« អែលឌើរ អេឌ្វ័រដូ អេហ្វ អ័រតេហ្គា » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ អេឌ្វ័រដូ អេហ្វ អ័រតេហ្គា
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការបម្រើក្នុងសាសនាចក្រ អែលឌើរ អេឌ្វ័រដូ អេហ្វ អ័រតេហ្គា បានរៀននូវមេរៀនដ៏មានតម្លៃ ។ នៅក្នុងការហៅណាក៏ដោយ មិនថាជាប៊ីស្សព ឬជាបងប្អូនប្រុសផ្ដល់ការងារបម្រើក្ដី ការដឹងថាយើងតំណាងឲ្យព្រះអម្ចាស់ធ្វើឲ្យការហៅនោះកាន់តែមានភាពងាយស្រួល ។
លោកមានប្រសាសន៍ថា « ប្រសិនបើយើងគិតពីរបៀបដែលទ្រង់នឹងធ្វើនោះ វានឹងងាយស្រួល » ដកស្រង់ យ៉ាកុប ៥:៧១–៧២ នៅក្នុងព្រះគម្ពីរមរមន ។ « ខ្ញុំធ្លាប់មានអារម្មណ៍ថា ព្រះអម្ចាស់បម្រើប្រកៀកនឹងខ្ញុំជាច្រើនដងនៅក្នុងការហៅជាច្រើន ដោយសារនេះជាចម្ការទំពាំងបាយជូររបស់ទ្រង់ មិនមែនរបស់យើងឡើយ » ។
អេឌ្វ័រដូ ហ្វ្រាន់ស៊ីស្កូ អ័រតេហ្គា បានកើតនៅហ្គូដោយក្រូស មិនដូស្សា អាហ្សង់ទីន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៧ ជាកូនរបស់ ហ្វឺណាន់ដូ ដានីញ៉ែល អ័រតេហ្គា និង អ៊ីលម៉ា អិលវីរ៉ា អិនស្ដ័រហ្វឺរ ។ លោកបានរៀបអាពាហ៍ពិពាហ៍នឹង កាព្រីអែឡា អាឡិចាន់ត្រា ខាពី ហ្វ្រាន់ហ្សីអា នៅព្រះវិហារបរិសុទ្ធ ម៉ុនតេវីដេអូ អ៊ុយរ៉ាហ្គាយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០២ ។ ពួកលោកមានកូនប្រាំនាក់ ហើយកំពុងរស់នៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ។
អែលឌើរ អ័រតេហ្គា ទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យ ចន អេហ្វ ខេនន័រឌី ប្រទេសអាហ្សង់ទីន ក្នុងឆ្នាំ២០០៨ ហើយទទួលសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ បិលហ្គ្រាណូ ក្នុងឆ្នាំ២០១៦ ។ ក្នុងឆ្នាំ២០១៧ លោកទទួលវិញ្ញាបនបត្រភាពជាអ្នកដឹកនាំពីសាលា Harvard Business ។ លោកបានបម្រើការងារជាអ្នកគ្រប់គ្រងគម្រោងសាងសង់ ដំបូងបំផុតឲ្យក្រុមហ៊ុន SBA Company ហើយបន្ទាប់មកឲ្យក្រុមហ៊ុន Village Roadshow Entertainment Group សាខាប្រទេសអាហ្សង់ទីន ។ លោកបានក្លាយជានាយកផ្នែកអចលនទ្រព្យប្រចាំក្រុមហ៊ុន American Express Company នៅឆ្នាំ២០១៤ សមាជិកក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុន Arch Royale Projects Ltd ក្នុងឆ្នាំ២០២៣ និងជាសមាជិកក្រុមប្រឹក្សាភិបាលក្នុងក្រុមហ៊ុន CorNet Global នៅឆ្នាំ២០២៤ ។
នៅពេលដែលលោកត្រូវបានហៅនោះ អែលឌើរ អ័រតេហ្គា កំពុងតែបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ។ លោកក៏បានបម្រើជាទីប្រឹក្សាក្នុងគណៈប្រធានស្ដេក ប៊ីស្សព ទីប្រឹក្សាក្នុងគណៈប្រធានប៊ីស្សព ប្រធានកូរ៉ុមអែលឌើរ អ្នកដឹកនាំក្រុមថ្នាក់សង្ឃ និងជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង នៅបេសកកម្ម ខាលី កូឡុំប៊ី ។