« សកម្មភាពដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីរ ៖ ការបង្កើតបរិយាកាសសម្រាប់ព្រះវិញ្ញាណដើម្បីបង្រៀន » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« សកម្មភាពដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីរ ៖ ការបង្កើតបរិយាកាសសម្រាប់ព្រះវិញ្ញាណដើម្បីបង្រៀន » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជំនាញសិក្សាព្រះគម្ពីរ ៖ មេរៀនទី ១៦៩
សកម្មភាពដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីរ
ការបង្កើតបរិយាកាសសម្រាប់ព្រះវិញ្ញាណដើម្បីបង្រៀន
យើងទាំងអស់គ្នាធ្លាប់មាននូវគ្រាទាំងឡាយនៅពេលដែលយើងបានចាប់ផ្ដើមការសិក្សាព្រះគម្ពីរតាមរបៀបធម្មតាៗ និងតាមរបៀបដែលប្រុងប្រយ័ត្ន ។ នៅពេលយើងធ្វើការខិតខំដោយចេតនាដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីររបស់យើងដោយប្រុងប្រយ័ត្ន នោះព្រះវរបិតាសួគ៌បញ្ជូនព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងទទួលស្គាល់ និងអនុវត្តបទគម្ពីរទៅក្នុងជីវិតរបស់យើង ( សូមមើល នីហ្វៃទី២ ៣២:៣, ៥; យ៉ូហាន ១៤:២៦ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងអនុវត្តជំនាញដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីរ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យបង្កើតបញ្ជីគំនិតមួយដែលពួកគេអាចផ្ដល់ដល់មិត្តម្នាក់ដើម្បីជួយពួកគេកែលម្អការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ ពួកគេអាចស្នើសុំគំនិតផ្សេងទៀតដើម្បីបន្ថែមទៅក្នុងបញ្ជីរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បទពិសោធន៍ពីរផ្សេងៗគ្នា
ដើម្បីចាប់ផ្តើមថ្នាក់ ពិចារណាគូររូបពីរដូចខាងក្រោមនៅលើក្តារខៀន ដោយទុកកន្លែងសរសេរនៅចន្លោះ និងជុំវិញរូបទាំងនេះ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យគូររូបមនុស្សចង្កឹះពីរស្រដៀងគ្នានៅលើក្រដាសមួយសន្លឹក ឬនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេផងដែរ ។
ស្រមៃថា រូបទាំងពីរនេះគឺជាក្មេងជំទង់ទូទៅ ។
-
តើអ្វីខ្លះដែលពួកគេអាចមានដូចគ្នា ?
សរសេរមតិយោបល់របស់សិស្សចន្លោះមនុស្សចង្កឹះទាំងពីរ ។
អញ្ជើញសិស្សឲ្យស្រមៃថា បុគ្គលទាំងពីរនេះកំពុងមានបទពិសោធន៍ខុសគ្នាខ្លាំងណាស់ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។ សរសេរ « ការមានបទពិសោធន៍ដ៏មានអត្ថន័យជាមួយនឹងការសិក្សាព្រះគម្ពីរ » នៅក្បែរនឹងរូបមួយ និង « កំពុងជួបការលំបាកជាមួយការសិក្សាព្រះគម្ពីរ » នៅក្បែរនឹងរូបមួយទៀត ។
សូមពិចារណាសរសេរការឆ្លើយតបរបស់សិស្សទៅនឹងសំណួរដូចខាងក្រោមនេះ នៅពីក្រោមរូបមនុស្សចង្កឹះនោះ ។
-
តើអ្វីទៅជាសកម្មភាពមួយចំនួនដែលអាចមានផលប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានដល់ការសិក្សាព្រះគម្ពីរ ?
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោមដែលអាចអនុវត្តចំពោះការសិក្សាព្រះគម្ពីររបស់យើង ៖
បញ្ហាខាងវិញ្ញាណមិនអាចបង្ខំបានទេ ។ អ្នកអាចបណ្ដុះអាកប្បកិរិយា និងបរិយាកាសដែលយាងអញ្ជើញព្រះវិញ្ញាណ ហើយអ្នកអាចរៀបចំខ្លួនអ្នក ប៉ុន្តែអ្នកមិនអាចកំណត់ពីរបៀប ឬពេលណាដែលការបំផុសគំនិតមកដល់ឡើយ ។ សូមអត់ធ្មត់ និងទុកចិត្តថា អ្នកនឹងទទួលបានអ្វីដែលអ្នកត្រូវការ នៅពេលដែលពេលវេលាត្រឹមត្រូវ ។ ( « ការបំផុសគំនិតពីព្រះវិញ្ញាណ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៤៥ )
-
តើប្រសាសន៍របស់អែលឌើរ ស្ទីវ៉ែនសុន អាចអនុវត្តចំពោះការសិក្សាព្រះគម្ពីរយ៉ាងដូចម្តេច ?
ប្រសិនបើសិស្សមិនបានបង្ហាញពីគំនិតរបស់ពួកគេ សូមជួយពួកគេឲ្យស្គាល់ថា យើងអាចបណ្តុះអាកប្បកិរិយា និងបរិយាកាសដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់យើង ។
-
តើពរជ័យអ្វីខ្លះដែលអាចកើតចេញពីការអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
សូមពិចារណាអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីសំណួរខាងក្រោម ។
-
តើអ្នកមានទំនុកចិត្តប៉ុនណាចំពោះសមត្ថភាពរបស់អ្នកក្នុងការអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយកចិត្តទុកដាក់ចំពោះគំនិត ឬចំណាប់អារម្មណ៍ដែលអាចជួយអ្នកឲ្យយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នកកាន់តែប្រសើរ ។
សកម្មភាពដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីរ
មុនពេលអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោម សូមអានសំណួរ និងប្រាប់សិស្សឲ្យគិតអំពីការឆ្លើយតបរបស់ពួកគេរយៈពេលប្រាំទៅដប់វិនាទី ។
-
តើអ្វីដែលបានជួយអ្នកអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
-
តើការណ៍អ្វីខ្លះដែលអ្នកបានសាកល្បង ដែលហាក់ដូចជាមិនដំណើរការ ?
សូមពិចារណាសរសេរចម្លើយរបស់សិស្សចំពោះសំណួរទីមួយនៅលើក្តារខៀន ។ ចម្លើយមួយចំនួនអាចរួមបញ្ចូលទាំងការលុបបំបាត់ការរំខាន ការអធិស្ឋាន និងការពិចារណា ។ ប្រសិនបើពួកគេមិនផ្តល់ចម្លើយទាំងនេះទេ អ្នកអាចបន្ថែមវាទៅលើក្ដារខៀន ។ មេរៀននេះនឹងលើកឡើងនូវគំនិតទាំងបីនេះ ។ អ្នកគួរលើកឡើងនូវសកម្មភាពផ្សេងទៀតដែលបានសរសេរនៅលើក្ដារខៀន ដែលអ្នកគិតថាវានឹងជួយសិស្សរបស់អ្នកឲ្យយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេកាន់តែប្រសើរ ។
អ្នកអាចធ្វើផ្នែកនីមួយៗជាមួយសិស្ស ។ ជាជម្រើស អ្នកអាចរៀបចំផ្នែកនីមួយៗតាមកន្លែង ។ អ្នកអាចចាត់តាំងសិស្សជាមុនដើម្បីដឹកនាំការពិភាក្សានៅកន្លែងនីមួយៗ ។ ត្រូវប្រាកដថា អ្នកដឹកនាំការពិភាក្សាមានពេលវេលាគ្រប់គ្រាន់មុនថ្នាក់ដើម្បីរៀបចំខ្លួន ។ នៅក្នុងថ្នាក់ សិស្សអាចត្រូវបានបែងចែកជាក្រុម និងប្ដូរទៅតាមទីតាំងដែលដឹកនាំដោយសិស្សផ្សេងៗគ្នា ។
ការលុបបំបាត់ការរំខាន
-
តើមានការរំខានអ្វីខ្លះដែលអាចកើតមាន ដែលអាចធ្វើឲ្យវាកាន់តែលំបាកក្នុងការទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធក្នុងអំឡុងពេលសិក្សាព្រះគម្ពីរ ?
សូមពិចារណាសរសេរចម្លើយនៅលើក្ដារខៀន ។ សិស្សអាចលើកឡើងអំពីអ្វីៗជាច្រើនដូចជាទូរសព្ទ កម្រិតថាមពល បរិយាកាសជុំវិញរបស់ពួកគេ ។ល។
-
ហេតុអ្វីបានជាអ្នកគិតថាការលុបបំបាត់ការរំខានអាចជួយអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ?
អ្នកគួរចង្អុលបង្ហាញថា ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទជាញឹកញាប់ស្វែងរកកន្លែងស្ងប់ស្ងាត់នៅពេលទ្រង់ចង់គង់នៅជាមួយព្រះ ( សូមមើល ម៉ាថាយ ១៤:២២–២៣ ) ។ នេះគឺជាវិធីមួយដែលទ្រង់បានលុបបំបាត់ការរំខាន ។
-
តើមានរឿងជាក់លាក់អ្វីខ្លះដែលអ្នកអាចធ្វើបានដើម្បីលុបបំបាត់ការរំខានដែលបានរៀបរាប់ ?
ពិចារណាសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀនក្បែរនឹងការរំខានដែលត្រូវនឹងចម្លើយនោះ ។
ប្រសិនបើសិស្សរបស់អ្នកប្រើទូរសព្ទឆ្លាតវៃ ឬឧបករណ៍ចល័តផ្សេងទៀត វាអាចមានប្រយោជន៍ក្នុងការបង្ហាញពួកគេ ឬអញ្ជើញសិស្សឲ្យបង្ហាញពីរបៀបបើក airplane mode នៅលើឧបករណ៍ទាំងនោះ ។ ការកំណត់នេះបិទការជូនដំណឹងនានាពីកម្មវិធីទូរសព្ទដែលអាចរំខានសិស្សខណៈពេលកំពុងសិក្សាព្រះគម្ពីររបស់ពួកគេ ។ សិស្សនៅតែអាចប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ ខណៈពេលដែលបើក airplane mode ។
ការអធិស្ឋាន
ការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួរខាងក្រោម ។ អញ្ជើញពួកគេឲ្យចែកចាយពាក្យពេចន៍ដែលពួកគេអាចនិយាយដោយការគោរព ( ដោយមិនចាំបាច់បញ្ចេញសំឡេងក្នុងពេលអធិស្ឋាន ) ។
-
តើអ្នកអាចនិយាយអ្វីខ្លះនៅក្នុងការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌មុនពេលសិក្សាព្រះគម្ពីរ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានចែកចាយពីរបៀបដែលលោកប្រើការអធិស្ឋានដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់លោក ។
មុនពេលខ្ញុំចាប់ផ្តើមអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ខ្ញុំលំឱនកាយ ហើយទូលសូមព្រះអម្ចាស់ឲ្យប្រទានពរដល់ខ្ញុំ ថាខ្ញុំនឹងមានព្រះវិញ្ញាណរបស់ទ្រង់ដើម្បីបំភ្លឺខ្ញុំអំពីអត្ថន័យនៃអ្វីដែលខ្ញុំនឹងអាន និងគង់នៅជាមួយខ្ញុំពេញមួយថ្ងៃដើម្បីជួយខ្ញុំធ្វើការសម្រេចចិត្ត និងទប់ទល់នឹងការល្បួង ។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យអនុវត្តបែបនេះ ។( « ២.៣.១. I Love My Daily Scripture Study » ស្វាគមន៍មកកាន់ថ្នាក់សិក្ខាសាលា ឆ្នាំ២០១២ )
-
តើការយល់ដឹងផ្សេងទៀតអ្វីខ្លះដែលអ្នកបានទទួលមកពីប្រធាន អូក ?
ពិចារណាបទគម្ពីរ
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចពិចារណានៅពេលពួកគេសិក្សាព្រះគម្ពីរ អ្នកអាចចែកចាយសេចក្តីថ្លែងការណ៍មួយ ឬទាំងពីរដូចខាងក្រោមនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ពីការបង្រៀនទាំងនេះ ។
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយបង្រៀនថា ការពិចារណាគឺជាការ« ភាវនាដ៏ជ្រាលជ្រៅ គឺតែងតែគិតអំពីបទគម្ពីរ ឬអំពីការណ៍នានានៃព្រះ ។ នៅពេលធ្វើរួមនឹងការអធិស្ឋាន នោះការរំពឹងគិតអំពីការណ៍នានានៃព្រះនឹងអាចនាំមកនូវវិវរណៈ និងយោបល់យ៉ាងប្រចក្ស » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « រំពឹងគិត » នៅក្នុងបណ្ណាល័យដំណឹងល្អ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពណ៌នាថាតើការពិចារណាបទគម្ពីរមានទិដ្ឋភាពបែបណា ៖
ពេលខ្លះវាជារឿងល្អមួយ ក្នុងការអានព្រះគម្ពីរ នៅក្នុងពេលកំណត់ណាមួយ ដើម្បីដឹងន័យទូទៅនៃសារលិខិតនោះ ប៉ុន្ដែចំពោះការប្រែចិត្តជឿវិញ អ្នកគួរតែយកចិត្តទុកដាក់ទៅលើចំនួនពេលវេលាដែលអ្នកបានចំណាយលើព្រះគម្ពីរ ជាងគិតអំពីចំនួនពេលវេលាដែលអ្នកចំណាយដើម្បីអាននៅក្នុងពេលនោះ ។ ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ឈប់ដើម្បីជញ្ជឹងគិតអំពីខគម្ពីរទាំងនោះ អានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលបងប្អូនគិតអំពីអត្ថន័យរបស់វា សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង ដោយសួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និងការយល់ដឹងដែលនឹងកើតមានដើម្បីឲ្យអ្នកអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ អ្នកប្រហែលមិនអានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែអ្នកនឹងទុកកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់អ្នក ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នក ។ ( « When Thou Art Converted » Liahona ខែឧសភា ឆ្នាំ២០០៤ ទំព័រ ១១ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីអ្វីដែលអែលឌើរ គ្រីស្តូហ្វឺសិន បានបង្រៀន ?
-
ហេតុអ្វីដែលអ្នកគិតថា ការពិចារណាបទគម្ពីរអាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នក ( ឬនរណាម្នាក់ដែលអ្នកស្គាល់ ) ធ្លាប់មានបទពិសោធន៍អ្វីខ្លះអំពីការពិចារណាបទគម្ពីរ ? សូមចាំថា កុំចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬពិសិដ្ឋពេក ។
ដាក់ផែនការ
ប្រសិនបើសិស្សប្ដូរតាមកន្លែងនីមួយៗ សូមឲ្យពួកគេប្រមូលផ្តុំគ្នា ហើយចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ ។ អញ្ជើញពួកគេម្នាក់ៗឲ្យធ្វើអ្វីមួយដោយផ្អែកលើអ្វីដែលពួកគេបានរៀន ។ អ្នកអាចចែកចាយការអញ្ជើញខាងក្រោមជាមួយពួកគេដើម្បីជួយពួកគេធ្វើការណ៍នេះ ។
ដោយគិតអំពីអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមដាក់ផែនការដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងការសិក្សាព្រះគម្ពីររបស់អ្នកកាន់តែប្រសើរ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកអាចធ្វើសកម្មភាពអ្វីខ្លះដើម្បីអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យចូលទៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នកកាន់តែប្រសើរ ?
-
តើអាចមានលទ្ធផលអ្វីខ្លះមកពីការមានព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងអ្នក នៅពេលអ្នកសិក្សាព្រះបន្ទូលនៃព្រះ ?
អ្នកអាចចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលសកម្មភាពទាំងឡាយដែលបានពិភាក្សានៅថ្ងៃនេះធ្លាប់បានជួយអ្នកយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យគង់នៅក្នុងការសិក្សាព្រះគម្ពីររបស់អ្នក ហើយបាននាំអ្នកឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។