ការហៅ​ក្នុង​បេសកកម្ម
គោលការណ៍ទូទៅ សម្រាប់​ការ​គ្រប់គ្រង​ភាព​តានតឹង


គោលការណ៍ទូទៅ សម្រាប់​ការ​គ្រប់គ្រង​ភាព​តានតឹង

ផ្នែក​នេះ​មាន​សេចក្ដី​ណែនាំ​ទូទៅ​សម្រាប់​ការ​ការពារ និង​ការ​គ្រប់គ្រង​ជាមួយ​នឹង​ភាព​តានតឹង​ដ៏​ខ្លាំង ។ សេចក្ដីណែនាំ​ទាំងនេះ​អាច​មាន​ប្រយោជន៍​ចំពោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងអស់ ។

រូបភាព
Two young elder missionaries walking on a road in Australia.

ការ​ឆ្លើយតប​ដោយ​វិជ្ជមាន​ចំពោះ​ភាព​តានតឹង

  • សូម​អធិស្ឋាន​ដោយ​ក្លៀវក្លា ហើយ​ឲ្យ​បាន​ញឹកញាប់ ម្នាក់ឯង និង​ជាមួយ​ដៃ​គូ​របស់​អ្នក ។ សូម​ប្រាប់​ព្រះអម្ចាស់​ពី​អារម្មណ៍​ បទពិសោធន៍ ផែនការ និង កង្វល់​របស់​អ្នក ។ ទូលសុំ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​នឹង​អ្នកក្នុង​គ្រប់កិច្ចការ​ទាំងអស់ ។ សូម​សរសេរ​ពី​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ នៅ​ពេល​អ្នក​អធិស្ឋាន ហើយ​សិក្សា​ព្រះគម្ពីរ ។ សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ដឹកនាំ​ដែល​អ្នក​អាច​នឹង​ទទួល​បាន​នៅ​ក្នុង​ថ្ងៃ​នោះ ។ នៅពេល​​អ្នក​ស្ដាប់​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​បន្ត​ទទួល​បាន​ការ​ដឹកនាំ​ ការ​លួងលោម និង​ជំនួយ​បន្ថែម​ទៀត ។ « ត្បិត​មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​ទៀត​ថា បើសិន​ជា​អ្នក​រាល់គ្នា​នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នកនូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី 2 32:5 ) ។ សូម​តាំង​ចិត្ត​ចំពោះ​ព្រះអម្ចាស់​ថា អ្នក​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​ធ្វើតាម​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ​ទាំងឡាយ​ដែល​អ្នក​បាន​ទទួល​ជានិច្ច ។

  • ការ​ស្គាល់​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​គ្រប់​កិច្ចការ​ទាំងអស់ ។ អ្នក​មាន​អភ័យឯកសិទ្ធិ​មួយ​នឹង​ទទួល​បាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត ៖ ជា​លទ្ធភាព​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ទៅលើ​បុគ្គល​ម្នាក់ៗ និងក្រុមគ្រួសារ ។ សូម​អនុវត្ត​ផ្ដោតសំខាន់​ជារៀងរាល់ថ្ងៃ​ទៅ​លើ​ពរជ័យ​ដែល​អ្នក​មាន​អំណរគុណ ។ សូម​កត់ចំណាំ​ពីព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​នៅ​ក្នុងជីវិត​របស់​អ្នក ហើយ​សរសេរ​ពី​វា ។ ( សូមមើល មរ៉ូណៃ 10:3 ) ។

  • សូម​ស្គាល់ ហើយទន្ទេញ​នូវ​បទគម្ពីរ​ដែល​ជួយ​លួងលោម​ចិត្ត ។ នៅ​ពេល​អ្នក​សិក្សា សូម​សរសេរ​បទគម្ពីរ​ដែល​ពង្រឹង ហើយ​លួងលោម​ចិត្តអ្នក ។ សូម​ទន្ទេញ​ ឬ​អាន​បទគម្ពីរ​ទាំងនោះ​ជា​រឿយ ។

  • សូម​ផ្ដោត​​ទៅ​លើ​សេចក្ដីត្រូវ​ការ​​នៃ​មនុស្ស​ដែល​អ្នក​កំពុង​បម្រើ ។ សូម​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រទានពរ​​ដល់​ពួក​អ្នក​រៀន​ថ្មី​ដែល​អ្នក​កំពុង​បង្រៀន និង​សមាជិក​ដែល​អ្នក​កំពុង​បម្រើ ។ សូម​ស្វែង​រក​ការ​បំផុស​គំនិត​ពី​របៀប​ដែល​អ្នក​អាច​បម្រើ​ពួកគេ ហើយ​ពង្រឹង​សេចក្ដី​ជំនឿ​ពួកគេ ។

  • សូម​ច្រៀង ។ សូម​ទន្ទេញ​ទំនុក​ច្រៀង​ក្នុងទំនុក​តម្កើង​ព្រះ​មួយ​ចំនួន​ដែល​អ្នក​ពេញ​ចិត្ត ។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​តាន​តឹង ឬ​បាក់​ទឹកចិត្ត សូម​ច្រៀង​ម្នាក់​ឯង ឬ​ជាមួយ​នឹង​ដៃគូ​របស់​អ្នក ។ « ទំនុក​តម្កើង​ព្រះអាច​លើក​តម្កើង​វិញ្ញាណ​របស់​យើង លើក​ទឹកចិត្ត​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​ទង្វើដ៏​សុចរិត ។ ទំនុក​តម្កើង​ព្រះ​អាច​បំពេញ​ដួង​ព្រលឹង​របស់​យើង​ជាមួយ​នឹង​គំនិត​ពី​សួគ៌ា ហើយ​នាំ​យក​វិញ្ញាណ​នៃ​សេចក្ដី​សុខសាន្ត​មួយ​មក​ឲ្យ​យើង » ( « First Presidency Preface » Hymns [ ឆ្នាំ 1985 ] ទំព័រ x ) ។

  • សូម​ចងចាំ​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។ អ្នកនឹង​គ្រប់គ្រង​​ប្រកប​ដោយ​ជោគជ័យ​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ និង ការលំបាកពេញ​មួយ​ជីវិត​របស់​អ្នក ។ នៅ​ម៉ោង​សិក្សា​ផ្ទាល់ខ្លួន សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការ​ផ្លាស់​ប្ដូរ​ពី​មុន និង ​គ្រា​ដែល​មាន​ភាព​តានតឹង​ខ្លាំង ( ដូចជា​ការ​សម្រប​ខ្លួន​នៅ អិម.ធី.ស៊ី. ) ។ តើ​អ្នក​អាច​អនុវត្ត​ជំនាញ​ទាំងនេះ​នៅ​ពេល​ឥឡូវ​នេះ​ដោយ​របៀប​ណា ? « សូម​នឹកឃើញ​ថាតើ​ព្រះអម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តា​ករុណា​យ៉ាងណា​ដល់​កូនចៅ​មនុស្ស​ចាប់តាំង​ពី​កំណើត​លោក​អ័ដាម​ក​រហូត​មក​ដល់​ពេល​ដែល​អ្នករាល់គ្នា​បាន​ទទួល​ការណ៍​ទាំងនេះ ហើយ​សូម​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ »( មរ៉ូណៃ 10:3 ) ។

  • សូម​បម្រើ​ចេញ​ពី​កម្លាំង​របស់​អ្នក ។ សូម​ធ្វើ​បញ្ជី​មួយ​ពី​ភាព​ខ្លាំង ទេពកោសល្យ និង ​អំណោយ​ទាន​ខាង​វិញ្ញាណ​របស់​អ្នក ។ កម្លាំង​របស់​អ្នក​គឺជា​ផ្នែក​នៃ​ឃ្លាំង​របស់​ព្រះអម្ចាស់ ដែល​ទ្រង់បាន​ទាញ​យក​មក​ដើម្បី​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ទ្រង់ និង​ស្ថាបនា​នគរ​របស់​ទ្រង់ ។ ផ្នែក​មួយ​ដ៏សំខាន់​នៃ​បេសកកម្ម​របស់​អ្នក​គឺ​ដើម្បី​អភិវឌ្ឍ​អំណោយទាន​របស់​អ្នក ហើយ​ញែក​កម្លាំង​អ្នក​ឲ្យ​បរិសុទ្ធ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ សូម​ផ្ដោត​ឲ្យ​បាន​ច្រើន​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អជាជាង​​ពី​អ្វី​ដែល​អ្នក​ធ្វើ​ខុស ។ សូម​រៀបចំ​នូវ​របៀប​ជា​រៀងរាល់​សប្ដាហ៍​ដើម្បី​អភិវឌ្ឍ ហើយ​ប្រើ​អំណោយទាន​របស់​អ្នក​ដើម្បី​បម្រើ ហើយ​ប្រទាន​ពរ​ដល់​មនុស្ស​ដទៃ​ទៀត ( សូមមើល គ. និង ស. 82:18–19 ) ។

  • សូម​ធ្វើ​ជា​មិត្ត​នឹង​ដៃគូ​របស់​អ្នក ។ សូម​ចែកចាយ​គំនិត បម្រើ​គ្នា​ទៅវិញ​ទៅ​មក ជួយ​គ្នា​ទៅវិញ​ទៅមក ហើយ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ មិត្តភក្ដិ​ជា​ធនធាន​ដ៏​ធំ​មួយ​សម្រាប់​ការ​ប្រឈម​មុខនឹង​ភាព​តានតឹង ។ « នេះ​ជា​សេចក្ដី​បញ្ញត្តរបស់​ខ្ញុំ គឺ​ឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅ​មក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា​ដែរ » ( យ៉ូហាន 15:12 ) ។

  • សូម​ពិនិត្យ​មើល​ការ​រំពឹង​ទុក​របស់​អ្នក ។ សូម​កុំ​រំពឹង​ទុក​ថា​អ្វីៗ​គ្រប់យ៉ាង​នឹង​កើត​ឡើង​តាម​អ្វី​ដែល​អ្នក​បាន​សង្ឃឹម​ទុក​នោះ​ឡើយ ។ អ្នកនឹង​ពុំ​ដែល​ធ្វើ​អ្វីៗគ្រប់យ៉ាង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នោះទេ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រប់​រូបពុំ​មែនជា​អ្នក​គោរពប្រតិបត្តិ ហើយ​ចិត្ត​ល្អ​ទាំងស្រុងនោះទេ ។ ពួក​អ្នករៀន​ថ្មី​របស់​អ្នក​ប្រហែល​ជា​អាច​ទទួល​ព័ត៌មាន​ខុសឆ្គង​ពី​ក្រុម​ប្រឆាំង​មរមន ។ អ្នក​ប្រហែល​ជា​ពុំ​អាច​និយាយ​ភាសា​ដូចជា​ប្រជាជន​កំណើត​នោះ​ទេ ។ សូម​ចងចាំ​ពាក្យ​ទូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​គុកលិបើធី ថា ៖ « គ្រប់ការណ៍​ទាំងនេះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​និងទៅជា​ការ​ល្អ​ដល់​អ្នក​ទៅវិញ ។ …ហេតុដូច្នេះហើយ…កាន់ផ្លូវ​ឲ្យ​ខ្ជាប់ » ( គ. និង ស. 122:7, 9 ) ។

  • លំហាត់ប្រាណ ។ លំហាត់ប្រាណ​ទៀងទាត់​គឺជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​គ្រប់គ្រង​ភាព​តានតឹង ។ សូម​ជ្រើសរើសដើម្បី​​ចូលរួម ក្នុង​សកម្មភាពណា​​ដែលធ្វើ​ឲ្យ​មាន​ភាព​រីករាយ និង​មាន​លំហាត់​ប្រាណ ។ នៅ​ពេល​អ្នក​ផ្ដោត​ទៅ​លើ​សកម្មភាពនោះ អ្នក​ប្រហែល​ជា​ ឃើញ​ថា​ ខ្លួន​ឯងមាន​កម្លាំង ហើយ​អាច​បំភ្លេច​ការ​ព្រួយបារម្ភ​នៅ​ថ្ងៃ​នោះ​បានយ៉ាង​ប្រសើរ ។ មិនថា​សកម្មភាព​ណាមួយ​ដែល​អ្នក​ជ្រើសរើស​នោះ​ទេ លំហាត់ប្រាណ​អាច​ជួយ​បង្កើនការ​អត់​ធ្មត់​របស់​អ្នក​ និង​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ ( សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង ទំព័រ viii ) ។

  • សូម​កុំ​ព្យាយាម​គ្រប់គ្រង​រឿងទាំងឡាយ​ដែល​អ្នក​ពុំ​អាច​គ្រប់គ្រង​បាន ។ ខណៈដែល​អ្នក​នឹង​ធ្វើ​ការ​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់អ្នក​ដើម្បី​បំពេញ​គោលដៅ​ផ្សព្វផ្សាយ​របស់​អ្នក នោះ​លទ្ធផល​នៃ​ការ​ខិតខំ​របស់​អ្នក​គឺ​ពឹង​ផ្អែក​ទៅ​លើសិទ្ធិជ្រើសរើស​របស់​មនុស្ស​ដទៃ ដែល​អ្នក​ពុំ​អាច​បង្ខំ​បាន​ឡើយ ។ « គ្មាន​អំណាច ឬ​ឥទ្ធិពលណា​អាច ឬ​គប្បី​កាន់កាប់​ដោយ​សារ​បព្វជិតភាព​បាន​ឡើយ លើក​លែង​ដោយ​ការ​លួងលោម ​​ដោយ​ការ​អត់ធ្មត់ ដោយ​ការ​ទន់ភ្លន់ និង​ការ​ស្លូតបូត និង​ដោយ​ការ​ស្រឡាញ់​ស្មោះត្រង់ប៉ុណ្ណោះ » ( គ. និង ស. 121:41 ) ។ « ហេតុដូច្នេះ​ហើយ បងប្អូន​ដ៏​ស្ងួន​ភ្ងា​អើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំងនេះ​ដែល​នៅ​ក្នុង​អំណាច​យើង ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿ​ជាក់ថា​នឹង​បាន​ឃើញ​សេចក្ដីសង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះពាហុទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ( គ. និង ស. 123:17 ) ។

  • សូម​ចងចាំ​ពី​សារៈសំខាន់​នៃ​ការ​សម្រាក និង​ ការ​លំហែកាយ ។ ឧទាហរណ៍ សូម​ប្រើ​ផ្នែក​លំហាត់សម្រាកលំហែដែល​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន ( សូម​មើល​ខាង​ស្ដាំ ) នៅ​ពេល​យប់​ដើម្បី​កាត់បន្ថយ ហើយ​លំហែកាយ​ពី​មុន​ចូល​ដេក ឬ​លំហាត់ប្រាណ​ដោយ​ការ​ដកដង្ហើម ( សូម​មើល​ខាង​ឆ្វេង ) ។ សូម​រៀបចំ​ផែនការ​សម្រាប់ថ្ងៃ​រៀបចំខ្លួនដើម្បី​ដាក់បញ្ចូល​នៅ​ម៉ោងសម្រាក រីករាយ និងលំហែកាយ ដើម្បី​អ្នក​នឹង​បាន​សម្រាក​សម្រាប់សប្ដាហ៍​នោះ ។ បន្ថែម​ចំពោះ​សកម្មភាព​ដ៏​ចាំបាច់​ដូចជា ដើរផ្សារ និង​សរសេរ​សំបុត្រទៅ​ផ្ទះ សូម​សាកល្បង ៖

    • សកម្មភាព​ខាង​វប្បធម៌ ។ សូម​ទៅ​ទស្សនា​ទីកន្លែង​ប្រវត្តិសាស្ត្រ សារមន្ទីរ ឬពិធីបុណ្យ​ក្នុង​តំបន់ ។

    • សកម្មភាពសង្គម ។ សូម​ចូល​រួម​នឹង​អ្នក​ដទៃ​ក្នុង​ការ​លេង​កីឡា ល្បែង​កម្សាន្ត សិល្បៈ ម្ហូបអាហារ ឬ​តន្ត្រី​ដែល​សមរម្យ ។

    • ពេលវេលា​ជាមួយ​ធម្មជាតិ ។ សូម​ទៅ​លេង​នៅ​សួន ឬកន្លែង​អភិរក្ស​ធម្មជាតិ ឬ​ឡើងភ្នំ ។

    • សម្រាក និង លំហែកាយ ។ សូម​ដេក​មួយ​ស្របក់ ស្មឹង​ស្មាធ ឬ​សរសេរ​ពី​អារម្មណ៍​របស់​អ្នក ។

« រួច [ ព្រះយេស៊ូវ ] មាន​បន្ទូល​ទៅ [ ពួក​សិស្ស​របស់​ទ្រង់ ] ថា ចូរអ្នករាល់គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ​ឡែក និង​ឈប់សម្រាក​បន្តិច​សិន ពីព្រោះ​មាន​គេដើរ​ទៅ​មក​ច្រើន​ណាស់ ដល់ម្ល៉េះ​បាន​ជា​រកពេល​គ្រាន់តែ​បរិភោគ​ក៏​មិន​បាន​ផង » ( ម៉ាកុស 6:31 ) ។

« ហើយ​ចូរ​ឲ្យ​ឃើញ​ថា គ្រប់ការណ៍​ទាំងនេះ​ត្រូវបាន​ប្រព្រឹត្ត​ឡើង​ក្នុងប្រាជ្ញា និង ​របៀបរៀបរយ ត្បិត​មិន​ត្រូវ​ឲ្យ​អ្នក​ណារត់លឿន​ជាង​កម្លាំង​ដែល​គេមាន​នោះ​ឡើយ » ( ម៉ូសាយ 4:27 ) ។

ការ​ឆ្លើយ​តប​នឹង « ភាព​អាសន្ននៃ​ភាព​តានតឹង » ។

ភាព​អាសន្ន​នៃ​ភាព​តានតឹង​មួយ​កើត​ឡើង​នៅពេល​អ្នករំកិល​ចូល​ទៅ​ក្នុង​តំបន់​ភាព​តាន​តឹងពណ៌ទឹកក្រូច ឬពណ៌​ក្រហម​មួយ​រំពេច ។ ប្រសិន​បើ​អ្នកស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​ខាង​រាងកាយ ឬ​អារម្មណ៍ សូម​ទូរស័ព្ទ​ទៅ​ប្រធាន​បេសកកម្ម​របស់​អ្នក​ភ្លាម ។ សម្រាប់​ស្ថានភាព​ផ្សេងទៀត សូម​សាកល្បង​ធ្វើ​តាម​សេចក្ដីណែនាំ​ដូចខាងក្រោម​នេះ ៖

  • សូម​ធ្វើ​ការ​សម្រាក​ខ្លី​មួយ ។ ប្រសិន​បើមាន​អារម្មណ៍​សោកសៅ ឬ​តានតឹង​ខ្លាំង សូម​សម្រាក ។ សូម​ដកដង្ហើម​វែងយឺតៗ ពត់​ខ្លួន ហើយ​សម្រាករាងកាយ ។ នៅ​ពេលរាងកាយ និង ​គំនិត​របស់​អ្នកស្ងប់ស្ងាត់ហើយ នោះអ្នក​​អាច​គិតឃើញកាន់​តែ​ច្បាស់ ។ សូម​ដើរ​ជាមួយដៃគូរបស់​អ្នក ញ៉ាំ​ចំណី​ ឬ​ភេសជ្ជៈ ឬ​អង្គុយចុះ ហើយ​គិត​មួយ​ភ្លែត​សិន ។

  • សូម​ធ្វើ​ល្អ​ចំពោះ​ខ្លួន​ឯង ។ សូម​និយាយ​ទៅ​កាន់​ខ្លួន​ឯង​ជាមួយ​នឹង​ពាក្យ​លួងលោម​ល្អៗ​ដែល​អ្នក​នឹង​ប្រើ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ម្នាក់​ទៀត ។ ពេលខ្លះ មនុស្ស​គ្រប់​គ្នា​មាន​ការ​ខកចិត្ត ឬ​ធ្វើ​ខុស ។ សូម​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប ។ សូម​ ស្រមៃ​ថា ទ្រង់កំពុង​តែអង្គុយ​នៅ​ក្បែរ​អ្នក ស្ដាប់ ហើយ​ផ្ដល់​ការ​គាំទ្រ ។ សូមចងចាំ គំនិត​នៃ​ភាពទន់ខ្សោយ ភាពអស់សង្ឃឹម ឬការ​ស្ដីបន្ទោស​ដ៏​ខ្លាំង​គឺ​ពុំ​មែន​មក​ពី​ព្រះអម្ចាស់​នោះ​ទេ ។

  • សូម​ផ្ដោត​អាមរ្មណ៍​ឡើង​វិញ​ទៅ​លើការ​ដឹងគុណ ។ សូម​កត់សម្គាល់​ពី​អ្វី​ដែល​នៅ​ជុំវិញ​អ្នក ។ សូម​ផ្ដោតអារម្មណ៍​មួយ​ភ្លែត​ទៅ​លើ​អ្វី​ដែល​ត្រឹមត្រូវ ល្អ ហើយ​វិជ្ជមាន​ពី​ខ្លួន​ឯង និងពិភពលោក ។ សូមធ្វើ​ការ​អធិស្ឋាន​ថ្លែង​អំណរគុណ​សម្រាប់រឿងជាក់លាក់​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ប្រាំ ។

  • សូម​ធ្វើ​ម្ដង​មួយ​ជំហាន ។ សូម​ស្គាល់​ពីបញ្ហា​ភ្លាមៗ ហើយធ្វើ​ម្ដង​មួយ​ជំហាន​ដើម្បី​ដោះស្រាយ​វា ។ សូម​រំឭក​ខ្លួន​ឯង​ថា « អ្វី​ទាំងអស់​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ____ » ។ ឧទាហរណ៍ « អ្វី​ទាំងអស់​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺរង់ចាំ​រថយន្ត​ក្រុង » ។ ឬ « អ្វី​ទាំងអស់​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺរក​អាសយដ្ឋាន​នេះ » ។

  • សូម​ជួយ​ដល់​មនុស្ស​ម្នាក់​ផ្សេងទៀត ។ សូម​ផ្ដោត​អារម្មណ៍​ឡើង​វិញ​លើ​កម្លាំង​របស់​អ្នក​ដោយ​ការ​បម្រើ​ដល់​មនុស្ស​ផ្សេង​ម្នាក់​ទៀត ។ ញញឹម​ដាក់​មនុស្ស​ទូទៅ ជួយ​ពួកគេ ហើយ​ផ្ដល់​ការ​បម្រើ ។ ( សូម​មើល ប្រកាស​ដំណឹងល្អ​របស់​យើង 172–73 ) ។

  • សូម​តតាំង​នឹង​ការ​គិត​អវិជ្ជមាន ។ ឥឡូវនេះ ឬ​ពី​មុន​ចូល​ដេក​នៅ​យប់​នេះ សូម​សរសេរ​គំនិត​អវិជ្ជមាន​របស់​អ្នក​ពី​ថ្ងៃ​នេះ​នៅ​លើ​ក្រដាស រួចហើយ​សរសេរ​វា​ម្ដង​ទៀតដោយ​ពោរពេញ​ដោយ​សេចក្ដីសង្ឃឹម ពេញ​ដោយ​សេចក្ដី​ពិត និង​ការ​លើក​ទឹកចិត្ត ( សូម​មើល​ឧទាហរណ៍​នៅ​ខាង​ស្ដាំ ) ។

ការ​ជួយ​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​ដែល​មាន​ភាព​តានតឹង​ខ្លាំង

  • សូម​កត់សម្គាល់ពី​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ ។ ចូរ​ឲ្យ​ពួកគេ​ដឹង​ថា អ្នក​យល់ពួកគេ​កំពុង​មានភាព​ស្មុគស្មាញ ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​នឹង​ធ្វើ​កិច្ចការ​នោះ​ជាមួយ​នឹង​ពួកគេ ហើយ​ថា​ដោយមាន​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​អ្នក​អាច​មាន​ជោគជ័យ​រួម​គ្នា ។ ប្រសិន​បើ​សមរម្យ សូម​ណែនាំ​ពួកគេ​ឲ្យ​ធ្វើ​ការ​សម្រាក​ខ្លី​មួយ ដូចជា​ការ​ដើរ​ជាមួយ​នឹង​ដៃគូ​របស់​ពួកគេ ការ​ផ្លាស់ប្ដូរ​ទស្សនីយភាព ឬ​ការ​ផ្លាស់ប្ដូរ​ទៅ​រក​សកម្មភាព​ដែល​មាន​ភាព​តានតឹង​តិច ​បើ​អាច​ធ្វើ​ទៅ​បាន ។ សូម​អធិស្ឋាន​សុំ​ជំនួយ​ដោយ​ស្ងៀមស្ងាត់ ឬ​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនានោះ ។

  • សូម​គិតពី​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់​អ្នក ។ យើង​សន្យា « ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល… ទួញយំ​ជាមួយ​នឹងអ្នក​ណា​ដែល​ទួញ​យំ មែនហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវ​កម្សាន្ត​ទុក្ខ ហើយ​ឈរ​ជា​សាក្សីដល់​ព្រះ​នៅ​គ្រប់ពេល » ( ម៉ូសាយ 18:8–9 ) ។ សូម​អនុវត្ត​សេចក្ដី​សញ្ញា​នេះ​ដោយ (1) ការ​ចែក​រំលែក​បន្ទុក​របស់​អ្នកផ្សព្វផ្សាយ​សាសនា​នោះ (2) ការ​ផ្ដល់​នូវការ​យល់​ចិត្ត និង​ ការ​លួងលោម និង (3) ការ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដីស្រឡាញ់របស់​ព្រះ ។

  • សូម​សួរ​ពីរបី​សំណួរ ប៉ុន្តែ​សូម​កុំ​បង្ខំឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​និយាយ ។ សូម​សាកល្បង​សួរ​ថា « អ្នក​មើល​ទៅ​ហាក់ដូចជា​សោកសៅ ។ មាន​អ្វី​កើត​ឡើង​មែនទេ ? » ឬ « តើ​អ្នក​អាច​ប្រាប់ខ្ញុំ​ពីរឿង​នោះ​បាន​ទេ ? »

  • សូម​ស្ដាប់​ដើម្បី​យល់ ហើយ​ផ្ដល់​ការ​គ្រាំទ្រ និងការ​លើក​ទឹកចិត្ត ។ លុះត្រាមនុស្ស​ម្នាក់​មានអារម្មណ៍​ថា​យល់ជា​មុនសិន នោះ​ការ​ផ្ដល់​ពាក្យ​ទូន្មាន និង​ ការ​ណែនាំពី​ដំណោះស្រាយ​នានា ជារឿយៗ​គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ សូម​សួរ​សំណួរ ហើយ​ជួយ​បុគ្គល​នោះ​ឲ្យ​ស្វែង​រក​ចម្លើយ​ផ្ទាល់ខ្លួន​របស់​គាត់ ។ ខណៈដែល​អ្នក​ពុំ​គួរ​ដើរ​តួ​ជា​អ្នក​ប្រឹក្សា​ដល់​ពួក​អ្នក​រៀនថ្មី ឬ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​មាន​ភេទ​ផ្ទុយគ្នា នោះ​អ្នក​អាច​ធ្វើ​ជា​អ្នកស្ដាប់​ដែល​ខ្វល់ខ្វាយ​ម្នាក់ ដែល​ចាំ​ជួយ ហើយ​គាំទ្រ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ផ្សេងទៀត ។ ( សូមមើល ប្រកាស​ដំណឹងល្អ​របស់​យើង 189–90 ) ។

    រូបភាព
    Elder missionaries engaged in companion
  • សូម​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែលត្រូវ​សម្រេចចិត្ត​នៅ​ពេល​ឥឡូវ​នេះ ។ សូម​ចៀសវាង​ពីបញ្ហា​ធំៗ ( ដូចជា « ខ្ញុំ​មិន​ប្រាកដថា​ខ្ញុំ​មាន​ទីបន្ទាល់​ដែរឬអត់​នោះទេ » ) ហើយ​ផ្ដោត​ទៅ​លើ​ការ​សម្រេច​ចិត្ត​ភ្លាមៗ​ដែល​ត្រូវធ្វើ ( « សម្រាប់ឥឡូវនេះ ចូរ​យើងសម្រេចចិត្ត​ពី​របៀប​ដែល​យើង​ចង់ធ្វើ​នៅ​មេរៀន​លើក​ក្រោយ​នេះ » ) ។ សូម​ផ្ដល់​ជំនួយ ( « ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​នៅ​ពេល​នេះ » ) ។ នៅ​ពេល​រឿង​ទាំងឡាយ​បាន​ស្ងប់ស្ងាត់ សូម​ងាក​មក​រក​បញ្ហា​ធំ ហើយ​ស្វែង​រក​ដំណោះ​ស្រាយ ( « តើ​អ្នក​គិត​ថា​ទីបន្ទាល់​គឺជា​អ្វី​ទៅ ? តើ​បុគ្គលម្នាក់​ទទួល​បាន​ទីបន្ទាល់​តាមរបៀប​ណា ? តើ​អ្នក​បាន​សាកល្បងអ្វី​ខ្លះ ? តើយើងអាច​ទទួល​បាន​គំនិត​បន្ថែម​ទៀត​នៅ​កន្លែងណា ? » ) ។ សូម​រំឭក​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ថា ព្រះអម្ចាស់​អាច​ជួយ​ដោយ​មាន​ដំណោះស្រាយ​ម្ដងហើយ​ម្ដង​ទៀត ប្រសិន​បើ​យើង​ធ្វើ​នូវ​អ្វី​ដែល​យើងអាច​ធ្វើ រួចហើយ​ថ្វាយ​វា​ទៅ​ដល់​ទ្រង់​នោះ ។

  • សូម​រំឭក​អ្នកផ្សព្វផ្សាយ​សាសនា​នោះ​ពី​អ្វី​ដែល​គាត់​ធ្វើ​បាន​ល្អ ។ ( « ខ្ញុំ​ពិត​ជា​អរគុណ​ចំពោះ​ភាព​ស្មោះត្រង់ និង ​បំណងប្រាថ្នា​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​ណាស់ » ) ។

  • សូម​ថ្លែងទីបន្ទាល់​របស់​អ្នក ។ សូម​ចែកចាយ​ជំនឿ​របស់​អ្នក​ពី​សេចក្ដីស្រឡាញ់ និងឆន្ទៈ​របស់​ព្រះ​ដើម្បី​ជួយ ។

  • សូម​ឈ្លាសវៃ នៅ​ពេល​អ្នក​បម្រើ​ដល់​មនុស្សដទៃទៀត ។ តំណែង​របស់​អ្នក គឺជា​តំណែង​មួយ​ដ៏​បរិសុទ្ធ ។ សូម​ស្មោះត្រង់ រក្សា​ការ​សម្ងាត់ ហើយ​នៅ​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក​ជានិច្ច ។

  • ចូរ​ប្រាប់​ប្រធាន​បេសកកម្ម​របស់​អ្នក​ឲ្យ​បាន​ដឹង ប្រសិន​បើ​ស្ថានភាព​នោះ​ពុំ​បាន​ប្រសើរ​ឡើង ។