ជំពូកទី ១៣
អ័ប៊ីណាដៃត្រូវបានការពារដោយអានុភាពពីព្រះ — លោកបង្រៀនព្រះបញ្ញត្តិទាំងដប់ប្រការ — សេចក្ដីសង្គ្រោះពុំបានមកដោយក្រឹត្យវិន័យលោកម៉ូសេតែមួយប៉ុណ្ណោះទេ — ព្រះអង្គផ្ទាល់ត្រូវថ្វាយដង្វាយធួន ហើយប្រោសលោះរាស្ត្ររបស់ទ្រង់។ ប្រមាណជាឆ្នាំ ១៤៨ ម.គ.ស.។
១ហើយឥឡូវនេះ កាលស្ដេចបានឮពាក្យអស់នេះហើយ ទ្រង់មានបន្ទូលទៅកាន់ពួកសង្ឃថា ៖ ចូរយកបុរសនេះទៅសម្លាប់ចោលទៅ ព្រោះយើងមិនដឹងទុកគាត់ធ្វើអ្វីទេ ព្រោះគាត់ជាមនុស្សឆ្កួត។
២ហើយពួកគេបានស្ទុះមកបម្រុងនឹងចាប់លោក តែលោកបានតនឹងគេវិញ ហើយបាននិយាយទៅគេថា ៖
៣ចូរកុំប៉ះខ្ញុំឲ្យសោះ ព្រោះព្រះទ្រង់នឹងវាយអ្នករាល់គ្នាជាមិនខានឡើយ បើសិនជាអ្នករាល់គ្នាដាក់ដៃមកលើខ្ញុំ ព្រោះខ្ញុំពុំទាន់បានប្រគល់សារ ដែលព្រះអម្ចាស់ទ្រង់បានចាត់ខ្ញុំឲ្យមកប្រគល់នៅឡើយទេ ខ្ញុំក៏ពុំទាន់បានប្រាប់អ្នករាល់គ្នានូវអ្វីៗដែលអ្នករាល់គ្នាសូមឲ្យខ្ញុំប្រាប់នោះឡើយដែរ ហេតុដូច្នេះហើយ ព្រះទ្រង់នឹងពុំទុកឲ្យខ្ញុំត្រូវបំផ្លាញនៅពេលនេះទេ។
៤ប៉ុន្តែ ខ្ញុំត្រូវបំពេញព្រះបញ្ញត្តិទាំងឡាយ ដែលព្រះទ្រង់បានបញ្ជាដល់ខ្ញុំ ហើយពីព្រោះខ្ញុំបានប្រាប់ការពិតដល់អ្នក ស្រាប់តែអ្នករាល់គ្នាបានខឹងនឹងខ្ញុំទៅវិញ។ ហើយមួយទៀត ពីព្រោះខ្ញុំបានប្រាប់ពីព្រះបន្ទូលនៃព្រះ នោះអ្នករាល់គ្នាបានវិនិច្ឆ័យមកលើរូបខ្ញុំថា ខ្ញុំជា មនុស្សឆ្កួតវិញ។
៥ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអ័ប៊ីណាដៃបាននិយាយពាក្យអស់ទាំងនេះហើយ ប្រជាជនរបស់ស្ដេចណូអេ ពុំហ៊ានប៉ះពាល់ដល់លោកឡើយ ព្រោះព្រះវិញ្ញាណនៃព្រះអម្ចាស់ បានសណ្ឋិតមកលើលោក ហើយមុខលោកភ្លឺចែងចាំង ដូចជាលោក ម៉ូសេ កាលនៅលើភ្នំស៊ីណាយ កំពុងទូលនឹងព្រះអម្ចាស់ដូច្នោះហើយ។
៦ហើយលោកបាននិយាយដោយអានុភាព និងសិទ្ធិអំណាចពីព្រះ ហើយលោកបាននិយាយតទៅទៀតថា ៖
៧អ្នករាល់គ្នាឃើញទេថា អ្នករាល់គ្នាគ្មានអំណាចនឹងសម្លាប់ខ្ញុំបានឡើយ ហេតុដូច្នេះហើយ ខ្ញុំសូមបញ្ចប់សាររបស់ខ្ញុំសិនចុះ។ មែនហើយ ខ្ញុំយល់ថាពាក្យខ្ញុំនេះ កាត់ទំលុះដល់បេះដូងអ្នក ពីព្រោះខ្ញុំប្រាប់អ្នកនូវការពិត អំពីអំពើទុច្ចរិតទាំងឡាយរបស់អ្នក។
៨មែនហើយ ហើយពាក្យសម្ដីរបស់ខ្ញុំធ្វើឲ្យអ្នកពោរពេញទៅដោយការងឿងឆ្ងល់ ការចម្លែក និងកំហឹង។
៩ប៉ុន្តែ ខ្ញុំសូមបញ្ចប់សាររបស់ខ្ញុំសិនចុះ ហើយបន្ទាប់ពីនេះទៅ ទោះជាខ្ញុំទៅទីណាក៏ដោយ ក៏មិនជាការអ្វីដែរ ប្រសិនបើខ្ញុំបានរួច។
១០ប៉ុន្តែខ្ញុំសូមប្រាប់អ្នកប៉ុណ្ណេះថា បន្ទាប់ពីនេះទៅ អ្វីដែលអ្នកធ្វើដល់ខ្ញុំ នឹងទៅជាគំរូ ហើយជាស្រមោលអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃក្រោយ។
១១ហើយឥឡូវនេះ ខ្ញុំសូមអានជូនអ្នកនូវព្រះបញ្ញត្តិទាំងឡាយនៃព្រះ ដែលនៅសល់ទាំងប៉ុន្មាន ព្រោះខ្ញុំយល់ថា ព្រះបញ្ញត្តិទាំងនេះពុំទាន់បានសរសេរទុកនៅក្នុងបេះដូងរបស់អ្នកនៅឡើយទេ ខ្ញុំយល់ថា អ្នករាល់គ្នាបានរៀន ហើយបានបង្រៀនអំពីអំពើទុច្ចរិតជាភាគច្រើន នៅក្នុងជីវិតអ្នក។
១២ហើយឥឡូវនេះ ចូរអ្នករាល់គ្នាចាំទុកចុះថា ខ្ញុំបាននិយាយទៅកាន់អ្នកថា ៖ អ្នកមិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ឬក៏ធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬអ្វីដែលនៅផែនដីខាងក្រោម ឬអ្វីដែលនៅក្នុងទឹកដែលទាបជាងដីឡើយ។
១៣ហើយមួយទៀតថា ៖ អ្នកមិនត្រូវក្រាបសំពះនៅចំពោះរបស់ទាំងនោះ ឬបម្រើរបស់ទាំងនោះឡើយ ត្បិតយើងជាព្រះអម្ចាស់ជាព្រះនៃអ្នក យើងមានសេចក្ដីប្រច័ណ្ឌ ក៏ពិនិត្យពិច័យអំពើទុច្ចរិតទាំងឡាយរបស់ឪពុកទៅលើកូនចៅរហូតដល់បី ហើយបួនតំណ ចំពោះអស់អ្នកណាដែលស្អប់យើង
១៤ហើយយើងបង្ហាញសេចក្ដីមេត្តាករុណាដល់ទាំងពាន់តំណនៃពួកអ្នកដែលស្រឡាញ់យើង ហើយកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង។
១៥អ្នកមិនត្រូវចេញព្រះនាមនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ជាអសារឥតការឡើយ ត្បិតព្រះអម្ចាស់ទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ទ្រង់ ជាអសារឥតការនោះទេ។
១៦អ្នកត្រូវនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ។
១៧ក្នុងរវាងប្រាំមួយថ្ងៃ នោះត្រូវឲ្យអ្នកធ្វើអស់ទាំងការណ៍របស់អ្នកចុះ
១៨តែឯថ្ងៃទីប្រាំពីរ នោះគឺជាថ្ងៃឈប់សម្រាកថ្វាយព្រះអម្ចាស់ ជាព្រះនៃអ្នកវិញ នោះអ្នកមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនអ្នក ឬកូនប្រុសអ្នក ឬកូនស្រីអ្នកក្ដី ទោះបាវប្រុសអ្នក ឬបាវស្រីអ្នកក្ដី ទោះគោក្របីអ្នក ឬអ្នកដទៃដែលនៅផ្ទះអ្នកក្ដី។
១៩ត្បិតក្នុងប្រាំមួយថ្ងៃព្រះអម្ចាស់ទ្រង់បានធ្វើផ្ទៃមេឃ និងផែនដី និងសមុទ្រ និងរបស់សព្វសារពើនៅស្ថានទាំងនោះដែរ ហេតុដូច្នោះហើយ បានជាព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយក៏ញែកថ្ងៃនោះចេញជាបរិសុទ្ធ។
២០អ្នកត្រូវគោរពប្រតិបត្តិដល់ឪពុកអ្នក និងម្ដាយអ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅលើដែនដី ដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់បានប្រទានឲ្យអ្នក។
២១អ្នកមិនត្រូវសម្លាប់មនុស្សឲ្យសោះ។
២២អ្នកមិនត្រូវប្រព្រឹត្តអំពើកំផិតឲ្យសោះ។ អ្នកមិនត្រូវលួចឲ្យសោះ។
២៣អ្នកមិនត្រូវធ្វើទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងរបស់ខ្លួនឲ្យសោះ។
២៤អ្នកមិនត្រូវលោភចង់បានផ្ទះរបស់អ្នកជិតខាងខ្លួនឲ្យសោះ អ្នកមិនត្រូវលាភចង់បានប្រពន្ធនៃអ្នកជិតខាងខ្លួន ឬក៏បាវប្រុសគេ ឬបាវស្រីគេក្ដី ឬគោគេ ឬលាគេ ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។
២៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអ័ប៊ីណាដៃបានបញ្ចប់នូវពាក្យទាំងនេះហើយ នោះលោកក៏សួរទៅពួកគេថា ៖ តើអ្នករាល់គ្នាដែលបានបង្រៀនប្រជាជនថា ពួកគេត្រូវធ្វើនូវការណ៍អស់ទាំងនេះ ដើម្បីគោរពតាមព្រះបញ្ញត្តិទាំងនេះឬទេ?
២៦ខ្ញុំសូមប្រាប់អ្នកថា ទេ ត្បិតបើសិនជាអ្នករាល់គ្នាធ្លាប់បានបង្រៀនហើយ នោះព្រះអម្ចាស់ទ្រង់នឹងពុំបានចាត់ខ្ញុំឲ្យមកទីនេះ ដើម្បីព្យាករអាក្រក់ដល់ប្រជាជននេះឡើយ។
២៧ហើយឥឡូវនេះ អ្នករាល់គ្នាបាននិយាយថា សេចក្ដីសង្គ្រោះបានមកដោយសារក្រឹត្យវិន័យលោកម៉ូសេ។ ខ្ញុំសូមប្រាប់អ្នកថា ជាការចាំបាច់ដែលអ្នករាល់គ្នាត្រូវកាន់តាមក្រឹត្យវិន័យលោកម៉ូសេក្នុងពេលនេះ តែខ្ញុំសូមប្រាប់អ្នកថា ពេលវេលានឹងមកដល់ កាលដែលនឹងពុំចាំបាច់កាន់តាមក្រឹត្យវិន័យលោកម៉ូសេទៀតឡើយ។
២៨ហើយក្រៅពីនេះទៀត ខ្ញុំសូមប្រាប់អ្នកថា សេចក្ដីសង្គ្រោះពុំមែនបានមក ដោយសារក្រឹត្យវិន័យតែប៉ុណ្ណោះទេ ហើយបើគ្មានដង្វាយធួន ដែលព្រះអង្គទ្រង់ផ្ទាល់នឹងធ្វើឡើង ជំនួសអំពើបាបទាំងឡាយ និងអំពើទុច្ចរិតទាំងឡាយនៃរាស្ត្រទ្រង់ទេ នោះពួកគេនឹងចៀសពុំផុតពីសេចក្ដីវិនាសឡើយ ទោះជាគេមានក្រឹត្យវិន័យលោកម៉ូសេក៏ដោយ។
២៩ហើយឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា ជាការចាំបាច់ត្រូវតែមានក្រឹត្យវិន័យមួយឲ្យទៅកូនចៅអ៊ីស្រាអែល មែនហើយ ជាក្រឹត្យវិន័យដ៏តឹងតែងមួយ ព្រោះពួកគេជាមនុស្សរឹងក្បាល រហ័សធ្វើអំពើទុច្ចរិត ហើយកម្រចាំព្រះអម្ចាស់ជាព្រះរបស់គេ
៣០ហេតុដូច្នេះហើយ បានជាមានក្រឹត្យវិន័យមួយឲ្យទៅពួកគេ មែនហើយ ជាក្រឹត្យវិន័យនៃពិធីប្រព្រឹត្ត និងពិធីបរិសុទ្ធទាំងឡាយ ជាក្រឹត្យវិន័យមួយ ដែលគេត្រូវគោរពតាមយ៉ាងតឹងរឹងជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យគេនឹកចាំដល់ព្រះ និងសព្វកាតព្វកិច្ចរបស់គេចំពោះទ្រង់។
៣១ប៉ុន្តែមើលចុះ ខ្ញុំសូមប្រាប់អ្នកថា ការណ៍អស់ទាំងនេះ គឺជាគំរូអំពីការណ៍ដែលនឹងកើតឡើង។
៣២ហើយឥឡូវនេះ តើពួកគេបានយល់ក្រឹត្យវិន័យនោះឬទេ? ខ្ញុំសូមប្រាប់អ្នកថា ទេ ពួកគេពុំយល់អស់ទាំងក្រឹត្យវិន័យនោះទេ ហើយការណ៍នេះក៏ដោយសារតែភាពរឹងរូសនៃចិត្តរបស់ពួកគេ ព្រោះពួកគេមិនយល់ថា គ្មានអ្នកណាមួយអាចបានសង្គ្រោះឡើយ លើកលែងតែតាមរយៈសេចក្ដីប្រោសលោះនៃព្រះប៉ុណ្ណោះ។
៣៣ត្បិតមើលចុះ តើមិនមែនលោកម៉ូសេបានព្យាករប្រាប់ពួកគេ អំពីការយាងមកនៃព្រះមែស៊ីទេឬអី ហើយថា ព្រះទ្រង់នឹងប្រោសលោះរាស្ត្រទ្រង់? មែនហើយ ហើយសូម្បីតែពួកព្យាការីទាំងអស់ដែលបានព្យាករចាប់តាំងពីកំណើតលោកិយមកម្ល៉េះ — តើពួកគេពុំបាននិយាយតិចឬច្រើន អំពីការណ៍អស់ទាំងនេះទេឬអី?
៣៤តើពួកគេពុំបាននិយាយថា ព្រះអង្គទ្រង់ផ្ទាល់នឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស ហើយមានរូបរាងជាមនុស្ស ហើយចេញមកលើផ្ទៃផែនដីនេះដោយព្រះចេស្ដាដ៏ខ្លាំងក្លាទេឬអី?
៣៥មែនហើយ តើពួកគេមិនបាននិយាយដែរថា ទ្រង់នឹងបណ្ដាលឲ្យមានដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ហើយថា ព្រះអង្គទ្រង់ផ្ទាល់នឹងត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខទេឬអី?