ព្រះគម្ពីរ
ហេលេមិន 7


សេចក្ដី​ព្យាករណ៍​នៃ​នីហ្វៃ គឺជា​កូន​ប្រុស​របស់​ហេលេមិន — ព្រះ​ទ្រង់​គំរាមកំហែង​ដល់​ប្រជាជន​នីហ្វៃ​ថា ទ្រង់​នឹង​ធ្វើ​ទោស​ពួក​គេ​នៅ​ក្នុង​សេចក្ដី​ពិរោធ​របស់​ទ្រង់​ឲ្យ​ដល់​នូវ​សេចក្ដី​បំផ្លិចបំផ្លាញ​ទាំង​ស្រុង លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្តពី​អំពើ​ទុច្ចរិត​របស់​គេ។ ព្រះ​ទ្រង់​នឹង​វាយ ប្រជាជន​នីហ្វៃ​ដោយ​អាសន្នរោគ ពួក​គេ​ប្រែ​ចិត្ត ហើយ​បែរ​មក​រក​ទ្រង់។ សាំយូអែល ជា​សាសន៍​លេមិន​មួយ​រូប ព្យាករ​ដល់​ពួក​សាសន៍​នីហ្វៃ។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៧ ទៅ ១៦។

ជំពូក​ទី ៧

នីហ្វៃ​ត្រូវ​គេ​បដិសេធ​នៅ​ដែនដី​ខាង​ជើង ហើយ​ត្រឡប់​មក​សារ៉ាហិមឡា​វិញ — លោក​អធិស្ឋាន​នៅ​លើ​ប៉ម​ក្នុង​សួន​របស់​លោក ហើយ​បន្ទាប់​មក ហៅ​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត ឬ​ក៏​ត្រូវ​វិនាស។ ប្រមាណ​ជា​ឆ្នាំ ២៣–២១ ម.គ.ស.។

មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ហុកសិប​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នៃ​សាសន៍​នីហ្វៃ នោះ​នីហ្វៃ ជា​កូន​ប្រុស​របស់​ហេលេមិន បាន​ត្រឡប់​មក​ឯ​ដែនដី​សារ៉ាហិមឡា​ពី​ដែនដី​ខាង​ជើង​វិញ។

ព្រោះ​លោក​បាន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជាជន ដែល​នៅ​ក្នុង​ដែនដី​ខាង​ជើង ហើយ​បាន​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​ទៅ​គេ ហើយ​បាន​ព្យាករ​ការណ៍​ជា​ច្រើន​ទៅ​គេ។

ហើយ​ពួក​គេ​បាន​បដិសេធ​ពាក្យ​ទាំង​អស់​របស់​លោក ដរាប​ដល់​លោក​មិន​អាច​ស្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ទៀត តែ​ត្រូវ​ត្រឡប់​មក​ដែនដី​កំណើត​របស់​លោក​វិញ។

ហើយ​ដោយ​បាន​ឃើញ​ប្រជាជន​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​ប្រកប​ដោយ​ភាព​ទុច្ចរិត​ដ៏​គួរ​ស្ញែង​ខ្លាច​បែប​នេះ ហើយ​ពួក​ចោរ​កាឌីអានតុន​ទាំង​នោះ បំពេញ​វេទិកា​ជំនុំ​ជំរះ​ទាំង​ឡាយ — ដោយ​បាន​ដណ្ដើមយក​អានុភាព និង​សិទ្ធិ​អំណាច​នៃ​ដែនដី ដោយ​បាន​ទុក​ចោល​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​គ្មាន​អ្វី​ជា​ស្មោះត្រង់​នៅ​ចំពោះ​មុខ​ទ្រង់​សោះ ដោយ​ពុំ​បាន​ធ្វើ​ការ​យុត្តិធម៌​ដល់​កូន​ចៅ​មនុស្ស​ឡើយ

ដោយ​បាន​ធ្វើ​ការ​កាត់ទោស​ដល់​ជន​សុចរិត ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់​គេ ដោះ​លែង​ជន​ជាប់​ទោស និង​ពួក​ទុច្ចរិត​ឲ្យ​រួច​ខ្លួន​ដោយ​ពុំ​ធ្វើ​ទោស ដោយ​ព្រោះ​ប្រាក់​របស់​គេ ហើយ​ថែម​ទាំង​បាន​នៅ​លើ​មុខតំណែង ជា​ប្រមុខ​នៃ​រដ្ឋាភិបាល​ដើម្បី​គ្រប់​គ្រង ហើយ​ធ្វើ​តាម​តែ​ទំនើង​ចិត្ត​របស់​គេ ដើម្បី​ពួក​គេ​អាច​បាន​កម្រៃ និង​សិរី​ល្អ​នៃ​ពិភពលោក ហើយ​ថែម​ទៀត គឺ​ដើម្បី​ពួក​គេ​អាច​ប្រព្រឹត្ត​ដោយ​ងាយ​នូវ​អំពើ​កំផិត និង​លួច និង​សម្លាប់ និង​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​គេ។

ឥឡូវ​នេះ អំពើ​ទុច្ចរិត​ដ៏​ធំ​នេះ បាន​មក​លើ​ពួក​សាសន៍​នីហ្វៃ នៅ​ក្នុង​ពេល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន​ទេ ហើយ​កាល​នីហ្វៃ​បាន​ឃើញ​ការណ៍​នេះ នោះ​ចិត្ត​លោក​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ព្រួយ​នៅ​ក្នុង​ទ្រូង​លោក ហើយ​លោក​បាន​ស្រែក​ឡើង​នៅ​ក្នុង​សេចក្ដី​ឈឺ​ចាប់​ក្នុង​ព្រលឹង​លោក​ថា ៖

ឱ ប្រសិន​បើ​ខ្ញុំ​រស់នៅ​ក្នុង​សម័យ​ដែល​អយ្យកោ​នីហ្វៃ​របស់​ខ្ញុំ បាន​ចេញ​មក​ជា​មុនដំបូង​ពី​ដែនដី​យេរូសាឡិម នោះ​ខ្ញុំ​អាច​មាន​សេចក្ដី​អំណរ​ជាមួយ​នឹង​លោក​នៅ​លើ​ដែនដី​សន្យា នៅ​ពេល​នោះ ប្រជាជន​របស់​លោក​ងាយ​ប្រដៅ មុតមាំ​នៅ​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​កម្រ​ដឹកនាំ​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត ហើយ​ពួក​គេ​ឆាប់​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ —

មែន​ហើយ ប្រសិន​បើ​ថ្ងៃ​ទាំង​ឡាយ​របស់​ខ្ញុំ គឺ​នៅ​ក្នុង​ថ្ងៃ​ទាំង​នោះ នោះ​ព្រលឹង​របស់​ខ្ញុំ ច្បាស់​ជា​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​អំពើ​សុចរិត​របស់​បង​ប្អូន​របស់​ខ្ញុំ​ដែរ។

ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ត្រូវ​រស់​ក្នុង​សម័យ​នេះ ហើយ​ចិត្ត​ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ព្រួយ ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​បង​ប្អូន​របស់​ខ្ញុំ។

១០ហើយ​មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា គឺ​នៅ​លើ​ប៉ម​មួយ ដែល​នៅ​ក្នុង​សួន​របស់​នីហ្វៃ នៅ​ជិត​ផ្លូវ​នាំ​ចូល​ទៅ​ផ្សារ​ធំ​នៅ​ក្នុង​ទី​ក្រុង​សារ៉ាហិមឡា ហេតុ​ដូច្នេះ​ហើយ នីហ្វៃ​បាន​ក្រាប​នៅ​លើ​ប៉ម ដែល​នៅ​ក្នុង​សួន​របស់​លោក ប៉ម​នោះ​នៅ​ជិត​ក្លោង​ទ្វារ​សួន​ផង ដែល​នាំ​ទៅ​កាន់​ផ្លូវ​ធំ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ខ្លះ​ដើរកាត់​តាម​នោះ ហើយ​បាន​ឃើញ​នីហ្វៃ នៅ​ពេល​ដែល​លោក​កំពុង​ចាក់​ព្រលឹង​លោក​ទៅ​ព្រះ​នៅ​លើ​ប៉ម ហើយ​ពួក​គេ​បាន​រត់​ទៅ​ប្រាប់​ប្រជាជន​អំពី​អ្វីៗ​ដែល​គេ​បាន​ឃើញ ហើយ​មនុស្ស​ទាំង​ហ្វូងៗ​បាន​ប្រមូល​គ្នា​មក ដើម្បី​ឲ្យ​បាន​ដឹង​នូវ​ដើមហេតុ​នៃ​ការ​ទួញ​សោក​ដ៏​ធំ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន។

១២ហើយ​ឥឡូវ​នេះ កាល​នីហ្វៃ​បាន​ក្រោក​ឡើង នោះ​លោក​បាន​ឃើញ​ហ្វូង​មនុស្ស​ទាំង​ឡាយ ដែល​បាន​ប្រមូល​គ្នា​មក។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ហើប​មាត់​លោក ហើយ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖ មើល​ចុះ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រមូល​គ្នា​មក​យ៉ាង​នេះ? តើ​ដើម្បី​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​អំពី​អំពើ​ទុច្ចរិត​របស់​អ្នក​ឬ?

១៤មែន​ហើយ ព្រោះ​តែ​ខ្ញុំ​បាន​មក​លើ​ប៉ម​របស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ចាក់​ព្រលឹង​ខ្ញុំ​ទៅ​ព្រះ ពី​ព្រោះ​សេចក្ដី​ព្រួយបារម្ភ​ដ៏​ខ្លាំង​នៃ​ចិត្ត​របស់​ខ្ញុំ គឺ​ដោយ​សារ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក!

១៥ហើយ​ដោយ​សារ​សេចក្ដី​ទុក្ខ​សោក និង​ព្រួយបារម្ភ​របស់​ខ្ញុំ ទើប​អ្នក​រាល់​គ្នា​បាន​ប្រមូល​គ្នា​មក ហើយ​មាន​ចិត្ត​អស្ចារ្យ មែន​ហើយ ហើយ​អ្នក​រាល់​គ្នា​មាន​រឿង​ដ៏​ធំ​ដើម្បី​មាន​ចិត្ត​អស្ចារ្យ មែន​ហើយ អ្នក​រាល់​គ្នា​ត្រូវ​តែ​មាន​ចិត្ត​អស្ចារ្យ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​អារក្ស​ក្ដាប់​ជាប់​ចិត្ត​របស់​អ្នក​យ៉ាង​ខ្លាំង។

១៦មែន​ហើយ តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​បណ្ដោយ​ឲ្យ​ខ្លួន​ត្រូវ​ដឹកនាំ ដោយ​ជន​ដែល​ស្វែងរក​រុញច្រាន​ព្រលឹង​អ្នក​ចុះ​ទៅ​ក្នុង​សេចក្ដី​ទុក្ខ​ដ៏​អស់​កល្ប​ជានិច្ច និង​សេចក្ដី​វេទនា​ដ៏​មិន​ចេះ​មិន​ចេះ​ហើយ​ដូច្នេះ?

១៧ឱ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ! តើ​ហេតុ​អ្វី​ទៅ បាន​ជា​អ្នក​រាល់​គ្នា​ចង់​ស្លាប់? ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​មក​វិញ​ចុះ ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​ចុះ។ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះបង់​ពួក​អ្នក​ចោល?

១៨គឺ​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ចិត្ត​រឹងរូស មែន​ហើយ អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ មែន​ហើយ អ្នក​រាល់​គ្នា​បាន​បង្ក​ឲ្យ​ទ្រង់​មាន​កំហឹង​នឹង​អ្នក។

១៩ហើយ​មើល​ចុះ ជាជាង​ប្រមូល​ពួក​អ្នក​មក លើក​លែងតែ​អ្នក​ព្រម​ប្រែ​ចិត្ត មើល​ចុះ ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ត្រូវ​ខ្ចាត់ខ្ចាយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជា​សាច់​សម្រាប់​ឆ្កែ និង​សត្វ​ព្រៃ។

២០ឱ តើ​ហេតុ​ដូច​ម្ដេច បាន​ជា​ពួក​អ្នក​រាល់​គ្នា​ភ្លេច​ព្រះ​របស់​អ្នក ក្នុង​ថ្ងៃ​តែមួយ​ដែល​ទ្រង់​បាន​ដោះ​លែង​អ្នក​ដូច្នេះ?

២១ប៉ុន្តែ​មើល​ចុះ គឺ​ដើម្បី​បាន​កម្រៃ ដើម្បី​ឲ្យ​បាន​មនុស្ស​សរសើរ មែន​ហើយ ហើយ​ដើម្បី​អ្នក​រាល់​គ្នា​អាច​បាន​មាស និង​បាន​ប្រាក់។ ហើយ​អ្នក​រាល់​គ្នា​បាន​ភ្ជាប់​ចិត្ត​អ្នក​ទៅ​លើ​ទ្រព្យសម្បត្តិ និង​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​នេះ ដោយ​សារ​វត្ថុ​ទាំង​នោះ ទើប​អ្នក​រាល់​គ្នា​ធ្វើ​ឃាត និង​ប្លន់ និង​លួច និង​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន ហើយ​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង។

២២ហើយ​ដោយ​សារ​ហេតុ​នេះ សេចក្ដី​វេទនា​នឹង​មក​ដល់​អ្នក​រាល់​គ្នា លើក​លែងតែ​អ្នក​ប្រែ​ចិត្ត។ ព្រោះ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ប្រែ​ចិត្ត​ទេ មើល​ចុះ ទី​ក្រុង​ដ៏​ធំ​នេះ និង​ទី​ក្រុង​ទាំង​អស់​ដែល​នៅ​ជុំវិញ​នេះ​ផង ដែល​នៅ​ក្នុង​ដែនដី​របស់​យើង​នឹង​ត្រូវ​ដក​យក​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គ្មាន​ទី​ជម្រក​ក្នុង​នោះ​ទេ ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​នឹង​ពុំ​ប្រទាន​ឲ្យ​អ្នក​នូវ​កម្លាំង ដូចដែល​ទ្រង់​ធ្លាប់​បាន​ធ្វើ​មក​ដល់​ឥឡូវ​នេះ ដើម្បី​ប្រឆាំង​ទប់​ទល់​នឹង​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ទេ។

២៣ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ពុំ​បង្ហាញ​ដល់​ពួក​ទុច្ចរិត​នូវ​កម្លាំង​របស់​យើង​ឲ្យ​ម្នាក់​ច្រើន​ជាង​ម្នាក់​ទៀត​ទេ លើក​លែងតែ​ដល់​អស់​អ្នក​ណា ដែល​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ប្រុង​ស្ដាប់​តាម​ពាក្យ​របស់​យើង​ប៉ុណ្ណោះ។ ឥឡូវ​នេះ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ថា​ពួក​សាសន៍​លេមិន​នឹង​ត្រូវ​បាន​គ្រាន់បើ​ជាង​អ្នក លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត។

២៤ត្បិត​មើល​ចុះ ពួក​គេ​សុចរិត​ជាង​អ្នក ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​បាប​ប្រឆាំង​នឹង​ការ​ចេះ​ដឹង​ដ៏​មហិមា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ មែន​ហើយ ទ្រង់​នឹង​ពន្យារ​ថ្ងៃ​របស់​គេ និង​បង្កើន​ពូជ​របស់​គេ ក្នុង​កាល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​អស់ លើក​លែងតែ​អ្នក​ប្រែ​ចិត្ត។

២៥មែន​ហើយ ចូរ​សេចក្ដី​វេទនា​មាន​មក​ដល់​អ្នក​ចុះ ដោយ​សារ​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​ធំ ដែល​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​យក​ខ្លួន​ទៅ​រួបរួម​ជាមួយ​នឹង​ពួក​នោះ មែន​ហើយ គឺ​ក្រុម​ចោរ​សម្ងាត់ ដែល​បាន​បង្កើត​ឡើង ដោយ​កាឌីអានតុន​នោះ!

២៦មែន​ហើយ ចូរ​សេចក្ដី​វេទនា​មាន​មក​ដល់​អ្នក​ចុះ ដោយ​សារ​ការ​ឆ្មើងឆ្មៃ ដែល​អ្នក​រាល់​គ្នា​បាន​ទុក​ឲ្យ​ចូល​ក្នុង​ចិត្ត​អ្នក ដែល​បាន​លើក​អ្នក​ឡើង​ផុត​ពី​អ្វីៗ​ដែល​ល្អ ដោយ​ព្រោះ​ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​របស់​អ្នក!

២៧មែន​ហើយ ចូរ​សេចក្ដី​វេទនា​មាន​មក​ដល់​អ្នក​ចុះ ដោយ​សារ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​អ្នក!

២៨ហើយ​លើក​លែង​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បង់ មែន​ហើយ សូម្បីតែ​ដែនដី​ទាំង​ឡាយ​របស់​អ្នក​ក៏​នឹង​ត្រូវ​ដក​យក​ពី​អ្នក​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពីលើ​ផ្ទៃ​ផែនដី​ទៅ។

២៩មើល​ចុះ ឥឡូវ​នេះ ខ្ញុំ​ពុំ​និយាយ​ថា ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​នោះ​ទេ ព្រោះ​ពុំ​មែន​ខ្លួន​ខ្ញុំ​ផ្ទាល់​ទេ ដែល​ខ្ញុំ​ដឹង​ការណ៍​ទាំង​នេះ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​ដឹង​ថា ការណ៍​ទាំង​នេះ​ពិត ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ការណ៍​ទាំង​នេះ ហេតុដូច្នេះ​ហើយ ខ្ញុំ​ធ្វើ​ទី​បន្ទាល់​ថា វា​នឹង​កើត​ឡើង​មែន៕