២០២១
ប្រេដិន នាំ​ផ្លូវ
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


ប្រេដិន នាំ ផ្លូវ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ។

ដំណើររឿង​នេះ​បាន​កើត​ឡើង​នៅក្នុង​រដ្ឋ លូវីស្សីអាណា ស.រ.អា. ។

ជីវិត​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​គឺ​សប្បាយ​រីករាយ​ណាស់ ។ ប៉ុន្តែ​មាន​រឿងមួយ​ដែល​ខ្វះខាត ។

« ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ » ( ធីម៉ូថេ ទី១ ៤:១២ ) ។

រូបភាព
boy reading scriptures on dock

ប្រេដិន និង​ប៉ា បាន​យួរ​ធុង​ចំណី​ក្រពើ​ដ៏​ធ្ងន់​ដើម្បី​ទៅ​កន្លែង​ឲ្យ​ចំណី​ក្រពើ ។ ក្បាល​របស់​សត្វក្រពើ​បាន​ងើប​ចេញ​ពី​ផ្ទៃទឹក ហើយ​បណ្តែត​ខ្លួន​មក​រក​ពួកគេ ។ នៅពេល​ដែល​ប្រេដិន និង​ប៉ា បាន​ទៅដល់​កន្លែង​ឲ្យ​ចំណី សត្វ​ក្រពើ​មួយ​ចំនួន​បាន​ហា​មាត់​របស់​ពួកវា ។

ប៉ុន្តែ ប្រេដិន មិន​ខ្លាច​ឡើយ ។ ការធ្វើការ​ជាមួយ​ប៉ា នៅ​ឯ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​គឺ ល្អខ្លាំង​ណាស់ ។

« ដល់ម៉ោង​ឲ្យ​ចំណី​ហើយ ! » ។ ប្រេដិន បាននិយាយ ។ គាត់​បាន​ចូក​ចំណី​មួយ​ប៉ែល ហើយ​​បោះ​នៅ​ក្នុង​ទឹក ។

ត្របាក់ ។ ត្របាក់ ។ ខ្ចាយទឹក​ !

សត្វ​ក្រពើ​ខ្លះ​ហក់​ត្របាក់​ស៊ី​ចំណី​តាំង​ពី​មិន​ទាន់​ធ្លាក់​ដល់​ទឹកម្ល៉េះ ។ សត្វ​ក្រពើ​ខ្លះ​ទៀត ត្របាក់​ចំណី​ពេល​ដែល​ចំណី​ធ្លាក់​លើ​ទឹក ។ ប្រេដិន និង​ប៉ា​បន្ត​បោះ​ចំណី​រហូត​ដល់​អស់​ចំណី​ពី​ធុង ។

ប៉ា​បាន​និយាយថា « អរគុណ​កូន​ដែល​ជួយ​ប៉ា » ។ « តោះ​យើង​ទៅ​វិញ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជិត​មក​ដល់​ហើយ » ។

ប្រេដិន និង​គ្រួសារ​របស់​គាត់ បាន​ចាប់ផ្តើម​ជួប​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរបី​ខែ​មុន ។ គាត់​ចូលចិត្ត​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនាណាស់ ! ហើយ​គាត់​ចូលចិត្ត​រៀន​អំពី​សាសនាចក្រ ។ ប៉ា​ជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ គាត់​មិន​បាន​ទៅ​ព្រះវិហារ​ញឹកញាប់​ទេ ។ ម៉ាក់ និង​ប្រេដិន ពុំ​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឡើយ ។

នៅ​ល្ងាច​នោះ ស៊ិស្ទើរ ខក បាន​និយាយ​ថា « នៅ​សប្តាហ៍​មុន បង​ទាំងពីរ​បាន​ដាក់​គោលដៅ​ថាអាន ម៉ូសាយ ១៨ » ។ « តើ​វា​យ៉ាង​ម៉េច​ដែរ ? »

ម៉ាក់ និង​ប៉ា​បាន​មើល​មុខ​គ្នា ហើយ​បាន​នៅ​ស្ងៀម​មួយ​ស្របក់ ។ ម៉ាក់​បាន​និយាយ​ថា « ពួក​យើង​រវល់​ណាស់​នៅ​សប្តាហ៍​នេះ » ។

« ខ្ញុំ​បាន​អាន​តើ ! » ប្រេដិន បាននិយាយ ។

« ល្អ​ណាស់ ! » ស៊ិស្ទើរ ប្លដ បាន​និយាយ​បណ្តើរ លើក​ដៃ​ទះ​អបអរ​បណ្តើរ ។ « តើ​ប្អូន​បាន​មាន​អារម្មណ៍​យ៉ាង​ណា បន្ទាប់​ពី​ប្អូន​បាន​អាន​វា​ហើយ​នោះ ? »

ប្រេដិន បាន​ញញឹម​ពព្រាយ ។ « ពិត​ជា​ល្អ​ណាស់ ។ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​អំពី​ការទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ខ្ញុំ​ពិត​ជា​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ណាស់ » ។

ស៊ិស្ទើរ ខក ​បាន​និយាយថា « ល្អ​ណាស់ ! ខ្ញុំ​ដឹងថា វា​ធ្វើ​ឲ្យ​ព្រះ​វរបិតា​សួគ៌​សប្បាយ​ព្រះទ័យ​ណាស់ » ។ គាត់​បាន​ងាក​ទៅ​រក​ម៉ាក់​របស់ ប្រេដិន ។ « តើ​បងស្រី​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នេះ ? »

ម៉ាក់​បាន​មាន​ប្រសាសន៍ថា « ខ្ញុំ​មិន​ទាន់​ប្រាកដ​ចិត្ត​ទេ ។ ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវការ​ពេលវេលា​បន្តិច​ទៀត ។

ប្រេដិន មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្តទេ​ក្នុង​អំឡុង​ចុងបញ្ចប់មេរៀន​។ គាត់​ចង់​ឲ្យ​ឪពុកម្តាយ​របស់​គាត់​ទាំងពីរ​នាក់​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ។ ហើយ​គាត់​ក៏​ចង់​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ដែរ !

នៅ​ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចេញ​ទៅ គាត់​បានប្រាប់​ដល់​ឪពុកម្តាយ​គាត់​ថា អ្វី​ដែល​គាត់​បាន​និយាយ​ពីមុន​នោះ គឺជា​ការចង់បានពិតប្រាកដមែន ។ « កូន​ពិត​ជា​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ណាស់ ។ ហើយ … » ប្រេដិន បាន​ដកង្ហើម​ធំ ។ « កូន​ចង់​ឲ្យ​ប៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​កូន » ។

មួយ​ស្របក់​មក ប៉ា​ក៏​និយាយឡើង ។ « ប៉ា​ក៏​ចង់​បាន​ដូច្នោះ​ដែរ » ។

ម៉ាក់​នៅ​ស្ងៀម ។ « តោះ សូម​យើង​អធិស្ឋាន​អំពី​រឿង​នេះ » ។

ប្រេដិន បាន​លុត​ជង្គង់​ចុះ​ជាមួយ​ក្រុមគ្រួសារ​គាត់ ហើយ​បាន​ទូល​សួរ​ព្រះវរបិតា​សួគ៌ ប្រសិនបើ​គាត់ និង​ម៉ាក់​គួរតែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ គាត់​មាន​អារម្មណ៍​កក់ក្តៅ និង​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។

ពីរបី​សប្តាហ៍​ក្រោយ​មក ប្រេដិន បាន​អាន​ព្រះគម្ពីរ ហើយ​បាន​អធិស្ឋាន​រាល់​ថ្ងៃ ។ ដំបូង​ឡើយ គាត់​តែងតែ​ជា​អ្នក​ដែល​សុំ​ឲ្យ​ឪពុកម្តាយ​របស់​គាត់​អធិស្ឋាន និង​អាន​ជាមួយ​គាត់ ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ពួកគាត់​ចាប់​ផ្តើម​សុំ ប្រេដិន វិញ ។ នៅ​ពេល​គាត់ និង​ប៉ា​ឲ្យ​ចំណី​សត្វក្រពើ ពួកគាត់​នឹង​និយាយ​អំពី​បទគម្ពីរ ឬ អ្វី​ដែល​ពួកគាត់​បាន​រៀន​នៅ​ឯ​ព្រះវិហារ ។ គាត់ និង​ម៉ាក់​​និយាយ​អំពី​មេរៀន​​ដែល​រៀន​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ជា​រៀងរាល់​ថ្ងៃ ម៉ាក់ និង​ប៉ា ហាក់​ដូច​ជា​កាន់តែ​រីករាយ​ឡើង ។

នៅ​ថ្ងៃ​មួយ នៅ​ពេល​កំពុង​រៀន​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ម៉ាក់​បាន​មាន​និយាយ​​ពី​អ្វី​ដែល ប្រេដិន បាន​ទន្ទឹង​រង់ចាំ ៖ « ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក » ។

នៅ​ពីរបី​សប្តាហ៍​ក្រោយមក ប្រេដិន មាន​អារម្មណ៍​ថា​ដូច​ជា បានហោះហើរ​នៅលើ​មេឃ ។

នៅ​ទីបំផុត ថ្ងៃ​បុណ្យ​ជ្រមុជទឹក​របស់​ម៉ាក់ និង​ប្រេដិន​បាន​មកដល់ ។ នៅពេល ប្រេដិន ងើប​ចេញ​ពី​ទឹក គាត់​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ពី​ព្រះ​វរបិតា​សួគ៌​ចំពោះ​គាត់ និង​ក្រុមគ្រួសារ​របស់​គាត់ ។ គាត់​បាន​ឱប​ប៉ា​យ៉ាង​ណែន ។

ប៉ាឱប​ប្រេដិន យ៉ាង​ណែន ហើយ​បាន​ខ្សឹប​ថា « អរគុណ​កូន​ដែល​បាន​ធ្វើ​ជា​គំរូ​ល្អ ហើយ​ជួយ​ដល់​ពួក​យើង ។ ប៉ា​ស្រឡាញ់​កូន » ។

រូបភាព
May 2021 Friend