« ការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ ៖ គំរូរបស់ព្រះអង្គសង្គ្រោះអាចជួយនាំឲ្យជីវិតរបស់យើងមានរបៀបរៀបរយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ ៖ គំរូរបស់ព្រះអង្គសង្គ្រោះអាចជួយឲ្យជីវិតរបស់យើងមានរបៀបរៀបរយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជោគជ័យនៅក្នុងសាលា ៖ មេរៀនទី ១៩៥
ការយកឈ្នះលើការពន្យារពេល
ការរៀនដើម្បីចៀសវាងការពន្យារពេលក្នុងការធ្វើកិច្ចការសាលា
តើញឹកញាប់ប៉ុនណាដែលអ្នកមើលឃើញខ្លួនឯងមិនបានបញ្ចប់ភារកិច្ច ឬកិច្ចការដែលជាកិច្ចតម្រូវ ? ទោះបីជាយើងទាំងអស់គ្នាពុះពារនឹងការពន្យារពេលក៏ដោយ វាអាចជាការល្បួងទូទៅក្នុងការពន្យារពេលធ្វើកិច្ចការសាលា ។ នៅពេលយើងធ្វើការដើម្បីយកឈ្នះលើទំនោរនេះ នេះជាវិធីមួយដែលយើងស្តាប់តាមការព្រមានរបស់ព្រះអង្គសង្គ្រោះដើម្បីចៀសវាងការពន្យារពេល ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ។ មេរៀននេះអាចជួយសិស្សស្វែងរកវិធីដើម្បីយកឈ្នះលើការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលា ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយរៀបចំខ្លួនយកមកនូវហេតុផលមួយចំនួនដែលក្មេងជំទង់អាចពន្យារពេលធ្វើកិច្ចការសាលារបស់ពួកគេ ។ លើកទឹកចិត្តពួកគេឲ្យរៀបចំខ្លួនដើម្បីចែកចាយអ្វីដែលពួកគេបានធ្វើ ដើម្បីធ្វើកិច្ចការ និងការងារសាលារបស់ពួកគេឲ្យទាន់ពេលវេលា ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនាំទៅរកសកម្មភាព
ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាបើកការពិភាក្សាទូទៅអំពីការល្បួងឲ្យពន្យារពេល ។ អ្នកអាចនឹងសួរសំណួរដូចខាងក្រោម ។
-
តើកិច្ចការធម្មតាអ្វីខ្លះដែលក្មេងជំទង់មានទំនោរពន្យារពេលធ្វើ ?
-
តើមានហេតុផលអ្វីខ្លះដែលក្មេងជំទង់អាចផ្តល់ឲ្យ សម្រាប់ការពន្យារពេលលើរឿងទាំងនេះ ? តើអ្វីដែលអាចជាផលវិបាក ?
បន្ទាប់ពីការពិភាក្សា អ្នកអាចចែកចាយថាថ្ងៃនេះសិស្សនឹងមានឱកាសមួយដើម្បីផ្ដោតលើការយកឈ្នះលើការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់ពួកគេ ។
-
តើមានហេតុផលអ្វីខ្លះ ដែលវាអាចជាការលំបាកនៅក្នុងការចាប់ផ្តើម ឬបញ្ចប់ភារកិច្ច ឬកិច្ចការនានា ?
បន្ទាប់មក អ្នកអាចបង្ហាញរូបភាពពួកសាសន៍អ៊ីស្រាអែលកំពុងប្រមូលនំម៉ាន៉ា ។ ប្រសិនបើសិស្សបានសិក្សាមេរៀនទី ៤៧ រួចហើយ ៖ « និក្ខមនំ ១៦ » សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំ ។ ប្រសិនបើពួកគេមិនបានសិក្សាពីដំណើររឿងនេះទេ អ្នកអាចចែកចាយសេចក្ដីសង្ខេបខាងក្រោមដោយសង្ខេប ។
ការស្វែងរកអាហារនៅទីរហោស្ថានគឺជាការពិបាកសម្រាប់សាសន៍អ៊ីស្រាអែល ។ នៅព្រឹកមួយពួកគេបានភ្ញាក់ពីដំណេកហើយឃើញថា ព្រះអម្ចាស់បានប្រទានអាហារប្រចាំថ្ងៃដោយអព្ភូតហេតុ ដែលសាសន៍អ៊ីស្រាអែលហៅថានំម៉ាន៉ា ។
សូមអាន និក្ខមនំ ១៦:៤–៥, ១៤–១៥ ដោយរកមើលការណែនាំរបស់ព្រះអម្ចាស់ អំពីរបៀបប្រមូលនំម៉ាន៉ា ។
-
តើអព្ភូតហេតុនេះអាចបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ?
សូមអាន និក្ខមនំ ១៦:១៨–២២, ២៧ ដោយរកមើលផលវិបាកមួយចំនួនអំពីការពន្យារពេលការប្រមូលនំម៉ាន៉ា ឬមិនប្រមូលចំណែកទ្វេដងមួយថ្ងៃមុនថ្ងៃឈប់សម្រាក ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ?
សិស្សអាចនឹងចែកចាយថា ប្រសិនបើសាសន៍អ៊ីស្រាអែលទុកនំម៉ាន៉ានៅលើដីរហូតដល់ថ្ងៃបន្ទាប់ នំនោះក៏ « កើតមានដង្កូវ មានក្លិនស្អុយ » ( ខទី ២០ ) ។ ប្រសិនបើពួកគេមិនបានប្រមូលនៅពេលព្រឹក វានឹងរលាយអស់ ( ខទី ២១ ) ។ នំម៉ាន៉ានឹងមិនត្រូវបានប្រទានឲ្យនៅថ្ងៃឈប់សម្រាកនោះទេ ដូច្នេះការមិនប្រមូលចំណែកទ្វេដងទុកមុនមួយថ្ងៃនោះនឹងមានន័យថាពួកគេស្រេកឃ្លាន ( ខទី ២៧ ) ។
-
តើដំណើររឿងនេះអាចអនុវត្តចំពោះការល្បួងរបស់ក្មេងជំទង់ឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់ពួកគេយ៉ាងដូចម្តេច ?
សិស្សអាចចង្អុលបង្ហាញថា ស្រដៀងគ្នាទៅនឹងរបៀបដែលនំម៉ាន៉ានឹងផ្អូម ឬរលាយអស់ ប្រសិនបើមនុស្សពន្យារពេលក្នុងការប្រមូលវា ការពន្យារពេលធ្វើកិច្ចការសាលាអាចនាំទៅរកផលវិបាកអវិជ្ជមាន ឬសូម្បីតែខកខានឱកាស ។
-
តើមានផលវិបាកអ្វីខ្លះកើតចេញពីការពន្យារពេលធ្វើកិច្ចការសាលាដែលអ្នកឬអ្នកដទៃដែលអ្នកស្គាល់ ធ្លាប់បានឃើញ ?
ចូរកុំចំណាយពេលវេលារបស់អ្នកដោយឥតប្រយោជន៍ឡើយ
ដើម្បីជួយយើងឲ្យយល់អំពីសារៈសំខាន់នៃការយកឈ្នះលើការល្បួងឲ្យពន្យារពេល អែលឌើរ រែនដល ឃេ បិនណ្ណិត នៃពួកចិតសិបនាក់បានថ្លែងថា ៖
[ យើ ]ងត្រូវតតាំងនឹងទំនោរពីធម្មជាតិរបស់មនុស្សដើម្បីពន្យារពេល ឬចុះចាញ់ ។
នៅពេលយើងរីកចម្រើននៅលើផ្លូវសេចក្ដីសញ្ញា នោះយើងនឹងធ្វើកំហុសជាច្រើន ខ្លះច្រើនដង … ប៉ុន្តែសេចក្ដីជំនឿទៅលើព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ គឺជា គោលការណ៍នៃសកម្មភាព និង អំណាច ។ ប្រសិនបើយើងមានឆន្ទៈដើម្បីអនុវត្ត នោះយើងនឹងទទួលកម្លាំងដើម្បីប្រែចិត្ត ហើយផ្លាស់ប្ដូរ ។
យើងបរាជ័យប្រសិនបើយើងពុំព្រមដើរមួយជំហានទៀតទៅមុខដោយសេចក្ដជំនឿ ។ យើងនឹងមិន ហើយពុំអាចបរាជ័យឡើយ ប្រសិនបើយើងចូលនឹមរបស់ព្រះអង្គសង្គ្រោះដោយស្មោះត្រង់—ជាអង្គពុំដែលបរាជ័យ ហើយនឹងពុំទុកឲ្យយើងបរាជ័យឡើយ ! ( « Your Next Step » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៧៥ ) ( នាទីទី ៧:៣៧ ដល់ ៨:៣១ )
-
តើអ្នកនឹងសង្ខេបអំពីអ្វីដែលអែលឌើរ បិនណ្ណិត កំពុងបង្រៀនអំពីការយកឈ្នះលើការពន្យារពេលយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យកំណត់សេចក្តីពិតមួយ នៅពេលយើងប្រព្រឹត្តដោយសេចក្តីជំនឿលើទ្រង់ នោះព្រះអង្គសង្គ្រោះនឹងជួយយើងយកឈ្នះលើការល្បួងឲ្យពន្យារពេល ។ ដើម្បីជួយសិស្សឲ្យយល់ពីសេចក្តីពិតនេះ អ្នកអាចសួរសំណួរខាងក្រោមនេះ ៖
-
តើការយល់ដឹងអំពីសេចក្តីពិតនេះអាចជួយនរណាម្នាក់ដែលកំពុងព្យាយាមយកឈ្នះលើការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់ពួកគេដោយរបៀបណា ?
សូមពិចារណាប្រកបដោយការអធិដ្ឋានថាតើ អ្នក ធ្វើកិច្ចការសាលាបានទាន់ពេលប៉ុនណា ។ បន្ទាប់មក សូមបញ្ចប់សេចក្តីថ្លែងការណ៍ខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ខ្ញុំ ( តែងតែ ពេលខ្លះ កម្រ និងផ្សេងទៀត ) ពន្យារពេលធ្វើកិច្ចការសាលារបស់ខ្ញុំ ។ មូលហេតុមួយដែលខ្ញុំពន្យារពេលគឺ ។
សូមជួយសិស្សយល់ថា ការកំណត់នូវ មូលហេតុ ដែលយើងពន្យារពេលអាចជួយយើងកែទម្លាប់ដែលមិនមានប្រយោជន៍ ឬការពារវាពីការបង្កើតទម្លាប់នោះ ។ អ្នកអាចធានាដល់សិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានសន្យាថានឹងជួយយើងឲ្យរួចផុតពីការល្បួងដែលយើងប្រឈមមុខ ( សូមមើល កូរិនថូស ទី១ ១០:១៣ ) ។
ទោះបីជាវាជារឿងធម្មតាក្នុងការតស៊ូនឹងការពន្យារពេលក៏ដោយ យើងធ្វើសកម្មភាពដោយសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ នៅពេលយើងធ្វើការដើម្បីយកឈ្នះលើការល្បួងនេះ ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់ពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបង្កើនការខិតខំប្រឹងប្រែងរបស់អ្នក ដើម្បីយកឈ្នះលើការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់អ្នក ។
បង្កើនសមត្ថភាពរបស់អ្នកក្នុងការយកឈ្នះលើការពន្យារពេល
-
តើមានយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកបានសាកល្បង ដើម្បីជួយអ្នកឲ្យទប់ទល់នឹងការល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់អ្នក ?
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀន ។ ប្រសិនបើពួកគេត្រូវការជំនួយ អ្នកអាចចែកចាយយុទ្ធសាស្ត្រមួយចំនួនខាងក្រោម ។
-
ចំណាយពេលពីរបីនាទីរៀងរាល់ព្រឹក ដើម្បីអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ដោយការទូលសុំនូវព្រះចេស្ដារបស់ទ្រង់ដើម្បីជួយអ្នកចងចាំ និងសម្រេចកិច្ចការសាលា ។
-
កំណត់ពេលវេលាទៀងទាត់រៀងរាល់ថ្ងៃសម្រាប់ធ្វើកិច្ចការសាលា ។
-
ចំណាយពេលសម្រាករយៈពេលខ្លី និងទៀងទាត់ ដើម្បីធ្វើឲ្យគំនិតរបស់អ្នកស្រស់ស្រាយ និងផ្ដោតអារម្មណ៍ឡើងវិញ ។
-
កត់សម្គាល់ការរំខាន ហើយទុកវាចោលមួយឡែក ។ វាអាចរួមបញ្ចូលទូរសព្ទ កុំព្យូទ័រ ឬសៀវភៅ ។
-
រៀបចំក្រុមសិក្សាជាមួយមិត្តរួមថ្នាក់ដែលមានកិច្ចការសាលាដូចគ្នា ។
-
ស្វែងរកកន្លែងស្ងាត់ដើម្បីធ្វើការ ។ បរិស្ថានជុំវិញខ្លួនយើងអាចជះឥទ្ធិពលលើសមត្ថភាពក្នុងការផ្តោតរបស់យើង ។
-
ជ្រើសរើសនរណាម្នាក់ដែលអ្នកទុកចិត្ត ដែលអាចជួយអ្នកឲ្យផ្តោតអារម្មណ៍ និងបំពេញភារកិច្ច និងកិច្ចការនានា ។
-
រៀបចំផែនការផ្តល់រង្វាន់សម្រាប់ការសម្រេចកិច្ចការជាក់លាក់មួយ ដើម្បីអបអរសាទរភាពជោគជ័យ និងការខិតខំប្រឹងប្រែងរបស់អ្នក ។
បន្ទាប់ពីសិស្សបានកំណត់យុទ្ធសាស្ត្រមួយចំនួនដើម្បីយកឈ្នះលើការពន្យារពេលហើយ សូមពិចារណាបង្ហាញសាច់រឿង និងការណែនាំខាងក្រោម ។ អ្នកអាចផ្តល់សម្ភារសិល្បៈដល់សិស្សដើម្បីប្រើសម្រាប់ការដាក់បង្ហាញរបស់ពួកគេ ។
ម៉ាក កំពុងពន្យារពេល ( សិក្សាសម្រាប់ការធ្វើតេស្ត បញ្ចប់កិច្ចការ ឬគម្រោងមួយ និងអ្វីៗផ្សេងទៀត ) ដោយសារតែ ។
បង្កើតប័ណ្ណប្រកាស ឬក្រាហ្វិកព័ត៌មានដែលអាចជួយលើកទឹកចិត្តសិស្សដូចជាម៉ាក ឲ្យយកឈ្នះលើការល្បួងឲ្យពន្យារពេល ។ រួមបញ្ចូលចំណុចដូចខាងក្រោមនៅក្នុងប័ណ្ណប្រកាសរបស់អ្នក ។
-
វគ្គចំណេះចំណានខាងគោលលទ្ធិ ឬវគ្គបទគម្ពីរផ្សេងទៀត ដែលអាចជួយម៉ាក ឲ្យពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សម្រាប់ជំនួយដើម្បីយកឈ្នះលើការល្បួងនេះ ។
-
យុទ្ធសាស្ត្រមួយ ឬច្រើនដែលអ្នកមានអារម្មណ៍ថាមានប្រយោជន៍សម្រាប់ម៉ាកក្នុងការប្រើប្រាស់ ខណៈពេលដែលកំពុងយកឈ្នះលើការពន្យារពេល ។
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការស្វែងរកវគ្គបទគម្ពីរ អ្នកអាចចែកចាយគំរូដូចជា យ៉ូស្វេ ២៤:១៥; សុភាសិត ៣:៥–៦; គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៦–២៧; ៨៨:១២៤ ។ ឬពួកគេអាចបង្ហាញពីដំណើររឿងក្នុងព្រះគម្ពីរមួយដែលអាចបង្ហាញពីលទ្ធផលនៃការពន្យារពេល ដូចជារឿងនៃសាសន៍អ៊ីស្រាអែលប្រមូលនំម៉ាន៉ា ឬណូអេសង់ទូកធំ ( លោកុប្បត្តិ ៧:១–១០ ) ។
យើងអាចចាប់ផ្តើមថ្ងៃនេះ
ទុកពេលឲ្យក្រុមចែកចាយប័ណ្ណប្រកាសរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេបានមាន ដើម្បីយកឈ្នះលើការល្បួងឲ្យពន្យារពេល ។
សូមជញ្ជឹងគិតពីរបៀបមួយចំនួនដើម្បីយកឈ្នះការពន្យារពេល ដែលបានចែកចាយនៅថ្ងៃនេះ ។ ជ្រើសរើសយុទ្ធសាស្ត្រដែលអ្នកគិតថាមានប្រយោជន៍នៅពេលក្រោយដែលអ្នកត្រូវបានល្បួងឲ្យពន្យារពេលធ្វើកិច្ចការសាលារបស់អ្នកប្រកបដោយការអធិស្ឋាន ។ សរសេរយុទ្ធសាស្ត្រនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសបិត ឬផ្ញើសារទៅខ្លួនឯង ។
អ្នកអាចផ្តល់នូវឱកាសមួយដល់សិស្សដែលស័្មគ្រចិត្ដឲ្យចែកចាយនូវអ្វីដែលពួកគេមានចំណាប់អារម្មណ៍ដើម្បីសាកល្បង ។
វាអាចមានប្រយោជន៍ក្នុងការរំឭកសិស្សថា ការខិតខំណាមួយដើម្បីធ្វើឲ្យកាន់តែល្អ គឺជាការបង្ហាញពីសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ សូមជួយពួកគេឲ្យទទួលស្គាល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយយើងក្នុងការខិតខំប្រឹងប្រែងរបស់យើង សូម្បីតែពេលយើងមានការលំបាកក៏ដោយ ។