ការហៅ​ក្នុង​បេសកកម្ម
សេចក្ដី​ផ្ដើម


សេចក្ដី​ផ្ដើម

រូបភាព
Christ with His arm raised calling Peter and Andrew from a small fishing boat with the sail raised.

ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​តំណាងឲ្យ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ការ​បម្រើ​ទៅ​ដល់​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ។​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ជោគជ័យ ។ ទ្រង់​បាន​សន្យា​ថា ៖ « យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នឹង​នៅ​ទ័ព្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. 84:88 ) ។

នៅ​ពេល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​របស់​អ្នក ហើយធ្វើ​តាម​​ការ​សម្រេច​ចិត្ត​ដែល​អ្នក​មាន​ដើម្បី​ធ្វើ​​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​អ្នកនឹង​អភិវឌ្ឍ​នូវ​ជំនាញ អំណោយ​ទាន និង​កម្លាំង​ដែល​​អ្នក​​ត្រូវ​ការ​បាន​កាន់តែ​ឆាប់​រហ័ស ។ អ្នក​នឹង​ទទួល​អារម្មណ៍​ថា​មានជំនួយ​ពីទ្រង់ ហើយកើន​នូវ​ទំនុក​ចិត្ត​នៅ​ក្នុង​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ ។

សូម្បី​តែ​មាន​ការ​សន្យា​មួយ​ពី​ជំនួយ​របស់​ព្រះអម្ចាស់​ក្ដី ក៏​មាន​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ជាច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ថា ពួកគាត់​បាន​រងទុក្ខ ហើយ​បាន​មាន​ការ​លំបាក​នៅ​ក្នុង​ការងារ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគាត់​ដែរ ។ អាម៉ូន និង ​បងប្អូន​ប្រុ​ស​របស់​គាត់ « [ បាន ] រង​ទុក្ខ​​ជាច្រើន ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ដូចជា​ការ​អត់​ឃ្លាន ការ​ស្រេក និង​ការ​នឿយ​ហត់ ព្រមទាំង​ការ​នឿយ​ហត់​ខាង​ផ្លូវ​វិញ្ញាណ​ផង » ( អាលម៉ា 17:5 ) ។ ពេល​ខ្លះ ពួកគាត់ពិត​ជា​ចង់​ត្រលប់​ទៅ​ផ្ទះវិញ​មែន ។ « ឥឡូវ​នេះ កាល​ណា​យើង​នឿយ​ណាយ​ក្នុង​ចិត្ត ហើយ​យើង​សឹង​តែ​ត្រលប់​ទៅ​វិញ មើល​ចុះ ព្រះអម្ចាស់ ទ្រង់​បាន​កម្សាន្ត​ចិត្ត​យើង ហើយ​មាន​ព្រះបន្ទូល​ថា ៖ ចូរ​ទៅ​ក្នុង​ចំណោម​បង​ប្អូនអ្នក គឺ​ពួក​សាសន៍​លេមិន ហើយ​ចូរ​ទ្រាំ​ដោយ​សេចក្ដី​អត់ធ្មត់​នូវ​ការ​ទុក្ខ​វេទនា​ទាំងឡាយ​របស់​អ្នក​ចុះ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជ័យ​ជំនះ » ( អាលម៉ា 26:27 ) ។

​អាថ៌កំបាំងភាគច្រើន​ដើម្បី​ប្រឈម​មុខ​នឹង​ការ​បាក់​ទឹកចិត្ត និង​ ភាព​តានតឹង​ដែល​ជា​រឿង​ទូទៅ​សម្រាប់​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​គឺ​ដើម្បី​រំឭក​ឡើង​វិញ​ជាមួយ​នឹង​ព្រះអម្ចាស់​នូវ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដើម្បី​បម្រើ ។ ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ប្រាប់​ពី​បទពិសោធន៍​របស់​លោក នៅ​ពេល​លោក​ចាប់ផ្ដើម​បេសកកម្ម​របស់​លោក​ដំបូង​នៅ​ក្នុង​ប្រទេស​អង់គ្លេស ។

« នៅពេល​​ខ្ញុំ​ទៅ​ដល់ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ខ្លួនសោះ ។ ដោយ​សារ​តែជំងឺ និង វិបត្តិ​ដែល​យើង​មាន នៅ​ប៉ុន្មាន​សប្ដាហ៍​ដំបូង នោះ​ខ្ញុំ​បាន​បាក់​ទឹកចិត្ត ។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​ឪពុក​ដ៏​ល្អ​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍ថា ​ខ្ញុំ​កំពុង​តែ​ខ្ជះខ្ជាល​ពេលវេលា​របស់​ខ្ញុំ និង​ ប្រាក់​របស់​គាត់ ។ គាត់​ជា​ឪពុក​របស់​ខ្ញុំ និង ​ជា​ប្រធាន​ស្តេក​​របស់​ខ្ញុំ ហើយ​គាត់​ជា​បុរស​ម្នាក់​ដ៏​ឈ្លាសវៃ ហើយ​បំផុស​គំនិត ។ គាត់​បាន​សរសេរ​សំបុត្រ​យ៉ាង​ខ្លី​មួយ​មក​ឲ្យ​ខ្ញុំថា ‹ កូន ហ្គរដុន មាសឪពុក ឪពុក​ទើប​បាន​ទទួល​សំបុត្រ​របស់​កូន ។ ឪពុក​មាន​យោបល់​តែ​មួយ​គត់​គឺ ៖ បំភ្លេចពី​ខ្លួន​ឯង ហើយ​ទៅ​ធ្វើ​ការចុះ › ។ នៅ​ព្រឹកព្រលឹម​នា​ថ្ងៃ​នោះ នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​របស់​យើង ដៃ​គូ​របស់​ខ្ញុំ និង ​ខ្ញុំ​បាន​អាន​នូវ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទាំងនេះ​ថា ៖ ‹ ត្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​និង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ › ។ ( ម៉ាកុស 8:35 ) ។

« ព្រះបន្ទូល​ទាំងនោះ​របស់​លោកចៅហ្វាយ រួម​ជា​មួយ​នឹង​សំបុត្រ​របស់​ឪពុក​ខ្ញុំ​ដែល​មាន​នូវ​ពាក្យ​ទូន្មាន​របស់គាត់​ឲ្យ​ខ្ញុំ​បំភ្លេច​ខ្លួន​ឯង ហើយ​ទៅ​ធ្វើ​ការ បាន​ចាក់​ចូល​ទៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​ខ្ញុំ ។ ដោយ​កាន់​សំបុត្រ​របស់​ឪពុក​ខ្ញុំ​នៅ​ក្នុង​ដៃ នោះ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​យើង​នៅ​ផ្ទះ​លេខ 15 ផ្លូវវ៉ាដហែម ជា​ទីកន្លែង​ដែល​យើង​រស់​នៅ ហើយ​បាន​លត់​ជង្គង់​ចុះ ហើយ​បាន​ធ្វើ​ការ​ទូល​អង្វរ​មួយ​ទៅ​កាន់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា ខ្ញុំ​នឹង​ព្យាយាម​បំភ្លេច​ខ្លួន​ឯង ហើយ​លះបង់​ខ្លួន​នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ ។

« ថ្ងៃ​នោះ​ដែល​ស្ថិត​ក្នុង​ខែ កក្កដា ឆ្នាំ 1933 គឺ​ជា​ថ្ងៃ​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ។ ពន្លឺ​ថ្មី​មួយ​បាន​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​សេចក្ដី​អំណរ​មួយ​បាន​ចូល​មក​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ ។ អ័ព្ទ​នៃ​ប្រទេស​អង់គ្លេស​ហាក់​ដូចជា​ត្រូវបាន​រសាយ​បាត់ ហើយ​ខ្ញុំ​បាន​មើល​ឃើញ​នូវ​ពន្លឺ​ព្រះអាទិត្យ ។ ខ្ញុំ​បាន​មាន​នូវ​បទពិសោធន៍​ក្នុង​បេសកកម្ម​មួយ​ដ៏​ល្អ ហើយ​អស្ចារ្យ ដែល​ខ្ញុំ​នឹង​មាន​អំណរ​គុណ​ជា​រៀង​រហូត » ( « Taking the Gospel to Britain: A Declaration of Vision, Faith, Courage, and Truth » Ensign ខែ កក្កដា ឆ្នាំ 1987 ទំព័រ 7) ។

ប្រធាន ហ៊ិងគ្លី បាន​រក​ឃើញ​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​ការបាក់​ទឹក​ចិត្ត​របស់លោក នៅ​ពេល​លោក​បាន​សម្រេច​ចិត្ត​របស់​លោក​ជា​ថ្មី​ដើម្បី​បម្រើ​ដល់​ព្រះអម្ចាស់ ។ ក្រោយ​មក​ លោក​បាន​មាន​ប្រសាសន៍​ថា « ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ចំពោះ​ការ​ព្រួយ​បារម្ភ​ដែល​ខ្ញុំ​ដឹង​​គឺ​ការ​ធ្វើ​ការ ។ ថ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​អស់សង្ឃឹម​គឺ​ការ​បម្រើ ។ ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​ព្រួយ​បារម្ភ​គឺ​ការ​ខិតខំ​ជួយ​ដល់​មនុស្ស​ម្នាក់​ដែល​នឿយហត់​ជាង​នោះ​ទៅ​ទៀត » ( « >Words of the Prophet: Put Your Shoulder to the Wheel » New Era ខែ កក្កដា ឆ្នាំ 2000 ទំព័រ 7 ) ។

ការ​ប្រើប្រាស់​កូនសៀវភៅ​នេះ

កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ជា​រឿង​ដ៏​អំណរ និងពោរពេញ​ដោយ​ភាព​តានតឹង ។ កូន​សៀវភៅ​នេះ​នឹង​ជួយ​យល់​ដឹងកាន់​តែ​ប្រសើរ​ពី​ភាព​តានតឹង និង​ ពី​របៀប​ដែល​វា​ជះ​ឥទ្ធិពល​លើ​អ្នក ប៉ុន្តែ​វា​ពុំ​មែន​មាន​ន័យ​ថា​ត្រូវ​អាន​គ្រប់​ផ្នែក​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ការ​ប្រើ​សេចក្ដីណែនាំ​ដែល​មាន​នៅ​ទំព័រ​ទី 1 នោះ​អ្នក​នឹង​ត្រូវបាន​ដឹក​នាំ​ទៅ​រក​សេចក្ដីណែនាំ​នានា​ស្ដីពី​ប្រធាន​ដែល​អ្នក​ជ្រើសរើស ។ គំនិត​ទាំងនេះ​ក៏​នឹង​ជួយ​ដល់​អ្នក​ផង​ដែរ ​នៅ​ពេល​អ្នក​បម្រើ​ដល់​ដៃ​គូ​របស់​អ្នក និង​ពួក​អ្នក​ផ្សព្វផ្សាយ​ផ្សេងទៀត ។