« ដានីយ៉ែល ៣ ៖ ‹ ព្រះនៃយើង … នឹងជួយឲ្យយើងរួច … តែបើមិន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ដានីយ៉ែល ៣ ៖ ‹ ព្រះនៃយើង … នឹងជួយឲ្យយើងរួច … តែបើមិន › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ដានីយ៉ែល ១–៧ ៖ មេរៀនទី ១៤៤
ដានីយ៉ែល ៣
« ព្រះនៃយើង … នឹងជួយឲ្យយើងរួច … តែបើមិន »
ពេលខ្លះ ព្រះអម្ចាស់អាចនឹងរំដោះយើងដោយអព្ភូតហេតុចេញពីការសាកល្បងរបស់យើង ។ ពេលខ្លះទៀត ទ្រង់ប្រហែលជាមិនរំដោះយើងតាមរបៀប ឬតាមពេលវេលាដែលយើងសង្ឃឹមនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ យើងអាចព្យាយាមធ្វើដូចសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយទុកចិត្តលើព្រះអម្ចាស់ ទោះជាទ្រង់ជ្រើសរើសប្រទានពរយើងដោយរបៀបណា និងពេលណាក៏ដោយ ។ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ចង់ទុកចិត្តលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង មិនថាមានលទ្ធផលអ្វីនោះទេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីសិស្សដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ ដែលបានជួយសង្រ្គោះពីការសាកល្បងដោយអព្ភូតហេតុ ។ បន្ទាប់មក សូមឲ្យពួកគេគិតអំពីសិស្សដ៏ស្មោះត្រង់ឯទៀតដែលមិនត្រូវបានជួយសង្រ្គោះ ។ ពួកគេអាចជញ្ជឹងគិតអំពីអ្វីដែលដំណើររឿងទាំងនេះបង្រៀនពួកគេអំពីការទុកចិត្តលើព្រះអម្ចាស់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាចាប់ផ្តើមថ្នាក់រៀនដោយចែកចាយរឿងខាងក្រោមអំពីកូនប្រុសរបស់អែលឌើរ បូវែន ឈ្មោះ ថៃសុន ។
កំណត់ចំណាំ ៖ កំណែវីដេអូនៃសេចក្តីថ្លែងការណ៍នោះរួមបញ្ចូលព័ត៌មានបន្ថែមដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទេ ។
អែលឌើរ សាយអាន អែម បូវែន នៃពួកចិតសិបនាក់ បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដូចតទៅ ៖
នៅពេល[ កូនប្រុសរបស់ខ្ញុំ ] ថៃសុន មានអាយុប្រាំបីខែ គាត់បានដកដង្ហើមចូល[ ស្រូបតាមច្រមុះ ]ដីសមួយដុំ ដែលគាត់បានឃើញនៅលើកម្រាលព្រំ ។ ដីសនោះបានស្ទះនៅបំពង់ករបស់ថៃសុន ហើយគាត់លែងដកដង្ហើម ។ បងប្រុសរបស់គាត់បាននាំថៃសុនឡើងលើផ្ទះ ស្រែកដោយរញ្ជួលចិត្តថា « ប្អូនតូចឥតដកដង្ហើមទេ ។ ប្អូនតូចឥតដកដង្ហើមទេ » ។ យើងបានចាប់ផ្ដើមធ្វើចលនាបេះដូង ហើយទូរសព្ទទៅលេខ ៩១១ ។
អ្នកជំនួយវេជ្ជបណ្ឌិតបានមកដល់ ហើយបានប្រញាប់នាំថៃសុនទៅមន្ទីរពេទ្យ ។ នៅក្នុងបន្ទប់រង់ចាំ យើងបានបន្ដអធិស្ឋានយ៉ាងខ្លាំង នៅពេលយើងទូលអង្វរដល់ព្រះសុំឲ្យមានអព្ភូតហេតុ ។ ( « Because I Live, Ye Shall Live Also » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ១៦ )
-
តើលទ្ធផលសក្តានុពលខុសៗគ្នានៃស្ថានភាពនេះអាចជះឥទ្ធិពលដល់សេចក្ដីជំនឿរបស់គ្រួសារនេះលើព្រះយ៉ាងដូចម្ដេច ?
អែលឌើរ បូវែន បានបន្ដទៀត ៖
បន្ទាប់ពីមួយសន្ទុះធំមក វេជ្ជបណ្ឌិតបានមកក្នុងបន្ទប់ ហើយនិយាយថា « ខ្ញុំសូមអភ័យទោស ។ យើងពុំអាចជួយអ្វីបានទៀតទេ ។ អ្នកចង់ធ្វើអីក៏ធ្វើចុះ » ។ បន្ទាប់មកគាត់បានចាកចេញទៅ ។
នៅពេលយើងចូលក្នុងបន្ទប់ដែលដាក់ថៃសុន យើងបានឃើញកូនតូចជាទីស្រឡាញ់បំផុតដែលគ្មានជីវិតរបស់យើង ។ …
នៅគ្រានោះ មានអារម្មណ៍ថា ពិភពលោកយើងបានមកដល់ទីបញ្ចប់ហើយ ។ ( « Because I Live, Ye Shall Live Also » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ១៦ )
ដូចជាគ្រួសារបូវែនដែរ អ្នកប្រហែលជាមានបទពិសោធន៍ដែលព្រះមិនប្រទានពរដល់អ្នកតាមរបៀបដែលអ្នកបានសង្ឃឹមទុក ។ សូមជញ្ជឹងគិតអំពីបទពិសោធន៍ដែលអ្នក ឬគ្រួសាររបស់អ្នកធ្លាប់មាន ដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានប្រទានពរដល់អ្នក ឬមិនបានប្រទានពរដល់អ្នកជាមួយនឹងលទ្ធផលដែលអ្នកចង់បាន ។
វាអាចមានប្រយោជន៍ក្នុងការដាក់បង្ហាញសំណួរខាងក្រោម ។
សូមសួរខ្លួនឯងនូវសំណួរខាងក្រោម ៖
-
តើបទពិសោធន៍របស់អ្នកបានជះឥទ្ធិពលដល់សេចក្ដីជំនឿរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍ថាអ្នកអាចទុកចិត្តលើទ្រង់ទាំងទ្វេបានដែរឬទេ ដោយមិនគិតពីពរជ័យដែលអ្នកបាន ឬមិនបានទទួល ? ហេតុអ្វីបាន ឬហេតុអ្វីមិនបាន ?
នៅពេលអ្នកសិក្សា ដានីយ៉ែល ៣ ថ្ងៃនេះ សូមយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មិនថាលទ្ធផលចេញមកយ៉ាងណានោះទេ ។
ស្ថានភាពលំបាក
សូមពិចារណាសរសេរឈ្មោះដូចតទៅនេះនៅលើក្ដារខៀន ៖ សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ។ សូមដាក់បង្ហាញរូបភាពនៃរូបព្រះមាស ហើយអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីដំណើររឿងនេះ ។ អ្នកគួរតែសង្ខេបបរិបទខាងក្រោមជាពាក្យសម្តីរបស់អ្នកផ្ទាល់ ។
ស្ដេចស្រុកបាប៊ីឡូន នេប៊ូក្នេសាធ្វើរូបមាស ឬរូបសំណាកមួយដ៏ធំ ។ វាមានកម្ពស់ប្រហែល ៩០ ហ្វីត ( ២៧.៤ ម៉ែត្រ ) និងទទឹង ៩ ហ្វីត ( ២.៧៤ ម៉ែត្រ ) ( សូមមើល ដានីយ៉ែល ៣:១ ) ។ ស្តេចបានបញ្ជាឲ្យអ្នករាល់គ្នាក្រាបថ្វាយបង្គំរូបសំណាកនោះ ពេលដែលភ្លេងខ្លះត្រូវបានគេលេង ( សូមមើល ដានីយ៉ែល ៣:៤–៥ ) ។ មនុស្សដែលមិនបានថ្វាយបង្គំរូបមាសនោះនឹងត្រូវបោះចូលទៅក្នុង « កណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅ » ( ដានីយ៉ែល ៣:៦ ) ។
ដោយពិចារណាអំពីផលវិបាកនៃការមិនថ្វាយបង្គំរូបសំណាកនេះ សូមជញ្ជឹងគិតនូវអ្វីដែលអ្នកគិតថា អ្នកនឹងធ្វើ ប្រសិនបើអ្នកនៅទីនោះ ។
សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ បានជ្រើសរើសគោរពព្រះដោយមិនថ្វាយបង្គំរូបនោះឡើយ ( សូមមើល ដានីយ៉ែល ៣:១២ ) ។
ដើម្បីជួយសិស្សសិក្សាខគម្ពីរខាងក្រោម អ្នកអាចអញ្ជើញសិស្សស្ម័គ្រចិត្តប្រាំឲ្យអានតួនាទីរបស់នេប៊ូក្នេសា,សាដ្រាក់, មែសាក់, អ័បេឌ-នេកោ និងអ្នកអធិប្បាយម្នាក់ ។ សិស្សដែលអានធ្វើជាសាដ្រាក់, មែសាក់ និងអ័បេឌ-នេកោ ម្នាក់ៗអាចអានខគម្ពីរមួយនៅក្នុង ដានីយ៉ែល ៣:១៦–១៨ ។
សូមអាន ដានីយ៉ែល ៣:១៣–១៨ ដោយរកមើលអ្វីដែលអ្នកបានរៀនមកពីបុរសទាំងនេះអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នករៀនមេរៀនអ្វីខ្លះអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
សូមជួយសិស្សឲ្យមើលឃើញថា យើងអាចបង្ហាញសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទតាមរយៈការទុកចិត្តលើទ្រង់ ដោយមិនគិតពីលទ្ធផល ។
សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំឃ្លា« អាចនឹងជួយឲ្យខ្ញុំរួច » ( ខទី ១៧ ) ។ សូមចង្អុលបង្ហាញថា ការដឹងថាព្រះ អាច ប្រទានពរជ័យឲ្យយើងនូវអ្វីដែលយើងសង្ឃឹមទុកបង្ហាញនូវសេចក្ដីជំនឿលើទ្រង់ ។
បន្ទាប់មក អញ្ជើញសិស្សឲ្យគូសចំណាំឃ្លា « តែបើមិន » ( ខទី ១៨ ) ។ សូមសួរសិស្សពីអ្វីដែលពួកគេរៀនអំពីសេចក្ដីជំនឿលើព្រះចេញមកពីឆន្ទៈរបស់បុរសទាំងនេះក្នុងការទទួលយកថាព្រះ ប្រហែលជាមិនជ្រើសរើស ដើម្បីប្រទានពរដល់ពួកគេនូវអ្វីដែលពួកគេសង្ឃឹមចង់បានឡើយ ។
-
តើអ្វីជាភាពខុសគ្នារវាងការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទធៀបនឹងសេចក្ដីជំនឿលើលទ្ធផលមួយ ?
-
តើស្ថានភាពទំនើបបែបណា ដែលនរណាម្នាក់ត្រូវបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ជាជាងសេចក្ដីជំនឿលើលទ្ធផលមួយ ?
លទ្ធផលនៃសេចក្ដីជំនឿរបស់យើង
សូមពិចារណាបង្ហាញរូបភាពនៃគុកភ្លើងនៅដើមមេរៀននេះ ។ សិស្សអាចសិក្សាខគម្ពីរខាងក្រោម ហើយពិភាក្សាពីសំណួរខាងក្រោមជាគូ ឬក្រុមតូចៗ ។
សូមអាន ដានីយ៉ែល ៣:១៩–២៨ ដោយការគូសចំណាំពាក្យ ឬឃ្លាដែលធ្វើឲ្យអ្នកចាប់អារម្មណ៍អំពីអ្វីដែលសាដ្រាក់, មែសាក់ និង អ័បេឌ-នេកោបានជួបប្រទះ ។
ដើម្បីជួយសិស្សមើលឃើញពីខគម្ពីរទាំងនេះ អ្នកក៏អាចបង្ហាញវីដេអូ « Shadrach, Meshach, and Abed-nego » ( ១:៣៩ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងដំណើររឿងនេះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះនៅក្នុងដំណើររឿងនេះ ?
វាអាចជួយដើម្បីពន្យល់ថា ទោះបីជាព្រះបានរំដោះ សាដ្រាក់, មែសាក់ និង អ័បេឌ-នេកោ ក៏ដោយ ទ្រង់ប្រហែលជាមិនតែងតែរំដោះយើងចេញពីលទ្ធផលអវិជ្ជមាននោះទេ ។ ដើម្បីបង្ហាញចំណុចនេះ សិស្សអាចបំពេញសកម្មភាពខាងក្រោម ។
សូមគិតអំពីដំណើររឿងព្រះគម្ពីរដែលមនុស្សអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយនៅតែទទួលបានលទ្ធផលអវិជ្ជមាន ។
សូមពិចារណាសរសេរ តែបើមិន … លើក្ដារខៀន ។ បន្ទាប់មក សិស្សអាចសរសេរនៅក្រោមឃ្លានេះនូវមនុស្សដែលពួកគេគិតឃើញ ។ ប្រសិនបើពេលវេលាអនុញ្ញាត ពួកគេអាចស្វែងរកដំណើររឿងរបស់មនុស្សទាំងនេះនៅក្នុងព្រះគម្ពីរ ដោយរកមើលភស្តុតាងដែលថាមនុស្សទាំងនេះបានទុកចិត្តលើព្រះ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ដែលអ្នកអាចឲ្យសិស្សយោងទៅ ប្រសិនបើចាំបាច់ ៖ នីហ្វៃ ( សូមមើល នីហ្វៃទី១ ១៨:១០–១៦ ), អ័ប៊ីណាដៃ ( សូមមើល ម៉ូសាយ ១៧:៩–២០ ), យ៉ូសែប និង ហៃរុម ស្ម៊ីធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៥:១ ) ឬ បុគ្គលសុចរិតផ្សេងទៀត ( សូមមើល ហេព្រើរ ១១:៣៦–៤០ ) ។
-
តើដំណើររឿងទាំងនេះជួយអ្នកឲ្យទុកចិត្តលើព្រះអម្ចាស់ដោយមិនគិតពីលទ្ធផលដោយរបៀបណា ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជួយអ្នកឲ្យចង់ទុកចិត្តលើទ្រង់ទាំងទ្វេដោយមិនគិតពីលទ្ធផលនោះ ?
ការផ្តោតលើព្រះគ្រីស្ទ
សូមពិចារណារំឭកសិស្សអំពីបទពិសោធន៍របស់អែលឌើរ បូវែន ។ សេចក្ដីថ្លែងការណ៍ខាងក្រោមអាចជួយពួកគេឲ្យឃើញពីរបៀបដែលគាត់ទុកចិត្ដលើព្រះអម្ចាស់ ទោះជាលទ្ធផលដែលគាត់បានជួបប្រទះក៏ដោយ ។
អែលឌើរ បូវែន បានបន្តចែកចាយបទពិសោធន៍របស់គាត់ ៖
នៅពេលខ្ញុំមានអារម្មណ៍ដឹងថា កំហុសកំហឹង និងការអាណិតខ្លួនកំពុងព្យាយាមគ្របដណ្ដប់មកលើខ្ញុំ នោះខ្ញុំបានអធិស្ឋានទូលសុំឲ្យដួងចិត្តរបស់ខ្ញុំឲ្យបានផ្លាស់ប្ដូរ ។ តាមរយៈបទពិសោធន៍ដ៏ពិសិដ្ឋផ្ទាល់ខ្លួននេះ ព្រះអម្ចាស់បានប្រទានដួងចិត្តថ្មីដល់ខ្ញុំ ហើយទោះជាវានៅតែមានភាពឯកកោ និងឈឺចាប់ក្ដី ក៏ទស្សនៈរបស់ខ្ញុំទាំងមូលបានផ្លាស់ប្ដូរ ។ ខ្ញុំបានឲ្យដឹងថា ខ្ញុំពុំត្រូវបានបាត់បង់ទេ ប៉ុន្តែមាននូវពរជ័យដ៏អស្ចារ្យមួយ កំពុងរង់ចាំខ្ញុំ បើខ្ញុំបង្ហាញថា ខ្លួនខ្ញុំនៅតែស្មោះត្រង់ ។
ជីវិត ខ្ញុំ បានផ្លាស់ប្ដូរ ហើយ ខ្ញុំ អាច មើល ទៅ មុខ ដោយ ក្ដី សង្ឃឹម ជាជាង មើល មក ក្រោយ ដោយ ភាពអស់ សង្ឃឹម ។ …
ខ្ញុំថ្លែងទីបន្ទាល់ថា ដោយសារទ្រង់ ជាព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង អារម្មណ៍នៃភាពសោកសៅ ភាពឯកោ និង អស់សង្ឃឹមទាំងនោះ នឹងលេបត្របាក់ដោយភាពពេញលេញនៃក្ដីអំណរនៅថ្ងៃមួយ ។ ខ្ញុំថ្លែងទីបន្ទាល់ថា យើងអាចពឹងផ្អែកទៅលើទ្រង់បាន ។ ( « Because I Live, Ye Shall Live Also » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ១៧ )
-
តើបទពិសោធន៍របស់អែលឌើរ បូវែន អាចជួយអ្នកយ៉ាងដូចម្ដេច ?
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានបង្ហាញសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយទុកចិត្តលើទ្រង់ទាំងទ្វេនៅពេលណា ដោយមិនគិតពីលទ្ធផល ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលជួយអ្នកចង់ទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយមិនគិតពីលទ្ធផលអ្វីឡើយ ។ អ្នកអាចដាក់បញ្ចូលរបៀបដែលមេរៀនដែលអ្នកបានរៀនមកពី ដានីយ៉ែល ៣ អាចជួយអ្នកនៅក្នុងការសាកល្បងដែលអ្នកជួបប្រទះ ឬអ្វីដែលអ្នកសង្ឃឹមថាចងចាំនាពេលអនាគត ។
អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយ ។ សូមពិចារណាបញ្ចប់ដោយទីបន្ទាល់ផ្ទាល់ខ្លួន ឬអារម្មណ៍របស់អ្នកអំពីការទុកចិត្តលើព្រះអម្ចាស់ ។