« ការផ្តោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ ៖ ស្វែងរកនិមិត្តសញ្ញា និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការផ្តោតលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ ៖ ស្វែងរកនិមិត្តសញ្ញា និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ជំនាញសិក្សាព្រះគម្ពីរ ៖ មេរៀនទី ១៦៦
ការផ្ដោតទៅលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ
ស្វែងរកនិមិត្តសញ្ញា និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ
គោលបំណងដ៏សំខាន់មួយនៃព្រះគម្ពីរ គឺដើម្បីជួយយើងឲ្យរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ការរៀនអំពីព្រះយេស៊ូវគ្រីស្ទ គឺជាវិធីដ៏សំខាន់មួយដែលយើងរៀនអំពីព្រះវរបិតាសួគ៌ផងដែរ ។ កាលណាយើងរៀនអំពីទ្រង់ទាំងទ្វេកាន់តែច្រើន នោះយើងកាន់តែមានសេចក្តីជំនឿលើទ្រង់ទាំងទ្វេផងដែរ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យផ្ដោតទៅលើព្រះអង្គសង្រ្គោះ ខណៈដែលកំពុងសិក្សាព្រះគម្ពីរ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើលការយល់ដឹងដែលពួកគេរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេធ្វើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គោលបំណងនៃព្រះគម្ពីរ
សូមពិចារណាគូរផ្ទាំងស៊ីបមួយនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យបោះវត្ថុទន់ៗទៅកាន់ផ្ទាំងស៊ីបនោះ ។ បន្ទាប់ពីការព្យាយាមទាំងនេះ លុបផ្ទាំងស៊ីបនោះ ។ ប្រសិនបើអ្នកចង់ អ្នកអាចស្នើសិស្សឲ្យព្យាយាមវាយឲ្យចំផ្ទាំងស៊ីបបាន ទោះបីវាលែងមានហើយក៏ដោយ ។ ( ការណ៍នេះនឹងនាំឲ្យមានការភ័ន្តច្រឡំខ្លះៗ ) អ្នកអាចសួរថាតើពួកគេមានអារម្មណ៍យ៉ាងណាចំពោះសកម្មភាពនេះនៅពេលដែលពួកគេមិនមានគោលដៅ ។
-
ហេតុអ្វីបានជាការមានផ្ទាំងស៊ីប ឬគោលបំណងគឺល្អចំពោះសកម្មភាពមួយ ?
-
តើអ្វីជាផ្ទាំងស៊ីប ឬគោលបំណងនៃការសិក្សាព្រះគម្ពីរ ?
សិស្សអាចចែកចាយចម្លើយផ្សេងៗគ្នា ។ ប្រសិនបើអ្នកចង់ អ្នកអាចគូរផ្ទាំងស៊ីបឡើងវិញ ហើយសរសេរចម្លើយមួយចំនួនដែលសិស្សចែកចាយអំពីគោលបំណងនៃការសិក្សាព្រះគម្ពីរនៅក្នុងផ្ទាំងស៊ីប ឬនៅជាប់នឹងផ្ទាំងស៊ីបនោះ ។
សូមពន្យល់ថា ការយល់ពីគោលបំណងនៃព្រះគម្ពីរអាចជួយយើងក្នុងការសិក្សារបស់យើងអំពីព្រះគម្ពីរទាំងនោះ ។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមពីអែលឌើ ឌី.ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលគោលបំណងសំខាន់នៃព្រះគម្ពីរ ។
នៅទីបញ្ចប់នេះ គោលបំណងដ៏សំខាន់បំផុតរបស់ព្រះគម្ពីរទាំងអស់គឺ ដើម្បីបំពេញព្រលឹងយើងដោយសេចក្ដីជំនឿលើព្រះ ជាព្រះវរបិតា និងលើព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ—សេចក្ដីជំនឿដែលថា គឺពិតជាមានទ្រង់ទាំងទ្វេ ជាសេចក្ដីជំនឿលើផែនការរបស់ព្រះវរបិតាសម្រាប់ជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ចរបស់យើង ជាសេចក្ដីជំនឿលើដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យផែនការនៃសុភមង្គលអាចកើតឡើង ជាសេចក្ដីជំនឿដើម្បីធ្វើឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក្លាយជាផ្លូវនៃជីវិតរបស់យើង និងជាសេចក្ដីជំនឿដើម្បីមកស្គាល់ « ព្រះពិតតែមួយ និងព្រះយេស៊ូវគ្រីស្ទដែល [ ទ្រង់បាន ] ចាត់ឲ្យមកផង » ( យ៉ូហាន ១៧:៣ ) ។ ( « The Blessing of Scripture » Liahona ខែឧសភា ឆ្នាំ២០១០ ទំព័រ៣៤ )
-
តើអ្នកនឹងសង្ខេបគោលបំណងនៃព្រះគម្ពីរដោយរបៀបណា ?
សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ គោលបំណងសំខាន់នៃព្រះគម្ពីរគឺដើម្បីស្ថាបនាសេចក្ដីជំនឿរបស់យើងលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ អ្នកប្រហែលជាចង់គូររូបព្រួញពីសេចក្តីពិតនេះទៅកណ្តាលផ្ទាំងស៊ីប ។
-
តើការដឹងពីគោលបំណងនេះអាចមានឥទ្ធិពលដល់របៀបដែលយើងសិក្សាព្រះគម្ពីររបស់យើងយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាវាអាចជាការសំខាន់ក្នុងការបន្តខិតខំស្ថាបនាសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមជញ្ជឹងគិតពីអ្វីដែលអ្នកផ្ដោតលើ ពេលអ្នកសិក្សាព្រះគម្ពីរ ។ តើអ្នកមានអារម្មណ៍ល្អប៉ុនណាដែលអ្នកផ្ដោតលើការស្ថាបនាសេចក្ដីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ពេលអ្នកសិក្សាព្រះគម្ពីរ ?
នៅពេលអ្នករៀនជំនាញសិក្សាព្រះគម្ពីរនៅក្នុងមេរៀននេះ សូមស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបប្រើជំនាញទាំងនេះ ដើម្បីស្ថាបនាសេចក្តីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
មេរៀននេះនឹងពិភាក្សាអំពីជំនាញសិក្សាព្រះគម្ពីរពីរយ៉ាងដែលអាចជួយសិស្សផ្ដោតលើព្រះអង្គសង្គ្រោះ ។ វាអាចជាប្រយោជន៍ដើម្បីពន្យល់ថា ដោយសារព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានរួបរួមអង្គទ្រង់យ៉ាងឥតខ្ចោះ នោះនៅពេលយើងរៀនអំពីព្រះអង្គសង្គ្រោះ គុណលក្ខណៈដូចគ្នានេះអនុវត្តចំពោះព្រះវរបិតា ( សូមមើល យ៉ូហាន ៦:៣៨; ១០:៣០; ១៤:៧–៩ ) ។ ជំនាញនៅក្នុងមេរៀននេះនឹងជួយយើងផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ ការផ្តោតនេះក៏ជួយយើងរៀនអំពីព្រះវរបិតាសួគ៌ផងដែរ ។
សម្រាប់ជំនាញនីមួយៗ អ្នកនឹងកំណត់ជំនាញ បង្ហាញវាជាគំរូ ហើយបន្ទាប់មកផ្តល់ឱកាសឲ្យសិស្សអនុវត្តវា ។
ជំនាញ ៖ រកមើលនិមិត្តសញ្ញានៃព្រះអង្គសង្គ្រោះ ហើយពិចារណាពីអត្ថន័យរបស់វា ។
កំណត់និយមន័យ
ព្រះគម្ពីរមាននិមិត្តសញ្ញានៃព្រះអង្គសង្គ្រោះជាច្រើន ។ និមិត្តសញ្ញានៃព្រះអង្គសង្គ្រោះគឺជាវត្ថុ ឬរបស់របរដែលអាចរំឭកយើងអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់យើង ។ សម្រាប់ជំនាញនេះ សូមធ្វើដូចខាងក្រោម ៖
សូមពិចារណាសរសេរជំហានខាងក្រោមនេះនៅលើក្ដារខៀន ៖
-
រកមើលនិមិត្តសញ្ញាដែលរំឭកអ្នកអំពីព្រះអង្គសង្គ្រោះ ។
-
សូមសួរខ្លួនឯងនូវសំណួរខាងក្រោម ៖
-
តើព្រះអង្គសង្គ្រោះដូចជានិមិត្តសញ្ញានេះយ៉ាងដូចម្ដេច ?
-
តើការប្រៀបធៀបព្រះអង្គសង្គ្រោះទៅនឹងនិមិត្តសញ្ញានេះជួយខ្ញុំឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយខ្ញុំក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ?
-
គំរូ
ដាក់គំរូតាមជំនាញនេះដោយធ្វើវារួមគ្នាជាថ្នាក់ ។ ការធ្វើបែបនេះអាចជួយសិស្សឲ្យយល់ថាតើវាជាអ្វី និងរបៀបធ្វើវា ។
តាមរយៈព្យាការីយេរេមា ព្រះអម្ចាស់បានប្រើនិមិត្តសញ្ញាដ៏មានឥទ្ធិពល ដើម្បីបង្រៀនយើងអំពីទ្រង់ ។ សូមអាន យេរេមា ២:១៣; ១៧:១៣ ស្វែងរកនិមិត្តសញ្ញារបស់ព្រះអង្គសង្គ្រោះ ។
-
តើព្រះអង្គសង្គ្រោះដូចជានិមិត្តសញ្ញានេះយ៉ាងដូចម្ដេច ? ( ក្បាលទឹករស់ )
ប្រសិនបើសិស្សពិបាកឆ្លើយ អ្នកអាចសួរសំណួរមួយចំនួនខាងក្រោម ៖
-
តើទឹកប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះ ? ( ដើម្បីបំបាត់ការស្រេកទឹក ជួយយើងមានជីវិត សម្អាត និងធ្វើឲ្យស្រស់ស្រាយ ) ។ តើព្រះអង្គសង្គ្រោះប្រៀបដូចជាទឹកតាមវិធីទាំងនេះយ៉ាងដូចម្ដេច ?
-
តើព្រះអង្គសង្គ្រោះមានសារៈសំខាន់ដូចទឹកយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាយើងអាចត្រូវការទ្រង់ញឹកញាប់ដូចជាយើងត្រូវការទឹក ?
-
ហេតុអ្វីបានជាព្រះអម្ចាស់អាចប្រៀបធៀបអង្គទ្រង់ទៅនឹងក្បាលទឹក ( ឬប្រភពទឹក ) ជំនួសឲ្យស្រះ ឬប្រភពផ្សេងទៀត ?
-
តើការប្រៀបធៀបព្រះអង្គសង្គ្រោះទៅនឹងនិមិត្តសញ្ញានេះជួយអ្នកឲ្យយល់ពីរបៀបដែលទ្រង់អាចជួយអ្នកក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
អនុវត្ត
ផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីអនុវត្តជំនាញនេះដោយខ្លួនឯង ឬជាក្រុមតូចៗ ប្រសិនបើអ្នកមានអារម្មណ៍ថាវាមានប្រយោជន៍ដល់ពួកគេ ។ អ្នកអាចឲ្យសិស្សជ្រើសរើសបទគម្ពីរមួយក្នុងចំណោមបទគម្ពីរខាងក្រោម ឬផ្សេងទៀតដែលអ្នកអាចផ្តល់ឲ្យ ។
សូមអានបទគម្ពីរមួយក្នុងចំណោមបទគម្ពីរខាងក្រោម ។ ស្វែងរកនិមិត្តសញ្ញានៃព្រះអង្គសង្គ្រោះ ហើយសួរខ្លួនឯងនូវសំណួរពីរនៅលើក្ដារខៀន ។
សាំយូអែលទី២ ២២:២–៤
អេសាយ ២៥:៤ ( ចំណាំ ៖ ពាក្យ ទ្រង់ សំដៅទៅលើព្រះអម្ចាស់ )
ម៉ាទ្បាគី៣:២–៣
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។ រកមើលវិធីដើម្បីអរគុណ និងសរសើរពួកគេចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ។ ប្រសិនបើសិស្សមានការពិបាក សូមធានាដល់ពួកគេថា វាមិនថ្វីទេ ជំនាញទាំងនេះត្រូវការអនុវត្ត ។
ជំនាញ ៖ រកមើលអ្វីដែលយើងអាចរៀនអំពីព្រះអង្គសង្គ្រោះពីសកម្មភាព និងព្រះបន្ទូលរបស់ទ្រង់
កំណត់និយមន័យ
យើងក៏អាចផ្ដោតលើព្រះអង្គសង្គ្រោះផងដែរ នៅពេលយើងសិក្សាព្រះគម្ពីរដោយរកមើលសកម្មភាព និងព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។ បន្ទាប់មកយើងអាចជញ្ជឹងគិតពីអ្វីដែលយើងអាចរៀនអំពីទ្រង់ពីសកម្មភាព និងព្រះបន្ទូលរបស់ទ្រង់ ហើយរបៀបដែលយើងរៀនអំពីទ្រង់អាចជួយយើងក្នុងជីវិតរបស់យើង ។
អ្នកអាចនឹងចង់បង្ហាញជំហានខាងក្រោមនៅលើក្ដារខៀនដើម្បីឲ្យសិស្សធ្វើតាម ។
-
រកមើលព្រះបន្ធូល និងសកម្មភាពរបស់ព្រះអង្គសង្គ្រោះ ។
-
សូមសួរខ្លួនឯងនូវសំណួរខាងក្រោម ៖
-
តើព្រះបន្ធូល ឬសកម្មភាពទាំងនេះបង្រៀនខ្ញុំអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
-
តើព្រះបន្ទូល ឬសកម្មភាពទាំងនេះជួយខ្ញុំយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយខ្ញុំក្នុងជីវិតរបស់ខ្ញុំបានដោយរបៀបណា ?
-
គំរូ
យើងអាចរៀនអំពីព្រះអង្គសង្គ្រោះដោយសិក្សាដំណើររឿងរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ។ បុរសសុចរិតទាំងបីនាក់នេះត្រូវបានគេបោះចូលក្នុងគុកភ្លើង ដោយសារពួកគេបដិសេធមិនគោរពបូជារូបមាសដែលស្តេចនេប៊ូក្នេសាបានបង្កើត ( សូមមើល ដានីយ៉ែល ៣:១៣–២២ ) ។
សូមពិចារណាពីការពន្យល់ដល់សិស្សថាពេលខ្លះ ពួកគេត្រូវតែអានដោយយកចិត្តទុកដាក់ ជាពិសេសរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ឬធ្វើ ។ ខគម្ពីរខាងក្រោមគឺជាឧទាហរណ៍មួយ ។
សូមអាន ដានីយ៉ែល ៣:២៣–២៥ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើនៅក្នុងខគម្ពីរទាំងនេះ ។
សូមពិចារណាបង្ហាញរូបភាព « សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ នៅក្នុងគុកភ្លើង» ។
ប្រសិនបើចាំបាច់ អ្នកអាចពន្យល់ថា ព្រះអង្គសង្គ្រោះ ឬពួកសារទូតសួគ៌ាដែលទ្រង់បានចាត់មកនោះ បានឈរជាមួយសាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ នៅក្នុងគុកភ្លើងង ។
-
តើសកម្មភាពនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
-
តើសកម្មភាពនេះជួយខ្ញុំឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយខ្ញុំក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ?
ពីបទពិសោធន៍នេះ យើងរៀនថា ព្រះអម្ចាស់នឹងគាំទ្រយើងក្នុងការសាកល្បងរបស់យើង ( សូមមើលផងដែរ អាលម៉ា ៣៦:៣, ២៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:៨; ២៤:៨ ) ។
អនុវត្ត
ដើម្បីអនុវត្តជំនាញនេះ សូមអានខគម្ពីរមួយក្នុងចំណោមខគម្ពីរខាងក្រោមនេះ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូល ឬបានធ្វើ បន្ទាប់មកសួរខ្លួនអ្នកនូវសំណួរពីរដែលមកជាមួយនឹងជំនាញនេះ ។
និក្ខមនំ ១៤:២១–២២, ៣០ ។ កូនចៅអ៊ីស្រាអែលជាប់នៅចន្លោះកងទ័ពអេស៊ីព្ទ និងសមុទ្រក្រហម ។
សាំយូអែល ទី១ ១៦:៦–៧ ។ សាំយូអែលកំពុងព្យាយាមស្វែងរកស្តេចថ្មីរបស់អ៊ីស្រាអែល ។
អេសាយ ១:១៦–១៨ ។ ប្រជាជនអ៊ីស្រាអែលបានធ្លាក់ក្នុងអំពើបាប ។
អេសាយ ៥៣:៣–៥ ។ ការព្យាករអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។ ប្រសិនបើមានប្រយោជន៍ សូមសួរថា ៖ « តើការដឹងពីគុណលក្ខណៈនៃព្រះអង្គសង្គ្រោះនេះអាចជួយអ្នកអនុវត្តសេចក្ដីជំនឿលើទ្រង់ដោយរបៀបណា ? »
សេចក្ដីបញ្ចប់
-
តើជំនាញទាំងនេះអាចជួយអ្នកក្នុងការសិក្សាព្រះគម្ពីររបស់អ្នកយ៉ាងដូចម្តេច ?
បញ្ចប់ដោយការចែកចាយគំនិតផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះអង្គសង្គ្រោះ និងជំនាញទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យរកមើលវិធីដើម្បីអនុវត្តជំនាញទាំងនេះនៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ឧទាហរណ៍ ពួកគេអាចរក្សាទុកសៀវភៅកំណត់ហេតុការសិក្សាជាមួយនឹងអ្វីដែលពួកគេកំពុងរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។