ឆ្នាំ ២០២៣
ការ​ប្រារព្ធខួបសាសនាគ្រីស្ទ​រយៈពេល ១០០ ឆ្នាំ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា
ខែ មីនា ឆ្នាំ ២០២៣


ព័ត៌មានក្នុងស្រុក

ការ​ប្រារព្ធខួបសាសនាគ្រីស្ទ​រយៈពេល ១០០ ឆ្នាំ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា

នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​នៅក្នុង​ការ​ប្រារព្ធសាសនាគ្រីស្ទាន​រយៈពេល ១០០ ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រារព្ធធ្វើឡើង​ជាពិសេស​ដែលធ្វើឡើងនៅក្នុង​ក្រុងភ្នំពេញ ។ ព្រឹត្តការណ៍​ត្រូវ​បាន​ធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែមករា ឆ្នាំ ២០២៣ នៅ​ទីធ្លា​មហោស្រពកោះពេជ្រ ។ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​ពួកគ្រីស្ទាន​ដទៃទៀត​រាប់ពាន់នាក់​បាន​ចូលរួម​នៅក្នុង​ពិធីនេះ ។

នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចូលរួម​ថ្លែង​សុទ្ធរកថា​ទៅកាន់​អ្នកស្ដាប់​ដែលជា​គ្រីស្ទាន​មានចំនួនជិត ១០០០០ នាក់ ។ នៅក្នុងប្រសាសន៍​របស់លោក លោក​បាន​មានប្រសាសន៍ថា « ការ​ប្រមូលផ្ដុំ​នេះ គឺជា​ការ​បង្ហាញ​អំពី​ការ​រីកចម្រើន​នៃ​សាសនាគ្រីស្ទ​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្រោម​ម្លប់​សន្ដិភាព » ។

សាសនាគ្រីស្ទ បាន​ចូលមកក្នុង​ប្រទេសកម្ពុជា​ដំបូងឡើយ នៅឆ្នាំ ១០២៣ ហើយ​បច្ចុប្បន្ននេះ មាន​ពួកគ្រីស្ទានចំនួន ១១៤៤០២ នាក់ ។ ចំនួននេះ​គឺជា​ចំនួនភាគរយ​តូច​មួយ​នៅ​ក្នុង​ចំណោមប្រជាជន ដែល​មានប្រហែលជា ៩៥​ ភាគរយ​គឺជា​អ្នកកាន់ពុទ្ធសាសនា ។ សព្វថ្ងៃនេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ​មានសមាជិក​ច្រើនជាង ១៦០០០ នាក់ នៅក្នុង​ប្រទេសកម្ពុជា ។

ប្រធានបេសកកម្ម​នៃសាសនាចក្រ​នៅក្នុង​ប្រទេសកម្ពុជា គឺ​ប្រធាន នាងកូណូវាសនា បានចូលរួម​នៅក្នុង​ព្រឹត្តការណ៍នោះ ហើយ​បាន​ទទួល​ការសម្ភាស​ជាមួយ​នឹង​សារព័ត៌មាន EAC ។ នៅពេល​សារព័ត៌មាន​សួរ​ថា លោក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ព្រឹត្តការណ៍​នេះ នោះលោក​បាន​មានប្រសាសន៍​ថា « ពិធីប្រារព្ធខួប ១០០ ឆ្នាំ​នេះ បង្ហាញ​ពី​សេចក្ដីស្រឡាញ់ និង​ការយកទឹកព្រះទ័យ​របស់ព្រះមាន​ចំពោះ​ព្រះរាជាណាចក្រកម្ពុជា » ។ លោក​ក៏បានបង្ហាញផងដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ដ​រីកចម្រើន​ ដោយសារ​តែ​ព្រះ​គង់នៅទីនេះ ។

ប្រធាននាង បានបន្ដ​ទៀតថា ​« យើង​ត្រូវ​បាន​ប្រទានពរ​ ព្រោះរដ្ឋាភិបាល​បាន​អនុញ្ញាតឲ្យយើង​អនុវត្ត​សាសនា​របស់យើង​ដោយសេរី ។ យើង​មានអ្នកផ្សព្វផ្សាយសាសនា​ដែល​បាន​ចាកចេញ​ពី​គេហដ្ឋានរបស់ពួកគេ ហើយ​បម្រើ​នៅជុំវិញពិភពលោក ។ យើង​មាន​អ្នកផ្សព្វផ្សាយសាសនា​ជនជាតិអាមេរិកកាំង និង​ជនជាតិខ្មែរ​ដែល​បម្រើ​នៅទីនេះ » ។ លោក​មានប្រសាសន៍​ថា ពួកគេ​ចែកចាយ​សារលិខិតនៃដំណឹងល្អ​ ហើយ​នឹង​សារលិខិត​របស់​ពួកព្យាការីនៅរស់​សព្វថ្ងៃនេះ ។ នៅពេល​សារព័ត៌មានសួរថា តើ​អ្វីដែលធ្វើ​ឲ្យ​សាសនាចក្រ​មានភាព​ខុសប្លែក​ពីគេ នោះលោក​បាន​មានប្រសាសន៍​ថា « យើង​មាន​ព្យាការី​នៅរស់ ដែលជា​មេដឹកនាំ​នៃ​សាសនាចក្រ ដែល​លោកទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​ព្រះ ហើយ​យើង​មានបព្វជិតភាព និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ » ។

អែលឌើរ ម៉ាឡាឈី ហ៊ន ជាអ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង​​សម្រាប់​សាសនាចក្រ ក៏​ទទួល​ការ​សម្ភាសផងដែរ ។ គាត់​ត្រូវ​បាន​សួរ​អំពី​អត្ថប្រយោជន៍​នៃ​សាសនាគ្រីស្ទ​ចំពោះ​ប្រទេសកម្ពុជា ។ គាត់បាន​ឆ្លើយតបថា « សាសនាគ្រីស្ទ អាច​ជួយ​បង្កើត​វប្បធម៌​នៃក្ដីស្រឡាញ់ ហើយទន្ទឹងចាំឲ្យ​ព្រះគ្រីស្ទ​បន្ដប្រទានពរ​ដល់ប្រទេស​នេះ ។ ទ្រង់អាច​ប្រទានពរ​ដល់យើង​ជាមួយ​នឹង​ចំណេះដឹង ការអប់រំ ហើយនាំ​សេចក្ដីសង្ឃឹម និង​អំណរ​នៅក្នុង​ជីវិត​របស់យើង ។

សមាជិក​នៃ​សាសនាចក្រ រួមទាំង​ការប្រមូលផ្ដុំ​អ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង​ដ៏ធំមួយ បានចូលរួម​ក្នុងពិធី ហើយ​ជួប​នឹង​នាយក​រដ្ឋមន្ត្រី​ដោយផ្ទាល់ ។​ អ្នកតំណាង​មកពី​សាសនាចក្រ​ចំនួនបួនរូប ត្រូវ​បាន​អញ្ជើញឲ្យអង្គុយ​នៅលើ​វេទិការ​ជាមួយ​នឹងភ្ញៀវកិត្តិយស រួមមាន សៀ សំណាង ជាប្រធាន​សមាគម ប្រធានស្ដេក អេង ប៊ុនហួច គណៈប្រធានស្ដេក​ខាងត្បូង ទូច សោភ័ណ្ឌ និង​ប្រធាន​មណ្ឌល តាយសុខាភារម្យ ។

សមាជិក​ក៏​បាន​ចូលរួម​នៅក្នុង​សម័យប្រជុំថ្ងៃសៅរ៍​ដើម្បី​ប្រារព្ធ​ពិធីនោះផងដែរ ។ នៅក្នុងសម័យប្រជុំទាំងបី ​រយៈពេលពីរថ្ងៃនេះ មាន​ពួកគ្រីស្ទាន​ជិត ៣០០០០ នាក់​មកពី​ប្រទេសកម្ពុជា និង​នៅជុំវិញពិភពលោក បានចូលរួម​ជាមួយគ្នា ប្រារព្ធ​ខួបសាសនាគ្រីស្ទ ១០០​ឆ្នាំ នៅក្នុង​ប្រទេសកម្ពុជា ដែល​ប្រារព្ធ​ដំណឹងល្អ និងសេចក្ដីសង្ឃឹម​ទៅលើ​ប្រទេសកម្ពុជា ៕