ក្បួនខ្នាត និង​ការហៅ
១៨. ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព


« ១៨. ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព »​ ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) ។

« ១៨. ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព » ក្បួន​ខ្នាត​ទូទៅ ។

១៨.

ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព

១៨.០

សេចក្តី​ផ្ដើម

ពិធីបរិសុទ្ធ និង​ពរជ័យទាំងឡាយ​​គឺជា​កិច្ចការ​ដ៏ពិសិដ្ឋ​មួយ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​សិទ្ធិអំណាច​នៃ​​បព្វជិតភាព និង​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​អ្នកកាន់​បព្វជិតភាព​ធ្វើ​ពិធីបរិសុទ្ធ និង​ប្រសិទ្ធពរ នោះ​ពួកគេ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ​ក្នុង​ការផ្តល់​ពរជ័យ​ដល់​មនុស្ស​ដទៃ ។ ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព​ផ្តល់​សិទ្ធិ​ដើម្បី​ទទួល​ព្រះចេស្ដា​របស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២០ ) ។

ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងឡាយ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​សេចក្តីជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយស្រប​តាម​ការដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ថ្នាក់ដឹកនាំ​ធានាឲ្យបាន​ថា ពួកគេ​ធ្វើ​កិច្ចការ​នេះ​ដោយ​មាន​ការអនុម័ត​ត្រឹមត្រូវ ( បើចាំបាច់ ) ជាមួយ​នឹង​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​តម្រូវ​ឲ្យ​មាន តាម​របៀប​ត្រឹមត្រូវ ហើយ​ដោយ​អ្នកចូលរួម​ដែល​មាន​ភាពស័ក្តិសម ( សូមមើល​លេខ ១៨.៣ ) ។

សម្រាប់​គោលនយោបាយ​ស្តីពី​ពិធីបរិសុទ្ធ និង​ពរជ័យ​បព្វជិតភាព សូមមើល​លេខ ៣៨.២ ។

១៨.១

ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើងឡើង

បព្វជិតភាព​រួមមាន​​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​ចាំបាច់​សម្រាប់​សេចក្តីសង្រ្គោះ និង​ភាព​តម្កើងឡើង ។ មនុស្ស​ចុះ​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ទាំង​នេះ​ជាមួយ​ព្រះ នៅពេល​ពួកគេ​ទទួល​ពិធីបរិសុទ្ធ​ទាំងនេះ ។ ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើង​ឡើង​គឺត្រូវបាន​រៀបរាប់​ដូចខាងក្រោម ៖

  • ពិធីបុណ្យ​ជ្រមុជ​ទឹក

  • ពិធីបញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ការប្រគល់​បព្វជិតភាព​មិលគីស្សាដែក និង​ការតែងតាំង​ឲ្យ​មាន​តំណែង​មួយ ( សម្រាប់​បុរស )

  • អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

  • ការ​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ

ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើង​ឡើង​មិន​ធ្វើឡើង​សម្រាប់​បុគ្គល​ដែល​មានពិការភាព​ខាង​បញ្ញា​នោះ​ទេ ដោយ​សារ​​ពួកគេ​មិនអាច​ទទួល​ខុសត្រូវ និង​មិន​អាច​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះបាន​ឡើយ ។ ពិធីបរិសុទ្ធ​ទាំងនេះ​ក៏​មិន​សម្រាប់​​កុមារ​ដែល​ស្លាប់​ពីមុន​អាយុ ៨ ឆ្នាំ​​ផងដែរ ។ បុគ្គល​ទាំងនេះ​ត្រូវបាន « សង្គ្រោះ​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ស្ថានសួគ៌ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:១០; សូមមើល​ផងដែរ មរ៉ូណៃ ៨:៨–១២ ) ។

១៨.២

ពិធីបរិសុទ្ធ និង​ពរជ័យ​ដទៃទៀត

ពិធីបរិសុទ្ធ និង​ពរជ័យ​ដទៃទៀត​ធ្វើ​ឲ្យ​បុត្រា​បុត្រី​​របស់ព្រះ​អាច​ទទួល​បាន​អំណាច​​របស់​ទ្រង់ការព្យាបាល ការលួងលោម​ចិត្ត និង​ការដឹកនាំ​របស់ទ្រង់ ។ ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងនេះ​មាន​​ដូចខាងក្រោម ៖

  • ការ​ដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ

  • ពិធី​សាក្រាម៉ង់

  • ការប្រគល់​បព្វជិតភាព​អើរ៉ុន និង​ការតែងតាំង​ឲ្យ​មាន​តំណែង​មួយ ( សម្រាប់​ក្រុមយុវជន និង​បុរស )

  • ការ​ញែក​ចេញ​សមាជិក​ឲ្យបម្រើ​នៅក្នុង​ការហៅបម្រើ

  • ការឧទ្ទិស​ប្រេង

  • ការ​ព្យាបាល​អ្នក​ឈឺ

  • ការ​ប្រសិទ្ធពរ​នៃ​ការលួងលោម​ចិត្ត និង​ប្រឹក្សា រួមទាំង​ការ​ប្រសិទ្ធពរ​របស់​ឪពុក

  • ការឧទ្ទិស​ឆ្លង​គេហដ្ឋាន

  • ការឧទ្ទិស​ឆ្លង​ផ្នូរ

  • ពរ​របស់​លោក​អយ្យកោ​តាមរយៈ​លោកអយ្យកោ​ដែល​បាន​តែងតាំង

១៨.៣

ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

អស់អ្នក​ដែល​ធ្វើ ឬ​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ​ត្រូវតែ​មាន​សិទ្ធិអំណាច​បព្វជិតភាព​ដែលចាំបាច់ និង​មាន​ភាពស័ក្តិសម ។ ជាទូទៅ បទដ្ឋាន​នៃភាពស័ក្តិសម​គឺ​ទាក់ទង​នឹង​ការ​មានបណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​មាន​ការណែនាំ​ដោយ​ព្រះវិញ្ញាណ និង​សេចក្តីណែនាំ នៅក្នុង​ជំពូកនេះ នោះ​ប៊ីស្សព និង​ប្រធានស្តេក​អាច​អនុញ្ញាត​ឲ្យ​ឪពុក និង​ស្វាមី​ដែល​មាន​តំណែង​បព្វជិតភាព​ដែល​​ចាំបាច់​ឲ្យ​​ធ្វើ ឬ​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​មួយ​ចំនួន ទោះបីជា​ពួកគេ​មិនមាន​ភាពស័ក្តិសម​ខាង​ព្រះវិហារ​បរិសុទ្ធ​​ទាំងស្រុង​ក្តី ។ អ្នក​កាន់បព្វជិតភាព​ដែល​មិនទាន់​បាន​ដោះស្រាយ​អំពើបាប​ធ្ងន់ធ្ងរ​មិនគួរ​ចូលរួម​នោះទេ ។

ជាទូទៅ មានតែ​ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អ្នក​កាន់បព្វជិតភាព​ដទៃទៀត​ដែល​ជិតស្និទ្ធ​នឹង​សមាជិក​គ្រួសារ​នេះ និង​មិត្តភក្តិ​ប៉ុណ្ណោះ​ដែល​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ ឬ​ធ្វើការ​ប្រសិទ្ធពរ ។

នៅពេល​ដែល​មាន​តែ​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ឬ​ពីរនាក់​ចូលរួម ពួកគាត់​ម្នាក់ៗ​ដាក់ដៃ​ទាំងពីរ​លើ​ក្បាល​របស់​បុគ្គល​នោះ​ស្រាលៗ ។ នៅពេល​មាន​អ្នកចូលរួម​ច្រើន នោះ​ពួកគាត់​ឈរ​ជារង្វង់​នៅជុំវិញ​បុគ្គល​ដែល​កំពុង​ទទួល​ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ​នោះ ។ ពួកគាត់​ម្នាក់ៗ​ដាក់ដៃ​ស្តាំ​លើ​ក្បាល​របស់​បុគ្គល​នេះ​ស្រាលៗ ( ឬ​ខាងក្រោម​ទារក ) ហើយ​ដៃឆ្វេង​របស់​គាត់​ដាក់លើ​ស្មា​របស់​បងប្អូនប្រុស​នៅខាង​ឆ្វេងដៃ​គាត់ ។ បុគ្គលម្នាក់​ជា​អ្នក​និយាយ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ ឬ​ផ្តល់​ឲ្យ​នូវការ​ប្រសិទ្ធពរ ។

ការធ្វើ ឬ​ការទទួល​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​មួយចំនួន​តម្រូវ​ឲ្យ​មាន​ការអនុម័ត​ពី​ថ្នាក់ដឹកនាំ​ដែល​ជា​អធិបតី ជា​បុគ្គល​ដែល​កាន់​កូនសោ​បព្វជិតភាព​ចាំបាច់ ( សូមមើល​លេខ ៣.៤.១ ) ។ ការអនុម័ត​ក៏​អាច​មកពី​នរណា​ម្នាក់​ដែល​មានសិទ្ធិ​អំណាច​ផងដែរ ដូចជា​ទីប្រឹក្សា​ណាម្នាក់​របស់​គាត់ ។ សូមមើល​តារាង​ដូចខាងក្រោម ។

តើ​ថ្នាក់ដឹកនាំ​រូបណា​ដែល​កាន់​កូនសោ​ដើម្បី​ផ្តល់​ការ​អនុម័ត​ដើម្បីធ្វើ ឬ​ទទួល​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្រ្គោះ និង​ភាព​តម្កើងឡើង ?

ពិធីបរិសុទ្ធ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ពិធីបរិសុទ្ធ

ពិធីបុណ្យ​ជ្រមុជ​ទឹក

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព ( សម្រាប់​កុមារ​ដែល​មាន​អាយុ ៨ ឆ្នាំ ដែល​ជាសមាជិក​មានឈ្មោះ​នៅក្នុង​កំណត់ត្រា )

ប្រធាន​បេសកកម្ម ( សម្រាប់​អ្នកផ្លាស់ប្រែ​ចិត្តជឿ )

ពិធីបរិសុទ្ធ

ពិធីបញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព ( សម្រាប់​កុមារ​ដែល​មាន​អាយុ ៨ ឆ្នាំ ដែល​ជាសមាជិក​មានឈ្មោះ​នៅក្នុង​កំណត់ត្រា )

ប្រធាន​បេសកកម្ម ( សម្រាប់​អ្នកផ្លាស់ប្រែ​ចិត្តជឿ )

ពិធីបរិសុទ្ធ

ការប្រគល់​បព្វជិតភាព​មិលគីស្សាដែក និង​ការតែងតាំង​ឲ្យ​មាន​តំណែង​មួយ ( សម្រាប់​បុរស )

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប្រធាន​ស្តេក

ពិធីបរិសុទ្ធ

អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព និង​ប្រធាន​ស្តេក

ពិធីបរិសុទ្ធ

ការ​ផ្សារ​ភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព និង​ប្រធាន​ស្តេក

តើ​ថ្នាក់ដឹកនាំ​រូបណា​ដែល​កាន់​កូនសោ​ដើម្បី​ផ្តល់​ការ​អនុម័ត​ដើម្បីធ្វើ ឬ​ទទួល​ពិធីបរិសុទ្ធ និង​ការប្រសិទ្ធពរ​ដទៃទៀត ?

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការ​ដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ពិធី​សាក្រាម៉ង់

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការប្រគល់​បព្វជិតភាព​អើរ៉ុន និង​ការតែងតាំង​ឲ្យ​មាន​តំណែង​មួយ ( សម្រាប់​ក្រុមយុវជន និង​បុរស )

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការ​ញែក​ចេញ​សមាជិក​ឲ្យបម្រើ​នៅក្នុង​ការហៅបម្រើ

អ្នក​កាន់​កូនសោ​ទាំងឡាយ

សូមមើល « តារាង​នៃ​ការហៅបម្រើ » ( ៣០.៧ )

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការឧទ្ទិស​ប្រេង

អ្នក​កាន់​កូនសោ​ទាំងឡាយ

ពុំត្រូវការ​ការអនុម័ត

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការ​ព្យាបាល​អ្នក​ឈឺ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ពុំត្រូវការ​ការអនុម័ត

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការប្រសិទ្ធពរ​នៃ​ការលួងលោម​ចិត្ត និង​ការប្រឹក្សា រួមទាំង​ពរជ័យ​របស់​លោកឪពុក

អ្នក​កាន់​កូនសោ​ទាំងឡាយ

ពុំត្រូវការ​ការអនុម័ត

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការឧទ្ទិស​ឆ្លង​គេហដ្ឋាន

អ្នក​កាន់​កូនសោ​ទាំងឡាយ

ពុំត្រូវការ​ការអនុម័ត

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ការឧទ្ទិស​ឆ្លង​ផ្នូរ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​ធ្វើអធិបតី​លើ​ការបម្រើ

ពិធីបរិសុទ្ធ ឬ​ការប្រសិទ្ធពរ

ពរ​របស់​លោក​អយ្យកោ

អ្នក​កាន់​កូនសោ​ទាំងឡាយ

ប៊ីស្សព

១៨.៤

ពិធីបរិសុទ្ធ​សម្រាប់​កុមារ​តូចៗ

កុមារ​តូចៗ​អាច​ត្រូវបាន​ប្រសិទ្ធពរ ទទួលបុណ្យ​ជ្រមុជទឹក ទទួល​ពិធីបញ្ជាក់ តែងតាំង​ឲ្យ​មាន​តំណែង​បព្វជិតភាព ឬ​ញែកចេញ​ឲ្យ​មាន​ការហៅបម្រើ​មួយ តែ​ពេល​ណា​ដែល​មាន​ការយល់ព្រម​ពី ( ១ ) ឪពុកម្តាយ​ដែល​មានសិទ្ធិ​ស្របច្បាប់​ដើម្បី​ចូលរួម​នៅក្នុង​ការសម្រេចចិត្ត ឬ ( ២ ) អាណាព្យាបាល​ស្របច្បាប់​ប៉ុណ្ណោះ ។ ចំពោះ​សំណួរ​អំពី​សិទ្ធិ​ស្របច្បាប់​របស់​​ឪពុកម្តាយ​ដែល​ពុំមាន​សិទ្ធិ​ស្របច្បាប់ នោះ​ប៊ីស្សព ឬ​ប្រធាន​ស្តេក​ស្វែងរក​ការ​ប្រឹក្សា​ផ្លូវ​​ច្បាប់​មកពី​ការិយាល័យ​ក្រុម​ប្រឹក្សា​ទូទៅ​របស់​សាសនាចក្រ ឬ​មកពី​ការិយាល័យ​​ប្រចាំតំបន់ ( សូមមើល​លេខ ៣៨.៨.២៦ ) ។

សម្រាប់​សេចក្តីណែនាំ​អំពី​ការធ្វើ​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ឲ្យ​កុមារតូចៗ សូម​មើល​លេខ ៣៨.២.៣.៦ ។

១៨.៥

ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឲ្យ និង​តាមរយៈ​បុគ្គល​ដែល​មាន​ពិការភាព

សូមមើល​លេខ ៣៨.២.១.៨ និង ៣៨.២.១.៩ ។

១៨.៦

ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ

« សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​គ្រប់​រូប ដែល​មាន​កូនចៅ នោះ​ត្រូវ​នាំ​ពួកគេ​មក​កាន់​ពួក​អែលឌើរ​នៅ​ចំពោះ​សាសនាចក្រ ជា​អ្នក​ដែល​ត្រូវ​ដាក់ដៃ​លើ​ពួកគេ ដោយ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ផ្តល់​ពរ​ដល់​ពួកគេ ដោយ​នូវ​ព្រះនាម​របស់​ទ្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧០ ) ។

ជាធម្មតា ទារក​ត្រូវបាន​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ នៅ​អំឡុង​ពេល​ការប្រជុំ​តម​អាហារ និង​ថ្លែង​ទី​បន្ទាល់​នៅក្នុង​វួដ​ដែល​ឪពុកម្តាយ​ជា​សមាជិក​នៅក្នុង​វួដ​នោះ ។ ប្រសិនបើ​ឪពុកម្តាយ​មិននៅ​ក្នុង​វួដ​ជាមួយគ្នា​ទេ ជាទូទៅ ពិធីបរិសុទ្ធ​ធ្វើ​នៅក្នុង​វួដ​ដែល​កុមារ​នឹង​រស់នៅ​ជាចម្បង ។

ការលើកលែង​ចំពោះ​កន្លែង​ប្រសិទ្ធពរ​ឲ្យ​កុមារ​​នៅ​កន្លែង​ផ្សេង​ត្រូវតែ​មាន​ការអនុម័ត​ពី​ប៊ីស្សព ។ ការលើកលែង​ដែលអាច​ធ្វើទៅបាន រួមមាន​ទាំង​ការប្រសិទ្ធពរ​មិននៅ​ថ្ងៃអាទិត្យ​តមអាហារ ជាពិសេស នៅក្នុង​វួដ​ដែល​មាន​ទារក​ច្រើន ការប្រសិទ្ធពរ​នៅក្នុង​វួដផ្សេង ជាវួដ​ដែល​ជីដូន និងជីតា ឬ​សមាជិក​គ្រួសារ​របស់​ទារក​រស់នៅ និង​ការប្រសិទ្ធពរ​នៅ​ផ្ទះ ។

១៨.៦.១

អ្នក​ដែល​ផ្តល់​ការប្រសិទ្ធពរ

ពិធីបរិសុទ្ធ​នៃ​ការដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ​ធ្វើឡើង​ដោយ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ដោយ​អនុលោមតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧០ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ជូនដំណឹង​ដល់​សមាជិក​អំពី​ពិធីនេះ មុន​ពេល​កូនចៅ​របស់​ពួកគេ​ត្រូវ​បាន​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ ។ ថ្នាក់​ដឹកនាំ​គួរមាន​ការ​ខិតខំ ដើម្បី​ចៀសវាង​ភាព​អាម៉ាស់ ឬការ​ធ្វើឲ្យ​បុគ្គល ឬ​ក្រុមគ្រួសារ​អាក់​អន់​ចិត្ត ។

បុគ្គល​ម្នាក់ ឬ​គ្រួសារ​មួយ​ដែល​មាន​បំណង​ឲ្យ​ទារក​ទទួល​ឈ្មោះ និង​ការប្រសិទ្ធពរ​សម្រប​សម្រួល​ពិធី​បរិសុទ្ធ​នោះ​ជាមួយ​នឹង​ប៊ីស្សព ។ គាត់​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​ការ​ដាក់​ឈ្មោះ និង​ការប្រសិទ្ធពរ​កុមារ​នៅ​ក្នុង​វួដ ។

ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក ដើម្បី​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ​ដល់​កូន​របស់​គាត់ ទោះជាឪពុក​គ្មាន​ភាពស័ក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ​ពេញលេញ​ក្តី ​( សូមមើល​លេខ ១៨.៣ ) ។ ប៊ីស្សព​លើក​ទឹក​ចិត្ត​ឪពុក​ទាំងឡាយ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ប្រសិទ្ធពរ​ដល់​កូនៗ​របស់​ពួកគេ​ផ្ទាល់ ។

ដើម្បី​ធ្វើ​ជា​អ្នក​​ប្រសិទ្ធពរ​កុមារ​ម្នាក់ បុគ្គល​ម្នាក់​ដែល​រស់​នៅ​ក្រៅ​វួដ​របស់​ខ្លួន​ត្រូវ​តែ​បង្ហាញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ដែល​ជា​អធិបតី ។ ឬ​គាត់​អាច​បង្ហាញលិខិត​ចេញ​អនុសាសន៍​ឲ្យ​ធ្វើ​ពិធី​បរិសុទ្ធ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​របស់​គាត់ ។

១៨.៦.២

សេចក្ដីណែនាំ

នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប៊ីស្សព ពួក​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ប្រមូល​ផ្ដុំ​គ្នា​ជា​រង្វង់​ដើម្បី​ដាក់​ឈ្មោះ និង​ប្រសិទ្ធពរ​ដល់​កុមារ​ម្នាក់ ។ ពួកគាត់​ដាក់​ដៃ​ទ្រ​ពី​ក្រោម​ទារក​ម្នាក់ ឬ​ពួកគាត់​​ដាក់​ដៃ​ស្រាលៗ​លើ​ក្បាល​របស់​កុមារ​ធំ​ម្នាក់ ។ បន្ទាប់​មក បុគ្គល​ដែល​ត្រូវ​ប្រសិទ្ធពរ​ពោល​ពាក្យ ៖

  1. ហៅ​ព្រះវរបិតា​សួគ៌​ដូច​ជា​នៅ​ក្នុង​ការ​អធិស្ឋាន ។

  2. និយាយ​ថា ការ​ប្រសិទ្ធពរ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ដាក់​ឈ្មោះ​ដល់​កុមារ​នោះ ។

  4. ហៅ​ឈ្មោះ​កុមារ​នោះ ។

  5. ផ្ដល់​ការ​ប្រសិទ្ធពរ​មួយ​ដល់​កុមារ​នោះ​ដូច​ដែល​បាន​ណែនាំ​ពី​ព្រះវិញ្ញាណ ។

  6. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

១៨.៦.៣

បែប​បទ​កំណត់​ត្រា​កុមារ និង​វិញ្ញាបនបត្រ​ប្រសិទ្ធពរ

ពីមុន​កុមារ​ម្នាក់​ទទួល​ការ​ប្រសិទ្ធ​ពរ ស្មៀន​ប្រើ​ប្រព័ន្ធ​ធនធាន​ថ្នាក់​ដឹកនាំ និង​ស្មៀន​ដើម្បី​រៀបចំបែប​បទ​កំណត់ត្រា​កុមារ ។ បន្ទាប់​ពី​ការ​ប្រសិទ្ធពរ គាត់​បង្កើត​កំណត់ត្រា​សមាជិកភាព​នៅក្នុង​ប្រព័ន្ធ​នោះ ហើយ​រៀបចំវិញ្ញាបនបត្រ​ប្រសិទ្ធពរមួយ ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប៊ីស្សព ហើយ​ជូន​ទៅ​​ឪពុកម្តាយ ឬ​អាណាព្យាបាល​របស់​កុមារ​នោះ ។

ឈ្មោះ​នៅ​លើ​កំណត់ត្រា​សមាជិកភាព និង​វិញ្ញាបនបត្រ​នេះ​គួរ​តែ​ត្រូវ​គ្នា​នឹង​សំបុត្រ​កំណើត ការ​ចុះ​បញ្ជី​កំណើត​ស៊ីវិល ឬ​ឈ្មោះ​ស្រប​ច្បាប់​បច្ចុប្បន្ន ។

១៨.៧

ពិធីបុណ្យ​ជ្រមុជ​ទឹក

ពិធីបុណ្យជ្រមុជទឹក​ដោយ​ការ​ពន្លិច​ទៅ​ក្នុង​ទឹក​ដោយ​បុគ្គល​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​គឺ​ចាំបាច់​ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​​ក្លាយ​ជា​សមាជិក​សាសនាចក្រ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​ទាំងឡាយ​ណា​ដែល​ចង់​បាន​ភាព​តម្កើង​ឡើង​ត្រូវ​តែ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ទទួល​យក​ពិធី​បរិសុទ្ធ​ទាំង​នេះ ។ ( សូមមើល ម៉ាថាយ ៣:១៣–១៧; យ៉ូហាន ៣:៣–៧; កិច្ចការ ២:៣៧–៣៨; នីហ្វៃ​ទី ២ ៣១:៥–១០ ) ។

១៨.៧.១

ការ​អនុម័ត​ឲ្យ​បុគ្គល​ម្នាក់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់

១៨.៧.១.១

កុមារ​ដែល​ជា​សមាជិក​មាន​កំណត់ត្រា

ប៊ីស្សព​កាន់​កូន​សោ​បព្វជិតភាព​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​កុមារ​អាយុ ៨ ឆ្នាំ ដែល​ជា​សមាជិក​មាន​កំណត់ត្រា​នៅ​ក្នុង​វួដ ។ កុមារ​ទាំង​នេះ​គួរ​តែ​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ភ្លាម បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត ៨ ឆ្នាំ​របស់​ពួកគេ ប្រសិន​បើ​អាច​ធ្វើបាន ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៧ ) ។ កុមារ​ទាំងនេះ​គឺជា​កុមារ​ដែល​មាន​កំណត់ត្រា​សមាជិកភាព​ក្នុង​សាសនាចក្រ​រួច​ហើយ ( សូមមើល​លេខ ៣៣.៦.២ ) ។ នៅពេល​ពួកគេ​ឈាន​ចូល​អាយុ ៨ ឆ្នាំ នោះ​ប៊ីស្សព​ត្រូវ​ប្រាកដ​ថា ពួកគេ​មាន​ឱកាស​យ៉ាង​ច្រើន​ដើម្បី​ទទួល​ដំណឹងល្អ និង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់​តាំង​ម្នាក់ ធ្វើ​ការ​សម្ភាសន៍​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​របស់ ៖

  • កុមារ​អាយុ ៨ ឆ្នាំ​ដែល​ជា​សមាជិក​មាន​​កំណត់ត្រា ។

  • កុមារ​អាយុ ៨ ឆ្នាំ ដែល​មិន​មែន​ជា​សមាជិក​មាន​​កំណត់ត្រា ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​ឪពុក ឬ​ម្តាយ ឬ​អាណា​ព្យាបាល​ម្នាក់​ជា​សមាជិក ។

សេចក្ដី​ណែនាំ​សម្រាប់​ការ​សម្ភាសន៍​ត្រូវបាន​ផ្ដល់​ឲ្យ​នៅក្នុង​លេខ ៣៨.២.៣.៣ ។ សម្រាប់​ព័ត៌មាន​អំពី​ការ​បំពេញ​កំណត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ សូមមើល​លេខ ១៨.៨.៣ ។

ប៊ីស្សព​ផ្តល់ការ​យកចិត្តទុក​ដាក់​ជា​ពិសេស​ចំពោះ​កុមារ​ដែល​មាន​អាយុ ៧ ឆ្នាំ​នៅក្នុង​វួដ ដោយ​ត្រូវ​ប្រាកដ​ថា ឪពុកម្តាយ​របស់​ពួកគេ ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា និង​គ្រូបង្រៀន​របស់​ពួកគេ ព្រមទាំង​​អ្នក​ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ ជួយ​ពួកគេ​ឲ្យរៀបចំខ្លួន​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ ថ្នាក់​ដឹកនាំ​កូរ៉ុម​អែលឌើរ និង​ថ្នាក់ដឹកនាំ​សមាគម​សង្រ្គោះ​ក៏​លើកទឹកចិត្ត​ឪពុកម្តាយ​ឲ្យ​រៀបចំ​កូនចៅ​របស់​ពួកគេ​សម្រាប់​ពិធីបរិសុទ្ធ​ទាំងនេះ​ផងដែរ ។

១៨.៧.១.២

អ្នក​ប្រែចិត្ត​ជឿ

ប្រធាន​បេសកកម្ម​កាន់​កូនសោ​បព្វជិតភាព សម្រាប់​ការធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ដល់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​នៅ​ក្នុង​បេសកកម្ម ។ ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​អ្នកប្រែចិត្ត​ជឿ​ត្រូវបាន​ឲ្យ​និយមន័យ​ថា​ជា​ពិធី​បុណ្យ​ជ្រមុជទឹក​របស់ ៖

  • បុគ្គល​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ធ្លាប់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក និង​​ពិធី​បញ្ជាក់​ពីមុន​មក ។

  • កុមារ​អាយុ ៨ ឆ្នាំ​ឡើង​ទៅ​ដែល​មាន​ឪពុក​ម្ដាយ (១) មិន​មែន​ជា​សមាជិក ឬ (២) ត្រូវ​បាន​ជ្រមុជទឹក និង​បញ្ជាក់​ក្នុង​ពេល​តែ​មួយ​ជាមួយ​នឹង​កុមារ​នោះ​ដែរ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​សម្ភាសន៍​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​សម្រាប់​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ ការណែនាំ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅក្នុង​លេខ ៣៨.២.៣.៣ ។ សម្រាប់​ព័ត៌មាន​អំពី​ការ​បំពេញ​កំណត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ សូមមើល​លេខ ១៨.៨.៣ ។

១៨.៧.២

កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក

កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក​មួយ​គួរ​តែ​មាន​ភាព​សាមញ្ញ ខ្លី ហើយ​មាន​ការ​លើក​ស្ទួយ​ខាង​វិញ្ញាណ ។ វា​អាច​រួម​មាន​ដូច​ខាង​ក្រោមនេះ ៖

  1. តន្រ្តី​កំដរ​បើក​កម្មវិធី

  2. ការ​ស្វាគមន៍​ដោយ​សង្ខេប​មក​ពី​បងប្អូន​ប្រុស​ដែល​ដឹកនាំ​កម្មវិធី​នោះ

  3. ទំនុកតម្កើង និង​ការអធិស្ឋាន​បើក

  4. សារលិខិត​ខ្លី​មួយ ឬ​ពីរ​អំពី​ប្រធានបទ​ដំណឹងល្អ ដូចជា ពិធីបុណ្យជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  5. ចម្រៀង​ពិសេស

  6. ពិធីបុណ្យជ្រមុជទឹក

  7. គ្រា​នៃ​គារវភាព ខណៈដែល​បុគ្គល​ដែល​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​ជ្រមុជទឹក​ផ្លាស់ប្ដូរ​សម្លៀក​បំពាក់ ( ទំនុក​តម្កើង ឬ​ចម្រៀង​កុមារ​អាច​ត្រូវ​បាន​លេង ឬ​ច្រៀង​អំឡុង​ពេល​នេះ )

  8. ពិធី​បញ្ជាក់​ដល់​​សមាជិក​អាយុ ៨ ឆ្នាំ​ថា​មាន​កំណត់ត្រា ពិធី​បញ្ជាក់​របស់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ ប្រសិន​បើ​កំណត់​ដោយ​ប៊ីស្សព ( សូមមើលលេខ ៣៨.២.៣.២ )

  9. ការ​ថ្លែង​ទីបន្ទាល់​របស់​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ប្រសិន​បើ​មាន​បំណង​ធ្វើ

  10. ទំនុកតម្កើង និង​ការអធិស្ឋាន​បិទ

  11. តន្រ្តី​កំដរ​ការ​បិទ​កម្មវិធី

នៅពេល​កម្មវិធី​ពិធីបុណ្យជ្រមុជទឹក​សម្រាប់​កុមារ​អាយុ ៨ ឆ្នាំ​ដែល​ជាសមាជិក​មាន​កំណត់ត្រា​​នេះធ្វើឡើង​តែក្នុង​វួដមួយ នោះ​សមាជិកម្នាក់​នៃ​គណៈប៊ីស្សព​ដាក់ផែនការ និង​ដឹកនាំ​កម្មវិធី​នេះ ។ គាត់​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​ជួយ​ក្នុងការ​ដាក់ផែនការ ។

នៅពេល​កម្មវិធី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​កុមារ​ទាំងនេះ​ដែល​មាន​វួដ​លើសពីមួយ​ចូលរួម នោះ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់តាំង​​ម្នាក់​ជា​អ្នក​ដាក់ផែនការ និង​ដឹកនាំ​កម្មវិធី ។ គាត់​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​អង្គការ​បឋមសិក្សា​ជួយ​ក្នុងការ​ដាក់ផែនការ ។ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​មកពី​វួដ​នីមួយៗរបស់​​កុមារ​ដែល​កំពុង​ទទួលបុណ្យជ្រមុជទឹក​នោះ​​គួរតែ​ចូលរួម ។

សមាជិក​មិនគួរ​ស្នើសុំ​ពេល​ផ្ទាល់ខ្លួន​សម្រាប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​កុមារ​ម្នាក់​នោះទេ ។ ពួកគេ​ក៏មិន​គួរ​សុំ​មើល​របៀបវារៈ​នៃ​កម្មវិធី​នេះ​មុនដែរ ។

កម្មវិធី​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​គួរតែ​ត្រូវបាន​ដាក់​កាលវិភាគ​ភ្លាមៗ នៅពេល​ពួកគេ​ត្រូវតាម​តម្រូវការ​នៅក្នុង​លេខ ៣៨.២.៣.៣ ។ ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​​សមាជិក​ម្នាក់​ក្នុង​​ក្រុមគ្រួសារ​មិន​គួរ​ពន្យារ​ពេល រហូតដល់​ឪពុក​អាច​ទទួល​បព្វជិតភាព ហើយ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ដោយ​ខ្លួន​គាត់​នោះ​ទេ ។

ក្រោមការ​ដឹកនាំ​របស់​គណៈប៊ីស្សព ថ្នាក់ដឹកនាំ​បេសកកម្ម​វួដ ( ប្រសិនបើ​មាន​ការហៅ​បម្រើ​នេះ ) ឬ សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ដែល​ជាអ្នកដឹកនាំ​កិច្ចការ​អ្នផ្សព្វផ្សាយ​សាសនា​នៅក្នុង​វួដ ដាក់ផែនការ និង​ដឹកនាំ​កម្មវិធី​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នកផ្លាស់ប្រែ​ចិត្តជឿ ។

១៨.៧.៣

បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ

ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក​​ត្រូវបាន​ធ្វើឡើង​ដោយ​សង្ឃ​​ម្នាក់ ឬអ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ។ បុគ្គល​ដែល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវតែ​បាន​អនុម័ត​ដោយ​ប៊ីស្សព ( ឬ​ដោយ​ប្រធាន​បេសកកម្ម ប្រសិនបើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ) ។

ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​ឪពុក​ដែលជា​សង្ឃ ឬ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក ធ្វើបុណ្យ​ជ្រមុជទឹក​ឲ្យ​កូន​របស់គាត់​បាន ទោះ​ជា​ឪពុក​គ្មាន​ភាពស័ក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ​ពេញលេញ​ក្តី ( សូមមើលលេខ ១៨.៣ ) ។ ប៊ីស្សព​លើក​ទឹក​ចិត្តឲ្យ​​​ឪពុក​ទាំងឡាយ​​រៀបចំ​ខ្លួន​ដើម្បី​ធ្វើបុណ្យ​ជ្រមុជទឹក​ឲ្យ​កូនៗ​របស់​ពួកគេ​ផ្ទាល់ ។

ដើម្បី​ធ្វើ​ពិធីបុណ្យជ្រមុជទឹក បុគ្គល​ដែល​រស់នៅ​ក្រៅ​វួដ​របស់​ខ្លួន​ត្រូវ​តែ​បង្ហាញ​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ដែល​ជា​អធិបតី ។ ឬ​គាត់​អាច​បង្ហាញ​​លិខិតចេញ​អនុសាសន៍​ឲ្យ​ធ្វើ​ពិធី​បរិសុទ្ធ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​របស់​គាត់ ។

១៨.៧.៤

កន្លែង​ធ្វើ​ពិធីបរិសុទ្ធ

ពិធីបុណ្យជ្រមុជទឹក​គួរតែ​ធ្វើឡើង​នៅក្នុង​អាង​ជ្រមុជទឹក ប្រសិនបើមាន ។ ប្រសិនបើ​គ្មាន​អាង​ជ្រមុជទឹកទេ នោះ​ទឹកទន្លេ បឹង ឬ​ស្ទឹង​អាច​ធ្វើបាន ។ វាគួរតែ​ធំល្មម​ដើម្បី​ឲ្យ​ទាំងបុគ្គល​ធ្វើ​ពិធីបរិសុទ្ធ និង​បុគ្គល​ដែល​ទទួលបុណ្យ​ជ្រមុជទឹក​អាច​ឈរ​បាន ។ ទឹក​មិនត្រូវបាន​ឧទិ្ទស​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នោះទេ ។

ប្រសិនបើ​ប្រើ​អាង​ជ្រមុជទឹក នោះ​កាលវិភាគ​ត្រូវបាន​រៀប​ដោយ​សមាជិក​ដែលបាន​ចាត់តាំង​ម្នាក់​​ក្នុង​វួដ​ដែល​ជា​​ភ្នាក់ងារ​របស់​ប៊ីស្សព ។

ដើម្បី​ធានា​សុវត្ថិភាព មជ្ឈិមវ័យ​ដែល​មានទំនួល​ខុសត្រូវ​ម្នាក់​ ត្រូវតែ​មាន​វត្តមាន​នៅពេល​ដែល​អាងជ្រមុជទឹក​កំពុងបញ្ចូលទឹក ហើយ​រង់ចាំ​ដល់​បង្ហូរ​ទឹក​អស់ សម្អាត និង​មាន​សុវត្ថិភាព ។ អាង​ជ្រមុជទឹក​គួរតែ​បង្ហូរ​ទឹកចេញ​ភ្លាមៗ ក្រោយពី​ធ្វើពិធីបុណ្យ​ជ្រមុជទឹក​រួច​ម្តងៗ ។ ទ្វារ​ទៅកាន់​អាង​ជ្រមុជទឹក​គួរតែ​ចាក់​សោ​ប្រសិនបើ​ជា​មិនប្រើ​អាងនេះទេ ។

១៨.៧.៥

សម្លៀក​បំពាក់

បុគ្គលដែល​ធ្វើ​ពិធីបុណ្យជ្រមុជទឹក និង​បុគ្គល​ដែល​កំពុង​ទទួលបុណ្យ​ជ្រមុជទឹក​ពាក់​សំលៀក​បំពាក់​ពណ៌ស ដែល​មិនអាច​មើលឃើញ​សាច់​នៅពេល​វា​ត្រូវទឹក ។ បុគ្គលដែល​បាន​ទទួលអំណោយទាន​ពិសិដ្ឋ​ពាក់​សំលៀកបំពាក់​ពិសិដ្ឋ​ព្រះវិហារ​បរិសុទ្ធ​​នៅក្រោម​សំលៀកបំពាក់​នេះ ខណៈដែល​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។ អង្គភាព​ក្នុង​មូលដ្ឋាន​ទិញ​សំលៀកបំពាក់​ធ្វើពិធី​បុណ្យជ្រមុជទឹក​ដោយប្រើប្រាស់​មូលនិធិ​របស់​អង្គភាព ហើយ​មិនត្រូវ​​គិត​ថ្លៃ​ប្រើប្រាស់​នោះទេ ។

១៨.៧.៦

សាក្សី

សាក្សីពីរ​រូប ដែល​បាន​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​ជា​អធិបតី សង្កេតមើល​រាល់​ពិធីបុណ្យ​ជ្រមុជទឹក​ដើម្បី​ធានាឲ្យបាន​ថា ពិធីនេះ​ត្រូវបាន​ធ្វើឡើង​ដោយត្រឹមត្រូវ ។ សមាជិក​សាសនាចក្រ​ដែល​បាន​ទទួលបុណ្យ​ជ្រមុជទឹក​ហើយ ដោយបូករួម​ទាំង​កុមារ និង​យុវវ័យ​អាច​ធ្វើ​ជា​សាក្សី​បាន ។

ពិធីបុណ្យជ្រមុជទឹក​ត្រូវតែ​ធ្វើឡើង​ម្តងទៀត ប្រសិនបើ​ពាក្យពេចន៍​មិនបាន​និយាយ​ត្រឹមត្រូវ​ដូចមាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៣ ទេ​នោះ ។ ពិធីនេះ​ត្រូវតែ​ធ្វើ​ឡើងវិញ ប្រសិនបើ​ផ្នែក​ខ្លះ​របស់​បុគ្គរូបនេះ​ដូចជា សក់ ឬ​សំលៀកបំពាក់​មិនបាន​ជ្រមុជចូលទៅ​ក្នុងទឹក​ទាំងស្រុង​នោះទេ ។

១៨.៧.៧

សេចក្ដីណែនាំ

ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក សង្ឃ ឬ​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ៖

  1. ឈរ​នៅក្នុងទឹក​ជាមួយ​បុគ្គល​ដែល​កំពុង​ទទួលបុណ្យ​ជ្រមុជទឹក​នោះ ។

  2. យកដៃឆ្វេង​​របស់​គាត់​កាន់​ក-ដៃ​ខាងស្តាំ​របស់​បុគ្គល​រូបនេះ ( សម្រាប់​ភាព​ងាយស្រួល និង​សុវត្ថិភាព ) ។ បុគ្គលដែល​កំពុង​ទទួលបុណ្យ​ជ្រមុជទឹក​យក​ដៃ​ឆ្វេង​របស់​ខ្លួន​​កាន់ក-ដៃឆ្វេង​របស់​អ្នក​កាន់​បព្វជិតភាព ។

  3. លើកដៃ​ស្តាំ​របស់​គាត់​ជារាង​ការ៉េ ។

  4. ហៅឈ្មោះ​ពេញ​របស់​បុគ្គល​នោះ ហើយ​និយាយថា « ដោយ​មាន​សិទ្ធិ​អំណាចដែល​បាន​ប្រទាន​ដល់ខ្ញុំ​ពី​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះនាម​ព្រះ​វរបិតា និង​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ។ អាម៉ែន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៣ ) ។

  5. សូម​ឲ្យ​បុគ្គលរូបនេះ​កាន់ច្រមុះ​របស់ខ្លួន​ដោយប្រើ​ដៃស្តាំ ( សម្រាប់​ភាពងាយ​ស្រួល ) បន្ទាប់មក​ដាក់ដៃ​ស្តាំ​របស់​គាត់​លើ​ខ្នង​របស់​បុគ្គល​រូបនេះ ហើយ​ជ្រមុជ​បុគ្គល​រូបនេះ​ចូលទឹក​ទាំងស្រុង ដោយ​រួមទាំង​សំលៀក​បំពាក់​ផងដែរ ។ ការជ្រមុជចូលទៅ​ក្នុងទឹក​គឺ​ងាយស្រួល​ជាង ប្រសិនបើ​បុគ្គលរូបនេះ​បន្ទន់​ជង្គង់​របស់​ខ្លួន ។

  6. សូម​ជួយ​បុគ្គល​រូបនេះ​ឲ្យ​ងើបចេញ​ពី​ទឹក ។

១៨.៧.៨

​កំណត់ត្រា​ពិធីបុណ្យជ្រមុជទឹក

សម្រាប់​ព័ត៌មាន​អំពី​ការធ្វើ​កំណត់ត្រា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក សូមមើល​លេខ ១៨.៨.៣ ។

១៨.៨

ពិធីបញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ក្រោយពី​បុគ្គលម្នាក់​បាន​ទទួលបុណ្យ​ជ្រមុជ​ទឹក​ហើយ នោះ​គាត់ ឬ​នាង​ត្រូវបាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ការដាក់ដៃ​លើ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៤១; ​កិច្ចការ ១៩:១–៧ ) ។ សមាជិក​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ បន្ទាប់ពី​ពិធីបរិសុទ្ធ​ទាំងពីរ​នេះ​បានធ្វើហើយ ហើយ​មាន​ការកត់ត្រា​ត្រឹមត្រូវ ( សូមមើល យ៉ូហាន ៣:៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:១១; នីហ្វៃទី ៣ ២៧:២០ ) ។

ប៊ីស្សព​កាន់​កូន​សោ​បព្វជិតភាព​សម្រាប់​ធ្វើ​ពិធីបញ្ជាក់​របស់​សមាជិក​អាយុ ៨ ឆ្នាំ ដែល​ជា​សមាជិក​មាន​​កំណត់ត្រា​នៅ​ក្នុង​វួដ ។ ប្រធាន​បេសកកម្ម​កាន់​កូនសោ​សម្រាប់​ធ្វើ​ពិធីបញ្ជក់​ដល់​អ្នកផ្លាស់ប្រែ​ចិត្តជឿ​ថ្មី​នៅក្នុង​បេសកកម្ម ( សម្រាប់​និយមន័យ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ សូមមើល​លេខ ១៨.៧.១.២ ) ។ ទោះជាយ៉ាងណាក្តី ប៊ីស្សព​មើលខុសត្រូវ​លើ​ពិធីបរិសុទ្ធនេះ​សម្រាប់​កុមារ​អាយុ ៨ ឆ្នាំ​ដែល​មាន​​កំណត់ត្រា និង​សម្រាប់​អ្នកផ្លាស់ប្រែ​ចិត្តជឿថ្មី ។

ជាទូទៅ កុមារ​ដែល​មានអាយុ ៨ ឆ្នាំ​ត្រូវបាន​បញ្ជាក់​នៅ​ថ្ងៃ​ដែល​ពួកគេ​បាន​ទទួលបុណ្យ​ជ្រមុជទឹក ។ ពួកអ្នក​ផ្លាស់ប្រែចិត្ត​ជឿថ្មី ជាធម្មតា​ត្រូវបាន​បញ្ជាក់​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ណាមួយ​នៅក្នុង​វួដ​ដែល​ពួកគេ​រស់នៅ យកល្អ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ ។ ទោះជាយ៉ាងណា​ក្តី ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​មាន​ការលើកលែង​សម្រាប់​អ្នកផ្លាស់ប្រែ​ចិត្តជឿថ្មី​ដើម្បី​ទទួល​ពិធីបញ្ជាក់​នៅ​ថ្ងៃ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ដូចដែល​បាន​ពន្យល់​នៅក្នុង​លេខ ៣៨.២.៣.២ ។ ប៊ីស្សព​គួរតែ​ធ្វើតាម​គោលការណ៍​ណែនាំ​នៅក្នុង​លេខ ២៩.២.២.៨ នៅពេល​ណែនាំ​សមាជិក​ថ្មី ។

១៨.៨.១

បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ

ពិធីបរិសុទ្ធ​នៃ​ពិធីបញ្ជាក់​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ បុគ្គល​ដែល​ត្រូវ​ពោល​ពាក្យ​​ត្រូវតែបាន​​អនុម័ត​ដោយ​ប៊ីស្សព ( ឬ​ដោយ​ប្រធាន​បេសកកម្ម ប្រសិនបើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ​ពិធីបញ្ជាក់ ) ។

មានតែ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់​​ដែល​មានភាព​ស័ក្តិសម​ចូលព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​អាច​ពោល​ពាក្យ​ក្នុង​​ពិធីបញ្ជាក់​នេះ​​បាន ។ ទោះជាយ៉ាង​ណាក្តី ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក ឲ្យ​ឈរ​ក្នុង​វង្វង់​សម្រាប់ធ្វើ​ពិធីបញ្ជាក់​ឲ្យ​កូនរបស់គាត់ ទោះជា​ឪពុក​គ្មាន​ភាពស័ក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ​ពេញលេញ​ក្តី ( សូមមើល​លេខ ១៨.៣ ) ។

យ៉ាងហោចណាស់ សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នេះ ។ នៅពេល​ដែល​អែលឌើរ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​បានបង្រៀន​អ្នក​ផ្លាស់ប្រែចិត្ត​ជឿថ្មី នោះ​ប៊ីស្សព​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម ។

ដើម្បី​ធ្វើ​ជា​អ្នក​ពោល​ពាក្យ​​ក្នុង​ពិធីបរិសុទ្ធ​នេះ បុគ្គល​ម្នាក់​ដែល​រស់​នៅ​ក្រៅ​វួដ​របស់​ខ្លួន​ត្រូវ​តែ​បង្ហាញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ដែល​ជា​អធិបតី ។ ឬ​គាត់​អាច​បង្ហាញ​​លិខិតចេញ​អនុសាសន៍​ឲ្យ​ធ្វើ​ពិធី​បរិសុទ្ធ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​របស់​គាត់ ។

១៨.៨.២

សេចក្ដីណែនាំ

នៅក្រោម​ការដឹកនាំ​ពី​គណៈប៊ីស្សព នោះ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ឬ​ពីរ​នាក់​អាច​ចូលរួម​នៅក្នុង​ពិធីបញ្ជាក់ ។ ពួកគាត់​ដាក់ដៃ​ស្រាលៗ​នៅលើ​ក្បាល​របស់​បុគ្គលរូប​នេះ ។ បន្ទាប់​មក បុគ្គល​ម្នាក់​ត្រូវ​ពោល​ពាក្យ ៖

  1. ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។

  2. និយាយ​ថា ពិធីបរិសុទ្ធ​​ត្រូវបាន​អនុវត្ត​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. បញ្ជាក់​បុគ្គលរូប​នេះ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  4. ថ្លែងថា « ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មិនមែន « ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ » ) ។

  5. ផ្ដល់​ពរជ័យ​ដូចដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។

  6. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

១៨.៨.៣

កំណត់ត្រា និង​វិញ្ញាបនបត្រ​ពិធីបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់

ពីមុន​កុមារ​ដែល​ជាសមាជិក​មាន​កំណត់ត្រា​ត្រូវបាន​សម្ភាសន៍​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ស្មៀន​ប្រើ​ប្រព័ន្ធ​ធនធាន​ថ្នាក់ដឹកនាំ និង​ស្មៀន​ដើម្បី​រៀបចំ​បែបបទ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បានចាត់តាំង​ម្នាក់​ដឹកនាំ​ការសម្ភាសន៍ និង​ចុះហត្ថលេខា​លើ​បែបបទ​នោះ ។ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ធ្វើរួច ស្មៀន​ប្រើ​បែបបទ​​នេះ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​កំណត់ត្រា​សមាជិកភាព​របស់​កុមារ​នៅក្នុង​ប្រព័ន្ធ​ធនធាន​ថ្នាក់ដឹកនាំ និង​ស្មៀន ។

នៅពេល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​សម្ភាស​អ្នកផ្លាស់ប្រែ​ចិត្តជឿថ្មី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក នោះ​គាត់​បំពេញ​កំណត់ត្រា​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ លើកលែង​តែ​ព័ត៌មាន​អំពី​ពិធីបញ្ជាក់​ប៉ុណ្ណោះ​ដែល​មិន​បំពេញ ។ នៅឯ​កម្មវិធី​ពិធីបុណ្យ​ជ្រមុជទឹក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្តល់​បែបបទ​ទៅ​ប៊ីស្សព ឬ​ទីប្រឹក្សា​ណាម្នាក់​របស់​គាត់ ។ បន្ទាប់ពី​ពិធីបញ្ជាក់ ប៊ីស្សព ទីប្រឹក្សា​ម្នាក់ ឬ​ស្មៀន​បំពេញ​ព័ត៌មាន​ពិធីបញ្ជាក់ ហើយ​ផ្តល់​សំណៅ​ពីរ​ច្បាប់​នៃ​បែបបទនោះ​​ទៅឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បញ្ជូន​សំណៅ​មួយច្បាប់​ទៅ​ឲ្យ​ការិយាល័យ​បេសកកម្ម ដើម្បី​​បង្កើត​កំណត់ត្រា​សមាជិកភាព ។

បន្ទាប់ពី​កំណត់ត្រា​សមាជិកភាព​ត្រូវបាន​បង្កើតឡើង នោះ​ស្មៀន​រៀបចំ​វិញ្ញាបនបត្រ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់ ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប៊ីស្សព ហើយ​ផ្ដល់​ទៅ​បុគ្គលរូប​នោះ ។

ឈ្មោះ​នៅ​លើ​កំណត់ត្រា​សមាជិកភាព និង​វិញ្ញាបនបត្រ​គួរ​តែ​ត្រូវ​គ្នា​នឹង​សំបុត្រ​កំណើត ការ​ចុះ​បញ្ជី​កំណើត​ស៊ីវិល ឬ​ឈ្មោះ​ស្រប​ច្បាប់​បច្ចុប្បន្ន ។

១៨.៩

ពិធី​សាក្រាម៉ង់

សមាជិក​សាសនាចក្រ​ជួប​នៅ​ថ្ងៃឈប់សម្រាក​ដើម្បី​ថ្វាយបង្គំព្រះ និង​ទទួលទាន​សាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៥; ៥៩:៩; មរ៉ូណៃ ៦:៥–៦ ) ។ នៅអំឡុង​ពិធីបរិសុទ្ធ​នេះ ពួកគេ​ទទួលទាន​នំបុ័ង និង​ទឹក​ដើម្បី​ចងចាំ​ដល់​ព្រះកាយ​ និង​ព្រះលោហិត​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ធ្វើ​ពលិកម្ម​សម្រាប់​យើង និង​ដើម្បី​រំឭក​ពី​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​របស់ពួកគេ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ការបកប្រែដោយ​​យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៥; លូកា ២២:១៥–២០; នីហ្វៃទី ៣ ១៨; មរ៉ូណៃ ៦:៦ ) ។ មនុស្ស​គ្រប់គ្នា​គួរតែ​មាន​គារវភាព​នៅ​អំឡុង​ពេល​ប្រសិទ្ធពរ និង​ចែក​សាក្រាម៉ង់ ។

១៨.៩.១

ការអនុម័តឲ្យ​ចាត់ចែង​ពិធីសាក្រាម៉ង់

ប៊ីស្សព​កាន់​កូនសោ​បព្វជិតភាព​ដើម្បី​ចាត់ចែង​ពិធីសាក្រាម៉ង់​នៅក្នុង​វួដ ។ អស់អ្នក​ដែល​ចូលរួម​នៅក្នុង​ការរៀបចំ ការប្រសិទ្ធពរ និង​ការចែក​ពិធីសាក្រាម៉ង់ ត្រូវតែ​ទទួល​ការអនុម័ត​ពី​គាត់ ឬ​នរណា​ម្នាក់​ក្រោមការ​ដឹកនាំ​របស់គាត់ ។

ប្រសិនបើ​សមាជិក​នៅក្នុង​វួដ​របស់​គាត់​ពុំអាច​ទទួលទាន​សាក្រាម៉ង់ ពីព្រោះ​ពួកគេ​ជាប់​នៅផ្ទះ មណ្ឌល​ថែទាំ ឬ​មន្ទីរពេទ្យ នោះ​ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​អ្នក​កាន់បព្វជិតភាព​ដើម្បី​ចាត់ចែង​ពិធីសាក្រាម៉ង់​ដល់​ពួកគេ ។ គាត់​អាច​អនុញ្ញាត​កិច្ចការនេះ​បាន ទោះបីជា​ពួកគេ​កំពុងរស់​នៅ​ក្រៅ​ខណ្ឌសីមា​វួដ​របស់គាត់​ជា​បណ្តោះអាសន្ន​ក្ដី ។ ទោះជាយ៉ាងណា​ក្តី គាត់​មិនអាច​អនុញ្ញាត​ឲ្យ​​ធ្វើ​ពិធីសាក្រាម៉ង់​ទៅ​កាន់​សមាជិក​ក្រៅ​ខណ្ឌសីមា​វួដ​របស់គាត់​នៅក្នុង​កាលៈទេសៈ​ផ្សេងឡើយ ។

នៅក្នុង​កាលៈទេសៈ​ដ៏​កម្រ​ទាំងឡាយ ការប្រជុំ​សាក្រាម៉ង់​អាច​មិនបាន​​ធ្វើ​ឡើង​ក្នុង​រយៈពេល​កំណត់មួយ ។ នៅក្នុង​ស្ថានភាព​ទាំងនេះ ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​អ្នកកាន់​បព្វជិតភាព​ដែល​មានភាព​ស័ក្តិសម​នៅក្នុង​វួដ​របស់គាត់​រៀបចំ និង​ចាត់ចែង​ពិធីសាក្រាម៉ង់​នៅក្នុង​ផ្ទះ​របស់ពួកគេ​រាល់​ថ្ងៃឈប់សម្រាក ។ ប៊ីស្សព​ក៏អាច​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ និង​ចាត់ចែង​ពិធីសាក្រាម៉ង់​ទៅដល់​សមាជិក​វួដ​ដែល​ពុំ​មាន​អ្នក​កាន់បព្វជិតភាព​នៅក្នុង​ផ្ទះ​របស់ពួកគេ​ផងដែរ ។

នៅពេល​ប៊ីស្សព​អនុញ្ញាត​ឲ្យ​រៀបចំ និង​ចាត់ចែង​ពិធីសាក្រាម៉ង់​ខុសពី​ការបម្រើ​ធម្មតា​នៅក្នុង​សាសនាចក្រ នោះ​សេចក្តីណែនាំ​នៅក្នុង​លេខ ១៨.៩.២ អំពី​​​អ្នក​ដែល​ធ្វើពិធីបរិសុទ្ធ​នៅតែ​អនុវត្តបាន ។

១៨.៩.២

បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ

  • ពួកគ្រូ សង្ឃ និង​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​អាច​រៀបចំ​ពិធីសាក្រាម៉ង់​បាន ។

  • សង្ឃ និង​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​អាច​ប្រសិទ្ធពរ​សាក្រាម៉ង់​បាន ។

  • ឌីកុន គ្រូ សង្ឃ និង​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​អាច​ចែក​ពិធីសាក្រាម៉ង់​បាន ។

នៅពេល​មាន​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​គ្រប់គ្រាន់ ជាទូទៅ​ពួកគេ​ជា​អ្នក​ធ្វើ​ករណីយកិច្ច​ទាំងនេះ ។ នៅពេល​ដែល​គ្មាន​ឌីកុន​គ្រប់គ្រាន់​ដើម្បី​ចែក​ពិធីសាក្រាម៉ង់ទេ ប្រធាន​កូរ៉ុម​ឌីកុន​ប្រឹក្សា​ជាមួយ​ប៊ីស្សព​​ថាត្រូវ​សុំ​នរណា​ឲ្យ​ជួយ ។ ជាទូទៅ គាត់​សុំ​ឲ្យ​គ្រូ និង​សង្ឃ​ជួយ​ពីមុន​សុំ​ពួកអែលឌើរ និង​សង្ឃ​ជាន់ខ្ពស់ ។

១៨.៩.៣

សេចក្តីណែនាំ​សម្រាប់​ពិធី​សាក្រាម៉ង់

ពីព្រោះ​តែលក្ខណៈពិសិដ្ឋ​នៃ​ពិធីសាក្រាម៉ង់ នោះ​ថ្នាក់ដឹកនាំ​បព្វជិតភាព​គួរតែ​រៀបចំ​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ឲ្យ​វាមាន​របៀប​រៀបរយ និង​គារវភាព ។ កម្រាល​តុ​ធ្វើ​ពិធីសាក្រាម៉ង់​គួរតែ​ជា​ពណ៌ស ស្អាត និង​ទន់ ។ ថាស​ធ្វើ​ពិធីសាក្រាម៉ង់​គួរតែ​មាន​អនាម័យ ។ ថាស និង​ពែង​ធ្វើ​ពិធី​សាក្រាម៉ង់​គួរតែ​រៀបចំ​ឲ្យបាន​ល្អ​ទុក​ជាមុន ។

អស់អ្នក​ដែល​ចាត់ចែង​ពិធីសាក្រាម៉ង់​គួរតែ​ធ្វើ​ដូច្នោះ​ដោយ​មាន​សេចក្តីថ្លៃថ្នូរ ដោយការដឹង​ថា​ខ្លួនពួកគេ​តំណាង​ឲ្យ​ព្រះអម្ចាស់ ។ គណៈប៊ីស្សព​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹង​គិត​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ នៅពេល​ដែល​ពួកគេ​រៀបចំ ប្រសិទ្ធពរ និង​ចែក​ពិធីសាក្រាម៉ង់ ។

អស់អ្នក​ដែល​ចាត់ចែង​ពិធីសាក្រាម៉ង់​គួរតែ​ស្លៀកពាក់​ឲ្យបាន​សមរម្យ និង​ស្អាតបាត ។ ពួកគេ​ពុំគួរ​ពាក់​សំលៀកបំពាក់ ឬ​គ្រឿង​អលង្ការ​ដែល​អាច​បង្អាក់​ដល់​ការ​ថ្វាយបង្គំ និង​ការធ្វើ​សេចក្តីសញ្ញា​ដែល​ជា​គោលបំណង​របស់​ពិធីសាក្រាម៉ង់​នោះឡើយ ។ ប្រសិនបើ​ប៊ីស្សព​ត្រូវការ​ប្រឹក្សា​ដល់​អ្នក​កាន់​បព្វជិតភាព​អំពី​ឥរិយាបថ​បែបនេះ គាត់​ធ្វើ​ដូច្នេះ​ដោយក្តីស្រឡាញ់ ។ គាត់​ក៏​គិតពិចារណា​ពី​ភាពចាស់ទុំ​របស់​បុគ្គល​រូប​នេះ​នៅក្នុង​សាសនាចក្រ​ផងដែរ ។

ការចែក​ពិធីសាក្រាម៉ង់​គួរតែ​មាន​លក្ខណៈ​ធម្មតា ហើយ​មិនផ្លូវ​ការពេក​នោះទេ ។ ឧទាហរណ៍ សកម្មភាព​មួយចំនួន ( ដូចជា ការដាក់​ដៃខាងឆ្វេង​នៅខាងក្រោយ​ខ្នង ) ឬ​រូបរាង ( ដូចជា​ស្លៀកពាក់​ដូចគ្នា ) មិនមែន​ជាតម្រូវការ​នោះទេ ។

ក្រុមជំនុំ​ច្រៀង​ទំនុកតម្កើង​ពិធីសាក្រាម៉ង់ ខណៈពេល​ដែល​នំបុ័ង​កំពុង​ហែក ។ ចម្រៀង​ទោល ឬ​ឧបករណ៍​តន្រ្តី​មិន​គួរ​ជំនួស​ទំនុកតម្កើង​នេះ​ទេ ។ មិន​ត្រូវ​លេង​តន្ដ្រី​នៅអំឡុង​ពេល​ចែក​សាក្រាម៉ង់ ឬ​ក្រោយពី​សាក្រាម៉ង់​ភ្លាមៗ​នោះទេ ។

ប្រសិនបើ​សមាជិក​មាន​ប្រតិកម្ម​នឹង​ម្សៅ​នំប៉័ង នោះ​ពួកគេ​ពិភាក្សា​ជាមួយ​នឹង​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ពី​ការ​សម្រប​សម្រួល​អ្វីខ្លះ​ដើម្បី​ធ្វើ​សម្រាប់​ពិធី​សាក្រាម៉ង់ ។ សមាជិក​អាច​នឹង​ផ្ដល់​នំប៉័ង​ដែល​គ្មាន​ប្រតិកម្ម ឬ​ចំណិត​នំប៉័ង​ផ្សេង​ទៀត​ដាក់​ក្នុង​ថង់ ឬ​កែវ​​បិទ​ជិត​មួយ ។ ពួកគេ​អាច​ជូន​នំប៉័ង​នេះ​ទៅ​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ដាក់​នៅលើ​ថាស​ខុសគ្នា ។ គណៈប៊ីស្សព​ជួយប្រាប់​អ្នក​ដែល​ចែក​សាក្រាម៉ង់​ឲ្យ​ដឹងថា តើ​សមាជិក​រូបណា​ដែល​ចែក​នំប៉័ង​ដែល​គ្មាន​ប្រតិកម្ម​នេះ​ឲ្យ ។ គណៈប៊ីស្សព​អាច​កែប្រែ​នីតិវិធី​តាមដែល​ចាំបាច់ ។

ទោះបីជា​សាក្រាម៉ង់​គឺសម្រាប់​សមាជិក​នៃ​សាសនាចក្រ​ក្តី ក៏មិន​គួរ​ធ្វើអ្វី​ដើម្បី​រារាំង​អ្នកដទៃ​ពីការទទួល​ទានវា​ដែរ ។

១៨.៩.៤

សេចក្ដីណែនាំ

  1. អស់អ្នក​ដែល​រៀបចំ ប្រសិទ្ធពរ ឬ​ចែក​សាក្រាម៉ង់ ដំបូង​ត្រូវលាងដៃ​របស់ពួកគេ​ជាមួយ​សាប៊ូ ឬ​គ្រឿងសម្អាត​ដទៃ​ទៀត ។

  2. គ្រូ សង្ឃ ឬ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ធ្វើ​ឲ្យ​ប្រាកដថា ថាស​ដាក់នំបុ័ង​ដែល​បាន​ហែក​នោះ​ស្អាត ថាស​ដាក់ទឹក​ប្រើពែង​ដែល​ស្អាត ហើយ​កម្រាលតុស្អាត​​​បាន​រៀបចំ​ទុក​​ដាក់​ពីមុន​ការប្រជុំ​សាក្រាម៉ង់​ចាប់ផ្តើម ។

  3. នៅពេល​សមាជិក​វួដ​ច្រៀង​ទំនុកតម្កើង​ពិធីសាក្រាម៉ង់ អស់​អ្នក​ដែល​នឹង​ប្រសិទ្ធពរ​ពិធី​សាក្រាម៉ង់​ឈរ​ដោយ​គារវភាព បើក​កម្រាលតុ​ដែល​គ្រប​លើ​ថាស​នំបុ័ង ហើយ​ហែក​នំបុ័ង​ជាដុំ​តូចៗ ។

  4. បន្ទាប់ពី​ទំនុកតម្កើង​ចប់ បុគ្គល​ដែល​ប្រសិទ្ធពរ​នំបុ័ង​លុតជង្គង់ចុះ ហើយ​ពោលពាក្យ​អធិស្ឋាន​ពិធីសាក្រាម៉ង់​សម្រាប់​នំបុ័ង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧ ) ។

  5. ប៊ីស្សព​ធ្វើ​ឲ្យ​ប្រាកដថា ការអធិស្ឋាន​ក្នុង​ពិធី​សាក្រាម៉ង់​​ត្រូវ​ពោល​ឡើង​​យ៉ាងច្បាស់ៗ ត្រឹមត្រូវ និងដោយ​​ថ្លៃថ្នូរ ។ ប្រសិនបើ​នរណា​ម្នាក់​ពោល​ខុស​ពី​ពាក្យ​ពេចន៍ ប៉ុន្ដែ​បាន​​កែតម្រូវ​ដោយខ្លួន​ឯង នោះ​មិនចាំបាច់​ធ្វើការ​កែតម្រូវ​បន្ថែម​ទៀត​នោះទេ ។ ប្រសិនបើ​បុគ្គលរូប​នេះ​មិន​បានកែតម្រូវ​កំហុស​របស់គាត់ទេ នោះ​ប៊ីស្សព​សុំ​គាត់​ឲ្យ​អធិស្ឋាន​ឡើងវិញ ។ ប៊ីស្សព​ធ្វើការ​សម្រេចចិត្ត នៅពេល​សុំ​ឲ្យ​ការអធិស្ឋាន​ធ្វើឡើង​ម្តងទៀត ។ គាត់​ធានា​ឲ្យបាន​ថា ការធ្វើ​ដូច្នោះ​មិន​បាន​បណ្តាល​ឲ្យ​មានភាពខ្មាស់អៀន ឬ​ការរំខាន​ដល់​ពិធីបរិសុទ្ធ​ឡើយ ។ បុគ្គលផ្សេង​ទៀត​នៅឯ​តុ​សាក្រាម៉ង់​អាច​ជួយ​តាមដែល​ត្រូវការ ។

  6. បន្ទាប់ពី​ការអធិស្ឋាន អ្នកកាន់​បព្វជិតភាព​ចែក​នំបុ័ង​ទៅ​សមាជិក​ដោយ​មានគារវភាព ។ ថ្នាក់ដឹកនាំ​ជាអធិបតី​ទទួល​នំបុ័ង​មុនគេ បន្ទាប់មក​គ្មាន​លំដាប់​លំដោយ​នោះទេ ។ នៅពេល​ដែល​ថាស​មួយ​ត្រូវបាន​ចែក​ដល់​សមាជិក នោះ​សមាជិក​អាច​ហុច​ថាស​ទៅ​ឲ្យ​សមាជិក​ផ្សេងទៀត ។

  7. សមាជិក​ទទួលទាន​ដោយប្រើ​ដៃស្តាំ​របស់​ពួកគេ នៅពេល​ដែល​អាច​ធ្វើទៅបាន ។

  8. នៅពេល​សាក្រាម៉ង់​ត្រូវបាន​ចែក​ដល់​សមាជិក​ទាំងអស់​ហើយ អស់​អ្នក​ដែល​កំពុង​ចែក​សាក្រាម៉ង់​ប្រគល់​ថាស​ទៅ​ឯ​តុ​សាក្រាម៉ង់​វិញ ។ អស់អ្នក​ដែល​ចែកសាក្រាម៉ង់​គ្រប​កម្រាល​តុ​លើ​ថាស​នំបុ័ង ហើយ​បើក​ថាស​ទឹក​វិញ ។

  9. បុគ្គល​ដែល​ប្រសិទ្ធពរ​ទឹក​លុតជង្គង់ចុះ ហើយ​ពោលពាក្យ​អធិស្ឋាន​ពិធីសាក្រាម៉ង់​សម្រាប់​ទឹក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៩ ) ។ គាត់​ជំនួស​ពាក្យ​ទឹក​សម្រាប់​ពាក្យ​ស្រា ។

  10. បន្ទាប់ពី​ការអធិស្ឋាន អ្នកកាន់​បព្វជិតភាព​ចែក​ទឹក​ទៅ​សមាជិក​ដោយ​មានគារវភាព ។ ថ្នាក់ដឹកនាំ​ជាអធិបតី​ទទួល​ទឹក​​មុនគេ បន្ទាប់មក​គ្មាន​លំដាប់​លំដោយ​នោះទេ ។

  11. នៅពេល​ទឹក​ត្រូវបាន​ចែក​ដល់​សមាជិក​ទាំងអស់​ហើយ អស់​អ្នក​ដែល​កំពុង​ចែក​សាក្រាម៉ង់​ប្រគល់​ថាស​ទៅ​ឯ​តុ​សាក្រាម៉ង់​វិញ ។ អស់អ្នក​ដែល​ប្រសិទ្ធពរ​ពិធីសាក្រាម៉ង់​គ្រប​​កម្រាល​លើ​ថាស ហើយ​អស់អ្នក​ដែល​ប្រសិទ្ធពរ និង​ចែក​សាក្រាម៉ង់​អង្គុយចុះ​​វិញដោយ​មាន​គារវភាព ។

  12. បន្ទាប់ពី​ការប្រជុំ អស់អ្នក​ដែល​រៀបចំ​សាក្រាម៉ង់​សម្អាត បទ​កម្រាលតុ​ទុក ហើយ​យក​នំបុ័ង​ដែល​មិនបាន​ប្រើ​ចេញ ។

១៨.១០

ការ​ប្រគល់​បព្វជិតភាព និង​ការ​តែងតាំង​តំណែង

ការបែងចែក​បព្វជិតភាព​មានពីរ​ផ្នែក ៖ អើរ៉ុន និង​មិលគីស្សាដែក ( សូមមើល​លេខ ៣.៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១, ៦ ) ។ នៅពេល​បព្វជិតភាព​ត្រូវបាន​ប្រគល់​ដល់​បុគ្គល​ម្នាក់ គាត់​ក៏ត្រូវបាន​តែងតាំង​នៅក្នុង​​តំណែង​មួយ​​ក្នុង​បព្វជិតភាព​នោះ​ដែរ ។ បន្ទាប់​ពីបព្វជិតភាព​ណា​មួយ​ក្នុង​ចំណោម​បព្វជិតភាព​ទាំង​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ នោះ​បុរស​ម្នាក់​ត្រូវ​តែ​បាន​តែង​តាំង​ក្នុង​តំណែង​ផ្សេង​ទៀត​ក្នុង​បព្វជិតភាព​នោះ​តែ​ប៉ុណ្ណោះ ។

ប្រធានស្តេក​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​ការ​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក និង​ការតែងតាំង​តំណែង​អែលឌើរ និង​សង្ឃ​ជាន់ខ្ពស់ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ជាធម្មតា ប៊ីស្សព​ផ្ដល់​អនុសាសន៍​សម្រាប់​ការតែងតាំង​ទាំង​នេះ ។

ប៊ីស្សព​កាន់​កូនសោ​បព្វជិតភាព​សម្រាប់​ការ​ប្រគល់​បព្វជិតភាព​អើរ៉ុន និង​ការតែងតាំង​តំណែង​ឌីកុន គ្រូ និង​សង្ឃ ។ ជាធម្មតា បងប្អូន​ប្រុស​ដែល​ស័ក្ដិសម​ត្រូវ​បាន​តែង​តាំង​ក្នុង​តំណែង​ទាំង​នេះ​តាម​អាយុ​ដូច​តទៅ​នេះ ប៉ុន្តែ​ពុំមែន​មុន​ឡើយ ៖

  • ឌីកុន​នៅ​ដើម​ឆ្នាំ​ដែល​ពួកគេ​មាន​អាយុ ១២ ឆ្នាំ

  • គ្រូ​នៅ​ដើម​ឆ្នាំ​ដែល​ពួកគេ​មាន​អាយុ ១៤ ឆ្នាំ

  • សង្ឃ​នៅ​ដើម​ឆ្នាំ​ដែល​ពួកគេ​មាន​អាយុ ១៦ ឆ្នាំ

សេចក្ដីណែនាំ​សម្រាប់​ការ​ចេញ​អនុសាសន៍​ឲ្យ​​បុគ្គល​ម្នាក់​ទទួល​​ការ​តែង​តាំង និង​ការ​បង្ហាញ​គាត់​សម្រាប់​ការ​លើក​ដៃ​​គាំទ្រ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុងលេខ ៣៨.២.៥.១ និង ៣៨.២.៥.២ ។

១៨.១០.១

បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ

ប្រធានស្តេក ឬ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​អាច​តែង​តាំង​បុរស​ម្នាក់​ក្នុង​​តំណែង​អែលឌើរ ។ មាន​តែ​​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ប៉ុណ្ណោះ​ដែល​អាច​ឈរ​នៅ​ក្នុង​រង្វង់​នោះ​បាន ។

ប្រធាន​ស្តេក ឬ​សង្ឃ​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​អាច​តែង​តាំង​បុរស​ម្នាក់​ក្នុង​តំណែង​ជា​សង្ឃ​ជាន់ខ្ពស់​បាន ។ មាន​តែ​សង្ឃ​ជាន់​ខ្ពស់​ប៉ុណ្ណោះ​ដែល​អាច​ឈរ​នៅក្នុង​រង្វង់​នោះបាន ។

បុគ្គល​ម្នាក់​ដែល​តែង​តាំង​បុរស​ម្នាក់​ក្នុង​តំណែង​បព្វជិតភាព​មិលគីស្សាដែក​គួរ​តែ​មាន​ភាព​ស័ក្ដិសម​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រធាន​ស្តេក ឬ​មនុស្ស​ម្នាក់​ដែល​គាត់​បាន​​ចាត់​តាំង ​ត្រូវតែ​​មាន​វត្តមាន ។

អ្នក​កាន់​បព្វជិតភាព​ថ្នាក់​សង្ឃ ឬ​មិលគីស្សាដែក​​អាច​តែង​តាំង​បងប្អូន​ប្រុស​ម្នាក់​ក្នុង​តំណែង​​ឌីកុន គ្រូ ឬ​សង្ឃ​បាន ។ គាត់​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​ប៊ីស្សព ។ ប៊ីស្សព ឬ​មនុស្ស​ម្នាក់​ដែល​គាត់​បាន​ចាត់​តាំង​ ត្រូវតែ​​មាន​វត្តមាន ។

ដើម្បី​ចូលរួម​ក្នុង​ការ​តែង​តាំង​បព្វជិតភាព​អើរ៉ុន បុគ្គល​ម្នាក់​ត្រូវ​​តែ​ជា​សង្ឃ ឬ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។

ប៊ីស្សព​អាច​អនុញ្ញាត​ឲ្យ​ឪពុក​ដែលជា​សង្ឃ ឬ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក ដើម្បី​តែង​តាំង​កូន​ប្រុស​របស់​ខ្លួន​ក្នុង​តំណែង​ជា​ឌីកុន គ្រូ ឬ​សង្ឃ ទោះជាឪពុក​គ្មាន​ភាពស័ក្តិសម​ចូល​ព្រះវិហារ​បរិសុទ្ធ​ពេញលេញ​ក្តី ( សូមមើល​លេខ ១៨.៣ ) ។ ប៊ីស្សព​លើក​ទឹក​ចិត្ត​​ឪពុក​ទាំងឡាយ​​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​តែង​តាំង​​កូនប្រុស​របស់​ពួកគេ​ផ្ទាល់ ។

ដើម្បី​ធ្វើ​ជា​អ្នក​ពោល​ពាក្យ​​​ក្នុង​ពិធីបរិសុទ្ធ​នេះ បុគ្គល​ម្នាក់​ដែល​រស់​នៅ​ក្រៅ​វួដ​របស់​ខ្លួន​ត្រូវ​តែ​បង្ហាញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ដែល​ជា​អធិបតី ។ ឬ​គាត់​អាច​បង្ហាញ​​លិខិតចេញ​អនុសាសន៍​ឲ្យ​ធ្វើ​ពិធី​បរិសុទ្ធ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​របស់​គាត់ ។

១៨.១០.២

សេចក្ដីណែនាំ

ដើម្បី​ប្រគល់​បព្វជិតភាព និង​តែង​តាំង​បុគ្គល​ម្នាក់​ក្នុង​តំណែង​បព្វជិតភាព​មួយ អ្នក​កាន់​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អំណាច​​ម្នាក់ ឬ​ច្រើន​នាក់​ដាក់​ដៃ​របស់​ពួកគាត់​ស្រាលៗ​លើ​ក្បាល​របស់​បុគ្គល​នោះ ។ បន្ទាប់​មក បុគ្គល​ម្នាក់​ត្រូវ​ពោល​ពាក្យ ៖

  1. ហៅ​ឈ្មោះ​ពេញ​របស់​បុគ្គល​នោះ ។

  2. និយាយ​ពី​សិទ្ធិ​អំណាច​ដែល​គាត់​មាន​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នោះ ​( បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​​មិលគីស្សាដែក ) ។

  3. ប្រគល់​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​មិលគីស្សាដែក លើក​លែង​តែ​វា​ត្រូវ​បាន​ប្រគល់​រួចហើយ ។

  4. តែង​តាំង​បុគ្គល​នោះ​ក្នុង​តំណែង​មួយ​ក្នុង​បព្វជិតភាព​អើរ៉ុន ឬ​បព្វជិតភាព​មិលគីស្សាដែក ហើយ​ប្រគល់​សិទ្ធិ អំណាច និង​សិទ្ធិ​អំណាច​នៃ​តំណែង​នោះ ។ ( កូនសោ​បព្វជិតភាព​មិន​ត្រូវ​បាន​ប្រគល់​ឲ្យ​ឡើយ នៅពេល​ប្រគល់​បព្វជិតភាព ឬ​តែង​តាំង​ក្នុង​តំណែង​មួយ លើក​លែង​តែ​ពេល​តែង​តាំង​ប៊ីស្សព​មួយ​រូប ) ។

  5. ផ្តល់ពរជ័យ​​ដូចដែល​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណ ។

  6. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​តែង​តាំង​បុគ្គល​ម្នាក់​ក្នុង​តំណែង​បព្វជិតភាព​មួយ បន្ទាប់​ពី​គាត់​មាន​បព្វជិតភាព​ត្រឹមត្រូវ​ហើយ​នោះ បុគ្គល​ដែល​ធ្វើ​ការ​តែង​តាំង​រំលង​ជំហាន​ទី ៣ ។

ការ​តែង​តាំង​គឺជា​ឱកាស​មួយ​ដើម្បី​ផ្ដល់​ពរជ័យ​មួយ ។ ការ​ប្រឹក្សា និង​សេចក្ដីណែនាំ​លម្អិត​អំពី​កាតព្វកិច្ច​របស់​បុគ្គល​ម្នាក់​ត្រូវ​បាន​ផ្ដល់​ឲ្យ​ពី​មុន និង​ក្រោយ​ការ​តែង​តាំង​នោះ ។ វា​មិន​គួរ​​ផ្ដោត​សំខាន់​លើ​​ការ​ប្រសិទ្ធពរ​នោះ​ឡើយ ។ វាមិនចាំបាច់​ដើម្បី​មាន​អ្នក​អធិស្ឋាន ការថ្លែង​ទីបន្ទាល់ ឬ​សេចក្ដីណែនាំ ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​តែង​តាំង​នោះ​ឡើយ ។

១៨.១០.៣

កំណត់ត្រា និង​វិញ្ញាបនបត្រ​ពិធី​តែងតាំង

ពីមុន​បុរស​ម្នាក់​ត្រូវ​បាន​សម្ភាសន៍​ដើម្បី​តែង​តាំង​ក្នុង​តំណែង​មួយ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ស្មៀន​ប្រើ​ប្រព័ន្ធ​ធនធាន​ថ្នាក់​ដឹកនាំ និង​ស្មៀន​ដើម្បី​រៀបចំកំណត់​ត្រា​ពិធី​តែង​តាំង​បព្វជិតភាព​មិលគីស្សាដែក ។ ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ម្នាក់​​ដែល​បានចាត់តាំង​ដឹកនាំ​ការសម្ភាសន៍ និង​ចុះហត្ថលេខា​លើ​បែបបទ​នោះ ប្រសិន​បើ​រាល់​លក្ខខណ្ឌ​នៃ​ភាព​ស័ក្ដិសម​ត្រូវបាន​បំពេញ ។

បន្ទាប់​ពី​ការ​តែង​តាំង​នោះ ប្រធាន​ស្តេក ឬ​អ្នក​តំណាង​របស់​គាត់​ដែល​បាន​ចាត់​តាំង​ ​បំពេញ​បែប​បទ​នោះ ហើយ​ឲ្យ​វា​ទៅ​ស្មៀន ។ គាត់​កត់ត្រា​ការ​តែង​តាំង​នោះ​នៅ​ក្នុង​ប្រព័ន្ធ​ធនធាន​ថ្នាក់​ដឹកនាំ និង​ស្មៀន ហើយ​រៀបចំ​វិញ្ញាបនបត្រ​ពិធី​តែង​តាំង​មួយ ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្តេក ហើយ​ផ្ដល់​ទៅ​បុគ្គលរូប​នោះ ។

ពីមុន​បងប្អូន​ប្រុស​ម្នាក់​ត្រូវ​បាន​សម្ភាសន៍​ដើម្បី​តែង​តាំង​ក្នុង​តំណែង​មួយ​ក្នុង​បព្វជិតភាព​អើរ៉ុន ស្មៀន​ប្រើ​ប្រព័ន្ធ​ធនធាន​ថ្នាក់​ដឹកនាំ និង​ស្មៀន​ដើម្បី​រៀបចំកំណត់​ត្រា​ពិធី​តែង​តាំង​បព្វជិតភាព​អើរ៉ុន ។ ប៊ីស្សព ឬ​ទីប្រឹក្សា​ម្នាក់​​ដែល​បានចាត់តាំង​ដឹកនាំ​ការសម្ភាសន៍ និង​ចុះហត្ថលេខា​លើ​បែបបទ​នោះ ប្រសិន​បើ​រាល់​លក្ខខណ្ឌ​នៃ​ភាព​ស័ក្ដិសម​ត្រូវបាន​បំពេញ ។

បន្ទាប់​ពី​ការ​តែង​តាំង​នោះ ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់​តាំង បំពេញ​បែប​បទ​នោះ ហើយ​ឲ្យ​វា​ទៅ​ស្មៀន ។ គាត់​កត់ត្រា​ការ​តែង​តាំង​នោះ​នៅ​ក្នុង​ប្រព័ន្ធ​ធនធាន​ថ្នាក់​ដឹកនាំ និង​ស្មៀន ហើយ​រៀបចំ​វិញ្ញាបនបត្រ​ពិធី​តែង​តាំង​មួយ ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ប៊ីស្សព ហើយ​ផ្ដល់​ទៅ​បុគ្គលរូប​នោះ ។

ឈ្មោះ​​ស្របច្បាប់​របស់​បុគ្គល​ម្នាក់​គួរ​តែ​ត្រូវ​បាន​ប្រើ​នៅលើ​កំណត់ត្រា និង​វិញ្ញាបន​បត្រ​ពិធីតែង​តាំង ។

១៨.១១

ការ​ញែក​ចេញ​សមាជិក​ឲ្យបម្រើ​នៅក្នុង​ការហៅបម្រើ

សមាជិក​ដែល​ត្រូវបានហៅ និង​គាំទ្រ​នៅក្នុង​ការហៅបម្រើ​ក្នុងតំណែង​សាសនាចក្រ​ភាគ​ច្រើន​គួរតែ​ត្រូវបាន​ញែកចេញ​ចំពោះ​ការបម្រើ​នៅក្នុង​តំណែង​នោះ ( សូមមើល​លេខ​ ៣.៤.៣.១; យ៉ូហាន ១៥:១៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១១ ) ។ នៅអំឡុងពេល​ធ្វើការ​ញែកចេញ បុគ្គលរូបនេះ​ត្រូវបាន​ផ្តល់​ឲ្យ​នូវ ( ១ ) សិទ្ធិអំណាច​ដើម្បី​ធ្វើ​ការហៅបម្រើ​នេះ និង ( ២ ) ពាក្យពេចន៍​នៃ​ពរជ័យ​តាម​ដែល​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។

ប្រធាន​ស្តេក ប៊ីស្សព និង​ប្រធាន​កូរ៉ុម​ទទួល​កូនសោ​នៃ​គណៈប្រធាន នៅពេល​ពួកគេ​​ត្រូវបាន​ញែកចេញ ( សូមមើល​លេខ ៣.៤.១.១ ) ។ ទោះជា​យ៉ាងណា​ក៏ដោយ​ពាក្យថា កូនសោ មិនគួរ​ត្រូវបាន​ប្រើ នៅពេល​ញែកចេញ​សមាជិក​ចំពោះ​ការបម្រើ​នៅក្នុង​ការហៅបម្រើ​ផ្សេងទៀត​ឡើយ រួមទាំង​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ផងដែរ ។

សម្រាប់​ព័ត៌មាន​អំពី​ការហៅបម្រើ ការតែងតាំង និង​ការញែកចេញ​របស់​ប៊ីស្សព សូមមើល​លេខ ៣០.៦ ។

១៨.១១.១

បុគ្គល​​ដែល​ធ្វើ​ការញែកចេញ

ការ​ញែក​ចេញ​គឺត្រូវបាន​ធ្វើឡើង​ដោយ​អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ។ គាត់​ត្រូវតែ​ទទួល​ការអនុម័ត​ពី​ថ្នាក់ដឹកនាំ​ដែល​កាន់​កូនសោ​បព្វជិតភាព​ត្រឹមត្រូវ ។ អស់អ្នក​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការ​ញែកចេញ​​ត្រូវបាន​បង្ហាញ​នៅក្នុង « តារាង​នៃ​ការហៅបម្រើ » ( ៣០.៧ ) ។ អែលឌើរ​ម្នាក់​មិន​ត្រូវធ្វើ​​ជា​អ្នក​ពោលពាក្យ ឬ​ឈរ​នៅក្នុង​រង្វង់​នៅពេល​ដែល​មាន​បុរស​ម្នាក់​ត្រូវ​ញែកចេញ​ក្នុង​តំណែង​ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ​ជា​សង្ឃ​ជាន់ខ្ពស់​ឡើយ ។

ក្រោមការដឹកនាំ​នៃ​ថ្នាក់ដឹកនាំ​ជា​អធិបតី អ្នក​កាន់​បព្វជិតភាព​ម្នាក់ ឬច្រើន​នាក់​អាច​ចូលរួម​នៅក្នុង​ការញែកចេញ ។ ប្រធាន​​ត្រូវបាន​ញែកចេញ​មុន​ទីប្រឹក្សា​របស់ពួកគេ ។

ថ្នាក់ដឹកនាំ​ជាអធិបតី​អាច​អនុញ្ញាត​ឲ្យ​ស្វាមី ឬ ឪពុក​ដែល​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ឈរ​នៅក្នុង​រង្វង់​សម្រាប់​ការញែកចេញ​ឲ្យ​ភរិយា ឬ​កូនៗ​របស់គាត់ ទោះបី​ជា​គាត់​គ្មាន​ភាពស័ក្តិសម​ចូលព្រះវិហារ​បរិសុទ្ធ​ពេញលេញ​ក្តី ( សូមមើល​លេខ ១៨.៣ ) ។

១៨.១១.២

សេចក្ដីណែនាំ

អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ឬ​ច្រើននាក់​ដាក់ដៃ​លើ​ក្បាល​របស់​បុគ្គលរូប​នេះ​ស្រាលៗ ។ បន្ទាប់​មក បុគ្គល​ម្នាក់​ត្រូវ​ពោល​ពាក្យ ៖

  1. ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។

  2. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ញែក​បុគ្គល​នោះ​ចេញ​ចំពោះ​ការហៅបម្រើ​នៅ​ក្នុង​ស្តេក វួដ កូរ៉ុម ឬ​ថ្នាក់ ។

  4. ប្រគល់​កូនសោ​ ប្រសិនបើ​បុគ្គល​រូបនេះ​គួរ​ទទួល​វា ។

  5. ផ្តល់ពរជ័យ​​ដូចដែល​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណ ។

  6. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការញែកចេញ​​មិន​មែនជា​ការប្រជុំ​​ផ្លូវការ​មួយ​​ដែល​មាន​ការអធិស្ឋាន ឬ​ការថ្លែង​ទីបន្ទាល់​នោះទេ ។ វាក៏​មិនមែន​ជាពេល​ផ្តល់​ឲ្យ​សេចក្តីណែនាំ​លម្អិត​នោះដែរ ។ សេចក្តីណែនាំ​ទាំងនោះ​ផ្តល់​ឲ្យ​នៅអំឡុង​ពេល​ធ្វើការបណ្តុះបណ្តាល មិនមែន​ជា​ផ្នែក​មួយ​នៃ​ការប្រសិទ្ធពរ​នោះទេ ។

១៨.១២

ការឧទ្ទិសប្រេង

អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ត្រូវតែ​ឧទិ្ទស​ប្រេងអូលីវ ពីមុន​វា​ត្រូវបាន​​លាប​​លើ​អ្នកឈឺ ឬ​អ្នក​ជួបទុក្ខលំបាក ( សូមមើល យ៉ាកុប ៥:១៤ ) ។ មិនអាច​ប្រើប្រេង​ដទៃ​ទៀតឡើយ ។

សមាជិក​ទាំងឡាយ​មិនគួរ​យកប្រេង​ដែល​បាន​ឧទិ្ទស​ទៅ​បរិភោគ ឬ​យកវា​ទៅលាប​នៅ​កន្លែង​ដែល​ឈឺ​លើរាងកាយ​ឡើយ ។

១៨.១២.១

បុគ្គល​ដែល​ធ្វើ​ពិធីបរិសុទ្ធ

អ្នក​កាន់​បព្វជិតភាព​ម្នាក់ ឬ​ច្រើននាក់​អាច​ឧទិ្ទស​ប្រេង​បាន ។ ពួកគេ​ពុំចាំបាច់​ស្វែងរក​ការអនុម័ត​ពី​អ្នកដឹកនាំ​បព្វជិតភាព​ឡើយ ។

១៨.១២.២

សេចក្ដីណែនាំ

ដើម្បី​ឧទិ្ទស​ប្រេង អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ៖

  1. កាន់​ដបប្រេង​បើកមាត់​ដបឲ្យ​ចំហ ។

  2. ពោល​ហៅ​ព្រះវរបិតា​សួគ៌​ដូច​ជា​នៅ​ក្នុង​ការ​អធិស្ឋាន ។

  3. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  4. ឧទិ្ទសប្រេង ( មិនមែន​ដប​នោះទេ ) ហើយ​ញែក​វាចេញ​សម្រាប់​ការលាបប្រេង និង​ប្រសិទ្ធពរ​ដល់​អ្នក​ឈឺ និង​អ្នក​ជួបទុក្ខលំបាក ។

  5. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

១៨.១៣

ការ​ព្យាបាល​អ្នក​ឈឺ

ជាធម្មតា ការ​ព្យាបាល​អ្នក​ឈឺ​គួរតែ​បាន​ធ្វើ​ឡើង​តាមសំណើរ​របស់​បុគ្គល​ដែល​ទទួល​ការប្រសិទ្ធពរ ឬ​តាមសំណើរ​របស់​អ្នក​ដទៃទៀត​ដែល​មាន​ការព្រួយបារម្ភ ដូច្នេះ​ពរជ័យ​នឹង​ទទួលបាន​ស្របតាម​សេចក្តីជំនឿ​របស់ពួកគេ ( សូមមើល យ៉ាកុប ៥:១៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១៣–១៤; ៤២:៤៣–៤៤, ៤៨–៥២ ) ។

ការ​ព្យាបាល​អ្នក​ឈឺ « ដោយ​ការ​ដាក់​ដៃ​លើ » មាន​ពីរផ្នែក ៖ ការលាប​ប្រេង និង​ការផ្សារភ្ជាប់​ប្រេង​ជាមួយ​នឹង​ពរជ័យ ។ ប្រសិនបើ​គ្មាន​ប្រេង​ដែល​បាន​ឧទិ្ទស​ទេ ពរជ័យ​អាច​ផ្តល់ឲ្យ​បាន​ដោយ​អ្នក​មាន​សិទ្ធិអំណាច​បព្វជិតភាព​មិលគីស្សាដែក​ដោយគ្មាន​​ការលាបប្រេង ។

ប្រសិនបើ​បុគ្គល​រូបនោះ​ស្នើសុំ​ពរជ័យ​ច្រើន​ជាងម្ដង​​សម្រាប់​ជំងឺ​ដូចគ្នា​នោះ ពុំចាំបាច់​មាន​ការលាបប្រេង​ម្ដងទៀត​ទេ ។ អ្នក​កាន់​បព្វជិតភាព​អាច​ផ្តល់​ពរជ័យ​ផ្សេង​ទៀត​ដោយការ​ដាក់ដៃលើ និង​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ ទោះជាយ៉ាងណា​ក្តី ការលាប​ប្រេង​ម្តងទៀត​ក៏​អាច​ត្រូវ​ធ្វើឡើង​ផងដែរ ។

អ្នក​កាន់បព្វជិតភាព​ដែល​ទៅ​សួរសុខទុក្ខ​នៅ​មន្ទីរពេទ្យ មិនគួរ​លួងលោម​សុំ​ឱកាស​ដើម្បី​ព្យាបាល​ដល់​អ្នកឈឺ​ឡើយ ។

១៨.១៣.១

បុគ្គល​ដែល​ផ្តល់​ការប្រសិទ្ធពរ

មានតែ​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ដែល​មាន​ភាពស័ក្ដិសម​​ប៉ុណ្ណោះ ដែល​អាច​ធ្វើការ​ព្យាបាល​ដល់​អ្នកឈឺ ឬ​អ្នក​ជួបការលំបាក ។ ពួកគេ​ពុំចាំបាច់​ស្វែងរក​ការអនុម័ត​ពី​អ្នកដឹកនាំ​បព្វជិតភាព​ឡើយ ។ ប្រសិនបើ​អាច​ធ្វើទៅបាន ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​ធ្វើការព្យាបាល​ដល់​​សមាជិក​គ្រួសារ​​ដែល​​ឈឺ​របស់​គាត់ ។

ជា​ធម្មតា អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ពីរ ឬ​ច្រើន​នាក់​ធ្វើការ​ព្យាបាល​ដល់​អ្នកឈឺ ។ ទោះជាយ៉ាងណាក្តី មនុស្ស​ម្នាក់​ក៏​អាច​ធ្វើ​ការ​លាបប្រេង និង​ការ​ផ្សារភ្ជាប់​បាន​ដែរ ។

១៨.១៣.២

សេចក្ដីណែនាំ

ការ​ព្យាបាល​អ្នក​ឈឺ​មាន​ពីរផ្នែក ៖ ការលាប​ប្រេង និង​ការ​ផ្សារភ្ជាប់ប្រេង ។

ការលាបប្រេង​គឺ​ត្រូវធ្វើឡើង​ដោយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ។ គាត់ ៖

  1. ដាក់​ប្រេង​ដែលបាន​ឧទិ្ទស​មួយ​តំណក់​នៅលើ​ក្បាល​របស់​បុគ្គល​រូបនោះ ។

  2. ដាក់​ដៃ​របស់​គាត់​ស្រាលៗ​នៅលើ​ក្បាល​របស់​បុគ្គល​រូបនោះ ហើយ​ហៅ​ឈ្មោះ​របស់​បុគ្គល​តាម​ឈ្មោះ​ពេញ​របស់​ពួកគេ ។

  3. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  4. ថ្លែងថា គាត់​កំពុង​លាបប្រេង​ដែល​ត្រូវបាន​ឧទ្ទិស​សម្រាប់​ការ​លាប និង​ការ​ផ្តល់ពរជ័យ​ដល់​អ្នកឈឺ និង​អ្នក​ជួបទុក្ខលំបាក ។

  5. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​ផ្សារភ្ជាប់​ប្រេង អ្នក​កាន់​បព្វជិតភាព​​មិលគីស្សាដែក​ម្នាក់ ឬ​ច្រើននាក់​ដាក់ដៃ​របស់​ពួកគេ​ស្រាលៗ​លើ​ក្បាល​របស់​បុគ្គល​រូបនោះ ។ បន្ទាប់មក បុគ្គល​ម្នាក់​ធ្វើ​ការផ្សារភ្ជាប់​ប្រេង ៖

  1. ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។

  2. ថ្លែងថា គាត់​កំពុង​ផ្សារភ្ជាប់​ប្រេង ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ផ្តល់ពរជ័យ​​ដូចដែល​បាន​ដឹកនាំ​ដោយព្រះវិញ្ញាណ ។

  4. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

១៨.១៤

ការប្រសិទ្ធពរ​នៃ​ការលួងលោម​ចិត្ត និង​ការប្រឹក្សា រួមទាំង​ពរជ័យ​របស់​លោកឪពុក

១៨.១៤.១

បុគ្គល​​ដែល​ផ្តល់​ការប្រសិទ្ធពរ

អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​អាច​ផ្តល់​ពរជ័យ​នៃ​ការលួងលោម​ចិត្ត និង​ការប្រឹក្សា​ដល់​សមាជិក​គ្រួសារ និង​មនុស្ស​ដទៃទៀត​ដែល​បាន​ស្នើសុំ​​ពួកគេ ។ ជាធម្មតា ពរជ័យ​ទាំងនេះ​ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​សមាជិក​គ្រួសារ បងប្អូន​ប្រុស​ធ្វើការងារ​បម្រើ ឬ​ថ្នាក់ដឹកនាំ​បព្វជិតភាព ។

ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​អាច​ផ្តល់​ពរជ័យ​របស់​ឪពុក​ដល់​កូនចៅ​របស់​គាត់​បាន ។ ការណ៍នេះ​អាច​ជួយ​ជាពិសេស នៅពេល​កូនៗ​ចូលរៀន ទៅ​បម្រើ​បេសកកម្ម រៀបការ ចូល​បម្រើ​កងទ័ព ឬ​ប្រឈមមុខ​នឹង​ឧបសគ្គ​ពិសេស​នានា ។ ឪពុកម្តាយ​លើកទឹកចិត្ត​ឲ្យ​​​កូនៗ​របស់​ពួកគាត់​សូម​​ពរជ័យ​របស់​ឪពុក​នៅពេល​ដែល​ត្រូវការ ។ ពរជ័យ​របស់​លោកឪពុក​អាច​ត្រូវបាន​កត់ត្រា​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន ។

អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​មិន​ចាំបាច់​សូម​ការ​អនុម័ត​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដើម្បី​ផ្តល់ពរជ័យ​នៃ​ការលួង​លោមចិត្ត និង​ការ​ប្រឹក្សា ឬ​ពរជ័យ​របស់​លោកឪពុក​នោះទេ ។

១៨.១៤.២

សេចក្ដីណែនាំ

ដើម្បី​ផ្តល់​ពរជ័យ​នៃការលួង​លោមចិត្ត និង​ការប្រឹក្សា ឬ​ពរជ័យ​របស់​លោកឪពុក អ្នក​កាន់បព្វជិតភាព​ម្នាក់ ឬ​ច្រើននាក់​ដាក់ដៃ​ស្រាលៗ​លើ​ក្បាល​របស់​បុគ្គលរូប​នោះ ។ បន្ទាប់​មក បុគ្គល​ម្នាក់​ត្រូវ​ពោល​ពាក្យ ៖

  1. ហៅ​បុគ្គល​នោះ​តាម​ឈ្មោះ​ពេញ​របស់​គាត់ ។

  2. និយាយ​ថា ការ​ប្រសិទ្ធពរ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ផ្តល់​​ពរជ័យ ការលួង​លោម​ចិត្ត និង​​ពាក្យ​ទូន្មាន​តាម​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។

  4. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

១៨.១៥

ការឧទ្ទិស​ឆ្លង​គេហដ្ឋាន

សមាជិក​នៃ​សាសនាចក្រ​អាច​ឧទ្ទិស​ឆ្លង​គេហដ្ឋាន​របស់ពួកគេ​ដោយ​សិទ្ធិអំណាច​នៃ​​បព្វជិតភាព​មិលគីស្សាដែក​បាន ។ គេហដ្ឋាន​នោះ​ពុំចាំបាច់​ជា​ផ្ទះ​ផ្ទាល់ខ្លួន ឬ​មិនជំពាក់​បំណុល​ទើប​អាច​ឧទិ្ទស​បានឡើយ ។ មិនដូចជា​អគារ​សាសនាចក្រ​ឡើយ ផ្ទះ​គឺ​មិន​ចាំបាច់​ឧទ្ទិស​ថ្វាយ​ព្រះអម្ចាស់​ឡើយ ។

១៨.១៥.១

បុគ្គល​ដែល​ធ្វើ​ការឧទ្ទិស

គេហដ្ឋាន​គឺ​ត្រូវ​ឧទ្ទិស​ដោយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ។ ប្រសិនបើ​ពុំ​មាន​អ្នក​កាន់​បព្វជិតភាព​មិលគីស្សា​ដែក​នៅក្នុង​ផ្ទះទេ ៖

  • ក្រុមគ្រួសារ​អាច​អញ្ជើញ​មិត្តភក្តិ​ជិតស្និទ្ធ សាច់ញាតិ ឬ​បងប្អូនប្រុស​ធ្វើការងារ​បម្រើ​ដែល​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ឲ្យ​ឧទ្ទិស​ឆ្លង​ផ្ទះ ។ បុគ្គល​ដែល​ត្រូវធ្វើការ​ឧទ្ទិស​នេះ​ពុំចាំបាច់​សូម​ការ​អនុម័ត​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព​ឡើយ ។

  • ក្រុមគ្រួសារ​អាច​ជួបជុំគ្នា ហើយ​ធ្វើ​ការ​អធិស្ឋាន​តាម​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ អ្នក​អធិស្ឋាន​អាចរួម​បញ្ចូល​​នូវ​កិច្ចការ​ដូចបាន​លើកឡើង​នៅក្នុង​លេខ ១៨.១៥.២ លេខ ៣ ។

១៨.១៥.២

សេចក្ដីណែនាំ

ដើម្បី​ឧទិ្ទស​គេហដ្ឋាន​មួយ អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ៖

  1. ពោល​ហៅ​ព្រះវរបិតា​សួគ៌​ដូច​ជា​នៅ​ក្នុង​ការ​អធិស្ឋាន​ដែរ ។

  2. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ឧទ្ទិស​ផ្ទះនេះ​ជា​ទីកន្លែង​ពិសិដ្ឋ​​មួយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​គង់នៅ ហើយ​ផ្តល់​ពាក្យពេចន៍​ដូចដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ ឧទាហរណ៍ គាត់​អាច​ប្រសិទ្ធពរ​ផ្ទះ​​នោះ​ឲ្យ​ធ្វើជា​កន្លែង​ដែល​សមាជិកគ្រួសារ​អាច​ថ្វាយបង្គំ ជាជម្រក​សុវត្ថិភាព​ពី​លោកិយ រីកចម្រើន​ខាង​វិញ្ញាណ និង​រៀបចំខ្លួន​​សម្រាប់​​ទំនាក់ទំនង​គ្រួសារ​ដ៏នៅ​អស់កល្បជានិច្ច ។

  4. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

១៨.១៦

ការឧទ្ទិស​ឆ្លង​ផ្នូរ

១៨.១៦.១

បុគ្គល​​ដែល​ឧទ្ទិសឆ្លង​​ផ្នូរ

បុគ្គល​ដែល​ឧទ្ទិសឆ្លង​​ផ្នូរ​គួរ​កាន់បព្វជិតភាព​មិលគីស្សាដែក ហើយ​ត្រូវបាន​អនុញ្ញាត​ដោយ​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​ដឹកនាំ​កម្មវិធី ។

ប្រសិនបើ​ក្រុមគ្រួសារ​ចង់បាន អ្នកធ្វើ​ការអធិស្ឋាន​អាច​ផ្តល់​ឲ្យ​ការអធិស្ឋាន​បញ្ចុះសព ជំនួស​ឲ្យ​ការ​អធិស្ឋាន​ឧទ្ទិស​ឆ្លង​​ផ្នូរ ។ ការអធិស្ឋាន​នេះ​អាច​ផ្តល់​ឲ្យ​ដោយនរណា​ម្នាក់​ដែល​សមាជិក​គ្រួសារ​ជ្រើសរើស ។

ដើម្បី​ធ្វើ​ជា​អ្នក​ពោល​ពាក្យ​​ក្នុង​ការឧទ្ទិស​ឆ្លង​​ផ្នូរ បុគ្គល​ដែល​រស់​នៅ​ក្រៅ​វួដ​របស់​ខ្លួន​ត្រូវ​តែ​បង្ហាញ​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​សុពលភាព​ទៅ​កាន់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ដែល​ធ្វើ​ជា​អធិបតី​នៅលើ​កម្មវិធី​នេះ ។ ឬ​គាត់​អាច​បង្ហាញ​​លិខិតចេញ​អនុសាសន៍​ឲ្យ​ធ្វើ​ពិធី​បរិសុទ្ធ​មួយ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​របស់​គាត់ ។

១៨.១៦.២

សេចក្ដីណែនាំ

ដើម្បី​ឧទិ្ទស​ឆ្លង​ផ្នូរ អ្នក​កាន់បព្វជិតភាព​មិលគីស្សាដែក​ម្នាក់ ៖

  1. ពោល​ហៅ​ព្រះវរបិតា​សួគ៌​ដូច​ជា​នៅ​ក្នុង​ការ​អធិស្ឋាន​ដែរ ។

  2. និយាយ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. ឧទ្ទិស និង​​ញែក​កន្លែង​បញ្ចុះ​សព​ជា​កន្លែង​សម្រាក​សម្រាប់​សព ។

  4. អធិស្ឋាន​សូម​ឲ្យកន្លែង​នេះ​នឹង​ត្រូវបាន​គោរព និង​ការពារ​រហូតដល់​ការរស់ឡើង​វិញ ( តាម​ដែល​សមរម្យ ) ។

  5. ទូល​ទៅព្រះវរបិតាសួគ៌​សូម​ឲ្យ​លួងលោមចិត្ត​ក្រុមគ្រួសារ និង​ពោល​ពាក្យ​​តាម​ដែល​បាន​​ដឹកនាំ​ដោយព្រះវិញ្ញាណ ។

  6. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រសិនបើ​សព​របស់​សមាជិក​សាសនាចក្រ​ត្រូវ​បាន​បូជា នោះ​ថ្នាក់ដឹកនាំ​ដែល​ធ្វើជា​អធិបតី​ប្រើ​ការវិនិច្ឆ័យ​របស់គាត់​ដើម្បីសម្រេចចិត្ត​ថា តើ​ត្រូវ​ឧទ្ទិស​​នៅ​កន្លែង​ដែល​ផេះ​​ត្រូវបាន​រក្សា​ទុក​ឬ​អត់ ។ គាត់​ពិចារណា​ពី​បំណង​ប្រាថ្នា​របស់​ក្រុមគ្រួសារ និង​ទំលៀមទម្លាប់ ហើយនិង​ច្បាប់​ក្នុងស្រុក ។ បងប្អូនប្រុស​ដែល​ជាអ្នក​ពោល​ពាក្យ​ បត់បែន​សេចក្តីណែនាំសម្រាប់​​ការ​ឧទិ្ទស​ឆ្លង​​ផ្នូរ ។

១៨.១៧

ពរ​របស់​លោក​អយ្យកោ

រាល់​សមាជិក​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​មាន​ភាពស័ក្តិសម​គ្រប់រូប​ ​មាន​សិទ្ធិ​ទទួល​ពរ​របស់​លោកអយ្យកោ ដែល​​ផ្តល់​ការដឹកនាំ​ដ៏​បំផុស​គំនិត​មកពីព្រះ​វរបិតាសួគ៌ ( សូមមើល លោកុប្បត្តិ ៤៨:១៤៤៩; នីហ្វៃទី ២ ៤:៣–១១ ) ។ ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​លើក​ទឹកចិត្ត​​​សមាជិកឲ្យ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ដើម្បី​ទទួល​ពរ​របស់​លោកអយ្យកោ​របស់​ពួកគេ ។

ប៊ីស្សព ឬ​ទីប្រឹក្សា​ម្នាក់​ដែល​បាន​ចាត់តាំង សម្ភាស​សមាជិក​ដែល​ចង់​ទទួល​ពរ​របស់​លោក​អយ្យកោ ។ ប្រសិន​បើ​សមាជិក​មាន​ភាពស័ក្តិសម នោះ​អ្នកសម្ភាស​ចេញ​បណ្ណ​ពរ​របស់​លោកអយ្យកោ​ឲ្យ ។ គាត់​បញ្ជូនវា​តាមរយៈ​ប្រព័ន្ធ​ពរជ័យ​លោកអយ្យកោ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

១៨.១៧.១

ការ​ទទួលពរ​របស់​លោកអយ្យកោ

បន្ទាប់ពី​ទទួល​បណ្ណ​នេះ សមាជិកទាក់ទង​​ទៅ​លោក​អយ្យកោ​ដើម្បី​ធ្វើការ​ណាត់ជួប​ទទួល​ពរ​លោក​អយ្យកោ ។ ដល់​ថ្ងៃណាត់ជួប សមាជិក​គួរទៅជួប​លោក​អយ្យកោ​ដោយ​មាន​ឥរិយាបថ​ពោរពេញ​ដោយ​ការ​អធិស្ឋាន និង​ស្លៀកសំលៀក​បំពាក់​ថ្ងៃ​អាទិត្យ ។ សមាជិក​អាច​តមអាហារ​បាន ប៉ុន្តែមិន​តម្រូវ​ឲ្យ​មាន​​ការតមអាហារ​​នោះទេ ។

រាល់​ពរ​លោកអយ្យកោ​នីមួយៗ​គឺ​ពិសិដ្ឋ សង្ងាត់ និង​ផ្ទាល់ខ្លួន ។ ហេតុដូច្នោះហើយ ពរនេះ​ត្រូវផ្តល់​ឲ្យ​ជា​លក្ខណៈ​ឯកជន សមាជិក​គ្រួសារ​ដែល​ចូលរួម​ត្រូវមាន​កំណត់ ។

បុគ្គល​ដែល​ទទួល​ពរលោក​អយ្យកោ​គួរតែ​ឲ្យតម្លៃ​​ដល់​ពាក្យពេចន៍​ក្នុង​ពរជ័យ​នេះ សញ្ជឹងគិត​ពី​ពរ​ជ័យ​នេះ ហើយ​រស់នៅ​ឲ្យ​មាន​ភាព​ស័ក្តិសម​តាម​ការសន្យា​របស់ពរ​ជ័យ​នេះ​នៅក្នុង​ជីវិត​នេះ និង​ភាព​អស់កល្ប​ជានិច្ច ។

សមាជិក​សាសនាចក្រ​មិនគួរ​ប្រៀបធៀប​ពរជ័យ​នេះ និង​មិនគួរ​ចែកចាយ​ពរជ័យ​នេះ លើកលែង​តែ​សមាជិក​គ្រួសារ​ដែល​ជិតដិត​តែប៉ុណ្ណោះ ។ ពរលោក​អយ្យកោ​មិនគួរ​យកមក​អាន​នៅក្នុង​ការប្រជុំ​ក្នុង​សាសនាចក្រ ឬ​ទីកន្លែង​ជួបជុំ​ជា​សាធារណៈ​ឡើយ ។

ប្រសិនបើ​ពរលោក​អយ្យកោ​មិន​បាន​រៀបរាប់​ពី​ពូជអំបូរ​ទេ នោះ​លោក​អយ្យកោ​អាច​បន្ថែម​ការប្រកាស​ពី​ពូជអំបូរ​នៅពេល​ក្រោយ​បាន ។

១៨.១៧.២

ការ​ទទួលបាន​សំណៅ​ចម្លង​​នៃ​ពរលោក​អយ្យកោ

បុគ្គល​ដែល​បាន​ទទួល​ពរលោក​អយ្យកោ​គួរ​ថែរក្សា​សំណៅ​ចម្លង​​បោះពុម្ព​ឲ្យ​មាន​សុវត្ថិភាព ។ ទោះជាយ៉ាងណាក្តី ប្រសិនបើ​សំណៅ​ចម្លង​នេះ​បាត់ ឬ​ខូច បុគ្គល​រូបនេះ​អាច​ស្នើសុំ​ថ្មីទៀត​បាន ។ ពួកគេ​អាច​ធ្វើការ​ស្នើសុំ​​តាម​ពរ​របស់​លោក​អយ្យកោ នៅ​គេហទំព័រ ChurchofJesusChrist.org ។ ប្រសិនបើ​វា​មិនអាច​ធ្វើ​ទៅបានទេ នោះ​បុគ្គល​រូបនេះ​អាច​ទាក់ទង​ទៅ​ប៊ីស្សព​របស់ពួកគេ​សូម​ជំនួយ ។

១៨.១៧.៣

ព័ត៌មាន​បន្ថែម

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពរលោក​អយ្យកោ សូមមើល​លេខ ៣៨.២.១២​ និង « ពរ​របស់​លោក​អយ្យកោ » ។

១៨.១៨

អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សម្រាប់​ព័ត៌មាន​អំពី​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ សូមមើល ជំពូកទី ២៧ ។