« អែលឌើរ អូស្សានី ហ្វារីយ៉ាស » លីហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ អូស្សានី ហ្វារីយ៉ាស
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ការអធិស្ឋានអំពីការសម្រេចចិត្ដលំបាកៗបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់អែលឌើរ អូស្សានី ហ្វារីយ៉ាស តាំងពីលោកនៅវ័យក្មេង ។ អែលឌើរ ហ្វារីយ៉ាស បានអធិស្ឋានបន្ទាប់ពីលោកបានជួបពួកអ្នកផ្សព្វផ្សាយសាសនានៅអាយុ ១៥ឆ្នាំ ។ លោកបានអធិស្ឋានអំពីបេសកកម្មពេញម៉ោង ការអប់រំ អាពាហ៍ពិពាហ៍ និងឱកាសការងារ ។
ហើយសូម្បីតែនៅពេលដែលផ្លូវមិនច្បាស់លាស់ក៏ដោយ លោកបានដឹងថាលោកត្រូវធ្វើអ្វី ។
លោកបានមានប្រសាសន៍ថា « ព្រះគឺជាអាទិភាពទីមួយរបស់លោកជានិច្ច » ។ « សូមបម្រើទ្រង់ជាមុន ។ យើងបានឃើញពរជ័យធំពីការធ្វើបែបនេះ » ។
លោកបានមានប្រសាសន៍ថា ការធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាបរិសុទ្ធមិនដែលដឹកនាំលោក និងភរិយារបស់លោកទៅផ្លូវខុសឡើយ ។ « ខ្ញុំបានរៀនពីអំណាចនៃវិវរណៈផ្ទាល់ខ្លួន ។ ព្រះមានព្រះបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់ ។ ហើយព្រះមានផែនការមួយសម្រាប់យើង » ។
អូស្សានី បាប៊ូស្សា ម៉ាហ្គេស ហ្វារីយ៉ាស បានកើតនៅរ៉េស៊ីហ្វេ ប្រទេសប្រេស៊ីល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៦៩ ជាកូនប្រុសរបស់យ៉ស អូសាណា ហ្វារីយ៉ាស និង សេវើរីណា បាប៊ូស្សា ម៉ាហ្គេស ។ លោក និងភរិយារបស់លោក ជីអូវ៉ាណា ដឺ ម៉េឌេរើស ផ្រាតា ហ្វារីយ៉ាស បានផ្សារភ្ជាប់នៅព្រះវិហារបរិសុទ្ធ សៅប៉ូឡូ ប្រេស៊ីល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩៤ ។ ពួកលោកមានកូនបីនាក់ ។
អែលឌើរ ហ្វារីយ៉ាស បានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យ កាតូលិកភើណាមប៊ូកូ សញ្ញាបត្រអនុបណ្ឌិតឯកទេសផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ ភើណាមប៊ូកូ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរៈកិច្ចពី Getulio Vargas Foundation ។ លោកបានបម្រើការងារនៅក្នុងសាសនាចក្រនៅក្នុងតំណែងផ្សេងៗ រួមមានអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស ហើយថ្មីៗនេះបំផុតគឺជាប្រធានផ្នែកកិច្ចការអាណាចក្រ សម្រាបតំបន់ប្រេស៊ីល ។
សព្វថ្ងៃនេះអែលឌើរ ហ្វារីយ៉ាស កំពុងបម្រើជាប្រធានបេសកកម្មនៅបេសកកម្ម អាត្លង់តា ចចចារ ។ លោកក៏បានបម្រើជាទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ស្មៀនស្ដេក ទីប្រឹក្សាជាន់ខ្ពស់ ប៊ីស្សព ទីប្រឹក្សាក្នុងគណៈប៊ីស្សព និងគ្រូបង្រៀនអង្គការបឋមសិក្សា ។