ឆ្នាំ ២០២១
ការចេះ​សង្កេត​ពី​សេចក្ដីល្អ​ដែល​យើង​មាន
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


យុវមជ្ឈិមវ័យ

ការចេះ​សង្កេត​ពី​សេចក្ដីល្អ​ដែល​យើង​មាន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

តើ​បងប្អូន​នឹង​ផ្ដល់​និយមន័យ​នៃ​ការ​ចេះសង្កេត​យ៉ាង​ដូចម្ដេច ? រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ​ទើប​ដឹងថា ខ្លួន​បាន​បាត់បង់​គោលបំណង​នៃ​អំណោយទាន​ដ៏សំខាន់​នេះ ។

រូបភាព
woman looking away against background of sea and sky

រចនា​រូបថត​មកពី Getty Images

ស្ទើរ​មួយ​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ឲ្យ​និយមន័យ​អំណោយ​ទាន​នៃ​ការចេះ​សង្កេត​គឺជា​ការ​អាច​ស្គាល់​ពី​ការដឹង​ខុសត្រូវ ពី​ការពិត និង​កំហុស​ឆ្គង ។ ខណៈ​ពេល​ដែល​អំណោយទាន​នេះ គឺ​ជា​ផ្នែក​ដែល​សំខាន់​បំផុត ថ្មីៗ​នេះ​ខ្ញុំ​ទើប​បាន​ដឹង​ថា​មាន​អ្វីៗ​ច្រើន​លើស​ពី​នោះ​ទៅ​ទៀត ។

ខ្ញុំ​បាន​រកឃើញ​​ខ្លឹមសារ​នោះ​នៅ​ក្នុង​លេខ​យោង​នៃ​សុន្ទរកថា​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ ២០២០ ។ អ្នក​ឡើង​និយាយ​ម្នាក់​បាន​ដកស្រង់​ចេញពី​ប្រធាន ស្ទេរផាន អិល រីឆាត ( ឆ្នាំ ១៨៧៩–១៩៥៩ ) ជា​អតីត​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ដែល​បាន​មាន​ប្រសាសន៍​ថា « សមត្ថភាព​ក្នុង​ការវិនិច្ឆ័យ​ត្រឹមត្រូវ គឺ​ជា​អ្វី​ដែល​ចេះ​សង្កេត​ពី​អ្នក​ដទៃ ហើយ​រកឃើញ​សេចក្តី​ល្អ​ដែល​ពួកគេ​មាន​ពី​កំណើត ជា​សេចក្តី​ល្អ​ដែល​នៅជាប់​ក្នុង​ខ្លួន​ពួកគេ » ។

តើ​នោះ​ពុំ​ហាក់​ដូចជា​កំណាព្យ​ទេ​ឬ​អី ?

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​បង្ហាញ​ពី​អ្វី​ដែល​ល្អ ដែល​អ្នក​ដទៃ​មាន ។ ការពិត​នៃ​សេចក្តី​ថ្លែងការណ៍​នោះ​គឺ ផ្អែមល្ហែម​ខ្លាំងណាស់​ចំពោះ​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រៀន​បន្ថែម​ទៀត ។ ខ្ញុំ​រកឃើញ​ថា អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ក៏​បាន​បង្រៀន​ដែលថា អំណាយ​ទាន​នៃ​ការចេះ​សង្កេត​នឹងង​ជួយ​យើង​ឲ្យ « រកឃើញ និង​នាំមក​នូវ​សេចក្តីល្អ​ដែល​ប្រហែល​បិទបាំង​នៅក្នុង យើង  » ។

ចាប់តាំង​ពីការ​រកឃើញ​នេះ ខ្ញុំ​ចាប់ផ្តើម​ស្គាល់​ពី​ផ្នែក​ដ៏សំខាន់​​នៃ​អំណោយទាន​នៃ​ការចេះ​សង្កេត​នេះ ។ យើង​ត្រូវ​ស្វែងរក​គុណសម្បត្តិ​ល្អ​នៅក្នុង​ខ្លួន​យើង​ដើម្បី​ឲ្យ​យើង​អាច​អភិវឌ្ឍ​គុណ​សម្បត្តិ​នោះ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ដឹង ហើយ​ប្រព្រឹត្ត​ខ្លួន​កាន់តែ​ដូចជា​បុត្រាបុត្រី​របស់​ព្រះ ដែល​ជា​ភាពពិត​របស់​យើង ( សូមមើល ទំនុកដំកើង ៨២:៦; ម៉ូសាយ ៥:៧; មរ៉ូណៃ ៧:១៩ ) ។

តើ​យើង​អាច​ចាប់ផ្តើម​ស្វែងរក​គុណសម្បត្តិ​ល្អៗ​នៅ​ក្នុង​ខ្លួន​យើង​បាន​យ៉ាង​ដូចម្តេច ? នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដើម្បី​ចាប់ផ្តើម ។

ផ្តោត​លើ​ការប្រើប្រាស់​កម្លាំង​របស់​បងប្អូន​ដើម្បី​ផ្តល់ពរ​ដល់​អ្នក​ដទៃ

វា​គឺជា​គោលលទ្ធិ​ពិត​ដែលថា​មនុស្ស​គ្រប់គ្នា​មាន​អំណោយ​ជាក់លាក់​ពី​ព្រះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៦:១១ )—ហើយវា​មិនមែន​ជា​រឿង​អត់ប្រយោជន៍​ទេ​ដែល​គិតអំពី​គោលទ្ធិ​ទាំងនោះ​នោះ ។ តាមពិត​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ ! ព្រះ​គម្ពីរ​បង្រៀន​យើង​ឲ្យ​ស្វែងរក « អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះដោយ​ចងចាំ​ជានិច្ច​ថា មក​ពី​ហេតុ​អ្វី​បាន​ជា​អំណោយទាន​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​មក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:៨; សេចក្តី​បញ្ជាក់​បន្ថែម )។

នៅពេល​ដែល​យើង​យល់ដឹង​កាន់តែ​ច្បាស់​អំពី​អំណោយទាន ឬ​ទេពកោសល្យ​របស់​យើង យើង​គួរតែ​រក​វិធី​ប្រើ​វា​ដើម្បី​បម្រើ​ដល់​អ្នក​ដទៃ ។

វិធី​មួយ​ដើម្បី​ស្គាល់​ពី​អំណោយ​ទាន​របស់​បងប្អូន​គឺ​ដោយ​សួរ​ទៅ​នរណា​ម្នាក់​ដែល​បងប្អូន​ទុកចិត្ត ! សួរ​ពួកគាត់​ពី​ចំណុច​ខ្លាំង​របស់​បងប្អូន ។ ប្រសិនបើ​បងប្អូន​ដូច​​ខ្ញុំ បងប្អូន​ប្រហែលជា​គិត​ថា​ស្តាប់​ទៅ​ដូច​ជា​រាងឆ្គង ។ ប៉ុន្តែ​សូមចងចាំ​ថា វាមិនមែន​និយាយ​អំពី​ភាព​ឥតប្រយោជន៍​ទេ តែ​វា​គឺ​ជា​ការស្វែងរក​នូវ​លក្ខណៈ​ពិសេស​នៃ​បុគ្គល​ម្នាក់ៗ ឬ​គុណលក្ខណៈ​ដែល​បងប្អូន​មាន ដើម្បី​ផ្តល់​ជូន​បងប្អូន​ប្រុស​ស្រី​របស់បងប្អូន​នៅ​លើ​ពិភពលោក ( សូមមើល ម៉ូសាយ ៨:១៨ ) ។

ឧទាហរណ៍​អ្នក​ជិតខាង​ដែល​មាន​ចិត្ត​ល្អ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​អំណោយ​ទាន​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្ងប់សុខ ។ ជាជាង​ការ​ចាត់ទុក​ថា​មតិយោបល់​នោះ​គ្រាន់តែ​ជា​ការសរសើរ ខ្ញុំ​ចាប់ផ្តើម​ត្រៀមខ្លូន​រកមើល​អំណោយទាន​នោះ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។ កាល​ដែល​ខ្ញុំ​បាន​ធ្វើ ខ្ញុំ​​ដឹង​ថា​ព្រះ​វរបិតា​សួគ៌​អាច​ជួយ​ខ្ញុំ​ប្រើ​ជំនាញ​សង្គម​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ជា​មិត្ត​នឹង​អ្នក​ដទៃ និង​ផ្តល់​ពរ​ដល់​ជីវិត​ជា​ច្រើន លើស​ពី​ជីវិត​របស់​ខ្ញុំ​ផ្ទាល់ ។

តាមរយៈ​ការ​ស្គាល់​អំណោយ​ទាន​របស់​បងប្អូន បងប្អូន​អាច​ជ្រើសរើស​ប្រើ​អំណោយទាន​នោះ​ដើម្បី​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​បាន ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨២:១៨ ) ។

សិក្សា​ពី​ពរ​របស់​លោកអយ្យ​កោរ​របស់​បងប្អូន

រូបភាព
a young woman reading her patriarchal blessing

រូបថត​ដោយ យូឌីត អាន បេក

ពរ​របស់​លោក​អយ្យកោ​ក៏​ជា​ប្រភព​ដ៏​ល្អ​ដើម្បី​មើលឃើញ​ពី​លក្ខណៈ​ពិសេស​របស់​យើង ដែល​ជា​អំណោយទាន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ផងដែរ ។ អែលឌើរ លែរី អរ ឡរិន ដែល​ជា​អតីត សមាជិក​ពួក​ចិតសិបនាក់​បាន​មាន​ប្រសាសន៍​ ៖ « ព្រះវិញ្ញាណ​អាច​បង្ហាញ​យើង​អំពី​ភាពទន់ខ្សោយ​របស់​យើង ប៉ុន្តែ​ទ្រង់​ក៏​អាច​បង្ហាញ​យើង​អំពី​ភាពខ្លាំង​របស់​យើង​ផងដែរ ។ … នៅ​ពេល​យើង​អាន​ពរ​របស់​លោក​អយ្យកោ យើង​ត្រូវបាន​រំឭក​ថា ព្រះវរបិតាសួគ៌​ញាណដឹង​អំពី​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង » ។

ការសិក្សា​ពរលោក​អយ្យកោ​របស់​បងប្អូន​ជួយ​បងប្អូន​ឲ្យ​ផ្តោតយកចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ដែល​អាច​ជួយ​បងប្អុន​ឲ្យ​ឈានដល់​សក្តានុពល​របស់​បងប្អូន ។

នៅក្នុង​ករណី​របស់​ខ្ញុំ ជាញឹកញាប់​ខ្ញុំ​ស្រមៃ​មើល​ថាតើ​ខ្ញុំ​ចង់​ក្លាយ​ជា​ម្តាយ​បែបណា​នៅ​ថ្ងៃ មួយ ។ ខ្ញុំ​បាន​គិត​ជ្រុល​ទាំងមិន​ដឹងខ្លួន​ថា ម្តាយល្អ​គឺជា​ម្តាយ​ដែល​មានរូបរាង​ស្គម មាន​សណ្តាប់ធ្នាប់ និង​ស្រស់ស្អាត—ហើយ​ថា​នំ​ស៊ីណាមិន​របស់​គាត់​គឺ​ធ្វើ​ឲ្យ​សមាគម​សង្រ្គោះដទៃ​ទៀត​ក្នុងវួដ​មាន​ចិត្ត​ច្រណែន ។ ខណៈ​ដែល​ការ​ស្រមៃ​ទាំង​នោះ​មិន​ហួសហេតុ​ពេក ការ​សិក្សា​ពី​ពរលោក​អយ្យកោ​របស់​ខ្ញុំ​បាន​បង្ហាញ​ខ្ញុំ​ថា ព្រះអម្ចាស់​យក​ព្រះទ័យ​ទុកដាក់លើស​ពី​ខ្ញុំ​ថា ខ្ញុំ​ជា​ម្ដាយ​ដែល​មាន​ចិត្តល្អ និង​សប្បុរស​ទៅ​ទៀត ។ ចំពោះខ្ញុំ បុគ្គលិក​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​គឺ​ជា​លក្ខណៈ​ដែល​ខ្ញុំ​គួរតែ​មាន​ចិត្ត​អន្ទះសា​ដើម្បី​អភិវឌ្ឍ ។

សូមចងចាំ និង​សញ្ជឹងគិត​នៅអំឡុងពេល​ពិធី​សាក្រាម៉ង់

រូបភាព
bread being broken for sacrament

ថតរូប​ដោយ ជេរី ហ្គេន

សាក្រាម៉ង់​គឺ​ជា​ពេល​ដើម្បី​គិត​អំពី​ព្រះអង្គ​សង្រ្គោះ ។ វា​ក៏​ជា​ពេល​ដែល​ត្រូវ​សញ្ជឹងគិត​ពី​ការ​រីកចម្រើន​ឆ្ពោះ​ទៅ​កាន់​ការប្រែ​ក្លាយ​ដូច​ជា​ទ្រង់​ផងដែរ ។ នៅពេល​បងប្អូន​ខិតខំ​ស្វែងរក​លក្ខណៈល្អៗ​របស់​បងប្អូន ដោយ​ក្រឡេក​មើល​ទៅ​សមិទ្ធិផល​រាល់​សប្តាហ៍ បទ​ពិសោធន៍ និង​ការ​ជួបប្រទះ​ក្នុង​សង្គម​របស់​បងប្អូន​អាច​ជួយ​បងប្អូន​ឲ្យ​មើល​ឃើញ​ពី​ពេលវេលា​ជាក់លាក់ ដែល​អំណោយទាន​របស់​បងប្អូន​ត្រូវ​បាន​បើកសម្តែង​ឲ្យ​ឃើញ ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « នៅ​ពេល​អ្នកពិនិត្យលើ​ជីវិត​របស់អ្នក​អំឡុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ខ្ញុំ​សង្ឃឹម​ថាគំនិត​អ្នក​មិន​គ្រាន់តែ​ផ្តោតទៅ​លើ​អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​ខុស​នោះ​ទេ ប៉ុន្តែ​ក៏​ផ្តោត​នៅ​លើ​អ្វីៗ​ដែល​អ្នក​បាន​ធ្វើ​ត្រូវ​ដែរ—ជា​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវបិតា​សួគ៌ និង​ព្រះអង្គសង្គ្រោះ​សព្វព្រះទ័យ​ជាមួយ​អ្នក ។ អ្នក​អាច​នឹង​ចំណាយ​ពេល​បន្តិច​អំឡុង​សាក្រាម៉ង់​ដើម្បី​ទូល​សូម​ដល់​ព្រះ​ឲ្យ​ជួយ​អ្នក​មើល​ឃើញ​ការណ៍​ទាំងនេះ » ។

ទាំងនេះ​គឺជា​សំណួរ​ខ្លះៗ​ដែល​បងប្អូន​អាច​សួរ​ខ្លួន​ឯង ឬ​ព្រះ​នៅអំឡុង​ពិធី​សាក្រាម៉ង់ ៖

  • តើ​ខ្ញុំ​ធ្វើតាម​គំរូ​របស់​ព្រះគ្រីស្ទ​អ្វីខ្លះ​នៅ​សប្តាហ៍​នេះ​យ៉ាង​ដូចម្តេច ?

  • តើ​ខ្ញុំ​បម្រើ​នរណា ?

  • តើ​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​នៅ​ពេលណា​នៅ​សប្តាហ៍​នេះ ? ហេតុអ្វី ?

  • តើ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ព្យាយាម​អភិវឌ្ឍ ? តើ​ខ្ញុំ​ធ្វើ​បាន​ប៉ុណ្ណា​ហើយ ?

  • តើ​មាន​អ្វីផ្សេងទៀត​នៅក្នុង​ជីវិត​ខ្ញុំ​ដែល​ខ្ញុំ​គួរ​តែ​អធិស្ឋាន​ទូល​សូម​ជំនួយ​ដែល​ឬ​ទេ ?

  • តើ​ខ្ញុំ​ត្រូវការ​អភ័យទោស​ឲ្យ​នរណា​ម្នាក់​ដែល​ឬ​ទេ ?

  • តើ​បញ្ហា​មួយ​ណា ទោះ ធំ ឬ​តូច​ក្តី ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ជួយ​ខ្ញុំ​ក្នុង​សប្តាហ៍​នេះ ?

ការ​សញ្ជឹង​គិត​ពី​សេចក្តី​ល្អ​របស់​ព្រះ និង​វាយ​តម្លៃ​ពី​ជីវិត​របស់​ខ្ញុំ​ក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ជាជាង​ផ្តោត​តែ​លើ​ការ​បរាជ័យ និង​គុណ​វិបត្តិ នោះ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ទុក​ចិត្ត​លើ​ទ្រង់ ។

តម្កើង​ការហៅ​របស់​បងប្អូន

យើង​ត្រូវ​បាន​ប្រគល់​ការហៅ​បម្រើ​របស់​យើង​សម្រាប់​ហេតុផលមួយ ទោះបី​ជា​យើង​មិន​ដឹង​ពី​មូលហេតុ​ក៏ដោយ ។

នៅ​ពេល​មួយ​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើជា​ប្រធាន​សមាគម​សង្គ្រោះ​នៅវួដ​យុវមជ្ឈិមវ័យ ។ ខ្ញុំ​មាន​ចិត្ត​អន្ទះសា​ដើម្បី​ចាប់ផ្តើម​ណាស់ ។ ប៉ុន្តែ​ពីរបីខែ​ក្រោយមក​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​បាក់ទឹកចិត្ត ។ ខ្ញុំ​មិន​អាច​មើល​ឃើញ​ពី​ការរីកចម្រើន​ខាងវិញ្ញាណ​ណាមួយ​ឡើយ​ចំពោះ​អ្នក​ដែល​ខ្ញុំ​ផ្តល់​ការងារបម្រើ​នោះ ។ ការខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ដើម្បី​ទៅ​សួរសុខទុក្ខ និង​ធ្វើ​ជា​មិត្តភក្តិ​ហាក់​ដូចជា​បរាជ័យ ។

នៅ​ថ្ងៃអាទិត្យ​មួយ ខ្ញុំ​មានអារម្មណ៍​ហាក់​ដូចជា​បាត់បង់​អំណោយទាន​ខាងវិញ្ញាណ​ដែល​ជួយ​នរណា​ម្នាក់​ដើម្បី​ធ្វើ​ការងារបម្រើ​ឲ្យល្អ ។ ការអធិស្ឋាន​របស់​ខ្ញុំ​នៅ​អំឡុង​ពិធីសាក្រាម៉ង់​នៅ​ថ្ងៃនោះ គឺ​ដើម្បី​ទទួល​បាន​អារម្មណ៍​ដែល​បញ្ជាក់ថា ខ្ញុំ​មាន​សមត្ថភាព​ធ្វើ​ការហៅ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទទូល​អារម្មណ៍​ឲ្យ​សូម​ការប្រសិទ្ធពរ​ខាង​បព្វជិតភាព ។

ខ្ញុំ​បាន​ជួប​នឹង​ប៊ីស្សព​របស់​ខ្ញុំ ហើយ​គាត់​បាន​ដាក់ដៃ​គាត់​លើក្បាល​ខ្ញុំ រឿង​ដំបូង​គេ​ដែល​គាត់​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​គឺ « ព្រះ​វរ​បិតា​សួគ៌​មាន​អំណរគុណ​ចំពោះ​សេចក្តី​មេត្តាករុណា​ដែល​ប្អូន​បង្ហាញ​ដល់​អ្នក​ដទៃ » ។

ព្រះវិញ្ញាណ​សណ្ឋិត​មកលើ​ខ្ញុំ​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​បញ្ជាក់​ថា​ព្រះអម្ចាស់​ពេញ​ព្រះទ័យ​នឹង​ការខិតខំ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំពិតជា​មាន​ចំណែក​មួយ​នៃ​អំណោយទាន​ដែល​ត្រូវការ​ដើម្បី​ធ្វើការងារ​បម្រើ​ដោយ​ក្តី​ស្រឡាញ់​ពិត​ប្រាកដ​មែន ។ ខ្ញុំ​គិតតែ​ពី​ការបរាជ័យ​របស់​ខ្ញុំ ជាជាង​ភាពជោគជ័យ​របស់​ខ្ញុំ ។

ការហៅ​របស់​បងប្អូន​គឺជា​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ស្វែងរក និង​ប្រើប្រាស់​អំណោយទាន​ខាងវិញ្ញាណ​របស់​បងប្អូន ។

បងប្អូនអាច​ចាប់ផ្តើម​ពី​ឥឡូវនេះ

យើង​ពុំ​ចាំ​បាច់​ត្រូវ​រង់ចាំ​ដើម្បី​ចាប់ផ្តើម​បង្ហាញ​អំពើល្អ​នៅក្នុង​ខ្លួន​យើង​នោះទេ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

« ជួនកាល​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ព្រោះ​យើង​ពុំ​ទទួល​បាន ‹ កាន់តែច្រើន › ពី​អ្វី​មួយ—ដូចជា​រឿង​ខាង​វិញ្ញាណ មាន​គេ​គោរព មាន​បញ្ញា មាន​សុខភាព ទ្រព្យសម្បត្តិ មិត្តភាព ឬ សមត្ថភាព​កាន់តែ​ច្រើន​ជាដើម ។ …

ខ្ញុំ​បាន​រៀន​ក្នុង​ជីវិត​ថា យើង​ពុំ​ចាំបាច់​មាន​អ្វីៗ ‹ កាន់តែ​ច្រើន › ដើម្បី​ចាប់ផ្ដើម​ប្រែក្លាយ​ជា​បុគ្គល​ដែល​ព្រះ​ទ្រង់​មាន​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ​នោះ​ទេ » ។

យើង​អាច​ចាប់ផ្តើម​ជាមួយ​ការអធិស្ឋាន ។ ទូលទៅ​ព្រះ​វរបិតាសួគ៌​ពី​អារម្មណ៍​របស់​បងប្អូន​ឥឡូវ​នេះ ហើយនិង​របៀប​ដែល​បងប្អូន​ចង់​មាន​អារម្មណ៍​អំពី​ខ្លួន​របស់​បងប្អូន ។ ជាពិសេស​ទូល​សូម​អំពី​អំណោយទាន​នៃ​ការចេះ​សង្កេត​ដើម្បី​ជួយ​បងប្អូន​មើលឃើញ​សេចក្តី​ល្អ​ដែល​បិទបាំង​របស់​បងប្អូន ។ ពេលវេលា​ដ៏​ផ្អែម​ល្ហែម​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​ខ្ញុំ​បាន​មក​ពី​ការ​ពោលពាក្យ​អធិស្ឋាន​ទាំងនេះ ។ ខ្ញុំជឿថា​ព្រះវរបិតាសួគ៌​​មាន​ព្រះទ័យ​អន្ទះសា​ដើម្បី​ជួយ​យើង​ឲ្យ​មើលឃើញ​អ្វីៗដែល​ទ្រង់​ទតឃើញ ។

ដោយសារតែ​អត្តសញ្ញាណ​របស់​យើង​ជា​បុត្រាបុត្រី​របស់​ព្រះ យើង​ត្រូវបាន​បង្កើតឡើង​សម្រាប់​ធ្វើ​រឿង​អស្ចារ្យ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៨:១៧ ) ។ តាមរយៈ​អំណោយទាន​នៃ​ការចេះ​សង្កេត យើង​អាច​ដឹង​រឿង​ទាំងនោះ​សម្រាប់​ខ្លួន​យើង ។

កំណត់​ចំណាំ

  1. ស្ទេផាន អិល រីឆាត នៅក្នុង​ដូហ្គ្លាស ឌី ហូលមែស « ជ្រាលជ្រៅ​ក្នុង​ដួងចិត្ត​យើង » ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ២៥–២៦ ។

  2. ដេវីឌ អេ បែដណា « Quick to Observe » ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំយ៉ង់ នា​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០០៥ ) ទំព័រ ៥ speeches.byu.edu; បាន​បញ្ជាក់​បន្ថែម ។

  3. លែរី អរ ឡរិន « What Lack I Yet ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៥ ។

  4. ហិនរី ប៊ី អាវរិង « Always Remember Him » Ensign ខែ កុម្ភៈ ឆ្នាំ ២០១៨ ទំព័រ ៥ ។

  5. ឌៀថើរ អេស្វ អុជដូហ្វ « វា​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់ ! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២–២៣ ។