« ការធ្វើការប្រៀបធៀប ៖ ធ្វើការប្រៀបធៀបដើម្បីស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ចេញពីព្រះគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការធ្វើការប្រៀបធៀប ៖ ធ្វើការប្រៀបធៀបដើម្បីស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ចេញពីព្រះគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជំនាញសិក្សាព្រះគម្ពីរ៖ មេរៀនទី ១៧០
ការធ្វើការប្រៀបធៀប
ធ្វើការប្រៀបធៀបដើម្បីស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ចេញពីព្រះគម្ពីរ
ទេវតាបានប្រាប់ទៅនីហ្វៃថា ព្រះគម្ពីរមាននូវសេចក្តីពិត « ដ៏ច្បាស់ និងពិសេសៗ » ( នីហ្វទី១ ១៣:២៦ ) ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះវាអាចជាការលំបាកក្នុងការស្វែងរកសេចក្តីពិតទាំងនេះ ឬមានអារម្មណ៍ថា បទគម្ពីរនេះប្រកបដោយអត្ថន័យ ។ ការធ្វើការប្រៀបធៀបរវាងដំណើររឿងក្នុងព្រះគម្ពីរផ្សេងៗគ្នា គំនិត និងមនុស្ស គឺជាជំនាញមួយដែលអាចជួយយើងស្វែងរកសេចក្តីពិតដ៏ច្បាស់ និងពិសេសៗ មកពីព្រះយេស៊ូវគ្រីស្ទ និងទទួលបានពរជ័យពីបន្ទូលរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សធ្វើការប្រៀបធៀបនៅក្នុងព្រះគម្ពីរដើម្បីស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យសិក្សា ម៉ូសេ ៤:១–២ ដោយរកមើលភាពស្រដៀងគ្នា និងភាពខុសគ្នាដែលពួកគេមើលឃើញរវាងព្រះយេស៊ូវគ្រីស្ទ និងសាតាំង ។ សូមអញ្ជើញពួកគេឲ្យជញ្ជឹងគិតពីមូលហេតុដែលវាអាចមានប្រយោជន៍ដើម្បីធ្វើការប្រៀបធៀបនៅក្នុងព្រះគម្ពីរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ស្ករ និងអំបិល
សូមពិចារណាយកស្ករ និងអំបិលមកថ្នាក់រៀន ហើយអនុញ្ញាតឲ្យសិស្សម្នាក់ ឬពីរនាក់ភ្លក់រសជាតិបន្តិចបន្តួចពីរសជាតិនីមួយៗ ។ អ្នកក៏អាចបង្ហាញរូបភាពនៃសារធាតុទាំងនេះដូចដែលបានបង្ហាញខាងក្រោម ។ ជាជម្រើសមួយផ្សេងទៀត អ្នកអាចធ្វើសកម្មភាពដូចគ្នាជាមួយភេសជ្ជៈដែលមានជាតិផ្អែម ដូចជាទឹកផ្លែឈើ និងអ្វីដែលជូរ ដូចជាទឹកខ្មេះ ។
-
តើអំបិល និងស្ករស្រដៀងគ្នាយ៉ាងដូចម្តេច ? តើវាខុសគ្នាយ៉ាងដូចម្ដេច ?
-
តើការប្រៀបធៀបអំបិលជាមួយស្ករអាចជួយអ្នកឲ្យយល់ពីពួកវាកាន់តែច្បាស់ដោយរបៀបណា ?
ស្រដៀងគ្នានេះដែរ នៅពេលយើងធ្វើការប្រៀបធៀបនៅក្នុងបទគម្ពីរ យើងអាចយល់កាន់តែច្បាស់ និងអរគុណចំពោះការបង្រៀនដ៏មានតម្លៃជាច្រើនរបស់ព្រះអង្គសង្គ្រោះ ។ យើងអាចមើលឃើញយ៉ាងច្បាស់ពីរបៀបដែលទ្រង់ប្រទានពរដល់ជីវិតរបស់យើង នៅពេលយើងរស់នៅតាមការបង្រៀនទាំងនេះ ។
នៅពេលអ្នករៀនអំពីឧបករណ៍សិក្សាព្រះគម្ពីរនេះ ត្រូវបើកចិត្តចំពោះចំណាប់អារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកឲ្យស្គាល់ពីរបៀបដែលអ្នកអាចធ្វើឲ្យការសិក្សាព្រះគម្ពីររបស់អ្នកកាន់តែមានអត្ថន័យ ។
ជំនាញ ៖ ការធ្វើការប្រៀបធៀប
ដើម្បីជួយសិស្សរៀនជំនាញសិក្សាព្រះគម្ពីរនេះ នោះមេរៀននេះត្រូវបានរៀបចំជាផ្នែកដូចខាងក្រោម ៖ « កំណត់និយមន័យ » ( ស្វែងរកជំនាញ ) « គំរូ » ( ផ្តល់ឧទាហរណ៍ដល់សិស្ស និងណែនាំពួកគេតាមរយៈជំនាញនេះ ) និង « អនុវត្ត » ( ផ្តល់ឱកាសឲ្យសិស្សអនុវត្តជំនាញនេះ ) ។
កំណត់និយមន័យ
សូមអាន ឬសង្ខេបដូចខាងក្រោមនេះ ។
ការធ្វើការប្រៀបធៀបនៅក្នុងព្រះគម្ពីរមានន័យថា កត់សម្គាល់ពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងដំណើររឿង គំនិត ឬមនុស្ស ។ ការប្រៀបធៀបទាំងនេះអាចជួយយើងស្វែងរកសេចក្តីពិតដែលមិនបរិយាយច្បាស់លាស់ ( សេចក្តីពិតដែលបើមិនធ្វើការប្រៀបធៀបទេ នោះយើងមិនអាចយល់បានឡើយ ) ។ យើងអាចធ្វើការប្រៀបធៀបនៅក្នុងខគម្ពីរ ក្នុងជំពូកតែមួយ ឬនៅទូទាំងគម្ពីរជាច្រើន ។
ការសួរខ្លួនឯងនូវសំណួរខាងក្រោមអាចជួយអ្នកធ្វើការប្រៀបធៀបក្នុងអំឡុងពេលសិក្សាព្រះគម្ពីររបស់អ្នក ៖
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ។ សិស្សនឹងយោងទៅវាពេញមួយមេរៀននេះ ។
-
តើដំណើររឿង គំនិត ឬមនុស្សស្រដៀងគ្នានៅក្នុងដំណើររឿងនេះយ៉ាងដូចម្តេច ? តើវាខុសគ្នាយ៉ាងដូចម្ដេច ?
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីការប្រៀបធៀបនេះ ?
-
តើអ្វីដែលខ្ញុំរៀនពីការប្រៀបធៀបនេះអាចជួយខ្ញុំសព្វថ្ងៃនេះបានយ៉ាងដូចម្តេច ?
-
តើអ្វីដែលខ្ញុំរៀនអាចជួយខ្ញុំស្រឡាញ់ ឬធ្វើតាមព្រះអម្ចាស់បន្ថែមទៀតដោយរបៀបណា ?
គំរូ
ដើម្បីរៀបចំសិស្សអ្នកឲ្យអនុវត្តជំនាញនេះដោយខ្លួនឯង វានឹងមានប្រយោជន៍ក្នុងការណែនាំពួកគេជាដំបូង ដោយប្រើដំណើររឿងក្នុងព្រះគម្ពីរ ។ សូមពិចារណាធ្វើដូចនេះដោយប្រើដំណើររឿងនៃក្រុមប្រឹក្សាស្ថានសួគ៌ពីមុនជីវិតនេះ ដោយពិចារណាសកម្មភាពរបស់ព្រះយេស៊ូវគ្រីស្ទ និងសាតាំង ។ អ្នកអាចជ្រើសរើសប្រើដំណើររឿងផ្សេង ដូចជាដំណើររឿងខាងក្រោមនេះ ៖
-
ប្រជាជនក្នុងសម័យហេណុក ( ម៉ូសេ ៧:១៧–១៩ ) និងប្រជាជនក្នុងសម័យណូអេ ( ម៉ូសេ ៨:២៨–៣០ )
-
ការជ្រើសរើសរបស់អ័ប្រាហាំ និងឡុត ថាតើដីមួយណាដែលត្រូវរស់នៅ ( លោកុប្បត្តិ ១៣:៨–១៣ )
សូមពិចារណាដាក់បង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍នេះ ។
នៅក្នុងក្រុមប្រឹក្សាស្ថានសួគ៌ពីមុនជីវិតនេះ ព្រះវរបិតាសួគ៌បានបង្ហាញផែនការទ្រង់សម្រាប់សេចក្តីសង្រ្គោះនៃបុត្រាបុត្រីរបស់ទ្រង់ ។ ផែនការរបស់ទ្រង់នឹងតម្រូវឲ្យមានព្រះអង្គសង្រ្គោះ ។
សូមពិចារណាយោងទៅសំណួរទាំងបួនដែលបានដាក់បង្ហាញពីមុននេះ ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា នៅពេលពួកគេអានខគម្ពីរខាងក្រោម ។
សូមអាន ម៉ូសេ ៤:១–២ ដោយរកមើលពីរបៀបដែលទាំងព្រះយេស៊ូវគ្រីស្ទ និងសាតាំងបានឆ្លើយតបទៅកាន់ព្រះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរនីមួយៗ ។
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរៀនចេញពីការប្រៀបធៀបព្រះអង្គសង្រ្គោះជាមួយសាតាំង នោះពួកគេអាចចែកចាយសេចក្តីពិត ដូចខាងក្រោមនេះ ៖
-
ព្រះយេស៊ូវគ្រីស្ទខិតខំដោយបន្ទាបខ្លួនដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ ។ សាតាំងស្វែងរកកិត្តិយស និងសិរីរុងរឿងរបស់វាដោយអត្មានិយម ។
-
ព្រះវរបិតាសួគ៌បានជ្រើសរើសព្រះយេស៊ូវតាំងពីដើម ដើម្បីធ្វើជាព្រះអង្គសង្រ្គោះនៃពិភពលោក ។ សាតាំងបះបោរប្រឆាំងនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
អនុវត្ត
សិស្សអាចបំពេញសកម្មភាពអនុវត្តនេះរៀងៗខ្លួន ជាគូៗ ឬជាក្រុមតូចៗ ។
« សកម្មភាពរៀនសូត្របន្ថែមទៀត » នៅក្នុងមេរៀននេះ រួមបញ្ចូលជម្រើសបន្ថែម ។
សូមជ្រើសរើសជម្រើសសិក្សាមួយខាងក្រោម ។ ប្រើការបំផុសគំនិតដែលបានដាក់បង្ហាញនេះដើម្បីជួយអ្នកធ្វើការប្រៀបធៀប និងស្វែងរកសេចក្តីពិតដែលប្រកបដោយអត្ថន័យ ។
សូមសិក្សាពីជម្រើស ៖
-
របាយការណ៍របស់អ្នកសង្កេតមើល១២នាក់ ម៉ូសេបានបញ្ជូនអ្នកសង្កេតមើល១២នាក់ ដើម្បីសិក្សាពីដែនដីនៃសាសន៍កាណាន ដើម្បីមើលថាតើដែនដី និងប្រជាជននេះយ៉ាងណាដែរ ( សូមមើល ជនគណនា ១៣:១៧–២០ ) ។ នៅពេលពួកគេត្រឡប់ទៅវិញ អ្នកសង្កេតមើល១០នាក់ បានផ្ដល់របាយការណ៍ផ្សេងពីរបាយការណ៍ដែលកាលែប និងយ៉ូស្វេ ( អ្នកសង្កេតមើលពីរនាក់ទៀត) បានផ្ដល់ ។ សូមអាន ជនគណនា ១៣:២៦–៣៣; ១៤:៦–៩ ដោយប្រៀបធៀបរបាយការណ៍ផ្សេង ។
-
រជ្ជកាលនៃស្តេចសាឡូម៉ូន ស្តេចសាឡូម៉ូនបានធ្វើជាស្តេចបន្ទាប់ ក្រោយពីបិតារបស់ទ្រង់ ដាវីឌបានសុគត ។ បំណងប្រាថ្នារបស់សាឡូម៉ូន និងការសន្យារបស់ព្រះអម្ចាស់ចំពោះទ្រង់បានផ្លាស់ប្តូរបន្តិចម្តងៗ ។ សូមអាន ពង្សាវតាក្សត្រ ទី១ ៣:៣, ៧–១២; ១១:៤–៦, ៩–១១ ដែលប្រៀបធៀបបំណងប្រាថ្នារបស់សូឡូម៉ូន និងការសន្យារបស់ព្រះអម្ចាស់ចំពោះទ្រង់នៅដើម និងនៅផ្នែកក្រោយនៃរជ្ជកាលរបស់ទ្រង់ ។
-
ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ។ តាមរយៈព្យាការីរបស់ទ្រង់ អេសេគាល ព្រះអម្ចាស់បានប្រឹក្សាអ្នកដឹកនាំអ៊ីស្រាអែល ហៅពួកគេថា « ពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល » ( អេសេគាល ៣៤:២ ) ។ សូមអាន អេសេគាល ៣៤:២–៦, ១១–១៦ ដោយប្រៀបធៀបពួកអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល ដែលជាអ្នកគង្វាលល្អរបស់យើង ។
បន្ទាប់ពីសិស្សបានបញ្ចប់សកម្មភាពនេះហើយ ពួកគេអាចចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរដែលបានដាក់បង្ហាញជាមួយសិស្សផ្សេងទៀត ជាគូ ឬជាក្រុមដែលសិក្សារឿងផ្សេងគ្នា ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់ ។ អ្នកស្ម័គ្រចិត្តក៏អាចសរសេរនៅលើក្ដារខៀននូវសេចក្តីពិតដែលពួកគេបានរកឃើញ ហើយពន្យល់ពីមូលហេតុដែលវាមានអត្ថន័យចំពោះពួកគេ ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃសេចក្តីពិតដែលសិស្សអាចចែកចាយ ៖
-
ព្រះអម្ចាស់អាចពង្រឹងយើងនៅពេលយើងជ្រើសរើសមើលឃើញបញ្ហាប្រឈមរបស់យើងដោយសេចក្តីជំនឿ ជាជាងការសង្ស័យ ។
-
ព្រះអម្ចាស់នឹងប្រទានពរដល់យើងនៅពេលយើងស្រឡាញ់ទ្រង់ច្រើនជាងយើងស្រឡាញ់វត្ថុនៃពិភពលោកនេះ ។
-
យើងប្រែក្លាយកាន់តែដូចជាព្រះអម្ចាស់ នៅពេលយើងស្វែងរក និងថែទាំអ្នកដទៃ ។
ប្រសិនបើមានពេលគ្រប់គ្រាន់ អ្នកអាចអញ្ជើញសិស្សឲ្យបន្តអនុវត្តការធ្វើការប្រៀបធៀបដោយប្រើដំណើររឿង ឬបណ្ដុំបទគម្ពីរដែលជាជម្រើសរបស់ពួកគេ ។ បន្ទាប់មក ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀនចេញពីការធ្វើការជ្រើសរើសទាំងនោះ ។
សេចក្ដីបញ្ចប់
នៅពេលអ្នកសិក្សាព្រះគម្ពីរ សូមរកមើលវិធីដែលអ្នកអាចរួមបញ្ចូលជំនាញនៃការធ្វើការប្រៀបធៀប ។ ឧទាហរណ៍ នៅពេលអ្នកសិក្សាអំពីនរណាម្នាក់ដែលធ្វើការសម្រេចចិត្តមិនល្អ សូមពិចារណានរណាម្នាក់ផ្សេងទៀតនៅក្នុងព្រះគម្ពីរដែលបានធ្វើការសម្រេចចិត្តដោយសុចរិត ។ ប្រសិនបើអ្នកមើលឃើញព្យាការីម្នាក់របស់ព្រះអម្ចាស់ត្រូវបានបដិសេធ សូមពិចារណាថាតើអ្នកអាចរំឭកឡើងវិញនៅពេលផ្សេងទៀត នៅពេលដែលមនុស្សបានទទួលយកពួកព្យាការីរបស់ទ្រង់ ។
អ្នកអាចកត់ត្រាការរកឃើញរបស់អ្នកនៅក្នុងព្រះគម្ពីររបស់អ្នក ឬនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ។
-
តើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ អាចមានឥទ្ធិពលលើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេច ?
សូមពិចារណាបញ្ចប់ដោយការថ្លែងទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរ និងសេចក្តីពិតដែលពួកគេមាន ។
វាអាចមានប្រយោជន៍ដើម្បីតាមដាននៅក្នុងមេរៀនក្រោយ អំពីរបៀបដែលសិស្សរបស់អ្នកកំពុងធ្វើ ក្នុងការអនុវត្តជំនាញសិក្សាព្រះគម្ពីរនេះ ។