ឆ្នាំ ២០២១
នាំមក​នូវ​ក្រុង​ស៊ីយ៉ូន
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


នាំមក​នូវ​ក្រុង​ស៊ីយ៉ូន

នៅពេល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បានប្រទាន​ពរ​ដោយ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ នោះ​យើង​ត្រូវបាន​ហៅ​ឲ្យ​ពង្រឹង​សាសនាចក្រ និង​ស្ថាបនា​ស៊ីយ៉ូន ។

រូបភាព
map of the world

រូបភាពផែនទីពីហ្គេតធីរូបភាព

នៅ​ទូទាំង​ប្រវត្តិ​សាស្រ្ត រាស្រ្ត​ព្រះអម្ចាស់​បាន​ស្វែងរក​ដើម្បី​នាំមក​នូវ​សង្គម​ដំណឹងល្អ​មួយ​ដែល​ទ្រង់​អាច​គង់​នៅ ។ ដើម្បី​ក្លាយ​ជា​សហគមន៍​របស់​ពួក​បរិសុទ្ធ​បែប​នេះ​បាន យើង​ត្រូវ​តែ​រៀន​ធ្វើ​ឲ្យ​បរិសុទ្ធ និង​បង្រួប​បង្រួម​ដួងចិត្ត និង​គំនិត​របស់​យើង ដោះ​ស្រាយ​បញ្ហា​ដោយ​យុត្តិធម៌ គ្មាន​ការប្រកួតប្រជែង និង​ការ​ឈ្លោះ​ប្រកែក និង​ស្រឡាញ់​សេចក្តី​សុចរិត​ដោយ​គ្មាន​អ្នក​ក្រ​ក្នុង​ចំណោម​យើង​ឡើយ ( សូមមើល ម៉ូសេ ៧:១៨ ) ។

ឧទាហរណ៍ បន្ទាប់ពី​ចន និង​ម៉ារៀ លីនហ្វដ ចូល​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ ហ្គ្រេវីលី ប្រទេស​អង់គ្លេស ក្នុងឆ្នាំ ១៨៤២ ចន បាន​ក្លាយ​ជា​ប្រធាន​សាខា​ប្រចាំ​មូលដ្ឋាន ។ ទោះយ៉ាងណា​សាច់​ញាតិ និង​មិត្ត​ភក្តិ​មិន​បាន​ចែកចាយ​អំណរ​ដែល លីនហ្វដ បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្តារ​ឡើង​វិញ​ទេ ។ ប្រសិនបើ​ពួកគេ​មិន​អាច​បញ្ចុះ​បញ្ចូល ចន ឲ្យ​បោះ​បង់ចោល​សាសនា​ថ្មី​របស់​គាត់​ទេ នោះ​ពួកគេ​នឹង « ធ្វើ​ឲ្យ​គាត់​អត់ឃ្លាន » ដោយ​ការ​មិន​ជួយ​ជ្រោមជ្រែង​ជំនួញ​ធ្វើ​ស្បែក​ជើង​របស់​គាត់​ឡើយ ។

នៅឆ្នាំ ១៨៥៦ មូលនិធិ​អន្ដោប្រវេសន៍​អចិន្ត្រៃយ៍​បាន​ជួយ​ដល់ ចន និង​ម៉ារៀ ធ្វើ​ចំណាក​ស្រុក​ទៅកាន់​ជ្រលង​ភ្នំ​សលត៍ លេក ។ ពួកគាត់​បាន​ជិះទូក​ទៅ​រដ្ឋ​នូវ យ៉ោក ជាមួយ​កូនប្រុស​បីនាក់​របស់​ពួកគាត់ ។ ចាប់ពី​ទីនោះ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង អាយអូវ៉ា រដ្ឋ​អាយអូវ៉ា ដែល​ពួកគាត់​បានចេញ​ដំណើរ​នៅ​ខែ កក្កដា ឆ្នាំ ១៨៥៦ ជា​មួយ​ក្រុម​រទេះរុញ ជេម ជី វីលី ។

នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​តុលា នៅ​ក្បែរ​មាត់​ទន្លេ​ស្វីតវ៉តធើរ រដ្ឋ​វាយអូមីង ចន បាន​និយាយ​បណ្តាំចុង​ក្រោយ​របស់​គាត់ ។

គាត់​បាន​ប្រាប់​ម៉ារៀ នៅពេល​នាង​បាន​សួរ​គាត់​ក្រែង​គាត់​មាន​ចិត្ត​ព្រួយបារម្ភ​ដែល​ពួកគាត់​ត្រូវ​ចាកចេញ​ពី​ប្រទេស​អង់គ្លេស​ថា « បង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​បាន​មក ។ បង​នឹង​មិន​មាន​ជីវិត​រស់​រហូត​ដល់​យើង​ទៅដល់​សលត៍ លេក នោះទេ ប៉ុន្តែ​អូន និង​កូនៗ​នឹង​មាន​ជីវិត​រស់​ទៅ​ដល់​សលត៍ លេក ហើយ​បង​មិន​សោកស្តាយ​ឡើយ​នូវ​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ឆ្លងកាត់ ប្រសិនបើ​កូនៗ​របស់​យើង​អាច​ធំឡើង ហើយ​មាន​ក្រុមគ្រួសារ​របស់​ពួកគេ​នៅក្នុង​ស៊ីយ៉ូន​នោះ » ។

តើ​ស៊ីយ៉ូន​ជា​អ្វី​ទៅ ?

រូបភាព
group of pioneers

វាគឺជា​ប្រធានបទ​មួយ​ចំនួន​ក្រៅពី​ការប្រសូត​របស់​ព្រះអម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ ដែល​បាន​បំផុស​គំនិត​ដល់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ​កាលពី​បុរាណ និង​សម័យ​ទំនើប ឲ្យប្រមូលផ្តុំ​​វង្ស​អ៊ីស្រាអែល និង​ការស្ថាបនា​ស៊ីយ៉ូន​នៅ​ថ្ងៃចុងក្រោយ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះ​អង្គ​សង្គ្រោះ ។

ហេតុអ្វី​ស៊ីយ៉ូន​មាន​សារៈសំខាន់​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ—តាំងពីគ្រានោះ និង​រហូត​ដល់​បច្ចុប្បន្ន នៅគ្រប់​ទីកន្លែង​ដែល​មាន​រាស្រ្ត​របស់​ព្រះអម្ចាស់ ?

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ប្រកាស​ថា « ចាប់តាំង​ពី​សម័យ​របស់​លោក​អ័ដាម​មកដល់​បច្ចុប្បន្ន—នៅពេល​ណា​ដែល​ព្រះអម្ចាស់​មាន​រាស្ដ្រ​របស់​ទ្រង់​ផ្ទាល់ នៅ​ពេល​ណា​ដែល​មាន​អស់​អ្នក​ដែល​បាន​ស្តាប់​តាម​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​កាន់​តាម​បទបញ្ញត្តិ​របស់​ទ្រង់ នៅពេល​ណា​ដែល​មាន​ពួកបរិសុទ្ធ​របស់ទ្រង់​បាន​បម្រើ​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះត្រង់—នោះ​ហើយ​ជា​ស៊ីយ៉ូន » ។

បទគម្ពីរ​នេះ​ពិពណ៌នា​ពី​សង្គម​ស៊ីយ៉ូន​មួយ ។ ហេណុក ជា​ព្យាការី​ដែល​មាន​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​នៅសម័យ​របស់​ណូអេ « បាន​សង់​ទីក្រុង​មួយ​ដែល​បាន​ហៅថា ទីក្រុង​នៃ​បរិសុទ្ធភាព គឺ​ក្រុង​ស៊ីយ៉ូន » ( ម៉ូសេ ៧:១៩ ) ។ ព្រះអម្ចាស់​បាន​គង់​នៅ​ទីនោះ​ជាមួយ​រាស្រ្ត​ទ្រង់ បាន​ប្រទានពរ​ដល់​ពួកគេ និង​ទឹកដី​របស់​ពួកគេ ( សូមមើល ម៉ូសេ ៧:១៦–១៨ ) ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ហេណុក​ថា « មើល​ចុះ យើង​ជា​ព្រះ មនុស្ស​នៃ​បរិសុទ្ធភាព គឺជា​ព្រះនាម​របស់​យើង មនុស្ស​នៃ​ដំបូន្មាន គឺជា​ព្រះនាម​របស់​យើង » ( ម៉ូសេ ៧:៣៥ ) ។

គោលបំណង​ចង់​ឲ្យ​មាន​ទីក្រុង​ស៊ីយ៉ូន​គឺ​ត្រូវ​បង្កើត​ទីនៃ​សេចក្តី​ជំនឿ ដែល​មាន​សាមគ្គីភាព ដែល​ស្ថាបនា​ឡើង​នៅលើ​គោលការណ៍​សេឡេស្ទាល​នៃ​ស្ថានសួគ៌ ដែល​រាស្រ្ត​របស់​ព្រះ​អាច​ដើរ​ជាមួយ​ទ្រង់ ហើយ​ព្រះ​អាច​គង់នៅ ។

ព្រះគម្ពីរ​មរមន​បាន​ថ្លែង​បន្ទាល់​ថា ក្រោយពី​ព្រះអង្គ​សង្រ្គោះ​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ​បាន​ទៅ​មើល​ពិភពលោក​ថ្មី « នោះ​ប្រជាជន​ទាំងអស់ បាន​ប្រែចិត្តជឿ​ដល់ព្រះអម្ចាស់ គឺ​នៅលើផ្ទៃ​ផែនដី​ទាំងអស់ ។ …

ហើយ​ពួកគេ​មាន​របស់​របរ​ទាំងអស់​រួមគ្នា​ទូទៅ​នៅក្នុង​ចំណោមពួកគេ ហេតុដូច្នោះ​ហើយ គ្មានអ្នកមាន ឬ​អ្នក​ក្រ គ្មាន​អ្នក​បម្រើគេ ឬ​អ្នក​សេរី​ឡើយ តែ​ពួកគេ​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សេរីភាព ហើយ​ជា​អ្នក​ទទួល​អំណោយទាន​ខាង​ឯស្ថានសួគ៌ ។ …

ហើយ​ហេតុការណ៍​បានកើតឡើងថា គ្មាន​ការ​ទាស់​ទែង​គ្នានៅក្នុង​ដែនដី​ឡើយ ដោយ​ព្រោះ​មកពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅក្នុងចិត្ត​របស់​មនុស្ស » ( នីហ្វៃទី ៤ ១:២, ៣, ១៥ ) ។

ប្រដាប់​ដោយ​ភាព​សុចរិត និង​ព្រះចេស្តា

នៅ​សម័យ​របស់​ហេណុក គឺជា​សម័យ​នៃ​សង្រ្គាម បង្ហូរឈាម ភ័យខ្លាច សេចក្តី​ងងឹត និង​ស្អប់ខ្ពើម—នៅពេល « អំណាច​នៃ​អារក្ស​សាតាំង​មាន​នៅ​ពាស​ពេញ​លើ​ផ្ទៃ​ផែនដី » ( ម៉ូសេ ៧:២៤; សូមមើល​ផងដែរ ខទី ១៦, ១៧, ៣៣ ) ។ ប៉ុន្តែ ហេណុក​មាន​សេចក្តី​ស្មោះត្រង់ ហើយ​ព្រះអម្ចាស់​បាន​ប្រាប់​គាត់​ឲ្យ​ប្រែចិត្ត ។

ព្រះអម្ចាស់​បាន​ប្រាប់​ហេណុក​ដូចគ្នា​នោះ « មាន​សេចក្តី​វេទនា​ដ៏​ធំ » ( ម៉ូសេ ៧:៦១ ) នឹង​កើត​មាន​ពីមុន​ការយាងមក​ជា​លើកទីពីរ​របស់ទ្រង់ ។ « ដរាបណា​យើង​មាន​ព្រះ​ជន្ម​រស់នៅ នោះ​យើង​ក៏​នឹង​យាង​មក នៅ​គ្រា​ចុង​ក្រោយ​បង្អស់​គឺ​នៅ​ថ្ងៃ​នៃ​អំពើ​ទុច្ចរិត និង​ការ​សងសឹក ដើម្បី​បំពេញ​សម្បថ​ដែល​យើង​បាន​ធ្វើ​ដល់​អ្នក​អំពី​កូន​ចៅ​ណូអេ » ( ម៉ូសេ ៧:៦០ ) ។

នៅ​សម័យ​របស់​យើង ប្រធាន​រ័សុល អិម ណិលសុន ទើប​​មាន​ប្រសាសន៍​ក្នុង​ពេល​ថ្មីៗ​នេះ​ថា « ខ្ញុំ​មើលឃើញ​ជំងឺរាតត្បាត​បច្ចុប្បន្ន [ កូវីដ-១៩ ] ថា​ជាជំងឺមួយក្នុង​ចំណោម​ជំងឺដែល​ញាំញី​ពិភពលោក​យើង រួមមាន​ការស្អប់ខ្ពើម ចលាចល​ក្នុងសង្គម ការរើសអើង​ជាតិ​សាសន៍ អំពើហឹង្សា ភាពមិនស្មោះត្រង់ និង​ការខ្វះសុជីវធម៌ » ។ ប៉ុន្តែ​យើង​មាន​ការធានា​របស់​ព្យាការី ។ ប្រធាន ណិលសុន បាន​ថ្លែង ៖

« យើង​រស់នៅ​ក្នុង​ជំនាន់​នោះ ដែល ‹ ពួក​ដូនតា​របស់យើង​បាន​ទន្ទឹងចាំ​ដោយ​អន្ទះសា › ។ [ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៧ ] ។ យើង​ធ្វើជា សាក្សី​ផ្ទាល់ភ្នែកអំពី​អ្វី​ដែល​ព្យាការី​នីហ្វៃ​បាន​មើល​ឃើញ តែ​នៅ​ក្នុង​ការ​និមិត្ត​ថា ‹ ព្រះចេស្ដា​នៃ​កូនចៀម​នៃ​ព្រះ › បាន​យាង​ចុះ​មក ‹ សណ្ឋិត​លើ​ពួកបរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូនចៀម ហើយ​លើ​រាស្ត្រ​ដែល​នៅក្នុង​សេចក្ដីសញ្ញា​នៃ​ព្រះអម្ចាស់​ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដីសុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏​អស្ចារ្យ › ។[ នីហ្វៃទី១ ១៤:១៤ ] ។

« បងប្អូន​ប្រុស​ស្រី របស់​ខ្ញុំ បងប្អូនគឺ​នៅ​ក្នុង​ចំណោម​បុរស ស្ត្រី និងកុមារ​ទាំងឡាយ​ដែល​នីហ្វៃ​បាន​មើល​ឃើញ​នោះ » ។

ការអញ្ជើញ​ឲ្យ​ប្រមូល​ផ្ដុំ និង​ផ្ដល់ពរជ័យ​ដល់​មនុស្ស​នៅ​ផ្នែក​សងខាង​នៃ​វាំងនន ស្ថាបនា​ក្រុង​ស៊ីយ៉ូន ហើយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សម្រាប់​យើង​ម្នាក់ៗ ។ ប្រធាន ណិលសុន បន្ត​ថ្លែងថា « ក្នុង​ចំណោម​មនុស្ស​ទាំងអស់​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដីនេះ ពួក​យើង គឺ​ជា​មនុស្ស​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តការណ៍​នៃ​ការ​ប្រមូល​ផ្ដុំ​ដ៏​អស្ចារ្យ​ចុង​ក្រោយនេះ » ។

តើ​យើង​អាច​ទៅ​ដល់​ទីនោះ​យ៉ាង​ដូចម្តេច ?

នៅពេល​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បានប្រទាន​ពរ​ដោយ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ នោះ​យើង « ត្រូវ​បាន​ហៅ​ដើម្បី​ឲ្យ​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ [ របស់​ព្រះអម្ចាស់ ] និង​ដើម្បី​ស្ថាបនា​សាសនាចក្រ [ របស់ទ្រង់ ] ហើយ​ដើម្បី​នាំ​ក្រុង​ស៊ីយ៉ូន​ចេញ​មក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៩:១៣ ) ។ កិច្ចការ​នោះ​តម្រូវ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ សាមគ្គីភាព សេចក្តីជំនឿ ការបម្រើ ការពលិកម្ម និង​ការគោរពប្រតិបត្តិ ។

រូបភាព
group of women outside a church

អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ពេល​មនុស្ស​ស្រឡាញ់​ព្រះ​អស់ពី​ចិត្ត​របស់​ពួកគេ ហើយ​ខិតខំ​ដូចជា​ទ្រង់​ដោយ​សុចរិតភាព នោះ​ជម្លោះ និង​ការទាស់ទែង​គ្នា​ពុំ​សូវ​កើត​មាន​នៅក្នុង​សង្គម​ឡើយ ។ ប៉ុន្តែ​កាន់តែ​មាន​សាមគ្គីភាព​វិញ » ។ លោក​បាន​បន្ថែមថា « សាមគ្គីភាព ក៏ … មាន​ន័យ​ទូលំទូលាយ​ផងដែរ ប៉ុន្ដែ​វា​ជា​គំរូ​យ៉ាង​ជាក់ច្បាស់​នៃ​បទបញ្ញតិ្ត​ទីមួយ និង​ទីពីរ ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​មនុស្ស​ជាតិ​របស់​យើង ។ វា​បង្ហាញ​ពី​រាស្ដ្រ​នៃ​ក្រុង​ស៊ីយ៉ូន ដែល​មាន​ចិត្ត​គំនិត ‹ ចងក្រង​រួម​គ្នា​ដោយ​សាមគ្គីភាព › [ ម៉ូសាយ ១៨:២១ ] » ។

ជាមួយ​សេចក្តីស្រឡាញ់ និង​សាមគ្គីភាព​នោះ យើង​អនុវត្ត​សេចក្តី​ជំនឿ​ដើម្បី​ទាញយក​ដង្វាយធួន​របស់ ព្រះអង្គ​សង្រ្គោះ ដែល​អាច​កែប្រែ​យើង​កាល​ដែល​យើង​បន្សុទ្ធ​ដួងចិត្ត​របស់​យើង ហើយ​រស់​នៅ​តាម ( សូមមើល ម៉ូសាយ ៣: ១៩ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៧:២១ ) ។ យើង​ប្រមូលផ្តុំ​ជន​ដែល​ស្ម័គ្រ​ចិត្ត​មករក​ព្រះ​អម្ចាស់​នៅក្នុង​សេចក្តី​សុចរិត ។ តាមរយៈ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​គោលការណ៍​សេឡេស្ទាល នោះ​យើង​អញ្ជើញ​អំណាច​នៃ​ព្រះ​មក​ក្នុង​ជីវិត​យើង ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៥ ) ។ បានញែក​ចេញ​ដោយ​សេចក្ដី​សញ្ញា​ដែល​ជា​របស់​ព្រះ និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក យើង​ស្ថាបនា​ស៊ីយ៉ូន ហើយ​រៀបចំខ្លួន​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ ។

ប្រធាន ហិនរី ប៊ី. អាវរិង ជាទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « សេចក្ដី​សប្បុរស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ ហើយ​វា​គឺជា​សេចក្តីជំនឿ​ទៅ​លើ​ទ្រង់ ហើយ​ឥទ្ធិពល​ពេញ​លេញ​នៃ​ដង្វាយ​ធួន​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់​នឹង​ធ្វើ​ឲ្យ​បងប្អូន និង​អស់​អ្នក​ដែល​បងប្អូន​ស្រឡាញ់​បម្រើ​បាន​ស័ក្ដិសម ដ្បិត​វាជា​អំណោយទាន​ដ៏​វិសេស ដើម្បី​រស់​នៅ​ក្នុង​សង្គម​នៃស៊ីយ៉ូន​ដែល​បាន​ទន្ទឹងចាំ​ជាយូរ និង​ដែល​បានសន្យា​នោះ » ។

ការ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ដែល​នឹង​មក​ដល់

រូបភាព
group of young men sitting in a Church class

ព្យាការី​សម័យ​ទំនើប​បង្រៀនថា​ការមករក​ព្រះ​អង្គ​សង្រ្គោះ​គឺជា​បញ្ហា​នៃ​ការតាំងចិត្ត​របស់​បុគ្គល មិនមែន​លើ​ទីតាំង​នោះទេ ។

ប្រធាន ណិលសុន បាន​ពន្យល់​ថា « សាសនាចក្រ​នៅ​សម័យ​ដើម ការប្រែចិត្ត​ជឿ​ជា​ញឹកញាប់​មាន​ន័យ​ថា​ជា​ការធ្វើ​ចំណាក​ស្រុក​ផងដែរ ។ ប៉ុន្តែ​ឥឡូវនេះ ការប្រមូល​ផ្ដុំ​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​នីមួយៗ ។ ព្រះអម្ចាស់​បាន​ចេញ​ព្រះរាជក្រឹត្យ​ឲ្យ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ​ក្នុង​តំបន់​នីមួយៗ​ដែល​ទ្រង់​បាន​ប្រទាន​កំណើត និង​ជាតិសាសន៍​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់ » ។

នៅ​ពេល​យើង​ក្រសោប​យក​បញ្ហា​ប្រឈម និង​ពរជ័យ​នៃ​ការស្ថាបនា​ក្រុង​ស៊ីយ៉ូន​ក្នុង​គ្រួសារ សាខា វួដ ស្តេក និង​សហគមន៍ នោះ​យើង​គិត​ដូចជា ចន និង​ម៉ារៀ លីនហ្វដ គឺ​ឆ្ពោះ​ទៅរក​ថ្ងៃ​ដែល​កូនៗ និង​ចៅៗ​របស់​យើង « អាច​ធំ​ឡើង និង​ចិញ្ចឹម​គ្រួសារ​នៅក្នុង​ស៊ីយ៉ូន » នៅ​គ្រប់​ជាតិ​សាសន៍ គ្រប់​ពូជ​អំបូរ និង​គ្រប់​ភាសា ។

កាលណា​យើង​ស្វែងរក​ព្រះអម្ចាស់ និង​សេចក្តី​សុចរិត​របស់ទ្រង់​ជាមុន យើង​អធិស្ឋាន​សូម « ឲ្យ​នគរ​របស់​ទ្រង់​អាចបានចេញទៅ​លើ​ផែនដី ប្រយោជន៍​ឲ្យ​បណ្ដាជន​នៅ​លើ​ទីនោះ​អាចបាន​ទទួល​នគរ​របស់​ទ្រង់​ផង ហើយ​ចូរ​ប្រុង​ប្រៀប​ជាស្រេច រង់​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ក្នុង​កាល​កូន​មនុស្ស​នឹង​ចុះ​មក​ពី​ស្ថានសួគ៌​បំពាក់​ដោយ​សិរី​ល្អ​របស់ទ្រង់​ក្នុង​ភាពភ្លឺ​ថ្លា ដើម្បី​ទៅ​ជួប​នគរ​ព្រះ​ដែល​តាំង​នៅលើ​ផែនដី » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:៥ ) ។

កំណត់​ចំណាំ

  1. សូមមើល អាន់ដ្រូ ឌី. អូសុន The Price We Paid: The Extraordinary Story of the Willie and Martin Handcart Pioneers ( ឆ្នាំ ២០០៦ ) ទំព័រ ៤៥–៤៦, ១៣៦–៣៧ ។

  2. សូមមើល រ័សុល អិម. ណិលសុន និងវេនឌី ដ័បុលយូ ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​នៅ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១៨ ) នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  3. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Come: Let Israel Build Zion » Ensign ខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ១១៦–១៧ ។

  4. ប្រធាន ណិលសុន នៅក្នុង Sarah Jane Weaver « President Nelson Invites Us to Give Thanks » ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅលើ thechurchnews.com ។

  5. រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨ ។

  6. រ័សុល អិម. ណិលសុន និង​វេនឌី ដ័បុលយូ ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ។

  7. ឃ្វីនថិន អិល ឃុក « ចិត្ត​ចងក្រង​រួមគ្នា​ដោយ​សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៨, ១៩ ។

  8. ហិនរី ប៊ី អាវរីង « បងប្អូន​ស្រ្តី​ក្នុង​ស៊ីយ៉ូន » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៦៩ ។

  9. រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ។