ថ្នាក់​សិក្ខាសាលា
ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក ៖ ព្រះអម្ចាស់​នឹង​តម្កើង ហើយ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក


« ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក ៖ ព្រះអម្ចាស់​នឹង​តម្កើង ហើយ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក ៖ ព្រះអម្ចាស់​នឹង​តម្កើង ហើយ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ជោគជ័យ​នៅក្នុង​សាលា ៖ មេរៀនទី ១៩២

ការ​ធ្វើឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក

ព្រះអម្ចាស់​នឹង​តម្កើង ហើយ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ្នក

teen doing homework

នៅក្នុង​ការសិក្សា​របស់​យើង យើង​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ នៅពេល​ដែល​យើង​ខិតខំ​ដើម្បី​បង្កើន​ចំណេះដឹង និង​ការ​យល់ដឹង​របស់​យើង​អំពី​សេចក្តីពិត ។ យើង​មិន​ចាំបាច់​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនេះ​តែ​ម្នាក់​ឯង​ទេ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ យក​ព្រះទ័យ​ទុកដាក់​អំពី​យើង និង​ការរីកចម្រើន​របស់​យើង ហើយ​ទ្រង់ទាំងទ្វេ​ចង់​ជួយ​យើង​ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​យើង​នៅក្នុង​សាលា ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រួមបញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​ជួយ​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​រៀន​នៅ​សាលា ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​បទពិសោធន៍​នេះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បញ្ហាប្រឈម​នៅ​សាលារៀន

សូមពិចារណា​ចាប់ផ្តើម​មេរៀន​នេះ ដោយ​ការអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​ខាង​មុខ​ថ្នាក់​ដើម្បី​បំពេញ​កិច្ចការ​ដែល​ទាមទារ​ឲ្យ​មានជំនួយ​ពី​អ្នក​ដទៃ ។ ឧទាហរណ៍ សូម​បិទ​ភ្នែក​សិស្ស ហើយ​ស្នើ​ឲ្យ​ពួកគេ​តម្រៀប​ស្ករ​គ្រាប់ ឬ​អង្កាំ​តាម​ពណ៌ ។ ប្រសិនបើ​សិស្ស​ពិបាក​នៅ​ពេល​ដំបូង អ្នក​អាច​សួរ​សំណួរ​មួយ​ចំនួន​ដូច​ជា « តើ​អ្នក​ដទៃ​ក្នុង​បន្ទប់​អាច​ជួយ​អ្នក​ដោយ​របៀប​ណា ? »

  • តើ​ការបង្ហាញ​នេះ​អាច​ប្រដូច​ទៅនឹង​កិច្ចខិតខំ​របស់​យើង​ដើម្បី​រៀន​នៅ​សាលា​ដោយ​របៀបណា ?

  • តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​នៅ​ក្នុង​សាលា ឬ​ជាមួយ​នឹង​ការ​សិក្សា​ដែល​អាច​ជា​ការលំបាក​សម្រាប់​ក្មេង​ជំទង់ ?

ចម្លើយ​របស់​សិស្ស​អាច​រួមបញ្ចូល​នូវ​រឿង​មួយ​ចំនួន​ដូចជា ការពិបាក​ជាមួយ​នឹង​មុខ​វិជ្ជា​ជាក់លាក់​ណាមួយ​នៅក្នុង​សាលា បញ្ហាប្រឈម​ក្នុង​ការរៀនសូត្រ ឬបញ្ហា​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា ។ អ្នក​អាច​សរសេរ​ចម្លើយ​ទាំងនេះ​នៅលើ​ក្ដារ​ខៀន ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​បញ្ហា​ប្រឈម​មួយ​ដែល​ពួកគេ​កំពុង​ប្រឈមមុខ​នៅក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។ បញ្ជី​នេះ​នឹង​មាន​ប្រយោជន៍​ដើម្បី​យោង​នៅ​ពេញ​មួយ​មេរៀន​នេះ ។

ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ការខិតខំ​ប្រឹងប្រែង​ដ៏​សុចរិត​របស់​យើង

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី អែលឌើរ ក្លាក ជី ហ្គីលប៊ឺត នៃ​ពួកចិតសិប​នាក់ ដោយ​រក​មើល​កន្លែង​ដែល​យើង​អាច​បែរ​ទៅរក​ជំនួយ​ជាមួយ​នឹង​បញ្ហា​ប្រឈម​នានា​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​រៀន​នៅ​សាលា ។

Official VIO portrait of Clark G. Gilbert.

ខ្ញុំ​ដឹងថា ការស្វែងរក​ការអប់រំ​របស់​អ្នក​អាច​មាន​ការលំបាក ហើយ​ទាមទារ​ឲ្យ​មាន​ការលះបង់ ។ ខ្ញុំដឹង​ថា អ្នក​កំពុង​ខិតខំ​ខ្លាំងណាស់ ហើយ​ថា​មាន​យប់​ដ៏​លំបាក​ជាច្រើន ពេល​អ្នក​ត្រូវនៅ​ដល់យប់ជ្រៅ​ដើម្បី​បញ្ចប់​កិច្ចការ​សាលា រៀន​គំនិតថ្មី និង​គ្រប់គ្រង​ការប្តេជ្ញាចិត្ត​ដ៏​សំខាន់​ផ្សេងទៀត​ក្នុង​ជីវិត​របស់​អ្នក ។ ប៉ុន្តែ​សូម​កុំទាន់​ចុះចាញ់ ។ សូម​បន្ត​បង្ហាញ​ភាពរឹងមាំ​ដ៏​ពិតប្រាកដ ។ ប៉ុន្តែ​ក៏​ត្រូវត្រៀមខ្លួន​ដើម្បី​ផ្លាស់ទី​ពី​ភាព​រឹងមាំ​ទៅរក​ព្រះគុណ​ផងដែរ ។ សូម​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ អធិស្ឋាន​សូម​ជំនួយ​ពី​ទ្រង់ ហើយ​ទ្រង់​នឹង​ពង្រីក​កិច្ចខិតខំ​របស់​អ្នក ។ សូម​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​ប៉ុនណា ។ សំខាន់​ជាងនេះ​ទៅ​ទៀត សូម​ដឹងថា​ព្រះអម្ចាស់​ស្រឡាញ់​អ្នក​ប៉ុនណា ហើយ​នឹង​ពង្រឹង​អ្នក​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដ៏សុចរិត​របស់​អ្នក​ទាំងអស់​ដើម្បី​រៀនសូត្រ និង​រីកចម្រើន ហើយ​ក្លាយកាន់​តែ​ដូច​ទ្រង់ ។ ( « From Grit to Grace » [ BYU–Pathway Worldwide devotional ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ] ទំព័រ ២ byupathway.edu )

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​សង្ឃឹម ឬ​អាច​លើក​ទឹកចិត្ត​ក្មេង​ជំទង់​នៅក្នុង​ការរៀនសូត្រ​របស់​ពួកគេ ?

    នៅពេល​សិស្ស​ចែកចាយ សូម​ជួយ​ពួកគេ​ឲ្យ​សម្គាល់​គោលការណ៍​មួយ​ដូចជា នៅពេល​យើង​រួមបញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការរៀនសូត្រ​របស់​យើង ទ្រង់​នឹង​តម្កើង ហើយ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង ។

  • តើ​ព្រះអម្ចាស់​អាច​ប្រទានពរ តម្កើង ឬ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង នៅពេល​យើង​រួមបញ្ចូល​ទ្រង់​នៅក្នុងការ​រៀនសូត្រ​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

សិស្ស​អាច​លើកឡើង​អំពី​ការណ៍​ទាំងឡាយ​ដូចជា របៀប​ដែល​ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​ចងចាំ​អ្វី​ដែល​ពួកគេ​បាន​សិក្សា មានភាព​អត់ធ្មត់​ជាមួយ​គ្រូ និង​មិត្ត​រួម​ថ្នាក់ ឬ​មាន​អារម្មណ៍​សុខសាន្ត​អំឡុង​ពេល​ប្រឡង ។ អ្នក​អាច​ពន្យល់​ថា ជាញឹកញាប់​ព្រះអម្ចាស់​នឹង​ជួយ​យើង​រៀន​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​អាច​បំពេញ​ដល់​យើង​នូវ​ភាពសុខសាន្ត ជួយ​យើង​ឲ្យ​ស្គាល់​សេចក្តីពិត និង​បំភ្លឺ​ចិត្ត​របស់​យើង ( សូម​មើល រ៉ូម ១៥:១៣; មរ៉ូណៃ ១០:៥; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:១៥ ) ។

របៀប​ដើម្បី​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​អ្នក

រូបតំណាង​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​សិស្ស​គិត​អំពី​របៀប​ផ្សេងៗ​ដែល​យើង​អាច​រួមបញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការ​រៀនសូត្រ​របស់​យើង​នៅ​សាលា អ្នក​អាច​ផ្តល់​ដល់​ពួកគេ​នូវ​ឧទាហរណ៍​ចេញ​ពី​ព្រះគម្ពីរ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ​គឺ​ដោយ​ប្រើ​សំណៅ​មេរៀន « ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​យើង » ។ អ្នក​អាច​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ផ្នែក​នៅក្នុង​សំណៅ​មេរៀន​ដល់​ក្រុម​នីមួយៗ ។ ជា​ជម្រើស​ផ្សេងទៀត សិស្ស​អាច​ជ្រើសរើស​ផ្នែក​មួយ​នៃ​សំណៅ​មេរៀន​ដើម្បី​សិក្សា និង​ធ្វើការ​ជាមួយ​សិស្ស​ផ្សេងទៀត​ដែល​បាន​ជ្រើសរើស​ផ្នែក​ដូច​គ្នា ។

បន្ទាប់ពី​សិស្ស​បាន​បញ្ចប់​កិច្ចការ​នៅលើ​សំណៅ​មេរៀន​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​អ្នកតំណាង​ម្នាក់ ដើម្បី​ចែកចាយ​អ្វី​ដែល​ក្រុម​បាន​ពិភាក្សា ។

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​សិក្សា តើ​មាន​អ្វី​ជាក់លាក់​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​យើង​បាន ?

ប្រសិនបើ​សិស្ស​ត្រូវការ​ការណែនាំ​បន្ថែម អ្នក​អាច​ចែកចាយ​នូវ​របៀប​មួយ​ចំនួន ឬ​ទាំងអស់​ខាងក្រោម​នេះ​ជា​របៀប​ដើម្បី​រួមបញ្ចូល​ព្រះអម្ចាស់​នៅក្នុង​ការ​រៀនសូត្រ​របស់​យើង ៖

  1. សូម​កត់សម្គាល់ ហើយ​មាន​អំណរគុណ​ចំពោះ​ការរីកចម្រើន​តូចតាច ឬ​ដែល​មាន​លំនឹង ( នីហ្វៃទី២ ២៨:៣០ ) ។

  2. នៅក្នុង​ការអធិស្ឋាន សូម​ទូលសុំ​ព្រះវរបិតាសួគ៌​សម្រាប់​ពរជ័យ​ជាក់លាក់ ដូចជា​ការ​មាន​ភាពក្លាហាន​លើកដៃ សួរ​សំណួរ និង​ទទួលបាន​ជំនួយ​បន្ថែម ( អេធើរ ២:១៨–២៣ ) ។

  3. សូម​ស្គាល់​ភាពទន់ខ្សោយ​របស់​អ្នក ហើយ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ដើម្បី​ឲ្យ​ទ្រង់​នឹង​ជួយ​អ្នក​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ​ទាំងនោះ ( ម៉ូសេ ៦:៣១–៣៤; ម៉ូសេ ៧:១៣ ) ។

  4. សូម​សិក្សា​កំណត់ចំណាំ​ពី​ថ្នាក់រៀន​ជា​រៀងរាល់ថ្ងៃ ហើយ​សុំ​ការប្រសិទ្ធពរ​បព្វជិតភាព​មួយ ពីមុន​ធ្វើ​ការប្រឡង ឬ​កិច្ចការ​សាលា​សំខាន់​មួយ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៨ ) ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​តម្កើង ហើយ​ពង្រឹង​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ នៅពេល​ពួកគេ​បាន​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​ក្នុង​ការ​រៀនសូត្រ​របស់​ពួកគេ ។

ការធ្វើ​ឲ្យ​ព្រះអម្ចាស់​មានចំណែក​នៅក្នុង​ការរៀនសូត្រ​របស់​យើង

សូម​ទុក​ពេល​ដល់​សិស្ស​ដើម្បី​ធ្វើ​ផែនការ​ក្នុងការ​រួមបញ្ចូល​ព្រះអម្ចាស់​ក្នុង​ការរៀនសូត្រ​របស់​ពួកគេ ។ អ្នក​អាច​ដាក់​បង្ហាញ​ការណែនាំ​ខាង​ក្រោម ហើយ​លើកទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​ផែនការ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​គិត​អំពី​បញ្ហាប្រឈម​ដែល​អ្នក​កំពុង​ប្រឈមមុខ​ជាមួយ​ការ​រៀនសូត្រ ។ សូម​បំពេញ​ដូច​ត​ទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​អ្វី​ទៅ​នៅក្នុង​កិច្ចការ​សាលា​របស់​អ្នក​ដែល​អ្នក​មាន​ឆន្ទៈ​ព្យាយាម ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំណែក ? ត្រូវ​មាន​ភាពជាក់លាក់​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ។

អ្នក​អាច​សុំ​សិស្ស​ដែល​ស្ម័គ្រចិត្ដ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​ទទួល​ការ​បំផុសគំនិត​ឲ្យ​ធ្វើ ។ សូម​ពិចារណា​ចែកចាយ​សក្ខីភាព​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ទ្រង់​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​រួមបញ្ចូល​ទ្រង់​ទាំងទ្វេ​នៅក្នុង​ការរៀនសូត្រ​របស់​យើង ។