ឆ្នាំ ២០២១
ការ​ជួយ​មនុស្ស​ដទៃឲ្យ​ត្រៀម​ខ្លួន​សម្រាប់​សេចក្ដីត្រូវ​ការ​ដែល​មិន​បាន​រំពឹងទុក
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


គោលការណ៍​នៃ​ការងារ​បម្រើ

ការ​ជួយ​មនុស្ស​ដទៃឲ្យ​ត្រៀម​ខ្លួន​សម្រាប់​សេចក្ដីត្រូវ​ការ​ដែល​មិន​បាន​រំពឹងទុក

ក្នុង​នាម​ជា​បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ យើង​អាច​ជួយ​បងប្អូន​ប្រុស​ស្រី​របស់​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់​ពិភពលោក​មួយ​ដែល​មិន​ជាក់លាក់ ។

រូបភាព
a mother and her toddler son planting an indoor garden

រូបថត​មក​ពី Getty Images

ការរាតត្បាត គ្រោះធម្មជាតិ ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ភាព​ចលាចល​ខាង​នយោបាយ និង​ជម្លោះហិង្សា—ពិភពលោក​នេះ​បាន​ជួប​ប្រទះ​យ៉ាង​ច្រើន​សន្ធឹក​សន្ទាប់​នូវ​រឿង​បែប​នេះ​កាល​ពី​ឆ្នាំ​មុន ។ បន្ថែម​ពី​លើ​ព្រឹត្តិការណ៍​ធំៗ​ទាំងនេះ យើង​ក៏​ប្រឈម​នឹង​ឧបសគ្គ​ដែល​មិន​បាន​រំពឹង​ទុក​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ផង​ដែរ ដូចជា ជំងឺ ការ​បាត់​បង់​ប្រាក់​ចំណូល ការ​លែង​លះ​គ្នា ។ ល ។

ការខិតខំ​របស់​យើង​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​រឿង​ដែល​មិន​បាន​រំពឹង​ទុក​អាច​ផ្ដល់​ទីសុខ​សុវត្ថិភាព​សម្រាប់​ខ្លួន​យើង និង​មនុស្ស​ដទៃ​ទៀត ។ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ក្នុងនាម​ជា​បងប្អូនប្រុស និង​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ដើម្បី​ជួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ឲ្យ​តស៊ូ និង​យក​ឈ្នះ​លើ​ទុក្ខលំបាក​ដែល​មិន​បាន​រំពឹងទុក​ក្នុង​ជីវិត​របស់​ពួកគេ ?

ខាឡូម៉ាណូ អាហ្គូឡឺ នៅ​អង់ចាឡែស នៅប្រទេស​ហ្វីលីពីន បាន​ផ្តល់​ឲ្យ​ឧទាហរណ៍​មួយ ។ នៅ​ពេល​គាត់​បាន​ដឹងថា​តំបន់​របស់​គាត់​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដោយសារតែ​ជំងឺរាតត្បាត​សាកល​កូវីដ-១៩ គាត់​ប្រញាប់ប្រញាល់​ទៅ​ទិញ​គ្រឿង​ផ្គត់ផ្គង់—ទោះបីជា​បញ្ជី​របស់​គាត់​ខុសពី​បញ្ជី​របស់​អ្នក​នៅជុំវិញ​គាត់​ក្តី ។ គាត់​មាន​ផែនការ​ដែល​បាន​រៀបចំ​ទុក—ទិញ​គ្រាប់ពូជ និង​ជី​សម្រាប់​សួន​នៅក្នុង​ផ្ទះ​របស់​គាត់ ។

រូបភាព
video still of man teaching about growing food

ខាឡូម៉ាណូ អាហ្គូឡឺ​បាន​ចាប់ផ្ដើម​ប៉ុស្ដិ៍​អនឡាញ​មួយ​ដើម្បី​បង្រៀន​អំពី​ការធ្វើ​កសិកម្ម​នៅ​ទីក្រុង ។

នៅក្នុង​កិច្ច​ខិតខំ​ដើម្បី​ធ្វើ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​ច្រើន ខាឡូម៉ាណូ គឺ​ជាកសិករ​ដែល​រស់នៅ​ទីក្រុង​អស់រយៈ​ពេល​ជា​ច្រើនឆ្នាំ ។ គាត់​ក៏បាន​ផ្តល់​ការងារបម្រើ​ដល់​អ្នកជិត​ខាង​របស់គាត់​ផងដែរ ទាំង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ផលផ្លែ​មកពី​សួន​របស់​គាត់ និង​តាមរយៈ​ការបង្រៀន​ពួកគេ​ឲ្យ​ដាំ​ដំណាំ​របស់​ពួកគេ​ខ្លួនឯង​ផង ។ គាត់​ក៏​បាន​បង្កើត​ប៉ុស្តិ៍​អនឡាញ​មួយ​ដើម្បី​ផ្ដល់​សេចក្ដី​ណែនាំ​ខ្លីៗ និង​ការ​បង្រៀន​របស់​គាត់​ដល់​មនុស្ស​គ្រប់​គ្នា ដោយ​ជួយ​បងប្អូន​ប្រុស​ស្រី​របស់​គាត់​ឲ្យ​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​រៀបចំ​សម្រាប់​អនាគត ។

ប៊ីស្សព ដ័បុលយូ គ្រីស្តូហ្វឺរ វ័ដិល ជាទីប្រឹក្សា​ទីមួយ​នៅ​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី បាន​បង្រៀន​ថា « នៅពេល​យើង​ក្រសោប​យក​គោលការណ៍​ខាង​វិញ្ញាណ ហើយ​ស្វែងរក​ការ​បំផុសគំនិត​មកពី​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ស្គាល់​ព្រះទ័យ​ព្រះអម្ចាស់​មាន​ចំពោះ​យើង ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុមគ្រួសារ និង​របៀប​ដើម្បី​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​បម្រុង​ទុក​ខាង​សាច់ឈាម​ដ៏​សំខាន់ » ។ ជំហាន​សំខាន់​បំផុត​ជាង​គេ​នោះ គឺ​ចាប់​ផ្ដើម​ធ្វើ »​( « There Was Bread » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៤–៤៥ ) ។

ការ​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​រៀបចំខ្លួន​នៅ​ក្នុង​ពិភពលោក​ដែល​មិន​ប្រាកដ​ប្រជា​មួយ​បែប​នេះ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ចូរ​យើង​ជួយ​គ្នា​ចាប់ផ្ដើម​ធ្វើ « ជំហាន​ដ៏​សំខាន់ » នោះ ។

យោបល់​សម្រាប់​ការជួយ​មនុស្ស​ដទៃ

ជានិច្ចកាល ការងារ​បម្រើ​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន និង​ការ​ប្រឹក្សា​រួម​គ្នា ។ យោបល់​ខាង​ក្រោម​នេះ​អាច​ជួយ​បងប្អូន​គិត​ពី​របៀប​ដែល​បងប្អូន ឬ​បុគ្គល​ដែល​បងប្អូន​ផ្ដល់​ការងារ​បម្រើ​អាច​ចាប់ផ្ដើម​រៀបចំ​ខ្លួន​ត្រៀម​ទុក​ចំពោះ​ឧបសគ្គ​ដែល​មិន​បាន​រំពឹង​ទុក ។

  1. សូម​គិត​ឲ្យ​ទូលំទូលាយ ។ យើង​អាច​រៀបចំ​ខ្លួន​តាម​វិធី​ជា​ច្រើន​សម្រាប់​ផ្នែក​ខុសៗគ្នា​នៅ​ក្នុង​ជីវិត​របស់​យើង ។ វា​គឺជា​រឿង​ដ៏សំខាន់​ដើម្បី​ស្ដុក​ទុក និង​ផលិត​អាហារ​តាម​ដែល​បងប្អូន​អាច​ធ្វើ​បាន រៀបចំខ្លួន​ខាង​ហិរញ្ញវត្ថុ អភិវឌ្ឍ​ភាព​អត់​ធន់​ខាង​ផ្លូវ​ចិត្ត​ឲ្យ​រឹងមាំ​ហើយ​ដាក់​ផែនការ​ចំពោះ​ស្ថានភាព​អាសន្ន ។

  2. សូម​ពិភាក្សា​ពី​ឧបសគ្គ​នានា​ដែល​អាច​កើត​ឡើង​នៅ​ទីកន្លែង​ដែល​បងប្អូន​រស់នៅ និង​របៀប​ឆ្លើយ​តប​នឹង​ឧបសគ្គ​ទាំងនោះ ។ តំបន់​ខុសៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក​មាន​នូវ​ឧបសគ្គ​ប្លែកៗ​ពី​គ្នា ។ ប្រសិន​បើ​បងប្អូន​រស់នៅ​ទីកន្លែង​មួយ​ដែល​គ្រោះរំជួយ​ដី​គឺជា​រឿង​ធម្មតា សូម​ពិភាក្សា​ពី​របៀប​ដែល​បងប្អូន​អាច​រៀបចំ​ផ្ទះ​របស់​បងប្អូន​ដើម្បី​ជួយ​បងប្អូនឲ្យ​ស្នាក់​នៅ​ដោយ​មាន​សុវត្ថិភាព ដូចជា​ការ​ដាក់​ភ្ជាប់​គ្រឿង​សង្ហារិម​ធ្ងន់ៗ​ទៅ​នឹង​ជញ្ជាំង ។ ឬ​ប្រសិន​បើ​បងប្អូន​រស់នៅ​ទីកន្លែង​មួយ​ដែល​ព្យុះទីហ្វុង​គឺជា​រឿង​ធម្មតា សូម​ពិភាក្សា​ពី​របៀប​ឆ្លើយតប​នឹង​ស្ថានភាព​នោះ ដូចជា​ការ​បើក​វិទ្យុ​ស្ដាប់​ព័ត៌មាន ឬ​ការ​ជម្លៀស​ខ្លួន​ទៅ​ទីខ្ពស់ ។

  3. សូម​ពិភាក្សា​ពី​របៀប​បង្កើត​មូលនិធិ​សម្រាប់​គ្រា​អាសន្ន ។ ការ​សន្សំ​ប្រាក់​អាច​ជួយ​បងប្អូន​បាន ប្រសិន​បើ​បងប្អូន​បាត់​បង់​ការងារ ឬ​មាន​ការ​ចំណាយ​បន្ថែម​ដែល​មិន​បាន​រំពឹង​ទុក ។ សូម​ពិភាក្សា​ពី​របៀប​សន្សំប្រាក់ ដូចជា​ដោយ​ចាប់ផ្ដើម​ពី​ចំនួន​តិចតួច និង​ដោយ​សន្សំ​បន្តិចម្ដងៗ​រាល់​ពេល​បងប្អូន​ទទួល​បាន​ប្រាក់​ខែ​រហូត​ដល់​បងប្អូន​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​បងប្អូន ។

  4. សូម​ប្រមូល​ផ្តុំ​សម្ភារ​សង្គ្រោះបន្ទាន់​ដាក់​មួយ​ដុំ ។ ការ​មាន​សម្ភារ​សង្គ្រោះ​បន្ទាន់​អាច​ជួយ​បងប្អូន​ត្រៀមខ្លួនជា​ស្រេច ប្រសិន​បើ​បងប្អូន​ត្រូវ​ចាកចេញ​ពី​ផ្ទះ​របស់​បងប្អូន​មួយ​រយៈពេល​ខ្លី ។ សូម​គិត​រួម​គ្នា​ពី​បញ្ហ​នេះ ហើយ​ប្រមូល​ផ្ដុំ​សម្ភារ​ដែល​ចាំបាច់ ។ រឿង​នេះ​អាច​សម្រេច​ទៅ​បាន​ក្នុង​រយៈពេល​មួយ និង​មិន​ចាំបាច់​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​នោះទេ ។ សូម​ពិចារណា​ពី​ទីជម្រក អាហារ និង​ទឹក សម្ភារ​ថ្នាំ​ពេទ្យ ភ្លើង ឧបករណ៍​ទាក់ទង ឯកសារ​សំខាន់ៗ ប្រាក់ សម្លៀក​បំពាក់​សម្រាប់​ផ្លាស់ប្ដូរ សម្ភារ​កម្សាន្ត និង​ផ្ដល់​ភាព​កក់ក្ដៅ ( ល្បែង​កម្សាន្ត សៀវភៅ ប្រដាប់​ក្មេង​លេង ) និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត ។

  5. សូម​បង្កើត​មិត្តភាព​ជាមួយ​នឹង​បុគ្គល​ដែល​បងប្អូន​បម្រើ ។ វា​គឺជា​រឿង​សំខាន់​ដើម្បី​មាន​ជំនាញ​គ្រប់គ្រាន់សម្រាប់​ការ​គ្រប់គ្រង​ផ្លូវ​ចិត្ត​ដែល​កើត​មាន ហើយ​មាន​ភាព​លំបាក ។ ជំនាញ​មួយ​នេះ​គឺ​ត្រូវ​មាន​ទំនាក់ទំនង​ដ៏​ល្អ ។ នៅពេល​បងប្អូន​ពង្រឹង​មិត្តភាព​របស់​បងប្អូន​ជាមួយ​នឹង​បុគ្គល​នោះ បងប្អូននឹង​ជួយ​ពួកគេ​បង្កើត​ប្រព័ន្ធ​គាំទ្រ​មួយ ។

  6. សូម​ពិភាក្សា​អំពី​ការ​ស្តុក​ទុក​អាហារ ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​មាន​អាហារ​បន្ថែម​ស្ដុក​ទុក​សម្រាប់​គ្រា​អាសន្ន ។ ប្រណាំងប្រជែងគ្នា​ទៅវិញ​ទៅ​មក ដើម្បី​ចាប់ផ្ដើម​បង្កើត​ការ​ផ្គត់​ផ្គង់​អាហារ​ដែល​បងប្អូន​ប្រើ​រយៈពេលខ្លី និង​បំពេញ​បន្ថែម​នៅ​ក្នុង​ការ​ចម្អិន​អាហារ​ប្រចាំថ្ងៃ​របស់​បងប្អូន ។ បន្ទាប់​មក​ចាប់ផ្ដើម​ធ្វើ​ការ​ប្រមូល​ផ្ដុំ​អាហារ​រយៈពេល​វែង ។ ប្រសិន​បើ​បងប្អូន​គ្មាន​កន្លែង​ទំនេរ​ច្រើន​ដើម្បី​ស្ដុក​ទុក​អាហារ ឬ​ប្រសិន​បើ​មាន​ច្បាប់​ហាម​ឃាត់​បងប្អូន​មិន​ឲ្យ​ស្ដុក​ទុក​អាហារ​ច្រើន​ទេ សូម​ស្ដុក​ទុក​អាហារ​សម​ល្មម​តាម​ស្ថានភាព​របស់​បងប្អូន ។