ឆ្នាំ ២០២១
ព្រះយេស៊ូវ​គ្រីស្ទញាណ​ដឹង​ពី​ការ​ឈឺចាប់​ដែល​យើង​មាន​ដោយ​សារ​តែ​ការ​រើស​អើង
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


ព្រះយេស៊ូវ​គ្រីស្ទញាណ​ដឹង​ពី​ការ​ឈឺចាប់​ដែល​យើង​មាន​ដោយ​សារ​តែ​ការ​រើស​អើង

អ្នកនិពន្ធ​រស់នៅ​ក្នុង​ខេត្ត​ហ្គូតេង ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ។

ដំណើរ​ស្វែង​រក​គឺ​ដើម្បី​មើល​ឃើញ​មនុស្ស​ទូទៅ​ដូចជា​ព្រះអង្គ​សង្គ្រោះ​មើល​ឃើញ​ពួកគេ ។

រូបភាព
people gathered on the Rome Italy Temple grounds

នៅ​ឯ​ពិធី​បើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី សមាជិក និង​មិត្ត​ភក្ដិ​របស់​ពួកគេ​បាន​ឈរ​ជុំវិញ​រូបសំណាក ព្រះគ្រីស្ទ ដែល​បាន​មើល​ឃើញ​តាម​បង្អួច​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា ។

ខ្ញុំ​បាន​ដក​ពិសោធន៍​ការ​រើស​អើង ឬ​ការ​ប្រកាន់​ពូជ​សាសន៍​តាម​ទម្រង់​ផ្សេងៗ​គ្នា​ជិត ២០ ឆ្នាំ​ហើយ ។

បន្ទាប់​ពី​ចូល​ក្នុង​សាសនាចក្រ​នៅ​ម៉ូសំប៊ិក ខ្ញុំ​បាន​ផ្លាស់​ទៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ។ វា​គឺជា​ប្រទេស​មួយ​ដ៏​ស្រស់​ស្អាត ជា​ប្រទេស​មួយ​ដ៏​រុង​រឿង​បំផុត​នៅ​ទ្វីប​អាហ្វ្រិក ។ ភាព​ស្រស់​ស្អាត​របស់​វា​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ដោយ​ភាពចម្រុះ​គ្នា​របស់​ប្រជាជន និង​ភាពសម្បូរ​បែប​នៃ​វប្បធម៌ ។

ប្រទេស​អាហ្រ្វិក​ខាងត្បូង​គឺជា​ប្រទេសមួយ​ដែល​កំពុង​ព្យាបាល​ពី​ប្រវត្តិសាស្រ្ត​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​រើសអើង​ជាតិសាសន៍ ។ ទោះបីជា​របប​អាផាថេត​ត្រូវ​បាន​លុប​បំបាត់​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៩៤ ក្ដី ក៏​ស្លាកស្នាម​នៃ​គោល​នយោបាយ​មុនៗ នៃ​ការប្រកាន់​ពូជសាសន៍​ដែល​អនុវត្ត​ដោយ​រដ្ឋាភិបាល​នៅ​តែមាន​ដដែល ។

ក្នុងនាមជា​ស្ត្រី​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ជា​ជនជាតិ​ម៉ូសំប៊ិក​ស្បែក​ខ្មៅ​ដែល​រស់​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​អស់​រយៈ​ពេល ១៨ ឆ្នាំ ខ្ញុំ​ជួប​នឹង​ការ​រើសអើង និង​ការ​បដិសេធ​ដែលជា​រឿយៗ​ត្រូវបាន​បង្ហាញ​ថាជា​សកម្មភាព​តូចៗ ។ ការប្រកាន់​ពូជ​សាសន៍ ​វណ្ណៈនិយម ​កុលសម្ព័ន្ធ​និយម​ ភេទ​និយម ​និង​ការស្អប់​ខ្ពើមជន​បរទេស​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ជំងឺ​ការ​បែង​ចែក​វណ្ណៈ ដែល​សង្គម​នៅតែ​ប្រឈមមុខ ។ មាន​អ្វីមួយ​នៅក្នុង​ខ្លួន​មនុស្ស​ខាង​សាច់​ឈាម​ដែល​ហាក់​ដូចជា​ចង់​បែង​ចែក​សង្គម ហើយធ្វើ​ឲ្យ​យើង​ជឿថា ភាពខុសគ្នា​គឺ​ជា​រឿង​អាក្រក់ ។

អ្វី​ដែល​យើង​ព្យាយាម​ធ្វើ

តើ​សមាជិក​សាសនាចក្រ​អាច​ងាយ​នឹង​គិតបែបនេះ​ដែរ​ឬទេ ? ពិតណាស់ ។ យើង​ទាំងអស់​គ្នា​ត្រូវតែ​បោះបង់​ចោល​មនុស្ស​ខាងសាច់​ឈាម​ក្នុង​ការខិតខំ​អស់មួយ​ជីវិត​របស់​យើង ដើម្បី​ក្លាយ​ជា​ពួក​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ( សូមមើល ម៉ូសាយ ៣:១៩ ) ។

រាល់​ពេល​ដែល​កូនៗ​ខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ​ត្រូវ​បាន​គេ​មើល​រំលង ត្រូវបានគេគិតទុកជាមិន ឬ​មើល​ឃើញ​ថាជា​ការចង់​ដឹង​ចង់ឃើញ នោះ​យើង​ត្រឡប់មកផ្ទះវិញ ហើយ​និយាយ​អំពីបញ្ហា​នេះ ។ យើង​និយាយ​គ្នាថា « តើ​មាន​អ្វី​ទើប​នឹង​កើត​ឡើង ? តោះ យើង​វិភាគ​បញ្ហា​នេះ ។ ចូរ​យើង​ពិភាក្សា​គ្នាថា​ហេតុអ្វី​មនុស្ស​ទូទៅ​មាន​ឥរិយាបថ​បែប​នេះ » ។ ការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នោះ​ជួយ​បញ្ឈប់​អារម្មណ៍​របស់​យើង​ពី​ការ​ធ្វើ​ឲ្យ​វា​កាន់​តែ​អាក្រក់​ទៅៗ ។

ខ្ញុំ​ព្យាយាម​បង្រៀន​កូនៗ​ខ្ញុំ​ថា ភាពអស្ចារ្យ​របស់​យើង​ត្រូវបាន​កំណត់​លើ​ទង្វើ​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​មនុស្សទូទៅ​ដែល​ត្រូវបាន​គេ​បោះបង់​ចោល ឬស្អប់ខ្ពើម​នៅក្នុង​សង្គម ( សូមមើល ម៉ាថាយ ២៥:៤០ ) ។ ការណ៍​នោះ​អាច​មាន​ន័យ​ថា ការ​រិះ​រក​វិធី​ដើម្បី​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ ដើម្បី​កុំ​ឲ្យ​យើង​បំភ្លេច​ពួកគេ​ចោល ។

ខ្ញុំ​ព្យាយាម​ប្រែ​ក្លាយ​ដូច​ព្រះយេស៊ូវ

ដោយ​មាន​ការ​ឈឺចាប់ដូច​គ្នា​នឹង​បទពិសោធន៍​ខ្លះៗ​ដែរ នោះ​មេរៀន​ដែល​យើង​កំពុងរៀន​កំពុង​ធ្វើ​ឲ្យ​កូនៗ​ខ្ញុំ​ក្លាយ​ជាមនុស្ស​ល្អប្រសើរឡើង ។ ហើយ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ។ ការ​ខកចិត្ត​របស់​យើង​បាន​ជួយ​យើង​អភិវឌ្ឍ​ក្តីអាណិត​អាសូរ និង​ការយល់ចិត្ត​អ្នកដទៃ ។

បទពិសោធន៍​ជាមួយ​ការរើសអើង​ផ្តល់​ឱកាស​មួយ​ឲ្យ​ខ្ញុំ​ជ្រើសរើស ។ តើ​ខ្ញុំ​នឹង​ផ្តល់​​ភាព​ជូរចត់ និង​ការសងសឹក ឬ​តើខ្ញុំ​នឹងផ្តល់​ដល់​បុគ្គល​នោះ​មិន​ត្រឹមតែ​ឱកាស​ម្ដង​នោះទេ ប៉ុន្តែ​ពីរ​ដង បីដង និង​បួន​ដង​ដែរ​ឬទេ ? តើ​ខ្ញុំនឹង​មើល​ឃើញ​ថា សង្គម​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់ ឬ​ខ្ញុំ​នឹង​ក្លាយ​ជា​កម្លាំង​សម្រាប់​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដែរ​ឬ​ទេ ?

ព្រះអង្គ​សង្រ្គោះ​ក៏​ប្រឈមមុខ​នឹង​ការរើស​អើង​ផង​ដែរ ដោយសារ​តែ​អត្តសញ្ញាណ​របស់​ទ្រង់ អ្វី​ដែល​ទ្រង់​ជឿ និង​កន្លែង​ដែល​ទ្រង់​បាន​មក ( សូមមើល យ៉ូហាន ១:៤៦ ) ។ តែ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ដោយ​អំពើហឹង្សា កំហឹង ការជូរចត់ ឬ​ការស្អប់​ខ្ពើម​នោះទេ ។ ទ្រង់​បាន​បង្រៀន​ទាស់​នឹង​រឿង​ទាំងអស់​នេះ ហើយ​បាន​ប្រព្រឹត្ដ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីពិត ។ ទ្រង់​បាន​បង្រៀន​ថា អំណាច និង​ឥទ្ធិពល​កើត​ឡើង​តាមរយៈ​ការលួងលោម ការអត់ធ្មត់ ភាពទន់ភ្លន់ សេចក្តីស្រឡាញ់ និង​សណ្តាន​ចិត្ត​ល្អ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១ ) ។ ទ្រង់​បាន​បង្រៀន​ថា នៅពេល​យើង​អាក់​អន់​ចិត្ត យើង​គួរតែ​ទៅរក​បងប្អូន​យើង ហើយ​និយាយ​ជាមួយគ្នា​( សូមមើល ម៉ាថាយ ១៨:១៥ ) ។ ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ដល់​មនុស្ស​ដែល​បៀតបៀន​យើង ( សូមមើល ម៉ាថាយ ៥:៣៨-៤៨ ) ។ ហើយ​នៅពេល​ដែល​ទ្រង់​ត្រូវ​បាន​គេ​កាត់ទោស​ដោយ​អយុត្តិធម៌ ហើយ​ព្យួរ​លើ​ឈើឆ្កាង​ដើម្បី​សុគត នោះ​ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​អភ័យទោស ( សូមមើល លូកា ២៣:៣៤ ) ។

នៅទីបំផុត មាន​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ប៉ុណ្ណោះ​ដែល​នឹង​ផ្លាស់​ប្ដូរ​យើង និង​ពិភពលោក​នេះ ( សូមមើល នីហ្វៃទី ២ ២៦:២៤ ) ។

ហើយ​ខ្ញុំ​នឹង​បន្ត​ព្យាយាម

ខ្ញុំ​មិន​មែន​ជា​មនុស្ស​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះទេ ។ ខ្ញុំ​មិន​អភ័យទោស​ដល់​មនុស្ស​ម្នាក់​ដែល​មើលងាយ​ខ្ញុំ​ភ្លាមៗ​ជានិច្ច​ឡើយ ។ វា​ត្រូវការ​ពេល​វេលា វា​ត្រូវការ​ការ​ព្យាបាល ហើយ​វា​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ធ្វើ​ការ​ជាមួយ​នឹង​ខ្ញុំ ។ ពេលខ្លះ ខ្ញុំ​ជ្រើស​យក​ការ​អាក់អន់ចិត្ត ហើយ​ខ្ញុំ​មិន​ឱប​ក្រសោប​យក​ការ​បំផុស​គំនិត​របស់​ទ្រង់​ភ្លាមៗ​នោះទេ ។ ប៉ុន្តែ​បើ​ខ្ញុំ​បើក​ចិត្ត​ទៅ​រក​ទ្រង់ នោះ​ព្រះវិញ្ញាណ​ធ្វើ​ការ​ជាមួយ​នឹង​ខ្ញុំ​ដោយ​អត់ធ្មត់​រហូត​ខ្ញុំ​អាច​យល់​ពី​អ្វី​ដែល​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ជាមួយ​នឹង​ស្ថានភាព​នោះ ។

ដំណើរ​ស្វែង​រក​ខ្ញុំ​គឺ​ដើម្បី​មើល​ឃើញ​មនុស្ស​ទូទៅ​ឲ្យ​ច្បាស់​ដូចជា​ព្រះអង្គ​សង្គ្រោះ​មើល​ឃើញ​ពួកគេ​ដែរ ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​ត្រូវ​តែ​មាន​ឆន្ទៈ​ទទួល​ស្គាល់​ថា យើង​គ្មាន​ចម្លើយ​ចំពោះ​រឿង​គ្រប់​យ៉ាង​ឡើយ ។ នៅពេល​យើង​មាន​ឆន្ទៈ​ដើម្បី​និយាយ​ថា « ខ្ញុំ​មិន​ល្អ​ឥត​ខ្ចោះ ខ្ញុំ​ត្រូវ​រៀនសូត្រ​ច្រើន​ទៀត ។ តើ​ខ្ញុំអាច​រៀន​អ្វី​ខ្លះ មកពី​ទស្សនវិស័យ​របស់​មនុស្ស​ដទៃ? »—នោះ គឺជា​ពេល​ដែល​យើង​ពិត​ជា​អាច​ស្ដាប់​ឮ ។ នោះ គឺជា​ពេល​ដែល​យើង​ពិត​ជា​អាច​មើលឃើញ ។

នៅពេល​ខ្ញុំ​ឆ្លង​កាត់​ដំណើរ​នេះ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ថា ខ្ញុំ​នៅ​ទីនេះ​សម្រាប់​គោលបំណង​មួយ ថា​ការ​សាកល្បង​ក្នុង​ជីវិត​គឺជា​បណ្ដោះ​អាសន្ន—ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ជីវិត​រមែង​ស្លាប់—ហើយ​ថា​ខ្ញុំ​មិន​ឯកោ​ឡើយ ។ តាមរយៈ​រឿង​ទាំងអស់​នេះ​ខ្ញុំ​កំពុង​ព្យាយាម​ប្រែ​ក្លាយ​ដូច​ព្រះយេស៊ូវ ! ការ​ព្យាយាម គឺជា​សកម្មភាព ហើយ​នៅពេល​យើង​បរាជ័យ យើង​អាច​ព្យាយាម​ម្ដង​ទៀត ។