ឆ្នាំ ២០២៣
ការបម្រើ​ដោយ​ក្តីសង្ឃឹម និង​ជំនឿ
ខែ មីនា ឆ្នាំ ២០២៣


« ការបម្រើ​ដោយ​ក្តីសង្ឃឹម និង​ជំនឿ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។

គោលការណ៍​ទាំងឡាយ​នៃ​ការងារ​បម្រើ

ការបម្រើ​ដោយ​ក្តីសង្ឃឹម និង​ជំនឿ

ពេល​យើង​រក្សា​សេចក្តី​សញ្ញា​របស់​យើង​ដោយ​សេចក្តី​ជំនឿ នោះ​យើង​អាច​ជួយ​ដឹកនាំ​អ្នក​ដទៃ​ទៅរក​ធនធាន​នៃ​សេចក្តី​សង្ឃឹម​បាន ។

រូបភាព
ស្ត្រី​ប៉ះ​ជាយ​ព្រះ​ពស្រ្ត​របស់​ព្រះយេស៊ូវ

គំរូ​នៃ​សេចក្តីសង្ឃឹម និង​សេចក្តី​ជំនឿ

នៅក្នុង​ដំណឹងល្អ​របស់​ម៉ាកុស យើង​អាន​ដំណើររឿង​ដ៏​ក្តុកក្ដួល​មួយ​អំពី « មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ​មក​ហើយ » ។ យើង​រៀន​ថា​គាត់ « បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ » ( ម៉ាកុស ៥:២៥–២៦ ) ។

ការរងទុក្ខ​ដប់ពីរឆ្នាំ​គឺជា​រយៈពេលយ៉ាងយូរ ។ គ្រប់យ៉ាង​ចំណាយ​ច្រើន​ណាស់ ។ ហើយ​គាត់​កាន់តែ​ធ្ងន់ទៅៗ ។ ប្រសិនបើ​នរណា​ម្នាក់ ​មាន​សិទ្ធិ​ទទួល​អារម្មណ៍​អស់​សង្ឃឹមនោះ គឺ​ជា​ស្រ្តី​រូប​នេះ​ហើយ ។

ប៉ុន្តែ « នាង​បាន​ឮ​គេនិយាយ​ពី​ព្រះយេស៊ូវ [ គាត់​ទៅ ] ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ [ ទ្រង់ ] ទៅ​ពាល់​ព្រះពស្ត្រ​ទ្រង់ » ពីព្រោះ​គាត់​បានជឿ​ថា « បើ​គ្រាន់​តែ​ពាល់​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ » ។

ម៉ាកុស​បាន​ពណ៌នា​ថា ដោយសារ​សេចក្តីជំនឿ​របស់​គាត់ « ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណៈ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្តី​វេទនា​នោះ​ហើយ » ( ម៉ាកុស ៥:២៧–២៩ ) ។

សេចក្តី​សង្ឃឹម និង​សេចក្តីជំនឿ​របស់​ស្រ្តី​នេះ​លើ​ព្រះ​យេស៊ូវ​គឺ​ត្រូវបាន​ឆ្លើយតប​ដោយ​ពរជ័យ ។ « ទ្រង់​មាន​ព្រះបន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្តី​វេទនា​របស់​នាង​ទៅ » ( ម៉ាកុស ៥:៣៤ ) ។

នៅរាល់​ឧបសគ្គ មិនថា​មាន​ទំហំ ឬ​រយៈពេល​ប៉ុណ្ណា​នោះ​ទេ សេចក្តី​សង្ឃឹម​គឺ​ចាំបាច់​ខ្លាំង​ណាស់ ។ សេចក្តី​ភ័យខ្លាច និង​សេចក្តីអស់​សង្ឃឹម​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ស្មារតី​បាន ។ ប៉ុន្តែ​សេចក្តី​សង្ឃឹម និង​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​អញ្ជើញ​ព្រះចេស្តា និង​ពរជ័យ​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង ។

សូម​អនុវត្ត​សេចក្តី​សង្ឃឹម និង​ជំនឿ​លើ​ការងារបម្រើ

ក្នុងនាម​ជា​បងប្អូន​ប្រុស និង​បងប្អូនស្រី​ធ្វើការងារ​បម្រើ យើង​នឹង​ត្រូវ​អំពាវនាវ​រក​សេចក្តី​សង្ឃឹម និង​សេចក្តី​ជំនឿ​ដូច​គ្នា​នេះ ។ ការងារបម្រើ​អាច​ទាំង​ជា​រង្វាន់ និងជា​ការប្រឈមមុខ​ផងដែរ ។ នៅពេល​នរណា​ម្នាក់​ដែល​យើង​ចង់​ជួយ បង្ហាញថា​ហាក់​មិន​ចង់​បាន​ជំនួយ​នោះទេ នោះ​វា​អាច​ធ្វើឲ្យ​បាត់បង់​សេចក្តី​សង្ឃឹម​បាន​យ៉ាង​ងាយស្រួល ។ ប្រហែលជា​អ្នក​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​នេះ​ឥឡូវ​នេះ​ជាមួយ​សមាជិក​គ្រួសារ មិត្តភក្តិ ឬ​នរណា​ម្នាក់​ដែល​បច្ចុប្បន្ន​នេះ​អ្នក​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ជួយ ។ ប្រហែលជា​ដូចជា​ស្រ្តី​ដែល​មាន​បញ្ហា​ធ្លាក់ ឈាម​រូប​នេះ ដែល​មានតែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទើប​ញាណ​ដឹង ថាតើ​អ្នក​ចំណាយពេល និង​កា​រខិតខំ​ប៉ុណ្ណា​ដើម្បី​ព្យាយាម​ស្វែងរក​អ្វី​ដែល​ជា​ជំនួយ ។ ប៉ុន្តែ​ដូចជា​ស្រ្តី​រូបនោះ​ដែរ ប្រសិនបើ​យើង​នឹង​ស្វែងរក​ក្តី​សង្ឃឹម​ដើម្បី​បន្ត​ឈោង​ទៅ​ជួយ​ដោយ​សេចក្តីជំនឿ នោះ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្រ្គោះ​អាច​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​បាន ។

ពេលខ្លះ បញ្ហា​ប្រឈមមុខ​គឺជា​ការងារបម្រើ​ដល់​អស់​អ្នក​ដែល​ខ្លួន​ពួកគេ​ពុះពារ​ដើម្បី​ទទួល​អារម្មណ៍​នៃ​ក្តី​សង្ឃឹម​គ្រប់គ្រាន់​ល្មម​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ ។ មាន​មនុស្ស​មួយ​ចំនួន​ដូចជា​ស្រ្តី​ដែល​នៅក្នុង​ម៉ាកុស​ដែរ អាច​ប្រឈមមុខ​នឹង​ជំងឺ​រ៉ាំរ៉ៃ បរាជ័យ​ផ្នែក​ហិរញ្ញវត្ថុ ឬ​ក៏​ឧបសគ្គ​ណា​ផ្សេង​ទៀត​ដែល​ហាក់​ដូចជា​លើសលប់ ។ ការដឹង​ថា​ពួកគេ​មិន​នៅ​ឯកោ​នៅក្នុង​គ្រាពុះពារ​របស់​ពួកគេ នោះអាច​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​ដ៏​មាន​អានុភាព​មួយ ។ យើង​អាច​ជួយពួកគេ​ស្វែងរក​សេចក្តី​សង្ឃឹម​នេះ នៅពេល​យើង​បង្ហាញ​ឆន្ទៈ​របស់​យើង​ដើម្បី​សម្រាល​បន្ទុក​របស់​ពួកគេ ទួញយំ​ជាមួយ​ពួកគេ លួងលោម​ពួកគេ និង​ឈរ​ជា​សាក្សី​របស់​ព្រះ ( សូមមើល ម៉ូសាយ ១៨:៩–១០ ) ។

រូបភាព
ស្រ្តី​ពីរនាក់​កំពុង​អាន​ទស្សនាវដ្តី​ជាមួយ​ក្មេង​ស្រីម្នាក់

ការអភិវឌ្ឍន៍​សេចក្តី​សង្ឃឹម និង​សេចក្តីជំនឿ

តើ​យើង​អាច​អភិវឌ្ឍ​គុណលក្ខណៈ​នៃ​សេចក្តីសង្ឃឹម និង​សេចក្តីក្តីជំនឿ​ដោយ​របៀប​ណា ? នេះ​គឺ​ជា​គំនិត​មួយ​ចំនួន ៖

  1. អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ទាំងដប់ពីរ​នាក់ បាន​បង្រៀន​ថា សេចក្តី​សង្ឃឹម​គឺជា​ទំនុកចិត្ត​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់ ។ ដោយសារ « សេចក្តី​សង្ឃឹម​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ [ សូមមើល មរ៉ូណៃ ៨:២៦ ] » វា​ជា​អ្វី​មួយ​ដែល​យើង​អាច​អធិស្ឋាន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៧–៩ ) ។

  2. ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា​ការបង្កើន​សេចក្តី​ជំនឿ​ត្រូវការ​ការខិតខំ ។ លោក​បាន​ចែកចាយ​ពី​របៀប​ដែល​យើង​អាច​បង្កើន​សេចក្តីជំនឿ​របស់​យើង​តាមរយៈ​ការសិក្សា ការជ្រើសរើស​ជឿ ការធ្វើ​សកម្មភាព​ដោយសេចក្តី​ជំនឿ ការ​ទទួល​នូវ​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដោយ​ភាព​ស័ក្តិសម ហើយ​ទូល​សូម​ជំនួយ​ពី​ព្រះ​វរបិតា ។