ឆ្នាំ ២០២៣
ពរជ័យ​បព្វជិតភាព
ខែ មីនា ឆ្នាំ ២០២៣


« ពរជ័យ​បព្វជិតភាព » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

ពរជ័យ​បព្វជិតភាព

រូបភាព
ព្រះគ្រីស្ទ​តែងតាំង​ពួក​សាវក​ដប់ពីរ​នាក់

ព្រះគ្រីស្ទ​តែងតាំង​ពួក​សាវក​ដប់ពីរ​នាក់ ដោយ ហារី អាន់ឌើរសុន

ពរជ័យ​នៃ​បព្វជិតភាព​បាន​ផ្តល់​ឲ្យ​តាមរយៈ​ការបំផុសគំនិត​ដោយ​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក ។ ពរជ័យ​នៃ​បព្វជិតភាព​មាន​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​ដើម្បី​ទទួល​ព្រះចេស្តា​របស់ទ្រ់ង ការព្យាបាល ការលួងលោម និង​ការដឹកនាំ ។

បព្វជិតភាព

បព្វជិតភាព​នេះ​គឺជា​ព្រះចេស្តា និង​សិទ្ធិ​អំណាច​របស់​ព្រះ ។ បុរស​មាន​ភាពស័ក្តិសម​ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ធ្វើ​កិច្ចការ​ក្នុង​ព្រះនាម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​ផ្តល់​ពរជ័យ​នៃ​បព្វជិតភាព ។ នៅពេល​ពួកគេ​ផ្តល់​ពរជ័យ​ទាំងនេះ ពួកគេ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ​នៃ​ការផ្តល់​ពរជ័យ​ដល់​អ្នក​ដទៃ ។

រូបភាព
ការដៃ​ដាក់​នៅ​ក្បាល

ថតរូប​ដោយ​ដេវីឌ វិនធើរ

របៀប​ដែល​ពរជ័យ​ត្រូវ​បាន​ផ្តល់​ឲ្យ

ពរជ័យ​នៃ​បព្វជិតភាព​ផ្តល់​ឲ្យ​ដោយ​ការដាក់​ដៃ​លើ​ក្បាល ។ អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ដាក់​ដៃ​របស់​គាត់​នៅលើ​ក្បាល​នៃ​បុគ្គល​ទទួល​ពរជ័យ​នេះ ។ បន្ទាប់មក​គាត់​ផ្ដល់​ការ​ប្រសិទ្ធពរ​តាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។ អស់អ្នក​ដែល​ផ្តល់​ពរជ័យ និង​អស់​អ្នក​ដែល​ទទួល​ពរជ័យ​បព្វជិតភាព​នេះ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ និង​ទុកចិត្ត​តាម​ព្រះទ័យ និង​ពេលវេលា​របស់​ទ្រង់ ។

ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ

បន្ទាប់​ពី​ក្មេង​កើត​មក អ្នកកាន់​បព្វជិតភាព​ផ្តល់​ឈ្មោះ​ឲ្យ​ពួកគេ និង​ការប្រសិទ្ធពរ​មួយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧០ ) ។ ការណ៍​នេះ​ជា​ធម្មតា​កើតឡើង​នៅ ការប្រជុំ​ការតមអាហារ និង​ថ្លែង​ទីបន្ទាល់ ។ ដំបូង​ក្មេង​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ឲ្យ ។ បន្ទាប់មក​អ្នក​កាន់​បព្វជិតភាព​ផ្តល់​ការប្រសិទ្ធពរ​មួយ​ដល់​ក្មេង​នោះ ។

រូបភាព
កុមារ​ឈឺ​ម្នាក់​កំពុង​ទទួល​ពរជ័យ​នៃ​បព្វជិតភាព

ការប្រសិទ្ធពរ​ដល់​អ្នក​ដែល​ឈឺ

អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​អាច​ផ្តល់​ពរជ័យ​ទាំងឡាយ​ដល់​អ្នក​ដែល​ឈឺ​បាន ។ ពរជ័យ​បែប​នេះ​មាន​ពីរ​ផ្នែក ៖ ការលាប​ប្រេង ដោយ​ប្រេង និង​ផ្សារភ្ជាប់​ប្រេងតាំង ។ ដំបូង អ្នក​កាន់​បព្វជិតភាព​បន្តក់​ប្រេង​មួយ​ដំណក់​ដែល​បាន​ញែកចេញ ឬ​ប្រសិទ្ធពរ​នៅលើ​ក្បាល​របស់​បុគ្គល​នោះ និង​ផ្តល់​ការអធិស្ឋាន​ខ្លី​មួយ ។ បន្ទាប់មក​អ្នក​កាន់​បព្វជិតភាព​ផ្សេងទៀត​ផ្សារភ្ជាប់​ការលាបប្រេង និង​ផ្តល់​ពរជ័យ​ដល់​បុគ្គល​នេះ​នូវ​ពរជ័យ​តាម​ការ​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការ​ប្រសិទ្ធពរ​នៃ​ការ​លួង​លោម និង​ការ​ប្រឹក្សា

អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​អាច​ផ្តល់​ពរជ័យ​នៃ​ការលួងលោម​ចិត្ត និង​ការប្រឹក្សា​ដល់​សមាជិក​គ្រួសារ និង​មនុស្ស​ដទៃទៀត​ដែល​បាន​ស្នើសុំ​ពរជ័យ​ទាំងនោះ ។ ឪពុក​ដែល​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​អាច​ផ្តល់​ពរជ័យ​របស់​ឪពុក​ដល់​កូនៗ​របស់​គាត់​បាន ។ ការណ៍​ទាំងនេះ​អាច​មាន​ប្រយោជន៍​ជា​ពិសេស​នៅពេល​ក្មេងៗ​ប្រឈមមុខ​នឹង​ការប្រឈម​ពិសេសៗ​នានា ។

ការ​ធ្វើ​ពិធី​ញែក​ចេញ​សមាជិក​ឲ្យបម្រើ​នៅក្នុង​ការហៅបម្រើ

នៅពេល​សមាជិក​សាសនាចក្រ​ទទួល​ការហៅ​នានា ពួកគេ​ទទួល​បាន​ការប្រសិទ្ធពរ​នៅពេល​ពួកគេ​បាន​ទទួល​ការញែកចេញ​ដើម្បី​បម្រើ ។ អ្នក​កាន់​បព្វជិតភាព​ប្រសិទ្ធពរ​ដល់​ពួកគេ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​ការហៅ​នោះ ។ អ្នក​កាន់​បព្វជិតភាព​ក៏​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការប្រសិទ្ធពរ​ដើម្បី​ជួយ​ពួកគេ​នៅក្នុង​ការបម្រើ​របស់​ពួកគេ​ផងដែរ ។

រូបភាព
ស្រ្តី​ម្នាក់​កំពុង​អាន​​ពរ​របស់​លោកអយ្យកោ​របស់​គាត់

ថតរូប​ដោយ ស៊នណា ស្ទីហ្វីនសុន

ពរ​របស់​លោក​អយ្យកោ

សមាជិក​សាសនាចក្រ​ដែល​មាន​ភាពស័ក្តិសម​គ្រប់រូប​អាច​ទទួល​ពរ​របស់​លោក​អយ្យកោ​បាន ។ ពរជ័យ​នេះ​ផ្តល់​ការប្រឹក្សា​ផ្ទាល់ខ្លួន​មកពី​ព្រះអម្ចាស់ ។ វា​អាច​ផ្តល់​ការដឹកនាំ និង​ការលួងលោម​ក្នុង​ជីវិត​របស់​បុគ្គល​នោះ ។ វា​ក៏​ប្រាប់​ពី​ពូជអំបូរ​របស់​បុគ្គល​នេះ​នៅក្នុង​វង្ស​របស់​អ៊ីស្រាអែល​ផងដែរ ។ មានតែ​លោក​អយ្យកោ ដែល​បាន​តែងតាំង ប៉ុណ្ណោះ ទើប​អាច​ផ្តល់​ពរជ័យ​បែប​នេះ​បាន ។