ឆ្នាំ ២០២៣
ការធ្វើ​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ ៖ ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត
ខែ មីនា ឆ្នាំ ២០២៣


« ការធ្វើ​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ ៖ ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

ការធ្វើតាម​គំរូ​របស់​ព្រះគ្រីស្ទ ៖ ការមើលថែ​ដល់​អ្នក​ដែល​ខ្វះខាត

ចេញពី​ផលិតកម្ម​ស្បៀងអាហារ ទៅដល់​ការឆ្លើយតប​ចំពោះ​ភាពអាសន្ន​រហូតដល់​ការងារបម្រើ មាន​របៀប​ជាច្រើន​ដែល​យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​ដល់​អ្នកជិតខាង​របស់​យើង ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​ព្យាបាល​បុរស​ខ្វាក់ភ្នែក​ម្នាក់

ខ្ញុំ​នឹង​ជឿ ដោយ លីហ្ស លីមិន ស្វីនឌល ហាមថត​ចម្លង

ក្នុងនាម​ជា​អ្នក​ដើរតាម​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ខិតខំ​រស់នៅ​តាម​បទបញ្ញត្តិ​ធំ​ពីរ ៖ ត្រូវ​ស្រឡាញ់​ព្រះ និង​ត្រូវ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ ការធ្វើ​តាម​បទបញ្ញត្តិ​ទាំងពីរ​នេះ និង​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​អ្វី​ដែល​ដឹកនាំ​ដល់​សាសនាចក្រ និង​សមាជិក​របស់​សាសនាចក្រ​ដើម្បី​មើលថែ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ។

ដូច្នេះ តើ​សាសនាចក្រ​ជួយ​មើលថែ​ដល់​អ្នក​ដែល​ខ្វះខាត​ដោយ​របៀប​ណា ? ហើយ​តើ​សមាជិក​អាច​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ដោយ​របៀប​ណា ?

របៀប​ដើម្បី​ជួយ

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ព្យាយាម ស្វែងរក​អ្នក​ដែល​ខ្វះខាត និង​ផ្ដល់​ជំនួយ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំង​អស់ មិន​ថា​ពួកគេ​មាន​ពូជ​សាសន៍ ​សញ្ជាតិ ឬ សាសនា​អ្វីនោះ​ទេ ។

យើង​ខ្វល់ខ្វាយ​ដល់​អស់​អ្នក​ដែល​ខ្វះខាត​តាម​របៀប​ជាច្រើន រួមមាន ៖

  • ការតមអាហារ និង​ការប្រើប្រាស់​ដង្វាយ​តមអាហារ ។

  • ការផ្តល់​ការងារបម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

  • កម្មវិធី​ខ្លួន​ទីពឹង​ខ្លួន ។

  • កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ការអប់រំ ទឹកស្អាត សេវា​សុខភាព ។

  • ការឆ្លើយ​តប​ចំពោះ​ភាពអាសន្ន

  • គម្រោង​ស្ម័គ្រចិត្ត​នៅក្នុង​សហគមន៍ ។

ខណៈ​ដែល​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌​មួយ​ចំនួន​របស់​សាសនាចក្រ​មាន​ទំហំ​ធំ សូម្បីតែ​ការ​ខិតខំ​តូចតាច​ក៏​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ផង​ដែរ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​ពី​របៀប​ដែល​សមាជិក​សាសនាចក្រ​ជួយ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ។

រូបភាព
មនុស្ស​កំពុង​លេង​ល្បែង​លើ​ផ្ទាំង​ក្រដាស

ចាប់ផ្តើម​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​នៅ​ប្រទេស​ប៉ូឡូញ បាន​ជួយ​ជនភៀសខ្លួន​ជាមួយនឹង​មធ្យោបាយ​ធ្វើ​ដំណើរ ស្បៀង​អាហារ និង​ផ្តល់ជម្រក ។

ការបម្រើ​ក្នុងពេល​មាន​ជម្លោះ

រ៉ាអេន និង ស្តេលីង ចាវីស—សមាជិក សាសនាចក្រ នៅក្នុង ទីក្រុង ​វ័រស្ស័រ ប្រទេស​ប៉ូឡូញ—មិនដឹង​ថា​ទៅជា​យ៉ាងណា​នៅពេល​ពួកគេ​ជ្រើសរើស​យក​ផ្ទះ​របស់​ពួកគេ​ធ្វើ ជា​ទីជម្រក​សម្រាប់​ជន​ភៀសខ្លួន ។ ប៉ុន្តែ​ពួកគេ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​តាមរបៀប​ណាមួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ។

មិនយូរ​ប៉ុន្មាន​ក្រោយពី​ជម្លោះ​បាន​ចាប់ផ្តើម​នៅ​ទ្វីប​អឺរ៉ុប គ្រួសារ​អ៊ុយក្រែន ​មួយ​ដែល​មាន​គ្នា​ប្រាំនាក់​បាន​មក​ដល់​មាត់ទ្វារ​របស់​ពួកគេ​នៅម៉ោង ១:០០ ព្រឹក ។ ពួកគេ​បាន​ធ្វើដំណើរ​ជិត ៥០០ ម៉ាយ ( ៨០០ គ.ម. ) ដើម្បី​ស្វែងរក​ទីសុវត្ថិភាព ។ គ្រួសារ​ចាវីស បាន​ស្វាគមន៍​ដល់ ម៉ារីណា និង សឺហ៊ី បូវ និង​កូនៗ​របស់​ពួកគេ​បី​នាក់ទៀត​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ។ យូរៗ​ទៅ ពួកគេ​បាន​បង្កើត​ក្តី​ស្រឡាញ់ និង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​គ្រួសារ បូវ ។ ម៉ារីណា បាន​និយាយ​អំពី​គំរូ​នៃ​ការបម្រើ​របស់​គ្រួសារ ចាវីស ថា « នៅពេល​អ្នក​ចែកចាយ​ក្តី​ស្រឡាញ់ វានឹង​រីកចម្រើន​ឡើង » ។ « វា​ធ្វើ​ឲ្យ​យើង​ជិតស្និទ្ធ​នឹង​គ្នា និង​ចំពោះ​ព្រះអម្ចាស់ » ។

ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ខិតខំ​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្រ្គោះ តាមរយៈ​ការងារបម្រើ​ចំពោះ​មនុស្ស​នៅ​ជុំវិញ​យើង ។ មនុស្ស​មិន​ត្រូវ​រត់គេច​ពី​សង្រ្គាម ឬ​ការធ្វើ​ការបៀតបៀន​ដើម្បី​ទទួល​បាន​ជំនួយ​នោះ​ទេ ។ រាល់​ទង្វើ​នៃ​សេចក្តី​សប្បុរស​ពី​យើង—មិន​ថា​តូច​ប៉ុណ្ណា—អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​នរណា​ម្នាក់​សម្រាប់​សេចក្តី​ល្អ​បាន ។

ការចែកចាយ​ក្នុង​សហគមន៍

នៅ​កសិដ្ឋាន​ដំណាំ​របស់​សាសនាចក្រ​នៅទីក្រុង ឡាអ៊ីអេ រដ្ឋ ហាវ៉ៃក្រុមគ្រួសារ​ជាង ៣១០ គ្រួសារ​បាន​ដាំ​ដំណាំ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​ពួកគេ ។ នៅលើ​ដីទំហំ ១.២៥ ហិចតា គ្រួសារ​ទាំងនេះ​ដាំ​ត្រាវ ដំឡូងមី ដំឡូង​ជ្វា ផ្លែសាកេ ផ្លែត្របែក និង​ដំណាំ​ដាំ​លើ​កោះ​ផ្សេងៗ​ទៀត ។

កសិដ្ឋាន​នេះ​គ្រប់គ្រង​ដោយ​គូស្វាមី​ភរិយា​ដែលជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​ទទួល​បាន​ការគាំទ្រ​ពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​ដទៃ​ទៀត ។ អ្នក​ស្ម័គ្រចិត្ត​ទាំងនេះ​ជួយ​ឈូសឆាយដី រៀបចំ​ដី​សម្រាប់​ដាំដំណាំ និង​បង្រៀន​ជំនាញ​មូលដ្ឋានគ្រឹះ​កសិកម្ម​នានា ។

ដោយសារ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា សមាជិក និង​អ្នកស្ម័គ្រចិត្ដ​ទាំងនេះ មនុស្ស​ជាច្រើន​ដែល​ត្រូវការ​អាហារ​នៅ​រដ្ឋហាវ៉ៃ មាន​លទ្ធភាព​ចិញ្ចឹម​ខ្លួន​បាន​កាន់តែ​ល្អ​ប្រសើរ នៅពេល​ក្សត់​ការងារ ។ សហគមន៍​កាន់តែ​រឹងមាំ​នៅពេល​ដែល​មនុស្ស​ធ្វើការ​រួមគ្នា​ដើម្បី​ថែទាំ​កសិដ្ឋាន និង​ចែករំលែក​អ្វី​ដែល​ពួកគេ​ដាំដុះ ។

គម្រោង​មនុស្សធម៌​របស់​សាសនាចក្រ​ជួយ​ផ្តល់​សន្តិសុខ​ស្បៀង​អាហារ ការអប់រំ ទឹកស្អាត និង​សេវាថែ​ទាំ​សុខភាព​សម្រាប់​មនុស្ស​រាប់លាន​នាក់​នៅទូទាំង​ពិភពលោក ។ សាសនាចក្រ​ក៏​បាន​ផ្តល់​ធនធាន​ជាច្រើន​ដើម្បី​បង្កើន​ភាព​ខ្លួន ទីពឹង​ខ្លួន រួមទាំង​ឃ្លាំង​របស់​ប៊ីស្សព មជ្ឈមណ្ឌល​ការងារ ហាងលក់​ទំនិញ Deseret Industries ការប្រឹក្សា​សេវាកម្ម​គ្រួសារ វគ្គ​បណ្តុះបណ្តាល​សម្រាប់​ភាពខ្លួន​ទីពឹងខ្លួន ​កសិដ្ឋាន និង​ចម្ការ​ដែល​គ្រប់គ្រង​ដោយ​សាសនាចក្រ ដូចជា​កសិដ្ឋាន​ដាំ​ដំណាំ ទីក្រុង​ឡាអ៊ីអេ រដ្ឋ​ហាវ៉ៃ ជាដើម ។ គម្រោង​ទាំងនេះ​ជា​រឿយៗ​បាន​ទទួល​ជំនួយ​ពី​សមាជិក និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ដែល​ការបរិច្ចាគ​ពេលវេលា ទេពកោសល្យ និង​ធនធាន​ផ្សេងៗ​ទៀត​ដោយ​សុទ្ធចិត្ត​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​ខ្វះខាត ។

ទង្វើ​នៃ​មិត្តភាព

នៅឆ្នាំ ២០២១ សមាជិក​សាសនាចក្រ​ប្រហែល ២០០ នាក់​បានឆ្លើយ​តប​ការអំពាវ​នាវ​សុំ​ជំនួយ ។ ពួកគេ​បាន​ទៅ​មជ្ឈមណ្ឌល​នៅ​ប្រទេស​អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក និង​កន្លែង​ផ្សេង​ទៀត​ដើម្បី​ជួយ​ដំណើរការ​ជនភៀសខ្លួន​ប្រហែល ៥៥,០០០ នាក់​មកពី​ប្រទេស អាហ្វហ្គានីស្ថាន ។

ពួក​អ្នក​ស្ម័គ្រចិត្ត​ជាច្រើន​បាន​បម្រើការ​នៅ​មជ្ឈមណ្ឌល​ទាំងនេះ​រយៈ​ពេល​ពីរ ឬ​បី​សប្តាហ៍ ហើយ​អ្នក​ខ្លះ​ទៀត​បានបន្ត​កាន់តែ​យូរ ។ សមាជិក​សាសនាចក្រ​បាន​បំពេញ​តម្រូវការ​បន្ទាន់​នៃ​អ្នក​ដែល​ស្វែងរក​ទីជ្រកកោន​ដោយ​ការ​ផ្តល់​ជា​អាហារ សម្លៀក​បំពាក់ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​ទៀត ។

បងប្អូន​ស្ត្រី​សមាគម​សង្គ្រោះ​មួយ​ចំនួន​បាន​កត់សម្គាល់​ឃើញ​ថា ស្ត្រី​អាហ្វហ្គានីស្ថាន​ ជា​ច្រើន​បាន​ប្រើប្រាស់​អាវ​របស់​ស្វាមី​ពួកគេ​ដើម្បី​គ្រប​ក្បាល​ពួកគេ ជំនួស​ឲ្យ​ក្រណាត់​គ្រប​ក្បាល​ជា​ប្រពៃណី​របស់​ពួកគេ​ដែលបានបាត់ ឬ​រហែកនៅក្នុង​ភាពវឹកវរ​នៅឯ​អាកាសយានដ្ឋាន​ ។ បងប្អូន​ស្រី​នៃ​សមាគម​សង្គ្រោះ​ទាំងនេះ​បាន​ជួបជុំ​គ្នា​ដើម្បី​ដេរ​សំលៀក​បំពាក់​ប្រពៃណី​របស់​ សាសន៍អ៊ីស្លាម ​សម្រាប់​ស្ត្រី​ដែល​ខ្វះខាត​ទាំងនេះ—ដោយ​បង្ហាញ​សេចក្តី​សប្បុរស និង​ការគោរព​ចំពោះ​អ្នក​ដទៃ ដោយ​ទុកចោល​ភាពខុសគ្នា​នៃ​ជំនឿ​របស់​ពួកគេ​មួយ​អន្លើ ។

ស៊ីស្ទើរ សារ៉ុន អូប៊ែង នាយក​អង្គការសប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​មាន​ប្រសាសន៍​ថា « កិច្ចខិតខំ​នីមួយៗ​របស់​យើង ពុំ​ចាំបាច់​តែ​មាន​ប្រាក់ ឬ​ក៏​នៅ​ទីតាំង​ដ៏​ឆ្ងាយ​នោះ​ទេ តែ​វា​ពិត​ជា​តម្រូវ​ឲ្យ​មាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដួងចិត្ត​ដែល​មាន​ឆន្ទៈ​ដើម្បី​ទូល​ទៅកាន់​ព្រះអម្ចាស់​ថា « ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ » [ អេសាយ ៦:៨ ] » ។

បំណង​ចង់​បម្រើ​នៅពេល​គ្រោះ​មហន្តរាយ​កើតឡើង គឺជា​មូលហេតុ​ដែល​សាសនាចក្រ​ជា​រឿយៗ​គឺជា​ក្រុម​ដំបូង​គេ​ក្នុង​ចំណោម​ក្រុម​ដំបូងៗ​ដែល​ឆ្លើយតប—ទាំង​ការសង្គ្រោះ​បណ្តោះអាសន្ន និង​ជំនួយ​រយៈពេលវែង ។ ការងារ​របស់​សមាជិក​សាសនាចក្រ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ជួយ​អ្នក​ដែល​ខ្វះខាត​ឲ្យ​មាន​អារម្មណ៍​មាន​សុវត្ថិភាព ទទួលបាន​ការថែទាំ​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​តាមរយៈ​សេចក្តី​សប្បុរស​របស់​អ្នក​ដទៃ ។

រូបភាព
ព្រះគ្រីស្ទ​ជាមួយនឹង​បុរស​ដែល​ជា​សះស្បើយ​ពី​ជំងឺ​ឃ្លង់

តើ​ប្រាំ​បួន​នាក់​ទៀត​នៅ​ឯណា ? ដោយ លីហ្ស លីមិន ស្វីនឌល ហាមថត​ចម្លង

ហៅ​ឲ្យ​ធ្វើកិច្ចការ 

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤:៣ សរសេរ​ថា « បើសិនជា​អ្នករាល់គ្នា​មាន​បំណង​ចង់​បម្រើ​ដល់​ព្រះ នោះ​អ្នករាល់គ្នា​បាន​ហៅ​ឲ្យធ្វើ​កិច្ចការ​នោះ​ហើយ » ។ ជាមួយ​នឹង​អ្វីៗ​ដែល​សាសនាចក្រ​ធ្វើ មាន​របៀប​ជាច្រើន​ដើម្បី​បម្រើ ។

ការខិតខំ​រៀបចំ​ជាច្រើន​របស់​សាសនាចក្រ​ក្នុងការ​ជួយ​អ្នក​ដែល​ខ្វះខាត គឺ​អាច​ធ្វើ​ទៅបាន​តែ​តាមរយៈ​ការបម្រើ​របស់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​ប៉ុណ្ណោះ ។ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ទទួល​យក​គ្រួសារ​ជន​ភៀស​ខ្លួន ផ្គត់ផ្គង់​តម្រូវការ​ខាង​រាងកាយ​របស់​អ្នក​ដទៃ ឬ​ទម្លាក់​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ក្នុង​គ្រោះ​មហន្តរាយ​នោះទេ ។ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​មាន​ចំណែក​ក្នុងការ​ធ្វើកិច្ចការ ហើយ​ការរួមចំណែក​របស់​មនុស្ស​គ្រប់រូប​ត្រូវ​បាន​ដឹង និង​ឲ្យ​តម្លៃ ។

របៀប​ដ៏​សំខាន់​បំផុត​មួយ​ដែល​សមាជិក​ផ្តល់​ដល់​ការងារនេះ​គឺ​តាមរយៈ​ការ​តមអាហារ និង​ការបរិច្ចាគ​មនុស្សធម៌ ។ ការបរិច្ចាគ​ដ៏​ពិសិដ្ឋ​ទាំងនេះ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​អ្នក​ដែល​ខ្វះខាត​បំផុត និង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ជីវិត​របស់មនុស្ស​​ដែល​ខ្វះខាត ។ សមាជិក​សាសនាចក្រ​អាច​បម្រើ​បេសកកម្ម​ផ្នែក​មនុស្សធម៌ ជួយ​សម្រួល​ដល់​វគ្គ​សិក្សា​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ឃ្លាំង​របស់​ប៊ីស្សព និង​នៅ​ហាង Deseret Industries ។ អ្នក​ក៏​អាច​ថែទាំ​អ្នក​ដែល​ត្រូវការ​ជំនួយ តាមរយៈ​សេវាកម្ម​ក្នុង​ស្រុក ការបរិច្ចាគ​ឈាម កិច្ចការ​បម្រើ ការអធិស្ឋាន និង​អ្វីៗ​ជាច្រើន​ទៀត ។

យើង​ទាំង​អស់គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ធ្វើកិច្ចការ ។ យើង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង​របស់​យើង ។ អ្វី​ដែល​យើង​ត្រូវការ​គឺ​បេះដូង​ដែល​​ស្ម័គ្រពីចិត្ត ។

កំណត់​ចំណាំ

  1. សារ៉ុន អូប៊ែង « I Pray He’ll Use Us » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៥៥ ។