ឆ្នាំ ២០២១
អតិថិជន​របស់ខ្ញុំ ឬ ការហៅ​របស់​ខ្ញុំ ?
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អតិថិជន​របស់ខ្ញុំ ឬ ការហៅ​របស់​ខ្ញុំ ?

នៅពេល​ខ្ញុំ​បាន​ព្យាយាម​បំពេញ​ការ​ទទួលខុស​ត្រូវ​បព្វជិភាព​ខ្ញុំ នោះ​ព្រះអម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា ទ្រង់​បាន​ជ្រាប​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្ញុំ ។

រូបភាព
briefcase

រូបថត​មក​ពី Getty Images

នៅពេល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ​នៅ​ឆ្នាំ ២០០០ មាន​តែ​អែលឌើរប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម​ការ​ប្រជុំ​បព្វជិតភាព ។ យើង​ក៏​ពុំ​បាន​ធ្វើ​ការបង្រៀន​តាម​ផ្ទះ​របស់​យើង​បាន​ល្អ​ឡើយ—ដែល​ឥឡូវ​នេះ​ហៅថា​ការងារ​បម្រើ—ការ​សួរសុខទុក្ខ ។

ខ្ញុំ​បាន​ដឹង​ថា យើង​ប្រឈម​នឹង​ឧបសគ្គ​ធំ​មួយ​ដើម្បី​បំផុស​គំនិត​ដល់​ពួក​អែលឌើរ​ឲ្យ​បង្កើន​ការ​ខិតខំ​របស់​ពួកគេ ។ ដូច្នេះ ដើម្បី​ចាប់ផ្ដើម យើង​បាន​សម្រេច​ចិត្ត​រៀបចំ​ការ​ចាត់តាំង​ឡើង​វិញ ហើយ​បង្កើន​ការ​គ្រប់​គ្រង ។

ដោយសារ​ខ្ញុំ​គឺជា​មេធាវី​ប្រកប​របប​ខ្លួន​ឯង ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ច្រើន ។ ខ្ញុំ​រវល់​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់​បំពេញ​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​របស់​ខ្ញុំ ។

មាន​ថ្ងៃ​មួយ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ទៅ​ទីក្រុង​មួយ​ទៀត​ដើម្បី​តាម​ដាន​ជាមួយ​នឹង​អតិថិជន​ខ្ញុំ ។ ដោយសារ​ខ្ញុំ​មាន​ប្រាក់​បន្តិចបន្តួច នោះ​ខ្ញុំ​សង្ឃឹម​ថា អតិថិជន​ខ្ញុំ​នឹង​យល់ព្រម​បង់​ប្រាក់​ឲ្យ​ខ្ញុំ​មុន ។

នៅ​តាម​ផ្លូវ​ទៅ​ចំណត​រថយន្ត​ក្រុង ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ជួប​នឹង​សមាជិក​កូរ៉ុម​មួយ​ចំនួន ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​ដែល​ពួកគាត់​បាន​ចាត់តាំង ។ មាន​អ្នក​ខ្លះ​បាន​ភ្លេច ប៉ុន្តែ​ពួកគេ​បាន​តាំង​ចិត្ត​នឹង​ធ្វើ​កិច្ចការ​នោះ ។ អ្នក​ផ្សេង​ទៀត​បាន​ប្តេជ្ញាចិត្ត​ដើម្បី​ទៅធ្វើ​ការ​សួរ​សុខ​ទុក្ខ​របស់​ពួកគេ​ឲ្យ​ហើយ​នៅ​សប្ដាហ៍​នោះ ។

ខ្ញុំ​រំភើប​ចិត្ត​យ៉ាងខ្លាំងចំពោះ​ការ​តាំង​ចិត្ត​របស់​ពួកគេ​រហូត​ដល់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខទុក្ខ ហើយ​លើក​ទឹក​ចិត្ត​សមាជិក​កូរ៉ុម​ផ្សេង​ទៀត ។ ពីមុន​ខ្ញុំ​បាន​នឹកឃើញ នោះ​វា​ដល់​ពេល​រសៀល​ទៅ​ហើយ ។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ចាកចេញ​ពី​ទីក្រុង ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​ការិយាល័យ​ខ្ញុំ​ដើម្បី​ពិនិត្យ​មើល​ករណី​របស់​អតិថិជន​នោះ​ឡើង​វិញ ។

អ្វី​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើល​គឺ​ថា​ពេល​ខ្ញុំ​បាន​ទៅ​ដល់​ការិយាល័យ​អតិថិជន​ខ្ញុំ​កំពុង​ឈរ​នៅ​ខាងក្រៅ​ជាមួយ​នឹង​មនុស្ស​ម្នាក់​ទៀត ។ ខ្ញុំ​បាន​ពន្យល់​អតិថិជន​ខ្ញុំ​ថា ខ្ញុំហៀប​នឹង​ពិនិត្យ​មើល​ករណី​របស់​គាត់​ឡើងវិញ ហើយ​ខ្ញុំ​នឹង​រាយការណ៍​ប្រាប់​គាត់​នៅ​ថ្ងៃ​ស្អែក ។ គាត់​បាន​និយាយ​ថា គាត់​មក​ដើម្បី​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​អតិថិជន​ថ្មី​ម្នាក់ ។ បន្ទាប់ពី​មិត្ត​គាត់ និង​ខ្ញុំ​បាន​ជជែក​គ្នា​មក យើង​បាន​យល់ព្រម​លើ​ការ​បង់​ថ្លៃ​មួយ​ចំនួន​ឲ្យ​ខ្ញុំ ដើម្បី​ជួយ​គាត់​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ច្បាប់​របស់​គាត់ ។ ភ្លាមៗ​នោះ អតិថិជន​ខ្ញុំបាន​បង់​ប្រាក់​ឲ្យ​ខ្ញុំ​មុន ។

ចំពោះ​ខ្ញុំ រឿង​នោះ​វា​គឺជា​អព្ភូតហេតុ ។ ព្រះវរបិតាសួគ៌​បាន​ជ្រាប​ថា ខ្ញុំ​បាន​ព្យាយាម​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់ ។ ទ្រង់​ក៏​ជ្រាប​ពី​តម្រូវ​ការ​ខ្ញុំ​ផង​ដែរ ។ ទ្រង់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​តាម​វិធី​ជាច្រើន​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប៉ុន្តែ​ម្ដង​នេះ​ពរជ័យ​របស់​ទ្រង់​ប្រទាន​ឲ្យ​តាមរយៈ​ផ្នែក​ហិរញ្ញវត្ថុ ។ ទ្រង់​បាន​បំពេញ​នូវ​ព្រះបន្ទូល​របស់​ទ្រង់​នៅ​ក្នុង​បទគម្ពីរ​ទៅ​កាន់​អ្នក​ដែល​បម្រើ​ទ្រង់​ថា « ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង » ( ម៉ាថាយ ៦:៣៣ ) ។

ចុះ​កូរ៉ុម​អែលឌើរ​របស់​យើង​វិញ ? ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង​នៅពេល​យើង​ឆ្ពោះ​ទៅ​មុខ​ដោយ​ស្មារតី​សាមគ្គីភាព ។ មិន​យូរ​ប៉ុន្មាន​ការ​បង្រៀន​តាម​ផ្ទះ​របស់​យើង​បាន​កើន​ឡើង​ដល់ ១០០ ភាគរយ ហើយ​វត្តមាន​ក្នុង​ការ​ប្រជុំ​បព្វជិតភាព​របស់​ពួកអែលឌើរ​ដ៏​ស្មោះត្រង់​របស់​យើង​បាន​កើន​ឡើង​ដល់ ៣៥ នាក់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​គ្រប់គ្នា​អាច​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​រកឃើញ​អំណរ ព្រមទាំង​ពរជ័យ​នៅ​ក្នុង​ការ​បម្រើ​ទ្រង់​តាមរយៈ​ការ​បម្រើ​មនុស្ស​ដទៃ ។