ព្រះ › » ( ជែហ្វ អេ បែនណឺរ, « Faith » Ancient Hebrew Research Center, ancient-hebrew.org ) ។

  21. យ៉ូហាន ១៤:២១; សូមមើល​ផងដែរ ខទី ២៣ ។

  22. សូមមើល យ៉ូហាន ១៥:៩–១០ ។

  23. សូមមើល រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » ទំព័រ ៣៩–៤២ ។

  24. គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ។

  25. សូមមើល នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៦៥–៦៨ ។

  26. រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៩ ។

  27. សូមមើល រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះឈ្នះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៩២–៩៥ ។

  28. សូមមើល Russell M. Nelson, « Children of the Covenant » Ensign ខែឧសភា ឆ្នាំ១៩៩៥ ទំព័រ ៣២–៣៥ ។

  29. « ព្រះយេស៊ូវ​ជា​មិត្ត​របស់​ខ្ញុំ ។ គ្មាន​នរណា​ផ្សេង​ទៀត​បាន​ផ្ដល់​ដល់​ខ្ញុំ​ច្រើន​បែប​នេះ​ទេ ។… ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​ត្រូវបាន​ចាត់ទុកថា​មាន​ភាពស័ក្ដិសម​ជា​មិត្ត​ម្នាក់​ដល់​ទ្រង់ » ( ហ្គ័រដុន ប៊ី ហ៊ិងគ្លី « My Testimony » Liahona ខែឧសភា ឆ្នាំ២០០០ ទំព័រ ៨៥ ) ។

  30. សូមមើល យ៉ូហាន ៦:៦៧–៦៨; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:២០ ។

  31. សូមមើល រ័សុល អិម ណិលសុន « ការជ្រើសរើស​ដែល​ជះឥទ្ធិពល​លើ​ភាពអស់កល្ប​ជានិច្ច » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។ រីឆាត ជី ស្កត 21 Principles: Divine Truths to Help You Live by the Spirit ( ឆ្នាំ២០១៣ ) ទំព័រ ៩០ ។

  32. សូមមើល អាលម៉ា ៤៨:១៧ ។

  33. សូមមើល ម៉ូសាយ ៤:២; អាលម៉ា ៣៦:១៨ ។

  34. សូម​មើល ថូម៉ាស អេស ម៉នសុន « Be of Good Cheer » Liahona ខែឧសភា ឆ្នាំ២០០៩ ទំព័រ ៩២ ។

  35. សូមមើល អេសាយ ៥៨:៩; ហេលេមិន ១០:៤–៥; អេធើរ ១២:៣០; មរ៉ូណៃ ៧:៣៣ ។

  36. សូមមើល នីហ្វៃទី ២ ២៥:២៣ ។

  37. អាលម៉ា ៥:២៦; សូមមើល ផងដែរ អាលម៉ា ៥:៩; ២៦:១៣ ។

  38. នីហ្វៃទី២ ១:១៥ ។