« ដានីយ៉ែល ២ ៖ ‹ តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ដានីយ៉ែល ៖ ‹ តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤៣
ដានីយ៉ែល ២
« តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ »
ព្រះអម្ចាស់បានបង្ហាញដានីយ៉ែលនូវការនិមិត្តអំពីថ្ងៃចុងក្រោយ នៅពេលដែលព្រះអម្ចាស់នឹងរៀបចំនគររបស់ទ្រង់នៅលើផែនដី ។ នគររបស់ព្រះអម្ចាស់ គឺសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នឹងមានពាសពេញផ្ទៃផែនដី និងឈរឡើងជារៀងរហូត ។ មេរៀននេះអាចជួយសិស្សពង្រឹងទីបន្ទាល់របស់ពួកគេអំពីការស្តារឡើងវិញដ៏ទេវភាពនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសគំនិតមួយក្នុងចំណោមគំនិតខាងក្រោម ដើម្បីរៀបចំសម្រាប់មេរៀននេះ ៖
សកម្មភាពរៀនសូត្រដែលអាចមាន
ទីបន្ទាល់អំពីការស្ដារឡើងវិញ
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយសំណួរណាមួយដែលពួកគេចងចាំដែលត្រូវបានសួរក្នុងអំឡុងពេលសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ ប្រសិនបើមានប្រយោជន៍ អ្នកអាចចង្អុលទៅលើសំណួរសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធនៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ។ បន្ទាប់ពីសិស្សបានចែកចាយសំណួរមួយចំនួនដែលពួកគេចងចាំរួច អ្នកអាចសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ។
សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយទៅនឹងសំណួរសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដូចតទៅនេះ ៖
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
តាមតម្រូវការ សូមពន្យល់ថា ការស្តារឡើងវិញគឺជា « ការតាំងឡើងវិញរបស់ព្រះនូវសេចក្ដីពិត និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អនៅក្នុងចំណោមមនុស្សលោកនៅលើផែនដី » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការសាងឡើងវិញនៃដំណឹងល្អ » បណ្ណាល័យដំណឹងល្អ ) ។
សូមពិចារណាសរសេរពាក្យ ហេតុអ្វី ឬហេតុអ្វីមិនមែន ? បន្ទាប់ពីសំណួរនៅលើក្តារខៀន ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីចម្លើយរបស់ពួកគេចំពោះសំណួរទាំងពីរនោះ ។
ពេលអ្នកសិក្សា ដានីយ៉ែល ២ នៅថ្ងៃនេះ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកស្គាល់សេចក្ដីពិតដែលអាចពង្រឹងទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានស្តារឡើងវិញនូវសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅលើផែនដី ។
សុបិនរបស់ស្ដេចនេប៊ូក្នេសា
ដើម្បីជួយសិស្សយល់ពីបរិបទនៃ ដានីយ៉ែល ២ សិស្សម្នាក់អាចអាន ឬសង្ខេបព័ត៌មានខាងក្រោម ។ ជម្រើសមួយផ្សេងទៀត អ្នកអាចមើលវីដេអូ « God Gave Them Knowledge » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៦:១៧ ដល់ ១៣:០០ ។
ស្ដេចនេប៊ូក្នេសានៃក្រុងបាប៊ីឡូនបានមានសុបិនមួយ ដែលបានអំពល់ដល់ទ្រង់ ។ គ្មានអ្នកប្រាជ្ញណាម្នាក់របស់ទ្រង់អាចប្រាប់ទ្រង់ពីអត្ថន័យនៃសុបិន ឬរបៀបបកស្រាយវាបានឡើយ ។ ជាលទ្ធផល ស្តេចអង្គនេះបានបង្គាប់ឲ្យសម្លាប់អ្នកប្រាជ្ញរបស់ទ្រង់ទាំងអស់ រួមទាំងដានីយ៉ែលដែរ ។ មុនពេលរឿងនោះអាចកើតឡើង ព្រះបានបង្ហាញសុបិននោះ និងការបកស្រាយរបស់វាទៅដល់ដានីយ៉ែល ( សូមមើល ដានីយ៉ែល ២:១–២៦ ) ។
មុនពេលចែកចាយអ្វីដែលព្រះបានបើកបង្ហាញអំពីសុបិននោះ ដានីយ៉ែលបានបង្រៀនស្តេចថា ព្រះគឺជាប្រភពនៃការបកស្រាយនោះ ។ ដានីយ៉ែលក៏បានបើកសម្ដែងថា សុបិន្តនោះគឺអំពី « ការដែលត្រូវកើតមកនៅថ្ងៃក្រោយ » ( ដានីយ៉ែល ២:២៨ ) ។
សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ។ សូមផ្តល់សំណៅនៃឯកសារចែកដែលមានចំណងជើងថា « សុបិនរបស់ស្ដេចនេប៊ូក្នេសា »ដល់ក្រុមនីមួយៗ ។ បន្ទាប់មក សូមដាក់បង្ហាញការណែនាំខាងក្រោម ដោយទុកពេលឲ្យសិស្សបញ្ចប់ជំហានទីមួយមុនពេលបង្ហាញជំហានទីពីរ ។
-
សូមអាន ដានីយ៉ែល ២:៣១–៤៣ ហើយដាក់ស្លាកធាតុនៃសុបិនសុបិនរបស់ស្ដេចនេប៊ូក្នេសា នៅលើឯកសារចែកជាមួយនឹងការបកស្រាយដែលអ្នករកឃើញ ។ សូមដាក់បញ្ចូលខគម្ពីរនៅកន្លែងដែលអ្នកបានរកឃើញការបកស្រាយ ។
ជួយសិស្សកំណត់អត្តសញ្ញាណថា នគរបាប៊ីឡូនរបស់ស្ដេចនេប៊ូក្នេសា គឺជាក្បាលមាស ( ខទី ៣៨ ) ។ ផ្នែកផ្សេងទៀតនៃរូបភាពនោះ ( ឬរូបសំណាក ) តំណាងឲ្យនគរផ្សេងទៀតដែលនឹងកើតឡើងបន្ទាប់ពីក្រុងបាប៊ីឡូន ។
ដានីយ៉ែល ២:៤៤–៤៥ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីឲ្យពួកគេអាចងាយរកវាឃើញ ។
-
សូមអាន ដានីយ៉ែល ២:៤៤–៤៥ ដោយរកមើលពាក្យ និងឃ្លាដែលពិពណ៌នាអំពីថ្មនោះ ។ សរសេរពាក្យទាំងនេះនៅជុំវិញថ្មនោះនៅលើឯកសារចែករបស់អ្នក ។
នៅពេលសិស្សអានសេចក្តីថ្លែងការណ៍ខាងក្រោម សូមអញ្ជើញពួកគេសរសេរអ្វីដែលតំណាងឲ្យថ្មនោះនៅខាងក្នុងថ្មនៅលើឯកសារចែករបស់ពួកគេ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអ្វីដែលតំណាងឲ្យថ្មនោះ ៖
សាសនាចក្រ[ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ]គឺជានគរនៅថ្ងៃចុងក្រោយ ដែលបានព្យាករទុកនោះពុំបានបង្កើតឡើងដោយមនុស្សទេ ប៉ុន្តែបានតាំងឡើងដោយព្រះនៃស្ថានសួគ៌ ហើយនឹងរមៀលចេញទៅដូចជាថ្ម « ដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ » ដើម្បីមានពាសពេញផែនដី [ ដានីយ៉ែល ២:៤៥ សូមមើលផងដែរ ខទី ៣៥ ] ។ ( « Why the Church » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ១១១ )
-
តើយើងអាចរៀនអ្វីខ្លះអំពីសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះចេញពីសេចក្តីថ្លែងការណ៍នេះ និងចេញពីវិវរណៈរបស់ព្រះអម្ចាស់ទៅដល់ដានីយ៉ែល ?
ដោយប្រើពាក្យរបស់សិស្ស សូមជួយពួកគេឲ្យស្គាល់ថា ព្រះបានបង្កើតសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលនឹងបំពេញផែនដីទាំងមូល និងឈរជារៀងរហូត ។
សូមពិចារណាចែកចាយថា ព្រះអម្ចាស់ផ្ទាល់បានប្រកាសថា ដំណឹងល្អរបស់ទ្រង់នឹងបំពេញផែនដីទាំងមូល ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:២ ) ។ សិស្សអាចធ្វើសេចក្ដីយោងបទគម្ពីរ ឬភ្ជាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៥:២ ទៅនឹង ដានីយ៉ែល ២:៣៥ ។ អ្នកអាចពន្យល់ថា « ពេញផែនដីទាំងដុំមូល » ( ដានីយ៉ែល ២:៣៥ ) មិនមានន័យថា មនុស្សគ្រប់គ្នានឹងចូលរួមជាមួយសាសនាចក្ររបស់ព្រះអម្ចាស់នោះទេ ប៉ុន្តែវានឹងរីករាលដាលពាសពេញផែនដី ( សូមមើល នីហ្វៃទី១ ១៤:១២–១៤ ) ។
-
តើឃ្លានៅក្នុង ដានីយ៉ែល ២:៤៤–៤៥ ជួយយើងឲ្យយល់ពីសេចក្ដីពិតនេះយ៉ាងដូចម្តេច ?
ថ្មរមៀលចេញ
បន្ទាប់ពីបកស្រាយសុបិនរបស់ស្តេចនេប៊ូក្នេសាមក ដានីយ៉ែលបានចែកចាយទីបន្ទាល់របស់គាត់ថា វាជា« ប្រាកដហើយ ឯសេចក្តីសំរាយក៏ជាពិតដែរ » ( ដានីយ៉ែល ២:៤៥ ) ។ នៅពេលយើងអភិវឌ្ឍទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង សេចក្តីពិតនៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអង្គសង្គ្រោះអាចក្លាយជាប្រាកដ ហើយពិតចំពោះយើងតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយនូវអ្វីដែលយើងត្រូវធ្វើដើម្បីអភិវឌ្ឍទីបន្ទាល់ពិតសម្រាប់ខ្លួនឯង ៖
ឥឡូវ ក្នុងនាមជាប្រធានសាសនាចក្ររបស់ទ្រង់ ខ្ញុំសូមអង្វរដល់បងប្អូន ។ … សូមធ្វើនូវកិច្ចការខាងវិញ្ញាណស្វែងយល់ដោយខ្លួនឯង[ថាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះត្រូវបានស្ដារឡើងវិញ] ហើយសូមធ្វើវាឥឡូវនេះ ។ ជិតអស់ម៉ោងហើយ ។ ( « Come, Follow Me » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៩១ )
សកម្មភាពខាងក្រោមអាចជួយសិស្សពិចារណាអំពីការងារខាងវិញ្ញាណដែលពួកគេត្រូវធ្វើដើម្បីពង្រឹងទីបន្ទាល់របស់ពួកគេអំពីការស្តារឡើងវិញដ៏ទេវភាពនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមពិចារណាបំបែកសិស្សទៅជាក្រុមតូចៗ ដើម្បីធ្វើសកម្មភាពនេះ ។
ជួយសិស្សស្វែងរក សេចក្តីប្រកាសនៃការស្តារឡើងវិញ ។ វាអាចរកឃើញនៅក្នុងបណ្ណាល័យដំណឹងល្អ និងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាមួយចំនួន ។ អ្នកអាចផ្តល់ច្បាប់ចម្លងសម្រាប់សិស្សដែលមិនអាចចូលប្រើវាបាន ។ ជាជម្រើសមួយផ្សេងទៀតសម្រាប់សេចក្ដីប្រកាសនេះ អ្នកក៏អាចបង្ហាញវីដេអូ « Hear Him »ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ១៧:០៥ ដល់ ២២:៥៥ ។
-
សូមអាន « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » សូមរកមើលសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបើកសម្ដែង និងព្រឹត្តិការណ៍ដែលទ្រង់បាននាំមកក្នុងការស្តារសាសនាចក្ររបស់ទ្រង់ ។
-
ពិភាក្សាអំពីមូលហេតុដែលសេចក្ដីពិត និងព្រឹត្តិការណ៍ទាំងនេះមានសារៈសំខាន់ចំពោះការស្តារឡើងវិញនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។
-
ពិភាក្សាអំពីការងារខាងវិញ្ញាណដែលនរណាម្នាក់អាចធ្វើបានដើម្បីពង្រឹងទីបន្ទាល់របស់ពួកគេថា ព្រះយេស៊ូវគ្រីស្ទបានស្តារសាសនាចក្ររបស់ទ្រង់ឡើងវិញ ។
បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ សូមឲ្យក្រុមនីមួយៗចែកចាយសេចក្ដីពិត ឬព្រឹត្តិការណ៍មួយដែលលេចធ្លោចំពោះពួកគេ ។ អញ្ជើញពួកគេឲ្យចែកចាយពីហេតុផលដែលវាសំខាន់ក្នុងការមានទីបន្ទាល់អំពីសេចក្ដីពិត ឬព្រឹត្តិការណ៍នេះ និងការងារខាងវិញ្ញាណដែលនរណាម្នាក់អាចធ្វើបានដើម្បីទទួលបាន ឬពង្រឹងទីបន្ទាល់របស់ពួកគេអំពីរឿងនេះ ។
បន្ទាប់ពីក្រុមនីមួយៗមានឱកាសចែកចាយរួចហើយ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើសេចក្ដីពិត ឬព្រឹត្តិការណ៍អ្វីខ្លះរបស់សាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកចង់ពង្រឹងទីបន្ទាល់របស់អ្នក ?
-
តើការងារខាងវិញ្ញាណអ្វីខ្លះដែលអ្នកអាចធ្វើបានដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីការស្តារឡើងវិញដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះនៃសាសនាចក្ររបស់ទ្រង់ ?
ទន្ទេញ
អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ដានីយ៉ែល ២:៤៤–៤៥ គឺ« ព្រះនឹង‹ តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ › » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។