ឆ្នាំ ២០២៣
ពេលជីវិត​ខ្ញុំ​ខ្មៅងងឹត ខ្ញុំ​ងាក​ទៅរក​ព្រះ​គ្រីស្ទ
ខែ មីនា ឆ្នាំ ២០២៣


« ពេលជីវិត​ខ្ញុំ​ខ្មៅងងឹត ខ្ញុំ​ងាក​ទៅរក​ព្រះ​គ្រីស្ទ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

យុវមជ្ឈិមវ័យ

ពេលជីវិត​ខ្ញុំ​ខ្មៅងងឹត ខ្ញុំ​ងាក​ទៅរក​ព្រះ​គ្រីស្ទ

ដោយ​មាន​រឿង​មិន​ល្អ​កើតឡើង​នៅជុំវិញ​ខ្ញុំ ខ្ញុំ​មិន​ប្រាកដ​អំពី​អត្ថន័យ​នៃ​ការ​មាន​គ្រឹះ​នៅលើ​ព្រះគ្រីស្ទ​ឡើយ ។

រូបភាព
ស្រ្តី​កំពុង​មើល​ឆ្ពោះ​ទៅ​ពន្លឺ

រូបថត​តាម Getty Images ថត​ដោយ​អ្នក​បង្ហាញ​ម៉ូដ

នៅក្នុង​សារលិខិត​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រថាន​ទីមួយ បាន​មាន​ប្រសាសន៍​ពី​គ្រាលំបាក​នៅក្នុង​ពិភពលោក ៖ « សាវក​ប៉ុល​បាន​សរសេរ​ទៅកាន់ ធីម៉ូថេ​ថា ‹ ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ › ( ធីម៉ូថេ ទី២ ៣:១ ) ។

« … វា​មិន​ងាយស្រួល​ឡើយ ប៉ុន្តែវា​កាន់តែ​ពិបាក​ខ្លាំងឡើង ហើយ​ដើម្បីគោរព​ដល់​សេចក្ដីសញ្ញា យើង​ត្រូវតែ​ចុះ និង​រក្សា​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ពេល​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំងនេះ ខ្ញុំ​មាន​អារម្មណ៍​អន្ទះសារ ។ ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​រួច​ហើយ​នៅ​ផ្ទះ​របស់​ខ្ញុំ​នៅ​វ៉េណេស៊ុយអេឡា ។ អ៊ីចឹង​សំណួរ​ដូចជា « តើ​ខ្ញុំ​អាច​រក្សា​សុទិដ្ឋិនិយម​ដោយ​របៀប​ណា​នៅពេល​ដែល​ពិភពលោក​ខ្មៅ​ងងឹត​ដូច្នេះ ? » និង « តើ​ខ្ញុំ​អាច​ទន្ទឹង​រង់ចាំ​អនាគត​ដ៏​ភ្លឺស្វាង នៅ​ពេល​ដែល​បច្ចុប្បន្នភាព​ពោរពេញ​ដោយ​ភាពខ្មៅងងឹត​ដោយ​របៀបណា ? » ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្ញុំ​នៅ​ពេលនោះ ។

ប៉ុន្តែ​ប្រធាន អាវរិង បាន​ផ្តល់​ឲ្យ​នូវ​ដំណោះស្រាយ ។ លោក​បាន​ដកស្រង់ ហេលេមិន ៥:១២ ដែល​និយាយ​អំពី​ការស្ថាបនា​គ្រឹះ​របស់​យើង « នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ » ។

ខ្ញុំ​បាន​ជឿ​រួច​ទៅហើយ​ថា បទគម្ពីរ​នេះ​គឺ​ពិត ប៉ុន្តែ​ការ​ស្ថាបនា​គ្រឹះ​នៅលើ​ព្រះ​អង្គសង្រ្គោះ​ហាក់​ដូចជា​ការនិយាយ​ស្រួល​ជាង​ការធ្វើ ។ ទោះជា​យ៉ាងណា​ក៏​ដោយ កាល​ដែល​ខ្ញុំ​ខិតមក​ជិត​ព្រះគ្រីស្ទ នោះ​ខ្ញុំ​បាន​ឃើញ​ថា​អ្វីៗ​គ្រប់យ៉ាង​ដំណើរការ​ទៅ​យ៉ាងរលូន នៅពេល​ដែល​ជំនឿ​របស់​បងប្អូន​រឹងមាំ​នៅលើ​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដី សញ្ញា ៩០:២៤ ) ។

ការមាន​អារម្មណ៍​ត្រូវគេ​បោះបង់​ចោល

ពីរបីខែ​មុន ខ្ញុំ​បាន​ទទទួល​ដំណឹង​មួយ​ដ៏​រន្ធត់​បំផុត​មកពី​គ្រួសារ​របស់​ខ្ញុំ ។ ពិភពលោក​របស់​ខ្ញុំ​ហាក់​ដូចជា​រលំស្រុត​ចុះមក​ចំពោះ​មុខ​ខ្ញុំ ។ ខ្ញុំមាន​អារម្មណ៍​ស្លុត ច្របូក​ច្របល់ និង​អន្ទះសារ​រហូត​ដល់​ខ្ញុំ​ធ្លាក់​ខ្លួនឈឺ !

ខ្ញុំ​មិនយល់​ថា​ហេតុអ្វី​បាន​ជា​យើង​ប្រឈមមុខ​ទៅនឹង​ភាពលំបាក​បែប​នេះឡើយ នៅពេល​ដែល​ខ្ញុំ​ព្យាយាម​ដើម្បី​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់​នោះ ។ ខ្ញុំ​ងឿងឆ្ងល់​ថាតើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ដែរ​ឬ​ទេ ។ អនាគត​មើលទៅ​អួអាប់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​បាន​បោះបង់​ខ្ញុំ​ចោល ។

ពេល​កំពុង​មាន​ទុក្ខលំបាក ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តល្អម្នាក់​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​អ្វីមួយ​ដែល​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​បាន​ឡើយ ៖ « ខ្ញុំ​គិតថា​ស្ថានភាព​នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​ឯង​ដើម្បី​សញ្ជឹងគិត​អំពី​ទំនាក់ទំនង ផ្ទាល់ខ្លួន របស់​ឯង​ជាមួយ​ព្រះអម្ចាស់ ។ មិនថា​មាន​រឿង​អ្វី​កើតឡើង​នោះទេ វា​អាស្រ័យ​ទៅលើ​ឯង​ដើម្បី​ងាក​ទៅ​រក​ទ្រង់​ដើម្បី​ទទួល​បាន​ជំនួយ ។ ប្រសិនបើ​ឯង​ធ្វើ​ដូច្នោះ ទ្រង់​នឹង​ប្រទាន​ដល់​ឯង​នូវ​សេចក្តីស្រឡាញ់ និង​ការធូរស្រាល​ដែល​ឯង​ត្រូវការ​ឥឡូវ​នេះ » ។

ពាក្យ​សម្តី​ទាំងនោះ​បាន​ផ្លាស់ប្តូរ​ទស្សនវិស័យ​របស់​ខ្ញុំ ។ ខ្ញុំ​មានការ​ខឹងសម្បារ និង​ឈឺចាប់ ហើយនិង​ច្របូកច្របល់​ព្រោះតែ​កាលៈទេសៈ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មាន​ជម្រើស ។ មិនថា​យើង​កំពុង​ឆ្លងកាត់​អ្វី​នោះទេ សេចក្តី​ភ័យខ្លាច​អ្វី​ដែល​យើង​មាន ឬ​ការលំបាក​អ្វី​ដែល​យើង​កំពុង​ប្រឈមមុខ​នោះទេ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​តែងតែ​គង់​នៅ​ជិត​យើង​ជានិច្ច ។ យើង​មាន​ជម្រើស​ដើម្បី​ងាក ឆ្ពោះទៅរក ទ្រង់​ដោយ​សេចក្ដី​ជំនឿ មិនមែន ចាកចេញ​ឆ្ងាយ ពី​ទ្រង់​នៅក្នុង​គ្រា​លំបាក​នោះ​ទេ ។

នេះ គឺជា​របៀប​ដែល​យើង​ពង្រឹងគ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​យើង​នៅលើ​ទ្រង់ ហើយ​តទល់​នឹង​ភាពលំបាក​នៅក្នុង​ពិភពលោក​នេះ ។ តាមរយៈ​ការជ្រើសរើស​ទ្រង់ ។

ដូចដែល​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « នៅកណ្តាល​ភ្លើង​របស់​ជាង​សំរង​នេះ សូម​ចូល​ទៅ​ជិត​ព្រះ ជាជាង​ខឹង​ជាមួយ​ព្រះ ។ សូម​អំពាវនាវ​ទៅដល់​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ។ សូម​ដើរ​ជាមួយ​ទ្រង់​ទាំងទ្វេ​ដោយ​ព្រះវិញ្ញាណ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។ សូម​អនុញ្ញាត​ឲ្យ​ទ្រង់​ទាំងទ្វេ​បង្ហាញ​ពី​ភក្តីភាព​របស់​ទ្រង់​ចំពោះ​បងប្អូន ។ សូម​ចូល​មក​ស្គាល់​ទ្រង់​ទាំងទ្វេ​យ៉ាង​ពិត​ប្រាកដ ហើយ​ស្គាល់​ខ្លួន​ឯង​យ៉ាង​ពិត​ប្រាកដ » ។

ព្រះគ្រីស្ទ​កំពុង​រង់ចាំ​ខ្ញុំ​ដើម្បី​ងាក​ទៅរក​ទ្រង់​ដើម្បី​ទទួល​បាន​ជំនួយ ។ នោះ​ពុំមាន​ន័យថា ទ្រង់​នឹង​ធ្វើ​ឲ្យ​បញ្ហា​របស់​ខ្ញុំ​ទាំងអស់​រលាយ​បាត់ ឬ​កែប្រែ​អ្វីៗ​ក្នុង​ជីវិត​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រែក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ ទទួល​បាន​អំណរ ហើយ​កាន់តែ​វិសុទ្ធ​វិញ ។

ហើយ​យូរៗទៅ នៅពេល​ខ្ញុំ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​សេចក្តី​ជំនឿ ទ្រង់​បាន​ជួយ​ខ្ញុំ​អភ័យទោស​ដល់​សមាជិក​គ្រួសារ​របស់ខ្ញុំ ហើយ​ប្រទាន​ក្តី​អំណរ​ចូល​មកក្នុង​ជីវិត​របស់ខ្ញុំ​ម្តងទៀត បើទោះបី​ជា​បញ្ហា​មួយ​ចំនួន​នៅតែ​មិន​អាច​ដោះស្រាយ​បាន​ក៏ដោយ ។

សេចក្តី​សន្យា​នៃ​សុវត្ថិភាព

ទាំងនេះ​គឺជា​ការលំបាក​នៅ​ថ្ងៃ​ចុងក្រោយ​យ៉ាងពិត​ប្រាកដ ។ យើង​ឮ​អំពី​សង្គ្រាម និង​ពាក្យចចាម​អារ៉ាម​អំពី​សង្គ្រាម ពី​ជំងឺ​រាតត្បាត ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ—ហើយ​ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​ពេលវេលា​ដ៏​លំបាក​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ ។ ទោះជាយ៉ាង​ណាក៏ដោយ ការស្ថាបនា​នៅលើ​ថ្មដា​ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការទុកចិត្ត​លើ​ទ្រង់​នឹង​ផ្តល់​ឲ្យ​យើង​នូវ​សន្តិភាព និង​អំណរ​ជានិច្ច មិនថា​យើង​កំពុង​ប្រឈមមុខ​ទៅនឹង​អ្វី​នោះទេ ។ ក៏​ដូច​ដែល​ប្រធាន អាវរិង បាន​បង្រៀន​ដែរ​ថា « សម្រាប់​យើង​ទាំងអស់គ្នា​ណា​ដែល​ព្រួយ​បារម្ភ​ចំពោះ​ខ្លួនឯង និង​ចំពោះ​មនុស្ស​ដែល​យើង​ស្រឡាញ់ ចូរ​មាន​សេចក្ដី​សង្ឃឹម​នៅក្នុង​ការសន្យា​ដែល​ព្រះ​បាន​ប្រទាន​មក អំពី​កន្លែង​ដែល​មាន​សុវត្ថិភាព​នៅកណ្ដាល​ខ្យល់ព្យុះ​ខាងមុខ​នេះ » ។

ឱ នោះ​គឺជា​ការសន្យា​ដ៏​មាន​អានុភាព និង​ស្រស់ស្អាត​ណាស់ ។ ហើយ​ខ្ញុំ​បាន​ឃើញ​ការសន្យា​នោះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា នេះ​គឺជា​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​ទ្រង់​ជា​ប្រភព​នៃ​រាល់​ពរជ័យ​ទាំងឡាយ ។ ទ្រង់​គឺជា​ពន្លឺ ទ្រង់​គឺជា​ព្រះអង្គសង្រ្គោះ​របស់​យើង ហើយ​យើង​គឺជា​កូនចៀម​របស់​ទ្រង់ ។ សូម​ឲ្យ​យើង​ជ្រើសរើស​ទ្រង់ និង​ជ្រើសរើស​ជឿ ។

អ្នកនិពន្ធ​រស់នៅ​ទីក្រុង​ហ្សូលីយ៉ា ប្រទេស​​វ៉េណេស៊ុយអេឡា ។