ឆ្នាំ ២០២១
សន្និសីទ​ទូទៅ ៖ ការប្រជុំ​នៅទូទាំង​ពិភពលោក​របស់​សាសនាចក្រ
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


« សន្និសីទ​ទូទៅ ៖ ការប្រជុំ​នៅទូទាំង​ពិភពលោក​របស់​សាសនាចក្រ » លីអាហូណា ខែ កញ្ញា/ខែ តុលា ឆ្នាំ ២០២១

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

សន្និសីទ​ទូទៅ ៖ ការប្រជុំ​នៅទូទាំង​ពិភពលោក​របស់​សាសនាចក្រ

យើង​ស្ដាប់​ព្យាការី និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​អំឡុង​សន្និសីទ​ទូទៅ ។ ពួក​លោក​បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ស្ដាប់ឮ ។

រូបភាព
មនុស្ស​ម្នា​នាំគ្នា​ឈរ​នៅខាងក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ដើម្បី​ចូលរួម​​សន្និសីទ​ទូទៅ

រៀងរាល់​ខែ​មេសា និង​ ខែ​តុលា ​សាសនាចក្រ​មាន​ការ​ប្រជុំ​ជាបន្តបន្ទាប់​ដែល​ហៅ​ថា​ សន្និសីទ​ទូទៅ ។ ថ្នាក់ដឹកនាំ​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង ​ដំណឹងល្អ​របស់​ទ្រង់ ។ សន្និសីទ​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ ​ទីក្រុង​ សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា ហើយ​ សន្និសីទ​ទូទៅ​នេះ​បាន​ចាក់ផ្សាយ​នៅ​ទូទាំង​ពិភពលោក​ដែល​មាន​ជាង ៩០​ ភាសា ។ សមាជិក​គ្រប់​រូប និង​ មនុស្ស​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្សេង​ទៀត​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ស្ដាប់​សុន្ទរកថា​ទាំងនោះ ។

សន្និសីទ​ដំបូង​របស់​សាសនាចក្រ

រូបភាព
ការពិពណ៌នា​ពី​មនុស្ស​ម្នា​ប្រមូលផ្តុំគ្នា​ដើម្បី​រៀបចំ​សាសនាចក្រ

សាសនាចក្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ផ្លូវការ​នៅ​អំឡុង​ការ​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី ​៦ ខែមេសា ឆ្នាំ១៨៣០ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០ ) ។ សន្និសីទ​ទូទៅ​ដំបូង​គេ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៨៣០ ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការដឹកនាំ​របស់​ប្រធាន​សាសនាចក្រ​នៅ​ទីកន្លែង​ណា​ដែល​សមាជិក​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន ។ នៅ​ទសវត្សរ៍​ឆ្នាំ ១៨៤០ ថ្នាក់ដឹកនាំ​បាន​ចាប់ផ្ដើម​ធ្វើ​សន្និសីទ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។

របៀប​ដែល​សន្និសីទ​ត្រូវ​បាន​រៀបចំ​នៅ​សព្វ​ថ្ងៃ​នេះ

គណៈប្រធានទីមួយ កូរ៉ុម​នៃ​ពួក​សាវកដប់ពីរនាក់ និង​ថ្នាក់ដឹកនាំ​ដទៃទៀត​ក្នុង​សាសនាចក្រ​ឡើង​និយាយ​នៅ​អំឡុង​សន្និសីទ​ទូទៅ ។ ក្រុម​ចម្រៀង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ និង​ក្រុម​ចម្រៀង​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ប្រគំ​តន្ត្រី ។ សន្និសីទ​នីមួយៗ​មាន​សម័យ​ប្រជុំ​ចំនួន​ប្រាំ ៖ សម័យ​ប្រជុំ​ចំនួន​បី​នៅ​ថ្ងៃ​សៅរ៍ និង​ សម័យ​ប្រជុំ​ចំនួន​ពីរ​នៅ​ថ្ងៃ​អាទិត្យ ។

ការ​បង្រៀន​របស់​ថ្នាក់ដឹកនាំ

រូបភាព
ប្រធាន រ័សុល អិម ណិលសុន កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ

ជាច្រើន​ខែ​ពីមុន​សន្និសីទ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​អធិស្ឋាន​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន ។ ព្រះអម្ចាស់​បំផុស​គំនិត​ពួក​លោក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ពួកលោក​គួរ​តែ​និយាយ ។ ពួកលោកបង្រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ហើយ​អញ្ជើញ​យើង​ឲ្យ​រក្សា​បទបញ្ញត្តិ​របស់​ព្រះ ។ ពួកលោក​ក៏​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ។

ការរៀនសូត្រ​មកពី​សន្និសីទ

ពីមុន​សន្និសីទ​ទូទៅ យើង​អាច​អធិស្ឋាន​ដើម្បី​ស្ដាប់​ឮ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​រៀនសូត្រ ។ នៅពល​យើង​ស្ដាប់​សុន្ទរកថា​ទាំងនោះ ព្រះវិញ្ញាណ​នឹង​បង្រៀន​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ដឹង ។ បន្ទាប់ពី​សន្និសីទ សុន្ទរកថា​ទាំងនោះ​មានដាក់​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅ​ក្នុង លីអាហូណា ។ យើង​អាច​សិក្សា​សុន្ទរកថា​ទាំងនោះ​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​រៀនសូត្រ​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ដកស្រង់​ចេញ​ពី​ព្រះ​គម្ពីរ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា យើង​គួរ​តែ​ជួប​ប្រជុំ​គ្នា​ជា​ញឹក​ញាប់ ( សូមមើល នីហ្វៃ​ទី៣ ១៨:២២ ) ។

នៅពេល​សមាជិក​សាសនាចក្រ​ថ្វាយបង្គំ​រួម​គ្នា នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​នឹង​ពួកគេ ( សូមមើល ម៉ាថាយ ១៨:២០ ) ។

ព្រះអម្ចាស់​បាន​បង្គាប់​សមាជិក​សាសនាចក្រ​ឲ្យ « ណែនាំ និង​ស្អាង​គ្នាទៅវិញ​ទៅមក » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៣:៨ ) ។

នៅពេល​សមាជិក​សាសនាចក្រ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ នោះព្រះវិញ្ញាណ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​ពួកគេ នៅពេល​ពួកគេ​ជួប​ជុំ​គ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៤:២ ) ។