« កណ្តឹងរបស់ប៉មរំឭកខ្ញុំ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៣ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
កណ្តឹងរបស់ប៉មរំឭកខ្ញុំ
បើខ្ញុំបានឆ្លើយតបទៅនឹងការបំផុសគំនិត នោះយើងនឹងមានពេលបង្រៀនដំណឹងល្អទៅ ហ្គីសេប កាន់តែច្រើន ។
នៅថ្ងៃរៀបចំខ្លួនមួយ ដៃគូបេសកកម្មរបស់ខ្ញុំ និងខ្ញុំបានទៅលេងព្រះវិហារមួយនៅ ប៉ាម៉ា ប្រទេស អ៊ីតាលី ។ ខណៈដែលកំពុងស្ងប់ស្ងែងនឹងផ្ទាំងគំនូរដ៏ស្រស់ស្អាតនៅទីនោះ ខ្ញុំបានសង្កេតឃើញមានព្រះសង្ឃម្នាក់កំពុងអាននៅជិតនោះ ។ ខ្ញុំទទួលអារម្មណ៍បំផុសគំនិតឲ្យនិយាយទៅកាន់គាត់អំពីព្រះគម្ពីរមរមន ប៉ុន្តែខ្ញុំមានចិត្តភ័យខ្លាច ។
តើព្រះសង្ឃរបស់កាតូលិកនឹងប្រតិកម្មយ៉ាងណាចំពោះអ្នកផ្សព្វផ្សាយសាសនាកំពុងផ្សព្វផ្សាយនៅក្នុងវិហារកាតូលិក ? ការបំផុសគំនិតនេះបានទទួលម្តងទៀត ប៉ុន្តែជាថ្មីម្តងទៀត ខ្ញុំបានច្រានអារម្មណ៍នោះចោល ។
ពីរបីសប្តាហ៍ក្រោយមក អែលឌើរពីរនាក់ទៀតនៅក្នុងផ្ទះរបស់យើងបានប្រាប់យើងថាពួកគេបានទៅជួបជាមួយនឹងព្រះសង្ឃម្នាក់ដែលមានឈ្មោះថា ហ្គីសេប ។ បន្ទាប់ពីពួកគេបានបង្រៀនគាត់មួយមេរៀន គាត់បានទទួលយកព្រះគម្ពីរមរមន ។
នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានជួបនឹង ហ្គីសេប មួយសប្តាហ៍ក្រោយមក គាត់បានអានព្រះគម្ពីរបានភាគច្រើនទៅហើយ ។ គាត់រំភើបចិត្តអំពីព្រះគម្ពីរនេះខ្លាំងណាស់ ។
ពីមុនពួកអ្នកផ្សព្វផ្សាយសាសនាបានជួបជាមួយនឹង ហ្គីសេប ម្តងទៀត ដៃគូរបស់ខ្ញុំបានប្តូរតំបន់ ដូច្នេះខ្ញុំបានធ្វើជាដៃគូនឹងពួកគេ ។ នៅពេលយើងទៅបង្រៀន ហ្គីសេប នៅក្នុងវិហារកាតូលិក ខ្ញុំមិនបានភ្ញាក់ផ្អើលនោះទេព្រោះថា គាត់គឺជាលោកសង្ឃដែលខ្ញុំបានទទួលការបំផុសគំនិតឲ្យនិយាយជាមួយពីមុននោះ ។
ហ្គីសេប បានប្រាប់ខ្ញុំថា គាត់បានអានគម្ពីរអាលម៉ា ដែលគាត់បានប្រៀបធៀបអាលម៉ា ទៅនឹងសាវកប៉ុល ។ យើងបានសម្រេចចិត្តបង្រៀនគាត់នូវមេរៀនទីពីរ ដែលបានបញ្ចប់ដោយការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក ។ នៅចុងបញ្ចប់នៃមេរៀនរបស់យើង នៅពីមុនយើងអាចអញ្ជើញ ហ្គីសេប ឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ដោយការទទួលពិធីបុណ្យជ្រមុជទឹក នោះកណ្តឹងនៃវិហារកាតូលិកចាប់ផ្តើមបន្លឺឡើង ដែលធ្វើឲ្យយើងភ្ញាក់ ។
ហ្គីសេប បានភ្លេចម៉ោង ហើយបាននិយាយថា គាត់ត្រូវចូលរួមអធិស្ឋានជាមួយនឹងព្រះសង្ឃផ្សេងទៀតនៅថ្ងៃត្រង់ ។ បន្ទាប់មក គាត់បានសូមទោស ដោយនិយាយថា គាត់នឹងមិនទំនេរទេនៅពេលខាងមុខ ពីព្រោះគាត់ត្រូវទៅឆ្ងាយ ។ គាត់នឹងត្រូវតែងតាំងឲ្យធ្វើជាសង្ឃ ។
យើងភ្ញាក់ផ្អើលដែលគ្រាដ៏សំខាន់នោះបានកន្លងទៅ ។ បើខ្ញុំឆ្លើយតបទៅនឹងការបំផុសគំនិតរបស់ខ្ញុំពីមុន នោះយើងនឹងមានពេលបង្រៀនហ្គីសេប កាន់តែច្រើន ហើយគាត់នឹងមានពេលអានព្រះគម្ពីរបានចប់ហើយ ។ តាមដែលខ្ញុំដឹង ពួកអ្នកផ្សព្វផ្សាយសាសនាមិនដែលបានបង្រៀនគាត់ទៀតនោះទេ ។
បន្ទាប់ពីបទពិសោធន៍នោះមក សំឡេងនៃនាឡិកាកណ្តឹងរបស់ប៉មរំឭកខ្ញុំពីថាតើពេលវេលារបស់យើងមានតម្លៃ និងរយៈខ្លីយ៉ាងណា ។ សម្រាប់ពេលវេលានៅសេសសល់ក្នុងបេសកកម្មរបស់ខ្ញុំ រាល់ពេលខ្ញុំឮសំឡេងកណ្តឹងរបស់ប៉ម ខ្ញុំបានមានកម្លាំងចិត្តដើម្បីនិយាយជាមួយមនុស្សគ្រប់គ្នាដែលខ្ញុំអាចធ្វើទៅបាន អំពីដំណឹងល្អ ។ សព្វថ្ងៃនេះ ខ្ញុំនៅព្យាយាមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។