ការហៅ​ក្នុង​បេសកកម្ម
ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​អារម្មណ៍


ធនធាន​នានា​សម្រាប់​ការ​គ្រប់គ្រង តម្រូវការ​ខាង​អារម្មណ៍

អារម្មណ៍​ខ្លាំង​ដូចជា​ការ​បាក់ទឹកចិត្ត ឬ​ការ​ព្រួយបារម្ភ​ជួយ​យើង​ឲ្យ​ដឹង​ថា​យើងមាន​ភាព​តានតឹង​ខ្លាំង ។ សូម​អាន « គោលការណ៍​ទូទៅ​សម្រាប់​ការ​គ្រប់គ្រង​លើ​ភាព​តានតឹង » ទំព័រ 17–22 សម្រាប់​សេចក្ដីណែនាំ​ទូទៅ ។ លើស​ពី​នេះ​ទៅ​​ទៀត សេចក្ដីណែនាំ​នៅ​ក្រោម​អាច​ជួយ​ជាមួយ​នឹង​អារម្មណ៍​ជាក់លាក់ ។

រូបភាព
Four elder missionaries standing together talking.

អារម្មណ៍​នឹក​ផ្ទះ

  • បន្ត​មមាញឹក ។ ការ​នឹក​ផ្ទះ​គឺជា​រឿង​ទូទៅ ជា​ពិសេស​ប្រសិន​បើ​អ្នក​ពុំ​ធ្លាប់​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ផ្ទះ​ច្រើន ។ ចូរ​ធ្វើ​ឲ្យខ្លួន​អ្នក​មាន​អារម្មណ៍​សោកសៅ​ពី​របី​នាទី ប៉ុន្តែ​រួចហើយ​សូម​ក្រោក​ឡើង ហើយធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​មមាញឹក ។ វិធី​ដ៏​ល្អបំផុត​ដើម្បីទប់ទល់​នឹង​វា​គឺការធ្វើ​ឲ្យ​ខ្លួន​អ្នក​ងាក​ចេញ​ពី​ការ​ព្រួយបារម្ភ ឬការ​សោកសៅ​តាមរយៈការ​បន្ត​ការ​មាន​ភាព​មមាញឹក និង​ការ​បម្រើ​ដល់​មនុស្ស​ដទៃទៀត ។​

  • ស្រាយ​ចេញ ហើយ​រៀបចំ​ទុកដាក់ ។ សូម​បើក​វ៉ាលី​របស់​អ្នក ។ រៀបចំ​កន្លែង​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ដាក់​តាំង​រូបភាព​មួយ​ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ចងចាំ​ពី​ហេតុផល​ដែល​អ្នក​ចង់​បម្រើ​ព្រះអម្ចាស់ ។ សម្អាត​ ធុង​សំរាមចាស់ ហើយ​ផ្ទះអ្នក​ជា « ផ្ទះរបស់​អ្នក » ។ ធ្វើ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត ។

  • ធ្វើ​បញ្ជីមួយ​ពី​កិច្ចការ​ដែល​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ ។ គិតពី​ទំនាក់ទំនង​របស់​អ្នក កម្លាំង​របស់​អ្នក និង​កិច្ចការ​ផ្សេងទៀត​ដែល​នៅ​តែ​ដដែល ទោះ​ជា​មាន​រឿង​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​ក្ដី ។ ឧទាហរណ៍ ៖ « ខ្ញុំ​ជាម​នុស្ស​កំប្លែង ឪពុកម្ដាយ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ចង់​បម្រើ » ។ បន្ថែម​កិច្ចការ​ដែល​អ្នក​នៅ​ចង់​បន្ត​ធ្វើ​ដូចជាពេល​អ្នក​នៅ​ផ្ទះ ៖ « ខ្ញុំ​នឹង​ត្រូវ​បាន​បន្ត​ធ្វើ​ការ​សម្រេចិត្ត ខ្ញុំ​នឹង​ត្រូវ​បន្ត​ចុះសម្រុង​នឹង​មនុស្ស​ដទៃទៀត ខ្ញុំ​នឹង​ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការ » ។

  • ពិនិត្យ​មើល​ហេតុផល​​របស់​អ្នក​សម្រាប់​ការ​មក​បម្រើ​បេសកកម្ម​ឡើងវិញ ។ សូម​ថ្វាយ​បេសកកម្ម​របស់​អ្នក​ដោយ​ស្ម័គ្រចិត្ត​ជា​អំណោយ​មួយ​ចំពោះ​ការ​ថ្លែង​អំណរគុណ​ដល់​ព្រះអង្គសង្គ្រោះ ហើយ​សរសេរ​ពី​ពរជ័យ​របស់​អ្នក ។ រំឭក​ខ្លួន​ឯង​ពី​អ្វី​ដែល​ពួកអ្នកដឹកនាំ​ចាំ​ជួយ ឬ​មនុស្ស​ជាទីស្រឡាញ់​នៅ​ផ្ទះ​នឹង​ប្រាប់​ដល់​អ្នក​ពី​ការ​បម្រើ​របស់​អ្នក ។

    • សុំការ​ប្រសិទ្ធពរបព្វជិតភាព​មួយ ។

  • ដកចេញ​នូវ​រូបថត​ដែល​រំខាន ។ ដាក់​រូបថត ឬ​រូបភាព​ដែល​រំខាន​អ្នក​ពី​ការ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ឬ​ដែល​ធ្វើ​ឲ្យ​នឹក​ផ្ទះ​ទៅ​ឲ្យ​ឆ្ងាយ ។ អ្នក​អាច​ជ្រើសរើស​ដើម្បី​យក​វា​មួយ​ចំនួន​ចេញ​មក​ម្ដង​ទៀត នៅ​ពេល​អ្នកមាន​ការ​សម្របខ្លួន​បាន​ច្រើន​ហើយ ។ លើក​ទឹកចិត្ត​គ្រួសារ​របស់​អ្នក​ឲ្យ​សរសេរ​​សំបុត្រ​មក​តែ​សប្ដាហ៍​ម្ដងបាន​ហើយ ដើម្បី​អ្នក​អាច​ទុក « សំណាញ់ » របស់​អ្នក​ចោល ដូចជា​សិស្ស​របស់​ព្រះយេស៊ូវ​ពី​បុរាណ ( សូម​មើល ម៉ាថាយ 4:18–22) ហើយ​ផ្ដោត​ចិត្តទុកដាក់​លើ​កិច្ចការ​នេះ ។

  • ចូរ​អត់ធ្មត់ ។ ជាទូទៅ វា​ចំណាយ​ពេល​ប្រហែល​ជា​ប្រាំមួយសប្ដាហ៍​ដើម្បី​ចាប់ផ្ដើម​សម្របខ្លួន​ទៅ​នឹង​មជ្ឈដ្ឋាន​ថ្មី​មួយ ។ សូម​ផ្អាក​ការ​ធ្វើ​ការ​សម្រេចចិត្ត​នានា ហើយ​ផ្ដល់​ពេល​វេលា​ឲ្យ​ខ្លួន​ឯង​ដើម្បី​សម្រប​ខ្លួន ។ សូម​ធ្វើ​មួយ​ថ្ងៃ​ម្ដងៗ ។ (សូម​មើល ប្រកាសដំណឹងល្អ​របស់​យើង ទំព័រ 122) ។

អារម្មណ៍​សោកសៅ ឬ​បាក់​ទឹកចិត្ត

  • សូម​មើល​បទគម្ពីរ និង​ដំណើររឿង​ដែល​លើក​តម្កើង​ឡើង​វិញ ។ សូម​រក្សា​ទុក​បទគម្ពីរ បទពិសោធន៍​ផ្ទាល់ខ្លួន ពាក្យ​ដកស្រង់ និង​ដំណើររឿង​គ្រួសារ​ដែល​លើក​ទឹកចិត្ត ហើយ​លើក​តម្កើង​ដល់​អ្នក ។ នៅ​ពេល​អ្នក​អាន​ដំណើររឿង​ទាំងនេះ សូម​ស្រមើស្រមៃ​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​ដំណើរ​រឿង​នោះ ។ (ឧទាហរណ៍ ៖ នីហ្វៃទី2 4, ម៉ូសាយ 24:13–14, អាលម៉ា 36:3, គ. និង ស. 4, 6, 31, សុភាសិត 3:5–6, ហេលេមិន 5:12, និង « មារសត្រូវ » ក្នុង​ពិតចំពោះ​សេចក្ដីជំនឿ ) ។

  • សូម​មើល​ពរលោកអយ្យកោ​របស់​អ្នក​ឡើង​វិញ​សម្រាប់​ស្វែងរក​ការ​ណែនាំ ។ សូម​ស្វែងរក​វិធីដែល​អំណោយទាន និង​កម្លាំង​របស់​អ្នក​អាច​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​នេះ ។

  • កុំ​ពន្យារពេល ។ ការ​ពន្យារពេល​ដល់​រឿង​ទាំងឡាយ​អាច​នាំទៅ​រក​ភាពសោកសៅ ។ សូម​បំបែក​កិច្ចការ​ធំៗ​ទៅ​ជា​បំណែក​តូចៗ ។ សូម​ចាប់​ផ្ដើម​ ដោយ​រំឭក​ខ្លួន​ឯង​ថា « អ្វី​ទាំងអស់​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ____ » ឬ « ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នេះ​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ រួចហើយ​សម្រាក បើ​ខ្ញុំ​ចង់​ធ្វើ » ។ 

  • ស្ដាប់​ត​ន្ត្រី​ ឬ​ចម្រៀង​ដែល​បាន​អនុញ្ញាត ។ សូម​ជ្រើសរើស​តន្ត្រី​ដែល​ស្ងប់ស្ងាត់ ហើយ​ទន់ភ្លន់ ប្រសិន​បើ​អ្នក​មាន​ការ​ព្រួយបារម្ភ ឬ​តន្ត្រី​ដែល​រីករាយ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ។

  • ចូរ​កុំ​ឲ្យ​មាន​កំហឹង​កើន​ឡើង ។ ប្រសិន​បើ​មាន​អារម្មណ៍​ពេញ​ដោយ​កំហឹង​ចំពោះ​អ្វី​មួយ សូម​ស្វែងរក​ជំនួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​គ្មាន​ការ​រិះគន់ ឬ​ស្ដីបន្ទោស​ដល់​មនុស្ស​ដទៃទៀត ។ ប្រសិន​បើ​អ្នក​មិន​ចង់​និយាយ​ពី​រឿង​នោះ ដូច្នេះ​ចូ​រកុំ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ខឹង​នឹង​វា ។

  • ដាក់​គោលដៅសមស្រប​នានា ហើយ​ធ្វើ​ផែនការ​ជាក់លាក់​ពី​របៀប​ដែល​អ្នក​នឹង​សម្រេច​គោលដៅ​ទាំងនោះ ។ ផ្ដើម​ពិនិត្យ​ដោះ​ស្រាយ​រឿងទាំងឡាយ​ដែល​ធ្វើ​ឲ្យ​អ្នក​សោកសៅ​ម្ដងមួយៗ ។ ភាព​សោកសៅ​ឆ្លើយ​តប​យ៉ាងល្អ​ចំពោះ​គោលដៅ និងផែនការ​នានា ។ ( សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង 149 ) ។

  • ចូរ​បំភ្លេចចោល​នូវ​អ្វី​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន ។ អតីតកាល សិទ្ធិជ្រើសរើស​របស់​មនុស្ស​ដទៃ ច្បាប់ អាកាសធាតុ ការ​គ្រប់គ្រង​នៃ​រដ្ឋាភិបាល វប្បធម៌ ដែន​កំណត់របស់​អ្នក ឬអត្តចរិត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​គឺ​ហួស​ពី​ការ​គ្រប់គ្រង​របស់​អ្នក ។ ​សូម​ផ្ដោត​លើ​រឿង​ទាំងឡាយ​ដែល​អ្នក​អាច​ធ្វើ​បាន ដូចជា​អាកប្បកិរិយា​របស់​អ្នក ផ្នែក​របស់​អ្នក​នៅ​ក្នុង​ទំនាក់ទំនង​មួយ ការ​ជ្រើសរើស​បច្ចុប្បន្ន​របស់​អ្នក និង​ឥរិយាបថ​របស់​អ្នក ។

  • សូម​ទទួល​យក​ការ​ពិត​នៃ​ទម្លាប់ដែល​ធុញទ្រាន់​មួយ​ចំនួន ។ ជីវិត​ពុំ​មែន​​សុទ្ធតែ​ពោរពេញ​ដោយ​រឿង​មាន​ន័យ ហើយ​រំភើប​រីករាយ​នោះ​ទេ ។ ចៀសវាង​ការ​បង្កើត​ឆាកល្ខោន ប្រើ​កម្លាំង ឬ​ធ្វើ​ឲ្យ​មាន​ចម្លោះ​ដើម្បី​ប្រឈម​មុខ​នឹង​ភាពអផ្សុក ។ ផ្ទុយ​ទៅ​​វិញ សូម​ដឹងគុណ ហើយ​រីករាយ​ចំពោះ​រឿង​ល្អៗ​នៅ​ជុំវិញ​អ្នក ហើយ​ស្វែងរក​វិធី​ដើម្បី​កែលម្អរ និង​បម្រើ ។

  • ស្វែងរក​កិច្ចការ​ដែល​ធ្វើ​ឲ្យ​មាន​ភាពរីករាយ ។ ខណៈ​ដែល​គោរព​ដល់​តម្លៃ​នៃ​ការ​ហៅ​បម្រើ​របស់​អ្នក ស្វែង​រក​ភាព​រីករាយ​ឡើង​វិញ រីករាយ​នឹង​ភាព​ស្រស់ស្អាត​នៃ​ពិភពលោកនេះ សូម​កត់សម្គាល់​ពី​ចិត្ត​សប្បុរស​របស់​មនុស្ស​ដទៃ ហើយរីករាយ​នៅ​ក្នុង​វត្តមាន​របស់​ព្រះវិញ្ញាណ ។

  • សូម​ធ្វើកិច្ចការ​គ្រឹះ ដូចជា ៖ ការអធិស្ឋាន សិក្សា​ព្រះគម្ពីរ និង​បម្រើ ។ ផ្ដោតយក​ចិត្តទុកដាក់​លើ​ការ​ដឹងគុណ ។ នៅ​ពេល​អាន​ព្រះគម្ពីរ ចូរ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង​លើ​ផ្នែក​ដែល​អនុវត្ត​ច្រើន​បំផុត​ចំពោះ​អ្នក ។ ឧទាហរណ៍ កុំ​ផ្ដោត​ហួសហេតុ​ពេក​លើ​កំហឹង​របស់​ព្រះ​ជាមួយ​នឹង​ពួក​ជន​មាន​បាប ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ក្លាយ​ជា​មនុស្ស​បរិសុទ្ធម្នាក់​នោះ ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង ទំព័រ VIII ) ។

  • សូម​អាន​អាលម៉ា 26 ហើយ​ស្វែងរក​នូវ​អ្វី​ដែល​អាំម៉ូន​បាន​ធ្វើ​នៅ​ពេល​គាត់​បាក់​ទឹកចិត្ត ។ សូម​អាន​ផង​ដែរ​នូវ​គោលលទ្ធិ និង​សេចក្ដីសញ្ញា 127:2 ហើយ​កត់សម្គាល់​ពីរបៀប​ដែល​យ៉ូសែប ស្ម៊ីធ ពុំ​បណ្ដោយ​ឲ្យ​ខ្លួន​លោក​បាក់ទឹកចិត្ត ។ សូម​កុំ​សោកសៅពី​ការ​​សោកសៅ ដោយ​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​គ្មាន​លទ្ធផល​ល្អ ។ វាជា​ការធម្មតាដែល​យើងមាន​ពេល​បាក់ទឹកចិត្ត តានតឹង ឬ​នឹកផ្ទះ​នោះ ។ ភាគច្រើន វា​នឹង​រសាយ​បាត់ ។

អារម្មណ៍​រិះគន់​ខ្លួនឯង

  • សូម​និយាយ​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង ។ ​សូមមើល « ការតតាំង​នឹង​ការ​គិត​អវិជ្ជមាន » នៅ​ទំព័រ 21 ។

  • សូម​ដឹង​ថា អ្វីៗគ្រប់យ៉ាង​ដែលអ្នក​ធ្វើ​មិន​អាច​លើស​ពី​មធ្យមភាគ​បាន​ឡើយ ។ អ្នក​នៅ​តែ​ចង់​ខិតខំ​ដើម្បី​កែលម្អរ ប៉ុន្តែមិនថា​អ្នក​ប៉ិន​ប្រសប់​ខាង​អ្វី​មួយ​នោះ​ទេ ពេលខ្លះ​អ្នកនឹង​អនុវត្ត​នៅ​ក្រោមមធ្យមភាគ​ផ្ទាល់ខ្លួន​របស់​អ្នក ។ នេះ​ពុំ​មែន​ជា​បុព្វហេតុ​មួយ​ដែលត្រូវព្រួយ​នោះ​ទេ ។

  • សូម​ផ្ដល់​គុណសម្បត្តិ​បន្ថែម​ដល់​ខ្លួន​ឯង​សម្រាប់​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​មិន​រីករាយ ឬ​ធ្វើ​មិនបាន​ល្អ ។ កុំ​ប្រាប់ខ្លួន​ឯង​ថា វា​នឹង​បាន​ប្រសើរ​ឡើង ប្រសិន​បើ​អ្នក​រីករាយ​ចំពោះ​វា ឬ​ប្រសិន​បើ​អ្នក​ធ្វើ​វា​បាន​យ៉ាង​ល្អ​នោះ ។

  • សូម​ធ្វើ​គោលដៅធំៗ​មួយ​ ឬ​ពីរ​ ម្ដងមួយៗ ។ ចៀសវាង​ការ​អនុវត្ត​ទូទៅ​នៃ​ការ​ព្យាយាម​កែលម្អរ​កិច្ចការ​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ ការណ៍​នេះ​អាច​ជា​ការ​សន្ធប់ ហើយ​អាច​នាំ​ទៅ​រក​ភាព​បរាជ័យ ។

  • សូម​ស្ដាប់​ព្រះវិញ្ញាណ ដោយ​ចិត្ត​សារទរ ។ ប្រសិន​បើ​អ្នក​កំពុង​មាន​គំនិត​ដែលមើលងាយ ចំអក កំហឹង បញ្ឈឺចិត្ត រអូរទាំ រិះគន់ ឬ​ហៅ​ឈ្មោះ​ចំៗ នោះ​វា​ពុំ​មែន​មក​ពី​ព្រះឡើយ ។ សូម​លុបបំបាត់​គំនិតទាំងនោះ​ចេញ ។

  • សូម​រក​ការ​ប្រឹក្សា​ល្អៗ ។ សុំ​ឲ្យ​ប្រធាន​បេសកកម្ម​របស់​អ្នក និង​មនុស្ស​ដទៃទៀត​ជួយ​អ្នក​ឲ្យ​ដឹង​ថា តើ​អ្នក​បាន​ព្យាយាម​គ្រប់គ្រាន់ ឬ​ខ្លាំងពេកដែរ​ទេ ហើយ​ទទួល​យក​ការ​ប្រឹក្សា​របស់​ពួកគេ ។ មនុស្ស​ជាច្រើន​ដែល​រិះគន់​ខ្លួន​ឯងគឺ​មិន​ពូកែ​ក្នុង​ការ​ធ្វើ​ឲ្យ​រឿង​នេះ​មាន​ការ​ខុសប្លែក​ឡើយ ។

អារម្មណ៍​ព្រួយបារម្ភ ឬ​ភ័យខ្លាច

  • សូម​រីករាយ​នឹង​ធ្វើ​ជា​អ្នក​ចាប់ផ្ដើម​ម្នាក់ នៅ​ពេល​អ្នក​ថ្មី​ក្នុងកិច្ចការ​អ្វី​មួយ ។ អ្នក​មិន​ត្រូវ​បាន​រំពឹង​ទុក​ឲ្យ​ក្លាយ​ជា​អ្នក​ជំនាញ​នោះ​ទេ ។ ការ​ចង់ដឹង ចាប់​អារម្មណ៍ រាបសា និង​មាន​បំណង​ដើម្បី​សាកល្បង​ គឺ​វា​គ្រប់គ្រាន់​ហើយ ។ សូម​រីករាយ​នឹង​វា !

  • សូម​ធ្វើ​ដោយ​រីករាយ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​ចូរ​ឲ្យ​ព្រះធ្វើ​នូវ​អ្វី​ដែល​សេសសល់ ។ ពេលខ្លះ ពួកអ្នកផ្សព្វផ្សាយ​សាសនា​មាន​អារម្មណ៍​ថា ឥតប្រយោជន៍ ឬ​អាម៉ាស់មុខ នៅ​ពេល​មនុស្សដទៃទៀត​មើល​ទៅ​ទទួល​បាន​ជោគជ័យ​ច្រើន​ជាងនោះ ។ ប្រសិន​បើ​សាតាំង​ល្បួង​អ្នក​ឲ្យ​សង្ស័យ​ខ្លួន​ឯង ឬ​ប្រៀបធៀប​ខ្លួន​ឯង​នឹង​មនុស្ស​ដទៃ សូម​ចងចាំ​ថា នេះ​ជា​កិច្ចការ​របស់​ព្រះ ហើយ​ទ្រង់​ជ្រើសរើស​អ្នក​ទន់ខ្សោយ ហើយ​ធម្មតា​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ ទ្រង់​បាន​ជ្រើសរើស​អ្នក ! សូម​ទុក​ចិត្ត​ទ្រង់ ។ ទ្រង់​ទុក​ចិត្ត​អ្នក !

  • សូម​មើល​ឃើញ​ភាព​ជោគជ័យ ។ ការ​ព្រួយ​បារម្ភ​អាចជា​វិធី​មួយ​នៃការ​បរាជ័យសកម្ម​ខាង​ផ្លូវចិត្ត ។ ជំនួស​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អាច​ខុសឆ្គង ឬ​បន្ត​ព្រួយបារម្ភ ​ពី « ចុះបើ » សូម​អនុវត្ត​ខាង​ផ្លូវ​ចិត្ត​នូវ​លទ្ធភាពវិជ្ជមាន ហើយ​ធ្វើ​ផែនការ​ដើម្បី​សម្រេច​វា ។ បន្ទាប់​មក ប្រសិនបើ​កិច្ចការ​ទាំងឡាយ​ពុំ​បាន​កើត​ឡើង​ដូច​អ្វី​ដែល​អ្នក​សង្ឃឹម​ទុក សូម​ស្រមើ​ស្រមៃ​ថា​ខ្លួន​អ្នក​កំពុង​រៀន​ពីឧបសគ្គនោះ ហើយ​កំពុង​ឆ្ពោះ​ទៅ​មុខ ។

  • កុំ​ព្យាយា​ម​គ្រប់គ្រង​អ្វី​ដែល​អ្នក​ពុំ​អាច​ធ្វើ​បាន ។ ការ​ព្យាយាម​គ្រប់គ្រង​កិច្ចការ​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន គឺ​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍ថា​កាន់តែ​ពុំ​អាច​គ្រប់គ្រងបាន ដោយ​បង្កើន​ការ​ព្រួយបារម្ភ​របស់​អ្នក ។ ផ្ដោត​កម្លាំង​របស់​អ្នកលើ​កិច្ចការអ្វី​មួយ​​ដែល​អ្នក​អាចធ្វើបាន ។​

  • សូម​សួរ​ថា « តើ​រឿង​ដ៏​អាក្រក់​អ្វី​ខ្លះ​ទៅ​ដែល​អាច​កើត​មាន​ឡើង ? » ប្រសិន​បើ​លទ្ធផល​ដ៏​អាក្រក់​ដែល​អាច​កើត​មាន​គឺ​ជា​អ្វី​មួយ​ដែល​អ្នក​អាច​ទ្រាំទ្រ​យក​បាន ឬ​ជា​អ្វី​មួយ​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​បាន សូម​បន្ត​ទៅ​មុខ​ដោយ​គ្មាន​ការ​ភ័យខ្លាច ។

  • ព្យាយាម​កាត់បន្ថយ 10 ភាគរាយ ប្រសិន​បើ​អ្នក​មាន​ទម្លាប់ប្រញាប់ប្រញាល់​ច្រើន​នោះ ។ អ្នក​ប្រហែល​ជា​កាន់​តែ​មាន​ប្រសិទ្ធភាព ប្រសិន​បើ​អ្នកមាន​ចិត្ត​ស្ងប់ច្រើន​ជាង ។

  • សូម​បម្រើ ។ នៅ​ពេល​អ្នក​បម្រើ​ដៃគូ​របស់​អ្នក​ ពួក​អ្នក​រៀន​ថ្មី សមាជិក អ្នកជិតខាង ឬជន​ក្រីក្រ ហើយ​ខ្វះខាត នោះ​អ្នក​នឹង​មិន​សូវ​គិត​​ពី​ខ្លួនឯង ហើយ​រីករាយ​ច្រើនជាង ។ (សូមមើល ប្រកាសដំណឹងល្អ​របស់​យើង172–73) ។

អារម្មណ៍​​ឆាប់ខឹង

  • សូម​ទុក​ពេល​ឲ្យ​ខួរក្បាល​របស់​អ្នក​ដើម្បីយក​ឈ្នះ​លើ​អារម្មណ៍​របស់​អ្នក ។ ផ្នែក​នៃ​ខួរ​ក្បាល​របស់​អ្នក​ដែល​អាច​សួររក​ហេតុផល ហើយ​ប្រើ​ការ​វិនិច្ឆ័យ​ល្អគឺយឺត​ជាង​ផ្នែក​ខួរ​ក្បាល​របស់​ដែល​មាន​កំហឹង ។ សូម​ងាក​ចេញ​ពី​ស្ថានភាព​នោះ​ពីរបីនាទី ហើយ​ដកដង្ហើម​វែងៗដើម្បី​ផ្ដល់​ពេល​ដល់​ខួរក្បាល​របស់​អ្នក​មាន​ដំណើរ​ការ​ធម្មតា​ឡើង​វិញ ។

  • កុំ​ចិញ្ចឹម​ចិត្ត​ចងកំហឹង ។ មនុស្ស​ភាគច្រើន​មាន​កំហឹង​នៅ​ពេល​ពួកគេ​ជ្រើសរើស​មើល​ទៅ​មនុស្ស​ដទៃទៀត​ជា (1) ការ​គម្រាមកំហែង (2) មិន​យុត្តិធម៌ ឬ (3) ខ្វះការ​គោរព ។ ផ្ទុយទៅ​វិញ ត្រូវមើល​ថាតើ​អ្នក​អាចគិត​ពី​ការ​ពន្យល់មួយ​ដែល​មាន​ចិត្ត​សប្បុរស​ច្រើន​ចំពោះ​អាកប្បកិរិយា​របស់​ពួកគេ ។ ឧទាហរណ៍ ប្រហែលជា​ពួកគេ​អស់​កម្លាំង មិន​បាន​ទទួលដំណឹង ខ្វះសុវត្ថិភាព ឬ​គិត​ថា​ពួកគេកំពុង​តែ​មាន​ប្រយោជន៍ ។ សូម​ធ្វើ​ការ​ជ្រើសរើស​ដែល​មិន​បញ្ឆេះកំហឹង ។

  • ចូរ​ស្ងប់ចិត្ត ចង់ដឹង ហើយ​មាន​ចិត្ត​មេត្តា ។ ចូរ​ចង់ដឹង​ពី​អ្វី​ដែល​មនុស្ស​ដទៃ​កំពុង​គិត និងមាន​អារម្មណ៍ ។ សួរ​សំណួរ ស្ដាប់​ដោយ​យក​ចិត្តទុកដាក់ ប្រាប់មនុស្ស​ម្នាក់​ទៀត​ពី​អ្វី​ដែល​អ្នក​ថា​អ្នក​បាន​ឮ ហើយ​សួរថាតើអ្នក​យល់​រឿង​នោះ​បាន​ត្រឹមត្រូវ​ដែរឬអត់ ។ ប្រសិន​បើ​ពុំមែន សូម​សាកល្បង​ម្ដងទៀត ។

  • សូម​ទប់ស្កាត់​ការ​មាន​និន្នាការ​ដើម្បីស្ដីបន្ទោស ឬ​ធ្វើ​ឲ្យ​មនុស្ស​ដទៃ ឬ​ខ្លួន​ឯង​មាន​ភាព​អាម៉ាស់ ។ ផ្ទុយទៅវិញ សូម​ស្វែងរក​អ្វី​ទៅ​ជា​បញ្ហា ហើយ​សុំ​ជំនួយ​ពី​មនុស្ស​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​វា មិនថា​វា​ជា​កំហុស​នរណា​នោះ​ទេ ។

  • ចូរ​មាន​ឆន្ទៈដើម្បី​សុំទោស ហើយ​សួរ​ពី​អ្វីដែល​អ្នក​អាច​ធ្វើ​ដើម្បីធ្វើ​ឲ្យ​រឿង​ទាំងឡាយ​បាន​ប្រសើរ​ឡើងវិញ ។ ការ​សុំទោស​ជា​សញ្ញាមួយ​នៃ​ភាពរឹងមាំ​ខាង​វិញ្ញាណ ពុំ​មែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ឡើយ ។

  • សូម​ញញឹម ហើយ​មាន​ឆន្ទៈ​ដើម្បី​សើច​ចំពោះ​ខ្លួនឯង ។ សូម​ឆ្លុះ​កញ្ចក់ដើម្បី​មើល​ឃើញ​ថា​អ្នក​មាន​រូបរាង​បែបណា​នៅ​ពេល​អ្នក​មាន​កំហឹង ។

  • សូ​មបម្រើ​ជន​ដែល​អ្នក​ប្រហែល​ជា​មិន​សប្បាយ​ចិត្ត​ជាមួយ ។ សូម​អនុវត្ត​ការ​ប្រឹក្សា​របស់​ព្រះអង្គសង្គ្រោះឲ្យ « ស្រឡាញ់​ពួកខ្មាំងសត្រូវ​ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្ដាសា​អ្នក ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នកណា​ដែល​ស្អប់​អ្នករាល់គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់គ្នា » ( នីហ្វៃទី3 12:44 ) ។

  • សូម​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ។ ធ្វើ​ឲ្យ​ប្រាកដ​ថា​ អ្នក​បរិភោគគ្រប់គ្រាន់ ដេក​លក់​ស្រួល ធ្វើ​លំហាត់ប្រាណ និង​អធិស្ឋាន ដើម្បី​អ្នក​មាន​ធនធាន​ខាង​ផ្លូវ​ចិត្ត​បន្ថែម​ទៀត​ដើម្បី​ប្រឈម​មុខ​នឹង​ភាព​សោកសៅ ។

អារម្មណ៍​អស់កម្លាំង ឬខ្ជិល

  • សូម​ផ្ដោត​លើ​កម្លាំង​របស់​អ្នក ។ តើ​អ្វី​ទៅ​ជា​គុណតម្លៃ ទេពកោសល្យ បទពិសោធន៍ និង​អំណោយទាន​ដែល​អ្នក​នាំ​មក​កាន់បេសកកម្ម ? តើ​អ្នក​អាច​ប្រើ​ភាព​រឹង​មាំ​ទាំងនេះក្នុង​របៀប​ដ៏​ច្នៃ​ប្រឌិត​នៅ​សប្ដាហ៍​នេះ​បាន​ដោយ​របៀបណា ? ប្រសិន​បើ​អ្នកមាន​ការ​លំបាក់​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​រឹងមាំ​របស់​អ្នក ចូរ​សុំ​ជំនួយ​ពី​មនុស្ស​ដទៃទៀត ។

  • សូម​ធ្វើ​មួយ​ជំហាន​ម្ដង ។ សូម​រំឭក​ខ្លួន​ឯង​ថា « អ្វី​ទាំងអស់​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ____ » ។

  • ធ្វើ​ឲ្យ​មាន​ភាព​រីករាយ ! ដោយ​គោរព​ដល់​តម្លៃ​នៃ​ការ​ហៅ​របស់​អ្នក សូមដាក់គោលដៅ​ដែល​គួរ​ឲ្យចាប់អារម្មណ៍​សម្រាប់​ខ្លួន​ឯង ហើយ​ខិតខំដើម្បី​បំពេញ​វា ។ ចូរ​មាន​ការ​ច្នៃ​ប្រឌិត ហើយ​អបអរ​ចំពោះ​ខ្លួន​ឯង​សម្រាប់​ភាពជោគជ័យ ។

  • សូម​កុំ​ដាក់​បន្ទុក​ខ្លួន​ឯង​លើស​លុប​ទៅដោយ​គោលដៅផ្ទាល់ខ្លួន​ក្នុង​ពេល​តែ​មួយ​ច្រើន​ពេក ។ សូម​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន​មួយ​ ឬ​ពីរ​ក្នុង​ពេល​តែ​មួយ ( ដូចជា​ការ​រីករាយ​ឲ្យ​បាន​ច្រើន ឬធ្វើ​ឲ្យ​ការ​រញ៉េរញ៉ៃ​មាន​តិច ) ។ កុំ​រំពឹងទុក​សម្រាប់​ការ​ល្អ​ឥត​ខ្ចោះ ហើយ​ដាក់​បញ្ចូល​ផែនការ​មួយ​ពី​របៀប​ដែល​អ្នកនឹង​ខិតខំ​ឡើង​វិញ នៅ​ពេល​អ្នក​មាន​ថ្ងៃ​ដ៏​សោកសៅ​មួយ ។ រំឭកខ្លួន​ឯង​ជារឿយៗ​ពី​ហេតុផល​ដែល​អ្នក​ចង់ផ្លាស់ប្ដូរ ។

  • ចែកចាយ​គោលដៅ​របស់អ្នក​ជាមួយ​នឹង​ដៃគូ​ និង​ប្រធាន​បេសកកម្ម​របស់​អ្នក ។ ពួកគេ​អាច​ជួយ​គាំទ្រ​ដល់​អ្នក ហើយ​អាច​ផ្ដល់​នូវ​គំនិត​ដ៏​មាន​ប្រយោជន៍​ដល់​អ្នក ។

  • ត្រូវដឹង​ថា​កម្លាំង​ចិត្ត​នឹងកើត​មាន​តាម​ក្រោយ ។ ជារឿយៗ ការ​ចាប់ផ្ដើម​ជា​ផ្នែក​មួយ​​ដ៏​លំបាក​​បំផុត ។ សូម​ប្រាប់​ខ្លួន​ឯង​ថា « គ្រាន់​តែ​ធ្វើ​វា​ 10 នាទី​ប៉ុណ្ណោះ » នៅ​ពេល​អ្នក​ត្រូវការ​ចាប់ផ្ដើម​អ្វី​មួយ​ដែល​អ្នក​ពុំចង់ធ្វើ ។ នៅ​ពេល​អ្នកចាប់ផ្ដើម នោះ​អ្នក​នឹងមានអារម្មណ៍​លើក​ទឹកចិត្ត​បន្ថែមទៀត ។

ការ​ព្រួយបារម្ភ​ពី​មនុស្ស​ជា​ទីស្រឡាញ់​នៅ​ផ្ទះ

  • សូមសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា 31:1–6 ។ នៅ​ក្នុង​ជំនាន់ដើម​នៃ​សាសនាចក្រ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវបាន​ហៅ​ឲ្យ​ចាក​ចេញពី​​មនុស្ស​ជា​ទីស្រឡាញ់​ក្នុង​កាលៈទេសៈដ៏​លំបាក ។ សូម​អធិស្ឋាន​ថា​ពរជ័យ​នៃ​កា​របម្រើ​របស់​អ្នក​នឹងត្រូវបាន​ឧទ្ទិស​​​ជា​ប្រយោជន៍​ទៅ​ដល់មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ។ សូម​ផ្ដល់កិត្តិយស​ដល់​ពួកគេ​ដោយ​ការ​បម្រើ​ព្រះអម្ចាស់​ឲ្យ​អស់​ពីដួងចិត្ត​របស់​អ្នក ។ ទុកចិត្តលើ​ព្រះអម្ចាស់​ដើម្បីប្រទានពរ​ពួកគេ និងអ្នក ស្របតាម​ពេលវេលា និង​ព្រះទ័យរបស់​ទ្រង់ ។

  • សូម​សរសេរ​សំបុត្រ​ទៅ​គ្រួសារ​របស់​អ្នក​រាល់សប្ដាហ៍ ។ ចែកចាយ​ទីបន្ទាល់​ និង​បទពិសោធន៍ ព្រមទាំង​ដំណើរ​រឿង​វិជ្ជមាន​របស់​អ្នក ។ ជារឿយៗ សូម​ប្រាប់​ពួកគេ​ពី​ពេល​ដែល​អ្នក​បាន​ទទួល​ជំនួយពី ​ព្រះអម្ចាស់​នៅ​ក្នុង​ជិវិត​របស់​អ្នក ។ សូម​អធិស្ឋាន​សម្រាប់ពួកគេ ។ សូម​ចងចាំ​ពី​ថ្ងៃកំណើត និង​ព្រឹត្តិការណ៍​ពិសេសៗ ។

  • សូម​រំពឹង​ទុក​ថា​មាន​ឧបសគ្គ​មួយ​ចំនួន​នឹង​កើត​មាន​ចំពោះ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ។ ភាគច្រើន​នៃ​បញ្ហា​ទាំងនេះ​នឹង​កើត​មាន​មិនថា​អ្នក​កំពុងបម្រើ​បេសកកម្ម​ឬអត់​នោះ ទេ ។ មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​មាន​សិទ្ធិជ្រើសរើស ហើយ​ប្រហែល​ជា​ធ្វើ​ការ​សម្រេចចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ព្រួយបារម្ភ ជាពិសេស​ប្រសិន​បើ​អ្នក​ធ្លាប់​ធ្វើ​ជា​អ្នក​ដឹកនាំ ឬ​ជា​អ្នក​បង្កើត​ភាពសុខសាន្ត​នៅ​ក្នុង​ផ្ទះ ។ វា​ប្រហែល​ជា​ប្រទា​នពរ​ដល់​ជីវិត​របស់​ពួកគេ​ដើម្បី​ពុះពារ​ឧបសគ្គ​ដោយ​ខ្លួន​ឯង ។ សូម​គោរព​ដល់​ការ​ជ្រើសរើស​របស់​ពួកគេ ហើយ​បន្ត​សម្ដែង​សេចក្ដីស្រឡាញ់ និង​ទំនុក​ចិត្ត​របស់​អ្នក ។

អារម្មណ៍ឯកោ

  • ចូរ​​ចង់ដឹង​ពី​មនុស្ស​ដទៃ ។ សួរ​ថាតើ​ពួកគេទ្រាំទ្រ​នឹង​អារម្មណ៍ឯកោបែបណា ។ សួរ​ពី​បទពិសោធន៍​ និង​អារម្មណ៍​របស់​ពួកគេ ដើម្បី​អ្នក​អាច​យល់​ពី​ពួកគេ​កាន់​តែ​ប្រសើរ​ឡើង ។

  • សូម​ចែកចាយ​បន្ថែម​ទៀត ។ យើង​មាន​អារម្មណ៍​ឯកោ​នៅ​ពេល​យើងពុំ​មាន​អារម្មណ៍​ត្រូវបាន​គេ​ស្គាល់ ហើយ​ឲ្យតម្លៃ​ចំពោះ​បុគ្គលិកលក្ខណៈពិត​របស់​យើង ។

  • សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។ វា​ជួយយ៉ាងហោចណាស់​ឲ្យ​មាន​អារម្មណ៍​យល់ដឹង​ដោយ​ខ្លួនឯង ។

  • កំណត់ពី​អ្វី​ដែល​អ្នក​ចង់​ឲ្យនិយម​ន័យ​ចំពោះ​ពាក្យ « ឯកោ » ។ កំណត់​ពីអារម្មណ៍ គំនិត និង​ឥរិយាបថ​បែបណា​ដែល​កើត​មាន​ចំពោះ​អ្នក ។ បន្ទាប់​មក​ លើក​ឡើង​ពី​ចំណុច​ទាំងនេះ​ដោយ​ជាក់លាក់ ។