២០២១
ទឹក​តែ ឬ​ក៏​ទឹកផ្លែស្វាយ ?
ខែ កក្កដា ឬ​សីហា ឆ្នាំ​២០២១


ទឹក​តែ ឬ​ក៏​ទឹកផ្លែស្វាយ ?

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

ដំណើររឿង​នេះ​កើត​ឡើង​នៅ​ប្រទេស តៃវ៉ាន់ ។

ជីរ៉ូ បាន​សួរថា « ហេតុអ្វី​ឯង​មិន​ផឹក​ទឹកតែ ? »

« ឈរ​ដោយ​សុចរិត » ( សៀវភៅ ចម្រៀង​កុមារ ទំព័រ ៨១ ) ។

រូបភាព
two boys in school uniforms walking through a market

ជុង បាន​ដើរ​ទៅ​ទីប្រជុំជន​នៅ​ប្រទេស តៃវ៉ាន់ ។ ជីរ៉ូ មិត្តភក្តិ​របស់​គាត់​បាន​នៅ​ក្បែរ​គាត់ ។ មាន​មនុស្ស​ម្នា​នៅ​គ្រប់​ទីកន្លែង ! ពួក​អ្នក​ដើរ​ផ្សារ​បាន​រកមើល​សម្លៀកបំពាក់​ដែល​បញ្ចុះ​តម្លៃ ក្មេងៗ​បាន​លេង​ល្បែង និង​មនុស្សម្នា​និយាយ​ទូរសព្ទ​របស់​ពួកគេ​ដោយ​ប្រញាប់ប្រញាល់ ។ ជុង កាន់​កាតាប​សាលា​របស់​គាត់​យ៉ាង​ជាប់ ខ្លាច​វា​ជ្រុះ​បាត់ ។

« ខ្ញុំ​មិន​ចង់​ជឿ​ទេ​ថា​ឆ្នាំសិក្សា​ជិត​បញ្ចប់​ហើយ ! » ជុង បាន​និយាយ​ខ្លាំង​ៗ​ដើម្បី​ឲ្យ ជីរ៉ូ ឮ ។

ជីរ៉ូ បាន​ថ្លែង​ថា « មែន​ហើយ ! ខ្ញុំ​បាន​ត្រៀម​ខ្លួន​សម្រាក​ពី​ការសិក្សា​រួច​ហើយ » ។

ជុង និង​ជីរ៉ូ បាន​ដើរ​កាត់​កន្លែង​ដែល​លក់​អាហារ​គ្រប់​ប្រភេទ ។ ផ្លែ​ស្រកា​នាគ និង​ស្រ្តប៊ែរី ។ នំប៉ាវ​ក្តៅៗ ។ ការ៉េម​រុំ​សណ្តែកដី ។ ក្លិន​អាហារ​ឈ្ងុយ​ៗ​នៅ​គ្រប់​ទីកន្លែង ! ប៉ុន្តែ អ្វី​ដែល ជុង អាច​គិតដល់​គឺ​ថា​គាត់មាន​អារម្មណ៍ថា​ក្តៅ និង​ស្អុះស្អាប់​ ។

ជុង បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​នៅ​ក្នុង​ឡ​ភ្លើង​អញ្ចឹង ! » ។

ជីរ៉ូ បាន​ឆ្លើយ « ខ្ញុំ​ក៏​អញ្ចឹង​ដែរ » ។ « តោះ ទិញ​ទឹក​ផឹក​បន្តិច​សិន » ។

ពួកគេ​នាំគ្នាទៅ​តូប​លក់​ភេសជ្ជៈ​ដែល​មាន​ពណ៌​ភ្លឺ​ចម្រុះ ។

ជីរ៉ូ បាន​ដក​លុយ​ចេញមក ។ « សូម​ទឹក​តែ​គុជ​ពីរ​កែវ​មក » ។

ជុង ​ដឹង​ថា ទឹក​តែ​គឺ​ខុស​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ គាត់​បាន​សួរ​ថា « តាម​ពិត​ទៅ តើ​ខ្ញុំ​សូម​យក​ទឹក​ផ្លែ​ស្វាយ​វិញ​បាន​ទេ ? »

ជីរ៉ូ បាន​ងាក​ទៅ​មើល​មុខ ជុង ។ ជុង មាន​អារម្មណ៍​រសាប់ រសល់ ។ តើ ជីរ៉ូ គិត​ថា ជុង ចម្លែក​មែន​ទេ ដែល​មិន​ផឹក​ទឹក​តែ​នោះ ?

អ្នក​លក់​បាន​ហុច​តែគុជ​ទៅ​ឲ្យ ជីរ៉ូ និង​ទឹក​ផ្លែស្វាយ​ទៅ​ឲ្យ ជុង ។ កុមារា​ទាំងពីរ​នាក់​បាន​ដើរ​ទៅ​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ។

ជីរ៉ូ បឺត​ភេសជ្ជៈ​របស់​គាត់ ។ « ម៉េច​ក៏​ឯង​មិន​ផឹក​ទឹកតែ ? វា​ឆ្ងាញ់​ណាស់ ! »

ជុង បាន​ខាំ​បបូរ​មាត់​របស់​គាត់ ។ « អឺ ខ្ញុំ​អត់​ផឹក​ទឹកតែ​ទេ » ។

« ហេតុអ្វី​មិន​ផឹក ? »

ជុង បាន​គិត​ថាតើ​ត្រូវ​ឆ្លើយសំណួរ​នេះ​បែបណា ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​គាត់ អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ នៅ​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា​របស់​គាត់ គាត់​បាន​រៀន​ថា ការគោរព​តាម​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ បាន​ជួយ​គាត់​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​គាត់ ។

ជុង បាន​និយាយ​ថា « ខ្ញុំ​ជឿ​លើ​ព្រះ ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ថែរក្សា​រាងកាយ​របស់​ខ្ញុំ ។ ទ្រង់​បង្គាប់​យើង​មិន​ឲ្យ​ផឹក​ទឹកតែ ឬ​កាហ្វេ ឬ​សុរា​ឡើយ » ។

ជីរ៉ូ បាន​សួរ​ថា « ហេតុអ្វី​ឯង​មិន​ផឹក​ទឹកតែ ? »

« ខ្ញុំ​បាន​រៀន​អំពី​រឿង​នេះ​នៅឯ​ព្រះវិហារ » ។

ជីរ៉ូ បាន​បឺត​ភេសៈ​របស់​គាត់​ម្តង​ទៀត ។ « រឿង​នោះ​ដូច​ជា​មិន​ទំនង​សោះ ។ គ្រាន់តែ​ទឹក​តែ​សោះហ្នឹង ! ទឹក​តែ​វា​មិន​ធ្វើ​ឲ្យ​ឯង​ឈឺ​នោះទេ » ។

ជុង មាន​អារម្មណ៍​បុក​​ពោះ ។ តើ​គាត់​អាច​ជួយ ជីរ៉ូ យល់​បាន​យ៉ាង​ដូចម្តេច​ទៅ? ប្រហែល​ជា​នរណា​ម្នាក់​នៅ​ឯ​ព្រះវិហារ​អាច​ជួយ​គាត់​ពន្យល់​ដល់ ជីរ៉ូ បាន ។

« តើ​ឯង​ចង់​ទៅ​ព្រះវិហារ​ជាមួយ​ខ្ញុំ​ទេ ? ខ្ញុំ​ទៅ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ឯង​អាច​រៀន​អំពី​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ » ។

ជីរ៉ូ បាន​គិត​មួយ​ស្របក់ ។ « ខ្ញុំ​ប្រហែល​ជា​មិន​អាច​ទៅ​បានទេ » ។

ជុង បាន​និយាយថា « មិន​អី​ទេ​ចឹង » ។ គាត់​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត​តិចតួច​ដែល ជីរ៉ូ មិន​ចង់​មក​ព្រះវិហារ​ជាមួយ​គាត់ ។ ប៉ុន្តែ គាត់​នៅ​តែ​មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ ។

ក្រោយ​មក​នៅ​សប្តាហ៍​នោះ នៅ​ឯ​សាលារៀន គ្រូ​របស់ ជុង លោក លីន បាន​សូម​ឲ្យ​សិស្ស​គ្រប់គ្នា​ប្រុងប្រៀប​ស្តាប់ ។ « ថ្ងៃស្អែក គឺជា​ថ្ងៃ​ចុងក្រោយ​នៅ​សាលា​ហើយ ។ ពីព្រោះ​សិស្ស​គ្រប់​គ្នា​បាន​ខិតខំ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ លោកគ្រូ​មាន​ការភ្ញាក់​ផ្អើល​ណាស់ ។ យើង​ទាំងអស់គ្នា​នឹង​ទៅ​ផឹក​តែគុជ​ជាមួយ​គ្នា ! »

សិស្ស​ក្នុង​ថ្នាក់​ទាំងអស់​បាន​ស្រែក​ហ៊ោ ។ សិស្ស​ទាំងអស់ លើកលែង​តែ ជុង ប៉ុណ្ណោះ ។ ជុង បាន​អង្គុយ​ចុះ​នៅលើ​កៅអី​របស់​គាត់ ។ ការជម្រាប​ដល់​លោកគ្រូ​របស់​គាត់​ថា គាត់​មិន​ផឹក​ទឹកតែ រឹតតែ​ពិបាក​ជាង​ប្រាប់​ដល់ ជីរ៉ូ ទៅ​ទៀត ! សិស្ស​គ្រប់គ្នា​នឹង​គិតថា គាត់​ជា​មនុស្ស​ចម្លែក ដូច​ជា ជីរ៉ូ បាន​គិតដែរ​ហើយ ។

រូបភាព
boy raising his hand in class

ជីរ៉ូ បាន​លើកដៃ​របស់​គាត់​ឡើង ។ « លោកគ្រូ លីន ? ជុង មិន​ផឹក​ទឹកតែ​ទេ ។ វា​ជា​ផ្នែក​មួយ​នៃ​សាសនា​របស់​គាត់ ។ តើ​គាត់​អាច​ហូប​ទឹក​ផ្លែ​ស្វាយ​វិញ​បាន​ទេ ? »

លោកគ្រូ លីន បាន​ងាក​ទៅ ជុង ។ « តើ​នេះ​ជា​ការពិត​ដែរ​ឬ​ទេ ជុង ? »

ជុង បាន​ងក់​ក្បាល ។

លោកគ្រូ លីន បាន​ញញឹម ។ « មិនអីទេ » « លោកគ្រូ​នឹង​កម្ម៉ង់​ទឹក​ផ្លែ​ស្វាយ​ឲ្យ​ឯ​វិញ » ។

ក្រោយ​ពី​រៀន​ចប់ ជុង និង ជីរ៉ូ បាន​ដើរ​ទៅ​ផ្ទះ​វិញ​ជាមួយ​គ្នា ។ ជុង បាន​និយាយ​ថា « អរគុណ​ដែល​ឯង​បាន​ជួយ » ។

ជីរ៉ូ បាន​ញញឹម ។ « ឯង​ជា​មិត្តភក្តិ​របស់​ខ្ញុំ ។ បើ​មាន​អ្វី​មួយ​សំខាន់​ចំពោះ​ឯង នោះ​វា​ក៏​សំខាន់​ចំពោះ​ខ្ញុំ​ដែរ » ។

រូបភាព
Friend, July 2021 Tier 2

រចនា​រូបភាព​ដោយ មេលីសា មែន​វីល