២០២១
បាល់ទាត់ និង​ថ្ងៃ​ឈប់សម្រាក
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


បាល់ទាត់ និង​ថ្ងៃ​ឈប់សម្រាក

ដំណើររឿង​នេះ​បាន​កើត​ឡើង​នៅ ហុនឌូរ៉ាស ។

« ថ្ងៃ​សៅរ៍​គឺជា​ថ្ងៃ ដ៏​ពិសេស ។ ជា​ថ្ងៃ​យើង​រៀបចំ​សម្រាប់​ថ្ងៃ អាទិត្យ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៥ ) ។

ថ្ងៃ​សៅរ៍​របស់​សាំយ៉ូអែល​បាន​រារាំង​ដល់​ថ្ងៃ​អាទិត្យ​របស់​គាត់ ។

រូបភាព
father and son watching sports together

សាំយ៉ូអែល​ចូលចិត្ត​មើល​ទូរទស្សន៍​ជាមួយ​នឹង​ប៉ា ជា​ពិសេស​នៅ​ថ្ងៃ​សៅរ៍ ។ ប៉ា​រវល់​ខ្លាំង​ណាស់​រាល់​សប្ដាហ៍ ។ តែ​នៅ​ថ្ងៃ​សៅរ៍ ម៉ាក់​បាន​ចម្អិន pastelitos de piña ( នំនានា ដែល​មាន​ស្នូលម្នាស់ ) ហើយ​ពួកគេ​មើល​ទូរទស្សន៍​ជុំ​គ្នា ។

នៅ​ថ្ងៃ​សៅរ៍​មួយ ពួកគេ​បាន​សម្រេច​ចិត្ត​មើល partido de fútbol ( ការ​ប្រកួត​បាល់​ទាត់ ) ។ តែ​ការ​ប្រកួត​នោះ​បាន​ចាប់​ផ្ដើម​នៅ​យប់​ជ្រៅ ហើយ​មាន​រយៈពេល​វែង ។ ពេល​ការ​ប្រកួត​តង់​ទីមួយ​បាន​បញ្ចប់ លទ្ធផល​គឺ ០-០ ។ សាំយ៉ូអែល​ចង់​បន្ត​មើល​ទៀត ។ តែ​គាត់​ស្ងាប​មិន​ឈប់​សោះ ។

ម៉ាក់​បាន​ប្រាប់​ដោយ​សម្ដី​ទន់ភ្លន់​ថា « ដល់​ពេល​ចូល​គេង​ហើយ សាំយ៉ូអែល » ។ « កូន​ត្រូវ​ចូល​គេង​ដើម្បី​កូន​មាន​កម្លាំង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​ស្អែក » ។

សាំយ៉ូអែល​បាន​តប​ថា « តែ​កូន​ចង់​មើល​ទៀត » ។ « នេះ​ជា​ក្រុម​ពីរ​ដ៏​ល្អ​បំផុត​នៅ​ហុនឌូរ៉ាស ! »

ប៉ា​បាន​មើល​ទៅ​នាឡិកា ។ « មិន​អី​ទេ ។ កូន​អាច​បន្ត​មើល​បាន ។ តែ​ថ្ងៃ​ស្អែក​កូន​ត្រូវ​ក្រោក​ឡើង​ឲ្យ​ទាន់​ម៉ោង » ។

ការ​ប្រកួត​នេះ​តែ​មាន​ភាពរំភើប​ចិត្ត​នៅ​តង់​ទីពីរ ។ ពេល​នេះ​សាំយ៉ូអែល​លែង​ងងុយ​គេង​ទៀត​ហើយ ! គាត់ និង​ប៉ា​បាន​ស្រែក​ហោ​ទាំង​ពីរ​នាក់ ។ ដំបូង​មាន​ការ​ទាត់បាល់​ពី​ជ្រុង ។ បន្ទាប់​មក​អ្នក​ចាំទី​បាន​សង្គ្រោះ​បាល់​មួយ​យ៉ាង​អស្ចារ្យ ។ ក្រុម​ម្ខាង​បាន​ទាត់​បញ្ចូល​ទី ហើយ​បន្ទាប់​មក​ក្រុម​ម្ខាង​ទៀត ។ ទម្រាំ​សាំយ៉ូអែល​បាន​ដឹង នោះ​ការ​ប្រកួត​នោះ​បាន​បញ្ចប់ ។ វា​បាន​បញ្ចប់​ដោយ​ពិន្ទុ​ស្មើ​គ្នា ១-១ ។

លុះ​ព្រឹកស្អែក សាំយ៉ូអែល​អស់​កម្លាំង​យ៉ាង​ខ្លាំង​រហូត​ដល់​គាត់​មិន​ចង់​ក្រោក​ចេញ​ពី​គ្រែឡើយ ។ តែ​គាត់​បាន​ដឹង​ថា ការ​ទៅ​ព្រះវិហារ​គឺជា​រឿង​សំខាន់ ។

អំឡុង​ការ​ប្រជុំ​សាក្រាម៉ង់ សាំយ៉ូអែល​បាន​ចាប់ផ្ដើម​គេងលក់ ។ គាត់​បាន​ងោក ។ ម៉ាក់​ជួយ​កេះ​គាត់ កុំ​ឲ្យគាត់គេង ។ តែ​គាត់​អស់​កម្លាំង​ខ្លាំង​ណាស់​រហូត​ដល់​គាត់​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើអ្នក​ឡើងនិយាយ​ឡើយ ។ ប៉ា​បាន​និយាយ​ថា « ប៉ាគិត​ថា​ថ្ងៃ​សៅរ៍​របស់​កូន​បាន​រារាំង​ដល់​ថ្ងៃ​អាទិត្យ​របស់​កូន​ហើយ » ។

ក្នុង​ថ្នាក់​កុមារ គ្រូបង្រៀន​របស់​សាំយ៉ូអែល​បាន​និយាយ​អំពី​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ គាត់​បាន​សួរ​ថា តើ​កុមារ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​អាទិត្យ​ពិសេស ។ សាំយ៉ូអែល​បាន​គិត​មួយ​សន្ទុះ ។ រួច​បាន​ឆ្លើយ​ថា « ចូលគេង​នៅ​ថ្ងៃសៅរ៍​ឲ្យ​ទាន់ម៉ោង »! 

ពេល​ពួកគេ​ទៅ​ដល់​ផ្ទះវិញ សាំយ៉ូអែល​បាន​ប្រាប់​ម៉ាក់ និង​ប៉ា ។ សាំយ៉ូអែល​បាន​និយាយ​ថា « កូន​សប្បាយ​ចិត្ត​ដោយ​បាន​មើល​ការ​ប្រកួត​កាល​ពី​យប់​មិញ » ។ « តែកូនគួរ​ចូល​គេង​ឲ្យ​បាន​លឿន​ជាង​នោះ ។ កូន​គិត​ថា យើង​គួរ​ប្រើ​ពេល​មួយ​ផ្នែក​នៃ​ថ្ងៃសៅរ៍​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ថ្ងៃអាទិត្យ » ។

ប៉ា​បាន​តបថា « ប៉ា​យល់ស្រប » ។

ម៉ាក់​បាន​ងក់ក្បាល ។ « ម៉ាក់ក៏​យល់​ស្រប​ដែរ »

ថ្ងៃសៅរ៍ បន្ទាប់​មាន​ការប្រកួត​មួយ​ទៀត​នៅ​តាម​ទូរទស្សន៍ ។

« តើ​យើង​គួរ​ធ្វើ​យ៉ាង​ម៉េច​នៅ​យប់​នេះ ? » ប៉ា​បាន​សួរ ។ « ការប្រកួត​លេង​ដល់​យប់​ជ្រៅ​ទៀត​ហើយ » ។

ម៉ាក់​បាន​តប​ថា « យើង​អាច​មើល​ភាពយន្ត​វិញ » ។

សាំយ៉ូអែល​បាន​និយាយ​ថា « ឬ​យើង​អាច​ចេញ​ទៅ ដើរ​នៅ​ខាង​ក្រៅ » ។

« តើ​ប៉ាម៉ាក់​ចេញ​ទៅ​ដើរ​នៅ​ខាង​ក្រៅ​បាន​ទេ ? » ប៉ា​បាន​សួរ​ម៉ាក់ ។

ម៉ាក់​បាន​តប​ថា « ពិត​ជា​បាន » ។ « វា​កាន់តែ​ល្អ​ដើម្បី​ដើរ​ជុំគ្នា​ជា​គ្រួសារ » ។

សាំយ៉ូអែល​តប​ថា « ហើយ​ពេល​យើង​មក​ផ្ទះ​វិញ យើង​អាច​គេង​លក់​យ៉ាង​ស្រួល ។ រួច​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ថ្ងៃអាទិត្យ​! »

រូបភាព
May 2021 Friend