« ដានីយ៉ែល ៦ ៖ ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ដានីយ៉ែល ៦ ៖ ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤៥
ដានីយ៉ែល ៦
ការស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងព្រះគម្ពីរ
តើរឿងអ្វីខ្លះនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានបង្រៀនអ្នកនូវគោលការណ៍នៃដំណឹងល្អមួយដែលមានអត្ថន័យ ? ព្រះយេស៊ូវគ្រីស្ទផ្ទាល់បានប្រើព្រះគម្ពីរសញ្ញាចាស់ដើម្បីជួយពួកសិស្សរបស់ទ្រង់យល់ពីការបង្រៀនរបស់ទ្រង់ ( ឧទាហរណ៍ សូមមើល លូកា ៤:២៤–២៧ ) ។ រឿងដ៏មានឥទ្ធិពលមួយដែលបង្ហាញពីសេចក្ដីពិតនៃដំណឹងល្អជាច្រើនគឺដំណើររឿងអំពីសេចក្ដីជំនឿ និងការទុកចិត្តរបស់ដានីយ៉ែលចំពោះព្រះអម្ចាស់ ទោះបីជានៅពេលកំពុងប្រឈមមុខនឹងរូងសិង្ហក៏ដោយ ។ មេរៀននេះអាចជួយសិស្សស្គាល់ និងចែកចាយសេចក្ដីពិតនៃដំណឹងល្អនៅក្នុង ដានីយ៉ែល ៦ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពិចារណាអំពីដែលដំណើររឿងព្រះគម្ពីរ ដែលពួកគេបានរៀនចេញពីព្រះគម្ពីរសញ្ញាចាស់នៅក្នុងការសិក្សារបស់ពួកគេក្នុងឆ្នាំនេះ ។ ពួកគេអាចជ្រើសរើសដំណើររឿងមួយដែលមានអត្ថន័យសម្រាប់ពួកគេ ហើយរៀបចំដើម្បីចែកចាយសេចក្ដីពិតនៃដំណឹងល្អដែលដំណើររឿងនោះបានជួយពួកគេយល់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណុចសំខាន់នៃរឿងនោះ
ដើម្បីជួយសិស្សអនុវត្តការកំណត់ចំណុចសំខាន់នៃរឿងមួយ សូមជ្រើសរើសរឿងនិទានក្នុងស្រុក ឬរឿងនិទានបែបប្រជាប្រិយមួយ ។ ឧទាហរណ៍ អ្នកអាចប្រើរឿងដូចជា « កូនទារូបអាក្រក់ » ។ ជាជម្រើសផ្សេងទៀត អ្នកអាចបង្ហាញវីដេអូ « Things That Matter Most » ចាប់ពីនាទីទី ០:០០ ដល់ ០:២២ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
តើសារលិខិតអ្វីខ្លះដែលរឿងនេះបង្រៀន ?
-
តើសារលិខិតនោះអាចបង្ហាញពីសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ ឬដំណឹងល្អរបស់ទ្រង់យ៉ាងដូចម្តេច ?
ដូចដែលយើងអាចរកឃើញសេចក្ដីពិតនៅក្នុងរឿងនិទាន និងរឿងរ៉ាវទូទៅ យើងអាចរៀនស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងដំណើររឿងព្រះគម្ពីរដែលបានបំផុសគំនិត ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានរក្សាទុកសម្រាប់យើង ។
ដើម្បីជួយយើងឲ្យយល់ពីរបៀបដែលដំណើររឿងព្រះគម្ពីរបង្រៀនសេចក្ដីពិតនៃដំណឹងល្អ អែលឌើរ ជេ អ៊ី ចេនសិន នៃពួកចិតសិបនាក់ បានបង្រៀន ៖
នៅពេលអ្នកអាន និងសិក្សាដំណើររឿង[ ព្រះគម្ពីរ ]អ្នកនឹងឃើញពាក្យ ឃ្លា ឬគោលការណ៍មួយដែលហាក់ដូចជាអាចអនុវត្តបានសព្វថ្ងៃនេះដូចកាលពីអតីតកាលដែរ ។ នៅពេលអ្នកបន្តការសិក្សារបស់អ្នកប្រកបដោយការអធិស្ឋាន គោលការណ៍ផ្សេងទៀតនឹងក្លាយជាច្បាស់លាស់ ។ នៅពេលអ្នកដាក់គោលការណ៍ទាំងនោះរួមគ្នា អ្នកនឹងចាប់ផ្តើមកាត់បន្ថយគម្លាតរវាងព្យាការី និងមនុស្សដែលបានរស់នៅក្នុងអតីតកាល—ពួកគេ-នៅទីនោះ-នៅពេលនោះ—និងយើងនៅក្នុងសម័យរបស់យើង—ខ្ញុំ-នៅទីនេះ-ឥឡូវនេះ ។ ( « Scripture Stories as Patterns for Our Lives » Ensign ខែកក្កដា ឆ្នាំ២០០៩ ទំព័រ២១ )
-
តើអ្វីដែលលេចធ្លោចំពោះអ្នកនៅក្នុងសារលិខិតរបស់អែលឌើរ ចេនសិន ?
-
តើដំណើររឿងព្រះគម្ពីរសញ្ញាចាស់អ្វីខ្លះដែលបានជួយអ្នកឲ្យយល់អំពីព្រះយេស៊ូវគ្រីស្ទ ឬដំណឹងល្អរបស់ទ្រង់កាន់តែប្រសើរឡើង ?
ការវាយតម្លៃដោយខ្លួនឯងខាងក្រោមនេះអាចជួយសិស្សជ្រើសរើសផ្នែកនៃសេចក្ដីពិតដែលបានកំណត់នៅក្នុងជំនាញដំណើររឿងព្រះគម្ពីរដេលពួកគេអាចអនុវត្តនៅថ្ងៃនេះ ។
នៅលើរង្វាស់ពី ១ ដល់ ៥ សូមវាយតម្លៃទំនុកចិត្តរបស់អ្នកក្នុងការប្រើប្រាស់ជំនាញសិក្សាបទគម្ពីរខាងក្រោម ៖
-
ខ្ញុំអាចស្គាល់សេចក្ដីពិតនៃដំណឹងល្អនៅក្នុងដំណើររឿងព្រះគម្ពីរមួយ ។
-
ខ្ញុំអាចមើលឃើញយ៉ាងងាយពីរបៀបដែលដំណើររឿងព្រះគម្ពីរមួយបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
-
ខ្ញុំអាចអនុវត្តដំណើររឿងព្រះគម្ពីរនៅក្នុងជីវិតរបស់ខ្ញុំ ។
-
ខ្ញុំអាចចែកចាយដោយមានប្រសិទ្ធភាពពីអ្វីដែលខ្ញុំរៀនពីដំណើររឿងព្រះគម្ពីរជាមួយអ្នកដទៃ ។
ថ្ងៃនេះ អ្នកនឹងសិក្សាដំណើររឿងមួយនៅក្នុងគម្ពីរដានីយ៉ែល និងពន្យល់ពីអ្វីដែលអ្នករៀនពីដំណើររឿងនេះ ។ អ្នកអាចផ្តោតការខិតខំប្រឹងប្រែងរបស់អ្នកលើជំនាញដែលអ្នកមានអារម្មណ៍ថា មានទំនុកចិត្តតិចបំផុត ។ សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយបង្កើនសមត្ថភាពរបស់អ្នក ក្នុងការកំណត់សេចក្ដីពិតនៅក្នុងដំណើររឿងព្រះគម្ពីរនានា និងបង្រៀនអ្នកដទៃនូវអ្វីដែលអ្នករៀនអំពីព្រះយេស៊ូវគ្រីស្ទ ព្រះជន្មរបស់ទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
ដានីយ៉ែលត្រូវបានបោះចូលទៅក្នុងរូងសិង្ហ
ជាច្រើនឆ្នាំបន្ទាប់ពីដានីយ៉ែល និងមិត្តភក្តិរបស់លោកត្រូវបានជាប់ឃុំឃាំងនៅក្នុងក្រុងបាប៊ីឡូន នគរនេះត្រូវបានគ្រប់គ្រងដោយពួកសាសន៍មេឌី និងសាសន៍ពើស៊ី ។ ដារីយុស ជាសាសន៍មេឌី ត្រូវបានតែងតាំងជាស្ដេចនៃបាប៊ីឡូន ( សូមមើល ដានីយ៉ែល ៥:៣០–៣១ ) ។
សកម្មភាពខាងក្រោមអាចជួយសិស្សអនុវត្តកំណត់សេចក្ដីពិតនៃដំណឹងល្អនៅក្នុងដំណើររឿងព្រះគម្ពីរ ដោយសិក្សាអំពីដំណើររឿងរបស់ដានីយ៉ែលដែលត្រូវបានបោះចូលទៅក្នុងរូងសិង្ហ ( សូមមើល ដានីយ៉ែល ៦ ) ។ វាអាចនឹងមានប្រយោជន៍សម្រាប់សិស្សក្នុងការមានទិដ្ឋភាពសង្ខេបអំពីដំណើររឿងមុនពេលពួកគេស្វែងរកសេចក្ដីពិតនៃដំណឹងល្អនៅក្នុងដំណើររឿងនោះ ។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នកអាចសង្ខេបដំណើររឿងនោះ ៖
-
អ្នកអាចឲ្យសិស្សចែកចាយដំណើររឿងនេះ ដោយរៀបចំពួកគេជាក្រុមដើម្បីអានផ្នែកមួយ ។ ក្រុមនីមួយៗបន្ទាប់មកអាចសង្ខេបផ្នែករបស់ពួកគេអំពីដំណើររឿងនេះដល់សិស្សក្នុងថ្នាក់ ។ វិធីមួយដើម្បីបំបែកការអានអាចជា ៖
ដានីយ៉ែល ៦:១–៥
ដានីយ៉ែល ៦:៦–១១
ដានីយ៉ែល ៦:១២–១៧
ដានីយ៉ែល ៦:១៨–២៣
ដានីយ៉ែល ៦:២៤–២៨
-
អ្នកអាចសង្ខេបដំណើររឿងទាំងមូលសម្រាប់សិស្ស ។ ប្រសិនបើមាន អ្នកអាចប្រើរូបភាពដែលមាននៅក្នុងអត្ថបទ« Daniel and the Lions » ( Friend ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ FJ4–FJ6 ) ឬវីដេអូ « Daniel and the Lions’ Den » ( ១:៤៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដើម្បីជួយអ្នកសង្ខេបដំណើររឿងនេះ ។
ដើម្បីជួយសិស្សអនុវត្តកំណត់គោលការណ៍នៃដំណឹងល្អចេញពីដំណើររឿងព្រះគម្ពីរ សូមប្រើឯកសារចែកចាយ « ដំណើររឿងព្រះគម្ពីរ បង្រៀនពីសេចក្តីពិតនៃដំណឹងល្អ » ។ ដោយសារសិស្សនឹងធ្វើបទបង្ហាញពីអ្វីដែលពួកគេរៀនទៅកាន់សិស្សផ្សេងទៀតវាអាចជាការល្អបំផុតដើម្បីឲ្យពួកគេធ្វើការជាមួយដៃគូម្នាក់ ឬជាក្រុមតូចៗ ។ សូមពិចារណាផ្គូផ្គងសិស្សដែលអាចមានអារម្មណ៍ថប់បារម្ភអំពីការធ្វើបទបង្ហាញជាមួយសិស្សដែលអាចមានអារម្មណ៍ស្រួលជាង ។
នៅពេលសិស្សប្រើឯកសារចែកចាយដើម្បីរៀបចំមេរៀនរបស់ពួកគេ អ្នកអាចដើរជុំវិញបន្ទប់រៀនដើម្បីមើលឃើញពីសេចក្ដីពិតនៃដំណឹងល្អអ្វីដែលពួកគេកំពុងស្វែងរក ។ ប្រសិនបើពួកគេកំពុងជួបការលំបាក សូមពិចារណាពីរបៀបដែលអ្នកអាចជួយពួកគេរៀនកំណត់សេចក្ដីពិតនៅក្នុងដំណើររឿងនោះ ។ ឧទាហរណ៍អំពីសេចក្ដីពិតដែលពួកគេអាចកំណត់គឺ ៖
-
ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ យើងនឹងប្រឈមមុខនឹងការជំទាស់ដោយសារតែសេចក្ដីជំនឿរបស់យើង ( ដានីយ៉ែល ៦:១–៥ ) ។
-
ព្រះអម្ចាស់នឹងប្រទានពរដល់ការខិតខំប្រឹងប្រែងរបស់យើង នៅពេលយើងឈរតតាំងនឹងសម្ពាធខាងលោកិយ ។ ( ដានីយ៉ែល ៦:៦–១៦ ) ។
-
នៅពេលយើងធ្វើអ្វីដែលត្រឹមត្រូវ និងជឿជាក់លើព្រះអម្ចាស់ គំរូដ៏សុចរិតរបស់យើងអាចជះឥទ្ធិពលដល់អ្នកដទៃ ( ដានីយ៉ែល ៦:១៦–២៨ ) ។
ចែកចាយពីអ្វីដែលអ្នកបានរៀន
បន្ទាប់ពីសិស្សបានបញ្ចប់ការចែកចាយ សូមអញ្ជើញពួកគេចែកចាយមេរៀនដែលពួកគេបានរៀបចំជាមួយក្រុមផ្សេងទៀត ឬជាមួយសិស្សក្នុងថ្នាក់ ។ ប្រសិនបើសិស្សមិនចែកចាយផ្នែកខ្លះនៃដំណើររឿងដែលរំឭកពួកគេអំពីព្រះយេស៊ូវគ្រីស្ទទេ អ្នកអាចចង្អុលបង្ហាញពីការប្រៀបធៀបមួយចំនួនដូចខាងក្រោម ៖
-
ដានីយ៉ែល និងព្រះយេស៊ូវបានធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌, សូម្បីតែនៅពេលកំពុងប្រឈមមុខនឹងសេចក្ដីស្លាប់ ( សូមមើល ដានីយ៉ែល ៦:៧, ១០; យ៉ូហាន ៦:៣៨ ) ។
-
ដានីយ៉ែល និងព្រះយេស៊ូវបានរស់រានមានជីវិតដោយអព្ភូតហេតុពីរណ្តៅមួយដែលត្រូវបានគ្របដណ្តប់ដោយថ្មមួយ ( សូមមើល ដានីយ៉ែល ៦:១៧, ២៣; ម៉ាកុស ១៥:៤៦; ១៦:៤–៦ ) ។
អ្នកអាចលើកទឹកចិត្តសិស្សឲ្យយកមេរៀនដែលពួកគេបានរៀបចំទៅផ្ទះ ហើយចែកចាយវាជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ។
ដើម្បីបញ្ចប់ថ្នាក់ សូមពិចារណាចែកចាយពីរបៀបដែលអ្នកត្រូវបានប្រទានពរតាមរយៈសារលិខិតរបស់ព្រះយេស៊ូវគ្រីស្ទ ឬដំណឹងល្អរបស់ទ្រង់នៅក្នុងដំណើររឿងព្រះគម្ពីរ ។ សូមអញ្ជើញសិស្សឲ្យបន្តរកមើលការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេមើលឃើញសេចក្ដីពិតនៃដំណឹងល្អនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។