« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ ៖ យេរេមា–យ៉ូអែល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ ៖ យេរេមា–យ៉ូអែល » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩ ៖ មេរៀនទី ១៤៨
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៩
យេរេមា–យ៉ូអែល
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យគិតពិចារណាពីគោលដៅដែលពួកគេបានដាក់ និងការរីកចម្រើនដែលពួកគេបានដកពិសោធន៍ក្នុងអំឡុងពេលសិក្សារបស់ពួកគេអំពីយេរេមា–យ៉ូអែល ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយវគ្គបទគម្ពីរដែលមានអត្ថន័យសម្រាប់ពួកគេចេញពីការសិក្សាព្រះគម្ពីរសញ្ញាចាស់របស់ពួកគេ ។ សូមឲ្យពួកគេគិតអំពីរបៀបដែលវគ្គបទគម្ពីរនោះជួយពួកគេឲ្យធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសិក្សាក្នុងថ្នាក់របស់អ្នកអំពីយេរេមា–យ៉ូអែលអាចផ្តោតទៅលើលទ្ធផលផ្សេងគ្នាជាងអ្វីដែលបានវាយតម្លៃនៅក្នុងមេរៀននេះ ។ បើដូច្នេះ សូមបត់បែនសកម្មភាពនេះដើម្បីវាយតម្លៃពីការរីកចម្រើនដែលសិស្សបានដកពិសោធន៍ចេញពីលទ្ធផលដែលពួកគេផ្តោតលើក្នុងថ្នាក់របស់អ្នក ។
នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសវាយតម្លៃការរីកចម្រើនរបស់ពួកគេដូចខាងក្រោម ៖
-
ការពន្យល់អំពីការព្យាករទាក់ទងនឹងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។ ( ចំណាំ ៖ សកម្មភាពនេះគឺផ្អែកលើការបង្រៀនចេញមកពីមេរៀនទី ១១៨ ៖ « អេសាយ ២៩ » មេរៀនទី ១៤០ ៖ « អេសេគាល ៣៧ » និងមេរៀនទី ១៤៣ ៖ « ដានីយ៉ែល ២ » ) ។
-
ការទទួលអារម្មណ៍ពីអំណាចនៃបេសកកម្មដ៏ទេវភាពរបស់ពួកគេ ។ ( ចំណាំ ៖ សកម្មភាពនេះគឺផ្អែកលើការបង្រៀនចេញមកពីមេរៀនទី ១៣០ ៖ « យេរេមា ១ » ) ។
-
ការចូលរួមនៅក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។ ( ចំណាំ ៖ សកម្មភាពនេះគឺផ្អែកលើការបង្រៀនចេញមកពីមេរៀនទី ១៣២ ៖ « យេរេមា ១៦ » ) ។
ពេលសិស្សឆ្លើយតបសំណួរ និងបញ្ចេញមតិនៅក្នុងមេរៀននេះ សូមគិតអំពីវិធីជួយដើម្បីសិស្សស្វែងរក ស្គាល់ និងធ្វើតាមវិវរណៈផ្ទាល់ខ្លួន ។ របៀបមួយដើម្បីធ្វើបែបនេះបាន គឺសួរខ្លួនឯងថា « តើខ្ញុំអាចសួរអ្វីខ្លះដល់ពួកគេ ? » ឬ« តើខ្ញុំអាចអញ្ជើញពួកគេឲ្យធ្វើអ្វីផ្សេងទៀតបានខ្លះ ? » ការសួរសំណួរបែបនេះ អាចអញ្ជើញការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយសិស្សឲ្យធ្វើតាមវិវរណៈផ្ទាល់ខ្លួនដែលពួកគេទទួលបាន ។
( សម្រាប់ការបំពាក់បំប៉នបន្ថែមអំពីរបៀបតាមដានសំណួរដែលអញ្ជើញឲ្យមានវិវរណៈផ្ទាល់ខ្លួន សូមមើល « ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងអនុវត្តតាមវិវរណៈផ្ទាល់ខ្លួន » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ) ។
ការប្រែក្លាយកាន់តែដូចព្រះអង្គសង្គ្រោះ
អ្នកអាចជួយសិស្សរៀបចំដើម្បីវាយតម្លៃការរៀនសូត្ររបស់ពួកគេដោយពិភាក្សាអំពីរបៀបដែលយើងជាញឹកញាប់រៀនដោយធ្វើតាមអ្នកដទៃ ។ ឧទាហរណ៍ កុមាររៀនឥរិយាបថគ្រឹះតាមរយៈការធ្វើតាម ។ អ្នកប្រហែលជាចង់ចែកចាយមេរៀនដែលអ្នកបានរៀនមកពីការធ្វើតាមនរណាម្នាក់ ។
-
តើនរណាជាអ្នកដែលអ្នកបានព្យាយាមធ្វើតាម ? តើអ្នកបានរៀនអ្វីខ្លះមកពីការធ្វើតាមពួកគេ ?
សូមពិចារណាការដាក់បង្ហាញរូបភាពព្រះអង្គសង្រ្គោះខណៈពិភាក្សាសំណួរដូចខាងក្រោម ។ មុនពេលការពិភាក្សាក្នុងថ្នាក់ សិស្សអាចទទួលបានអត្ថប្រយោជន៍មកពីពេលវេលាដើម្បីគិតពិចារណាអំពីសំណួរទាំងនេះ ឬដោយឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើមានរបៀបណាខ្លះដែលអ្នកព្យាយាមធ្វើតាមព្រះអង្គសង្គ្រោះ ?
-
តើអ្នកបានរៀនអ្វីខ្លះនៅក្នុងថ្នាក់សិក្ខាសាលា ឬក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នកដែលកំពុងជួយអ្នកឲ្យធ្វើតាមព្រះអង្គសង្គ្រោះ ?
មេរៀននេះទាំងមូលនឹងផ្ដល់ឲ្យសិស្សនូវឱកាសដើម្បីពិនិត្យមើលនូវអ្វីមួយចំនួនដែលពួកគេបានរៀននៅថ្នាក់សិក្ខាសាលា ។ សូមអញ្ជើញសិស្សឲ្យបន្តគិតពិចារណាអំពីរបៀបដែលអ្វីដែលពួកគេកំពុងរៀន អាចជួយពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដើម្បីប្រែក្លាយដូចជាទ្រង់ ។
សូមពន្យល់ពីការព្យាករដែលទាក់ទងនឹងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្ងៃចុងក្រោយ
មេរៀនផ្នែកនេះមានគោលបំណងដើម្បីជួយសិស្សពន្យល់ពីការព្យាករអំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ តាមការចាំបាច់ សូមជួយសិស្សពិនិត្យឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងព្រះគម្ពីរសញ្ញាចាស់ អេសាយ ២៩:១៣–១៤; អេសេគាល ៣៧:១៥–១៧ និង ដានីយ៉ែល ២:៤៤–៤៥ ។ ដើម្បីពិនិត្យមើលវគ្គបទគម្ពីរដែលសិស្សអាចរើសយកមួយពីសេចក្តីយោងបទគម្ពីរ ហើយធ្វើដូចតទៅនេះ ៖
-
សូមអានវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
-
សូមពិនិត្យមើលអ្វីដែលពួកគេបានគូសចំណាំ ឬបានសរសេរនៅក្នុងព្រះគម្ពីររបស់ពួកគេ ឬសៀវភៅកំណត់ហេតុសិក្សាអំពីវគ្គបទគម្ពីរ ។
-
ពិនិត្យមើលឃ្លាបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិ សម្រាប់សេចក្តីយោងបទគម្ពីរនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។
បន្ទាប់ពីសិស្សបានពិនិត្យមើលការព្យាករទាំងនេះនៃការស្ដារឡើងវិញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ហើយ សូមពិចារណាដាក់ពួកគេជាគូៗ ។
ស្រមៃថាអ្នកជាដៃគូអ្នកផ្សព្វផ្សាយសាសនាដែលកំពុងរៀបចំដើម្បីបង្រៀនមេរៀនមួយអំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ធ្វើការរួមគ្នាដើម្បីបង្កើតផែនការមេរៀនសាមញ្ញមួយពីអ្វីដែលអ្នកបង្រៀន ។ ជាផ្នែកនៃផែនការរបស់អ្នក ៖
-
អាន និងពន្យល់វគ្គបទគម្ពីរគន្លឹះនៃចំណេះចំណានខាងគោលលទ្ធិនៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ ។
-
សូមរាយបញ្ជីហេតុផលពីរ ឬបី នៃហេតុអ្វីបានជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវការនៅលើផែនដីសព្វថ្ងៃនេះ ។
-
ចែកចាយអារម្មណ៍របស់អំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្រ្គោះនៅក្នុងថ្ងៃចុងក្រោយ ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញដៃគូទាំងឡាយឲ្យបង្រៀនដៃគូផ្សេងទៀត ។ ឬអ្នកអាចអញ្ជើញដៃគូពីរបីដៃគូឲ្យចែកចាយអំពីចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលវាបានផ្ដល់ពរដល់ជីវិតរបស់អ្នក ។
ទទួលអារម្មណ៍នៃបេសកកម្មដ៏ទេវភាពរបស់អ្នក
អញ្ជើញសិស្សឲ្យពិចារណាពីបទពិសោធន៍ដែលពួកគេមានកាលពីពេលថ្មីៗនេះ ដែលបង្ហាញថា ព្រះស្គាល់ពួកគេ និងបានប្រទានឲ្យពួកគេនូវការទទួលខុសត្រូវជាក់លាក់ដើម្បីអនុវត្តនៅក្នុងជីវិតរមែងស្លាប់នេះ ។ សម្រាប់អស់អ្នកដែលបានទទួលពររបស់លោកអយ្យកោរបស់ពួកគេរួចហើយ នោះអ្នកអាចលើកទឹកចិត្តពួកគេឲ្យគិតពីពាក្យពេចន៍ ឬឃ្លានៅក្នុងពររបស់លោកអយ្យកោរបស់ពួកគេ ដែលបង្ហាញពីការណ៍នេះ ។
ដើម្បីជួយសិស្សឲ្យចងចាំអ្វីដែលពួកគេបានរៀនពីមុន អំពីគោលបំណងដ៏ទេវភាពរបស់ពួកគេ សូមពិចារណាអញ្ជើញពួកគេឲ្យធ្វើដូចខាងក្រោមនេះជាមួយដៃគូ ៖
ពិនិត្យមើលវគ្គបទគម្ពីរខាងក្រោមដើម្បីចងចាំនូវអ្វីដែលអ្នកបានរៀនអំពីចំណេះដឹងរបស់ព្រះអម្ចាស់អំពីអ្នក និងគោលបំណងដ៏ទេវភាពរបស់អ្នក ៖
-
យេរេមា ១:៤–៥
របៀបមួយដែលអ្នកអាចជួយសិស្សឲ្យវាស់វែងការរីកលូតលាស់ និងការផ្លាស់ប្តូរនៅក្នុងបំណងប្រាថ្នារបស់ពួកគេ គឺតាមរយៈការដាក់បង្ហាញគំនិតខាងក្រោម ដែលពួកគេបានប្រើនៅឯដើមនៃមេរៀនទី ១៣០ ៖ « យេរេមា ១ » ។ អញ្ជើញសិស្សឲ្យក្រឡេកមើលត្រឡប់ទៅក្រោយវិញនៅសៀវភៅកំណត់ហេតុរបស់ពួកគេ ចេញពីមេរៀននោះ ដើម្បីមើលពីរបៀបដែលពួកគេបានទទួលអារម្មណ៍នៅពេលនោះ ។
អ្នកក៏អាចឲ្យសិស្សអានសារដែលពួកគេបានសរសេរទៅកាន់ខ្លួនឯងនៅចុងបញ្ចប់នៃមេរៀននោះផងដែរ ។
តើអ្នកនឹងវាយតម្លៃខ្លួនរបស់អ្នក ដោយប្រើរង្វាស់ពី ១ ( ១ = ពិតពីខ្ញុំ ១០ = មិនពិតពីខ្ញុំ ) អំពីសេចក្តីថ្លែងការណ៍ខាងក្រោម ។ កត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកពីមូលេហតុដែលអ្នកដាក់ពិន្ទុសេចក្តីថ្លែងការណ៍នីមួយៗ តាមរបៀបដែលអ្នកបានធ្វើ ។
-
ខ្ញុំជឿថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទជ្រាបស្គាល់ខ្ញុំច្បាស់ជាងនរណាៗផ្សេងទៀតទាំងអស់ ។
-
ខ្ញុំជឿថា ទ្រង់ទាំងទ្វេបានប្រទានឲ្យខ្ញុំនូវគោលបំណងដ៏ទេវភាពថា ខ្ញុំអាចសម្រេចបានដោយមានជំនួយពីទ្រង់ទាំងទ្វេ ។
-
ខ្ញុំចង់ដឹង និងចង់បំពេញបេសកកម្មភាពដ៏ទេវភាព ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យខ្ញុំ ។
សូមអញ្ជើញសិស្សឲ្យវាយតម្លៃការរីកចម្រើនរបស់ពួកគេអំពីសេចក្តីថ្លែងការណ៍ទាំងបីខាងលើ ដោយកត់ត្រាអ្វីដែលពួកគេបានរៀន និងមានបទពិសោធន៍ថ្មីៗនេះ ដែលជះឥទ្ធិពលលើជំនឿ និងបំណងប្រាថ្នារបស់ពួកគេ ។
ចូលរួមក្នុងការប្រមូលសាសន៍អ៊ីស្រាអែល
នៅក្នុងអំឡុងមេរៀនទី ១៣២ ៖ « យេរេមា ១៦ » សិស្សត្រូវបានអញ្ជើញឲ្យធ្វើផែនការផ្ទាល់ខ្លួនសម្រាប់ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ សិស្សប្រហែលជាបានរកឃើញការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធអំពីអ្នកដែលពួកគេអាចចែកចាយដំណឹងល្អជាមួយ ព្រមទាំងរបៀប និងពេលដែលពួកគេអាចធ្វើវាបាន ។ ដើម្បីជួយសិស្សចងចាំពីមេរៀន និងផែនការរបស់ពួកគេ នោះអ្នកប្រហែលជាចង់អាន យេរេមា ១៦:១៤–១៦ ។
សូមពិចារណាដាក់បង្ហាញក្រាហ្វិកដូចខាងក្រោម ។ អញ្ជើញសិស្សឲ្យបង្កើតក្រាហ្វិកស្រដៀងគ្នានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយបំពេញប្រអប់សម្រាប់គំនិតមួយ ឬច្រើន ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យពិភាក្សាពីបទពិសោធន៍របស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ រកមើលរបៀបដើម្បីសរសើរ និងលើកទឹកចិត្តសិស្សក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។ អ្នកប្រហែលជាចង់ផ្តល់ឱកាសសម្រាប់សិស្សដើម្បីបង្កើតផែនការថ្មីមួយប្រកបដោយការអធិស្ឋាន ដើម្បីបន្តចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សនៅជុំវិញខ្លួនពួកគេ ។