ព្រះគម្ពីរ
មរ៉ូណៃ 6


ជំពូក​ទី ៦

អ្នក​ណា​ដែល​ប្រែ​ចិត្ត បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ប្រកប​ដោយ​ការ​រាប់​អាន — សមាជិក​នៃ​សាសនាចក្រ​ដែល​ប្រែ​ចិត្ត​ត្រូវ​បាន​អត់​ទោស​ឲ្យ — ការ​ប្រជុំ​ទាំង​ឡាយ ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

ហើយ​ឥឡូវ​នេះ ខ្ញុំ​និយាយ​អំពី​បុណ្យ​ជ្រមុជ​ទឹក មើល​ចុះ ពួក​អែលឌើរ ពួក​សង្ឃ និង​ពួក​គ្រូ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ពួក​គេ​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឡើយ លើក​លែងតែ​ពួក​គេ​បាន​នាំ​មក​នូវ​លទ្ធផល ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​សម​នឹង​ទទួល។

ហើយ​ពួក​គេ​ក៏​ពុំ​បាន​ទទួល​អ្នក​ណាមួយ​ចំពោះ​បុណ្យ​ជ្រមុជ​ទឹក​ឡើយ លើក​លែងតែ​អ្នក​នោះ​មក​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប​ប៉ុណ្ណោះ ហើយ​ធ្វើ​បន្ទាល់​ដល់​សាសនាចក្រ​ថា ពួក​គេ​ប្រាកដជា​បាន​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​បាប​របស់​ពួក​គេ។

ហើយ​គ្មាន​បាន​ទទួល​អ្នក​ណាមួយ​ចំពោះ​បុណ្យ​ជ្រមុជ​ទឹក​ឡើយ លើក​លែងតែ​អ្នក​នោះ​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ដោយ​ប្ដេជ្ញា​ថា នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត។

ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ចំពោះ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ ហើយ​លាង​ជំរះ នោះ​ពួក​គេ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ ហើយ​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​យក​ទៅ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​នឹក​ចាំ ហើយ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ ដើម្បី​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុង​ផ្លូវ​ត្រូវ ដើម្បី​ឲ្យ​ពួក​គេ​ចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច ដោយ​ពឹង​ផ្អែក​ទៅ​លើ​តែ​ព្រះ​គុណ​នៃ​ព្រះ​គ្រីស្ទ ដែល​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​នូវ​សេចក្ដី​ជំនឿ​របស់​ពួក​គេ។

ហើយ​សាសនាចក្រ​បាន​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​តម​អាហារ ហើយ​អធិស្ឋាន ហើយ​ពិគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​សុខុមាល​ភាព​ដល់​ព្រលឹង​ពួក​គេ។

ហើយ​ពួក​គេ​បាន​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ ដើម្បី​រំឭក​ពី​ព្រះ​អម្ចាស់​យេស៊ូវ។

ហើយ​ពួក​គេ​បាន​គោរព​យ៉ាង​តឹង​រឹង ថា​កុំ​ឲ្យ​មាន​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​នឹង​ត្រូវ​សាក្សី​បី​នាក់​នៃ​សាសនាចក្រ​កាត់ទោស​នៅ​ខាង​មុខ​ពួក​អែលឌើរ ហើយ​បើ​សិន​ជា​ពួក​គេ​ពុំ​ប្រែ​ចិត្ត ហើយ​ពុំ​ទទួល​សារ​ភាព​ទេ នោះ​ឈ្មោះ​របស់​គេ​នឹង​ត្រូវ​លុប​ចេញ ហើយ​ពួក​គេ​នឹង​ពុំ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​នៃ​ព្រះ​គ្រីស្ទ​ទៀត​ឡើយ។

ប៉ុន្តែ ដរាបណា​ពួក​គេ​ប្រែ​ចិត្ត ហើយ​ស្វែងរក​ការ​អត់​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ពួក​គេ​តែងតែ​នឹង​បាន​អត់​ទោស​ឲ្យ។

ហើយ​ការ​ប្រជុំ​ទាំង​ឡាយ​របស់​ពួក​គេ ត្រូវ​បាន​ដឹកនាំ​ដោយ​សាសនាចក្រ តាម​របៀប​ការងារ​នៃ​ព្រះ​វិញ្ញាណ និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ត្បិត​ដូច​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដឹកនាំ​ពួក​គេ​យ៉ាង​ណា ទោះ​បី​ពួក​គេ​ប្រកាស ឬ​ឲ្យ​ដំបូន្មាន ឬ​អធិស្ឋាន ឬ​បួងសួង ឬ​ច្រៀង​ក្ដី នោះ​តែងតែ​នឹង​បាន​សម្រេច​យ៉ាង​នោះ​ហើយ៕