ឆ្នាំ ២០២៣
ឯង​បាន​ដឹង​រួច​ទៅ​ហើយ
ខែ មីនា ឆ្នាំ ២០២៣


« ឯង​បាន​ដឹង​រួច​ទៅ​ហើយ » លីអាហូណា ខែ កុម្ភៈ ឆ្នាំ ២០២៣ ។

ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

ឯង​បាន​ដឹង​រួច​ទៅ​ហើយ

ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើងវិញ ប៉ុន្តែ​ខ្ញុំ​នៅ​សល់​ពេល ១០ ខែ​ទៀត​ក្នុង​កិច្ច​សន្យា​របស់​ខ្ញុំ​ធ្វើ​ជា​គ្រូ​គង្វាល​នៅ​ព្រះវិហារ​ផ្សេង ។

រូបភាព
គ្រូបង្រៀន​ជាមួយ​សិស្ស​ថ្នាក់​សិក្ខាសាលា

រូបថត​ដោយ ឡេសលី និលសុន

នៅពេល​ខ្ញុំ​អាយុ​ប្រហែល​ប្រាំបួន​ឆ្នាំ ខ្ញុំ​ឈឺ​ធ្មេញ​យ៉ាង​ខ្លាំង ។ ការឈឺចាប់ មិនអាច​ទ្រាំទ្រ​បាន​នោះទេ ប៉ុន្តែ​យើង​គ្មាន​លុយ​ទៅ​ពេទ្យ​ធ្មេញ​ទេ ។ នៅពេល​នោះ ខ្ញុំ​បាន​រស់នៅ​ជាមួយ​ជីដូន​ដែល​មាន​ចិត្ត​ដូច​ទេវតា​របស់​ខ្ញុំ​នៅ​ប្រទេស​ម៉ិកស៊ិក ។

ដោយ​ទឹកភ្នែក​ជោរជន់​នៅក្នុង​កែវភ្នែក​របស់​គាត់ គាត់​បាន​សួរ​ខ្ញុំ​ថា « តើ​ចៅ​ជឿ​លើ​ព្រះ​យេស៊ូវ​ថា ទ្រង់​អាច​ជួយ​ចៅ​ដែរ​ឬ​ទេ ? »

ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​ជឿ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​បន្ទប់​ជិតនោះ ហើយ​លុត​ជង្គង់​អធិស្ឋាន​ទូលសូម​អព្ភូតហេតុ ។ ខ្ញុំ​បាន​អធិស្ឋាន​អស់ពី​ដួងចិត្ត ប៉ុន្តែ​មិន​មាន​អ្វី​កើត​ឡើង​ទេ ។ ដោយ​ខកបំណង ខ្ញុំ​បាន​ខាំធ្មេញ​សង្កត់វា​យ៉ាងខ្លាំង​តាម​ដែល​ខ្ញុំ​អាច​ធ្វើបាន ហើយ​បាន​ពោលពាក្យ​អធិស្ឋាន​ជាលើក​ទីពីរ ។ មិនយូរ​ប៉ុន្មាន​ការឈឺចាប់​ក៏​បាត់​ទៅ ! ពេល​ខ្ញុំ​រត់​ទៅ​ប្រាប់​ជីដូន ខ្ញុំ​ឃើញ​គាត់​លុត​ជង្គង់​អង្វរ​ព្រះ​ឲ្យ​ជួយ​ចៅ​ប្រុស​តូច​របស់​គាត់ ។ ខ្ញុំ​មិន​ដែល​ភ្លេច​ទិដ្ឋភាព​នោះ​ទេ ហើយ​ខ្ញុំ​ក៏​អរគុណ​ដល់​ជីដូន​របស់​ខ្ញុំ ។

បន្ទាប់មក​ទៀត​ក៏​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្សេងទៀត ។

នៅពេល​ខ្ញុំ​មាន​អាយុ ១៤ ឆ្នាំ ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅ​រដ្ឋ​តិចសាស ស.រ.អា. ដើម្បី​រស់នៅ​ជាមួយ​ឪពុកម្តាយ និង​បងប្អូន​របស់ខ្ញុំ ។ ខ្ញុំ​បាន​ឃើញ​ព្រះវិហារ​ក្នុង​តំបន់​មួយ ហើយ​ចាប់​ផ្ដើម​ចូល​រួម​ជា​ប្រចាំ ។ ដោយសារ​បទពិសោធន៍​របស់ខ្ញុំ​ជាមួយព្រះ ខ្ញុំ​ចង់​ចែកចាយ​ព្រះនាម និង​ដំណឹងល្អ​របស់​ទ្រង់​ ដល់​មនុស្ស​គ្រប់គ្នា​ដែល​នឹង​ស្តាប់​ខ្ញុំ ។ នៅ​អាយុ ១៥ ឆ្នាំ ខ្ញុំ​បានចូល​រៀន​នៅ​សាលា​គ្រូគង្វាល ដើម្បី​ធ្វើ​ជា​គ្រូ​គង្វាល​ម្នាក់ ។ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ខ្ញុំ​បាន​ចូល​រៀន​ថ្នាក់​ព្រះ​គម្ពីរ​ប៊ីប​មុន​ពេល​ចូល​រៀន ក្រោយ​ពី​រៀន និង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ។

នៅ​ព្រឹក​មួយ​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ឮ​សំឡេង​នៅ​ក្នុង​បន្ទប់​ប្តូរ​សម្លៀកបំពាក់កីឡា​របស់​ក្មេងប្រុសៗ ។ មាន​គេ​ស្រែក​ថា « ឯង​ជា មរមន ! » ។ ខ្ញុំ​មិន​ធ្លាប់​ឮ​ពាក្យ​នោះ​ពីមុន​មក​ទេ ប៉ុន្តែ​វា​ស្តាប់​ទៅ​ដូចជា​ការ​ប្រមាថ​មួយ​អ៊ីចឹង ។

ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា​អ្នក​ដែល​ត្រូវ​គេ​ស្រែក​ឲ្យ​នោះ គឺជា​មិត្ត​ល្អ​របស់​ខ្ញុំ ឌឺរិក ។

ខ្ញុំ​បាន​និយាយ​ថា « សោកស្តាយ​ណាស់​ដែល​គេហៅ​ឯង​ថា​ជា​មរមន » ។

ឌឺរិក ញញឹម ហើយ​សួរ​ថា « ឯង​មិន​ដឹង​ថា មរមន​ជា​អ្វី​ទេ មែន​ទេ ? »

គាត់​បាន​ប្រាប់ខ្ញុំ​ថា វា​គឺជា​ឈ្មោះ​ហៅក្រៅ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

« អ៊ីចឹង ឯង​គឺជា​គ្រីស្ទាន​ឬ ? » ខ្ញុំ​បាន​សួរ ។

នៅពេល​គាត់​បាន​និយាយ​ថា បាទ ខ្ញុំ​រីករាយ​ដែល​បាន​ដឹង​ថា​យើង​បាន​ចែកចាយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

« តើ​ឯង​ធ្លាប់​ទូលសួរ​ព្រះ​ដែរ​ឬ​ទេ ? »

ខ្ញុំ​ឆ្ងល់​ថា « តើ​ពួកមរមន​ទាំងនេះ​ជា​នរណា ។ ហើយ​តើ​ពួកគេ​ជឿ​លើ​អ្វី ? »

ខ្ញុំ​បាន​ទៅ​ស្វែងយល់​នៅលើ​អ៊ីនធឺណិត ។ ប៉ុន្មាន​នាទី​ក្រោយមក ខ្ញុំ​បាន​សម្រេចចិត្ត​ថា​មិត្ត​របស់​ខ្ញុំ​មិនមែន​ជា​គ្រីស្ទាន​ទេ ហើយ​ថា​គាត់​នឹង​ធ្លាក់​នរក ។ ដូច្នេះ ខ្ញុំ​បាន​ចាប់ផ្តើម​បេសកកម្ម​ដើម្បី​សង្គ្រោះ​គាត់ ។

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ ខ្ញុំ​បាន​អាន​គ្រប់​សៀវភៅ​ដែល​ខ្ញុំ​អាច​រក​ឃើញ​អំពី​សាសនាចក្រ រួម​ទាំង​ព្រះគម្ពីរ​មរមន​ទាំងមូល—ពីរដង ។ ខ្ញុំ​ក៏​បាន​ជួប​ជាមួយ ឌឺរិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ដើម្បី​ព្យាយាម​ជួយ​ពួកគេ ។

ពេល​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ពី​សាលា​គ្រូ​គង្វាល ហើយ​ត្រូវ​បានតែងតាំង​ជា​គ្រូ​គង្វាល ហើយ​បាន​ក្លាយ​ជា​គ្រូគង្វាល​នៃ​ក្រុមជំនុំ​តូច​មួយ​នៅ​រដ្ឋ ​តិចសាស ។ ពីរ​ខែ​បន្ទាប់​ពី​ការតែងតាំង​របស់​ខ្ញុំ ខ្ញុំ​បាន​មាន​ការពិភាក្សា​មួយ​ទៀត​ជាមួយ​នឹង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​សួរថា « ប្អូន​បាន​អាន​ព្រះគម្ពីរ​មរមន ហើយប្អូន​បាន​រៀន​គ្រប់​មេរៀន​ដែល​ពួកខ្ញុំ​​បង្រៀន ប៉ុន្តែ​តើប្អូន​បាន​ទូលសួរ​ព្រះ​ថា​តើ​សារលិខិត​របស់​ខ្ញុំ​ពិត​ឬ​ទេ ? នោះប្អូន នឹងបានដឹង​ចម្លើយ​ពី​ទ្រង់​មែនទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ពិតណាស់ » ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឆ្លើយ​តប​ថា ៖ « របៀប​ដែល​ខ្ញុំមើល​ឃើញ វា​ជា​ស្ថានភាព​ឈ្នះ​ ឈ្នះ​សម្រាប់ប្អូន » ។ « ប្រសិនបើ​ប្អូន​ទូល​សួរ​ព្រះ​ថា​តើ​អ្វី​ដែល​មិត្ត​របស់​ប្អូន​ជឿ​ពិត​ ឬ​អត់ ហើយ​ព្រះ​ឆ្លើយ​ថា​ទេ នោះ​ប្អូន​បាន​សម្រេច​បេសកកម្ម​ដែលប្អូន​បាន​ចាប់​ផ្តើម​ដំណើរ​នេះ​ហើយ ។ ប៉ុន្តែ​ប្រសិន​បើ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​សារលិខិត​របស់​យើង​គឺជា​ការពិត សូម​គិត​ថា​តើ​ប្អូន​អាច​ទទួល​បានឬទេ » ។

ខ្ញុំ​មិន​ដែល​គិត​អំពី​រឿង​នេះ​ដូច​នោះ​ទេ ។ នៅ​យប់​នោះ​ខ្ញុំ​បាន​លុតជង្គង់​ចុះ​នៅក្នុង​បន្ទប់​របស់​ខ្ញុំ បន្ទាប់ពី​អាន មរ៉ូណៃ ១០:៣–៥ ។ ចម្លើយ​របស់​ខ្ញុំ​ពី​ព្រះ គឺ​សាមញ្ញប៉ុន្តែ​មាន​អានុភាព ។ ដោយ​សំឡេង​តូច​រហៀង ទ្រង់​បានឆ្លើយ​មក​ខ្ញុំ​ថា ៖ « ឯង​បាន​ដឹង​រួច​ទៅ​ហើយ » ។

ជំពូក​ថ្មី​នៅក្នុង​ភាពជា​សិស្ស​របស់​ខ្ញុំ

ឥឡូវ​នេះ​ដែល​ខ្ញុំ​មាន​ទីបន្ទាល់​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើងវិញ ចុះ​តើ​ការធ្វើ​ជា​គ្រូ​គង្វាល​របស់​ខ្ញុំ​ទៅ​ជា​យ៉ាង​ណា ? ខ្ញុំ​នៅ​សល់​ពេល​ ១០ ​ខែ​ទៀត​ក្នុង​កិច្ចសន្យា​ជា​គ្រូគង្វាល ។ បន្ទាប់ពី​ការអធិស្ឋាន និង​ការប្រឹក្សា​ជា​ច្រើន​ជា​មួយ​នឹង​ព្រះ ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ចប់​ការធ្វើ​ជា​គ្រូគង្វាល​របស់​ខ្ញុំ ។ សម្រាប់​រយៈពេល ១០ ខែ​បន្ទាប់ ខ្ញុំ​បាន​បន្ត​ចែកចាយ​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​ប៊ីប​តាមទម្លាប់ ប៉ុន្តែ​នៅពេល​ដែល​អាច​ធ្វើ​ទៅបាន ខ្ញុំ​បាន​បន្ថែម​ទស្សនៈ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ មនុស្សម្នា​បានយល់​ពី​សេចក្ដី​ពិត​ទាំងនោះ ហើយ​ក្រុម​របស់​ខ្ញុំ​បាន​កើន​ឡើង​ពី ២០ ទៅ​ជិត ១៥០ នាក់ ។

បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​កិច្ចសន្យា​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​តំណែង​ជា​អចិន្ត្រៃយ៍ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា វា​ដល់​ពេល​ត្រូវ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ក្នុង​សាសនាចក្រ​ហើយ ។ វា​ដល់​ពេល​ហើយ​ដើម្បី​ចាប់ផ្តើម​ជំពូក​ថ្មី​ នៅក្នុង​ដំណើរ​នៃ​ភាពជាសិស្ស​របស់ខ្ញុំ ។

ពីដំបូង​—ពេល​ខ្ញុំ​ប្រាប់​សមាជិក​ក្នុង​គ្រួសារ​របស់​ខ្ញុំ ពួកគេ​មិន​សប្បាយ​ចិត្ត​ទេ ។ ប៉ុន្តែ​បី​ខែ​បន្ទាប់​ពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ដល់​ម្តាយ​ខ្ញុំ និង​បងប្អូន​របស់ខ្ញុំ​ពីរ​នាក់។ បន្ទាប់ពី​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​នៅ​បេសកកម្ម​ទីក្រុង អូក្លាហូម៉ា អូក្លាហូម៉ា ខ្ញុំ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ប្អូន​ស្រី​របស់​ខ្ញុំ ។

បើ​មាន​គេ​សួរ​ខ្ញុំ​ពី​មូលហេតុ​ដែល​ខ្ញុំ​ផ្លាស់ប្តូរ​សាសនា​របស់​ខ្ញុំ ខ្ញុំ​តែងតែ​ឆ្លើយ​ថា « ខ្ញុំ មិនបាន ប្តូរ​សាសនា​របស់​ខ្ញុំ ទេ—ខ្ញុំ​នៅតែ​ជា​គ្រីស្ទាន​ដ៏​ស្មោះត្រង់ ។ ផ្ទុយទៅវិញ ខ្ញុំ​គ្រាន់តែ​ពង្រឹង​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​ព្រះអង្គ​សង្គ្រោះ ដោយ​ក្លាយជា​សមាជិក​ដែល​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៃ​សាសនាចក្រ​របស់​ទ្រង់—គឺសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ខ្ញុំ​ស្គាល់​ទ្រង់​ដោយផ្ទាល់ និង​ស្និទ្ធស្នាល​ជាង​មុន​ឥឡូវនេះ ដោយសារ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ព្រះគម្ពីរ​មរមន ព្យាការី​សម័យ​ទំនើប និង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋនៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង​ដែល​មាន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

សព្វ​ថ្ងៃ​នេះ ខ្ញុំ​មាន​ឯកសិទ្ធិ​ធ្វើការ​ជា​គ្រូបង្រៀន​ពេញម៉ោង​នៅ​ថ្នាក់​សិក្ខាសាលា ។ ខ្ញុំ​នៅ​តែ​លះបង់​ជីវិត​របស់​ខ្ញុំ​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ហើយ​ខ្ញុំ​នៅតែ​ប្រាប់​មនុស្ស​គ្រប់គ្នា​ដែល​នឹង​ស្តាប់​អំពី « ប្រាប់​ដំណឹង​ល្អពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ( លូកា ២:១០ ) ។