ហេលេមិន 16
    Footnotes

    ជំពូក​ទី ១៦

    ពួក​សាសន៍​នីហ្វៃ​ណា​ដែល​ជឿ​តាម​សាំយូអែល បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​នីហ្វៃ — សាំយូអែល​ពុំ​អាច​ត្រូវ​សម្លាប់​ដោយ​ព្រួញ និង​ដោយ​ដំ​ថ្ម​ទាំង​ឡាយ​របស់​ពួក​គេ​បាន​ឡើយ — ជន​ខ្លះ​ធ្វើ​ចិត្ត​រឹងរូស ហើយ​ជន​ខ្លះ​ទៀត​ឃើញ​ពួក​ទេវតា​ទាំង​ឡាយ — ពួក​អ្នក​ដែល​គ្មាន​ជំនឿ​និយាយ​ថា វា​មិន​សម​នឹង​ជឿ​ដល់​ព្រះ​គ្រីស្ទ និង​ការ​យាង​មក​នៃ​ទ្រង់​នៅ​ក្រុង​យេរូសាឡិម​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ៦–១ ម.គ.ស.។

    ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ឮ​ពាក្យ​របស់​សាំយូអែល​ជា​សាសន៍​លេមិន ដែល​លោក​បាន​និយាយ​នៅ​លើ​កំផែង​ក្រុង។ ហើយ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ពាក្យ​របស់​លោក​ក៏​បាន​ទៅ ហើយ​ស្វែងរក​នីហ្វៃ ហើយ​កាល​ពួក​គេ​បាន​ជួប​នឹង​លោក គេ​បាន​ទទួល​សារ​ភាព​ដល់​លោក​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ពុំ​ប្រកែក​ឡើយ ដោយ​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ​អម្ចាស់។

    ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ពុំ​ជឿ​ដល់​ពាក្យ​របស់​សាំយូអែល ក៏​ខឹង​នឹង​លោក ហើយ​ពួក​គេ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​លោក​នៅ​លើ​កំផែង ហើយ​មនុស្ស​ជា​ច្រើន​បាន​បាញ់​ព្រួញ​ទៅ​លើ​លោក នៅ​ពេល​លោក​ឈរ​លើ​កំផែង ប៉ុន្តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ បាន​ស្ថិតនៅ​ជាមួយ​នឹង​លោក ដរាប​ដល់​គេ​ពុំ​អាច​គប់​ដុំ​ថ្ម​ត្រូវ​លោក ឬ​ក៏​បាញ់​ព្រួញ​ត្រូវ​លោក​ឡើយ។

    ឥឡូវ​នេះ កាល​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ពុំ​អាច​ធ្វើ​អ្វី​ត្រូវ​លោក​យ៉ាង​នេះ មាន​មនុស្ស​ជា​ច្រើន​ទៀត បាន​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​លោក ដរាប​ដល់​គេ​ទៅ​រក​នីហ្វៃ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក។

    ត្បិត​មើល​ចុះ នីហ្វៃ​កំពុងតែ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ព្យាករ និង​ផ្សាយ ស្រែកហៅ​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត បង្ហាញ​នូវ​ទី​សម្គាល់​ទាំង​ឡាយ និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ សម្ដែង​នូវ​អព្ភូតហេតុ​ទាំង​ឡាយ​ក្នុង​ចំណោម​ប្រជាជន ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​ក្នុង​ពេល​យ៉ាង​ខ្លី —

    ប្រាប់​ដល់​ពួក​គេ​អំពី​ការណ៍​ទាំង​ឡាយ ដែល​នឹង​ត្រូវ​កើត​ឡើង​ក្នុង​ពេល​យ៉ាង​ខ្លី ដើម្បី​ឲ្យ​ពួក​គេ​ដឹង ហើយ​ចងចាំ​នូវ​ពេល​ដែល​ការណ៍​ទាំង​នោះ​កើត​ឡើង​ថា ការណ៍​ទាំង​នោះ​បាន​ប្រាប់​ដល់​ពួក​គេ​ពីមុន​ក្នុង​គោលបំណង​ឲ្យ​ពួក​គេ​ជឿ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​ដែល​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​សាំយូអែល បាន​ទៅ​រក​លោក​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រោះ​ពួក​គេ​បាន​មក​ដោយ​ប្រែ​ចិត្ត ហើយ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន។

    ប៉ុន្តែ​ពួក​គេ​ច្រើន ពុំ​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​សាំយូអែល​ទេ ហេតុ​ដូច្នេះ​ហើយ កាល​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ពុំ​អាច​ចោល​ដុំ​ថ្ម និង​បាញ់​ព្រួញ​ត្រូវ​លោក​ទេ ទើប​ពួក​គេ​បាន​ស្រែក​ប្រាប់​ទៅ​ពួក​មេទ័ព​របស់​គេ​ថា ៖ ចូរ​ចាប់​ជន​នោះ ហើយ​ចង​វា ត្បិត​មើល​ចុះ វា​មាន​អារក្ស​មួយ ហើយ​ដោយ​សារ​អំណាច​នៃ​អារក្ស ដែល​នៅ​ក្នុង​ខ្លួន​វា នោះ​ពួក​យើង​ពុំ​អាច​ចោល​ត្រូវ​វា​ដោយ​ដុំ​ថ្ម ហើយ​ពុំ​អាច​បាញ់​ព្រួញ​ត្រូវ​វា​ទេ ហេតុ​ដូច្នេះ​ហើយ ចូរ​ចាប់​វា​ចង ហើយ​នាំ​វា​យក​ទៅ។

    ហើយ​នៅ​ពេល​ពួក​គេ​ទៅ​ចាប់​លោក មើល​ចុះ លោក​បាន​លោត​ចុះ​ពីលើ​កំផែង ហើយ​បាន​រត់គេច​ចេញ​ពី​ដែនដី​របស់​គេ​ទៅ មែន​ហើយ លោក​បាន​ទៅ​ដល់​ប្រទេស​របស់​លោក​ផ្ទាល់ ហើយ​បាន​ចាប់​ផ្ដើម​ផ្សាយ ហើយ​ព្យាករ​ក្នុង​ចំណោម​ប្រជាជន​របស់​លោក។

    ហើយ​មើល​ចុះ ចាប់​ពី​ពេល​នោះ​មក ពុំ​ដែល​ឮ​ដំណឹង​អ្វី​ពី​លោក​នៅ​ក្នុង​ចំណោម​ពួក​នីហ្វៃ​ទៀត​ឡើយ ម្ល៉ោះ​ហើយ នោះ​គឺជា​រឿង​ទាំង​ឡាយ​របស់​ប្រជាជន។

    ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប៉ែតសិប​ប្រាំមួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

    ១០ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ប៉ែតសិប​ប្រាំពីរ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ ឯ​មនុស្ស​ច្រើន​ស្ថិតនៅ​ក្នុង​ភាព​ឆ្មើងឆ្មៃ និង​សេចក្ដី​ទុច្ចរិត​នៅ​ឡើយ ឯ​មនុស្ស​ភាគតិច​ដើរ​យ៉ាង​ត្រង់​ត​ទៅ​ចំពោះ​ព្រះ។

    ១១ហើយ​នេះ​គឺជា​កាលៈទេសៈ​ទាំង​ឡាយ​ផង​ដែរ នៅ​ឆ្នាំ​ទី​ប៉ែតសិប​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

    ១២ហើយ​មាន​ការ​ប្រែប្រួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ទេ ក្នុង​រឿង​ប្រជាជន លើក​លែងតែ​ប្រជាជន​បាន​ចាប់​ផ្ដើម​រឹងរូស​ក្នុង​អំពើ​ទុច្ចរិត ហើយ​បាន​ធ្វើ​ថែម​ឡើង​នូវ​អ្វីៗ​ដែល​ផ្ទុយ​នឹង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នៅ​ឆ្នាំ​ទី​ប៉ែតសិប​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

    ១៣ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​កៅសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ប្រជាជន​បាន​ឃើញ​ទី​សម្គាល់​ដ៏​ធំៗ​ជា​ច្រើន និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ ហើយ​ពាក្យ​ពេចន៍​របស់​ពួក​ព្យាការី​បាន​ចាប់​ផ្ដើម​បំពេញ។

    ១៤ហើយ​ពួក​ទេវតា​បាន​លេច​មក​ឯ​មនុស្ស និង​ពួក​អ្នក​ប្រាជ្ញ ហើយ​បាន​ប្រកាស​ដល់​ពួក​គេ នូវ​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ម្ល៉ោះ​ហើយ នៅ​ក្នុង​ឆ្នាំ​នេះ​បទគម្ពីរ​ទាំង​ឡាយ​បាន​ចាប់​ផ្ដើម​បំពេញ។

    ១៥ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ប្រជាជន​បាន​ចាប់​ផ្ដើម​ធ្វើ​ចិត្ត​រឹងរូស​ដែរ គឺ​ពួក​គេ​ទាំង​អស់ លើក​លែង​តែ​មួយ ដែល​មាន​ជំនឿ​ខ្ពស់​ជាងគេ​ប៉ុណ្ណោះ គឺ​ទាំង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​ផង ហើយ​បាន​ចាប់​ផ្ដើម​ពឹងផ្អែក​ទៅ​លើ​កម្លាំង​ផ្ទាល់​ខ្លួន​របស់​គេ និង​ទៅ​លើ​ប្រាជ្ញា​ផ្ទាល់​ខ្លួន​របស់​គេ ដោយ​និយាយ​ថា ៖

    ១៦ការណ៍​ខ្លះៗ​ពួក​គេ​អាច​ស្មាន​ត្រូវ​នៅ​ក្នុង​ចំណោម​ការណ៍​ជា​ច្រើន ប៉ុន្តែ​មើល​ចុះ យើង​ដឹង​ថា កិច្ចការ​ដ៏​មហិមា និង​អស្ចារ្យ​ទាំង​អស់​នេះ ដែល​បាន​និយាយ​មក​នេះ នឹង​ពុំ​អាច​កើត​ឡើង​បាន​ទេ។

    ១៧ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ទាញ​ហេតុផល និង​ទាស់​គ្នា​ក្នុង​ចំណោម​ពួក​គេ ដោយ​និយាយ​ថា ៖

    ១៨ជា​ការណ៍​មួយ​ពុំ​សម​ហេតុ​សម​ផល​ដែល​ថា តួអង្គ​មួយ​ដូច​ជា​ព្រះ​គ្រីស្ទ​នឹង​យាង​មក​ទេ បើ​សិន​ជា​ដូច្នោះ​មែន ហើយ​ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ ជា​ព្រះ​វរបិតា​នៃ​ស្ថានសួគ៌ និង​ផែនដី ដូចដែល​បាន​និយាយ​មែន ហេតុ​អ្វី​បាន​ជា​ទ្រង់​ពុំ​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​យើងនៅ​ទី​នេះ​ផង ដូច​ជា​ទ្រង់​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ នៅ​ឯ​ក្រុង​យេរូសាឡិម?

    ១៩មែន​ហើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ពុំ​បង្ហាញ​រូបអង្គ​ទ្រង់​នៅ​លើ​ដែនដី​នេះ​ផង ដូច​ជា​នៅ​លើ​ដែនដី​យេរូសាឡិម?

    ២០ប៉ុន្តែ​មើល​ចុះ យើង​ដឹង​ថា នេះ​គឺជា​សណ្ដាប់​អាក្រក់ ដែល​ត្រូវ​បាន​បន្ត​មក​ដល់​យើង ដោយ​ពួក​អយ្យកោ​របស់​យើង ដើម្បី​ធ្វើ​ឲ្យ​យើង​ជឿ​ដល់​ការណ៍​ដ៏​មហិមា និង​អស្ចារ្យ ដែល​នឹង​កើត​ឡើង ប៉ុន្តែ​ពុំ​មែន​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ ប៉ុន្តែ​នៅ​ក្នុង​ដែនដី​ដែល​នៅ​សែន​ឆ្ងាយ ជា​ដែនដី​មួយ​ដែល​យើង​ពុំ​ស្គាល់ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​អាច​ទុក​ឲ្យ​យើង​នៅ​ក្នុង​ភាព​ល្ងង់ខ្លៅ ព្រោះ​យើង​ពុំ​អាច មើល​ឃើញ​ដោយ​ភ្នែក​ផ្ទាល់​របស់​យើង​បាន​ទេ​ថា ការណ៍​ទាំង​នោះ​ពិត។

    ២១ហើយ​ដោយ​ការ​វៃ​ឆ្លាត និង​បច្ចេកទេស​អាថ៌កំបាំង​នៃ​អ្នក​អាក្រក់ ពួក​គេ​នឹង​ធ្វើ​ឡើង​នូវ​ការ​អាថ៌កំបាំង​ដ៏​អស្ចារ្យ ដែល​យើង​ពុំ​អាច​យល់ ដែល​នឹង​រក្សា​យើង​ទុកជា​អ្នក​បម្រើ​ដល់​ពាក្យ​របស់​គេ និង​ជា​អ្នក​បម្រើ​ដល់​គេ​ផង ព្រោះ​យើង​ពឹងផ្អែក​ទៅ​លើ​គេ​ដើម្បី​បង្រៀន​យើង​នូវ​ព្រះ​បន្ទូល ម្ល៉ោះ​ហើយ ពួក​គេ​នឹង​ទុក​យើង​ឲ្យ​ល្ងង់ខ្លៅ បើ​សិន​ជា​យើង​បណ្ដោយ​ខ្លួន​ឲ្យ​គេ​ធ្វើ​យ៉ាង​នេះ គឺ​អស់​មួយ​ជីវិត​របស់​យើង។

    ២២ហើយ​ប្រជាជន​នៅ​មាន​ការណ៍​ជា​ច្រើន​ទៀត ដែល​ប្រជាជន​សន្និដ្ឋាន​ឃើញ​នៅ​ក្នុង​ចិត្ត​គេ ដែល​ជា​ការ​ឆ្កួត​លីលា និង​ឥត​ប្រយោជន៍ ហើយ​ពួក​គេ​ត្រូវ​រំខាន​ជា​ខ្លាំង ព្រោះ​អារក្ស​សាតាំង​បាន​ចាក់​រុក​គេ​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត​ពុំ​ឈប់​ឈរ មែន​ហើយ វា​បាន​ដើរ​ផ្សាយ​នូវ​ពាក្យ​ចចាម​អារ៉ាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​ពាស​ពេញ​លើ​ផ្ទៃ​ដែនដី ដើម្បី​វា​អាច​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​រឹងទទឹង​ទាស់​នឹង​អ្វីៗ​ដែល​ល្អ ហើយ​ទាស់​នឹង​អ្វីៗ​ដែល​នឹង​កើត​ឡើង។

    ២៣ហើយ​ទោះ​បី​ជា​មាន​ទី​សម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ កើត​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​ព្រះ​អម្ចាស់ និង​ការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ដែល​គេ​បាន​ធ្វើ​ក៏​ដោយ គង់តែ​អារក្ស​សាតាំង​នៅ​តែ​ក្ដាប់​ជាប់​ដួង​ចិត្ត​មនុស្ស​ច្រើន​នៅ​លើ​ផ្ទៃ​ដែនដី​នេះ។

    ២៤ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​កៅសិប​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ។

    ២៥ម្ល៉ោះ​ហើយ ក៏​ចប់​គម្ពីរ​ហេលេមិន ស្រប​តាម​បញ្ជី​របស់​ហេលេមិន និង​ពួក​កូន​ប្រុស​របស់​លោក៕ :៚