២០២១
ចាក់សោ​ចោល !
ខែ ឧសភា/ខែ មិថុនា ឆ្នាំ ២០២១


ចាក់សោ​ចោល !

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ដំណើររឿង​នេះ​បាន​កើត​ឡើង​នៅ​ហុងគ្រី ហុងគ្រី កណ្តាល ។

ប្រហែល​ជា ​អិមម៉ា អាច​ជួយ​បាន !

« ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ​ដែល​នាំ​ឲ្យ​ធ្វើ​ល្អ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ) ។

រូបភាព
girl sitting on steps outside apartment

អិមម៉ា បាន​លោត​នៅលើ​ថ្ម​ប្រះៗ​នៅលើ​ចិញ្ចើម​ផ្លូវ ។ វា​ជា​ថ្ងៃ​មួយ​ដែល​ព្រះ​អាទិត្យ​បើក​ថ្ងៃ​ចែស ។ នាង និង​ម៉ាក់ កំពុង​ដើរ​ទៅ​ហាង​លក់​គ្រឿង​ទេស ។

នាង​បាន​សួរ​ថា « ម៉ាក់ តើ​ព្រះ​អាទិត្យ​មាន​ចម្ងាយ​ប៉ុណ្ណា ? »

ម៉ាក់ បាន​ឆ្លើយ​ថា « ម៉ាក់​មិន​ប្រាកដ​ទេ » ។

អិមម៉ា បាន​បើក​ភ្នែក​ព្រឹមៗ​មើល​ទៅ​លើ​មេឃ ។ « តើ​ម៉ាក់​គិត​ថា​រ៉ុកកែត​អាច​ទៅ​ដល់​ព្រះ​អាទិត្យ​ឬ​ទេ ? តើ​ម៉ាក់​គិត​ថា​វា​ក្តៅ​ជាង​រន្ទះ​ដែរ​ឬ​ទេ ? តើ​ម៉ាក់​គិត​ថា … »

ម៉ាក់​បាន​អស់​សំណើច ។ « សំណួរ​របស់​កូន​កាន់តែ​ពិបាក​ឡើងៗ ! »

អិមម៉ា ក៏​អស់​សំណើច​ដែរ ។ នាង​មាន​សំណួរ​ច្រើន​ណាស់ ។ ម៉ាក់​តែងតែ​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឆ្លើយ​សំណួរ​ទាំងនោះ ។ នោះ​ជា​មូលហេតុ​មួយ​ដែល​អិមម៉ា ចូលចិត្ត​ដើរ​ជា​មួយ​ម៉ាក់ ។

អិមម៉ា បាន​មើល​ជុំ​វិញ​តំបន់​ជិត​ខាង​នាង ។ ឡាន​តាក់ស៊ី​បាន​បើក​ចុះ​តាម​ផ្លូវ​ថ្ម ។ មនុស្ស​ម្នា​បាន​នាំគ្នា​ជិះ​កង់ ។ មនុស្ស​មា្ន​ជា​ច្រើន​ក៏​បាន​ចេញ​ក្រៅ​ដើរ​ផង​ដែរ ។

បន្ទាប់​មក​អិមម៉ា បាន​មើល​ទៅ​ផ្លូវ​ម្ខាង​ទៀត ។ មាន​ក្មេង​ស្រី​ម្នាក់​កំពុង​អង្គុយ​លើ​កាំជណ្តើរ​ខាង​ក្រៅ​អគារ​ជួល​មួយ ។ នាង​ហាក់​ដូច​ជា​កំពុង​យំ ។

អិមម៉ា បន្ថយ​ល្បឿន​ដើរ ។ តើ​នាង​គួរតែ​ឈប់​ដើម្បី​ជួយ​ដែរ​ឬ​ទេ ? ប្រហែល​ជា​ក្មេង​ស្រី ម្នាក់​នេះ​ចង់​នៅ​តែ​ម្នាក់​ឯង​ទេ​ដឹង ។ នៅ​ពេល​ខ្លះ អិមម៉ា ក៏​ចង់​នៅ​តែ​ម្នាក់​ឯង​ដែរ នៅ​ពេល​នាង​មិន​សប្បាយ​ចិត្ត ។

អិមម៉ា បាន​ឈប់​ដើរ ។ ភាគច្រើន អិមម៉ា ចង់​ឲ្យ​មាន​នរណា​មា្នក់​ដែល​នាង​អាច​និយាយ​ជាមួយ នៅ​ពេល​នាង​ត្រូវការ​ជំនួយ ។ ហើយ​ប្រហែល​ជា​នាង​អាច​ជួយ​បាន !

នាង​បាន​ចាប់​ដៃ​ម៉ាក់ ។ « ម៉ាក់ មើល​ហ្ន៎ ។ កូន​គិត​ថា ក្មេង​ស្រី​នោះ​ត្រូវការ​ជំនួយ​ហើយ » ។

ម៉ាក់​បាន​មើល​ទៅ​ផ្លូវ​ម្ខាង​ទៀត ។ « ម៉ាក់​គិត​ថា កូន​និយាយ​ត្រូវ​ហើយ » ។

អិមម៉ា បាន​កាន់ដៃម៉ាក់ ​នៅពេល​ពួកគេ​បាន​ដើរ​ឆ្លង​ផ្លូវ ។ នាង​បាន​ឡើង​កាំជណ្តើរ​ដល់​កន្លែង​ដែល​ក្មេង​ស្រី​នោះ​កំពុង​អង្គុយ ។ អិមម៉ា បាន​និយាយ​ថា « សួស្តី » ។ « តើ​ឯង​ត្រូវការ​ជំនួយ​ទេ ? »

ក្មេង​ស្រី​រូប​នោះ​បាន​ស្រូប​​ដង្ហើម ចូល​ហើយ​បាន​មើល​ទៅ​ពួកគេ ។ ដៃ​របស់​នាង​បាន​ឱប​ក្បាល ជង្គង់​ទាំងពីរ ហើយ​ភ្នែក​របស់​នាង​ឡើង​ពណ៌​ក្រហម និង​ហើម ។

« ខ្ញុំ … ខ្ញុំ​ត្រូវ​បាន​គេ​ចាក់​សោ​ចោល​ក្រៅផ្ទះ » ។ នាង​បាន​ដក​ដង្ហើម​ធំ ។ សំឡេង​របស់​នាង​ឡើង​ញ័រ និង​តិចៗ ។ អិមម៉ា បាន​លុត​ជង្គង់​ចុះ​នៅ ក្បែរ​នាង ដើម្បី​ស្តាប់​នាង​និយាយ​ឲ្យ​បាន​ច្បាស់ ។

ក្មេង​ស្រី​នោះ​បាន​និយាយ​ថា « ខ្ញុំ​មិន​ចេះ​អាន​អក្សរ​ទេ » ។ « ខ្ញុំ​មិនដឹង​ថា បូតុង​ណា​មួយ​ដែល​ត្រូវ​ចុច​ដើម្បី ចូល​ផ្ទះ​វិញ​បាន​ទេ » ។

អិមម៉ា បាន​មើល​ទៅ​ជញ្ជាំង នៅ​ខាងក្រៅ​អគារ​ជួល ។​ មាន​បូតុង​តូចៗ​ជា​ច្រើន ។ នៅ​លើ​បូតុង​នីមួយៗ​មាន​ឈ្មោះ​វា ។ នៅ​ជិត​បូតុង​នោះ​គឺ មាន​មេក្រូ​មួយ ។

អិមម៉ា បាន​សួរ « តើ​នាម​ត្រកូល​ឯង​ឈ្មោះ​អី ? » ។

ក្មេង​ស្រី​តូច​នោះ​បាន​និយាយថា « ស្នៃដឺរ » ។

ម៉ាក់ បាន​អាន​បូតុង​ទាំងអស់ រហូត​ដល់​នាង​បាន​ឃើញ​បូតុង​មួយ​សរសេរ​ថា « ស្នៃដឺរ » ។ នាង​បាន​ចុច​បូតុង​នោះ ។

ក្រឹងៗ!

បូតុង​នោះ​មាន​សំឡេង​លឺ​ខ្លាំង​ណាស់ ។ បន្ទាប់មក មាន​សំឡេង​មួយ​បាន​បន្លឺ​ឡើង​ចេញពី​មេក្រូនោះ ។

« នេះ​ជា​គ្រួសារ​ស្នៃដឺរ ។ មាន​អ្វី​ខ្ញុំ​អាច​ជួយ​អ្នក​បាន ? »

ម៉ាក់ បាន​និយាយ​ឆ្លើយ​មេក្រូ​វិញ ។ « ជម្រាប​សួរ ! កូនស្រី​ខ្ញុំ និង​ខ្ញុំ​នៅ​ខាងក្រៅ​ជាមួយ​ក្មេង​ស្រី​ម្នាក់​ដែល​និយាយ​ថា នាង​ត្រូវ​បាន​គេ​ចាក់​សោ​ចោល » ។

ក្មេង​ស្រី​នោះ​បាន​ងើប​យ៉ាង​លឿន ហើយ​រត់​ទៅ​ឆ្លើយ​តបតាម​មេក្រូ​វិញ ។ នាង​និយាយថា « ម៉ាក់ កូន​អត់​ចេះ​អាន​អក្សរ​លើ​បូតុង​ដើម្បី​ចុច​ចូល​ក្នុង​ផ្ទះ​វិញ​ទេ ហើយ​ពួកគាត់​បាន​ជួយ​កូន ! » ។

សំឡេង​ឆ្លើយ​តាមមេក្រូបាន​​ភ្ញាក់​ផ្អើល ។ « លេនី! ម៉ាក់​ស្មាន​តែ​កូន​នៅ​ក្នុង​បន្ទប់​កូន ! កុំ​ខ្លាច​អី ។ ម៉ាក់​ចុះ​ក្រោម​ឥឡូវ​នេះ » ។

ពីរបី​នាទី​ក្រោយ​មក មាន​ស្រ្តី ម្នាក់​រត់​ចេញ​មក​ក្រៅ ។ ក្មេង​ស្រី​នោះ​បាន​រត់​ទៅ​ជួប ហើយ​ឱប​គាត់ ។

ស្រ្តី​រូប​នោះ​បាន​ងាក​ទៅ​អិមម៉ា ។ « អុរគុណ​ដែល​បាន​ជួយ​កូនស្រី លេនី​ដ៏​តូច​របស់​ខ្ញុំ ! »

អិមម៉ា បាន​ញញឹម ។ « ការ​ជួយ​វា​ងាយ​ស្រួល​ណាស់ » ។

ពួកគេ​បាន​លើក​ដៃ​ក្រវី​លាគ្នា ហើយ​បាន​ដើរ​ចុះ​ពី​ជណ្តើរ​វិញ ។ រូប​កាយ​ទាំងមូល​របស់​អិមម៉ា មាន​អារម្មណ៍​កក់ក្តៅ ។ នាង​បាន​ចង់​សួរ​ម៉ាក់​មួយ​សំណួរ​ទៀត ។

« ការ​ជួយ​ដល់​ក្មេង​ស្រី​នោះ​គឺ តិចតួច ងាយស្រួល​ណាស់ ។ ហេតុអ្វី កូន​មាន​អារម្មណ៍​សប្បាយ​ចិត្ត​អំពី​រឿង​នេះ ? »

ម៉ាក់​បាន​ច្របាច់​ដៃ​អិមម៉ា ។ « នោះ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​មាន​បន្ទូល​ប្រាប់​កូន​ថា កូន​បាន​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ​មួយ » ។

អិមម៉ា បាន​ញញឹម ។ នាង​សប្បាយ​ចិត្ត​ដែល​បាន​ឈប់​ដើម្បី ជួយ ។

រូបភាព
May 2021 Friend