« ការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ ៖ គំរូរបស់ព្រះអង្គសង្គ្រោះអាចជួយនាំឲ្យជីវិតរបស់យើងមានរបៀបរៀបរយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ ៖ គំរូរបស់ព្រះអង្គសង្គ្រោះអាចជួយឲ្យជីវិតរបស់យើងមានរបៀបរៀបរយ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជោគជ័យនៅក្នុងសាលា ៖ មេរៀនទី ១៩៤
ការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ
គំរូរបស់ព្រះអង្គសង្គ្រោះអាចជួយឲ្យជីវិតរបស់យើងមានរបៀបរៀបរយ
តើអ្នករៀបចំ និងកំណត់អាទិភាពកិច្ចការដែលត្រូវធ្វើក្នុងមួយថ្ងៃៗបានល្អប៉ុនណា? ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយយើងនាំមកនូវរបៀបរៀបរយមកកាន់ជីវិតយើង ហើយប្រើប្រាស់ពេលវេលា និងធនធានរបស់យើងកាន់តែមានប្រសិទ្ធភាព ។ នៅពេលសិស្សព្យាយាមដាក់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជាអាទិភាព ពួកគេអាចបំពេញកិច្ចការសាលាបានប្រសើរជាង ពេលពួកគេព្យាយាមធ្វើតែម្នាក់ឯង ។ មេរៀននេះអាចជួយសិស្សឲ្យរៀនពីរបៀបដែលគំរូរបស់ព្រះអង្គសង្គ្រោះអាចជួយនាំមកនូវរបៀបរៀបរយដល់កិច្ចការសាលារបស់ពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃកិច្ចការសាលាដែលពួកគេនឹងត្រូវបញ្ចប់ក្នុងសប្តាហ៍នេះ ។ ការណ៍នេះអាចរួមបញ្ចូលទាំងកិច្ចការផ្ទះ ការប្រឡង គម្រោង ឬអំណានដែលបានចាត់តាំងទាំងឡាយ ( រួមទាំងថ្នាក់សិក្ខាសាលាផងដែរ ) ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការនាំយករបៀបរៀបរយទៅកាន់ភាពវឹកវរ
ដើម្បីចាប់ផ្តើមថ្នាក់ សូមពិចារណាបង្ហាញអ្វីមួយដែលតម្រូវឲ្យមានជំហានជាច្រើនដើម្បីបញ្ចប់ ( ដូចជារូបមន្តធ្វើម្ហូប ល្បែងផ្គុំរូប ឬគម្រោងធ្វើវាដោយខ្លួនឯង ) ។ សូមអញ្ជើញសិស្សឲ្យចែកចាយនូវវិធីផ្សេងៗមួយចំនួនដែលអ្នកអាចចាប់ផ្ដើមដើម្បីបំពេញកិច្ចការនេះ ។ ឧទាហរណ៍ ដើម្បីបញ្ចប់ល្បែងផ្គុំរូប មនុស្សម្នាក់អាចចាក់បំណែករូបចេញមកទាំងអស់ក្នុងពេលតែមួយ បំបែកបំណែកនៅគែមៗចេញជាមុន ឬតម្រៀបបំណែកតាមពណ៌ ។
-
ហេតុអ្វីបានជាវាអាចពិបាកក្នុងការរៀបចំ និងកំណត់អាទិភាពគម្រោងដែលមានជំហានជាច្រើនដើម្បីបញ្ចប់ ?
-
តើការណ៍នេះអាចដូចជាការរៀបចំ និងការផ្តល់អាទិភាពដល់កិច្ចការសាលាយ៉ាងដូចម្ដេច ?
ពរជ័យនៃការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ
វាអាចនឹងមានប្រយោជន៍ក្នុងការធានាដល់សិស្សថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជ្រាបថា ជីវិតរបស់យើងរវល់ ហើយទាមទារពេលវេលា និងការយកចិត្តទុកដាក់ច្រើន ។ តាមរយៈព្យាការីរបស់ទ្រង់ ទ្រង់ទាំងទ្វេបានទូន្មានយើងអំពីរបៀបដើម្បីដោះស្រាយតម្រូវការជាច្រើនដែលយើងប្រឈមមុខ ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយរកមើលសារៈសំខាន់នៃការខិតខំប្រឹងប្រែង ដើម្បីមានរបៀបរៀបរយក្នុងជីវិតរបស់យើង ៖
ទំនុកដំកើង ៣៧:២៣–២៤
កូរិនថូស ទី១ ១៤:៤០
គោលលទ្ធិ និងសេចក្តីសញ្ញា ២៨:១៣; ១៣២:៨
-
តើវគ្គបទគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបរៀបរយ ?
បន្ទាប់ពីសិស្សមានឱកាសឆ្លើយតបហើយ វាអាចមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា ព្រះយេស៊ូវគ្រីស្ទមានលំដាប់លំដោយ និងរបៀបរៀបរយនៅក្នុងកិច្ចការរបស់ទ្រង់ ។ តាមរយៈព្រះគម្ពីរ ទ្រង់អញ្ជើញយើងឲ្យធ្វើដូចគ្នាដែរ ( សូមមើល កូរិនថូស ទី១ ១៤:៤០; ម៉ូសាយ ៤:២៧ ) ។
ចេញពីខគម្ពីរទាំងនេះ សូមជួយសិស្សឲ្យទទួលស្គាល់ថា ការមានរបៀបរៀបរយនៅក្នុងជីវិតរបស់យើង ជួយយើងឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចផ្ដល់នូវការអញ្ជើញដូចខាងក្រោម ដើម្បីជួយសិស្សរបស់អ្នកស្វែងរកវិវរណៈផ្ទាល់ខ្លួន នៅពេលពួកគេសិក្សា ។
សូមពិចារណាប្រកបដោយការអធិដ្ឋានថាតើអ្នកមានរបៀបរៀបរយ និងការរៀបចំទុកដាក់បានច្រើនប៉ុនណាទាក់ទងនឹងភារកិច្ច និងកិច្ចការសាលារបស់អ្នក ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកមើលឃើញពីយុទ្ធសាស្ត្រនៃការរៀបចំ និងការកំណត់អាទិភាពដែលអាចបង្កើននូវភាពមានរបៀបរៀបរយក្នុងជីវិតរបស់អ្នក ។
ការបង្កបង្កើត ៖ លំនាំនៃរបៀបរៀបរយ
សូមពិចារណាបង្ហាញរូបភាពនៃស្ថានសួគ៌ និងផែនដីរបស់យើង ។ នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ដំណើររឿងនៃការបង្កើតផែនដីរបស់ព្រះអង្គសង្គ្រោះអាចបង្រៀនយើងអំពីយុទ្ធសាស្ត្រដើម្បីរៀបចំកិច្ចការ និងអាទិភាពរបស់យើងឲ្យកាន់តែប្រសើរឡើង ។
-
ហេតុអ្វីបានជាការរៀបចំនិងការមានរបៀបរៀបរយមានសារៈសំខាន់ កាលព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) បានបង្កើតផែនដី ?
រួចហើយសូមដាក់បង្ហាញនូវការណែនាំដូចតទៅនេះដល់សិស្ស ។ ពិចារណារៀបចំសិស្សជាក្រុមតូចៗសម្រាប់សកម្មភាពនេះ ។
សូមអាន អ័ប្រាហាំ ៤:១–២៥; ៥:២–៣ ។ សូមពិចារណាសំណួរខាងក្រោមនៅពេលអ្នកសិក្សា ។
-
តើព័ត៌មានលម្អិតអ្វីខ្លះដែលអ្នករកឃើញ ដែលអាចមានប្រយោជន៍នៅពេលយើងរៀបចំកិច្ចការ និងអាទិភាពនានា ?
-
តើមានរឿងអ្វីខ្លះដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើ ដើម្បីនាំមកនូវរបៀបរៀបរយដល់ដំណើរការនៃការបង្កបង្កើត ? ( ឧទាហរណ៍ ៖ តើទ្រង់ទាំងទ្វេធ្វើអ្វីមុនគេ ? តើទ្រង់ទាំងទ្វេចាប់ផ្ដើមកិច្ចការធំៗដោយរបៀបណា ? )
-
ហេតុអ្វីបានជាអ្នកគិតថាវាសំខាន់សម្រាប់ទ្រង់ទាំងទ្វេក្នុងការចំណាយពេលដើម្បីព្រះតម្រិះពិចារណា និងសព្វព្រះទ័យថាកិច្ចការរបស់ទ្រង់ទាំងទ្វេគឺ « ល្អ » ? ( សូមមើល អ័ប្រាហាំ ៤:២១ ) ។
ការប្រដូចការបង្កបង្កើតទៅនឹងជីវិតរបស់យើង
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រារបៀបមួយចំនួនដែលដំណើររឿងនៃការបង្កបង្កើតអាចជួយនរណាម្នាក់រៀបចំកិច្ចការសាលារបស់ពួកគេបាន ។
នៅពេលយើងប្រដូចព្រះគម្ពីរទៅនឹងខ្លួនយើង យើងសិក្សាដំណើររឿងដែលបានផ្ដល់ឲ្យដោយរកមើលសេចក្ដីលម្អិតដែលហាក់ដូចជាសំខាន់ ដោយការប្រៀបធៀបសេចក្ដីលម្អិតទាំងនោះទៅនឹងកាលៈទេសៈរបស់យើង ស្វែងរកមេរៀនដ៏មានតម្លៃ និងអនុវត្តវាក្នុងជីវិតរបស់យើង ។ សិស្សអាចនឹងមើលឃើញព័ត៌មានលម្អិតខាងក្រោមពី អ័ប្រាហាំ ៤–៥ ដែលអាចអនុវត្តចំពោះការខិតខំរបស់ពួកគេក្នុងការរៀបចំកិច្ចការ និងអាទិភាពនានា ។ ប្រសិនបើសិស្សត្រូវការការណែនាំបន្ថែម អ្នកអាចចង្អុលបង្ហាញខគម្ពីរ និងឃ្លាខាងក្រោម ។
« ចូរឲ្យមានពន្លឺឡើង » ( សូមមើល អ័ប្រាហាំ ៤:១–៤ ) ។ សិស្សអាចនឹងទទួលស្គាល់ថា វាសំខាន់ណាស់ដើម្បីមានពន្លឺនៃព្រះគ្រីស្ទក្នុងជីវិតរបស់ពួកគេ ។
« ហើយក៏មានដូច្នោះ ដូចដែលព្រះទាំងឡាយទ្រង់បានបញ្ជាមែន » ( អ័ប្រាហាំ ៤:៧ ) ។ ជាមួយនឹងជំហាននីមួយៗនៃការងាររបស់យើង យើងអាចកំណត់កិច្ចការសំខាន់ៗបំផុត ហើយដាក់អាទិភាពលើការបញ្ចប់កិច្ចការទាំងនោះ មុនពេលបន្តទៅធ្វើកិច្ចការផ្សេងទៀត ។
« តស់ ចូរយើងរៀបចំផែនដីឲ្យដុះតិណជាតិឡើង ជាពួកស្មៅ » ( អ័ប្រាហាំ ៤:១១ ) ។ ការរៀបចំដីសម្រាប់ការដាំដុះអាចប្រៀបធៀបទៅនឹងការបំបែកកិច្ចការធំៗ ទៅជាជំហានតូចៗ ដែលអាចគ្រប់គ្រងបានល្អជាង ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកត់សម្គាល់ « ហើយថាគម្រោងការណ៍របស់ព្រះទ្រង់នោះល្អ » ( អ័ប្រាហាំ ៤:២១ ) ។ ដូចគ្នានេះដែរ យើងអាចកត់សម្គាល់នូវអ្វីដែល « ល្អ » នៅក្នុងជីវិតរបស់យើង ( អ្វីដែលអ្នកបានសម្រេចបាន ) និងអបអរសាទរដល់សមិទ្ធផលរបស់យើង ។
« [ យើ ]ង នឹងសម្រាក » ( អ័ប្រាហាំ ៥:២ ) ។ យើងអាចញែកថ្ងៃឈប់សម្រាកជាថ្ងៃសម្រាកពីការងាររបស់យើង ។
-
តើព័ត៌មានលម្អិតដែលអ្នកបានរកឃើញអាចជួយអ្នកឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះបានប្រសើរជាងមុន នៅពេលអ្នកព្យាយាមរៀបចំកិច្ចការសាលារបស់អ្នកដោយរបៀបណា ?
ដើម្បីជួយសិស្សឲ្យវាយតម្លៃចំណុចខ្លាំង និងចំណុចខ្សោយនៃការរៀបចំកិច្ចការសាលារបស់ពួកគេ អ្នកអាចបង្ហាញការណែនាំដូចខាងក្រោម ។ សិស្សមួយចំនួនរបស់អ្នកអាចមានអារម្មណ៍បាក់ទឹកចិត្ត នៅពេលដែលពួកគេបំពេញស្វ័យវាយតម្លៃនេះ ។ សូមធានាដល់ពួកគេថា ក្នុងនាមជាបុត្របុត្រីរបស់ព្រះ ទ្រង់ស្រឡាញ់យើង អត់ធ្មត់នឹងការរីកចម្រើនរបស់យើង ហើយមានព្រះទ័យចង់ជួយយើងឲ្យប្រសើរឡើង ។
សូមចំណាយពេលបន្តិច ដើម្បីវាយតម្លៃប្រកបដោយការអធិស្ឋានថា តើសេចក្តីថ្លែងការណ៍នីមួយៗពិពណ៌នាបានត្រឹមត្រូវប៉ុនណាអំពីរបៀបដែលអ្នករៀបចំកិច្ចការ និងអាទិភាពនានានាពេលបច្ចុប្បន្ន ( ពិតណាស់ ពិតខ្លះ មិនពិត ) ។
-
ខ្ញុំផ្តល់អាទិភាពដល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទក្នុងជីវិតខ្ញុំ ដោយធ្វើកិច្ចការដូចជាការសិក្សាព្រះគម្ពីរជាទៀងទាត់ និងការអធិស្ឋានផ្ទាល់ខ្លួនដើម្បីជួយខ្ញុំពេញមួយថ្ងៃពេលខ្ញុំនៅសាលា ។
-
ខ្ញុំតាមដានកិច្ចការសាលា ហើយដាក់បញ្ជូនកិច្ចការទាំងនោះទាន់ពេល ។
-
ខ្ញុំរៀបចំទុកជាមុនសម្រាប់ការប្រឡង និងគម្រោងធំៗ ។
-
សៀវភៅកត់ត្រាក្នុងថ្នាក់របស់ខ្ញុំ កាបូបស្ពាយ សៀវភៅ និងកិច្ចការផ្ទះមានរបៀបរៀបរយ ។
-
ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើការយ៉ាងខ្ជាប់ខ្ជួនលើលំហាត់ធំៗ ហើយមិនទុកកិច្ចការទាំងនោះចោលរហូតដល់ជិតអស់ពេលនោះទេ ។
-
ខ្ញុំមានអារម្មណ៍ស្រណុកចិត្ដក្នុងការនិយាយជាមួយគ្រូរបស់ខ្ញុំ នៅពេលដែលខ្ញុំមានសំណួរ ឬត្រូវការជំនួយបន្ថែម ។
អ្នកអាចជ្រើសរើសផ្នែកមួយដែលអ្នកទទួលស្គាល់ថាអ្នកពិបាកក្នុងការផ្តោតលើ នៅក្នុងសកម្មភាពបន្ទាប់ ។
អនុវត្តការរៀបចំកិច្ចការ និងអាទិភាពទាំងឡាយ
ការអនុវត្តការរៀបចំ និងការកំណត់អាទិភាពកិច្ចការសាលារបស់ពួកគេ អាចជួយសិស្សបង្កើនរបៀបរៀបរយនៅក្នុងជីវិតរបស់ពួកគេ ។
របៀបមួយដើម្បីជួយសិស្សឲ្យអនុវត្តជំនាញទាំងនេះគឺផ្តល់ឲ្យពួកគេនូវច្បាប់ចម្លងនៃសំណៅមេរៀន ៖ « ការរៀបចំ និងការផ្តល់អាទិភាពដល់កិច្ចការសាលារបស់ខ្ញុំ » ។
សូមអញ្ជើញសិស្សឲ្យបំពេញសកម្មភាពមួយចំនួន ឬទាំងអស់នៅលើសំណៅមេរៀន ។ សកម្មភាពនេះអាចធ្វើជាមួយនឹងក្រុមតូចៗ ឬដៃគូ ។ បន្ទាប់មក សិស្សអាចចែកចាយគំនិតដែលបានជួយពួកគេឲ្យមានការរៀបចំកាន់តែល្អ ជាមួយអ្នកដទៃ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ អ្នកអាចអញ្ជើញអ្នកតំណាងសម្រាប់ក្រុមនីមួយៗឲ្យចែកចាយនូវរឿងមួយចំនួនដែលក្រុមបានពិភាក្សាក្នុងអំឡុងពេលធ្វើសកម្មភាពក្នុងសំណៅមេរៀន ។ នៅពេលសិស្សដាក់ផែនការដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអំពីការរៀបចំ អ្នកប្រហែលជាចង់ចង្អុលបង្ហាញថារបៀបមួយក្នុងចំណោមរបៀបទាំងអស់ដែលព្រះវរបិតាសួគ៌ប្រាស្រ័យទាក់ទងជាមួយយើងគឺដោយការជួយយើងឲ្យស្គាល់នូវគំនិតដែលយើងចង់សាកល្បង ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេររឿងមួយដែលអ្នកចង់សាកល្បងដើម្បីចាត់ចែង និងដាក់អាទិភាពកិច្ចការសាលារបស់អ្នកបានកាន់តែប្រសើរឡើង ។
-
តើអ្នកអាចយាងអញ្ជើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទឲ្យលើកតម្កើងការខិតខំប្រឹងប្រែងរបស់អ្នកដោយរបៀបណា ?
សូមធានាដល់សិស្សថា ការខិតខំដើម្បីចាត់ចែង និងកំណត់អាទិភាពដល់កិច្ចការសាលាឲ្យបានកាន់តែប្រសើរឡើង អាចនឹងត្រូវការការព្យាយាមម្តងហើយម្តងទៀត ។ អ្នកអាចនឹងចែកចាយសក្ខីភាពរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេ ហើយនឹងពង្រឹងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង ។