« ការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់អ្នក ៖ ចៀសវាងការដោះសារ ហើយទៅធ្វើសកម្មភាពដើម្បីទទួលបានការអប់រំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់អ្នក ៖ ចៀសវាងការដោះសារ ហើយទៅធ្វើសកម្មភាពដើម្បីទទួលបានការអប់រំ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជោគជ័យនៅក្នុងសាលា ៖ មេរៀនទី ១៩៣
ការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់អ្នក
ការចៀសវាងការដោះសារ ហើយទៅធ្វើសកម្មភាពដើម្បីទទួលបានការអប់រំ
នៅពេលការងារសាលារឹតតែពិបាក ជួនកាលយើងធ្វើការដោះសារ ហើយគេចវេះពីការធ្វើសកម្មភាព។ នៅពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយទទួលខុសត្រូវចំពោះការសិក្សារបស់យើង នោះយើងនឹងបង្កើនប្រាជ្ញាដូចទ្រង់បានបង្កើនដែរ ( សូមមើល លូកា ២:៥២ ) ។ មេរៀននេះអាចជួយសិស្សឲ្យកំណត់នូវសកម្មភាពដែលអាចជួយឲ្យពួកគេទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតអំពីកិច្ចខិតខំផ្នែកអប់រំរបស់ពួកគេជាមួយនឹងសំណួរដូចខាងក្រោម ៖
សកម្មភាពរៀនសូត្រដែលអាចមាន
ការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់យើង
សូមអញ្ជើញសិស្សឲ្យបង្កើតសាច់រឿងអំពីក្មេងជំទង់ និងការសម្រេចចិត្តមិនល្អដែលពួកគេបានធ្វើអំពីកិច្ចការសាលារបស់ពួកគេ ។ ឧទាហរណ៍ ក្មេងជំទង់មិនបានសិក្សាសម្រាប់ការប្រឡង មករៀនយឺតយ៉ាវ ខកខានមិនធ្វើកិច្ចការសាលាសំខាន់ៗ ឬមិនដាក់លំហាត់តែងសេចក្ដីឲ្យគ្រូកែ ។ អ្នកអាចឲ្យសិស្សគូររូបមនុស្សចង្កឹះមួយនៅលើក្ដារខៀន ដាក់ឈ្មោះឲ្យក្មេងជំទង់ម្នាក់ ហើយសរសេរការសម្រេចចិត្តមិនល្អរបស់ពួកគេនៅក្រោមរូបមនុស្សចង្កឹះនោះ ។
បន្ទាប់មក អ្នកអាចសរសេរ លេសដោះសារ នៅពីលើរូបមនុស្សចង្កឹះ ។ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមជុំវិញរូបមនុស្សចង្កឹះនៅលើក្ដារខៀន ។
-
តើក្មេងជំទង់អាចធ្វើការដោះសារអ្វីខ្លះសម្រាប់ការសម្រេចចិត្តមិនល្អនេះ ?
-
តើហេតុអ្វីបានជាអ្នកគិតថាពេលខ្លះយើងរកលេសដោះសារសម្រាប់ជម្រើសបែបទាំងនេះ ?
ប្រធាន រ័សុល អិម ណិលសុន និង អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនសេចក្ដីពិតសំខាន់ៗ ដែលមានប្រយោជន៍ក្នុងការចងចាំ នៅពេលដែលយើងអាចត្រូវបានល្បួងឲ្យរកលេសដោះសារសម្រាប់ជម្រើសមិនល្អនៅក្នុងសាលារៀន ។
ការអប់រំគឺជាអ្វីដែលអ្នកត្រូវទទួល ។ គ្មាននរណាផ្សេងអាចទទួលវាសម្រាប់អ្នកបានឡើយ ។ ទោះបីអ្នកនៅទីណាក៏ដោយ សូមអភិវឌ្ឍបំណងប្រាថ្នារៀនសូត្រដ៏ជ្រាលជ្រៅរបស់អ្នក ។ សម្រាប់យើងក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ការទទួលបានការអប់រំមិនមែនគ្រាន់តែជាឯកសិទ្ធិប៉ុណ្ណោះនោះទេ វាក៏ជាការទទួល ខុសត្រូវខាងសាសនាផងដែរ ។ ( « Will You Choose to Increase in Learning? » New Era ខែកញ្ញា ឆ្នាំ២០១៤ ទំព័រ ២ )
ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ឱកាសទទួលខុសត្រូវខ្លួនឯង គឺជាអំណោយទានដែលប្រទានឲ្យដោយព្រះ បើគ្មានវា នោះយើងពុំអាចសម្រេចសក្ដានុពលពេញលេញរបស់យើង ក្នុងនាមជាបុត្រី និងបុត្រារបស់ព្រះបានឡើយ ។ ( « Free Forever, to Act for Themselves » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ១៨ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍ទាំងនេះ ?
-
ហេតុអ្វីបានជាវាសំខាន់ក្នុងការមានការទទួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់ការរៀនសូត្ររបស់យើង ?
សូមពិចារណាជួយសិស្សឲ្យស្គាល់សេចក្តីពិតខាងក្រោមដោយសរសេរវានៅជាប់នឹងគំនូរនៅលើក្ដារខៀន ៖ ការទទួលទំនួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់ការរៀនសូត្ររបស់យើង ជួយយើងឲ្យដឹងពីសក្តានុពលពេញលេញរបស់យើងក្នុងនាមជាបុត្រី និងបុត្រារបស់ព្រះ ។
-
តើមានរឿងជាក់លាក់អ្វីខ្លះដែលក្មេងជំទង់អាចធ្វើបាន ដើម្បីទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ?
-
តើការទទួលខុសត្រូវលើការរៀនសូត្ររបស់យើងអាចជួយយើងឲ្យក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះបានដោយរបៀបណា ?
នៅពេលសិស្សឆ្លើយសំណួរខាងលើ អ្នកអាចនឹងអញ្ជើញពួកគេឲ្យចែកចាយគុណលក្ខណៈដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញ នៅពេលទ្រង់បានទទួលខុសត្រូវក្នុងការងារបម្រើ និងបេសកកម្មរបស់ទ្រង់ ( ដូចជាសេចក្តីឧស្សាហ៍ព្យាយាម ចិត្តសុភាពរាបសា និងសេចក្តីស្រឡាញ់ ) ។
សូមចំណាយពេលបន្តិចដើម្បីគិតអំពីរបៀបដែលការអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទអាចជួយអ្នកឲ្យយកឈ្នះលើការដោះសារ ហើយទទួលខុសត្រូវចំពោះការរៀនសូត្ររបស់អ្នក ។ សូមស្តាប់រកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកសម្គាល់គុណលក្ខណៈដែលអ្នកអាចអភិវឌ្ឍ ឬសកម្មភាពដែលអ្នកអាចធ្វើបាន ដើម្បីទទួលខុសត្រូវចំពោះកិច្ចការសាលារបស់អ្នក ។
គំរូចេញពីបទគម្ពីរអំពីការទទួលខុសត្រូវ
ដើម្បីជួយសិស្សឲ្យរកឃើញសេចក្តីពិតអំពីការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ពួកគេ អ្នកអាចអញ្ជើញពួកគេឲ្យបំពេញសំណៅមេរៀន « ការទទួលខុសត្រូវ » ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលដំណើររឿងនៅលើសំណៅមេរៀននេះអាចអនុវត្តចំពោះពួកគេ ។ អ្នកអាចរៀបចំសិស្សជាក្រុមតូចៗ ហើយអញ្ជើញសិស្សមួយចំនួនក្នុងក្រុមនីមួយៗឲ្យអាន និងឆ្លើយតបទៅនឹងសំណួរសម្រាប់ដំណើររឿងរបស់ដាវីឌ ខណៈសិស្សផ្សេងទៀតសិក្សាដំណើររឿងប្រៀបប្រដូចអំពីប្រាក់។
ចំណាំ ៖ ផ្នែកចុងក្រោយនៃសំណៅមេរៀននឹងត្រូវប្រើនៅពេលក្រោយនៅក្នុងមេរៀន ។
ក្រោយពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយជាមួយសិស្សក្នុងថ្នាក់អំពីអ្វីដែលពួកគេបានរៀន ។
ការយកឈ្នះលើការដោះសារដើម្បីទទួលខុសត្រូវចំពោះការរៀនសូត្រ
ដើម្បីជួយសិស្សរៀបចំខ្លួនមើលទៅជីវិតរបស់ពួកគេ ហើយយកឈ្នះលើការដោះសារដែលពួកគេអាចនឹងកំពុងធ្វើ វាអាចមានប្រយោជន៍ក្នុងការធ្វើសកម្មភាពខាងក្រោមជាថ្នាក់ទាំងមូល ។
សូមគិតពីក្មេងជំទង់ដែលនៅពីដើមមេរៀន ។ សូមគិតពិចារណាអំពីអ្វីដែលអ្នកបានរៀនពីព្រះគម្ពីរ និងបទពិសោធន៍ផ្ទាល់ខ្លួនអំពីការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់អ្នក ។ ជួយក្មេងជំទង់នេះដោយការផ្ដល់យោបល់អំពីគុណលក្ខណៈដូចជាព្រះគ្រីស្ទ និងសកម្មភាពដែលបង្ហាញពីឆន្ទៈក្នុងការទទួលខុសត្រូវចំពោះការរៀនសូត្រ ដែលតទល់នឹងលេសដោះសារនៅលើក្តារខៀន ។
មុនពេលពួកគេចាប់ផ្តើម វាអាចមានប្រយោជន៍ក្នុងការផ្តល់ឧទាហរណ៍ដល់សិស្ស ។ លេសដោះសារសម្រាប់ការមកយឺតអាចជា « ម៉ាក់ខ្ញុំមិនបានដាស់ខ្ញុំទាន់ពេលវេលា » ។ សិស្សអាចផ្ដល់យោបល់ថា « ខ្ញុំនឹងមានទំនួលខុសត្រូវដូចព្រះអង្គសង្គ្រោះ ហើយកំណត់ម៉ោងរោទិ៍ ដើម្បីប្រាកដថាខ្ញុំទៅសាលាទាន់ពេល » ។ អ្នកអាចសរសេរយោបល់ណែនាំរបស់សិស្សនៅជិតលេសដោះសារនីមួយៗ ។
-
តើព្រះអង្គសង្គ្រោះអាចជួយយើងក្នុងការខិតខំរបស់យើងក្នុងការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់យើងបានយ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សដែលស្ម័គ្រចិត្ដឲ្យចែកចាយអ្វីដែលពួកគេបានធ្វើក្នុងជីវិតរបស់ពួកគេដើម្បីធ្វើការទទួលខុសត្រូវផ្ទាល់ខ្លួនលើការរៀនសូត្ររបស់ពួកគេ ។ នៅពេលពួកគេចែកចាយ សូមសរសើរសិស្សចំពោះការខិតខំប្រឹងប្រែងដែលពួកគេកំពុងធ្វើ ។
ការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់ខ្ញុំ
សូមអញ្ជើញសិស្សឲ្យបំពេញផ្នែកចុងក្រោយនៃសំណៅមេរៀន អ្នកអាចចែកចាយដំណើររឿងខាងក្រោមជាមួយពួកគេ នៅពេលពួកគេស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីទទួលខុសត្រូវលើការរៀនសូត្ររបស់ពួកគេ ។
នៅពេលអ្នកស្វែងរកវិវរណៈពីព្រះវរបិតាសួគ៌អំពីរបៀបកែលម្អ នោះព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតអ្នកអំពីការផ្លាស់ប្ដូរដែលចាំបាច់ ។ យើងក៏អាចចងចាំបានដែរថា យើងមិនចាំបាច់ធ្វើវាទាំងអស់ដោយខ្លួនឯងនោះទេ ។ យើងអាចស្វែងរកជំនួយរបស់ព្រះអង្គសង្គ្រោះបាន ( សូមមើល អេសាយ ៤១:១០ ) ។
សូមពិចារណាអញ្ជើញសិស្សដែលស្ម័គ្រចិត្ដឲ្យចែកចាយនូវអ្វីដែលពួកគេទទួលអារម្មណ៍បំផុសគំនិតឲ្យចែកចាយ ។ អ្នកអាចចែកចាយឧទាហរណ៍មួយចេញពីជីវិតរបស់អ្នកអំពីការទទួលខុសត្រូវចំពោះការរៀនសូត្ររបស់អ្នក ។ សូមលើកទឹកចិត្តសិស្សឲ្យយកសំណៅមេរៀនរបស់ពួកគេទៅផ្ទះដើម្បីជួយពួកគេចងចាំនូវអ្វីដែលពួកគេត្រូវបានបំផុសគំនិតឲ្យធ្វើនៅថ្ងៃនេះ ។