ក្បួនខ្នាត និង​ការហៅ
១៧. ការបង្រៀន​ដំណឹងល្អ


« ១៧. ការបង្រៀន​ដំណឹងល្អ » ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ១៧. ការ​បង្រៀន​ដំណឹងល្អ » ក្បួនខ្នាត​ទូទៅ ។

១៧.

ការបង្រៀន​ដំណឹងល្អ

យើង​បង្រៀន​ដំណឹងល្អ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ខិតខំ​ជួយ​មនុស្ស​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​នៅ​ទីបំផុត​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ នៅពេល​ព្រះ​បន្ទូល​របស់​ព្រះ​ត្រូវ​បាន​បង្រៀន ហើយ​បាន​ទទួល​តាមរយៈ​ព្រះវិញ្ញាណ នោះ​វា​មាន​នូវ​អានុភាព​ដើម្បី​ផ្លាស់ប្ដូរ​ដួង​ចិត្ត ហើយ​បំផុស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ជឿ ។ វាមាន « ប្រសិទ្ធ​ភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន​ជាង​… អ្វី​ផ្សេងៗ​ទៀត » ( អាលម៉ា ៣១:៥ ) ។

១៧.១

គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ

នៅពេល​បង្រៀន​ដំណឹងល្អ ឪពុកម្ដាយ គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​គ្រូបង្រៀន​ដ៏​ចំណាន ។ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ​គឺជា​ការ​ទុក​ចិត្ត និង​ការ​ទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​មួយ ។

ថ្នាក់​ដឹកនាំ​ចែកចាយ​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ​ដូច​តទៅ​នេះ​ជាមួយ​គ្រូបង្រៀន​នៅ​ក្នុង​អង្គការ​របស់​ពួកគេ ។ គោលការណ៍​ទាំង​នេះ​ត្រូវ​បាន​ពន្យល់​យ៉ាង​លម្អិត​នៅ​ក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។

១៧.១.១

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​គឺជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ២ ២៦:២៤ ) ។ ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ធ្វើ​តាម​គំរូ​របស់​ទ្រង់​តាមរយៈ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដែល​ពួកគេ​បង្រៀន ។ ពួកគេ​អធិស្ឋាន​ឲ្យ​មនុស្ស​ដែល​ពួកគេ​បង្រៀន​តាម​ឈ្មោះ ខិតខំ​ភ្ជាប់​ទំនាក់ទំនង ហើយ​ស្វែង​យល់​ពី​ពួកគេ ព្រមទាំង​ផ្ដោត​លើ​សេចក្ដី​ត្រូវការ​របស់​បុគ្គលម្នាក់ៗ ។ ពួកគេ​ឈោង​ជួយ​ដល់​សមាជិក​នៅ​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​ពួកគេ​ដែល​មិន​បាន​ចូល​រួម ។

១៧.១.២

បង្រៀន​ដោយ​ព្រះវិញ្ញាណ

ដើម្បី​បំផុស​គំនិត​មនុស្ស​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ គ្រូបង្រៀន​ត្រូវ​តែ​បង្រៀន​ដោយ​ព្រះវិញ្ញាណ ។ គ្រូបង្រៀន​ស្វែងរក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ នៅពេល​ពួកគេ​រៀបចំ​ខ្លួន ហើយ​បង្រៀន ហើយ​ពួកគេ​ខិតខំ​រស់​នៅ​ឲ្យ​ស័ក្ដិសម​នឹង​ព្រះចេស្ដា​របស់​ទ្រង់​រៀង​រាល់​ថ្ងៃ ។

១៧.១.៣

បង្រៀន​គោលលទ្ធិ

ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​ពី​គោលលទ្ធិ​របស់​ព្រះវរបិតា​ទ្រង់ ។ ដោយ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ គ្រូបង្រៀន​ផ្ដោត​លើ​សេចក្ដី​ពិត​នៃ​ការ​សង្គ្រោះ​ដ៏​ចាំបាច់​នៃ​ដំណឹងល្អ ។ ពួកគេ​បង្រៀន​ដោយ​ប្រើប្រាស់​បទគម្ពីរ និង​ការ​បង្រៀន​របស់​ព្យាការី​ថ្ងៃចុងក្រោយ និង​សម្ភារ​សិក្សា​ដែល​បាន​អនុម័ត ។ គ្រូបង្រៀន​ដឹកនាំ​ការ​ពិភាក្សា​ដ៏​បំផុស​គំនិត ហើយ​ត្រូវ​ប្រាកដ​ថា ការ​បង្រៀន​របស់​ពួកគេ​មាន​ការ​ស្អាង​ឡើង ហើយ​មាន​ភាព​ត្រឹមត្រូវ​ខាង​គោលលទ្ធិ ។ សម្ភារ​ដែល​បាន​អនុម័ត​មាន​រាយ​នាម​នៅ​ក្នុង សេចក្ដី​ណែនាំ​សម្រាប់​កម្មវិធី​សិក្សា បច្ចុប្បន្ន នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

១៧.១.៤

អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​ដ៏​ឧស្សាហ៍​ព្យាយាម

គ្រូបង្រៀន​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រៀន​សូត្រ​របស់​ពួកគេ​ផ្ទាល់ខ្លួន ។ ពួកគេ​គាំទ្រ​ដល់​សមាជិក​ឲ្យ​ខិតខំ​រៀនសូត្រ​អំពី​ដំណឹងល្អ​ទាំង​ការ​រៀន​សូត្រ​ផ្ទាល់​ខ្លួន និង​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។ ពួកគេ​អញ្ជើញ​សមាជិក​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ហើយ​អនុវត្ត​តាម​ការរៀនសូត្រ​នោះ ។ សេចក្ដី​ជំនឿ​របស់​បុគ្គល​ម្នាក់​រីកចម្រើន​ឡើង នៅពេល​គាត់ ឬ​នាង​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​រៀនសូត្រ​អំពី​ដំណឹងល្អ ហើយ​អនុវត្ត​គោលការណ៍​របស់​វា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

១៧.២

ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន

ដើម្បី​មាន​ការប្រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ សមាជិក​ម្នាក់ៗ​ក្នុង​សាសនាចក្រ​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​រៀន​សូត្រ​អំពី​ដំណឹងល្អ​ដោយ​ខ្លួន​ឯង ។ លើស​ពី​នេះ​ទៀត ឪពុកម្តាយ​ទទួល​ខុស​ត្រូវ​ក្នុង​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ពួកគេ ។ ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​គួរ​តែ​ធ្វើ​ឡើង​នៅ​ក្នុង​គេហដ្ឋាន ។ ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​ក្នុង​សាសនាចក្រ​លើក​ទឹក​ចិត្ត ហើយ​គាំទ្រ​ដល់​ការ​រៀន​សូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន ។

ថ្នាក់​ដឹកនាំ និង​គ្រូបង្រៀន​លើក​ទឹក​ចិត្ត​សមាជិក​ឲ្យ​ស្វែងរក​ការ​បំផុស​គំនិត​ផ្ទាល់​ខ្លួន​អំពី​របៀប​សិក្សា និង​បង្រៀន​ដំណឹងល្អ ។ ធនធាន​ចម្បង​របស់​ពួកគេ​គួរ​តែ​ជា​បទគម្ពីរ និង​សារលិខិត​ក្នុង​សន្និសីទ​ទូទៅ ។ ធនធាន​បន្ទាប់​បន្សំ​អាច​រួម​មាន ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង ទស្សនាវដ្ដី​សាសនាចក្រ ។

១៧.៣

ការ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ

ថ្នាក់​ដឹកនាំ​ទទួល​ខុស​ត្រូវ​លើ​ការ​បង្រៀន និង​ការរៀនសូត្រ​នៅ​ក្នុង​អង្គការ​របស់​ខ្លួន ។ របៀប​មួយចំនួន​ដែល​ពួកគេ​អាច​បំពេញ​ការ​ទទួល​ខុស​ត្រូវ​នេះ​ត្រូវ​បាន​ចែក​ដូច​ខាង​ក្រោម ។

  • ធ្វើ​ជា​គំរូ​តាមរយៈ​ការ​រៀន​សូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ធានា​ថា​ការ​បង្រៀន​នៅ​ក្នុង​អង្គការ​របស់​ខ្លួន​ស្ថាបនា​សេចក្ដីជំនឿ ហើយ​មានភាព​ត្រឹមត្រូវ​ខាង​គោលលទ្ធិ ។

  • ប្រសិន​បើ​ថ្នាក់​ដឹកនាំ​គឺជា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​វួដ សូម​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត​ក្នុង​ក្រុម​ប្រឹក្សា​នោះ​ពី​រ​បៀប​កែលម្អ​ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​វួដ ។ ប៊ីស្សព​អាច​អញ្ជើញ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹកនាំ​ការ​ពិភាក្សា​ទាំង​នេះ ។

  • ប្រសិន​បើ​ចាំបាច់ សូម​ប្រាប់​ឈ្មោះ​សមាជិក​ក្នុង​វួដ​ដល់​គណៈប៊ីស្សព ដើម្បី​ហៅ​ជា​គ្រូ​បង្រៀន​នៅ​ក្នុង​អង្គការ​របស់​ពួកគេ ដោយ​ធ្វើ​តាម​សេចក្ដីណែនាំ​នៅ​ក្នុង ៣០.១ ។

  • ផ្ដល់​ការ​គាំទ្រ​ជា​បន្ត​បន្ទាប់​ដល់​គ្រូ​បង្រៀន​នៅ​ក្នុង​អង្គការ​របស់​ពួកគេ ។ និយាយ​ទៅ​កាន់​គ្រូបង្រៀន​អំពី​ការ​ខិតខំ​របស់​ពួកគេ ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​មនុស្ស​ដែល​ពួកគេ​បង្រៀន​ជា​ទៀង​ទាត់ ។ ប្រសិន​បើ​ចាំបាច់ សុំ​ជំនួយ​ពី​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ ។

១៧.៤

ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន

នៅ​ក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន គ្រូ​បង្រៀន​ប្រឹក្សា​រួម​គ្នា​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ ពួកគេ​ក៏​ប្រឹក្សា​អំពី​របៀប​កែលម្អ​ការរៀន​សូត្រ និង​បង្រៀន​ដំណឹងល្អ​ផងដែរ ។ ពួកគេ​ប្រើ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ជា​ធនធាន​មួយ ។

ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ត្រីមាស​អំឡុង​ម៉ោង​រៀន​រយៈ​ពេល ៥០ នាទី​នៅ​ថ្ងៃ​អាទិត្យ ។

  • ការប្រជុំ​សម្រាប់​គ្រូបង្រៀន​បព្វជិតភាព សមាគម​សង្គ្រោះ និង​ក្រុម​យុវនារី​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទីមួយ ឬ​ទីបី ។

  • ការ​ប្រជុំ​សម្រាប់​គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ​អាច​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទីពីរ ឬ​ទីបួន ។

គណៈប្រធាន​អង្គការ​បឋមសិក្សា​ប្រឹក្សា​ជាមួយ​នឹង​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​ដើម្បី​កំណត់​ពី​របៀប​ពង្រឹង​ការ​បង្រៀន​នៅ​ក្នុង​អង្គការ​បឋម​សិក្សា ។ ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​ជួយ​បាន ប្រសិន​បើ​ចាំបាច់ ។ មាន​ជម្រើស​មួយ​ចំនួន​ត្រូវ​បាន​រៀបរាប់​ដូច​តទៅនេះ ៖

  • គ្រូបង្រៀន​អង្គការ​បឋម​សិក្សា​អាច​ចូល​រួម​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ជាមួយ​នឹង​គ្រូ​បង្រៀន​មក​ពី​អង្គការ​ផ្សេងៗ ។

  • ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​សម្រាប់​គ្រូបង្រៀន​អង្គការ​បឋម​សិក្សា ។ ការ​ប្រជុំ​ទាំង​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អំឡុង​ម៉ោង​ច្រៀង​ចម្រៀង​របស់​អង្គការ​បឋម​សិក្សា​រយៈ​ពេល ២០ នាទី ។ ពួកគេ​អាច​ឆ្លាស់គ្នា ដោយ​ធ្វើ​ការ​ប្រជុំ​នោះ​ពីមុន ឬ​ក្រោយ​ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​តាម​ធម្មតា ឬ​នៅ​ថ្ងៃ​មួយ​ទៀត​អំឡុង​សប្ដាហ៍ ។

  • សមាជិក​នៃ​គណៈប្រធាន​អង្គការ​បឋម​សិក្សា​អាច​ដើរ​មើល​ថ្នាក់​អង្គការ​បឋម​សិក្សា ហើយ​ប្រឹក្សា​ដល់​គ្រូបង្រៀន​នៅ​ពេល​ក្រោយ អំពី​ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ។

ក្រុម​ប្រឹក្សា​វួដ​អាច​រៀប​ចំ​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូ​បង្រៀន​សម្រាប់​ឪពុកម្ដាយ ដើម្បី​ជួយ​ពួកគេ​កែលម្អ​ការ​បង្រៀន​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន ។ ដូច​គ្នា​នឹង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ផ្សេង​ទៀត​ដែរ ការ​ប្រជុំ​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​អំឡុង​ម៉ោង​រៀន​រយៈពេល ៥០ នាទី​នៅ​ថ្ងៃ​អាទិត្យ ។

ក្រុម​ប្រឹក្សា​វួដ​មើល​ខុស​ត្រូវ ហើយ​ដាក់​កាលវិភាគ​សម្រាប់​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន ។ ជាធម្មតា ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ដឹកនាំ​ការ​ប្រជុំ​ទាំង​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​គណៈប៊ីស្សព​អាច​សុំ​ឲ្យ​សមាជិក​ម្នាក់​ផ្សេង​ទៀត​ឲ្យ​ដឹកនាំ​ការ​ប្រជុំ​ទាំង​នេះ​បាន​ដែរ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ឬ​នៅលើ​គេហទំព័រ teaching.ChurchofJesusChrist.org ។