ថ្នាក់​សិក្ខាសាលា
ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ ៖ ការរៀន​កំណត់រក​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ


« ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ ៖ ការរៀន​កំណត់រក​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ ៖ ការរៀន​កំណត់រក​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ជំនាញ​សិក្សា​ព្រះគម្ពីរ ៖ មេរៀន​ទី ១៦៧

ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ

ការរៀន​កំណត់រក​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

Seminary student studying in Ecuador

ការសិក្សា​ព្រះគម្ពីរ​អាច​កាន់តែ​មាន​អានុភាព ប្រសិនបើ​យើង​រកមើល​សេចក្តីពិត​នៃ​ដំណឹងល្អ​ដោយ​សកម្ម ដែល​នាំ​យើង​កាន់តែ​ខិតជិត​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្វែងរក​សេចក្តីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ​ដែល​ជួយ​ពួកគេ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ។

ការរៀប​ចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ ឬ​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​អ្វី​មួយ​ដែល​ពួក​គេ​រៀន​ពី​កាសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ បន្ទាប់​មក ពួកគេ​អាច​សូម​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដូចគ្នា ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ពី​វា ហើយ​ប្រៀបធៀប​ការយល់ដឹង ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ព្រះគម្ពីរ​រក្សា​សេចក្តីពិត​នៃ​ដំណឹងល្អ

ដើម្បី​ជួយ​សិស្ស​យល់​ពី​តម្លៃ​នៃ​ការស្វែងរក​សេចក្តីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ នោះ​ការប្រៀបធៀប​ដូច​ខាងក្រោម​នេះ​ផ្ដល់​នូវ​ការយល់ដឹង​ដ៏​មាន​ប្រយោជន៍​អំពី​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ដែល​រក្សា​សេចក្តីពិត​នៃ​ដំណឹងល្អ ។ សូម​ពិចារណា​យក​ផ្លែ​ចេក​មួយ​មក​ថ្នាក់ ( ឬ​ផ្លែឈើ​ផ្សេង​មួយ​ទៀត​ដែល​មាន​សំបក ) ដែល​ប្រជាជន​ក្នុង​វប្បធម៌​របស់​អ្នក ជា​ធម្មតា​មិន​បរិភោគ ។ សូម​សុំ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​បរិភោគ​ផ្លែឈើ​នោះ ។ បន្ទាប់ពី​សិស្ស​បាន​បក​សំបក​វា​ហើយ ហើយ​បរិភោគ​មួយ​មាត់​ដំបូង អ្នក​អាច​ធ្វើជា​ភ្ញាក់ផ្អើល ហើយ​សួរ​ហេតុអ្វី​គាត់ ឬ​នាង​មិន​បរិភោគ​សំបក​របស់​វា ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ។

( ប្រសិនបើ​មិន​មាន​ផ្លែឈើ​ទេ នោះ​អ្នក​អាច​កែសម្រួល​ផ្នែក​នេះ​ដើម្បី​បង្កើត​ការពិភាក្សា​មួយ​ដែល​ស្រដៀង​គ្នា ដោយ​ការដាក់​បង្ហាញ​រូបភាព​ផ្លែឈើ ឬ​គូររូប​ផ្លែ​ឈើ​មួយ​នៅលើ​ក្ដារខៀន ) ។

  • ហេតុអ្វី​បាន​ជា​សំបក​ចេក​នៅតែ​មាន​សារៈសំខាន់​ទោះបីជា​យើង​មិន​បរិភោគ​វា​ក៏​ដោយ ?

    អ្នក​អាច​ជួយ​សិស្ស​ឲ្យ​យល់​ថា​សំបក​ការពារ ថែរក្សា និង​រក្សា​សាច់​ផ្លែ​ឈើ​ដែល​យើង​បរិភោគ​ឲ្យ​នៅ​ស្អាត ។

    បន្ទាប់មក អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​អំពី​អ្វីមួយ​ដូច​ខាងក្រោម​ជាមួយ​ថ្នាក់ ឬ​ដៃគូ ។

  • ប្រសិនបើ​យើង​ប្រៀបធៀប​ដំណើររឿង​នៅក្នុង​ព្រះ​គម្ពីរ​ទៅ​នឹង​សំបក​ចេក តើ​ផ្នែក​ដែល​យើង​បរិភោគ​អាច​តំណាង​ឲ្យ​អ្វីខ្លះ ? ( ម្យ៉ាង​វិញ​ទៀត តើ​ដំណើររឿង​អ្វីខ្លះ​ដែល​ការពារ ថែរក្សា និង​រក្សាទុក​ភាពបរិសុទ្ធ​សម្រាប់​យើង ? )

ប្រសិនបើ​ចាំបាច់ សូម​ពន្យល់​ថា​ដើម្បី​រៀន​បន្ថែមទៀត​ចេញពី​ព្រះគម្ពីរ នោះ​យើង​ត្រូវ​រកមើល​លើស​ពី​ដំណើររឿង​ដើម្បី​ស្វែងរក​សេចក្តីពិត​ដែល​ព្រះ​ចង់​ឲ្យ​យើង​រៀន ។ ដំណើររឿង​នេះ​ផ្ទាល់​អាច​ដូចជា​សំបក​ដែល​ទ្រទ្រង់ និង​ថែរក្សា​សេចក្តីពិត​នៃ​ដំណឹងល្អ ដែល​បន្ទាប់​មក​ជួយ​យើង​ឲ្យ​ស្គាល់ និង​ដើរ​តាម​ព្រះគ្រីស្ទ ។

សូម​ចែកចាយ​សេចក្តីថ្លែងការណ៍​ដូច​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ដើម្បី​ស្វែងរក​សេចក្តីពិត​នៃ​ដំណឹងល្អ នៅពេល​យើង​សិក្សា ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ខ្ញុំ​ដឹង​ថា គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ប្រភព​មូលដ្ឋាន​គ្រឹះ​តែ​មួយ​គត់​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង និង​មាន​អំណរ​ដ៏​យូរអង្វែង​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ភាពអស់កល្ប ។ … ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដោយ​អំណរ​ថា ព្រះអង្គ​សង្គ្រោះ​ដ៏​មាន​ព្រះជន្ម​រស់​របស់​យើង គឺជា​ប្រភព​ដែល​សេចក្ដីពិត​ទាំងនេះ​កើត​ឡើង​មក ។ ( « គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១២៦ )

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អ្នក​រៀន​ចេញពី​អែលឌើរ បែដណា ដោយ​របៀប​ណា ?

អ្នក​អាច​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ចេញពី​សេចក្តីថ្លែងការណ៍​របស់​អែលឌើរ បែដណា ដូចជា​មួយ​នេះ ៖ គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ធនធាន​នៃ​ការណែនាំ និង​អំណរ​ដ៏​យូរអង្វែង ។

កំណត់​ចំណាំ ៖ ភាពខុសគ្នា​រវាង​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នឹង​មិន​ត្រូវ​បានថ្លែង​នៅក្នុង​មេរៀន​នេះ​ទេ ។ សម្រាប់​គោលបំណង​នៃ​មេរៀន​នេះ ទាំង​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នឹង​ត្រូវ​បានថ្លែង​កាន់តែ​តាម​ពាក្យ​ទូទៅ​បន្ថែមទៀត « សេចក្តីពិត​នៃ​ដំណឹងល្អ » ។ មាន​សេចក្តី​ថ្លែងការណ៍​នៅក្នុង​ធនធាន​បន្ថែម​ទាំងឡាយ​នៃ​មេរៀន​នេះ ដែល​អ្នក​អាច​ប្រើ​បាន ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​វា​នឹង​មាន​ប្រយោជន៍​សម្រាប់​សិស្ស​អ្នក​ក្នុង​ការបែងចែក​រវាង​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ដោយ​ស្ងៀមស្ងាត់​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ។

វាយតម្លៃ​លើ​រង្វាស់ ១-៥ ថា​តើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ពិត​ប៉ុនណា​ចំពោះ​អ្នក ( ១ = កម្រពិត ៥ = ស្ទើរតែពិត​ជានិច្ច )

  • ខ្ញុំ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ខ្ញុំ​ក្នុង​ការស្វែងរក​សេចក្ដីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ ។

  • ខ្ញុំ​ស្វែងរក​សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​ជា​ប្រចាំ ដែល​នាំ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែងរក​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​កាន់តែ​ស្គាល់​សេចក្តីពិត​កាន់តែ​ច្បាស់​នៅក្នុង​ព្រះគម្ពីរ ដែល​ព្រះវរបិតាសួគ៌​បាន​រក្សាទុក​សម្រាប់​យើង ។

សម្រាប់​សកម្មភាព​ខាងក្រោម អ្នក​ប្រហែលជា​ចង់​ធ្វើការ​តាមរយៈ​ផ្នែក « កំណត់​និយមន័យ » និង « គំរូ » នៃ​ជំនាញ​នីមួយៗ​ជាមុន​សិន ហើយ​បន្ទាប់មក​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​ជំនាញ​ទាំងពីរ​ក្នុង​ពេលតែ​មួយ ។ អ្នក​អាច​ប្រើ​គំនិត​ចេញពី​គម្ពីរ​ទាំងពីរ​ដែល​បានរៀបរាប់​នៅក្នុង​ផ្នែក « អនុវត្ត » ជំនាញ ។

ជំនាញ ៖ ស្វែងរក​ស្ថានភាព​សេចក្តីពិត​ឲ្យ​បាន​ច្បាស់លាស់

កំណត់​និយមន័យ

សេចក្តីពិត​ប្រភេទ​មួយ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ការសិក្សា​របស់​អ្នក​សេចក្តីពិត​ដែល​បានថ្លែង​យ៉ាង​ច្បាស់ ។ សេចក្តីពិត​បែប​នេះ​គឺ​បានថ្លែង​នៅក្នុង​ប្រយោគ ឬ​ឃ្លា​ដ៏​សាមញ្ញ​មួយ​នៅក្នុង​ព្រះគម្ពីរ ។

គំរូ

បង្ហាញ​សិស្ស​ពី​ឧទាហរណ៍​មួយ​នៃ​សេចក្តីពិត​ដែល​បានថ្លែង​យ៉ាងច្បាស់​ដោយ​ការអាន​បទគម្ពីរ​ខាងក្រោម ឬ​ខគម្ពីរ​មួយ​ក្នុង​ចំណោម​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត ដែល​មាន​សេចក្តីពិត​បានបញ្ជាក់​យ៉ាងច្បាស់ ។

សូម​អាន សុភាសិត ៣:៥–៦ ដោយ​រកមើល និង​គូសចំណាំ​សេចក្តីពិត​ដែល​បានថ្លែង​យ៉ាងច្បាស់ ។

  • តើ​អ្នក​បានគូសចំណាំ​អ្វីខ្លះ ?

    សិស្ស​អាច​ស្វែងរក​សេចក្តីពិត ដូចជា « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។

  • ហេតុអ្វី​បាន​សេចក្តីពិត​ដែល​អ្នក​បានគូសចំណាំ​មាន​សារៈសំខាន់​ចំពោះ​អ្នក ?

អនុវត្ត

របៀប​មួយ​សម្រាប់​សិស្ស​របស់​អ្នក​ដើម្បី​អនុវត្ត គឺ​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​បើក​ទៅ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ នៅក្នុង ឯកសារគោល​នៃចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ ក្រោយមក​សិស្ស​អាច​បើក​ខគម្ពីរ​ជាច្រើន​ស្វែងរក​សេចក្តីពិត​ដែល​បានថ្លែង​យ៉ាងច្បាស់ ។

បន្ទាប់ពី​សិស្ស​មាន​ពេល​ដើម្បី​បំពេញ​សកម្មភាព​នេះ​ហើយ ពួកគេ​អាច​ងាក​ទៅរក​ដៃគូ ឬ​ក្រុម​តូច​មួយ និង​ចែកចាយ​សេចក្តីពិត(ទាំងឡាយ ) ដែល​ពួកគេ​បានរកឃើញ ។

ជំនាញ ៖ ស្វែងរក​សេចក្តីពិត​ដែល​មិន​បរិយាយ​ច្បាស់លាស់

កំណត់​និយមន័យ

សេចក្តីពិត​ប្រភេទ​ផ្សេង​ទៀត ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ការសិក្សា​របស់​អ្នក​គឺជា​សេចក្តីពិត​ដែល​បង្កប់​ន័យ ។ សេចក្តីពិត​ទាំងនេះ​គឺ​មាន​បរិយាយ​នៅក្នុង​វគ្គបទគម្ពីរ​ដ៏​ធំៗ ឬ​ដំណើររឿង​ដែល​តម្រូវ​ឲ្យ​យើង​ជញ្ជឹងគិត​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ធ្វើ ។ អ្នក​អាច​ស្វែងរក​សេចក្ដីពិត​ទាំងនេះ​តាមរយៈ​ការសួរ​សំណួរ​ដូច​ខាងក្រោម ។

អ្នក​អាច​ចង់​ដាក់​បង្ហាញ ឬ​រៀបរាប់​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ។

  • តើ​មាន​គំនិត ឃ្លា ឬ​និមិត្តសញ្ញា​សំខាន់ៗ​ណា​មួយ​ដែល​បង្រៀន​អ្នក​អ្វី​មួយ​អំពី​ព្រះបិតាសួគ៌ ឬ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ?

  • តើ​មាន​ទំនាក់ទំនង​ហេតុ និង​ផល ( ប្រសិនបើ/បន្ទាប់មក ) នៅក្នុង​រឿង​នេះ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អ្នកនិពន្ធ​ត្រូវ​បានបំផុសគំនិត​ពី​ព្រះ​ដើម្បី​បញ្ចូល​ព្រឹត្តិការណ៍ ឬ​ប្រសាសន៍​ទាំងនេះ ?

គំរូ

សូម​ពិចារណា​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​អាន ជនគណនា ២១:៥–៩ ឲ្យ​ឮៗ​នៅក្នុង​ថ្នាក់ ។ វា​គឺជា​ដំណើររឿង​នៃ​ការបង្រៀន​របស់​ព្រះ ហើយ​ការប្រោស​ឲ្យ​ជា​ដល់​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​ត្រូវបាន​ពស់​អសិរពិស​ចឹក ។ នៅពេល​ពួកគេ​ស្តាប់ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត​ដែល​មិន​បរិយាយ​នៅក្នុង​ដំណើររឿង​នេះ ដោយ​ការសួរ​ខ្លួន​ឯង​នូវ​សំណួរ​ដែល​បាន​រៀបរាប់​ខាងលើ ។

បន្ទាប់​ពី​ការអាន សូម​សុំ​ឲ្យ​ពួក​អ្នក​ស្ម័គ្រចិត្ត​ចែកចាយ​រាល់​សេចក្តីពិត​ដែល​មិន​បរិយាយ​ច្បាស់លាស់ ដែល​ពួកគេ​បានរកឃើញ ។ អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សរសេរ​សេចក្តីពិត​នៅ​ជាប់​នឹង​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សេចក្តីពិត​ដែល​មិន​បរិយាយ​ច្បាស់លាស់​ដែល​អាច​មាន​នៅក្នុង​ដំណើររឿង​នេះ រួមមាន ៖

  • ការនិយាយ​ទាស់​នឹង​ព្រះ និង​ពួកព្យាការី​របស់​ទ្រង់​ដឹកនាំ​ទៅរក​សេចក្តីទុក្ខព្រួយ​នៅ​ទីបំផុត ។

  • ព្យាការី​ចង្អុលបង្ហាញ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ព្រះ​មាន​សេចក្តី​មេត្តា​ករុណា និង​ធ្វើ​ឲ្យ​យើង​អាច​បានប្រោស​ឲ្យ​ជា ។

អ្នក​អាច​ចង្អុល​បង្ហាញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បានប្រើ​ដំណើររឿង​នេះ​ដើម្បី​បង្រៀន​ថា អស់​អ្នក​ដែល​ជឿ និង​ធ្វើតាម​ទ្រង់​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( យ៉ូហាន ៣:១៤–១៦ ) ។

អនុវត្ត

ដើម្បី​ចាប់ផ្តើម​សកម្មភាព​នេះ សូម​ពិចារណា​គូរ​រូប​ផ្លែ​ចេក​មួយ​មួយ​ផ្លែ​ដែល​បាន​បក​សំបក​ខ្លះ​នៅលើ​ក្តារខៀន ។

Showing different banana's

សូម​ពិចារណា​បង្ហាញ​សេចក្តីណែនាំ​ខាងក្រោម និង​សេចក្តីយោង​បទគម្ពីរ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​រៀងៗខ្លួន ឬ​ជាមួយ​ដៃគូ ។ នៅពេល​ពួកគេ​សិក្សា សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ខាងមុខ​ក្ដារខៀន រាល់​ពេល​ពួកគេ​រកឃើញ​សេចក្តីពិត​មួយ និង​សរសេរ​វា​នៅលើ​ក្ដារខៀន នៅជិត​នឹង​ផ្លែ​ចេក ។

ជ្រើសរើស​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​មួយ​ខាងក្រោម​ដើម្បី​សិក្សា ឬ​ដំណើររឿង​ផ្សេងទៀត​ដែល​អ្នក​ជ្រើសរើស ។

  1. នៅពេល​អ្នក​អាន សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បាន​ថ្លែង​យ៉ាង​ច្បាស់​នៅក្នុង​ព្រះគម្ពីរ​រួច​ទៅ​ហើយ ។

  2. នៅពេល​ដែល​អ្នក​បាន​អាន​រួច​រាល់​ហើយ សូម​កត់ត្រា​ជា​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ យ៉ាងហោច​ណាស់​នូវ​សេចក្តីពិត​ដែល​បង្កប់​ន័យ ដែល​អ្នក​បានរៀន​ចេញពី​ដំណើររឿង​នេះ ។

  3. ពិចារណា​ពី​មូលហេតុ​ដែល​សេចក្តីពិត​ដែល​អ្នក​បានរកឃើញ​គឺ​មាន​សារៈសំខាន់​ចំពោះ​អ្នក និង​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​វា ។

សាំយូអែល ទី១ ១៧:៤៤–៤៩ ( ដាវីឌ​ប្រឈមមុខ​នឹង​បុរស​មាឌ​ធំ​ដែល​មាន​ឈ្មោះ​ថា កូលីយ៉ាត )

ពង្សាវតាក្សត្រ ទី២ ៦:១៤–១៨ ( កងទ័ព​នៃ​ស្រុក​ស៊ីរី​ហ៊ុមព័ទ្ធ​ទីក្រុង​ដើម្បី​ចាប់​អេលីសេ )

ពួកចៅហ្វាយ ៦:១១–១៦ ( ការហៅ​របស់​គេឌាន​ឲ្យ​សង្រ្គោះ​ដល់​រាស្រ្ត​របស់​គាត់​ពី​កងទ័ព​ចូលឈ្លានពាន )

នៅពេល​បានធ្វើ​រួចរាល់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​លើកឡើង​សេចក្តីពិត​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ដែល​សិស្ស​ផ្សេងទៀត​បាន​សរសេរ​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​ចែកចាយ​ថា ហេតុអ្វី​បាន​ជា​សេចក្តីពិត​នេះ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ និង​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្តីពិត​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​សួរ​ថា​តើ​នរណា​ម្នាក់​មាន​បទពិសោធន៍​ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា​អ្វី​មួយ​នៅលើ​ក្តារខៀន​គឺជា​ការពិត ។

សេចក្ដី​បញ្ចប់

សូម​ពិចារណា​រំឭក​សិស្ស​ពី​គោលដៅ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​សម្រាប់​ឆមាស​នេះ ។ ប្រសិនបើ​ពួកគេ​មិនទាន់​បានដាក់​គោលដៅ​ទេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​មាន​គោលដៅ​របស់​ពួកគេ​នៅក្នុង​គំនិត ខណៈ​ពួកគេ​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ អញ្ជើញ​ពួកគេ​ឲ្យ​បើក​ចិត្ត​កែសម្រួល​គោលដៅ​របស់​ពួកគ ប្រសិនបើ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ដើម្បី​ធ្វើ​ដូច្នោះ ។

  • តើ​ជំនាញ​អ្វីខ្លះ​ដែល​លេចធ្លោ​ចំពោះ​អ្នក​ដែល​អាច​ជួយ​អ្នក​ក្នុង​ការសិក្សា​បទគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​អ្នក ?

  • តើ​ការស្វែងរក និង​ការជញ្ជឹងគិត​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អាច​ជួយ​អ្នក​ចូល​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​មេរៀន​ជា​ច្រើន​ខាងមុខ​ដើម្បី​ចែកចាយ​សេចក្ដីពិត​មួយ​ដែល​ពួកគេ​បាន​រកឃើញ​ក្នុងការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ ។ សូម​រកមើល​ឱកាស​ផ្សេងទៀត​នៅក្នុង​មេរៀន​នា​ពេល​អនាគត​ដើម្បី​ឲ្យ​សិស្ស​បន្ត​អនុវត្ត​ជំនាញ​ដ៏​សំខាន់​នេះ ។