ការហៅ​ក្នុង​បេសកកម្ម
ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​សង្គម


ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​សង្គម

ទំនាក់ទំនង​អាច​ទាំងជា​ប្រភព​នៃ​ភាពតានតឹង និង​ពរជ័យ​សម្រាប់​ការ​គ្រប់គ្រង​ភាព​តាន​តឹង ។ នៅ​ពេល​យើងមាន​ភាព​តាន​តឹង​ខ្លាំង ទំនាក់ទំនងនានា​អាច​ទទួល​រង​ការ​ឈឺចាប់ ។ សូម​ពិចារណា​សេចក្ដីណែនាំ​ទាំងនេះ​សម្រាប់​ការ​ស្ថាបនា​ទំនាក់ទំនង​ល្អ​នានា ។ ក៏​សូម​មើល​ផ្នែក « គោលការណ៍​ទូទៅ​សម្រាប់​ការ​គ្រប់គ្រង​លើ​ភាព​តានតឹង » ផង​ដែរ នៅ​ទំព័រ 17–22 សម្រាប់គំនិតបន្ថែម​ទៀត ។

រូបភាព
Two sister missionaries talking to a woman on the street.

ការ​និយាយ​នឹង​មនុស្ស​ប្លែក​មុខ

  • ស្គាល់ ហើយ​ប្រើ​នូវ​ភាព​ខ្លាំង​របស់​អ្នក ។ មនុស្ស​មួយចំនួន​រកឃើញ​ថា ការ​និយាយនឹង​មនុស្ស​ទូទៅ​ជា​ភាព​រីករាយ មនុស្ស​ផ្សេងទៀត​រកឃើញ​ថា​ជា​រឿង​ធុញទ្រាន់ ។ មនុស្ស​ទាំងពីរប្រភេទ​អាច​ក្លាយ​ជា​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ដ៏​មាន​ប្រសិទ្ធភាព ។ ប្រសិនបើ​អ្នក​ជាមនុស្ស​ដែល​ព្រួយបារម្ភ​នឹង​ការ​និយាយ​នឹង​មនុស្ស​ប្លែក​មុខ សូម​កុំ​បោះបង់​ការ​ព្យាយាម​នោះ​ឡើយ ។ អ្នក​មាន​ភាព​ខ្លាំង​ផ្សេងទៀត​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា ដូចជា ការ​ធ្វើ​ជា​មិត្ត​ល្អ​ចំពោះ​មនុស្ស​ដែល​អ្នក​ស្គាល់ ការ​មាន​គំនិត​ច្នៃ​ប្រឌិត ការ​ចេះគិតគូរដល់​មនុស្ស​ទូទៅ ឬ​ការ​ពូកែដាក់​ផែនការ ។ អ្នក​ប្រហែល​ជាគិត​ថា​មនុស្ស​ដទៃ​មិន​ចូលចិត្ត​អ្នក ទោះ​បី​វា​ជាការពិត​ក្ដី ។ សូម​ស្វែង​រក​ការ​បំផុសគំនិត ហើយ​ស្ដាប់​តាម​ព្រះវិញ្ញាណ​ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រើ​ភាព​ខ្លាំង​របស់​អ្នក​នៅ​ក្នុងការ​បម្រើ​របស់​ទ្រង់ ហើយ​អភិវឌ្ឍនូវ​លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដែល​អ្នក​អាច​មាន​សិទ្ធិប្រើ​ក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ។ អ្នក​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ពុំ​មែន​ខ្លួនឯងនោះ​ទេ ។

  • រៀន​សួរ​សំណួរ​ដែល​បំផុសគំនិត ។ រៀន ហើយ​អនុវត្ត​សំណួរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​និយាយ ។ សួរ​មនុស្សដទៃ​ពី​ការងារ ទម្លាប់ គ្រួសារ និង​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ សួរ​ពី​អ្វី​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​ពួកគេ អ្វី​ដែល​ពួកគេ​ប្រាថ្នា​ចង់បាន ឬ​ព្រួយបារម្ភ ។ ស្ដាប់រក​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​ពីគោលការណ៍​នៃ​ដំណឹងល្អ​ដែល​នឹង​ទាក់ទង​នឹង​ពួកគេ ។ បង្ហាញ​ចំណាប់អារម្មណ៍​ដ៍​ស្មោះ​របស់​អ្នក ។ មាន​ឆន្ទៈ​ដើម្បី​ឆ្លើយ​សំណួរ​របស់​ពួកគេ​ពី​អ្នក​ផង​ដែរ ដោយ​បន្ត​ផ្ដោត​លើ​សេចក្ដីត្រូវការ​របស់​ពួកគេ និង​សារលិខិត​របស់​អ្នក ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង187–88) ។

  • ស្វែងរក​វិធី​សាមញ្ញ​ដើម្បីធ្វើ​ឲ្យ​អ្នកដទៃ​មាន​ចំណាប់អារម្មណ៍ ។ ព្យាយាម​ញញឹម​ធម្មតា ដោយ​មើល​ គ្រវីដៃ និយាយ​សួស្ដី និយាយ​ពាក្យសរសើរ​ដល់​ពួកគេ សុំ​ជួយ ឬ​សួរ​សំណួរ​ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ​នរណាអ្វីទៅពេលណាទីណា ហេតុអ្វី ឬ​​របៀបណា ។​

  • រៀន​ពីរបៀប​ដើម្បី​បញ្ចប់​ការ​សន្ទនា ។ នៅ​ពេល​អ្នក​បាន​ពិភាក្សា​ពី​អ្វី​ដែល​មាន​អារម្មណ៍​ថា​សមរម្យ ហើយបាន​សួរ​រក​អ្នករៀន នោះ​សូមសាកល្បង « វា​ជាការ​ល្អណាស់​ដែល​បាន​ជួប​អ្នក (ឬ​និយាយជាមួយ​អ្នក) ។ យើង​ដល់​ពេល______(ទៅហើយ ត្រលប់ទៅធ្វើ​ការ​វិញ​ហើយ ទៅ​រក​ឡាន​ក្រុង​ហើយ ទៅរកបងប្រុស​ស្ម៊ីធ ហើយ​ពីមុន​គាត់​ចេញ​ទៅ) ។ យើង​នឹង​ជួប​អ្នក​នៅ​លើក​ក្រោយ​ទៀត ! »

  • ដាក់គោលដៅ​មួយ​ដើម្បី​ស្គាល់​មនុស្ស​ថ្មី​ម្នាក់​នៅ​គ្រប់​ការ​ប្រជុំ​ដែល​អ្នក​ចូលរួម ។ ប្រើ​ឈ្មោះ​របស់​បុគ្គល​នោះ​នៅ​នាទីដំបូង និងនៅ​ពេល​អ្នក​បញ្ចប់​ការ​សន្ទនា ។ សូម​សរសេរ​ឈ្មោះ​ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ ។

  • អនុវត្តពេលប្រជុំ​ក្នុង​មណ្ឌល ។ នេះ​ជា​ស្ថានភាព​គំរូ​មួយ​ដើម្បី​អនុវត្ត​ជំនាញ​ខាង​សង្គម​ដូចជា​ការ​ស្ដាប់ និងការ​សួរ​សំនួរ ។

  • សួរ​រក​មតិកែលម្អរ ។ ពុំ​មែន​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ពូកែ « ដឹង » ពី​មនុស្ស​ដទៃ​នោះ ទេ ។ សួរ​ដៃគូរបស់​អ្នក​ឲ្យ​ជួយ ប្រសិនបើ​អ្នក​ត្រូវបាន​គេ​ប្រាប់ថា អ្នក​មាន​ការ​លំបាក​ក្នុង​កត់ចំណាំ​នៅ​ពេល​មនុស្ស​ដទៃ​មាន​ការ​មិន​ស្រណុកចិត្ត ឬ​មិន​មាន​ចំណាប់អារម្មណ៍​នោះ ។

  • ផ្ដល់​ការ​ទុកចិត្តលើ​ខ្លួនឯង ទោះ​ជា​អ្នក​ពុំ​មាន​អារម្មណ៍​ក្ដី ។ ការ​ប្រឹក្សា​ដែល​ប្រធាន ហ៊ិងគ្លី បាន​ទទួល​ពី​ឪពុក​របស់​លោក​អាច​អនុវត្ត​ចំពោះ​អ្នក​ផងដែរ ៖ « បំភ្លេច​ខ្លួន​ឯង ហើយ​ចេញ​ទៅ​ធ្វើ​ការ » (Ensign ខែ កក្កដា ឆ្នាំ 1987 ទំព័រ 7) ។ យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ដោយ​បំភ្លេច​ចោល​ពី​ការ​ភ័យខ្លាច​របស់​យើង​ពី​ការ​អនុវត្ត​ផ្ទាល់​របស់​យើង ហើយ​ផ្ដោតឡើង​វិញ​លើ​ការ​ហៅ​បម្រើ​របស់​យើង​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ និង​ប្រកាសដំណឹងល្អ ។

  • ផ្ដោតលើ​ការ​ជួយ និង​ការ​បម្រើ​ដល់​មនុស្ស​ដទៃ ។ នៅ​ពេល​អ្នក​បង្វែរ​ការ​យកចិត្តទុកដាក់​របស់​អ្នក​ទៅរក​សេចក្ដីត្រូវការ​របស់​មនុស្សដទៃ នោះ​អ្នក​នឹងពុំ​សូវ​មាន​អារម្មណ៍ខ្វល់ខ្វាយ​ច្រើន​ពីសេចក្ដីត្រូវការ ឬ​ការ​ខ្វះខាត​​ផ្ទាល់ខ្លួន​របស់​អ្នកនោះ​ឡើយ ( សូមមើល ម៉ូសាយ2:17 ) ។

ការចង់​នៅ​តែ​ម្នាក់​ឯង

  • បង្កើត​នូវ​អារម្មណ៍​នៃ​ភាព​ឯកជន​ម្ដងម្កាល​ដោយ​ការ​សរសេរ ការអធិស្ឋាន ការ​អាន ឬ​ការ​ធ្វើផែនការ ។ ទោះជា​អ្នក​ត្រូវ​នៅ​ជាមួយ​នឹង​ដៃគូ​របស់​អ្នកគ្រប់ពេលក្ដី ក៏អ្នក​​អាច​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​បិទភ្នែក​របស់​អ្នក ហើយ​នៅ​ឲ្យ​ស្ងៀម ។

  • សុំ​ដោយ​ត្រង់ៗ​សម្រាប់ពេល​វេលា​ស្ងប់ស្ងាត់​មួយ​ចំនួន​ដើម្បី​គិត ។ ធ្វើ​ឲ្យ​ដៃគូរបស់​អ្នក​ទុកចិត្ត​ថា អ្នកពុំ​មាន​ការ​អន់​ចិត្តឡើយ ។ បន្ត​ពង្រីកទំនាក់ទំនង​របស់​អ្នក ហើយ​សន្ទនា​ដោយ​ចិត្តសប្បុរស ។

  • ចេះបែង​ចែក​ពេល​វេល​របស់​អ្នក ។ សូម​កុំ​ធ្វើ​សកម្មភាព​មួយ​ប្រភេទ​យូរពេក ។ ធ្វើ​ឲ្យ​ប្រភេទការងារ​ដែល​អ្នក​ធ្វើ​មាន​ភាព​ខុសៗគ្នា ។ ដាក់បញ្ចូល​គ្នា​នូវ​សកម្មភាព​ដែល​អ្នក​បាន​រៀបចំ​ជាមួយ​នឹងពេលមួយ​ដ៏​ខ្លី​នៃ​ភាព​ស្ងប់ស្ងាត់ និង​អំណរគុណ រួចហើយ​ត្រលប់​ទៅ​ធ្វើការវិញ ។​

ការ​ទំនាក់ទំនងបើក​ទូលាយ​នឹង​ដៃគូ

  • ត្រូវ​ស្ដាប់ជាមុនសិន ។ នៅ​ពេល​អ្នក​រស់​នៅ​ជាមួយ​នឹង​មនុស្ស​ម្នាក់ពេញ 24 ម៉ោងរាល់សប្ដាហ៍ នោះ​អ្នក​នឹង​សង្កេត​ឃើញ​នូវ​រឿង​មួយចំនួន​ដែល​រំខាន​អ្នក ។ អ្នក​មាន​ស្ថាន​ភាព​រស់​នៅ​​ផ្សេងៗ​ពី​គ្នា ហើយ​មាន​ការ​រំពឹងទុក និង « ច្បាប់ » ខុសគ្នា ចំពោះ​អ្វី​ដែល​មាន​អំណរគុណ ឬ​ធម្មតា ។ ឥរិយាបថ​របស់​ដៃគូ​អ្នក​គឺ​សមហេតុ​ផល​ចំពោះ​រូបគាត់ ទោះ​ជា​វា​មិន​សមហេតុផល​ចំពោះ​អ្នក​ក្ដី ។ នៅ​ពេល​ធ្វើ​ការ​កែលម្អរ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ដៃគូ សូម​ស្វែងរក​បន្ថែម​ទៀត​ពី​របៀប​ដែល​គាត់​មើល​ពី​​រឿង​នានា ​ដោយ​ការ​សួរសំណួរ និងការ​ស្ដាប់​ដោយ​យកចិត្តទុកដាក់ ។ (សូម​មើល ប្រកាសដំណឹងល្អ​របស់​យើង1 189–90 ) ។

  • ពន្យល់ដោយ​ការ​គោរព​ពី​អ្វី​ដែល​រំខាន​ដល់​អ្នក ។ប្រសិន​បើ​មាន​ការរិះគន់ ឬ​កំហឹង នោះ​ដៃគូ​របស់​អ្នក​គឺ​ប្រហែល​ជា​ការពារ​ខ្លួន​ជា​ជាង​ធ្វើ​ការ​សហការ ។ ពន្យល់​ពី​បញ្ហា​របស់​អ្នក និង​អ្វីដែល​អ្នក​ត្រូវ​ការ​ជាជាង​ធ្វើ​ការ​រិះគន់ឥរិយាបថដែល​គួរ​ឲ្យ​រំខាន​របស់​ដៃគូអ្នក ។ ឧទាហរណ៍ « ខ្ញុំ​ពិត​ជាមិនចង់​ឃើញ​មាន​ចាន​ប្រឡាក់នោះ​ទេ ប៉ុន្តែខ្ញុំ​ក៏​មិន​ចង់​លាង​ចាន​ទាំង​នោះ​​តែ​ម្នាក់ឯង​ដែរ ។ ខ្ញុំ​ចង់​សួរ​បើ​យើង​អាច​មាន​រ​បៀប​ ​មួយ​ដើម្បីបែងចែកការងារ​នេះ » ។ ឬ « ខ្ញុំ​បារម្ភ​ថា​ អ្នក​​ខឹងនឹង​​ខ្ញុំ នៅ​ពេល​អ្នកស្ងៀមស្ងាត់ពេក ។ តើ​អ្នក​អាច​ប្រាប់ខ្ញុំ​ពី​អ្វី​ដែល​អ្នក​កំពុង​គិត​បាន​ទេ ? »

  • ចូរ​និយាយ​ត្រង់ៗ ហើយ​មាន​ចិត្ត​សប្បុរស ។ ចៀសវាងពី​ការ​លើក​រឿង​ ឬ​ការ​វិនិច្ឆ័យ​អវិជ្ជមាន ។ កុំ​ការពារ​ខ្លួនឯង​ដោយ​រៀបរាប់ពីកំហុស​របស់ដៃគូ​អ្នក ។ ព្យាយាមនិយាយ​ដោយ​ទន់ភ្លន់ ដោយ​គ្មាន​កំហឹង ឬការអាណិត​ខ្លួនឯង ( សូមមើល អេភេសូរ 4:29–32) ។

  • កុំ​អាក់អន់ចិត្ត ។ ទទួល​យក​ការណែនាំ​នានាដោយ​ចិត្តមេត្តា ហើយ​សប្បាយរីករាយឲ្យ​បានច្រើន​តាម​ដែល​អ្នក​អាច​ទទួល​យក​បាន ទោះ​ជា​ផ្ដល់​ឲ្យ​ដោយ​មិន​សមរម្យ​ក្ដី ។

  • សូម​ឧស្សាហ៍​សរសើរ​ដល់​ដៃគូរបស់​អ្នក ។ អរគុណ​គាត់​ចំពោះ​រឿង​ដែល​អ្នក​មាន​អំណរគុណ ។

    • សួរ​ដៃគូរបស់​អ្នករកការណែនាំ​ពី​របៀប​ដែល​អ្នក​អាច​កែលម្អរ ។ ក៏​សុំ​ព្រះអម្ចាស់​ឲ្យ​ជួយ​អ្នក​មើល​ឃើញ​ពី​ភាព​ទន់ខ្សោយ​របស់​អ្នក​ផង​ដែរ ( សូមមើល​ អេធើរ 12:27 ) ។

  • សាកល្បង​ធ្វើ​អ្វីមួយ​ល្អសម្រាប់​ដៃគូរបស់​អ្នក​រៀងរាល់ថ្ងៃ ។ ចម្អិន​អាហារ​ថ្ងៃ​ត្រង់ ស្ដាប់ ខាត់​ស្បែកជើង រៀបចំ​គ្រែដេក​របស់​គាត់ ញញឹម ព្យួរកន្សែង រៀបចំទុក​ដាក់​ចាន សរសេរ​លិខិត​ថ្លែង​អំណរគុណ​ទៅ​ឪពុកម្ដាយ​គាត់ អ៊ុតអាវ សរសើរ​គាត់ ។

ការ​ស្រឡាញ់​មនុស្ស​ទូទៅ

  • រៀន​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជីវិត​នៃ​មនុស្ស​ដែល​អ្នក​បម្រើ ។ រក្សា​បញ្ជី​ស្ដីពីចំណុច​ដែ​ល​អ្នកស្រឡាញ់ ហើយ​មាន​អំណរគុណ ។

  • អធិស្ឋានសុំ​អំណោយទាន​នៃ​សប្បុរសធម៌ ។ ធ្វើ​ដូច្នោះ​ « ដោយអស់​ពី​កម្លាំងចិត្ត » ( មរ៉ូណៃ 7:48 ) ។ ទូលសុំ​ឲ្យ​ភ្នែក​មើល​ឃើញ​មនុស្ស​ដទៃ​​ដូចជា​ព្រះ​ទត​ឃើញ​ពួកគេ ។

  • បម្រើ​សមាជិក​សាសនាចក្រ ពួក​អ្នករៀន​ថ្មី និង​មនុស្ស​ដទៃទៀត ។ សួរពួកគេ​ពី​ជីវិត​ ជំនឿ និង​បទពិសោធន៍​របស់​ពួកគេ​រហូត​ដល់​ឥរិយាបថ​របស់​ពួកគេ​មាន​ភាពសម​ហេតុផល​ចំពោះ​អ្នក ។

  • អធិស្ឋាន​សម្រាប់​មនុស្ស​ទូទៅ ។ សូម​​អធិស្ឋានសម្រាប់​​មនុស្សទាំង​ឡាយ​ណា​ដែល​បដិសេធអ្នក និង​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ( សូមមើល នីហ្វៃ ទី3 12:44 ) ។

ការ​ចុះសម្រុង​នឹង​ពួក​អ្នក​ដឹកនាំ​បេសកកម្ម

  • ចូរ​មាន​ចិត្ត​រាបសា ( សូមមើល គ. និង ស. 112:10 ) ។ ការ​បន្ទាប់ខ្លួន​គឺ​ជា​ប្រភព​នៃ​រាល់​គុណធម៌ ។ សុំ​ការណែនាំ​ពី​ពួក​អ្នកដឹកនាំ​របស់​អ្នក​ពី​របៀប​ដែល​អ្នកអាច​​កែលម្អរ ។ ចូរ​មាន​ឆន្ទៈដើម្បី​ទទួល​យក​ការប្រឹក្សា ហើយ​ឲ្យ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា ពួកគេ​អាច​ទុកចិត្ត​អ្នក​បាន ។ សូម​អរគុណ​ចំពោះ​ពួកអ្នកដឹកនាំ​របស់​អ្នក​សម្រាប់​ការ​បម្រើ​របស់​ពួកគាត់​ ទាំងពាក្យ​សម្ដី និង​ជា​លាយលក្ខណ៍​អក្សរ ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើងទំព័រ 123–24.)

  • សុំជំនួយ​ពី​អ្នកដឹកនាំ ឬ​អ្នក​បង្វឹកហាត់​ម្នាក់ ហើយ​អត់ធ្មត់ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មួយ​ចំនួនសង្ស័យ​ចំពោះ​ពួក​អ្នក​មាន​សិទ្ធិអំណាច ឬ​រក​ឃើញថា​វា​ជា​ការពិបាក​ដើម្បី​ទទួល​យក​ការ​ណែ​នាំ ដោយសារ​ពួកគេ​ធ្លាប់ធ្វើ​ជា​ម្ចាស់​លើ​ខ្លួន​ឯង ។ អ្នក​ផ្សេងទៀត​មាន​អារម្មណ៍​ប្រកួតប្រជែង​នឹង​ពួក​អ្នក​ដឹកនាំ​ដែលមាន​អាយុស្របាលគ្នា ។ ចូរឲ្យ​​ពួកអ្នកដឹកនាំ​ដឹងប្រសិន​បើ​អ្នក​មាន​នូវ​បញ្ហា​​ទាំងនេះ ។ អធិស្ឋាន​សុំ​ការបន្ទាបខ្លួន​ដើម្បី​ធ្វើ​ជា​អ្នក​ដើរ​តាម​មួយ​ដ៏​ល្អ ។

  • អធិស្ឋាន​សម្រាប់​ពួក​អ្នកដឹកនាំ​របស់​អ្នក ។ អធិស្ឋាន​ជា​ពិសេសចំពោះ​ជន​ដែល​អ្នក​ពុំ​មាន​អារម្មណ៍​នៃ​សេចក្ដីសប្បុរស​ជាមួយ ។

  • សូម​យល់​ថា ពួកអ្នក​ដឹកនាំ​គឺជា​មនុស្សធម្មតា ។ ប្រសិន​បើ​យើង​គិត​ថា ពួកគេ​ដឹកនាំ​គួរ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជា​មនុស្ស​ដទៃទៀត​ នោះ​យើង​នឹង​មាន​ការ​ខកចិត្ត ហើយ​មាន​ការ​រិះគន់នៅ​ពេល​ពួកគេ​ធ្វើ​ខុស ខ្វះការ​អត់ធ្មត់ បង្ហាញ​ការ​វិនិច្ឆ័យ​មិន​ត្រឹមត្រូវ ឬយល់ខុស​ពី យើង​នោះ ។ រំពឹងទុក​ចំពោះ​ភាពមិន​ល្អ​ឥតខ្ចោះ ហើយ​រកមើល​ឥរិយាបថ​វិជ្ជមាន ( សូមមើល មរមន 9:31 ) ។

  • រៀនពី​ភាព​រឹងមាំ​ និង​កំហុស​របស់​អ្នកដឹកនាំ​របស់​អ្នក ។ ធ្វើ​តារាង​គុណ​សម្បត្តិ​មួយ​ដែល​ចង់ធ្វើ​តាម ឬ​ចៀសវាង នៅ​ពេល​វា​ជា​វេណ​របស់​អ្នក​ដើម្បី​ដឹកនាំ​នោះ ។

ការ​គ្រប់គ្រង​អារម្មណ៍​ខាង​ផ្លូវ​ភេទ ឬ​ស្នេហា

  • អភិវឌ្ឍការគ្រប់គ្រង​លើ​ខ្លួន​ឯង ។ គំនិត​ និងអារម្មណ៍ខាងផ្លូវ​ភេទ និង​ស្នេហាជា​រឿង​ធម្មតា ហើយ​វា​ត្រូវបាន​ព្រះប្រទានឲ្យ ។ នៅ​ពេល​យើង​រក្សា​ទំនាក់ទំនង​ និង​ឥរិយាបថ​របស់​យើង​នៅ​ក្នុង​ព្រំប្រទល់​ដែល​ ​ព្រះអម្ចាស់​បាន​កំណត់​សម្រាប់​យើងក្នុងនាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា នោះ​យើង​នឹង​មាន​ភាព​រឹងមាំ ហើយ​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ ។ ស្ថាបនា​កម្លាំងចិត្ត​របស់​អ្នក​ដើម្បី​ធ្វើ​ដូច្នោះ ដោយ​ការ​សិក្សា​គោលលទ្ធិ និង​សេចក្ដីសញ្ញា 121:45, កូរិនថូសទី 1 9:24–27, ម៉ូសាយ 3:19 និង អាល់ម៉ា 38:12 ប្រកបដោយ​ការ​អធិស្ឋាន ។ សូម​រកមើល​ពាក្យ « គុណធម៌ » «គ្រប់គ្រង​ខ្លួនឯង » និង « ការ​ទប់ចិត្ត » នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ ។ សូម​សរសេរ​ពរជ័យ និងគុណសម្បត្តិ​ដែល​នឹង​កើត​មាន​ចំពោះ​អ្នក​នៅ​ពេល​នេះ និង​នៅ​ពេល​អនាគត នៅ​ពេល​​អ្នក​អភិវឌ្ឍ​នូវ​លក្ខណៈទាំងនេះ ។

  • ផ្លាស់គំនិត​នោះ​ចេញ ។ ជំនួស​ឲ្យ​ការគិត​តែ​ពី​គំនិត និង​អារម្មណ៍​ខាង​ផ្លូវភេទ និង​ស្នេហា សូម​អូសទាញ​ខ្លួន​ឯងឲ្យ​សម្រាក ហើយ​ធ្វើ​អ្វី​មួយ​ផ្សេងទៀត ។ ច្រៀង​ទំ​នុក​តម្កើង​ព្រះ ។ ទន្ទេញ​បទគម្ពីរ ហើយ​សូត្រ​វា​ឡើង​វិញ ។ ផ្ដោត​លើ​អ្វី​ដែល​អ្នក​មាន​អំណរគុណ ។ គិត​ពី​​ផែនការ​សម្រាប់​ថ្ងៃ​នោះ ។ ធ្វើ​លំហាត់ប្រាណ ។ តាំង​ចិត្ត​ជា​ថ្មី​ចំពោះ​ការងារ​របស់​អ្នក ។ រីករាយ ហើយ​មាន​ភាព​ច្នៃ​ប្រឌិត ។

  • ចៀសវាង​ពីការល្បួង ។ ចៀសវាងពីកន្លែង កាលៈទេសៈ ការសន្ទនា ឬ​មនុស្ស​ដែល​បង្កើត​ការ​ល្បួង ។ ប្រសិន​បើ​អ្នកបានគិត​ពី​រូបភាព ឬ​គំនិត​ដែល​បង្កហេតុ សូម​កុំ​គិត​ពី​វាទៀត ។ ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​របស់អ្នក​ទៅ​រក​កិច្ចការ​ផ្សេងៗ ហើយ​ចេញ​ឆ្ងាយ​ពី​ស្ថានភាព​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង 120–21) ។

  • បន្ត​ក្នុង​សេចក្ដីសង្ឃឹម និង​សេចក្ដីជំនឿ ។ ប្រសិន​បើ​អ្នក​កំពុង​មាន​ការ​លំបាក​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​ខាង​ផ្លូវភេទ​ដែល​មិន​សមរម្យ នោះ​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ដឹង​ថា​ទ្រង់​នៅ​តែ​ស្រឡាញ់​អ្នក ។ សូម​កុំ​បោះបង់ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ ដោយសារ​អ្នកមាន​អារម្មណ៍​មិន​សក្ដិសម ។ ទោះបី​ជា​អ្នកអាច​នឹង​​ពិបាក​ដើម្បីគ្រប់គ្រង​អារម្មណ៍​ទាំងនេះ​ក្ដី ក៏​ទ្រង់​នឹង​មិន​បដិសេធ​អ្នក​ឡើយ ។ លើស​ពី​នេះ​ទៀត ទ្រង់​យល់​ពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់ ហើយ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខិតខំរបស់​អ្នក​ដើម្បី ទប់ស្កាត់​ការល្បួង រៀន​ពី​កំហុស ហើយ​ប្រែចិត្ត ។ ស្វែងរក​ការ​ប្រឹក្សា​ពី​ប្រធានបេសកកម្ម​របស់​អ្នក ហើយ​បន្ត​ព្យាយាម​យក​ឈ្នះ​លើ​ឧបសគ្គទាំងនេះ ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង 118–19) ។

  • សូម​កុំឲ្យ​ឃ្លានពេក​ ឯកោពេក អស់កម្លាំងពេក ធុញទ្រាន់ពេក ឬ​តានតឹងពេក ។ រាល់កិច្ចការ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាកទប់ស្កាត់​នឹង​ការ​ល្បួង ។ បរិភោគ​អាហារ​សម្រន់ សម្រាក ឬ​ផ្លាស់ប្ដូរ​សកម្មភាព​របស់​អ្នក មាន​ការ​សន្ទនា​ល្អ​មួយ ឬ​អនុវត្ត​លំហាត់ប្រាណ​សម្រាក ( សូមមើល​ទំព័រ 19 ) ។

  • រក្សា​ខ្លួន​អ្នក​ឲ្យ​មាន​សុវត្ថិភាព ។ សូម​ចងចាំ​នៅ​ជាមួយ​នឹង​ដៃគូ​របស់​អ្នក​ជានិច្ច ហើយ​កុំ​នៅ​តែ​ឯង​ជាមួយ​នឹង​សមាជិក​ដែល​មាន​ភេទផ្ទុយ​គ្នា ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ភាព​ទាក់ទាញ​ចំពោះ​នរណា​ម្នាក់ នោះ​សូម​ទាក់ទង​នឹង​ប្រធាន​បេសកកម្ម​ ហើយ​ស្វែង​រក​ការ​ប្រឹក្សា​របស់​គាត់ ។ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ថា មាន​មនុស្ស​ម្នាក់​កំពុងព្យាយាម​ចែចង់​អ្នក សុំ​ឲ្យ​ដៃគូរបស់​អ្នក​ជួយ​ដល់​អ្នក ។ សូម​ទូរស័ព្ទទៅប្រធាន​បេសកកម្ម​ដើម្បី​ប្រាប់​គាត់​ឲ្យ​ដឹង​ពី​អារម្មណ៍​របស់​អ្នក ។

  • តមអាហារ ហើយ​អធិស្ឋាន​សម្រាប់​ការ​យល់ដឹង និង​ភាពរឹងមាំ ។ នៅ​ពេល​យើងតមអាហារ យើងបដិសេធ​នូវ​ការ​ស្រេកឃ្លាន​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាពល្អ​តាម​ធម្មតាក្នុង​រយៈពេល​មួយ ដើម្បី​ស្វែងរក​ភាពរឹងមាំ​ខាង​វិញ្ញាណ ហើយ​អភិវឌ្ឍជំនាញ​ដូចជា​ការ​គ្រប់គ្រង​ខ្លួន​ឯង ការ​យល់ដឹង​សម្រាប់​មនុស្ស​កំពុង​ស្រេកឃ្លាន និងទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ជំនាញ​ដូចគ្នា​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​បដិសេធអារម្មណ៍​ខាង​ផ្លូវភេទ ឬ​ស្នេហា​តាម​ធម្មតា​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ការ​តមអាហារ​នឹង​មិនលុបបំបាត់​នូវ​អារម្មណ៍​ខាង​ផ្លូវភេទ​នោះ​ទេ ប៉ុន្តែ​ការ​តមអាហារ​ប្រចាំ​ខែ​អា​ច​ជួយយើង​ឲ្យ​ទទួល​បាន​ភាព​រឹងមាំ ការ​យល់ដឹង​ពី​ខ្លួនឯង និង​កម្លាំង​ចិត្ត​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ​ដោយ​សមរម្យ ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង 95–97) ។